Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

អាជ្ញាធរជាតិអប្សរាមមាញឹកដឹកថ្មភក់ថ្មី ជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២ប្រាសាទអង្គរវត្ត

 អាជ្ញាធរជាតិអប្សរាមមាញឹកដឹកជញ្ជូនថ្មភក់ថ្មី ដើម្បីជួសជុលបណ្ណាល័យខាងត្បូងនៅរួតទី២ប្រាសាទអង្គរវត្ត

(សៀមរាប)៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាមមាញឹកដឹកជញ្ជូនថ្មភក់ថ្មីចំនួនប្រមាណជាង៦០ដុំ ដើម្បីយកទៅជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២នៃប្រាសាទអង្គរវត្ត។ 

ថ្មភក់១ដុំៗ មានទម្ងន់ចាប់ពីជាង៩០គីឡូក្រាមរហូតទៅដល់ជាង២តោននេះ និងមានប្រវែងជាង៣ម៉ែត្រផង គឺប្រើឧបករណ៍កៅឡាក់លើកដាក់លើរន្ទារឡូរី 

ហើយអូសឆ្លងកាត់ថែវទី១និងទី២ នៅទិសខាងកើតនៃប្រាសាទអង្គរវត្ត។ បន្ទាប់មកលើកដាក់រទេះអូសចម្ងាយជាង១០០ម៉ែត្រថែមទៀត ទើបដល់ការដ្ឋានជួសជុលស្ថិតនៅខាងលិចរួតបាកាន្ត។

លោក ឃាម មុនី ស្ថាបត្យករ និងគ្រប់គ្រងការដ្ឋានជួសជុលបណ្ណាល័យខាងត្បូង រួតទី២ប្រាសាទអង្ករវត្តឱ្យដឹងថា ការងារជួសជុលរចនាសម្ពន្ធបណ្ណាល័យ និងស្ពានហាលបណ្ណាល័យ 

ត្រូវការថ្មភក់ថ្មីចំនួន៦៥ដុំ ដើម្បីបំពេញបន្ថែមនៅតាមទីតាំងចាំបាច់មួយចំនួនដែលថ្មចាស់បានបាត់ និងខូចខាត ស្របតាមអនុសាសន៍របស់គណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

 អ្នកជំនាញរូបនេះបញ្ជាក់ថា ទីតាំងដែលត្រូវជំនួសថ្មថ្មីទាំងនោះ មានសសរស្ពានហាលនៃបណ្ណាល័យ ថ្មកម្រាលស្ពានហាល ថ្មជើងទម្របង្កាន់ដៃនាគ ថ្មបង្កាន់ដៃនាគ ថ្មកម្រាលបណ្ណាល័យ 

ថ្មសម្រាប់តភ្ជាប់និងសសរ ថ្មសសរពេជ្រ ថ្មទម្រសសរពេជ្រជាដើម។

ដើម្បីអាចដឹកជញ្ជូនថ្មដែលមានទម្ងន់ធ្ងន់ទាំងនោះទៅដល់ទីតាំងការដ្ឋានជួសជុលបាន គឺក្រុមការងារបានខិតខំយកចិត្តទុកដាក់ 

ត្រូវចំណាយពេលប្រមាណជាង២ខែ រៀបចំធ្វើរន្ទារឡូរីនៅរួតទី១ និងទី២ ប្រវែងជាង៦០ម៉ែត្រ ព្រមទាំងដំឡើងកៅឡាក់សម្រាប់លើកថ្មផង ព្រោះការលើកដាក់ថ្មពីរួតទី១

 ឡើងមករួតទី២ មានកម្ពស់ប្រមាណ១២ម៉ែត្រ។ ចំណែកថ្មទាំង៥៦ដុំ ត្រូវយកមកជួសជុលបានដឹកជញ្ជូនតាមរថយន្តមកដាក់នៅច្រកចូលខាងកើតរួតទី១ ដើម្បីឱ្យក្រុមការងារលើកម្តងមួយដុំៗតាមបច្ចេកទេសដែលបានរៀបចំ។

សូមបញ្ជាក់ថា ការងារដឹកជញ្ជូនថ្មសម្រាប់ជួសជុលបណ្ណាល័យខាងត្បូង នៅរួតទី២នៃប្រាសាទអង្គរវត្ត ចាប់ផ្ដើមតាំងពីដើមខែតុលា គ្រោងនឹងបញ្ចប់នៅចុងខែតុលានេះ៕






