Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿងខ្មោចដើមចេកជ្វា

 




រឿងខ្មោចដើមចេកជ្វា៖

ចាស់បុរាណខ្មែរយើងច្រើនជឿហើយហាមប្រាមកូនចៅមិនឱ្យដាំ ដើមចេកជ្វានៅជិតសំយាបផ្ទះ ព្រោះគេយល់ថា វាដាក់ម្ចាស់ផ្ទះ។ បាន ជាមានជំនឿយ៉ាងនេះ ព្រោះមានរឿងដំណាលដូចតទៅ ៖

ជាយូរអង្វែងណាស់មកហើយ មាន គ្រួសារមួយទីទ័លក្រ។ ពួកគាត់ជា កសិករ។ នារដូវមួយដែលធាតុអា កាសកំពុងរាំងស្ងួតឥតមានភ្លៀង ធ្លាក់សម្រាប់ធ្វើស្រែឡើយ។ បុរស ជាប្តី ក៏សុំប្រពន្ធទៅ រកស៊ីឈ្នួលគេនៅ ស្រុកឆ្ងាយ។

ក្រោយពេលដែលបុរសនោះចេញទៅផុត ស្រុកក៏កើតជំងឺអាសន្ន រោគរាតត្បាតពាសពេញស្រុកបណ្តាលឱ្យអ្នកភូមិទាំងមូលភ័យជ្រួល ច្របល់យ៉ាងខ្លាំង។ មុនដំបូងជំងឺនេះចាប់ផ្តើមឡើងពីសត្វតូចតាចតែ ប៉ុណ្ណោះ។ លុះយូរបន្តិចទៅក៏រាលដាលរហូតដល់សត្វធំៗរហូតដល់ ជីវិតមនុស្សក្នុងភូមិស្លាប់ជាបន្តបន្ទាប់គ្មាននរណាអាចជួយនរណាបាន ឡើយ។

ផ្ទះនីមួយៗមានសភាពស្ងាត់ជ្រងំ។ ពេលយប់គេឮសូរតែសម្លេងឆ្កែលូ និងពន្លឺភ្លើងចង្កៀងផ្លុងៗត្រង់នេះមួយ ត្រង់នោះមួយគួរឱ្យព្រឹក្បាលពន់ ពេក។ នៅភូមិខ្លះដែលរោគនេះមិនទាន់រាលដាលទៅដល់ អ្នកនិគមជន បទទាំងនោះ ក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហេតរហូតដូចប្រក្រតី ឡើយ។ មនុស្សទាំងនោះមានកិរិយាស្ងប់ស្ងៀមមានទឹកមុខក្រៀមក្រំស្រ ពាប់ស្រពោនជានិច្ច និយាយរកគ្នាទៅវិញទៅមកដោយការខ្សឹបខ្សៀវ មិនហ៊ាននិយាយផ្អាកកោកកកាក ឬនឹកឈ្មោះទីកន្លែងដែលកើតជំងឺ ចង្រៃនោះឡើយ។

មានថ្ងៃមួយ នៅពេលដែលជំងឺនេះកំពុងតែបង្កើនឥទ្ធិពលយ៉ាងខ្លាំង ក្លា ស្រាប់តែមានអ្នកស្រុកម្នាក់មកនិមន្តលោកគ្រូចៅអធិការវត្តទៅចំរើន ព្រះបរិត្តនៅឯផ្ទះរបស់ខ្លួន។ លុះដល់ពេលកំណត់អ្នកស្រុកម្នាក់នោះក៏ មកទទួលព្រះថេរៈព្រមទាំងភិក្ខុពីរអង្គទៀតទៅផ្ទះរបស់គេ។

នៅពេលដែលលោកនិមន្តទៅដល់ផ្ទះឧបាសកនោះ គេឃើញមាន ភ្ញៀវយ៉ាងច្រើន។ គេបាននិមន្តព្រះសង្ឃទាំងបីអង្គឡើងទៅលើផ្ទះគង់ លើអាសនៈយ៉ាងសមគួរ ហើយប្រគេនភេសជ្ជៈ តែ ស្ករ បារី តាមទំ នៀមទំលាប់។ បន្ទាប់មកគេក៏នាំគ្នានមសិការព្រះរតនត្រ័យរួចអារាធនា ព្រះសង្ឃចំរើនព្រះបរិត្ត។ ប៉ុន្តែឧបាសកទូលលោកថា “សូមព្រះតេជគុណ កុំសូត្រធម៌ករណីយ៍អី សូមនិមន្តសូត្ររំលងទៅវិរូបក្ខេតែម្តងទៅដើម្បី កុំឱ្យយូរពេល។ ព្រះសង្ឃចាប់ផ្តើមចំរើនព្រះបរិត្តតាំងពីដើមរៀងទៅ។ លុះដល់ធម៌ករណីយ៍ បវារណាសុំតែម្តង។

