រឿង តំបន់ខ្មោចតៃហោង
គ្រឹង ! គ្រឹង ! គ្រឹង ! ផ្គរលាន់លាយឡំនឹងព្យុះភ្លៀងប្រៀបបីដូចជាបាក់មេឃ ។
រថយន្តធ្លាប់តែធ្វើចរាចរហូហែរ ក៏កាន់តែស្ងាត់ទៅៗ ។
មិនដឹងជាទៅទាន់ឬក៏អត់ទេយើងបើភ្លៀងម្លឹងៗមើលផ្លូវលែងចង់ឃើញយ៉ាងនេះ !
បុរសប្ដីប្រាប់ទៅប្រពន្ធ ដែលអង្គុយជិតខ្លួន និងចាំតែប្រាប់ដាស់តឿនជានិច្ចថា :
ប្រយត្ន័ប្រយែងណាបង ! ភ្លៀងខ្លាំងណាស់ ! យកល្អយើងគួរតែឈប់សំរាកទីណាសិនទៅ ខ្លាចមានគ្រោះថ្នាក់ !
មិនកើតទេអូន ឃើញទេ យប់ហើយបើយើងមិនរូតរះ នឹងកាន់តែយ៉ាប់ជាងនេះទៅទៀត ។
ប្ដី-ប្រពន្ធក្មេងៗមួយគូនេះ ជាអ្នកទីក្រុង បានមកទាក់ទងរឿងការងារតាមខេត្ត ។
ក្រោយពីទាក់ទងការងាររួច ពួកគេប្រញាប់រូតរះត្រឡប់មកវិញ ព្រោះថ្ងៃកាន់តែរសៀលណាស់ហើយ ។
ដោយសារភ្លៀងខ្លាំងពេកទើបគេមិនអាចបើកឲ្យលឿនតាមកំណត់ បានធ្វើឲ្យយប់ពាក់កណ្ដាលផ្លូវលែងដឹងទិសតំបន់ លែងស្គាល់ស្រុកស្គាល់ភូមិថា ជាកន្លែងណាៗអស់ ។
មិនយូរប៉ុន្មាន ភ្លៀងធ្លាក់រហូតលិចថ្នល់ដុំៗ ធ្វើឲ្យពួកគេមិនអាចបើកបរបន្តទៅទៀតបាន ។
បុរសជាប្ដីក៏ងាកទៅពិភាក្សាជាមួយប្រពន្ធថា:
យើងមិនអាចធ្វើដំណើរទៅមុខទៀតបានទេ ខ្លាចក្រែងមានផ្លូវដាច់នាំឲ្យមានគ្រោះថ្នាក់ ។ យើងគួររកកន្លែងឈប់សម្រាកសិនទៅ !
បងមើលទៅខាងមុខ មានពន្លឺភ្លើងប្រហែលជាមានផ្ទះអ្នកស្រុកហើយ ។
ល្អហើយ ! យើងទៅសុំគេជ្រកភ្លៀងកន្លែងនោះតែម្ដង !
ទៅដល់ទន្ទឹមនឹងភ្លើងនោះ ពីរនាក់ប្ដី-ប្រពន្ធក៏ចាក់សោរទ្វាររថយន្ត ទុកចោលយ៉ាងជាប់លាប់ រួចដើរទៅរកពន្លឺភ្លើងនោះ ។
ភាពងងឹតធ្វើឲ្យពីរនាក់ប្ដី-ប្រពន្ធមិនអាចមើលឃើញអ្វីទាំងអស់ ក្រៅពីពន្លឺចង្កៀងប្រេងកាត និងមនុស្សម្នាក់អង្គុយស្ទុងៗបែរខ្នង មិនដឹងជាកំពុងធ្វើអ្វី ។
មេឃនៅតែផ្គរគ្រឹងៗ ខ្យល់បក់បោកលាយឡំនឹងគ្រាប់ភ្លៀងយ៉ាងត្រជាក់ស្រឹប ។
ពីរនាក់ប្ដី-ប្រពន្ធ ទៅដល់មុខផ្ទះស្រែកហៅម្ចាស់ផ្ទះតិចៗ ព្រោះម្ចាស់ផ្ទះនៅតែអង្គុយស្ងៀមបែរខ្នងដាក់ មិនព្រមងាកឬធ្វើចលនាអីបន្តិចសោះ ។
ស្លាប់ហើយ ! ពីរនាក់ប្ដីប្រពន្ធស្ទើរស្លុតពេលបានឃើញម្ចាស់ផ្ទះនោះងាកមក។ ជាផ្ទៃមុខរបស់បុរសចំណាស់អាយុប្រហែលជា ៦០ឆ្នាំ ទុកសក់វែងគួរឲ្យខ្លាច មុខមាត់ស្គមស្លេកស្លាំង សួរប្ដីប្រពន្ធទាំងពីរថា :
ពួកឯងជាអ្នកណា?
ពួកយើងធ្វើដំណើរទៅកាន់ទីក្រុង ប៉ុន្តែភ្លៀងខ្លាំងពេក រហូតលិចថ្នល់ដុំៗទៅហើយពួកយើង មិនហ៊ានបន្តដំណើរ ទើបមកសុំជ្រកភ្លៀងសិន !
