Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង ព្រះថោងនាងនាគ


 រឿង ព្រះថោងនាងនាគ

ព្រះថោង នាងនាគ ជារឿងព្រេងដែលគេដំណាលតៗគ្នាមក ថាមានការទាក់ទង ទៅនឹង​ការកកើតទឹកដីខ្មែរ​ ដោយមានព្រះថោង និង នាងនាគជាឪពុកម្ដាយ ជាជីដូនជីតា ជាអ្នកបង្កបង្កើត អោយមានជាតិកំណើត លើទឹកដីខ្មែរ មុនគេដំបូងបង្អស់។


ព្រះពុទ្ធទំនាយ

ក្នុងកាលសម័យ ដែលព្រះសមណគោត្ដម ព្រះពុទ្ធបរមគ្រូ ព្រះជន្មបានប្រហែល ៨០វស្សា បានយាងត្រេចរង្គត់ ទៅគ្រប់ទិសទីកន្លែង ដើម្បីប្រោសអស់សព្វសត្វលោក។ ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរ មកដល់កោះមួយ ដែលមានដើមធ្លក ដុះបែកមែកសាខា ត្រសុំត្រសាយ។

 នៅក្រោមដើមធ្លកនោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូល របស់ស្ដេចភុជង្គនាគ មកក្រសាលលេងកំសាន្តទឹកដីកន្លែងនោះ ដែលមានស្ថានភាព រាបស្មើគួរជាទីមនោរម្យ។ នៅលើដើមធ្លកនោះ មានសត្វត្រកួតមួយរស់នៅ ដោយសុខសាន្ដ។

 នៅពេលព្រះអាទិត្យ ចូលអស្ដង្គត ហើយព្រះច័ន្ទ បានចាប់រះឡើង បន្ដវេន, ព្រះពុទ្ធអង្គនិងព្រះអនន្ទ ក៏នាំគ្នានិមន្ដ ចូលសំរាក ក្រោមដើមធ្លក។ 

រុក្ខទេវតាដែលថែរក្សាដើមធ្លក បានរៀបចំទីកន្លែងសំរាប់ទទួលព្រះអង្គ និង ទេវតាទាំងឡាយ ដែលនឹងត្រូវចូលមក គាល់ថ្វាយបង្គំព្រះពុទ្ធ។ ស្ដេចភុជង្គនាគ ដែលបានយាង ចេញមកក្រសាល នៅទីទួលដើមធ្លក នោះដែរ កាលបើបានឃើញព្រះពុទ្ធកាលណា ក៏តំណែងខ្លួនជាមនុស្ស នាំក្រុមបរិវារ មកក្រាបថ្វាយបង្គំព្រះជិនស្រី សុំព្រះអង្គ សំដែងធម្មទេសនា ប្រោសអស់នាគទាំងពួង។ ជាមួយគ្នានោះដែរ ព្រះឥន្រ្ទកោសីយ ទេវបុត្រទេវតា ទេពអប្សរ និង ទេពនិករគ្រប់ទិសទី ក៏បាននាំគ្នាមូលមីកុះករ ចុះមក

ថ្វាយបង្គំគាល់ ព្រះពុទ្ធជាអម្ចាស់ដែរ។ ព្រឹកព្រហាមស្រាងៗ កាលណា, ព្រះពុទ្ធអង្គ ចាប់ផ្ដើមស្មឹងស្មាធ ប្រមើលមើលនិស្ស័យ អស់គ្រប់សព្វសត្វជិតឆ្ងាយ ដែលព្រះអង្គ ត្រូវនិមន្ដ យាងទៅប្រោស។ បន្ទាប់មក ព្រះអង្គទ្រង់សោយចង្ហាន់។ ដោយទ្រាំមិនបាននឹង ក្លិនអាហារទិព្វ ដ៏ឈ្ងុយឆ្ងាញ់មិនបាន សត្វត្រកួត ដែលរស់នៅលើដើមធ្លក ក៏ចេញខ្លួន មកថ្វាយបង្គំ ព្រះពុទ្ធបរមគ្រូ។ ព្រះអង្គបានពូតបាយ បោះអោយទៅសត្វត្រកួតនោះ ទុកធ្វើជាអាហារ។ ត្រកួតឆីបាយឆ្ញាញ់ លិតមាត់លិតក លៀនអន្ដាត

