រឿង រាជវង្សព្រះថោងនាងនាគ
ក្រោយព្រះថោង រឺព្រះបាទសំដេចកុម៉ែរាជ បានចូលទីវង្គត ព្រះវិរោរាជ បុត្រច្បងត្រូវបានឡើងសោយរាជសម្បត្ដិបន្ដ
នៅថ្ងៃទី១៣កើត ខែផល្គុន ឆ្នាំរកា ព.ស ៣៥៣ ត្រូវជាឆ្នាំ ១៩១ មុន គ.ស។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទីពីរ បន្ទាប់
ពីព្រះថោង។ កាលនោះព្រះវិរោរាជ បានព្រះជន្ម៣៨វស្សា។ អ្នកម្នាងទេស កូនស្រីរបស់មហាអាមាត្យត្រូវបានព្រះអង្គ
តែងតាំងជាព្រះអគ្គមហេសី ដោយមានព្រះនាមមន្ទោទេវីសោភាលក្ខណាមហាក្សត្រី។ ក្នុងឆ្នាំខាល ព.ស ៣៧០ព្រះ
នាងប្រសូតបានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាម ព្រះអុទ័យ។ សោយរាជសម្បត្ដិបាន៥០ឆ្នាំ, ព្រះវិរោរាជ ក៏បានចូលទីវង្គត នៅឆ្នាំខាលក្នុងព្រះជន្ម ៩១វស្សា។
ព្រះអុទ័យ
ថ្ងៃជាពេលាល្អ ត្រូវនិងថ្ងៃ៣កើត ខែចែត្រ ឆ្នាំថោះ ព.ស ៤០៥, ត្រូវជាឆ្នាំ១៣៧ មុនគ.ស ព្រះអុទ័យ បានទទួលព្រះរា
ជភិសេកសោយរាជសម្បត្ដិប្រទេសខ្មែរក្នុងថានៈជាព្រះមហាក្សត្រខ្មែរទី៣ បន្ដពីបិតា ព្រះវិរោរាជ។ ក្នុងព.ស៤៣៥ ឆ្នាំមមែ, ជាមួយនិងអ្នកម្នាងកេសរ, ព្រះអង្គបានបុត្រមួយព្រះអង្គព្រះនាមព្រះសុវណ្ណបទុម។ ជាមួយនិង
អ្នកម្នាងទារ ព្រះអង្គបានបុត្រីមួយព្រះអង្គទៀត ព្រះនាមសុវណ្ណមាលា។ សោយរាជបាន ៦០ឆ្នាំ ព្រះអុទ័យរាជា ក៏ចូល
ទីវង្គតទៅ នៅឆ្នាំខាល ក្នុងព្រះជន្ម៩៧វស្សា។
ព្រះសុវណ្ណបទុម
ថ្ងៃនក្ខត្ដរិក ត្រូវជាថ្ងៃ ១០កើត ខែបុស្ស ឆ្នាំខាលព.ស ៤៦៦, ត្រូវជាឆ្នាំ៧៨ មុនគ.ស, ព្រះសុវណ្ណបទុម ត្រូវអភិសេក
ឡើងសោយរាជសម្បត្ដិបន្ដអំពីបិតាព្រះបាទអុទ័យ។ ព្រះអង្គជាព្រះមហាក្សត្រខ្មែរទី៤។ កាលនោះ, ព្រះបរមរាជវាំង
ស្ថិតនៅមហានគរធំដដែល។
ព្រឹត្ដិការណ៍សំខាន់នៅក្នុងរាជព្រះអង្គ គឺ វិបត្ដិដែលបង្កបង្កើតដោយប្អូនស្រីព្រះអង្គ ព្រះអង្គម្ចាស់ក្សត្រីសុវណ្ណមាលា។