បុរសជាម្ចាស់ផ្ទះអញ្ជើញអ្នកទាំងពីរឲ្យចូលក្នុងផ្ទះ ដែលមានគ្រែអង្គុយ និងចង្កៀងប្រេងកាតមួយនៅឆេះផ្លុងៗ ។
ប្រសិនបើភ្លៀងមិនរាំង តើពួកឯងគិតយ៉ាងម៉េចបន្តទៀត ?
សម្លេងរបស់ម្ចាស់ផ្ទះសួរបន្តទៀត ធ្វើឲ្យពីរនាក់ប្ដីប្រពន្ធសំឡឹងមុខគ្នា ។
បុរសជាប្ដីឆ្លើយទៅវិញទាំងរដាក់រដុបថា :
ប្រសិនបើភ្លៀងមិនរាំងទេ ពួកយើងនឹងសុំរំខាន សម្រាកជាមួយលោកអ៊ំមួយយប់ហើយ !
បុរសនោះសើចទាំងមានអាថ៌កំបាំង ធ្វើឲ្យពីរនាក់ប្ដី-ប្រពន្ធបះរោម ព្រោះបរិយាកាសមិនគួរឲ្យទុកចិត្តបន្តិចសោះ ។
2-
បាន ! សម្រាកទីនេះហើយ ! យើងមិនបារម្ភទេ និងចង់មានមិត្តនៅជាមួយដែរ !
ប្ដីប្រពន្ធធ្វើមុខជ្រួញដាក់គ្នាព្រោះមិនយល់ពីអត្ថន័យដែលតាចាស់នោះនិយាយ ។
ភ្លាមនោះ ពួកគេក៏ឈប់សន្ទនាគ្នា នៅពេលបានឮសម្លេងថ្ងូចថ្ងូរចេញពីខាងក្រោមខ្ទម ។
វាជាអាការសម្ដែងរបស់មនុស្សមានការឈឺចាប់យ៉ាងខ្លាំងក្លា ។
នៅពេលបុរសជាប្ដីរៀបនឹងហើបមាត់សួរ ស្រាប់តែតាចាស់ប្រាប់ដោយខ្លួនឯងថា :
គឺប្រពន្ធរបស់យើង ! វាត្រូវចងជាប់នឹងច្រវាក់នៅក្នុងបន្ទប់ឯណោះ ។
តាចាស់និយាយប្រាប់តែប៉ុណ្ណោះក៏ឈប់ទៅ មិនបានបញ្ជាក់ឲ្យអស់សេចក្ដីឡើយ ។
បន្ទាប់មកគាត់ក៏ដើរញ័រៗចូលទៅក្នុងបន្ទប់នោះទៅ ។
ហេតុការណ៍ដែលកើតឡើងនៅចំពោះមុខ ប្ដីប្រពន្ធទាំងពីរនាក់ធ្វើឲ្យពួកគេចំឡែកចិត្តយ៉ាងខ្លាំង រហូតក្លាយជាភ័យខ្លាច ។
បុរសចំណាស់ម្នាក់នោះ ស្គមខ្ពស់ មុខជ្រុង សល់តែស្បែក និងឆ្អឹង សក់វែង ក្រញ៉ែសក្រញ៉ាស ខ្លួនប្រាណប្រឡាក់ស្រម៉ក ដូចមនុស្សមិនបានសម្អាតខ្លួនមករាប់ឆ្នាំអីចឹង ។ ពេលនិយាយស្ដី សើចឬធ្វើដំណើរ មានសកម្មភាពខុសប្លែកពីមនុស្សធម្មតាទាំងអស់ ។
មិនគួរឲ្យទុកចិត្តឡើយ មើលទៅឫកពាររបស់គាត់គួរឲ្យភ័យខ្លាចណាស់ !
នាងប្រពន្ធខ្សឹបប្រាប់ប្ដីទាំងតក់ស្លុត ។
មិនទាន់ផុតមាត់ផង ក្លិនសាកសពរបស់សត្វភាយចេញពីក្នុងបន្ទប់ ដែលបុរសនោះដើរចូលទៅ ។ វាចោលក្លិនពេញបន្ទប់ធ្វើឲ្យពីរនាក់ប្ដីប្រពន្ធស្ទើរក្អួត ។
អ្នកទាំងពីរសំឡឹងមើលនាឡិកា ។
កន្លងទៅអស់រាប់ម៉ោង ភ្លៀងក៏នៅតែមិនព្រមរាំង ។
ភ្លាមនោះមានសម្លេងរបស់ស្រ្តីម្នាក់ស្រែកយំថ្ងូចថ្ងូរឡើងពីក្រោយខ្ទមនោះម្ដងទៀត ប្រៀបដូចជាមនុស្សបានទទួលការឈឺចាប់យ៉ាងខ្លាំង ។
ពីរនាក់ប្ដីប្រពន្ធហើបគូថចេញពីគ្រែសំឡឹងមុខគ្នាឡង់ៗ ព្រោះឆ្ងល់នឹងសម្លេងស្រែកថ្ងូរដ៏កណ្ដោចកណ្ដែងនោះជាអ្វី ?
