អភិសេកព្រះថោងនាងនាគ
ថ្ងៃមួយ ព្រះថោងបាននាំពលរេហ៍ ទៅក្រសាលតាមឆ្នេរខ្សាច់កោះ ហើយបានចូលទៅសំរាកក្រោមដើមធ្លក។ ដល់ពេល រសៀល ទើបព្រះអង្គរលឹកពីដំណេកក៏ប្រទះឃើញទឹកឡើងលិចព័ទ្ធជុំវិញទួលធ្លកនោះ។ ដោយមិនអាច វិលត្រលប់ ទៅវាំងប្រាសាទបាន ព្រះថោងត្រូវសំរាកនៅទីនោះ រង់ចាំពេលទឹកស្រកដកទៅវិញ។ គ្រានោះ នារាត្រីដ៏សែនស្ងាត់ជ្រងំ ព្រះនាងធារាវតី បុត្រីសេ្ដចភុជង្គនាគ បាននាំពួកភីលៀងបរិវារ ចេញមកក្រសាល លេងកំសាន្ដលើកោះគោកធ្លក។
លុះទតយល់សម្ផស្សព្រះនាងកាលណា ព្រះថោងក៏មានចិត្ដប្រតិព័ទ្ធស្នេហាភ្លាម។ ក្រោយពីបានផ្ដោះផ្ដងគ្នា ទៅវិញទៅមក ព្រះថោងនិងនាងនាគក៏ចាប់ផ្ដើមមានចំណងមេត្រីនឹងគ្នា ហើយបានកំណត់ពេល ប្រាំពីរថ្ងៃ អោយព្រះថោង រៀបចំ ជំនូនបណ្ណាការ មករង់ចាំនៅត្រង់ទីកន្លែងណាត់។ ចំណែកព្រះនាងធារាវតី ពេលត្រឡប់ទៅដល់ ស្ថាន ភុជង្គនាគវិញ ក៏បានរ៉ាយរ៉ាប់រឿង ថ្វាយមាតាបិតា។ ស្ដេចភុជង្គនាគ ក៏មិនបានយល់ជំទាស់អី្វដែរ។ ព្រះអង្គបានសុខចិត្ដ យល់ព្រមទៅតាមគោលបំណងរបស់រាជបុត្រី។
ប្រាំពីរថ្ងៃក្រោយមក ព្រះថោង បាននាំពលរេហ៍សេនា លើកជំនូនសួយសារអាករ មកត្រៀមរង់ចាំនៅក្រោមដើមធ្លក។ ឯស្ដេចភុជង្គនាគ និងអគ្គមហេសី ក៏បានយាងចេញមកត្រង់កន្លែងដើមធ្លកដូចបានកំណត់ដែរ។ លុះទតយល់ស្តេច ភុជង្គនាគ ភ្លាមកាលណា ព្រះថោងក៏លុតជង្គង់ក្រាបថ្វាយបង្គំភ្លាម។ ស្ដេចភុជង្គនាគ និងមហេសីមានចិត្តសោមនស្ស ត្រេកអរសាទរណាស់ ែដលបានទទួលព្រះថោងជាកូនប្រសារ ហើយក៏បានរៀបចំអភិសេក ធារាវតីនិងព្រះថោង ជាគូស្វាមីភរិយាតរៀងមក។
ដើម្បីទុកជាចំណងដៃដល់កូនប្រុសស្រី ស្ដេចភុជង្គនាគ ព្រមទាំងបរិវារ បាននាំពលរេហ៍ សេនា បឺតពង្រីងទឹកសមុទ្រ អោយកើតជាដែនដីស្ងួត ធំធេងទូលំទូលាយ ហើយបានកសាង ប្រាង្គប្រាសាទ វាំងតូចធំ ទុកថ្វាយជាចំណងដៃដល់បុត្រជាច្រើន។ ព្រះថោងនាងនាគ ត្រូវបានរៀបចំអភិសេក ជាគូស្វាមីភរិយានៅវេលាម៉ោង ៧ព្រឹក នៅថ្ងៃ១១កើត ខែពិសាខ ពស២៧៧ ឆ្នាំម្សាញ់ ត្រូវជាឆ្នាំ ២៦៧ មុនគ.ស។ កាលនោះព្រះថោងបានព្រះជន្ម ៤៦វស្សា។ ក្នុងពេលជាមួយគ្នានោះដែរ ព្រះថោងក៏បានទទួលព្រះរាជាភិសេក ឡើងសោយរាជ្យនគរគោកធ្លកនោះដែរ។ ព្រះអង្គ បានទទួលគោរម្យនាមជា "ព្រះបាទ កុមេរាជសេដ្ឋាធម្មិកវរោត្ដមបថមខេមរា ខត្ដិយាវង្សសកូល កំពូល
