Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿងមហាចោរនៅទល់ដែនវគ្គទី៥៖បណ្ដាំបង

 រឿង​​  មហាចោរនៅទល់ដែនវគ្គទី៥៖បណ្ដាំបង

មានន្ទបំផាយសេះយ៉ាងលឿនកន្ដាលទីងងឹតឆ្ពោះទៅកាន់គេហដ្ឋានព្រះកម្ពុត។ ទុក្ខដែលកើតអំពីមរណភាពវិសេសក្លាហាននៅញាំញីចិត្ដអ្នកពុំចេះចប់ពុំចេះហើយ។ 

មរណភាពតែមួយនេះ ធ្វើឲ្យអ្នកអាណិតអាសូរដល់បិតាក្មេកដែលចាកស្ថានទៅផង ឲ្យអ្នកអាណិតដល់នាងទេវីជាភរិយាសំនប់ដែលរស់នៅនោះផង។


ទុក្ខទាំងពីរប្រភេទសឹងមានទម្ងន់ស្មើគ្នា។

អ្នកអាណិតវិសេសក្លាហានដោយបុគ្គលនេះស្លាប់ទៅមានទឹកមុខញញឹមស្រស់ប៉ប្រិម ដូចភក្រ្ដព្រះពុទ្ធដែលចូលព្រះនិព្វាន។ 

អ្នកអាណិតនាងទេវីដោយស្រីឆើតឆាយបានបង្ហូរទឹកភ្នែកសស្រាក់ ទឹកភ្នែកនេះហាក់នៅសើមៗក្នុងដួងវិញ្ញាណរបស់អ្នក។ សេះបោលសម្រុកទៅមុខយ៉ាងលឿន កាត់ព្រៃ និង វាល ដូចព្រួញព្រហ្មរបស់ព្រះនរាយណ៍។

 គេឮសូរស្លឹកឈើ និង មែកឈើដែលបាក់ប្រាវៗ។ មិនយូរប៉ុន្មានមានន្ទមើលឃើញកំពែងអាសនបិតាខ្លួន។ អ្នកបោះពួយតម្រង់ទៅមាត់ទ្វារ។ 


2-

អ្នកយាមធ្វើសញ្ញាគោរពយ៉ាងស្វាហាប់។ លុះអ្នកជិះសេះនេះទៅដល់បន្ទាយហើយ ក៏លោតចុះពីលើខ្នងសេះដោយរួសរាន់បន្ទាន់ចិត្ដ។

 សេនាម្នាក់ក៏ស្ទុះមកគោរពជាលើកទីពីរ។ មនន្ទស្គាល់ក្នុងទីងងឹតថាជាសេនារបស់ខ្លួន ក៏មានវាចាខ្សឹបៗថា៖

បងកោប បងឯងមានដឹងរឿងអ្វីប្លែកក្នុងផ្ទះខ្ញុំទេ ?

គឺមនុស្សម្នាក់រូបតូច ខ្នងខុបបាក់ជាពីរ ។ មនុស្សនេះឆ្លើយដោយនឹងនួនវិញថា៖

បាទទេ ! អត់មានរឿងអ្វីទេ ! តែមុននេះបន្ដិចមានឃើញទាហានម្នាក់ជិះសេះមកដល់ទីនេះ រួចចូលទៅក្នុងបន្ទប់ឪពុករបស់លោកគ្រូ ។ ខ្ញុំឃើញសេះ និង អ្នកជិះនោះបែកញើសដាបខ្លួន។ ប្រហែលជាមានការអ្វីប្លែកមកពីក្រៅហើយមើលទៅ។

ឪពុកខ្ញុំនៅទេ ?

នៅហ្នឹង!

ចុះបងកោប ឯងមានឮសូរមាត់គាត់និយាយអ្វីទេ ?

ទេ ! អត់ទេ !

តាំងពីល្ងាចមក គាត់សម្រាន្តហើយ រឺ នៅ?

នៅ ! ម៉េចក៏លោកគ្រូសួរដូច្នោះ ?

ការផ្ទាល់ខ្លួន !

ការអ្វី ?

មានន្ទទះស្មាកោបមួយផូង សើច ធ្វើដោយមេត្រីភាព៖


ចាំថ្ងៃក្រោយខ្ញុំនិយាយប្រាប់។ ឥឡូវយកសេះខ្ញុំទៅទុកចុះ។ នាយកោបមិនអស់ចិត្ដ ចាប់បង្ហៀរសេះបណ្ដើរ សួរបណ្ដើរទៀតថា៖

ការធំ រឺ ការតូច ? ការចិត្ដ រឺ ការនគរ ? ការសប្បាយ រឺ ការច្បាំង ?

ការចិត្ដ តែឥឡូវនេះខ្ញុំប្រញាប់ណាស់ ប្រញាប់ទៅជួប នឹង ឪពុករបស់ខ្ញុំ។

បានជាខ្ញុំចង់ដឹង ពីព្រោះខ្ញុំចេះតែញាក់ភ្នែកឆ្វេងព្រើតៗ...!

ឆ្គួត !

បើមានរឿងអ្វី សូមលោកគ្រូអាណិតប្រាប់ខ្ញុំឲ្យឆាប់ផងណ៎ា !..

យល់ព្រម



រឿងមហាចោរនៅទល់ដែនវគ្គទី៥៖បណ្ដាំបង

3-

មានន្ទក៏ស្ទុះឡើងកាំជន្ដើរទៅលើផ្ទះ។ នាយកោបក៏ដឹកសេះយកទៅទុក។

 មានន្ទដើរយ៉ាងមាំមួនចូលទៅក្នុបន្ទប់ព្រះកម្ពុត។ គឺជាបន្ទប់មួយធំ ជញ្ជាំងលាបពណ៌បៃតងខ្ចីស្រស់។

 នៅជញ្ជាំងនីមួយៗមានព្យួរផ្ទាំងគំនូរចាស់ៗ គូរដោយដៃសិប្បករយ៉ាងចំណាននៃសម័យព្រេងនាយនោះ។ 

នៅលើក្ដារ គឺកម្រាលល្អឆើតឆាយរំលេចដោយរូបភាពសត្វផ្សេងៗ និងរុក្ខាលតាវល្លិប្លែកៗដោយពណ៌ស លឿង ក្រហម បីដូចពណ៌ធម្មជាតិមែនៗ។

 ក្រៅពីនេះចក្ខុយើងចាប់ភ្លឹកស្ញប់ស្ញែងដល់តុ ទូ កែវកង ដែលរៀបចំយ៉ាងប្រពៃ។ 


វត្ថុទាំងអស់សុទ្ធសឹងតែលាងដុសខាត់ស្អាតរលោងរលើបស្ទើរឆ្លុះមុខបាន។ គ្រឿងលំអទាំងពួងមានកែវកងជាដើមសឹងធ្វើអំពីប្រាក់ និង មាសយ៉ាងរុងរឿង។ 

នៅខាងមុខបន្ទប់ដ៏ស្ដុកស្ដម្ភនេះ ព្រះកម្ពុតកំពុងធ្វើការ អង្គុយសរសេរនៅលើតុធំមួយ។ គឺជាមនុស្សម្នាក់ប្រមាណ ៥០ឆ្នាំ ភ្នែកលៀនសក់ស្កូវល្បាយអាចម៍ខ្លា ថ្ងាសខ្ពស់។ នៅពីក្រោយខ្នងស្ដេចសឹកនេះ គេសង្កេតឃើញអាវុធគ្រប់បែប គ្រប់យ៉ាងដែលព្យួរនៅជញ្ជាំង មានកាំបិតស្នៀត ដាវ ធ្នូ ព្រួញ ខែល ជាដើម។


មានន្ទដើរបោះជំហានវែងៗចូលទៅរកព្រះកម្ពុតជាបិតា។ ព្រះកម្ពុតឮសូរជើងមានន្ទស្គាល់ជាក់ថា ជាសូរជើងកូនរបស់ខ្លួន តែព្រះកម្ពុតធ្វើពុំឮ គិតតែសរសេរសំបុត្រតូចមួយដោយផ្ទៀងផ្ទាត់យ៉ាងហ្មត់ចត់។ មានន្ទមកដល់ លុតជង្គង់វន្ទាពីមុខព្រះកម្ពុតដោយគោរពមួយសន្ទុះក្រោយមក ព្រះកម្ពុតដាក់ស្លាបប៉ាកកាចុះ ទឹកមុខមាំមួនហូតខ្សៀមកញាត់ថ្នាំអុជជក់យ៉ាងព្រងើយ។ មានន្ទឃើញផ្សែងហុយទ្រលោមឡើងទៅលើ។

 រចនាបទសំលៀកបំពាក់ខ្មែរ

4-

អ្នកប្រុងស្មារតីនឹកក្នុងចិត្ដរកមើល តើគ្រោះថ្នាក់ដែលអ្នកទទួលនោះយ៉ាងណា? ព្រះកម្ពុតសម្លក់កន្ទុយភ្នែកមើលទៅមានន្ទ ខាំធ្មេញរួចនៅស្ងៀម។ 

មានន្ទរិតតែឆ្ងល់អស្ចារ្យក្នុងចិត្ដ អំពីអាកប្បកិរិយាដ៏ប្លែករបស់លោកឪពុកអ្នក។ 

អ្នកនឹកច្នៃថា ប្រហែលជាលោកដឹងរឿងរ៉ាវទាំងអស់របស់អ្នកជាមួយអាពាហ៍ពិពាហ៍នាកណ្ដាលរាត្រីស្ងាត់នេះ។ 