ថ្ងៃមួយ, ព្រះអង្គម្ចាស់សុវណ្ណមាលា ដែលទើបតែបានអាយុ១៥ ឆ្នាំ, បានសុំព្រះមហាក្សត្រទៅដើរលេងកំសាន្ដតាមឆ្នេ
រសមុទ្រ។ ដំនើរកំសាន្ដតាមទូក បានទៅដល់បឹងណងស្នោ នៅទីនោះម្ចាស់ក្សត្រីសុវណ្ណមាលា បានអោយអស់ពល
សេនាបរិវារឈប់សំរាក បោះជំរំតាំងពន្លាជ័យ។ គ្រានោះ, បុរសម្នាក់ ដែលរកស៊ីដាក់ធ្នស់ចាប់ត្រី ដោយបានដឹងថា ប្អូន
ស្រីស្ដេចមកដល់ស្រុកភូមិស្ថានរបស់ខ្លួន បាននាំគ្នីគ្នាអ្នកស្រុកភូមិចូលមកគាល់ យកដង្វាយសួយសារអាករមកថ្វាយ
តាមទំនៀម។ បុរសនោះជាកូនប្រុសម្នាក់ ដែលទើបតែបានអាយុ ១៦ឆ្នាំ។
គ្រាន់តែបានយល់ឃើញរូបរាងយ៉ាងស្រស់ស្អាតឆើតឆាយសង្ហារបស់កំលោះនោះភ្លាម ម្ចាស់ក្សត្រីសុវណ្ណមាលា ក៏
កើតមានចិត្ដរំភើប កំរើកជំជើបរំជួលញាប់ញ័រក្នុងដួងចិត្ដដួងអារម្មណ៍ចាប់ចិត្ដប្រតិព័ទ្ធស្នេហា, ចង់បានមកធ្វើជាគូគា
ប់កៀកកើយអិតបង្អង់ការ។ ដើម្បីអោយបានឆាប់ប្រញាប់ទាន់ចិត្ដ ព្រះនាងបានស្នើទៅបុរសជាអូវពុកថា និងយកកូន
ប្រុសគាត់ទៅថ្វាយអោយធ្វើការបំរើព្រះមហាក្សត្រ។ ដូច្នេះ, កូនគាត់មុខជាបានបុណ្យសក្ដិ កិត្ដិយសនិងគេជាមិនខាន
ព្រលប់ទោរទន់រាត្រីឈានជើងចូលមកដល់កាលណា ព្រះនាងក៏ប្រើស្រីស្នំមីនុំមីនាង ទៅកោះហៅអ្នកកំលោះស្រស់
ស្អាតនោះមករួមរ័ក្សមេត្រី ដោយមហាសែនសុខជាមួយគ្នាទៅ។
ព្រោះតែសុភមង្គល, ព្រោះតែសេចក្ដីសុខ, ព្រោះតែកាមតំរេក ភ្លើងតណ្ហា, ព្រះនាងសុវណ្ណមាលា ភ្លេចអស់ឋានៈខ្លួន
ជាប្អូនស្ដេចផែនដី។ ព្រះនាងក៏លែងមានចិត្ដចង់វិលត្រលប់ទៅព្រះនគរវិញដែរ។ ព្រះនាងក៏បែកគំនិតបោកបញ្ឆោត
ប្រើអស់នាម៉ឺនមុខមន្ដ្រីពលសេនា អោយសាងសង់តំនាក់មួយសំរាប់ព្រះនាង។ អស់រយៈពេលយូរថ្ងៃខែកន្លងមក, ដោ
យយល់ឃើញថា ព្រះនាងមិនអាចបិទបាំងលាក់រឿងស្នេហ៍អាថិកំបាំងនេះតទៅទៀតបាន ព្រះនាងសុវណ្ណមាលាក៏កោះ
ប្រជុំគ្រប់អស់នាម៉ឺនមុខមន្រ្ដី ដែលបានដង្ហែព្រះនាង ដើម្បីរៀបរាប់អស់បញ្ហាតាមដំនើរដើមទង។
ក្នុងគ្រាជាមួយគ្នានោះដែរ ម្ចាស់ក្សត្រីសុវណ្ណមាលា បានប្រទានងារ ស្ដេចប្រទេសរាជ ដល់គូកំនាន់របស់ខ្លួន។ ដោយ