ខណៈពេលនោះ លោកសង្កេតឃើញទាយកទាយិកាសប្បាយរីករាយ សើចញញឹមញញែមក្របួចមាត់ក្របួចកគ្រប់ៗគ្នា។ ព្រះថេរៈដើមអាសនៈ ឆ្ងល់ថា “គេសុំកុំឱ្យសូត្រធម៌ករណីយ៍ ឱ្យឆ្ពោះទៅសូត្រវិរូបក្ខេតែម្តង ឥឡូវសូត្រវិរូបក្ខេទៅ ស្រាប់តែគេនាំគ្នាសើចសប្បាយបែបដូចជាប្លែក”។ ព្រះថេរៈនឹកអៀនក្នុងព្រះទ័យណាស់ ខ្លាចក្រែងគេរិះគន់ថា លោកសូត្រ ខុស ទើបត្រលប់មកចាប់សូត្រធម៌ករណីយ៍វិញ។

លោកទើបតែនឹងចាប់សូត្របាន៣-៤ព្រះឱស្ឋ ស្រាប់តែទាយក ទាយិកានាំគ្នាដកខ្លួនថយបន្តិចម្តងៗ រហូតដល់អស់មនុស្សស្ងាត់ឈឹង។ ភ្លើងទៀនក៏រលត់ក្លឹប។ ផ្ទះដែលព្រះសង្ឃគង់នៅនោះត្រលប់ទៅជា គុម្ពឫស្សីយ៉ាងញាតស្អាត រីឯបារីតែស្ករទៅជាដុំធ្យូង ដីខ្សាច់និងកំណាត់ ឈើអស់រលីង។ ទើបព្រះសង្ឃភ្ញាក់ថា ជាបិសាចក្លែងខ្លួនធ្វើជាមនុស្ស មកបន្លំខ្លួន។ ទំរាំតែញាតិញោមនៅឯវត្តបានដឹងព្រះសង្ឃទាំងបីអង្គត្រូវ អត់ចង្ហាន់ដល់ទៅ២-៣ថ្ងៃឯណោះ។

ដោយហេតុហ្នឹងហើយ ទើបចាស់បុរាណលោកតែងតែ និយាយថា ធម៌ករណីយ៍នេះធ្វើឱ្យខ្មោចខ្លាចណាស់។ ឯធម៌ វិរូបក្ខេធ្វើឱ្យខ្មោចសប្បាយទៅវិញ។ កាលណាស្រុកមិនសូវ ស្រួលដោយមានកើតជំងឺដង្កាត់ផ្សេងៗ មានអាសន្នរោគ អុតជា ដើមនោះ គេតែងនិមន្តព្រះសង្ឃចំរើនព្រះបរិត្ត ហើយសុំឱ្យ លោកសូត្រធម៌ករណីយ៍នេះឱ្យបាន៧-៨ចប់ ហើយហាមផ្តាច់មិន ឱ្យព្រះសង្ឃសូត្រធម៌វិរូបក្ខេឡើយ ដោយមានជំនឿតាមរឿងដូច បានរៀបរាប់មកខាងលើនេះ។ ម្យ៉ាងទៀតបុរាណមានជំនឿថា បើយើងដើរទៅណាមកណានៅពេលយប់ ហើយមានព្រឺរោមត្រី ស្បែកត្រូវឱ្យសូត្រធម៌ករណីយ៍នេះដោយសំអាងថា ខ្មោចមិន លង ហើយខ្មោចខ្លាចធម៌ករណីយ៍នេះណាស់។

និយាយពីបុរសនោះវិញ បន្ទាប់ពីបានទៅរកស៊ីមានលុយកាក់សមល្មម ហើយ ក៏វិលត្រលប់មកស្រុកកំណើតវិញ។ លុះមកដល់ពាក់កណ្តាលផ្លូវ មានគេនិយាយប្រាប់ថា “អ្នកឯងទៅភូមិនោះមិនទាន់បានទេព្រោះមនុស្ស នៅក្នុងភូមិអ្នកឯង កំពុងកើតជំងឺអាសន្នរោគស្លាប់អស់ច្រើនណាស់ រីឯ ប្រពន្ធកូនរបស់អ្នកឯងប្រហែលជាស្លាប់ ឬយ៉ាងណាក៏មិនដឹងដែរ ព្រោះ ឥឡូវឥតមាននរណាម្នាក់ហ៊ានចូលទៅក្នុងភូមិនោះឡើយ។ ដោយ បុរសនោះមានសេចក្តីនឹករលឹកដល់ប្រពន្ធកូនខ្លាំងពេក ក៏ចចេសដើរទៅ ផ្ទះរបស់ខ្លួន។ គាត់ខំធ្វើដំណើរទៅទាំងយប់ទាំងសស្លាក់សស្នើត។