តំនក់ញើសហូរពាសពេញខ្លួនអ្នក តែយុវជនប្ដេជ្ញាក្នុងចិត្ដថា បើឪពុកអ្នកជំទាស់នឹងរឿងនេះ អ្នកនឹងហ៊ានចេញមុខជំទាស់វិញយ៉ាងដាច់ខាត។ 

នាទីដ៏តឹងតែងនេះ ក៏ចេះតែហូរទៅ មានន្ទក៏រឹតតែថប់ដង្ហើមឡើងៗបុរសគិតរិះរកចំនុចផ្សេងៗ ដើម្បីបានដឹងឆាប់អំំពីគោលបំនងនៃការកោះហៅខ្លួនអ្នកមកនេះ ។រចនាបទសំលៀកបំពាក់ខ្មែរ


 នឹងយករឿងនាងទេវីមកនិយាយដោះសាជម្រាបលោកតែម្ដងទៅជាការធ្វេសប្រហែសមួយយ៉ាងធំ។ នឹងរង់ចាំឲ្យឪពុកអ្នកបង្ហើបរឿងមុនឪពុកអ្នកពុំធ្វើសោះ។ មិនតែប៉ុណ្ណោះអាកប្បកិរិយារបស់ព្រះកម្ពុត បង្កើតបរិយាកាសកំហែងដល់មានន្ទយ៉ាងខ្លាំងក្រៃពេក។ មានន្ទលូកហោប៉ៅដើម្បីរកកូនកន្សែងមកជូតញើស ស្រាប់តែចុងម្រាមដៃអ្នកបះលើសំបុត្រដីកាកោះ។ រន្ទះនៃសេចក្ដីរីករាយមួយមកដាស់ចិត្តឲ្យចាកផុតអំពីរណ្ដៅចង្អៀតចង្អល់ ដែលអ្នកជួបប្រទះមកនេះ។ មានន្ទក៏ហុចសំបុត្រដីកានោះជូនព្រះកម្ពុតដោយគោរព។


ព្រះកម្ពុតយកសំបុត្រនោះបោះទៅលើតុ រួចសួរដោយសង្កត់សម្លេងយ៉ាងធ្ងន់ៗថា


៥

ឯងទើបមកពីណា ?

មានន្ទបុកពោះភឹបៗ នឹកថា អីយ៉ា ! រករឿងទេតើ ! ក៏ប៉ុន្ដែមុននឹងចេញសម្ដីតវ៉ា អ្នកនឹកឃើញថា ត្រូវតែឆ្លើយទៅតាមលំអានរឿង។


លោកឪពុកមានការអ្វី ហៅខ្ញុំទាំងយប់ ?

ព្រះកម្ពុត សម្លក់មានន្ទចុងភ្នែកជាថ្មី។


អញមិនមែនឪពុកឯងទេ ?

មានន្ទភ្ញាក់ដូចគេកន្រ្ដាក់នឹងពាក្យនេះ ។ អ្នកបើកភ្នែកធំ បបូរមាត់ឡើងស្វាយ ជង្គង់ឡើងញ័រស្ទើរឈរពុំកើត។ បុរសនឹកថា ម្ដងនេះមុខជាដាច់អស់និស្ស័យហើយ។ អ្នកប្រឹងញញឹម រួចឆ្លើយដោយចំអកថា


បើលោកឪពុកមិនជាឪពុកខ្ញុំ តើជាអ្វីទៅវិញ ?

ព្រះកម្ពុតក្រោកឡើងគំហកវិញថា


អញហៅឯងមកសួរឯង មិនមែនហៅឯងមកសួរអញទេ។ តោងឆ្លើយតាមពាក្យអញសួរ។ អញសួរឯងថា តើឯងទៅណាបាត់តាំងពីល្ងាចម្លេះ ?

មានន្ទសើច៖


ការផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំពុំអាចប្រាប់លោកឪពុកបានទេ។ ខ្ញុំមកនេះ គឺមកឋានៈជាទាហាន ពីព្រោះដីកាកោះហៅតាមកិច្ចការទាហាន។ បើសិនជាមានការផ្ទាល់ខ្លួន ប្រាកដជាពុំមានដីកាដូច្នេះទេ។ បើដូច្នេះខ្ញុំអាចឆ្លើយជម្រាបលោកឪពុកបាន តែអំពីកិច្ចការខាងទាហានប៉ុណ្ណោះ ដោយសូមទោសលោកឪពុក ខ្ញុំមិនឆ្លើយពីការផ្ទាល់ខ្លួនជាដាច់ខាត។

ព្រះកម្ពុតពេបមាត់ តែងក់ក្បាល។ ឃើញដូច្នោះ មានន្ទបានធូរក្នុងចិត្ដបន្ដិច។ ព្រះកម្ពុតបឺតខ្សៀបង្ហុយផ្សែង រួចដោយនិយាយបន្ទន់សម្លេងថា៖


ឯងបំពេញការផ្ទាល់ខ្លួនរបស់ឯងស្រេចហើយរឺនៅ?

មានន្ទនឹកថា បញ្ហានាងទេវីនៅតែចោទដដែលក្នុងពេលដែលអ្នកស្មានថាបានធូរបន្ដិចទៅហើយ។ បញ្ហានេះគ្រាន់តែផ្លាស់បែបចោទប៉ុណ្ណោះ ។ យុវជនឆ្លើយតបវិញថា៖


ការផ្ទាល់ខ្លួនពុំអាចមាននរណាបំពេញចប់នោះទេ ។ តែលោកឪពុកសូមជ្រាបថា ការផ្ទាល់ខ្លួនជាការតូចតាចដែលគេអាចទុកចោលមួយកន្លែងបាន។ ឯការដែលធំហើយសំខាន់នោះ គឺការនគរ។

ព្រះកម្ពុតដើរចុះដើរឡើងស្ដាប់មានន្ទអធិប្បាយ។ លុះអធិប្បាយចប់ លោកក៏ដើរទៅជិតតុ ទាញយកសំបុត្រមួយមកហុចឲ្យមានន្ទ ។ វីរបុរសភិតភ័យឡើងសាជាថ្មី ដោយពុំដឹងសេចក្ដីសំបុត្រនោះយ៉ាងណាសោះ។ អ្នកទទួលសំបុត្រ រួចបត់ដាក់ទៅក្នុងហោប៉ៅយ៉ាងស្រួល។ ឃើញដូច្នោះ ព្រះកម្ពុតបែរមកមើលមុខមានន្ទស្ទុះមកចាប់ស្មាបុត្រា រួចពោលវាចាឡើងញ័រៗថា៖


កូនឯងអាចមើលសំបុត្រនេះឥឡូវ។

មានន្ទហូតសំបុត្រមកពីហោប៉ៅវិញ សម្លឹងមើលមុខឪពុកដោយប្រឹងរិះរកមើលរឿងដែលឪពុកចង់ប្រាប់ខ្លួននោះ ត្បិតទាំងកាយវិការ ទាំងវាចាអ្នកលែងយល់អ្វីឡើយ។ មានន្ទដាក់ភ្នែកចុះទៅលើសំបុត្រ រួចនិយាយយ៉ាងរហ័សថា


លោកឪពុកឲ្យខ្ញុំទៅច្បាំងឥឡូវ ?

ព្រះកម្ពុតញញឹម៖


មិនមែនឪពុកឲ្យកូនទៅទេ គឺនគរ។

ខ្ញុំបាទសូមមួយអាទិត្យទៀតបានរឺទេ ?

ព្រះកម្ពុតបើកភ្នែកធំៗ តបវិញថា


ឯងមកនេះគឺមកក្នុងឋានៈ ជាទាហាន ទាហានគ្មានប្រកែកទេ!

ខ្ញុំសុំដល់ថ្ងៃស្អែក ពីព្រោះ ... !

គ្មានពីព្រោះទេ ។ តោងឯងដឹងឲ្យច្បាស់ថា សព្វថ្ងៃឪពុកស្រលាញ់កូនលើសលុបរកអ្វីប្រៀបស្មើគ្មាន។ ឪពុកមិនចង់ឲ្យកូនលំបាកវេទនាសោះ។ ឪពុកចង់ឲ្យតែកូនបានសប្បាយរាល់ពេលវេលា។ កូនឯងទាំងរូបកាយ ទាំងចរិយា ទាំងចិត្ដក្លាហាន បានធ្វើឲ្យឪពុកពេញចិត្ដជាទីបំផុត ក៏ប៉ុន្ដែនៅពេលនេះ ប្រទេសមានអាសន្នធំ។ ចំនួនមួយខែមកហើយ កងទ័ពភូមាវាយចូលលុកតាមអានាខេត្ដឈៀងម៉ៃ ឆ្ពោះមកក្រុងអយុធ្យា (រាជធានី) កងទ័ពយើងបានចេញតស៊ូយ៉ាងម៉ឺងម៉ាត់ តែចាញ់ដៃខ្មាំងជានិច្ច។ ឥឡូវព្រះរាជាព្រះចៅយើងបានបញ្ជាមកឲ្យកងទ័ពយើងទៅជាប្រញាប់ ដើម្បីជួយក្រុងអយុធ្យាពីភយន្ដរាយ។ សរុបសេចក្ដីនគរត្រូវការឈាមយើងហើយ។ ក្នុងការរិះរកមេដឹកនាំកងទ័ពយើងទៅនេះ ឪពុកបានរិះរកមើលគុណសម្បត្ដិរបស់មេទ័ពទាំងអស់ ឪពុកឃើញមានតែឯងមួយទេ ដែលអាចបំពេញការងារនេះបាន។ ហេតុនេះចូរកូនប្រមូលទ័ពទៅទាំងយប់នេះ។