ភ័យខ្លាចព្រះសុវណ្ណបទុមជាបងខឹងសំបារ ចាប់ទោសអូសដំនើរលើកទ័ពមកចាប់ចង ព្រះនាងក៏ចាត់អោយគេកេណ្ឌ
ពលទាហានសេនា រៀបចំធ្វើបន្ទាយចាំការពារយ៉ាងល្អិតល្អន់។ នៅចំពោះមុខព្រឹត្ដិការណ៍នេះ នាម៉ឺនមុខមន្ដ្រីទាំងអស់
បានពន្យល់ អង្វរសុំព្រះនាងកុំអោយប្រព្រឹត្ដធ្វើដូច្នេះ។ តែ, ព្រះនាង និង គូស្នេហាមិនបានស្ដាប់ទៅតាមពាក្យទូន្មាននែ
នាំទាំងនោះទេ។
ដោយសារហេតុការណ៍បានវិវត្ដទៅដូច្នេះ នាម៉ឺនទាំងនោះបាននាំគ្នាតាក់តែងធ្វើចុតហ្មាយផ្ញើទៅថ្វាយព្រះរាជា, អធិ
ប្បាយហូរហែទៅតាមហេតុការណ៍ ដែលកើតមានជាក់ស្ដែង។ គ្រាន់តែបានទទួលដំនឹង ព្រះមហាក្សត្រទ្រង់ខឹងខ្ញាល់
ខ្លាំងណាស់ ព្រះអង្គបញ្ជាអោយនាម៉ឺន និង មេទ័ពរៀបចំពលសេនា លើកទ័ពចេញទៅចាប់ប្អូនស្រី និង សហាយយក
មកកាត់ទោសដាក់ទណ្ឌកម្មទៅតាមច្បាប់ប្រពៃនី។
ម្ចាស់ក្សត្រីសុវណ្ណមាលា បានលឺសូរដំនឹងដូច្នោះមានការតក់ស្លុតភ័យកត្តមា។ ព្រះនាងបានពិគ្រោះគិតគូរថា គួរណាស់
ត្រូវតែនាំគ្នាទៅសុំទោសមហាក្សត្រជាបងទើបបានសមល្អប្រសើរជាង។ គិតដូច្នេះហើយ ព្រះនាងសុវណ្ណមាលា និង
សង្សារ ក៏ធ្វើចុតហ្មាយមួយច្បាប់ដោយមានទាំងសួយសារអាករផង,ទៅថ្វាយព្រះមហាក្សត្រ។ ព្រះសុវណ្ណបទុមទន់ចិត្ដ
ទន់ថ្លើម នឹកគិតអាណិតអាសូរដល់ប្អូន ក៏ប្រោសប្រណីលើកលែងទោសទៅ។ ព្រះអង្គទ្រង់ឈ្វេងយល់ថា នេះជាកម្ម
ពៀរវេរាពីព្រេងនាយ ហើយម្យ៉ាងទៀត អ្នកទាំងពីរជាគូនិងគ្នាពីអតីត ព្រះអង្គបានតែងតាំងស្ដេចប្រទេសរាជជាស្ដេច
ក្រាញ់នៅ ស្រុកណងស្នោ ក្នុងមួយឆ្នាំម្ដងស្ដេចប្រទេសរាជត្រូវនាំសួយសារអាករមកថ្វាយព្រះមហាក្សត្រ។
ព្រះបាទសុវណ្ណបទុម សោយរាជសម្បត្ដិបាន ៥៨ឆ្នាំ ព្រះអង្គគ្មានព្រះរាជបុត្រសំរាប់សោយរាជសម្បត្ដិបន្ដពីអង្គទេ។
ព្រះអង្គបានចូលទីវង្គត នៅឆ្នាំកុរ ក្នុងព្រះជន្ម៨៩វស្សា ដោយជំងឺចាស់ជរា។
0 Comments:
Post a Comment