រឿង ភូមិ​ស្ដី​បិទ​មាស

 រឿង ភូមិ​ស្ដី​បិទ​មាស (នៅ​ខេត្ត​កំពង់ធំ)  នៅ​ក្នុង​ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់​ស្វាយ ខេត្ត​កំពង់ធំ

 មាន​ភូមិ​មួយ ឈ្មោះ​ភូមិ​ស្ដី​បិទ​មាស តាំង​នៅ​តាម​មាត់​ស្ទឹង, បាន​ជា​មាន​នាម​ថា ភូមិ​ស្ដី​បិទ​មាស ដោយ​មាន​រឿង​ព្រេង​ដំណាល​ថា ៖ 

កាល​កន្លង​ជា​យូរ​អង្វែង​ឆ្នាំ​មក​ហើយ មាន​មេ​ធ្នស់​មួយ​គ្រួ គឺ​ប្ដី​ប្រពន្ធ និង កូនក្រមុំ​មួយ មាន​រូប​ស្រស់​ឆើត​ឆាយ, 

សំចត​នៅ​ព្រែក ធ្វើ​នេសាទ​នៅ​ក្បែរ​ខ្ទម​អ្នក​តា​ដើម​ស្ដី ។

 ការ​នេសាទ របស់​មេ​ធ្នោះ​នេះ ចេះ​តែ​ចម្រើន​រៀង​រាល់​ឆ្នាំ រហូត​ទាល់​តែ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្ដុក​ស្ដម្ភ ដោយ​របរ​នេសាទ​របស់​ខ្លួន ។

 តំបន់​នោះ ជា​តំបន់​មាន​មូស​ច្រើន​ជា​អនេក, 

ថ្ងៃ​មួយ នៅ​ពេល​ទៀប​ពេល​យប់​មេ​ធ្នស់ បាន​ជួប​ជុំ​នឹង​គ្រួសារ​ខ្លួន​ផង និង កូន​ឈ្នួល​ខ្លួន​ផង ក៏​និយាយ​ទៅ​កាន់​កូន​ឈ្នួល​ជា​ពាក្យ​លេង​ថា : ក្នុង​បណ្ដា​អ្នក​ទាំង​អស់​គ្នា មាន​អ្នក​ណា​អាច​ហ៊ាន​ដេក​ហាល​មូស ១ យប់​ទេ ។ 

ពេល​នោះ មាន​កូន​ឈ្នួល​កំលោះ​ម្នាក់ ប្រកប​ដោយ​រូប​ឆោម និង ប្រាជ្ញា​ឈ្លាសវៃ បាន​ឆ្លើយ​ទទួល​ខ្លួន​ថា : "ខ្ញុំ​ហ៊ាន" បើ​ខ្ញុំ​ដេក​ហាល​មូស ១ យប់​បាន តើ​លោក​ដង្ខៅ​ឲ្យ​អ្វី​ខ្ញុំ ។ 

មេ​ធ្នស់ បែប​អន់​ចិត្ត ក៏​និយាយ​តប​ទៅ​វិញ​ថា : អា​ចោលម្សៀត ឯង​ចេះ​តែ​អួត គេ​និយាយ​សួរ​ឯ​ណា​នោះ​ក៏​ឯង​រ៉ាប់រង​ដែរ ។

 កូន​ឈ្នួល​កំលោះ​នោះ​ក៏​និយាយ​តប​វិញ​ថា : "បើ​ខ្ញុំ​អួត​នោះ សុំ​ឲ្យ​ដង្ខៅ​ភ្នាល់​ជា​មួយ​ខ្ញុំ​ទៅ ហ៊ាន​ដាក់​អ្វី​ក៏​ហ៊ាន​ដែរ" ។

 ដង្ខៅ រឹត​តែ​ខឹង និយាយ​ថា "អញ​ដាក់​របស់​ទ្រព្យ​ដែល​អញ​មាន​ទាំង​អស់ អញ​ចុះ​ចេញ​តែ​ខ្លួន​ទេ ឲ្យ​តែ​ឯង​ហ៊ាន​ឲ្យ​អញ​ចង​ឯង ទុក​ហាល​មូស​អស់ ១ យប់​ទល់​ភ្លឺ,

 ចុះ​បើ​ឯង​ពុំ​ហ៊ាន ឬ ទ្រាំ​មិន​បាន​វិញ តើ​ឯង​សុខ​ចិត្ត​នៅ​បម្រើ​អញ​អស់​មួយ​ជីវិត​ឬ ? កូន​ឈ្នួល​ឆ្លើយ​ថា ខ្ញុំ​សុខ​ចិត្ត​ធ្វើ, 