បុរសជាប្ដីចង់ទៅមើល ប៉ុន្តែប្រពន្ធហាមថា :
កុំអីល្អជាង តិចលោម្ចាស់ផ្ទះចោទថាយើងចេះលូកលាន់រឿងរបស់គេ !
អ្វីៗនៅក្នុងបន្ទប់ដំណើរការទៅ ទាំងកណ្ដោចកណ្ដែង ព្រោះសម្លេងនោះ ឮតិចទៅៗរហូតស្ទើរតែដាច់ខ្យល់ ។
ទ្វារបន្ទប់នោះចាប់ផ្ដើមបើកចេញដោយខ្លួនឯង ដូចមានមនុស្សរុញ ។ ក្លិនស្អុយ ភាយចេញពីបន្ទប់នោះមក ធ្វើឲ្យពីរនាក់ប្ដីប្រពន្ធ ចង់ក្អួតម្ដងទៀត ។
សត្វប្រចៀវ ៤-៥ក្បាលហើរចេញមកខ្វាត់ខ្វែង ។
ទាំងពីរនាក់បះរោមព្រាត ។ នាងជាប្រពន្ធតក់ស្លុតដល់ថ្នាក់យំឱបប្ដី ព្រោះបានឃើញរាងកាយរបស់មនុស្សអង្គុយផ្អែកនៅនឹងជញ្ជាំងនៅសល់តែស្បែកដណ្ដប់ឆ្អឹង ។ សម្លេងសើចលាន់ឡើង :
ហោះៗៗៗៗ
ទាំងពីរនាក់ មិនត្រឹមតែមិនហ៊ានសំឡឹងមើលរាងកាយនោះម្ដងទៀតទេ ថែមទាំងយកដៃខ្ទប់មុខផងព្រោះរាងកាយនោះមិនខុសប្លែកពីខ្មោចឆៅឡើងមកពីរណ្ដៅឡើយ ។
ពួកគេដើរថយក្រោយចេញពីខ្ទមនោះ ដោយលាន់មាត់ព្រមៗគ្នាថា :
ខ្មោច ! ខ្មោចលង !
ភ្លាមនោះ រាងកាយស្គមកំព្រឹងគួរឲ្យខ្លាចនោះ បានក្រោកឡើង និងដើរមករកពួកគេ ។ វាជារូបតាចាស់ម្ចាស់របស់ផ្ទះនោះឯង ។
ដៃទាំងសងខាងរបស់វា លូកចូលទៅក្នុងពោះ រួចទាញយកថ្លើម យកពោះវៀនចេញមកក្រៅ ។
ឈាមហូរស្រោចចេញមកបញ្ជូនក្លិនឆ្អាបវឹក ។
វាបណ្ដាច់ពោះវៀនថ្លើម និងគ្រឿងក្នុងផ្សេងៗទៀតឮសូរភុចៗ រួចហើយយកទៅដាក់មាត់ទំពារស៊ីដូចអាប ។
ពេលនេះ ពីរនាក់ប្ដីប្រពន្ធដឹងច្បាស់ហើយថាវាជាអ្វី ?
ព្រឹកស្អែកឡើង ! អ្នកស្រុកធ្វើដំណើរតាមថ្នល់ ឃើញរថយន្តមួយគ្រឿងនៅចតស្ងៀម អត់ឃើញមនុស្ស ក៏នាំគ្នាទៅប្ដឹងប៉ូលីស ។
ដោយសារធ្លាប់កើតមានហេតុការណ៍នេះ ជាញឹកញាប់ ប៉ូលីសនាំគ្នាទៅមើលនៅទីកប់ខ្មោចតាយហោង ក៏ឃើញរាងកាយរបស់បុរសស្រ្តីពីរនាក់ ដេកនៅលើផ្នូរខ្មោចបើកភ្នែកធំៗលៀនស្ទើរជ្រុះចេញមក ។
អណ្ដាតរបស់សាកសពទាំងពីរ លៀនចេញហួសពីមាត់ពាក់កណ្ដាល ។
នៅលើគល់កមានស្នាមជាំខៀវ ។ ក្បាលអាចវិលជុំវិញបាន បញ្ជាក់ថា ករបស់ពួកគេ ត្រូវបានកាច់បំបាក់យ៉ាងគួរឲ្យតក់ស្លុត ។
ខ្មោចតាយហោងនៅតំបន់នេះ យកមនុស្សអស់ពីរនាក់ទៀតហើយ ! សុទ្ធតែជាអ្នកធ្វើដំណើរឆ្លងកាត់មិនដឹងស្រុកកំណើតនៅឯណា ?
ប៉ូលីសរអ៊ូដាក់គ្នា នៅពេលកំពុងរៀបចាំខ្មោចតាយហោងទាំងពីរនាក់ ទុកឲ្យត្រឹមត្រូវដើម្បីរង់ចាំបងប្អូនឪពុក-ម្ដាយរបស់សព មកយកទៅធ្វើបុណ្យ ៕
0 Comments:
Post a Comment