ចេញមកក្រៅ បង្ហាញនូវការពេញចិត្ត នឹងរសជាតិអាហារ។ លុះទតឃើញត្រកួត មានអណ្តាតព្រែកចេញជាពីរ ព្រះពុទ្ធទ្រង់ឈ្ងោកព្រះភ័ក្រ្ដ សំលឹងទៅព្រះធរណី ដោយក្ដីញញឹម។ ឃើញដូច្នោះ ព្រះអនន្ទឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរ សុំអោយព្រះអង្គពន្យល់អំពីហេតុផល។ ព្រះអង្គក៏មានពុទ្ធដិការ ទស្សន៍ទាយថា តទៅអនាគត កោះគោកធ្លក នេះ នឹងកកើត ក្លាយទៅជានគរមួយខ្លាំងក្លា មានទឹកដីធំទូលាយ ប្រជាជនរស់នៅ ដោយសុខសប្បាយ ក្សេមក្សាន្ដ ថ្កុំថ្កើងរុងរឿង។ 

សត្វត្រកួតដែលមានចិត្ដបរិសុទ្ធ លុះទៅដោយធម្មទេសនា របស់ព្រះពុទ្ធ ក្រោយពីបានចាកលោកនេះទៅ ក៏នឹងបានកើតជាព្រះរាជបុត្រ ស្ដេចនគរឥន្ទព័ទ្ធ ដែលសោយរាជ្យសម្បត្ដិ នៅនគរគោកធ្លក។ ពេលនោះ ស្ដេចភុជង្គនាគ នឹងចេញមករៀបចំទឹកដី ថ្វាយព្រះអង្គ។ ព្រះអង្គនឹងដាក់ឈ្មោះ នគរគោកធ្លក ជា "កម្ពុជាធិបតី", ដែលនគរដទៃទៀត ដាក់ឈ្មោះហៅថា "ស្រុកខ្មែរ"។

 ឯព្រះអិន្រ្ទាធិរាជវិញ ក៏នឹងបញ្ជាអោយ ព្រះវិស្សកម្មទេវបុត្រ ចុះមកកសាងប្រាង្គប្រាសាទ ធំៗល្អល្អះ ជាច្រើនទៀតដែរ។ តែប្រជាជននៅក្នុង ប្រទេសកម្ពុជា គ្មានចិត្ដស្មោះត្រង់ ប្រកាន់គោរពពាក្យសំដីរបស់ខ្លួនទេ។ 

សំដីនិយាយចេញមក ច្រើនមានន័យផ្សេងអំពី ចិត្ដគំនិតរបស់ខ្លួន ដែលគិតយល់នោះឡើយ ព្រោះមានអណ្តាតព្រែកបែកជាពីរ ដូចសត្វត្រកួតដែលជាជីតារបស់ខ្លួន។ ប្រមើមើលចប់ហើយកាលណា ព្រះពុទ្ធអង្គ ក៏យាងនិមន្ដបន្ដដំណើរ ទៅប្រោសសត្វលោកដទៃៗ បន្តទៅទៀត។


អំពីប្រវត្ដិព្រះថោង

កាលនោះនៅនគរឥន្ទព័ទ្ធ មានស្ដេចមួយអង្គ ព្រះនាមអទិច្ចវង្ស សោយរាជ្យសម្បត្ដិ មានរាជបុត្រ៥នាក់ បុត្រទី១ ត្រូវបានព្រះអង្គតំរូវ អោយកាន់កាប់ខេត្ដខ័ណ្ឌ ផ្នែកខាងកើត, បុត្រទី២ ខេត្ដខ័ណ្ឌខាងជើង, បុត្រទី៣ ខេត្ដខណ្ឌ ខាងលិច, ហើយបុត្រទី៤ គឺព្រះថោង ត្រូវទទួលបន្ទុក ខេត្ដខ័ណ្ឌខាងត្បូង។ ចំណែកបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុកដាក់ អោយគង់នៅជាប់ជាមួយនិងព្រះអង្គ ក្នុងបរមរាជរាំង។ មានឆ្នាំមួយនោះ ព្រះបានអទិច្ចវង្ស ទទួលអាពាធ ត្រូវជាន់ចំនិងពិធីបុណ្យប្រចាំឆ្នាំ​។​

 ទ្រង់ក៏ចាត់អោយរាជបុត្រពៅ ចេញមុខធ្វើជារាជតំណាង ដើម្បីទទួលស្ដេចនគរចំណុះ និងនាម៉ឺនសព្វមុខមន្ដ្រី មកពីគ្រប់ទិសទី។ គ្រប់ៗគ្នា រួមទាំងស្ដេចបង ព្រះអង្គទាំង៣អង្គ បានក្រាបថ្វាយបង្គំបុត្រពៅតំណងព្រះរាជា តាមរបៀបរបបប្រពៃណី។ លើកលែងតែព្រះថោងមួយទេ ដែលមិនបានក្រាបថ្វាយបង្គំ តាមទំនៀមទំលាប់ ពីព្រោះព្រះអង្គនឹកស្មានថា ព្រះបិតាបានលើករាជ្យសម្បត្តិផ្ទេរ អោយប្អូន រួចស្រេចបាច់បាត់ទៅហើយ។ តាមឯកសារខ្លះទៀត គេបានបញ្ជាក់ថា ព្រះមហាក្សត្រ បានប្រគល់រាជ្យបល្លង័្ក ទៅអោយបុត្រពៅ រួចស្រេចហើយមែន។