តែ​បើ​ដង្ខៅ​សុខ​ចិត្ត ត្រូវ​ឲ្យ​កូន​ក្រមុំ​ដង្ខៅ​មក​ខ្ញុំ​ទៀត​ផង កាល​បើ​ខ្ញុំ​ឈ្នះ ។ ដង្ខៅ ថា អញ​សុខ​ចិត្ត,

 មិន​ខ្លាច​ទេ,

 បើ​ដូច្នេះ ត្រូវ​ពពួក​កម្មករ​ទាំង​អស់ ចាប់​វា​ចង​ភ្លាម​ឲ្យ​ជាប់​នឹង​ដើម​ស្ដី ក្រោយ​ខ្ទម​អ្នកតា​នេះ​ចុះ អញ​សុខ​ចិត្ត​ហើយ, អញ​ចង់​ឈ្នះ​អា​នេះ​ម្ដង, កម្មករ​ទាំង​អស់​គ្នា​ត្រូវ​ធ្វើ​បន្ទាល់​អញ​ផង ។

 កូន​ឈ្នួល​នោះ ក៏​សុខ​ចិត្ត​ឲ្យ​គេ​ចង​នឹង​ដើម​ស្ដី ។

 ដល់​គេ​ទាំង​អស់​គ្នា ត្រឡប់​មក​លំនៅ​វិញ កូន​ឈ្នួល​កំលោះ​នោះ ក៏​បន់​ស្រន់​អ្នកតា ដែល​នៅ​ទី​នោះ​ថា "សូម​ឲ្យ​លោក​តា​ជួយ​ខ្ញុំ​ផង ខ្ញុំ​បាន​ជា​ជ្រុល​ភ្នាល់​ជា​មួយ​ដង្ខៅ​ធ្នស់​ទៅ​ហើយ សូម​កុំ​ឲ្យ​មាន​មូស​ខាំ​ខ្ញុំ​ឲ្យ​សោះ សូម​ឲ្យ​ខ្ញុំ​បាន​រស់​ជីវិត ហើយ​ឲ្យ​បាន​កូន​ក្រមុំ​មេ​ធ្នស់ និង មាន​ទ្រព្យ​សម្បត្តិ,

 បើ​បាន​ដូច​ប្រាថ្នា​មែន ខ្ញុំ​សន្យា​ថា នឹង​ទិញ​មាស​មក​បិទ​ដើម​ស្ដី​នេះ តាំង​ពី​គល់​រហូត​ដល់​ចុង ហើយ​ធ្វើ​ខ្ទម​គ្រឿង​ឈើ​ប្រក់​ក្បឿង​ថ្វាយ​លោក​អ្នក​តា​ទៀត​ផង" ។ 

ចំណែក​មេ​ធ្នស់ នឹក​ថា ៖ អា​កូន​ឈ្នួល ដែល​វា​ហ៊ាន​ឲ្យ​ចង​វា​ហាល​មូស​នេះ មុខ​ជា​នឹង​ស្លាប់​ដោយ​មូស​ខាំ ដោយ​សោះ​ឈាម​មិន​ខាន ។ 

តែ​បើ​វា​ទ្រាំ​មិន​បាន វា​ហៅ​ឲ្យ​ស្រាយ​ពាក់​កណ្ដាល​អាធ្រាត្រ​នោះ វា​មុខ​ជា​នៅ​ធ្វើ​ខ្ញុំ​បម្រើ​អញ​អស់​មួយ​ជីវិត​មិន​ខាន ។

 នៅ​ពេល​យប់​នោះ អ្នក​តា​ដើម​ស្ដី លេង​បៀ​ចាញ់​អ្នកតា​ឯ​ទៀត យក​មូស​ទៅ​សង​គេ​អស់,

 មូស​ដែល​ធ្លាប់​តែ​មាន ដូចជា​គេ​បាច​អង្កាម ក្លាយ​ទៅ​ជា​ស្ងាត់​ឈឹង ឥត​សេស​សល់​បន្តិច​បន្តួច​ឡើយ ហើយ​ឈ្នួល​នេះ​ទៀត ក៏​គ្មាន​មូស​ខាំ​បន្តិច​សោះ​ដែរ ដោយ​ហេតុ​តែ​វា​មាន​និស្ស័យ ត្រូវ​ជា​គូ​ព្រេង​ជា​មួយ​កូន​ក្រមុំ​មេ​ធ្នស់ ហើយ​ត្រូវ​វា​ឡើង​ធ្វើ​ជា​អ្នក​មាន​ផង ។