មានន្ទដាក់ទឹកមុខ រួចវន្ទាព្រះកម្ពុតថយខ្លួនចេញមក។ ព្រះកម្ពុតស្រែកហៅមានន្ទថា៖


មានន្ទ ! មកនេះសិន ។ ហេតុម្ដេចក៏ឯងមានទឹកមុខស្ងួតម៉្លេះ ? ឯងមិនចង់ទៅទេឬអ្វី ? តោងប្រាប់មកឲ្យឆាប់។ អញទុកចិត្ដលើឯង... ។

ខ្ញុំមានប្រកែកអ្វី ។ ដូចលោកឪពុកជ្រាបស្រាប់ហើយ ខ្ញុំចូលចិត្ដចម្បាំងណាស់។ ក៏ប៉ុន្ដែក្នុងពេលនេះខ្ញុំព្រួយ ព្រួយព្រោះការដែលខ្ញុំបំរុងនឹងធ្វើនោះធំក្រៃពេក។

បើដូច្នោះទៅចុះ ។ ទៅឲ្យសុខសប្បាយ។

សូមលោកពុកនៅឲ្យបានសុខសប្បាយ។

មានន្ទដើរយ៉ាងលឿនចេញទៅក្រៅ។ ស្គរទ័ពក៏លាន់ឮរំពងឡើងក្នុងកណ្ដាលរាត្រី។ សូរស្គរទូងៗហាក់វាយទៅលើទងបេះដូងរបស់បុរសយើង។ មិនយូរប៉ុន្មាន ពលរេហ៍មកដល់ណែនណាន់តាន់តាប់ ប្រដាប់ដោយគ្រឿងព្រួញស្នា លំពែងដូចៗគ្នា។ គេឮសូរមាត់មានន្ទដែលបញ្ជាឲ្យប្រមូលគ្នាជាជួរ គេឮសូរមាត់នាយកោបដែលតឿនកូនទាហានឲ្យប្រញាប់ គេឮសូរសេះដែលកញ្ជ្រោលស្រែកយ៉ាងក្លៀវក្លា។ សកម្មភាពនេះគួរឲ្យព្រឺក្បាលក្រៃពេកក្នុងក្ដីងងឹត គឺសញ្ញានៃស្រុកមានអាសន្ន។ មានន្ទចាត់ការយ៉ាងជ្រះស្រលះល្អណាស់។ ពលរេហ៍ឈរតំរៀបត្រៀបត្រាជាជួរ ក្រាស់មីរដេរដាស ឃើញតែចុងខែល និងលំពែងចំរុះច្រោងច្រាង។ ខាងទ័ពសេះ ក៏ត្រៀមស្រេចតាមសណ្ដាប់ធ្នាប់។ មានន្ទដើររាប់កងទាហានបែកញើសរហាម។ ក្នុងពេលនោះរដ្ឋបុរសក្រឡេកឃើញឪពុកអ្នកដែលឈរនៅមុខទ្វារ ទឹកមុខញញឹមពេញចិត្ដ នឹងពីធីត្រៀមទ័ពរៀបចេញដំនើរនេះ។ នៅជិតបិតានេះ អ្នកឃើញកាមាប្អូនប្រុសអ្នក។



មាណពនឹកឃើញនាងទេវីស្រីពុំងា ពុំដឹងផ្ដាំអ្នកណាទៅឲ្យនាងបានដឹងផងថា អ្នកខ្ចាត់ព្រាត់ពីនាងទេវីទៅហើយ។ ប្ដីធីតាបែររកមើលអ្នកឯទៀតដែលពុំទៅ ក្រែងជួបអ្នកណាដែលអ្នកផ្ញើពាក្យទៅដល់នាងផងពុំឃើញសោះ។ បុរសស្ទុះទៅខ្សឹបដាក់ត្រចៀកនាយកោបថា៖


ឯងទៅហៅកាមាប្អូនអញឲ្យមកជួបនឹងអញមួយភ្លែត។

បាទ

កាមាមកដល់។ មានន្ទចាប់ស្មាកាមាពាលពាក្យថា៖


កាមា ប្អូនឯងជាប្អូនរបស់បងមែនរឺទេ ?

កាមាដំបូងនឹកឆ្ងល់ដោយពុំដឹងរឿងអ្វី រួចធ្វើទាំងប្រថុយវិញថា៖


បាទ ខ្ញុំជាប្អូនបង្កើតរបស់បង។

ឈាមដែលហូរក្នុងសរសៃប្អូន ដូចឈាមដែលហូរក្នុងសរសៃបងទេ?

បាទដូចគ្នា។

ប្អូនស្រលាញ់បងទេ ?

មិនចាំបាច់សួរទេ ! ខ្ញុំសព្វថ្ងៃមានជីវិតមួយនឹងបង ?

មានន្ទសើចយ៉ាងរីករាយ រួចបន្ដកិច្ចសន្ទនាទៅទៀតថា៖


បងពេញចិត្ដនឹងពាក្យឆ្លើយនេះណាស់ ។ ប៉ុន្ដែ តើបងអាចប្រគល់របស់អ្វីមួយឲ្យប្អូនជួយបីបាច់រក្សាឲ្យបងផងបានទេ។

មានអីបង របស់អ្វី ? ប្រាប់មក ! មិនអីទេ ខ្ញុំរក្សាទុកជូនបងមិនឲ្យខូចទេ។ បើខូចក្រែងតែជីវិតខ្ញុំស្លាប់។

ក្នុងជាតិនេះ បងមានរបស់មួយយ៉ាងថ្លៃថ្លា ដែលបងស្រលាញ់ខ្លាំងណាស់ ស្រលាញ់នឹងចិត្ដ ស្រលាញ់នឹងឈាម ស្រាលាញ់នឹងសាច់ ស្រលាញ់ស្មើជីវិត។

វត្ថុនេះជាអ្វីបង នៅឯណា?

ឥឡូវបងទៅច្បាំង។ បងពុំទាន់ទុកចិត្ដអ្នកណាក្រៅពីប្អូនឯងទេ បងសូមផ្ញើវត្ថុនេះទុកនឹងប្អូនសិន ទម្រាំបងវិលត្រលប់មកពីច្បាំងវិញ បងនឹងយកវិញ។

មិនអីទេបង ! ប្អូនរក្សាទុកជូនបងប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះឯង។

វត្ថុនោះគឺមនុស្ស។

អី គឺមនុស្ស ?

អឺ ! គឺពិតជាមនុស្ស ហើយមនុស្សស្រីថែមទៀត !

យីមនុស្សស្រីនោះនៅឯណា?

នៅជិតៗនេះឯង ។ បងសូមប្រាប់រឿងប្អូនឲ្យអស់ទៅចុះ។ ពីរម៉ោងមុននេះ បងបានរៀបការហើយ!

នែ ! ការនឹងអ្នកណា ?

ការនឹងនាងទេវី កូនស្រីវិសេសក្លាហាន។

យី ! អីបងការហើយ ?

កុំឲ្យប្អូនឆ្ងល់ឲ្យសោះ នាងទេវី និង បង ស្រលាញ់គ្នាយូរណាស់មកហើយ ។ ឥឡូវបងសែនជាមួយនាងរួចជាស្រេច។

តែអភ័ព្វណាស់ គ្រាន់តែសែនរួច ឪពុកនាងក៏ស្លាប់ទៅ ... ។

អី វិសេសក្លាហានស្លាប់ហើយ ?

ប្រាកដដូចមានព្រះអាទិត្យ ព្រះចន្ទដូច្នោះមែន។ នាងកំព្រាម្នាក់ឯង ហើយម្យ៉ាងទៀតនាងមានទម្ងន់ផង។

អូ ! អីនាងមានទម្ងន់ផង ?

ពីរខែហើយ ។ កាមាប្អូន។

បាទ!

ការដែលប្អូនត្រូវធ្វើ គឺ៖

ជួយទុកដាក់ឪពុកក្មេកបងឲ្យស្រួលបួល

ជួយការពារនាងទេវី កុំឲ្យសត្រូវមើលងាយ

ជួយផ្ដល់ម្ហូបអាហារ អង្ករស្រូវ សំលៀកបំពាក់ លុយកាក់ដល់នាង។ តើប្អូនអាចទទួលបណ្ដាំទាំងបីយ៉ាងនេះបានទេ?

បាទ ! បាទ មានធ្ងន់ស្រាលអីបង។ បណ្ដាំបងងាយណាស់ មិនអីទេ ចូរបងកុំព្រួយឲ្យសោះ ប្អូនអាចជួយបងបាន។

ប្អូនហ៊ានស្បថឲ្យបងទេ ?