លុះទៅជិតដល់លំនៅខ្លួន មើលទៅឃើញភ្លើងផ្លុងៗគ្រប់ផ្ទះដូចប្រ ក្រតី គាត់ត្រេកអរណាស់ ហើយនឹកខឹងនឹងអ្នកស្រុកទាំងអស់នោះដែល និយាយកុហក។ ប៉ុន្តែនៅតាមផ្លូវទៅកាន់ផ្ទះគាត់ៗមានសេចក្តីសង្ស័យ ខ្លះៗដែរ ចំពោះសភាពស្ងប់ស្ងាតិខុសប្លែកពីធម្មតា តែគាត់សន្និដ្ឋានថា ប្រហែលជាអ្នកស្រុកមិនស្រួលមែនហើយទើបស្ងាត់យ៉ាងនេះ។ លុះទៅ ដល់របងផ្ទះ ក៏ស្រែកហៅប្រពន្ធ។ ពេលនោះគាត់ក៏ឃើញប្រពន្ធគាត់រត់ មកទទួលយ៉ាងរាក់ទាក់ដូចធម្មតាគ្មានអ្វីគួរឱ្យសង្ស័យឡើយ។

នាងនោះខំប្រញាប់ទៅបង្កាត់ភ្លើងដាំបាយឱ្យប្តីបរិភោគ ប៉ុន្តែនាង ហាមប្តីមិនឱ្យចូលទៅក្នុងបន្ទប់ដេកទេ ឱ្យប្តីសម្រាកនៅខាងក្រៅសិន។ ប្តីនឹកឆ្ងល់នឹងឥរិយាបថដ៏ចម្លែករបស់ភរិយាណាស់ ដោយគាត់សង្កេត ឃើញភ្នែករបស់នាងធំៗ លៀនៗបែបក្រហម ហើយក្រឡឹបក្រឡាប់ខុស ពីធម្មតា ថែមទាំងធុំក្លិនគំរង់សាកសពបក់ចេញពីក្នុងបន្ទប់ដេកទៀតផង ធ្វើឱ្យគាត់ចង់ដឹងថា តើមានអ្វីនៅក្នុងបន្ទប់ដេកនេះ បានជានាងហាម មិនឱ្យចូលយ៉ាងនេះ? គិតសព្វគ្រប់ទៅក៏ចេះតែអង្គុយសង្កេតកិរិយា របស់ប្រពន្ធ។ មួយសន្ទុះក្រោយមក ក៏ឃើញនាងលៀនអណ្តាតយ៉ាង វែងកេវយកវែកដែលជ្រុះទៅលើដី។ ឃើញដូច្នេះប្តីក៏យល់ថា នាងពិត ជាខ្មោចបិសាចប្រែកាយហើយ ទើបគេនឹកឃើញដល់រឿងមនុស្សដែល និយាយប្រាប់នៅតាមផ្លូវ។

បុរសនោះក៏ដើរលបៗចូលទៅវែកមុងក្នុងបន្ទប់ដេក ស្រាប់ តែឃើញខ្មោចប្រពន្ធកូនខ្លួនស្លាប់ស្អុយរលួយដង្កូវរុកព្រិច។ គាត់ក៏ថយចេញមកវិញ ហើយរិះរកមធ្យោបាយដើម្បីរំដោះខ្លួន ចេញពីកណ្តាប់ដៃបិសាចនេះ។ ទើបគាត់និយាយទៅកាន់នាង ថា “អូនដាំបាយឱ្យឆ្អិនឆាប់ៗទៅ បងអស់កម្លាំងណាស់ បងចុះ ទៅនោមមួយភ្លែត"។ ថាហើយគាត់ក៏ទៅចោះក្អមទឹកមួយ ដែលនៅក្បែរនោះបង្ហូរទឹកទៅលើស្លឹកត្នោតឱ្យឮសូរដូចមនុស្ស នោមមែនទែន។ បន្ទាប់មកគាត់ក៏លួចរត់បាតជើងសព្រាតតម្រង់ ទៅអារាមមួយដែលមានលោកគ្រូមួយអង្គចេះមន្តអាគមគាថា ខ្លាំងពូកែខាងការពារខ្មោចបិសាច និងអាបធ្មប់។