 លុះ​ភ្លឺ​ឡើង ដង្ខៅ​ធ្នស់ និង កូន​ឈ្នួល​ឯ​ទៀត​នឹក​ថា "អា​កូន​ឈ្នួល​ដែល​ចង​នៅ​ដើម​ស្ដី​នោះ វា​ស្លាប់​ស្រេច​ទៅ​ហើយ" ក៏​បបួល​គ្នា​ដើរ​ទៅ​មើល ស្រាប់​តែ​ឃើញ​អា​នោះ សើច​ដាក់​ដង្ខៅ និង កូន​ឈ្នួល​ឯ​ទៀត​ទៅ​វិញ ។

 ពេល​នោះ អ្នក​ឃើញ​ទាំង​ប៉ុន្មាន​ក៏​កោត​ស្ញប់​ស្ញែង ខ្លាច​អំណាច​កូន​ឈ្នួល​នោះ​គ្រប់​គ្នា ។ ដង្ខៅ នឹក​អស់​សង្ឃឹម និយាយ​នឹង​កូន​ឈ្នួល​ឯ​ទៀត​ថា : 

កិច្ច​សន្យា​ដែល​អញ​បាន​និយាយ​គ្នា​ពី​ល្ងាច​នោះ ឥឡូវ​នេះ ទុក​ជា​កូន​ឈ្នួល​នេះ​ឈ្នះ​អញ​ហើយ ត្រូវ​អញ​លើក​ទ្រព្យ​សម្បត្តិ និង កូន​ក្រមុំ​អញ​ផ្សំ​ផ្គុំ​ឲ្យ​វា" ។ 

ក្នុង​ថ្ងៃ​ដដែល​នោះ មេ​ធ្នស់ ឲ្យ​កាប់​ជ្រូក មាន់ ទា ធ្វើ​ម្ហូប​អាហារ​រៀបការ​កូន​ឈ្នួល និង កូន​ក្រមុំ​របស់​ខ្លួន រួច​ប្រគល់​ទ្រព្យ​សម្បត្តិ និង មុខ​របរ​ដង្ខៅ​ធ្នស់ ឲ្យ​កូន​ប្រុស-ស្រី​កាន់​កាប់​តទៅ ។ 

ដង្ខៅ​នោះ ក៏​នាំ​ប្រពន្ធ​ចុះ​ចេញ​ទៅ​នៅ​លំនៅ​ដើម​វិញ ។

 ដង្ខៅ​ធ្នស់​ថ្មី (ប្ដី​ប្រពន្ធ) និយាយ​គ្នា​ថា : "យើង​ត្រូវ​ឲ្យ​គេ​ទិញ​មាស​សន្លឹក​មក​បិទ​ដើម​ស្ដី ហើយ​ធ្វើ​ខ្ទម​ឲ្យ​អ្នកតា តាម​ដែល​បង​បាន​បន់​ស្រន់​បួង​សួង" ។

 លុះ​ធ្វើ​ស្រេច​ហើយ អ្នក​តា​ទី​នោះ ក៏​មាន​ឫទ្ធានុភាព​ពូកែ ហើយ​មិន​ត្រឹម​តែ​មេ​ធ្នស់​ប៉ុណ្ណោះ​ទេ ដែល​គោរព ទោះ​បី​អ្នក​ស្រុក ឬ​អ្នក​ដំណើរ​នានា​តាម​ដង​ស្ទឹង ក៏​គោរព​អ្នកតា​នោះ យក​ជា​ទី​ពឹង​ពំនាក់​ដែរ ។

 អ្នកតា​នោះ​ក៏​មាន​ឈ្មោះ​ថា "អ្នកតា​ដើម​ស្ដី​បិទ​មាស" តាំង​ពី​ត្រឹម​នោះ​មក ។ តែ​សម័យ​ឥឡូវ​នេះ ដើម​ស្ដី​នោះ ងាប់​បាត់​ទៅ​ហើយ, ឯ​ខ្ទម ដែល​មេ​ធ្នស់​ធ្វើ​នោះ ក៏​ពុក​បាក់​បែក​បាត់​ទៅ​ហើយ​ដែរ, នៅ​សល់​តែ​កន្លែង​ដើម​ស្ដី និង ខ្ទម​អ្នក​តា​ប្រក់​ស្បូវ​ប៉ុណ្ណោះ ។