កាមាថយបីជំហានក្រាក លើកដៃទៅលើ។


ខ្ញុំសូមស្បថជូនបង បើខ្ញុំពុំធ្វើដូចបណ្ដាំបងទេ សូមឲ្យអារក្ខទេវតា និង អាកាសទេវតាបំផ្លាញខ្ញុំឲ្យរលាយដូចអំបិលត្រូវទឹក និងដូចក្រមួនត្រូវថ្ងៃ។

កាមាទៅចុះ។ បងសូមលាប្អូនមួយពេលសិនហើយ។ បងទៅនេះគឺទៅដោយរីករាយបំផុត ព្រោះបងសង្ឃឹមថា បានប្អូនស្នងក្នុងកិច្ចរក្សាការពារនាងទេវីជាទីស្នេហារបស់បង។

ថាហើយមានន្ទស្ទុះទៅឱបកាមា រួចបងប្អូនទាំងពីរក៏បែកគ្នាទៅ។ មានន្ទឈរនៅមុខកងទ័ពបញ្ជាឲ្យពលទាហានប្រុង រួចកងទ័ពដើរទៅមុខយ៉ាងសម្បើមកក្រើកភពផែនដី។

 រាត្រីកំសត់កន្លងទៅដោយលំបាក។ បរិយាកាសក្នុងផ្ទះវិសេសក្លាហានឃើញថា តឹងតែងហួសប្រមាណ។ 

បុគ្គលវិសេសក្លាហានដេកសន្ធឹងគ្មានកម្រើក សំពត់សគ្របពីលើនាងទេវី នាងភួង ស្រ្ដីចាស់ខ្លះទៀតយំទ្រហឹងអឹងកង។ 

សកម្មភាពនៃមនុស្សក្នុងខ្ទមតូចនេះ ក៏មានខុសពីធម្មតា។ 

 អ្នកជិតខាងមកកុះករជាច្រើន ខ្លះឈូសឈើ ខ្លះធ្វើក្ដារមឈូស ខ្លះជួយធ្វើម្ហូបអាហារ ខ្លះជួយចាត់ចែងការផ្សេងៗ ខ្វែងដៃខ្វែងជើង។ 

 គេជជែកគ្នាអ៊ូអរ សំដែងសេចក្ដីអាណិតដល់អ្នកដែលស្លាប់ទៅ។

 ព្រះសុរិយារះខ្ពស់បន្ដិចទៅហើយ ព្រះសង្ឃប្រាំអង្គនិមន្ដមក យូរបន្ដិចមក គេឮសូរធម៌លាយទៅក្នុងអាកាសអន្ដែតទៅតាមខ្យល់ ច្រានព្រលឹងនាងទេវីកំព្រាឲ្យទៅខ្ពស់តែអែង ដល់ស្ថានមួយដ៏ចម្លែកដែលអ្នកផងទៅមិនដល់។ 

សូរធម៌នាំឲ្យចិត្ដនាងរីកធំ ស្គឹកឆួលប្លែក សូរធម៌ចូលទៅក្នុងក្រឳចិត្ដនាង សូរធម៌នាំឲ្យកើតសង្វេគ ភ្លឹកភ្លាំងអស់ស្មារតី។ 

ធីតាចង់ឲ្យបិតានាងរស់ឡើងវិញ និយាយឡើងវិញ អង្គុយឡើងវិញ ដើរឡើងវិញ តែរូបកាយសពនៅធ្មឹងឥតធ្វើតាមចិត្ដនាងចង់នេះសោះ។

 កញ្ញានឹកដល់ទឹកមន្ដដែលគេអាចប្រោសមនុស្សឲ្យរស់ជីវិតវិញបាន។ បើមានមែន កញ្ញានឹងយកមកធ្វើឲ្យឪពុកនាងរស់ដោយទឹកមន្ដនោះ ឲ្យឃើញយ៉ាងជាក់ស្ដែងឡើង។ 

 បើបានដូចនោះមែន ម៉្លេះពុំដឹងជាសប្បាយយ៉ាងណាទេ។ តែគ្មានសោះ។

កញ្ញានឹកដល់សង្ខារឪពុក ដែលចេញពីរូបទៅពុំដឹងជាទៅណាហើយទេ។ តាមពាក្យចាស់គេថា មនុស្សស្លាប់ ព្រលឹងមិនទាន់ដឹងខ្លួនទេ ព្រលឹងនេះនៅវិលវល់ជិតៗនោះ ពេលយប់ដេកលើចុងឈើ ពេលថ្ងៃដើរលើលោកយើងនេះ។

 តែដល់ផុតមួយអាទិត្យទៅ ព្រលឹងនេះទៅសោយសុខនៅឋានសួគ៌ រឺ ទៅសោយទុក្ខនាឋាននារក រឺ ទៅកើតទៀតនៅភពឋានកណ្ដាលយើងនេះ។ស្រីឆោមអាណិតឪពុកនាងយ៉ាងគ្រលួចក្នុងដួងចិត្ដ។ 

 នាងចោទសួរទៅទៀតថា រឺមួយមនុស្សស្លាប់ទៅសូន្យសោះតែម្ដង។ បើពុំសូន្យទេគួរតែយកវត្ថុនេះ នោះមានអង្ករ ឆ្នាំង ទ្រព្យសម្បត្ដិ បុណ្យសក្ដិទៅជាមួយផងបាន។

 នេះគ្មានយកអ្វីទៅបានសោះ វត្ថុដែលប្លុងនៅជ្រងោនឹងមុខនាង។

 ប្រសិនបើមានព្រំដែន ពីសេចក្ដីរស់ទល់នឹងសេចក្ដីស្លាប់ ហើយបើមានគេអាចលាគ្នាបាន ម៉្លេះនាងសំពះលាឪពុកនាងរួចប្រុងប្រៀបរៀបចំបាយទឹក ស្បៀងអាហារ ចានក្បាន ខោអាវ ខ្នើយ មុងជូនលោកឪពុកនាងមិនខាន។

 ឱ! ក្នុងពេលនេះហើយ ទើបនាងនឹករលឹកដល់ធម៌ព្រះពុទ្ធបរមគ្រូដែលអធិប្បាយហាក់ដូចលេងសោះថា ស្លាប់គឺធ្វើដំនើរចេញពីផ្ទះទៅដោយឥតប្រាប់អ្នកណា ដោយឥតយកអ្វី ដោយឥតគេមើលឃើញ ស្លាប់គឺចែកឋានគ្នាជាពីរស្រលះ។ 

ស្រីស្រស់ភ្ញាក់ស្មារតីទៀតថា ព្រោះហេតុនេះហើយបានជាឪពុកនាងពុំស្រលាញ់ទ្រព្យ រឺ បុណ្យសក្ដិ រឺ ប្រាក់កាសដូចគេ រួចបែរជាស្រលាញ់កេរ្តិ៍ឈ្មោះល្អវិញ។

 ឱ ! មានតែកេរ្តិ៍ឈ្មោះល្អនេះទេ ដែលគង់វង្សនិត្យនៅជានិច្ចលើលោកនេះ។ វត្ថុនានាសឹងជាវត្ថុអនត្ដាដែលវិនាសអន្ដរាយទៅវិញទាំងអស់។ អ្នកព្យាយាមប្រមូលធន ឪពុកនាងប្រមូលកិត្ដិនាម។ 

 អ្នកផងឱបក្រសោបទ្រព្យធ្វើជាដើមទុន ឪពុកនាងទុកឈ្មោះដើមទុន។ កញ្ញាទេវីយល់ថា ឪពុកនាងមានចិត្ដខ្ពស់ពិតមែន ត្បិតលោកស្គាល់តម្លៃពិតរបស់ជីវិតមនុស្ស ហើយបានដើរផ្លូវត្រូវផង។ 

អាស្រ័យហេតុនេះ កំលាំងមួយហាក់មកសណ្ឋិតក្នុងខ្លួននាង ធ្វើឲ្យឆវីកម្សត់រីកកាយរួចជឿថា ឪពុកនាងមុខជាទៅកើតនៅឋានសួគ៌បានសប្បាយមិនខាន

 ពីព្រោះក្នុងលោកយើងនេះ ក្នុងសង្គមខ្មែរយើងនេះ ចំពោះជនជាតិខ្មែរយើង ឪពុកនាងបានបូជាពលិកម្មគ្រប់យ៉ាងស្រេចអស់ហើយ។

ទឹកភ្នែករីករាយពីរដំនក់ហូរធ្លាក់ពីភ្នែកនាង។ នៅវេលាថ្ងៃបែរបន្ដិច ក្ដារមឈូសរបស់លោកវិសេសក្លាហានដើរព័ទ្ធជុំវិញប៉ាឆាចំនួនបីជុំ ដូចតែក្ដារមឈូសមនុស្សឯទៀត រួចឡើងយឺតៗ ទៅទំនៅលើគំនរឧស។ 

 អគ្គីឆាបឆេះឡើងចោលអណ្ដាតធ្លោកាន់តែខ្លាំងឡើង។ ភ្លើងឆេះឧសទេ តែដូចឆេះបន្ដូលចិត្ដទេវី។ ធីតាគយគន់មើលសព្វគ្រប់ទាំងអស់ តាំងពីកម្ទេចភ្លើងដែលហុយឡើងទៅលើអាកាស ដោយពុំលែងភ្នែកចោលឡើយ។ 

 យុវតីចង់ផុតយំហើយ នាងរង់ចាំស្វាមីសម្លាញ់របស់នាង តែពុំទាន់ឃើញមកសោះ។ភ្លើងឆេះកាន់តែខ្លាំងឡើង នាងទេវីឆួលរអាក់រអួលកាន់តែខ្លាំងឡើងដែរ។

 កល្យាណអាណិតឪពុកនាង ដែលឥលូវដូចគល់ឧសមួយដែរ។ ស្រីជូនលោកមកបានតែត្រឹមប៉ាឆានេះទេ។ ចាប់ពីពេលនេះទៅ នាងអស់បានឃើញមុខលោកទៀតហើយ។

