រឿង ខ្មោចក្រមុំចងអាឃាត
កាលពីសម័យដើម មានភូមិដាច់ស្រយាលមួយ ត្រូវបានគេជឿជាក់ថាជាភូមិមានមហិទ្ធិឫទ្ធិនោះ ស្ថិតនៅត្រង់គុម្ពចេកមួយគុម្ពធំ ដែលជាកន្លែងរបស់វិញ្ញាណក្រមុំវ័យស្នេហ៍នេះឯង ។ កាលពីជំនាន់នោះ ក្នុងមួយឆ្នាំ ឫទ្ធិនោះនឹងសម្ដែងឲ្យឃើញម្ដង និងបើមិនផ្ដាច់ជីវិតបុរសទេ ក៏បន្លាចឲ្យបះរោមលេងដែរ ។ រហូតមកដល់សព្វថ្ងៃនេះ ទោះបីជាគុម្ពចេកមិនសូវសំដែងឫទ្ធិឲ្យឃើញញឹកក៏ដោយ ប៉ុន្តែអ្នកដែលរស់នៅម្ដុំនោះនៅតែគោរពកោតក្រែងដដែល ។ គេនៅតែធ្វើការសែនព្រេន និងរក្សាគុម្ពចេកនោះទុក មិនហ៊ានកាប់ឬធ្វើឲ្យមានការប៉ះពាល់ឡើយ ។ វិញ្ញាណក្រមុំវ័យស្នេហ៍នៅគុម្ពចេកនោះ មានរឿងនិយាយគ្នាជាបន្តបន្ទាប់ៗមកថា ៖
នៅត្រង់នោះ គឺជាកន្លែណាត់ជួបរបស់កម្លោះក្រមុំមួយគូ ។ បុរសឈ្មោះនាយ អាសុម៉ាណ និងក្រមុំនោះឈ្មោះនាងហ្វាទីមាក់ ។ នាងហ្វាទីមាក់ ស្អាតផុតស្រីៗក្នុងភូមិ ។ មានកូនអ្នកមានៗ ឬកូនប្រធានភូមិ មេក្រុមជាច្រើនស្រលាញ់នាង ប៉ុន្តែនាងហ្វាទីមាក់ គ្មានចិត្តស្រលាញ់វិញទាល់តែសោះ នាងបែរជាចាប់អារម្មណ៍ទៅកម្លោះត្រាច់ចរម្នាក់ ដែលមកស៊ីឈ្នួលធ្វើស្រែឲ្យម្ចាស់ស្រែនៅជិតខាងនាងទៅវិញ ។ កម្លោះនោះ ឈ្មោះនាយ អសុម៉ាណ ។
គេមានទីលំនៅឬញាតិមិត្តឪពុកម្ដាយ នៅទីណាក៏មិនដឹងដែរ ។ ដឹងត្រឹមតែថា គេជាកម្លោះដែលឧស្សាហ៍ព្យាយាម ធ្វើការងារគ្រប់បែបយ៉ាង ។ គេមានរូបរាងសង្ហា និងមានរាងកាយមាំមួន ព្រមទាំងចេះស្គាល់ខ្ពស់ស្គាល់ទាបទៀតផង ។ នាងហ្វាទីមាក់ ក៏បានទៅពិធីបុណ្យនោះ ជាមួយឪពុកម្ដាយរបស់នាងដែរ ។ អាចមកពីបុព្វេសន្និវាស ដែលធ្វើឲ្យនាងហ្វាទីមាក់ ចាប់អារម្មណ៍លើនាយអសុម៉ាណដែលជាកូនឈ្នួលគ្មានពេលទំនេរ ឬមានពេលខ្លះត្រូវនាយអសុម៉ាណមិនបានសម្ដែងអាការ:ខឹង ឬមានប្រតិកម្មណាមួយប្រឆាំងតបតទៅម្ចាស់វិញដែរ ។ នាយនៅតែញញឹមទទួលពាក្យជេរស្ដីពីម្ចាស់ឬសុំទោសម្ចាស់ថែមទៀត ទោះជាខ្លួនខុសក៏ដោយមិនខុសក៏ដោយ ។