 ព្រោះ​ហេតុ​ដូច​រៀបរាប់​នេះ បាន​ជា​ភូមិ​នៅ​តាម​មាត់​ស្ទឹង ក្បែរ​ខ្ទម​អ្នកតា​ទាំង​អស់ បាន​ជាប់​ឈ្មោះ​ថា : "ភូមិ​ដើម​ស្ដី​បិទ​មាស" ហៅ​ក្លាយ​មក​ត្រឹម​តែ "ភូមិ​ស្ដី​បិទ​មាស, ជាប់​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ឯង ។

រឿង តំបន់ខ្មោចតៃហោង

 រឿង តំបន់ខ្មោចតៃហោង

គ្រឹង ! គ្រឹង ! គ្រឹង ! ផ្គរលាន់​លាយឡំនឹងព្យុះភ្លៀង​ប្រៀបបីដូចជាបាក់មេឃ ។

 រថយន្ត​ធ្លាប់​តែ​ធ្វើ​ចរា​ចរ​ហូហែរ ក៏​កាន់​តែ​ស្ងាត់ទៅៗ ។

មិនដឹងជាទៅទាន់ឬក៏អត់ទេយើងបើភ្លៀងម្លឹងៗមើលផ្លូវលែងចង់ឃើញយ៉ាងនេះ !

បុរសប្ដីប្រាប់ទៅប្រពន្ធ ដែលអង្គុយជិតខ្លួន និងចាំតែប្រាប់ដាស់តឿនជានិច្ចថា :

ប្រយត្ន័ប្រយែងណាបង ! ភ្លៀងខ្លាំងណាស់ ! យកល្អយើងគួរតែឈប់សំរាកទីណាសិនទៅ ខ្លាច​មាន​គ្រោះ​ថ្នាក់ !

មិនកើតទេអូន ឃើញទេ យប់ហើយបើយើងមិនរូតរះ នឹងកាន់តែយ៉ាប់ជាងនេះទៅទៀត ។

ប្ដី-ប្រពន្ធក្មេងៗមួយគូនេះ ជាអ្នកទីក្រុង បានមកទាក់ទងរឿងការងារតាមខេត្ត ។

 ក្រោយ​ពី​ទាក់​​ទង​ការងាររួច ពួក​គេ​ប្រញាប់​​រូតរះត្រឡប់មកវិញ ព្រោះថ្ងៃកាន់តែរសៀលណាស់ហើយ ។ 

ដោយ​​សារ​ភ្លៀង​ខ្លាំង​ពេកទើបគេមិនអាចបើកឲ្យលឿន​តាម​កំណត់ បានធ្វើ​ឲ្យ​យប់​ពាក់​កណ្ដាល​​ផ្លូវ​លែង​ដឹង​ទិស​តំបន់ លែង​ស្គាល់ស្រុកស្គាល់ភូមិថា ជាកន្លែងណាៗ​អស់ ។

 មិនយូរប៉ុន្មាន ភ្លៀង​ធ្លាក់​រហូតលិចថ្នល់ដុំៗ ធ្វើ​ឲ្យ​ពួកគេមិនអាចបើកបរបន្តទៅទៀតបាន ។

 បុរស​ជា​ប្ដី​ក៏​ងាក​ទៅ​ពិភាក្សា​ជាមួយប្រពន្ធថា​:

យើងមិនអាចធ្វើដំណើរទៅមុខទៀតបានទេ ខ្លាចក្រែងមានផ្លូវដាច់​នាំឲ្យមានគ្រោះថ្នាក់ ។ យើង​គួរ​រក​កន្លែង​ឈប់​សម្រាក​សិនទៅ !

បងមើលទៅខាងមុខ មានពន្លឺភ្លើងប្រហែលជាមានផ្ទះអ្នកស្រុកហើយ ។

ល្អហើយ ! យើងទៅសុំគេជ្រកភ្លៀងកន្លែងនោះតែម្ដង !