ដោយក្ដីហ្មួហ្មងអាក់អន់ស្រពន់ចិត្ដក្ដៅក្រហាយ ពេលត្រឡប់មកពីពិធីបុណ្យវិញ ព្រះថោងក៏កោះប្រជុំ អស់សព្វមុខមន្ដ្រី

ដើម្បីរៀបរាប់ប្រាប់នូវព្រឹត្ដិការណ៍ទាំងនោះ។ ព្រះអង្គបានសំរេចចិត្ដថា តទៅអនាគត ព្រះអង្គនឹងលែងយាង ចូលរួមពិធីបុណ្យ អ្វីទាំងអស់ នៅបរមរាជវាំង។ ពេលនោះ គ្មាននាម៉ឺនណាម្នាក់ហ៊ានបញ្ចេញមតិយោបល់អ្វីឡើយ។ ម្នាក់ៗគិតតែអែបអប ចាក់ស្រប តាមគ្រប់ចំណុច។ តាំងពីថ្ងៃនោះមក ព្រះថោងក៏លែងចូលខ្លួន ទៅថ្វាយបង្គំព្រះបិតា ដូចសព្វដង។ ដឹងរឿងនេះកាលណា ព្រះអនុជពៅ ក៏សុំសេចក្ដីអនុញ្ញាត្ដិពីរាជបិតា ដើម្បីទៅជួបបង។​

 លុះបានមកជួបព្រះថោងកាលណា ព្រះអង្គក៏លុតជង្គង់ថ្វាយបង្គំ ដែលជាហេតុធ្វើអោយព្រះថោង មានការភ្ញាក់ផ្អើល ងឿងឆ្ងល់យ៉ាងខ្លាំង។ ក្រោយពីបានស្ដាប់ ការពន្យល់របស់ប្អូន គ្រប់ដំនើរដើមទងមក ព្រះថោងក៏បានយល់ អំពីកំហុសរបស់ខ្លួន ហើយក៏បានផ្ដាំប្អូន អោយសុំព្រះរាជទានទោស ពីបិតាជំនួសព្រះអង្គផង។

 ព្រះអង្គអទិច្ចវង្សា សប្បាយចិត្ដណាស់ នៅពេលដែលដឹងថា បុត្រពៅព្រះអង្គដោះស្រាយ បញ្ហាស្មុកស្មាញនេះ បានដោយជោគជ័យ ក្នុងសន្ដិវិធី។ គឺពិតជាសក្ដិសមជាស្ដេច ដែលត្រូវទទួលគ្រងរាជសម្បត្ដិមែន។ តែព្រះអង្គ ក៏បានរិះគិតពិចារណាដែរថា ព្រះថោងមានចិត្ដស្រាលឆេវឆាវ មិនចេះគិតគូរពិចារណា វែងឆ្ងាយឡើយ។ អាកប្បកិរិយាទាំងប៉ុន្មាន

ដែលព្រះថោង បានប្រព្រឹត្ដិមក ក៏ចាត់ដូចជាការក្បត់ និងប្រទេសជាតិដែរ។ ទោសនេះ គឺត្រូវតែប្រហារជីវិតបង់។ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់ ក៏បានយល់ស្រប តាមព្រះអង្គដែរ។ តែដោយព្រះថោង ធ្លាប់មានគុណបំណាច់ ក្នុងការ

ការពារទឹកដី ប្រទេសជាតិ នាម៉ឺនមន្រ្ដីទាំងនោះ បានសុំអោយត្រឹមតែបំបរបង់ និរទេសព្រះអង្គតែប៉ុណ្ណោះ។


ព្រះថោងបានប្រសូត្រនៅក្នុងឆ្នាំវក ព.ស ២៣២ ត្រូវជាឆ្នាំ៣១២មុន គ.ស។ ព្រះជនបាន១៦ឆ្នាំ, ព្រះអង្គបានយាងចេញទៅកាន់កាប់ ខេត្ដខ័ណ្ឌទិសខាងត្បូង។ ២០ឆ្នាំក្រោយមក ក្នុងវ័យ៣៥ឆ្នាំ ព្រះអង្គត្រូវបានបិតា បំបរបង់នីរទេសចេញពីនគរ។