 ទឹកភ្នែកដែលខះក៏ស្ទុះបម្រាសបានពីរបីតំណក់ទៀតចេញមកក្រៅជាចុងក្រោយបង្អស់។

 នារីហាក់ឃើញព្រលឹងឪពុកនាង ឡើងពីមឈូសទៅតាមផ្សែងភ្លើង។ រួចមានពួកមច្ចុរាជមាឌធំៗ មាំៗ មកនាំឪពុកនាងទៅ។ អគ្គីឆេះរូបវិសេសក្លាហានដែលមានសាច់របេះ ឆេះឮសូរគួរឲ្យព្រឺក្បាល។នាងទន្ទេញក្នុងចិត្ដថា 

ឪពុកនាងកើតឡើងជាខ្មែរ បានធ្វើការជូនជាតិខ្មែរ បានរស់ក្រលំបាកដូចខ្មែរអែទៀត រួចបានស្លាប់ទៅវិញជាខ្មែរជាខ្មែរស្នេហាជាតិទៀតយ៉ាងពិតប្រាកដ។

 អនុស្សាវរីយ៍និមួយៗ រឿងនីមួយៗ ដែលផុសឡើងក្នុងមនោគតិរបស់នាងទេវីសុទ្ធសឹងជាវត្ថុដ៏ថ្លៃថ្លូរដែលមកទង្គិច និងចំណុចខ្សោយនៃចិត្ដរបស់នាង។

ភ្លើងឆេះ នាងមើលភ្លើង នាងស្គាល់សូរសាច់ដែលផ្ទុះ នាងរកាំណាស់ តែអនុស្សាវរីយ៍នៃជីវិតឪពុកនាងចេះតែមានមកហូរហែបន្ដៗគ្នា។ 

រឿងនីមួយៗ ដែលនាងនឹកឃើញសុទ្ធសឹងជារឿងដែលទាញទឹកចិត្ដឲ្យទោរទន់ល្វីងចត់ប៉ុណ្ណោះ។ ឱ ! ជីវិតមនុស្សគិតទៅអស្ចារ្យមែន កើតមកមានប្រុសស្រី ក្មេង ចាស់ មានស្លាប់ មានកើត មានឈឺ មានជរា។ 

រីឯសន្ដានចិត្ដវិញក៏ប្លែកដែរ។ ចិត្ដកូនចំពោះឪពុកម្ដាយមានជំរៅមួយបែបទៅ។ ចិត្ដប្ដីចំពោះប្រពន្ធមានទម្ងន់មួយបែបទៅ។ចិត្ដគូសង្សារស្រលាញ់គ្នាមានអាថ៌កំបាំងដែលជាក់ជានិច្ច។ ឯចិត្ដទាំងអស់នេះប្រទាក់ប្រទងគ្នាយ៉ាងក្រៃអនេក។

នៅលើចំណងដែលជំពាក់គ្នាស្មុកស្មាញនេះមានទង់ពីរ គឺទង់ទុក្ខ និងទង់សុខ។ ទង់ទាំងពីរនេះរលុបរលាយនៅពេលតែមួយដូចៗគ្នាក្នុងគ្រប់រូបមនុស្ស រឺសត្វ គឺសេចក្ដីស្លាប់។ 

អាស្រ័យហេតុនេះអ្នកប្រាជ្ញទាំងឡាយដែលចំណានខាងវិជ្ជាគ្រប់គ្រងមនុស្សតើលទ្ធិណា មានជំរៅជាងគេដែលអាចដោះស្រាយបញ្ហាជីវិតមនុស្សឲ្យបានស្ដាល់តែសុខមួយមាត់?។ 

 តាមយើងដឹង សព្វថ្ងៃមានលទ្ធិពីរដែលមានទ្រិស្ដីចោទបញ្ហានេះចំពីមុខគឺលទ្ធិមនុស្សដែល មនុស្សធ្វើ និង លទ្ធិព្រះដែលព្រះតែង។ 

 លទ្ធិមនុស្សរកសុខឲ្យមនុស្សដោយប្រឹងប្រែងដោះស្រាយចំណោទសេដ្ឋកិច្ច ប្រើវិទ្យាសាស្រ្ដបង្កើតផលឲ្យបានបរិបូណ៌ រួចធ្វើវិភាគកម្មចែកផលនោះឲ្យមនុស្សគ្រប់ៗគ្នា មានស៊ី មានផ្ទះនៅ មានសម្លៀកបំពាក់មានថ្នាំពេទ្យ មានសំភារៈប្រើប្រាស់គ្រប់យ៉ាង។

 លទ្ធិនេះនឹកស្មានថា ធ្វើបានប៉ុណ្ណោះ មនុស្សបានសុខផុតអស់ទុក្ខហើយ។ សួរថា តើអស់ត្រឹមប៉ុណ្ណោះ រឺអ្វី រឿងមនុស្សនោះ? 

ឱ ! ទេមិនទាន់អស់ទេ លទ្ធិព្រះគិតដូចខាងលើនេះដែរ តែដល់ពេលនោះ ព្រះបន្ដទៀតថា មនុស្សរកសុខមួយទៀត គឺសុខគ្មានទុក្ខពិតៗ មែនៗសុខនេះគឺព្រះនិព្វាន។

 ហេតុនេះ មានតែលទ្ធិព្រះទេ ទើបចប់ចុងចប់ដើម គឺឋានព្រះនិព្វានជាឋានគ្មានរូបគ្មានខន្ធ គ្មានតណ្ហា ជាស្ថានសន្ដិភាពពិតៗ។ 

គឺឋានអស់កើត អស់ស្លាប់ អស់ទុក្ខ មានសុខតែមួយជាទីអវសាន។ ទស្សនៈដូចមានខាងលើនេះជាទស្សនៈដែលកើតក្នុងមនោគតិនាងទេវី ព្រោះសមុទ្រទុក្ខធ្វើឲ្យមនុស្សចេះគិត។

លុះល្ងាចជ្រេព្រះសុរិយា នាងទេវីរើសឆ្អឹងខ្មោចឪពុកជាទីស្នេហាមកទុកដាក់អែទីវត្ដអារាមតាមសមគួរ។ នៅផ្ទះនាងភួងជួយលក់ដូររកប្រាក់ចញ្ចឹមនាង។ ចំនែកមានន្ទប្ដីនាង បាត់សូន្យមិនឃើញសោះ៕ 

រឿង មហាចោរនៅទល់ដែនវគ្គទី៣

 

រឿងមហាចោរនៅទល់ដែនវគ្គទី៣ រាត្រីសកងាត់


រាត្រីស្ងាត់ខ្យល់បក់ល្វិចៗ ល្ហើយរហឹម។ស្លឹកឈើទាំងឡាយត្រូវនឹងវាយោដែលរត់សន្សឹមៗ កើតជាតូរ្យតន្ត្រីមួយយ៉ាងមនោរម្យ។
លើមេឃ ព្រះច័ន្ទចោលនេត្រាប្រកបដោយមេត្តា មកលើពិភពលោក ធ្វើឲ្យទេសភាពអាណាខេត្តសិរីសោភ័ណក្លាយទៅជាភាពយន្តមួយយ៉ាងកម្សត់។ផ្កាយភ្លឺព្រិចៗព្រោងព្រាតកណ្តាលផ្ទៃពពកខៀវស្រងាត់។
ក្នុងកូនផ្ទះ នាងទេវីអង្គុយបត់ជើងរវៃសូត្រពីមុខកូនចង្កៀងខ្លាញ់មួយ។សូររត់ឮរ៉ែ តិចៗ ជើងចក់យំចឹកៗនៅលើដំបូល។
នារីស្រៀវខ្លួនខ្ញាក នឹកដល់ប្រុសជាទីស្នេហា។ចិត្តនាងរមួតរមួលខ្លាំង។ពន្លឺចង្កៀងធ្វើឲ្យឃើញមុខនាងក្រឡង់ដូចវង់ព្រះច័ន្ទ។កណ្តាលវង់នេះ ភ្នែកពីរបញ្ចាំងរស្មីយ៉ាងរលង់។ស្បែកបបូរមាត់ឃើញស្តើង គួរឲ្យចង់អង្អែលលេង។
ដៃនាងធ្វើការ ចិត្តនាងហិចហើរទៅឆ្ងាយ ឆ្ងាយពីរហាត់ ឆ្ងាយពីផ្ទះ ឆ្ងាយពីរបង ឆ្ងាយដល់ដើមពោធិ៍ ដែលហាក់នៅជើងមេឃ ដុះតែឯងរង់ចាំនាង។ដៃនាងធ្វើការ ភ្នែកនាងរំពៃលបមើលឳពុកនាងដែលសម្រាន្តបើកភ្នែកព្រិចៗ។
ទេវីស្រីទន្ទឹងចង់ឲ្យឳពុកនាងសម្រាន្តលង់លក់ទៅ។មួយនាទីកន្លងយូរ ហាក់ដូចមួយសតវត្សរ៍។ខាងក្រៅឆ្កែព្រុសឡូៗ ឮគួរឲ្យខ្លាច តែនាងបែរជាភ័យទៅវិញ ព្រោះខ្លាចសង្សារកម្សត់រង់ចាំនាង។

ម្យ៉ាងទៀតខ្លាចក្រែងខានជួប ហើយខាននិយាយ។នារីភ័យនឹងបានជួប នារីសប្បាយនឹងជីពចរនាងដើរឮទូងៗ ធ្ងន់ៗ...។
វិសេសក្លាហានក្រោកឈរឡើង។នាងទេវីភ្ញាក់។វិសេសក្លាហានដើរទៅជញ្ជាំង ចាប់យកដាវមួយយ៉ាងវែង ហូតផ្លែដាវចេញពីស្រោម មេដៃស្ទាបផ្លែដាវ។នាងទេវីមើលកាយវិការរបស់ឳពុកនាងគ្មានចោលកន្លែងណា។វិសេសក្លាហានចាប់ដងដាវដៃម្ខាង ដៃម្ខាងទៀតចាប់ចុងដាវសាកល្បង មើលហាក់សួរដាវថា នៅរឹងប៉ឹងទេ?
ធ្វើដូច្នោះបណ្តើរ គាត់ងាកមកមើល និយាយនឹងនាងបណ្តើរ៖

  • កូន! ល្មមទៅចូលរកដំណេកហើយ។


នារីដាក់ភ្នែកចុះនៅស្ងៀម ឳពុកនាងបន្តទៅទៀតយ៉ាងរាយមាយថា៖

  • យប់ៗ កូនឯងខ្លាចអីឬ?