ទៅដល់ទន្ទឹមនឹងភ្លើងនោះ ពីរនាក់ប្ដី-ប្រពន្ធក៏ចាក់សោរទ្វាររថយន្ត ទុក​ចោល​យ៉ាង​ជាប់​លាប់ រួច​ដើរ​ទៅ​រក​ពន្លឺ​ភ្លើង​នោះ ។ 

ភាព​ងងឹតធ្វើឲ្យពីរនាក់ប្ដី-ប្រពន្ធ​មិន​អាច​មើល​ឃើញ​អ្វី​ទាំង​អស់ ក្រៅ​ពី​ពន្លឺ​ចង្កៀង​ប្រេងកាត និង​មនុស្ស​ម្នាក់​អង្គុយ​ស្ទុងៗ​បែរខ្នង មិនដឹងជាកំពុងធ្វើអ្វី ។

មេឃនៅតែផ្គរគ្រឹងៗ ខ្យល់បក់បោកលាយឡំនឹងគ្រាប់ភ្លៀងយ៉ាងត្រជាក់ស្រឹប ។

 ពីរនាក់ប្ដី-ប្រពន្ធ ទៅ​ដល់​មុខ​ផ្ទះ​ស្រែក​ហៅម្ចាស់ផ្ទះតិចៗ ព្រោះម្ចាស់ផ្ទះនៅតែអង្គុយស្ងៀមបែរខ្នងដាក់ មិន​ព្រម​ងាក​ឬ​ធ្វើ​ចលនា​អីបន្តិចសោះ ។

ស្លាប់ហើយ ! ពីរនាក់ប្ដីប្រពន្ធ​ស្ទើរស្លុត​ពេលបានឃើញម្ចាស់ផ្ទះនោះងាកមក។ ជាផ្ទៃមុខ​របស់​បុរស​​ចំណាស់អាយុ​ប្រហែល​ជា ៦០ឆ្នាំ ទុកសក់វែងគួរឲ្យខ្លាច មុខមាត់ស្គមស្លេកស្លាំង សួរ​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ថា :

ពួកឯងជាអ្នកណា?

ពួកយើងធ្វើដំណើរទៅកាន់ទីក្រុង ប៉ុន្តែភ្លៀងខ្លាំងពេក រហូតលិចថ្នល់ដុំៗទៅហើយពួកយើង មិន​ហ៊ាន​បន្តដំណើរ ទើប​មកសុំជ្រកភ្លៀងសិន !

បុរសជាម្ចាស់ផ្ទះ​អញ្ជើញអ្នកទាំងពីរឲ្យចូលក្នុងផ្ទះ ដែលមានគ្រែអង្គុយ និង​ចង្កៀង​ប្រេង​​កាត​មួយ​នៅ​ឆេះផ្លុងៗ ។

ប្រសិនបើភ្លៀងមិនរាំង តើពួកឯងគិតយ៉ាងម៉េចបន្តទៀត ?

សម្លេងរបស់ម្ចាស់ផ្ទះសួរបន្តទៀត ធ្វើឲ្យពីរនាក់ប្ដីប្រពន្ធសំឡឹងមុខគ្នា ។

 បុរស​ជា​ប្ដី​ឆ្លើយ​ទៅ​វិញ​ទាំង​រដាក់​រដុបថា :

ប្រសិនបើភ្លៀងមិនរាំងទេ ពួកយើងនឹងសុំរំខាន សម្រាកជាមួយលោកអ៊ំមួយយប់ហើយ !

បុរសនោះសើចទាំងមានអាថ៌កំបាំង ធ្វើឲ្យពីរនាក់ប្ដី-ប្រពន្ធបះរោម ព្រោះ​បរិយាកាស​មិន​គួរ​ឲ្យ​​ទុក​ចិត្ត​បន្តិចសោះ ។

2-

បាន ! សម្រាកទីនេះហើយ ! យើងមិនបារម្ភទេ និងចង់មានមិត្តនៅជាមួយដែរ !

ប្ដីប្រពន្ធធ្វើមុខជ្រួញដាក់គ្នាព្រោះមិនយល់ពីអត្ថន័យ​ដែលតាចាស់នោះនិយាយ ។ 

ភ្លាមនោះ ពួក​គេ​ក៏​ឈប់សន្ទនាគ្នា នៅ​ពេលបានឮសម្លេងថ្ងូចថ្ងូរចេញពីខាងក្រោមខ្ទម ។

 វា​ជា​អាការ​សម្ដែង​របស់​មនុស្ស​មាន​ការឈឺចាប់យ៉ាងខ្លាំងក្លា ។

 នៅ​ពេល​បុរស​ជា​ប្ដីរៀបនឹងហើបមាត់សួរ ស្រាប់​តែ​តា​ចាស់​ប្រាប់​ដោយ​ខ្លួន​ឯង​ថា :