ក្រុងកម្ពុជាធិបតី សិរិយសសោភា បវររាជធានីបូណ៌មី អុត្ដមមហាដ្ឋាន"។ ចំណែក ព្រះនាងធារាវត្ដីក៏បានទទួល ព្រះនាម ជា "ព្រះវគត្ដីក្សត្រីគាប់លក្ខណ៍ឯកអគ្គទេវី"។ នៅពេពិធីបុណ្យអភិសេកចប់សព្វគ្រប់កាលណា ស្ដេចភុជង្គនាគ បាននាំមហេសី វិលត្រឡប់ទៅនគរវិញ។ ដើម្បីជូនដំណើរព្រះបិតាមាតាក្មេកចុះទៅស្ថានភុជង្គនាគ ព្រះថោង ឬ ព្រះចៅកុមេរាជ បានចាប់តោងស្បៃនាងនាគ ជ្រមុជទឹក ចុះតាមទៅជាមួយដែរ។ កាលនោះ ព្រះថោងបានរៀបចំ សាងសង់ បរមរាជវាំង គង់នៅមហានគរធំ (មហានគរ ឬមហាអង្គរ) ដែលជាកន្លែងដែលមានដើមធ្លកនោះ។
សង្គ្រាមជាមួយចាម
នៅក្នុងរាជរបស់ព្រះអង្គ ស្ដេចចាមដែលច្បាំងចាញ់ព្រះថោង កាលពីលើកមុន បានលើកកងទ័ពយ៉ាងគគ្រឹកគគ្រេង មកវាយ នគរគោកធ្លក សាជាថ្មី។ ស្ដេចចាមអាសច័យរាជ មានកូនប្រុសប្រាំនាក់ ជាមេទ័ពជំនួយ បាននាំកងទ័ពលាវ េចញមកពីចំប៉ាសាក់ ចូលចោមព័ទ្ធទីក្រុងមហានគរ ។ ពេលនោះ ព្រះកុមេរាជបានកោះប្រជុំ គ្រប់នាម៉ឺនមន្រ្ដីមេទ័ពតូចធំ
ដោយមានព្រះបន្ទូលថា «បើយើងច្បាំងតបនឹងសត្រូវក៏បានដែរ តែប្រជាពលរដ្ឋយើង និងត្រូវស្លាប់បាត់បង់ជីវិត ច្រើនជា
មិនខាន។ ដូច្នេះគួរណាស់តែ យើងធ្វើល្បិចកិច្ចកល ជាចាញ់ ខ្លាចចាម ហើយនាំគ្នាវាយសំរុកបើកផ្លូវ នាំគ្រួសាររត់
ចោលនគរ មួយរយៈសិន។ ធ្វើដូច្នេះ កងទ័ពចាម នឹងមានជំនោរចិត្ដក្អេងក្អាង ភ្លេចខ្លួន ហើយនាំគ្នាមកតាំងទី ក្នុងមហា
នគរ ជាមិនខាន។ ដល់គ្រានោះ ចាំយើងលើកទាំងទ័ពមនុស្ស ទាំងទ័ពនាគមកក្របួចសត្រូវ យកជ័យជំនះវិញ"។ ដោយមូលហេតុនោះ ទ័ពខ្មែរបានវាយបើកផ្លូវចេញ បានដូចសេចក្ដីប្រាថ្នា។ ព្រះបាទកុមេរាជ បាននាំពលរេហ៍ ទៅរៀបចំ ទីតាំងបោះបន្ទាយជំរុំនៅ "នគររាជសីមា"។ ព្រះអង្គក៏ចាប់ផ្ដើម រៀបចំកងទ័ព មានទ័ពលាវផង បង្ហាត់បង្រៀន ហ្វឹកហ្វឺន តាមគ្រប់ក្បួនយុទ្ធសាស្រ្ដ ពិជ័យសង្រ្គាម។ ហេតុការណ៍ក៏កើតឡើង ដូចដែលព្រះអង្គបានគិតទុកជាមុនមកមែន។