នាងមើលទៅឳពុកនាង ចោលញញឹមយ៉ាងស្រស់ជូនទៅលោកឳពុក រួចហើយឆ្លើយយ៉ាងស្រួយស្រេះ៖

  • កូនខ្លាចដែរ លោកឪពុក។
  • ខ្លាចអី?
  • ខ្លាចចោរ។
  • អត់ខ្លាចទេ។
  • មិនមែនចោរលួចអីវ៉ាន់ទេ គឺចោរចាប់មនុស្សស្រីៗនោះណា!
  • អី! ទៅខ្លាចអី អាចោរបែបនោះ? បើវាមក ឳពុកចាប់ដាវនេះជាចុងក្រោយបង្អស់។ឳពុកនឹងការពារកូនឲ្យបាន ដូចកាលឳពុកនៅកម្លោះ... ផ្តាំចាស់ម្តង។កុំព្រួយអី! ទៅ! ពន្លត់ភ្លើងដេកទៅ!


នាងទេវីក៏រុំអំបោះ តម្លោះរហាត់ រៀបចំទុកដាក់តាមកន្លែង ពន្លត់ភ្លើង ចូលដំណេកតាមពាក្យឳពុកនាង។
ក្នុងមុងងងឹត លើពូកដែលមានកម្រាលសស្អាត នារីគេងងើយភ្នែកទៅលើគិត។រូបប្រុសថ្លៃវិសេសមកប្រឡែងលេងនឹងនាងក្នុងខួរក្បាលនាង។ស្ត្រីសប្បាយជាពន់ពេក។
មួយម៉ោងកន្លងទៅ... ពីរម៉ោងកន្លងទៅ... ស្រីលបស្តាប់ឮសូរឳពុកនាងស្រមុកខែៗ។យុវតីត្រេកអរព្រួចគ្រលួចក្នុងចិត្ត។
កល្យាណរិះរកពាក្យសម្តីដើម្បីនិយាយនឹងសង្សាររបស់នាង។នាងគិតថា ត្រូវថែមត្រង់នេះមួយមាត់ ត្រូវបន្ថយពាក្យត្រង់នេះមួយឃ្លា រួចនាងទន្ទេញគំនិតដែលនាងរកឃើញហើយដែលនាងសន្មតថា ថ្លៃថ្លាពីរោះមែននោះ។កែវល្បងនិយាយឃ្លាឡើងវិញមួយដងជាពីរដង។
វិសេសក្លាហានសម្រាន្តលក់ស្កប់ស្កល់។

កញ្ញាក្រោកពីគ្រែ ត្រចៀកប្រុងស្តាប់។គ្មានសូរអ្វីប្លែកឆ្លើយសោះ។ដល់ប្រាកដថា គ្មានឮអ្វីហើយ ទើបជីវ៉ាបើកមុងខ្វាក លបៗ បន្ថើរជើង ដើរតម្រង់ទៅមាត់ទ្វារ។នាងទាញទ្វារដោយទប់សូរមិនឲ្យឮយឺតៗ ទ្វារចំហកាន់តែធំឡើងៗ។ទេវីបញ្ឆិតខ្លួន លបស្តាប់ជាចុងក្រោយបង្អស់ ស្ទុះចេញទៅក្រៅ។

 
ស្រីឆោមចាប់លើកសំពត់បន្តិចហើយរត់យ៉ាងលឿនកាត់តម្រង់ទៅដើមពោធិ៍។លុះឈប់ដកដង្ហើម ហូតកន្សែងជូតញើសបើកស្បៃគ្របសុដន់បង្ហើបបន្តិចបក់បញ្ចូលខ្យល់។
ឱ! រាត្រីស្ងាត់ភ្លឺព្រិលៗ ឃើញដើមឈើឈរស្លុងៗ អ្នកហាក់មានអានុភាពអ្វីម៉្លេះ? អ្នកចាប់ចិត្ត ចាប់សតិបញ្ញាមនុស្សលោកឲ្យលង់លក់ក្នុងសុបិនមួយដ៏អស្ចារ្យដែលយើងចេតនាចង់ឲ្យតែពេលនៅនឹងដដែល

 ដើម្បីក្រេបទេសភាពងងឹតស្រពិចស្រពិលដែលមានលាយទឹកស្នេហាសង្សារនេះឲ្យបានអស់ចិត្ត។
ចំពោះនាងទេវីស្រីនឹងកត់ត្រាទុកក្នុងចិត្តជាប់ជានិច្ចថា រាត្រីនេះជារាត្រីធំបំផុតតែមួយក្នុងមួយជីវិតរបស់នាង។ឆោមស្រស់ចង់ឲ្យរាត្រីនេះក្លាយទៅជារាត្រីឯករបស់ប្រវត្តិសង្ខារនាង។ 

 សង្សារស្រីចង់សរសើររាត្រីនេះ ចង់ច្រៀងតែពីរាត្រីនេះ ប្រយោជន៍ឲ្យគូស្នេហ៍ជាន់ក្រោយៗស្គាល់តែរាត្រីមួយនេះ។
ជាអវសាន កែវចាំៗៗពុំឃើញប្រុសកម្លោះមកដល់សោះ។សូរចង្រិតយំក្នុងគុម្ពស្មៅ ធ្វើឲ្យចិត្តនាងស្រើបស្រាលត្រេកត្រអាលក្រៃពេក។អំពិលអំពែកហើរចាប់ភ្នែកនាងឲ្យមើលឃើញតាម ក្រែងឆ្លុះឃើញគូជីវិតរួចដឹងថាសង្សារនៅទីណា។សូរថ្លែនផ្លាស់កន្លែងទាញឆក់ក្រដាសត្រចៀកនាងឲ្យតាមសូរ។
មិនយូរប៉ុន្មាន ស្រមោលមួយលេចចេញមក។
ស្រីឆោមត្រេកអរជាអនេក ស្ទើរលោតទៅលើមេឃ។នារីក្រោកឈររង់ចាំទទួល។ស្រមោលកាន់តែជិតមក។
លុះបុរសម្នាក់មកដល់ បុត្រវិសេសក្លាហានចោលខ្លួនទាំងស្រុង ទៅក្នុងរង្វង់ដៃគូស្នេហាដែលនាងទន្ទឹងចាំផ្លូវ ដូចគេចាំមាតាមកពីផ្សារ។ទេវីស្រីលោតឱបរឹតបុរស ថ្វីត្បិតតែរង្វង់ដៃកម្លោះនេះរឹតនាងខ្លាំងទៅហើយ។
មានន្ទពុំបង្អង់ឲ្យខាតពេលឡើយ ភក្ត្រាយុវជនឱនក្រេបលំអងក្លិននារីដោយរួសរាន់ បន្ទាន់ចិត្តដែលស្នេហាយ៉ាងជ្រាលជ្រៅ។ទេវីស្រូបក្លិនសង្សារវិញយ៉ាងតិចៗ តែយ៉ាងខ្មួលខ្មាញ់ព្រោះនាងខ្មាសច្រើនណាស់ទៅហើយ។ គឺបុរសហើយ ដែលកាត់សុបិនដ៏ថ្លៃថ្លានេះ ហើយដែលដាស់នាងឲ្យដឹងខ្លួនមកនៅលើពិភពលោកយើងនេះវិញ។

  • អូន! អូន! អូន!

យុវតីរឹតតែឱបគូជីវិតខ្លាំងទៅទៀត ដោយឥតឆ្លើយតបវិញឡើយ មានន្ទបន្តវាចាទៅទៀតថា៖

  • អូន! អូនកុំឲ្យខាតពេលយើង។
  • ច៎ាះ!
  • អូន! ម្ដេងក៏ម្ដងនេះ អូនហាក់ដូចជាញាប់ញ័រជាងសព្វថ្ងៃមួយដងម្ល៉េះ? អូនមានរឿងអ្វី អូនកើតអ្វី?
  • ច៎ាះ! ច៎ាះ! ខ្ញុំញ័រដោយត្រេកអរបានជួបនឹងបង ប្អូនអត់កើតអ្វីទេ ប្អូនសប្បាយ។ ទេ! ប្អូនមានទុក្ខ អូ៎! ទេ ប្អូនសប្បាយទេ។
  • ប្អូនសប្បាយ?
  • ច៎ាះ! ប្អូនសប្បាយ! ប្អូនសូមជម្រាបរឿងមួយដល់បងឲ្យបានជ្រាប។ រឿងប្អូនជាស្រីដូចស្រីឯទៀត។ រឿងប្អូនឥតប្លែកពីស្រីឯទៀតទេ។ ច៎ាះ! ច៎ាះ! រឿងប្អូនដូចជារឿងអ្នកឯទៀត... ។

មានន្ទសើចដោយឃើញថា នាងនិយាយពុំទៅមុខសោះ។ បុរសអង្រួនស្មាននាងថា៖

  • នែ! បងស្ដាប់បានហើយ! រឿងអ្វី?