គឺប្រពន្ធរបស់យើង ! វាត្រូវចងជាប់នឹងច្រវាក់នៅក្នុងបន្ទប់ឯណោះ ។

តាចាស់និយាយប្រាប់តែប៉ុណ្ណោះក៏ឈប់ទៅ មិនបានបញ្ជាក់ឲ្យអស់សេចក្ដីឡើយ ។ 

 បន្ទាប់​មក​គាត់​ក៏ដើរញ័រៗ​ចូល​ទៅ​ក្នុងបន្ទប់នោះទៅ ។

 ហេតុការណ៍ដែលកើតឡើងនៅចំពោះមុខ ប្ដី​ប្រពន្ធ​​ទាំង​ពីរ​នាក់​ធ្វើ​ឲ្យ​​ពួកគេចំឡែកចិត្តយ៉ាងខ្លាំង រហូត​ក្លាយជាភ័យខ្លាច ។

 បុរសចំណាស់ម្នាក់នោះ ស្គម​ខ្ពស់ មុខជ្រុង សល់​តែ​ស្បែក និងឆ្អឹង សក់វែង ក្រញ៉ែសក្រញ៉ាស ខ្លួន​ប្រាណ​ប្រឡាក់ស្រម៉ក ដូច​មនុស្ស​មិន​បាន​សម្អាត​ខ្លួន​មក​រាប់​ឆ្នាំអីចឹង ។ ពេលនិយាយស្ដី សើច​ឬ​ធ្វើដំណើរ មាន​សកម្មភាព​ខុស​​ប្លែកពីមនុស្សធម្មតាទាំងអស់ ។

មិនគួរឲ្យទុកចិត្តឡើយ មើលទៅឫកពាររបស់គាត់គួរឲ្យភ័យខ្លាចណាស់ !

នាងប្រពន្ធខ្សឹបប្រាប់ប្ដីទាំងតក់ស្លុត ។

មិនទាន់ផុតមាត់ផង ក្លិន​សាក​សព​របស់​សត្វ​ភាយ​ចេញ​​ពី​ក្នុង​បន្ទប់ ដែល​បុរស​នោះ​ដើរ​ចូលទៅ ។ វាចោលក្លិនពេញបន្ទប់ធ្វើឲ្យពីរនាក់ប្ដី​ប្រពន្ធ​​ស្ទើរ​ក្អួត ។

 អ្នក​ទាំង​ពីរ​សំឡឹង​មើលនាឡិកា ។ 

កន្លង​ទៅ​អស់​រាប់​ម៉ោង ភ្លៀង​ក៏នៅតែមិនព្រមរាំង ។

 ភ្លាម​នោះ​មាន​សម្លេង​របស់​ស្រ្តី​ម្នាក់​ស្រែកយំ​ថ្ងូចថ្ងូរឡើងពីក្រោយខ្ទមនោះម្ដងទៀត ប្រៀប​​ដូច​ជា​មនុស្ស​បាន​ទទួលការឈឺចាប់​យ៉ាង​ខ្លាំង ។

 ពីរនាក់ប្ដីប្រពន្ធហើបគូថចេញពីគ្រែសំឡឹងមុខគ្នាឡង់ៗ ព្រោះ​ឆ្ងល់​នឹង​សម្លេង​ស្រែក​ថ្ងូរ​ដ៏​កណ្ដោច​កណ្ដែងនោះ​ជាអ្វី ?

 បុរសជាប្ដីចង់ទៅមើល ប៉ុន្តែប្រពន្ធហាម​ថា :

កុំអីល្អជាង តិចលោម្ចាស់ផ្ទះ​ចោទថាយើងចេះលូកលាន់រឿងរបស់គេ !

អ្វីៗនៅក្នុងបន្ទប់ដំណើរការទៅ ទាំងកណ្ដោចកណ្ដែង ព្រោះសម្លេងនោះ ឮ​តិច​ទៅៗ​រហូត​ស្ទើរ​តែ​ដាច់​ខ្យល់ ។

 ទ្វារ​បន្ទប់​នោះ​ចាប់ផ្ដើមបើកចេញដោយខ្លួនឯង ដូចមានមនុស្សរុញ ។ ក្លិនស្អុយ ភាយ​ចេញ​ពី​បន្ទប់​នោះមក ធ្វើឲ្យ​ពីរនាក់ប្ដីប្រពន្ធ ចង់ក្អួតម្ដងទៀត ។ 