រឹតតែជាទីពេញចិត្តដល់នាង ហ្វាទីមាក់ បំផុតនោះ គឺនៅពេលពិធីបុណ្យនោះឯង មានក្របីឡើងកមួយក្បាលបោលចូលមកចំពីមុខផ្ទះ បានបំភិតបំភ័យភ្ញៀវដែលមកចូលរូមក្នុងពិធីបុណ្យនោះឲ្យស្លន់ស្លោរគ្រប់ៗគ្នា ។ សូម្បីតែកម្លោះៗជាច្រើននាក់ដែលកំពុងឈរជជែកចែចង់នាងហ្វាទីមាក់ ក៏នាំគ្នារត់អស់ដែរ នៅពេលដែលឃើញក្របីឡើងក បោលស្លេវចូលមក ។ នាងហ្វាទីមាក់ ភ័យស្លន់ស្លោរ មុខស្លេកស្លាំងឈររឹងខ្លួនឈានជើងរត់មិនរួចចេញ នៅពេលដែលក្របីនោះ កំពុងបោលសំដៅចូលមកយ៉ាងសាហាវ ។ មួយពព្រិចភ្នែកប៉ុណ្ណោះ នាយ អសុម៉ាណ ក៏រត់ចូលទៅព្រមជាមួយនឹងដំបងមួយផងបានឈរស្កាត់ក្របីឆ្កួតនោះ មុននឹងវាមកដល់ខ្លួននាងហ្វាទីមាក់ ។
នៅសល់តែពីរបីជំហានទៀតប៉ុណ្ណោះ ក្របីនឹងមកដល់នាងហ្វាទីមាក់ តែត្រូវនាយអសុម៉ាណមកទាន់ ក៏វាក់មួយដំបងកដៃនោះត្រូវចំក្របីរហូតដល់ដំបងនោះបាក់ផង ! ក្របីសាហាវនោះស្រែកលាន់ដូចជាត្រូវគេយកកាំបិតមកចាក់ក ។ វាដកថយទៅ វិញភ្លាមដែរ ។ ចំណែកនាយអសុម៉ាណ វិញខ្ទាតដោយសារកំលាំងរបស់ក្របីវ័ធប៉ះដំបង ។ ភ្លាមនោះ ម្ចាស់ផ្ទះក៏កេណ្ឌមនុស្សឲ្យមកទប់នឹងក្របីសាហាវនោះដោយប្រើកាំភ្លើងបាញ់សម្លាប់វានៅនឹងកន្លែង ។
ឪពុកម្ដាយរបស់នាង ហ្វាទីមាក់ប្រញាប់រត់ចូលមកជួយកូនស្រីដឯលត្រូវខ្យល់គដួលជ្រប់នៅទីនោះ ចំណែកនាយអសុម៉ាណ ក៏ត្រូវថ្លោះដៃម្ខាងគេនៅអាចក្រោកឡើងបាន ប៉ុន្តែត្រូវព្យាបាលដៃម្ខាងនោះអស់ច្រើនថ្ងៃ ។ នោះគឺជាចំណុចចាប់ផ្ដើមដែលធ្វើឲ្យនាង ហ្វាទីមាក់ មានអារម្មណ៍នឹកដល់បុណ្យដែលនាយបានជួយជីវិតនាង ។ ជាការពិតណាស់ ប្រសិនបើនាយអសុម៉ាណ មិនប្រថុយស្លាប់ចូលទៅស្កាត់ក្របីឆ្កួតនោះទេពិតជាជីវិតរបស់នាងហ្វាទីមាក់ ត្រូវបញ្ចប់នៅពេលនោះដែរ ។ ការមកសួរសុខទុក្ខនៅពេលដែលនាយអសុម៉ាណត្រូវព្យាបាលដៃថ្លោះ និងការជួបគ្នាជាញឹកញាប់ ក្រោយពីដៃជាហើយនោះ បានធ្វើឲ្យនាងហ្វាទីមាក់ ព្រមទទួលស្គាល់ខ្លួនឯងថា នាងបានសាងស្នេហ៍លើនាយអសុម៉ាណហើយ ព្រោះតែភាពជាកូនប្រុសពេញតួរបស់គេ ។