នារីជំទើតចុងជើង ដើម្បីឲ្យមាត់របស់នាងទៅជិតត្រចៀកប្ដីនាងបន្តិចទៅទៀត៖

  • បង! បង!
  • បាទ!
  • ប្អូន! ... ឱ! ... ប្អូននិយាយមិនរួចទេ។ ប្អូន... ។

មានន្ទតឹងដើមទ្រូង និយាយដាច់ៗនេះជាពន់ពេក តែបុរសឃើញថា កែវកម្សត់ប្រែភេទខុសពីធម្មតាខ្លាំងណាស់។ អ្នកឱបរឹតធីតារឹតតែខ្លាំងឡើង។ អ្នកយកម្រាមដៃអង្អែលសាច់នាងថ្នមៗ រួចពោលសម្ដីយ៉ាងទន់ភ្លន់ថា៖

(ត)


  • អូន! សូមនិយាយមក កុំឲ្យបងចាំស្ដាប់យូរពេក។ ប្អូនធ្លាប់ភប់ប្រសព្វនឹងបង ជាយូរណាស់មកហើយ។ គួរណាស់ តែអូនស្ដាប់បងឲ្យជាក់។ អូនៗ សូមទុកចិត្តបងចុះ បងនឹងជួយអូន ទោះដល់ក្ដីមរណៈក៏បងហ៊ានដែរ។ ឱ! ក្នុងជាតិនេះ បងស្រឡាញ់អូនអស់ប៉ុណ្ណឹងហើយ គឺថាឥតមានរបស់អ្វីមកប្រៀបធៀបបានទេ។ សូមអូននិយាយមកចុះ បងចាំស្ដាប់។
  • ច៎ាះ! ... ច៎ាះ! ... ហ៊ឺ! ប្អូននិយាយមិនបានទេ។ ចាំយប់ស្អែកទៀតចុះ។
  • ទេ! បងចង់ដឹងតែយប់នេះឯង។
  • ច៎ាះ! ហ៊ឺ! សូមចាំដល់យើងបែកគ្នាសិន។
  • ទេ! បងចង់ដឹងតែឥឡូវនេះឯង។
  • បង! បង!

នារីឱបបុរសយ៉ាងខ្លាំងជាថ្មីម្ដងទៀត រួចបន្តវាចាថា៖

  • ច៎ាះ! បងៗ ប្អូនខ្មាសបងណាស់។
  • អូនមិនស្រឡាញ់បងទេ?
  • អូនស្រឡាញ់ៗជីវិតមួយ។
  • ប្រាប់មក។
  • ច៎ាះ! ប្អូនមាន... ។
  • មានអី?
  • ផ្ទៃពោះ។
  • មានផ្ទៃ? អីអូនមានផ្ទៃពោះ?
  • ច៎ាះ! ប្អូនជាមាតានៃបុត្ររបស់បងចំនួនពីរខែហើយ។

បុរសចាប់មុខនាង ដៃទាំងពីរច្របាច់ដោយសេ្នហា និងដោយរីករាយយ៉ាងខ្លាំង។ នារីបន្តកិច្ចសន្ទនាតទៅទៀតថា៖

  • ច៎ាះ! ប្អូនមានផ្ទៃពោះ បន្តិចទៀត បុត្រមួយនឹងកើតឡើងមានរូបល្អដូចបង។ ក្នុងសាច់ សរសៃឆ្អឹងរបស់កូននេះ ឈាមបង និងឈាមប្អូនហូរលាយគ្នា។ ឱ បង! កូននោះមានឬកពាដូចបង មានសម្ដីដូចបង មានសន្តានចិត្តដូចបងមិនខាន។ បន្តិចទៀត ប្អូនបីបុត្រនោះនឹងដៃប្អូនហើយ។ ឱ! បន្តិចទៀតប្អូនបំបៅបុត្រនោះ ប្អូនចិញ្ចឹមបុត្រនោះ។ បង! បងធ្វើយ៉ាងណា? ឥឡូវនេះ? ដើម្បីកុំឲ្យអ្នកជិតផងតិះដៀលប្អូនជាស្រី! បងចោលប្អូនឬ?

ទឹកភ្នែកហូរសស្រាក់ពីភ្នែកនាងទេវី។ មានន្ទរំជួលដួងចិត្ត អាណិតសង្សារកម្សត់។ អ្នកតបថា៖

  • មិនអីទេ យើងរៀបការគ្នាឆាប់ៗនេះ។

កញ្ញារីករាយយ៉ាងណា អស្ចារ្យនឹងពាក្យនេះ។ គឺជាពាក្យដែលនាងរង់ចាំប្ដូរស្លាប់ ប្ដូឬរស់។

  • ចុះ ឪពុកបងថាម៉េច?
  • ឪពុកជាឪពុក ប្រពន្ធជាប្រពន្ធ!

ទេវីទទួលពាក្យនេះដោយពេញចិត្តទៀត។ ស្ត្រីសើចទាំងទឹកភ្នែករមៀល ស្រក់តក់ៗ ធ្លាក់លើទ្រូងមានន្ទ ដែលមានចិត្តខ្លោចផ្សាឥតឧបមា។

បុរសពុំចង់ឲ្យនាងយំទេ ពុំចង់ឲ្យនាងកើតទុក្ខទេ អ្នកចង់ឲ្យសង្សារសប្បាយ។ អ្នកពន្យល់នាងថា៖

  • កុំយំអូន! គេយំតែកាលណាស្រុកខ្ញុំគេ។ បងមិនចោលអូនទេ បងប្ដេជ្ញាថា ទោះមានរឿងរ៉ាវឪពុកម្ដាយ បងប្អូន ជំទាស់យ៉ាងណា ក៏បងយកអូនជាប្រពន្ធដែរ។ ចូរអូនកុំភ័យអី ព្រោះយើងនិយាយថា យើងសាងសុខដោយខ្លួនយើង។ យើងគ្មានគំនិត ពឹងផ្អែកផ្ដេករកសុខលើចន្ទល់អ្នកណាទេ។ អូននិងបង បានគិតហើយ បានយល់ហើយ យើងស្រឡាញ់គ្នា។ គំនិត និងបំណងនេះ ជាទេពវត្ថុ ដែលគ្មានអ្វីមករំលាយបានឡើយ។ យើងជាមនុស្ស យើងជាអ្នកសម្រេចវាសនាយើង យើងជ្រើសរើសផ្លូវយើងដើរ យើងគូសវាសជីវិតយើងដោយខ្លួនយើង នេះជាការធម្មតាទេ យើងជាយុត្តិធម៌តាមគន្លងធម៌ទៀតផង។ រីឯមាតាបិតាយើងទុកជាធំជានិច្ច ក៏ប៉ុន្តែដែលល្អប្រពៃ មិនត្រូវបញ្ចុះតម្លៃខ្លួនឲ្យទាប អាម៉ាស់ខ្លួនរហូតទៅផ្ដាច់កូន ឲ្យបែកគូគេនោះទេ។ បើមាតាបិតាខ្លះ ធ្វើដូចនេះ គឺជាមាតាបិតាប្រើអំណាចលើកូន គឺជាអំពើសង្កត់សង្កិនមនុស្ស ក៏លាមកក្រៃលែង។ ចូរអូនគិតមើល ពាក្យថាសម្លាប់ស្នេហា កាត់ចំណងមេត្រីភាព រំលាយរឿងកម្សត់ផ្សេងៗ ជាពាក្យមួយ ដែលគ្មានជនណាចង់ឮទេ។ តែកាលណា គេឮឡើង គេអារចិត្ត គេខាំធ្មេញ គេខឹង។ ឯណាយុត្តិធម៌ ឯណាសីលធម៌ ឯណាមនុស្សធម៌ ឯណាធម៌ព្រះ បើធ្វើឲ្យព្រាត់ប្រាស់គូគេនោះ? ការបង្ខំ ការបង្គាប់ ការគំរាម ការត្រួតត្រាលើចិត្ដមនុស្ស ជាអំពើអមនុស្សធម៌ចំពោះមនុស្សដូចគ្នា ដែលចេះគិត ចេះគូរ។ ក្នុងលោកនេះបងសូមកុំឲ្យមានរឿងអកុសលដូចនេះទៀតឡើយ គឺសូមឲ្យគូស្នេហាបានជួបគ្នា អាចទុកដាក់ខ្លួនឯង តាមសេចក្ដីយល់ឃើញរបស់ខ្លួន។
  • ច៎ាះ ! ប្អូនបានធូរស្បើយបន្ដិចដែរ តែពុំដឹងជាមានរឿងអ្វីទៀតទេ ដែលអាចជំទាស់មិនឲ្យយើងជួបគ្នាបាន!
  • ចូរអូនដឹងឲ្យច្បាស់ថា មនុស្សអ្នកគិតការ ទេវតាអ្នកសំរេច។ ចំពោះឪពុករបស់អូន បងជឿថា លោកចាស់ហើយ ហើយលោកស្គាល់បង ដឹងចិត្ដបង ស្រលាញ់បងណាស់។