 នាម៉ឺនមុខមន្ដ្រីពលសេនា និង ប្រជារាស្រ្ដជាច្រើន ដែលស្រលាញ់គោរពព្រះអង្គ ប្រមាណជាង១កោដិនាក់ (ឯកសារខ្លះថាតែ១សែននាក់ទេ) បានសុខចិត្តចាកចេញ អំពីនគរទៅរស់នៅដង្ហែ តាមព្រះថោង។ ពួកជននីរទេសទាំងនោះ ត្រូវបានស្ដេចចេញបញ្ជា អោយកាត់សក់ "ជើងកញ្ជើ" ខុសអំពីប្រជាពលរដ្ឋធម្មតា 

ដើម្បីបញ្ជាក់ថា ជាជនជំពូកគ្មានពូជ គ្មានសាសន៍ អ្វីដូចគេឯងទាំងអស់។ ព្រះថោងបានបញ្ជា​ អោយសេនាចុះសំពៅទូកក្បួន បណ្តែតតាមទន្លេខ្សែទឹក នាំពលរេហ៍ ធ្វើដំណើរ ឆ្លងកាត់តាម ព្រៃព្រឹក្សា ចុះមកតាមទិសខាងត្បូង រហូតមកដល់ ភ្នំដងរែក ដែលជាដំបន់ភូមិភាគរហោរស្ថាន​គ្មានមនុស្សរស់នៅ។

 ទូកក្បូនក្បួនទ័ពព្រះថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកកឿងជាប់ ចតនឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជា អោយបោះយុថ្កា ចុះចតលើកោះគោកធ្លក។ កន្លែងនោះ មានឈ្មោះដំណាល ជាប់តមក ជាស្រុក"គ្រួខ័ណ្ឌ" "គោកខ័ណ្ឌ" ដែលស្ថិតនៅខាងជើងជួរភ្នំដងរែក សព្វថ្ងៃនេះ។ ក្នុងវគ្គនេះ ពង្សាវតារ ខ្លះទៀតបញ្ជាក់ ថា ព្រះថោង និង បរិវារស្ម័គ្រចិត្ដ បានមកសំចត នៅស្រុកសំរោងទង ដែលមានជាប់ ឈ្មោះ "បឹងពោងពាយ" រហូតមកដល់សព្វថ្ងៃ។ ព្រះថោង បាន​ចាត់ចែង អោយមុខមន្ដ្រី ទៅចចារនិងស្ដេចចាម ដើម្បីចងស្ពានមេត្រី ក្នុងន័យរួមរស់ ជាមិត្ដភាព ក្នុងតំបន់ជាមួយគ្នា។


ថ្ងៃមួយ, ព្រះថោងនិងស្ដេចចាម ព្រះនាមអាស្សចៃយ្យរាជ្យ កើតមានជំលោះមិនចុះសំរុងនិងគ្នា បណ្តាលអោយក្លាយជា ចំបាំងរាំងជលរវាងក្រុមទាំងពីរ។ ព្រះថោងបានយកជ័យជំនះ ឈ្នះកំចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួន នៅចំប៉ាសាក់ ដែលជាទឹកដីលាវសព្វថ្ងៃ។ ពេលនេះ ព្រះថោងក៏បានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់អែង​ ហើយបាន

ដាក់នាម អោយនគរនេះថា "នគរគោកធ្លក"។ ក្រោយៗមក មានជនានុជាជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំ បានមកតាំងលំនៅស្ថានកុះករ នៅែដនមហានគរគោកធ្លក។ ព្រះថោងបានបញ្ជា អោយអ្នកប្រាជ្ញ កែប្រែអក្សរ ភាសាសំស្រ្កិត មកជាអក្សរភាសាខ្មែរ សំរាប់ប្រើប្រាស់ ប្រចាំថ្ងៃ។

 ឯការរៀបចំកសាងស្រុកភូមិនគរ ក្នុងវិស័យកសិកម្ម និង សេដ្ឋកិច្ច ក៏ត្រូវបានព្រះអង្គចាត់ចែងយ៉ាងសកម្មដែរ។ នៅផ្នែកជំនឿសាសនា គេក៏បានឃើញ មានវត្ដ មានសាមណេរ វត្ដអារាមព្រះពុទ្ធសាសនាជាច្រើន កកើតកាន់តែច្រើនឡើង នៅលើទឹកដីនគរគោកធ្លកនេះ។


0 Comments:

Post a Comment