ចំណែកនាយ អសុម៉ាណវិញ នៅតែមិនទាន់ហ៊ានសម្ដែងចេញមកថា បេះដូងរបស់នាយក៏ពេញចិត្តនាង ហ្វាទីមាក់ សម្បើមនោះដែរ ដោយសារតែនាយគិតថាខ្លួននាយក៏មានឋាន:តូចទាបពេក ។ តែភាពស្និទ្ធស្នាលគ្នាញឹកញាប់ ជាមួយនឹងពេលវេលាដែលកន្លងទៅបានធ្វើឲ្យអ្នកទាំងពីរ មិនអាចនឹងលាក់ទុកនូវអារម្មណ៍ដែលកប់ជ្រៅ នៅក្នុងបេះដូងបានទៀត ។ ទីបំផុតគេ ក៏សារភាពដល់គ្នានឹងគ្នានៅ យប់មួយដែលគេបានណាត់ជួបគ្នា នៅក្រោមដើមឈើក្បែរមាត់ផ្លូវ ។
សេចក្ដីស្នេហាធំធេងរបស់កម្លោះក្រមុំទាំងពីរនាក់ បានធ្វើឲ្យគេណាត់ជួបគ្នាជាញឹកញាប់ ដើម្បីសម្ដែងនូវសេចក្ដីស្នេហាចំពោះគ្នា ។ មិនយូរប៉ុន្មានអាថ៌កំបាំងស្នេហារបស់ពួកគេ ក៏លេចឮទៅដល់ឪពុកម្ដាយរបស់នាង ហ្វាទីមាក់ សេចក្ដីស្រលាញ់ ធ្វើឲ្យឪពុកម្ដាយរបស់នាងហ្វាទីមាក់ បោះពាក្យសម្ដីយ៉ាងដាច់ខាត ដល់ម្ចាស់របស់នាយអសុម៉ាណសុំឲ្យដេញក្បលកូនឈ្នួលកម្លោះនោះចោលទៅ បើមិនដូច្នេះទេនឹងកើតមានរឿងកាប់ចាក់គ្នានោះដែរ ឪពុកម្ដាយរបស់នាង ហ្វាទីមាក់ ក៏បង្ឃាំងកូនស្រីទុក មិនព្រមឲ្យចេញពីផ្ទះជាដាច់ខាត ។
ភាគីខាងម្ចាស់របស់នាយអសុម៉ាណវិញគិតថា ខ្លួននាយក៏ជាមនុស្សម្នាក់ដែររឿងអីដែលត្រូវឲ្យឪពុកម្ដាយរបស់នាងហ្វាទីមាក់បញ្ជាស្រេចតែនឹងចិត្តនោះ ។ ម៉្យាងទៀតនាយកំពុងតែពេញចិត្តពេញថ្លើមនឹងការងាររបស់ខ្លួនផង ដូច្នេះខ្លួនបានសម្រេចចិត្តមិនព្រមដេញនាយ អសុម៉ាណចោលឡើយ ចំណែកនាយអសុម៉ាណ បានព្រាត់ប្រាស់ពីរសជាតិស្នេហ៍ ដ៏ផ្អែមល្ហែម ពីក្រមុំហ្វាទីមាក់ដែលជាទេពធីតាដួងចិត្តកំពូលស្នេហ៍គួរឲ្យអាសូរ ។ ពេលព្រលប់ម្ដងៗ គេតែងទៅរង់ចាំស្រីស្នេហ៍នៅក្រោមដើមឈើធំក្បែរមាត់ផ្លូវនោះជានិច្ច ។ គេព្យាយាមរង់ចាំនាងរាល់យប់មិនដែលខាន ។