ចំណែកនាងបិសាចវិញ ឮសូរប្តីនោមយូរពេកក៏ឆ្ងល់ខ្លាំងណាស់ ទើបនាងដើរទៅមើល។ គ្រាន់តែនាងឃើញប្តីរត់ទៅផុត នាងក៏ រត់តាមក្រោយយ៉ាងលឿនរហូតទាល់តែជិតទាន់។ ចំណែកប្តីរត់មិនទាន់ បានប៉ុន្មានផង ងាកមកក្រោយក៏ឃើញខ្មោចប្រពន្ធកំពុងដេញតាមពីខាង ក្រោយក៏ដឹងខ្លួនថា មើលទៅស្ទុះមិនរួចពីកណ្តាប់ដៃបិសាចនេះទេ ទើប ស្ទុះឡើងដើមបាយម៉ាតមួយដើមដែលនៅក្បែរខ្លួន។

នាងបិសាចមិនហ៊ានទៅជិតដើមបាយម៉ាតនោះទេ ចេះតែដើរក្រវែល ក្បែរៗ ហើយស្រែកហៅប្តីឱ្យចុះមក។ បុរសនោះក៏ដឹងថា នាងបិសាច នេះពិតជាខ្លាចដើមបាយម៉ាតនេះហើយ បានជាមិនហ៊ានមកជិតបែបនេះ។ គាត់ក៏កាច់ដើមបាយម៉ាតមួយមែកលីសំដៅទៅវត្តអារាម។

ឯនាងបិសាច ពិតមែនតែមិនហ៊ានទៅជិតបុរសជាប្តី ដោយខ្លាច ដើមបាយម៉ាតមែន តែនាងនៅតែដើរតាមក្រោយរហូត។ លុះបុរសនោះ ទៅដល់វត្ត ក៏រត់ចូលទៅឈប់នៅកណ្តាលជំនុំសង្ឃដែលកំពុងធ្វើ ឧបោសថកម្មនៅក្នុងព្រះវិហារ ហើយទូលព្រះសង្ឃតាមដំណើរ។ ពេល នោះលោកគ្រូដែលពូកែខាងអាគមគាថា ក៏នាំបុរសនោះទៅនៅក្នុង កុដិរបស់លោក ហើយសូត្រមន្តអាគមគាថាព័ទ្ធសីមាយ៉ាងម៉ឺងម៉ាត់។

ឯនាងបិសាចក៏មិនទៅណាឆ្ងាយអំពីកុដិព្រះសង្ឃនោះដែរ។ ពិតមែន តែនាងចូលទៅក្នុងកុដិលោកតាមប្តីមិនបាន ដោយរបាំងនៃមន្តអាគមគ ខ្លាំង ប៉ុន្តែនាងចេះតែក្រវែលរកមធ្យោបាយគ្រប់បែបយ៉ាងដើម្បីចូល តាមប្តី។ នៅក្បែរកុដិព្រះថេរៈអង្គនោះ មានដើមចេកជ្វាមួយដើមដែល មានធាងទោរចូលនៅត្រង់បង្អួចកុដិ។

ទោះបីមន្តអាគមរបស់លោកសង្ឃខ្លាំងពូកែយ៉ាងណាក៏ដោយ ក៏មិន អាចទប់ទល់នឹងដើមចេកជ្វានេះបានឡើយ។ លោកព័ទ្ធសីមាបានតែត្រង់ កន្លែងណាដែលធាងចេកជ្វាមិនបានទៅប៉ះនឹងសំយ៉ាបកុដិប៉ុណ្ណោះ ចំពោះមួយភាគតូចនៃកុដិរបស់លោកដែលធាងចេកជ្វាទៅប៉ះហើយនោះ ជាឱកាសដ៏ប្រសើរដល់នាងបិសាចនេះហើយ។

នាងបិសាចក៏ឡើងតាមដើមចេកជ្វា ហើយសួតាមធាងចេកនោះឆ្លង ចូលទៅក្នុងកុដិរបស់លោកសង្ឃកាច់កប្តីរបស់ខ្លួនសម្លាប់យ៉ាងព្រៃផ្សៃ ក្នុងពេលនោះទៅ។

ព្រោះហេតុមានរឿងនិទានមកដូច្នេះហើយ ទើបចាស់បុរាណខ្មែរយើង និយមជំនឿនេះ ហាមប្រាមកូនចៅមិនឱ្យដាំដើមចេកជ្វានៅជាប់នឹងសំ យ៉ាបផ្ទះ ព្រោះគេថាវាដាក់ខ្លួន។ ឯដើមបាយម៉ាត ក៏បានជាឱសថសម្រាប់ ការពារមនុស្សមួយមុខយ៉ាងពូកែចំពោះខ្មោចព្រាយបិសាច និងអាបធ្មប់ ជាប់រហូតមកដល់សព្វថ្ងៃនេះ។ ចប់


0 Comments:

Post a Comment