ពួកចាម បាននាំគ្នា មកតាំងទីនៅក្នុងមហានគរ យា៉ងសប្បាយ។ មួយឆ្នាំក្រោយមក ដោយមានជំនួយពីទ័ពនាគផង ព្រះបាទកុមេរាជ បានលើកទ័ព ទៅវាយកំចាត់ទ័ពចាម អោយបរាជ័យរត់បាក់បែកអស់ គ្មានសល់។ ស្ដេចចាម អាសច័យរាជ បានបាត់បង់ជីវិតក្នុងគ្រាចំបាំងនោះទៅ។
រីឯកូនប្រសារប្រុសទាំងប្រាំនាក់ របស់ស្ដេចចាម បានទទួលខ្លួន សុំជាចំណុះ បំរើព្រះថោង រៀងរហូតតទៅ។ ព្រះកុមេរាជក៏បានតែងតាំង កូនស្ដេចចាមឈ្មោះ សុរិយាវរមិន្ទ អោយគ្រប់គ្រងស្រុកទ្រាំង ដោយមានទីតាំង នៅលើភ្នំបាយ៉ងកោ, ព្រះសុរិយោទេវេស អោយទៅគ្រប់គ្រងស្រុកបាទី ដោយតាំងទី នៅលើភ្នំជីសូរ ព្រះបរមន្រ្ទាវរមិន្ទ អោយទៅគ្រប់គ្រងស្រុកលើកដែក ព្រះសុរិយោវរមិន្ទ អោយទៅគ្រប់គ្រង ស្រុកត្បូងឃ្មុំ និងព្រះសន្រ្ទាវរមិន្ទ អោយទៅត្រួតត្រា ស្រុកស្ទោង។
នាសម័យនោះ ព្រំប្រទល់ដែនទឹកដីខ្មែរ បានលាតសន្ធឹង ទៅដល់ស្រុកពិស្ណុលោក និងសុខោទ័យ នៅទិសខាងលិច
ទៅដល់ស្រុកគោកអង្រ្កង ឬស្រុកយួន នៅទិសខាងកើត ទៅដល់ស្នាមខ្សាច់ (ខាងជើងភ្នំដងរែក)នៅទិសខាងជើង
និង នៅទិសខាងត្បូង ទល់ដែនសមុទ្រ។ មួយផ្នែកទៀត នាគ្រាកាលនោះ គេសំគាល់ឃើញមាន ជនជាតិបរទេស ជាច្រើន បានចូលមករស់នៅរកស៊ី ធ្វើជំនួញប្រកបមុខរបរ ក្នុងស្រុកខ្មែរ, មានដូចជាសៀម លាវ យួន ជាដើម។ សៀមចុះមកនៅ បឹងណោងស្នោ ប្រកបមុខរបររកស៊ី ចាប់ត្រីកន្ធរ យកមកប្រលាក់ហាល។ ជារៀងរាល់ឆ្នាំ ជនជាតិសៀម
ទាំងនោះ តែងតែដឹកនាំ យកត្រីកន្ធរហាល និង ទឹកថ្លាល្អបរិសុទ្ធ នៅក្នុងខេត្ដពេជ្របុរី មកថ្វាយព្រះមហាក្សត្រខ្មែរ
ជាសួយសារអាករ។ ចំនែកជនជាតិយួនវិញ ប្រកបបររកស៊ីលក់ក្រណាត់សូត្រ ហើយ ជារៀងរាល់ឆ្នាំ ពួកគេក៏តែងតែនាំ យកសំពត់សូត្រ សំពត់ព្រែ មកថ្វាយព្រះរាជា ជាសួយសារអាករដែរ។
0 Comments:
Post a Comment