ប៉ុន្តែនាយត្រូវខកបំណងរហូត ព្រោះស្រីស្នេហ៍ត្រូវបានបង្ឃាំងទុក គ្មានថ្ងៃលើកលែងឡើយ ។យប់មួយ នៅពេលដែលនាយ អសុម៉ាណកំពុងតែអង្អុយ បណ្ដែតអារម្មណ៍គិតដល់ក្រមុំហ្វាទីមាក់ឯងនោះស្រាប់តែនាយភ្ញាក់ផ្អើលយ៉ាងចម្លែក នៅពេលដែលសុខៗស្រាប់តែឃើញគូស្នេហ៍ កំពូលដួងចិត្តលេចមុខមកព្រមទាំងត្បុលខ្លួនចូលមកក្នុងរង្វង់ដៃរបស់គេ ។ នាងបរិយាយប្រាប់់គូស្នេហ៍កំសត់ថា រូបនាងត្រូវឪពុកម្ដាយបង្ឃាំងមិនឲ្យចេញទៅណាឡើយ ។
ថ្ងៃនេះនាងគេចចេញពីកន្លែងឃុំឃាំងបានដោយសារតោងបង្អួចលោតចុះពីលើផ្ទះ ។ប្រសិនបើមិនបានជួបបងនៅទីនេះទេ អូននឹងរង់ចាំមិនព្រមត្រលប់ទៅផ្ទះវិញជាដាច់ខាត ! (នាងបញ្ចាក់ការពិតចំពោះស្នេហា) ។
នៅពេលដែលពួកគេទាំងពីរនាក់កំពុងតែផ្ដោះផ្ដងសេចក្ដីស្នេហាដល់គ្នានៅទីនោះ ស្រាប់តែឪពុករបស់នាងហ្វាទីមាក់ជាមួយនឹងកូនស្រី និងកូនប្រុសពីរបីនាក់ទៀតបានតាមមកឃើញ ។ ហេតុការណ៍ដ៏ធ្ងន់ធ្ងរគិតស្មានមិនដល់ក៏កើតឡើងនៅពេលនោះដែរ ។ ឪពុករបស់នាង ហ្វាទីមាក់ កន្ទ្រាក់កូនស្រីចេញពីរង្វង់ដៃរបស់នាយអសុម៉ាណ រួចហើយក៏បង្កាប់ឲ្យកូនប្អូនចោមរោមកាប់ចាប់អសុម៉ាណស្លាប់នៅចំពោះមុខភ្លាមមួយរំពេច ។ នាងហ្វាទីមាក់ត្រដរត្រដួសស្រែកទ្រហ៊ោយំ ស្រវាចូលទៅឱបសពនាយអសុម៉ាណសង្សារ ។ ដ៏សែនស្រលាញ់ស្មើជីវិត ។ នាងយំទួញសោកសង្រេងស្ទើរដាច់ខ្យល់ស្លាប់ ។ ឪពុករបស់នាងព្យាយាមទាញកន្ទ្រាក់នាង អូសត្រលប់ទៅផ្ទះវិញតែនាងមិនព្រម ។ នាងនៅឱបសពសង្សារបណ្ដូលចិត្តយ៉ាងណែនមិនព្រមលែងសោះ ។
រហូតឪពុករបស់នាងខឹងខ្លាំងពេក ក៏វាយទាត់ធាក់នាង រួចកន្ទ្រាក់អូសយ៉ាងពេញទំហឹង ។ នាងហ្វាទីមាក់ដល់កខ្លាំងពេកដល់ថ្នាក់ភ្លេចខ្លួន…នាងក្រោកឈរឡើងតស៊ូជាមួយឪពុកខ្លួនឯង ព្រមទាំងជេរចងគំនុំជាមួយនឹងពួកប្អូនៗ ដែលជឿតាមឪពុកព្រួតដៃគ្នាសំរាប់សង្សាររបស់នាងនៅចំពោះមុខ ។
មិនតែប៉ុណ្ណោះ នាងបានផ្ដន្ទាទោសឪពុករបស់នាងថា ជាបុរសចិត្តអាក្រក់បំផុត ។ និយាយតែប៉ុណ្នឹង នាងហ្វាទីមាក់ក៏គ្រលាស់រួចពីដៃឪពុកស្ទុះទៅកន្ទ្រាក់កាំបិតចុងស្រួចពីដៃប្អូនប្រុសម្នាក់ រួចបោះពួយសម្ដៅរកសពរបស់នាយអសុម៉ាណទាំងបុកចុងកាំបិតចូលក្នុងករបស់ខ្លួនលិចបាត់ដល់ដង ។