សត្វប្រចៀវ ៤-៥​ក្បាល​ហើរ​ចេញ​មកខ្វាត់ខ្វែង ។ 

ទាំងពីរនាក់បះរោមព្រាត ។ នាង​ជា​ប្រពន្ធ​តក់​ស្លុត​ដល់​ថ្នាក់​យំឱបប្ដី ព្រោះ​បាន​ឃើញរាងកាយរបស់មនុស្ស​អង្គុយផ្អែកនៅនឹងជញ្ជាំង​នៅសល់តែស្បែកដណ្ដប់ឆ្អឹង ។ សម្លេង​សើច​​លាន់​​ឡើង :

ហោះៗៗៗៗ

ទាំងពីរនាក់ មិនត្រឹមតែមិនហ៊ានសំឡឹងមើលរាងកាយនោះម្ដងទៀតទេ ថែម​ទាំង​យក​ដៃ​ខ្ទប់​មុខ​ផង​ព្រោះ​រាង​កាយ​នោះ​មិន​​ខុសប្លែកពីខ្មោចឆៅ​ឡើងមកពីរណ្ដៅឡើយ ។ 

ពួក​គេ​ដើរ​ថយ​ក្រោយ​ចេញ​ពី​ខ្ទម​នោះ ដោយលាន់មាត់ព្រមៗគ្នាថា :

ខ្មោច ! ខ្មោចលង !

ភ្លាមនោះ រាងកាយស្គមកំព្រឹងគួរឲ្យខ្លាចនោះ បានក្រោកឡើង និងដើរមករកពួកគេ ។ វា​ជា​រូប​តា​ចាស់​ម្ចាស់​របស់​ផ្ទះ​នោះ​ឯង ។

 ដៃទាំងសងខាងរបស់វា លូកចូលទៅក្នុងពោះ រួច​ទាញ​យក​ថ្លើម យក​ពោះ​វៀន​ចេញមកក្រៅ ។ 

ឈាម​ហូរ​ស្រោច​ចេញ​មកបញ្ជូនក្លិនឆ្អាបវឹក ។

 វា​បណ្ដាច់​ពោះ​វៀន​ថ្លើម និង​គ្រឿង​ក្នុង​ផ្សេងៗទៀតឮសូរភុចៗ រួច​ហើយ​យក​ទៅ​ដាក់​មាត់​ទំពារ​ស៊ី​ដូចអាប ។ 

ពេល​នេះ ពីរ​នាក់​ប្ដី​ប្រពន្ធ​ដឹង​ច្បាស់​ហើយ​ថាវាជាអ្វី ?

ព្រឹកស្អែកឡើង ! អ្នកស្រុកធ្វើដំណើរតាមថ្នល់ ឃើញរថយន្តមួយគ្រឿងនៅចតស្ងៀម អត់​ឃើញ​មនុស្ស ក៏​នាំ​គ្នា​ទៅ​ប្ដឹង​ប៉ូលីស ។ 

ដោយសារធ្លាប់កើតមានហេតុការណ៍នេះ ជាញឹកញាប់ ប៉ូលីស​នាំ​គ្នា​ទៅ​មើល​នៅ​​ទីកប់ខ្មោចតាយហោង ក៏​ឃើញ​រាង​កាយរបស់បុរស​ស្រ្តីពីរនាក់ ដេក​នៅ​លើ​ផ្នូរ​ខ្មោច​បើក​ភ្នែក​ធំៗ​លៀន​ស្ទើរជ្រុះចេញមក ។

 អណ្ដាតរបស់សាកសពទាំងពីរ លៀន​​ចេញ​ហួស​ពី​មាត់​ពាក់​កណ្ដាល ។

 នៅ​លើគល់កមានស្នាមជាំខៀវ ។ ក្បាលអាចវិលជុំវិញបាន បញ្ជាក់ថា ករបស់ពួកគេ ត្រូវ​បានកាច់បំបាក់​យ៉ាង​គួរឲ្យ​​តក់ស្លុត ។

ខ្មោចតាយហោងនៅតំបន់នេះ យកមនុស្សអស់ពីរនាក់ទៀតហើយ ! សុទ្ធ​តែ​ជា​អ្នក​ធ្វើ​ដំណើរ​ឆ្លង​កាត់​មិន​ដឹង​ស្រុក​កំណើត​​នៅឯណា ?

ប៉ូលីសរអ៊ូដាក់គ្នា នៅពេលកំពុងរៀបចាំខ្មោចតាយហោងទាំងពីរនាក់ ទុក​ឲ្យ​​ត្រឹម​ត្រូវ​ដើម្បី​រង់​ចាំ​បង​ប្អូន​ឪពុក-ម្ដាយ​របស់​សព មកយកទៅធ្វើបុណ្យ ៕