នាងប្រកាច់ឱបសពរបស់នាយអសុម៉ាណ ហើយដាច់ខ្យល់ស្លាប់តាមកំពូលស្នេហ៍ភ្លាមមួយរំពេច ។ ព្រោះតែខ្លាចមានរឿង ឪពុករបស់នាងហ្វាទីមាក់បញ្ជាឲ្យកូនៗ ចាត់ការជីករណ្ដៅកប់សពនាយ អសុម៉ាណ និងកូនស្រីរបស់ខ្លួននៅពេលនោះតែម្ដង ព្រមទាំងបញ្ជាឲ្យលាក់ដំណឹងនេះឲ្យស្ងាត់ បើមានអ្នកណាសួរដល់រឿងនាងហ្វាទីមាក់ ឲ្យប្រាប់ថារត់តាមនាយអសុម៉ាណបាត់ហើយ ។
ក្រោយពីនោះមក ការរីកចម្រើនរបស់ប្រទេសជាតិ បានប្រែក្លាយតំបន់នោះបន្តិចម្ដងៗ ។ ទីកន្លែងដែលវិញ្ញាណចងអាឃាតរបស់នាយអសុម៉ាណ និងនាងហ្វាទីមាក់ ក៏ត្រូវបានគេលក់ពីម្ចាស់មួយ ទៅម្ចាស់មួយទៀត ។ ដើមឈើធំនៅក្បែរនោះ ក៏ត្រូវគេកាប់រំលំយកទៅសង់ផ្ទះសំបែងអស់ ។
យប់មួយស្រីម្ចាស់ផ្ទះដែលរស់នៅលើភូមិនោះ បានយល់សប្តិ៍ថា: «បើអ្នកកាប់ដើមឈើនេះទៅហើយសូមអ្នកដាំដើមចេកជំនួសគល់ឈើនោះមួយគុម្ពវិញផង ! ហើយអ្នកត្រូវការពារត្រង់នោះ កុំ ឲ្យអ្នកណាចូលទៅរំខានជាដាច់ខាត ។ កុំឲ្យកាប់ដើមចេកនោះចោល ! តែបើវាមានផលអាចកាច់យកទៅតាមសេចក្ដីតែប៉ុណ្ណោះ ។ យើងត្រូវការរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខ និងសុំកុំអ្នកណាមក ប្រឆាំងឬរំខានយើងទៀត !» ។
ស្ត្រីដែលសុបិននោះមានការភិតភ័យណាស់ ក៏ចាត់ចែងដាំដើមចេកឡើងតាមការសុបិន ។ អ្នកដែលរស់នៅនឹងភូមិនោះ មានការរើកចម្រើនរុងរឿង និងមានសេចក្ដីសុខរហូត ។ គ្រួសារដែលរស់នៅទីនោះ សព្វថ្ងៃគេជឿជាក់ណាស់ គេនាំគ្នាខំរក្សាគុម្ពចេកនោះ មិនឲ្យអ្នកណាទៅរំខានឡើយ ។
«ថ្ងៃល្អខែល្អ គេនឹងបង្ហាញខ្លួនឲ្យឃើញជានិច្ច» ម្ចាស់ភូមិនៅទីនោះប្រាប់ ។ សព្វថ្ងៃនេះ ប្រសិនបើមានអ្នកណាមិនជឿ ចង់ទៅសាកល្បងកាប់ដើមចេកនោះចោលពិតជាឫទ្ធិអំណាច នឹងប្រហារឲ្យក្ស័យជីវិតភ្លាម ។ កន្លងមកមានអ្នកស្លាប់ដោយសារមិនព្រមជឿជាច្រើននាកមកហើយ ព្រោះ គេទៅរំខានដោយកាប់ដើមចេកនោះចោល ៕
0 Comments:
Post a Comment