នាងទេវីដកដង្ហើមធំ។ ស្រីគ្រវីក្បាល ដោយនឹកឃើញរឿងមួយទៀត។ នាងនិយាយស្រងូតស្រងាត់ថា៖

  • បង ! ប្អូនមិនគួរមកស្រលាញ់បងទេ ។ ប្អូនទាបណាស់ ។ យើងខុសគ្នាដូចមេឃ និងដី។ រឿងខុសគ្នាខ្លាំងពេកនេះហើយ ដែលនាំឲ្យប្អូនមានទុក្ខព្រួយយ៉ាងខ្លាំងនៅពេលនេះ។ បើសិនជាប្អូនយកអ្នកក្រដូចគ្នា ម៉្លេះសមប្អូនមិនបានទុក្ខព្រួយដូច្នោះទេ។
  • កុំគិតដូចនោះអូន ... ខុសស្រឡះ។ នែ ! អូន ! យើងកើតមកលើលោកនេះ គ្មានអ្នកណាយកបុណ្យស័ក្ដិ និងទ្រព្យសម្បត្ដិមកជាមួយផងទេ មនុស្សកើតឡើងខ្លួនទទេដូចៗគ្នា។ សព្វថ្ងៃអូនក្រ ៗមកពីបងមាន។ ស្ដាប់បានទេ ?គឺថាទ្រព្យដែលអូនត្រូវបាន ទៅជាហូរមកចូលហឹបបងវិញ។ ឯចំនែកខាងបុណ្យសក្ដិវិញ មនុស្សត្រូវតែងចង់បាន។ ក៏ប៉ុន្ដែបើចង់បាន ត្រូវមើលនាយមើលអាយសិន។ មានខ្លះចង់បានបុណ្យសក្ដិ ខំបន្ដុះបន្ដាលខ្លួនដោយរៀនសូត្រតំរិះវិជ្ជាផ្សេងៗ ឲ្យបានចេះដឹងជ្រៅជ្រះ ហើយខិតខំធ្វើការបំរើប្រទេសជាតិ និងប្រជាជនឲ្យបានគង់វង្សស្ថិតស្ថេរចិរកាលទៅ។ ជនបែបនេះហើយដែលប្អូនត្រូវស្វែងរកឲ្យបានជួប។ ......

កាលពេលដែលមានន្ទ និងនាងទេវីកំពុងនិយាយគ្នានេះ ស្រមោលមួយលបស្ដាប់នៅជិតនោះ រួចរសាត់យ៉ាងលឿនទៅឯខាងផ្ទះនាងទេវី។ គឺស្រមោលកាមាប្អូនមានន្ទ បុត្របន្ទាត់របស់ព្រះកំពុត មេទ័ពខាងតំបន់ម្លូព្រៃ ក្រោមកិច្ចបញ្ជាការរបស់មានន្ទជាបង ដែលជាមេទ័ពនាអាណាខេត្ដសិរីសោភ័ណនេះឯង។ កាមាទៅដល់ខ្ទមវិសេសក្លាហាន ច្រានទ្វារចូល រួចបង្កូកឡើងថា៖

  • លោកអ៊ំ ! លោកអ៊ំ !

ចុងដាវវិសេសក្លាហានផ្ទុចមកចំចុងដង្ហើមកាមាជាស្រេច។ ស្រឡាំងកាំងក្នុងងងឹត កាមាហៀប នឹងនិយាយ តែវិសេសក្លាហានគំហកថា៖

  • នៅស្ងៀម អាចោរកំណាច ! ឯងហ៊ានតែកម្រើកខ្លួន ជីវិតឯងសូន្យក្នុងពេលនេះឥឡូវ !
  • ខ្ញុំបាទមិនមែនចោរទេ លោកអ៊ំ!
  • បើឯងពុំមែនចោរ ម្ដេចឯងចូលក្នុងផ្ទះអញទាំងយប់? ឯងមកមានការអ្វី ?
  • ខ្ញុំបាទយកការណ៍មួយអាម៉ាស់បំផុតមកជំរាបលោកអ៊ំឲ្យបានជ្រាប។

វិសេសក្លាហានគំហកថា៖

  • ការអ្វី អាចោរអប្បលក្ខណ៍ ? អញដឹងហើយការដែលឯងចង់និយាយនឹងអញ។ ហ៊ីសៗ ឪពុកឯង និងអញជាគូសត្រូវប្រចាំជីវិតនឹងគ្នា។ ឪពុកឯងគុំអញស៊ីសាច់ហុតឈាម។ អញគុំឪពុកឯងវិញដូច្នោះដែរ។ រាល់ថ្ងៃអញនៅទីនេះ ទន្ទឹងចាំរឿងដែលឪពុកឯងបង្កើតឡើង ដើម្បីរំលោភលើអញ។ អានាងពេលមកដល់មែន។ ឥឡូវគ្មានអ្វីច្រើនទេ ចូលមកចុះ ដកដាវឡើងកុំទុកឲ្យនៅស្ងៀមយូរទាន់ចិត្ដនៅក្ដៅៗ ដាវអញសំរាកយូរមកហើយ ទើបមកដល់ឥឡូវដាវអញមានចិត្ដរីករាយ និង មានសកម្មភាពជាថ្មី។ មកអានាង។ ឱ ! ឪពុកឯងចំជាមនុស្សកំសាកញីណាស់អីមិនហ៊ានស៊ូនឹងអញដោយខ្លួនឯងទេ? ទើបប្រើឯងមកនេះ រួចប្រើមកទាំងយប់ទៀត ! ហាសៗ ឪពុកឯងមិនសមកិត្ដិយសជាស្ដេចត្រាញ់ពិតៗនោះទេ។ ឪពុកឯងស្លាប់នឹងគ្រឿងអាវុធអញរឺ ?

កាមាសើចបើកភ្នែកធំៗ។

  • សូមទោសលោកអ៊ំ ខ្ញុំមិនដឹងរឿងទាំងនេះទេ។ រឿងទាំងនេះជារឿងផ្ទាល់ខ្លួនរបស់លោកអ៊ំទេ ដែលប៉ះពាល់ដល់កិត្ដិនាមលោកអ៊ំ។ ដែលខ្ញុំមកនេះ ... ។
  • កុំលាក់ កុំធ្វើពុត កុំធ្វើពើ ... អើបើឯងមិនដឹង អញជាអ្នកប្រាប់ឲ្យឯងដឹង។
  • ទេ ៗ ៗ លោកអ៊ំ កុំទាន់អាល ខ្ញុំសូមនិយាយមួយម៉ាត់សិន។
  • ឱ ឯងភ័យខ្លាចស្លាប់ដែរ? ឯងមិនសមជាកូនប្រុសទេ។
  • ហ៊ី ! លោកអ៊ំ ខ្ញុំនិយាយមួយម៉ាត់ទេ។
  • និយាយភ្លាម កុំបង្អង់ អញសម្លាប់ចោលឥឡូវនេះ។
  • បាទ ! ខ្ញុំបាទមកនេះដើម្បីនិយាយហើយតើ ប៉ុន្ដែបើចុងដាវនៅផ្ទាប់នឹងចុងដង្ហើមយ៉ាងនេះ និយាយម្ដេចកើត ?
  • ហាៗ ! អញមិនចេះសម្លាប់មនុស្សដែលឥតមានអាវុធនៅក្នុងដៃទេ នៅឲ្យស្ងៀមកុំកម្រើក។

ក្នុងមួយវិនាទីនោះ វិសេសក្លាហានចូលប្រកៀកនឹងខ្លួនកាមា ហូតយកដាវដែលព្យូរនៅចង្កេះគ្រវាត់ឮប្រាវលើក្ដារ ឆែកឆេរមើលសព្វហោប៉ៅពុំឃើញមានអាវុធអ្វីទៀត ក៏បញ្ជាឲ្យកាមាអង្គុយលើកៅអីជិតនោះ កាមាធ្វើតាមបង្គាប់។ មួយសន្ទុះក្រោយមក ចង្កៀងខ្លាញ់ក៏ភ្លឺឡើង កាមាញញឹមយ៉ាងខែងរកវិសេសក្លាហាន ដែលប្រុងស្មារតីគ្មានធ្វេសសោះឡើយ។

  • មើលរឿងអ្វី ?
  • សូមលោកអ៊ំ មើលទៅបន្ទាប់កូនស្រីលោកអ៊ំមើល។

វិសេសក្លាហានងាកទៅមើលទ្វារ ឃើញចំហមួយប្រលោះខ្លួន។ លោកភ្ញាក់ខ្លួនខ្ញាក ស្ទង់ដឹងស្ថានការណ៍កើតសង្ស័យ ចិត្ដក្ដៅក្ដួល។ កាមាកាន់ជ័យជំនះមួយយ៉ាងអស្ចារ្យនៅពេលនោះ។

  • សូមលោកអ៊ំអញ្ជើញចូលមើលលើគ្រែកូនស្រីលោកអ៊ំមើល។

វិសេសក្លាហានស្ទុះភ្លែតចូលក្នុងបន្ទប់នារី យកចុងដាវវាត់បើកមុងមានតែពួក និងខ្នើយ។ ចិត្ដមោហោមួយយ៉ាងរំពងក្នុងរាត្រីស្ងាត់ថា៖

  • ហាស់ ! កូនស្រី ! ទេវី !

សូរសម្រែកឮបានតែប៉ុណ្ណោះតាចាស់យើងដួលផ្ងាខ្លួនទៅក្រោយសន្លប់បាត់ស្មារតី។ កាមាឃើញដូច្នោះ ក៏ក្រោកពីកៅអីឈានជើងទៅយកដាវខ្លួនដែលដេកលើក្ដារមកស៊កចូលក្នុងស្រោមដូចមុន រួចផ្លោះតាមបង្អួចទៅបាត់ក្នុងទីងងឹតទៅ។ សម្រែកវិសេសក្លាហានលាន់ឮស្ទើររហែកមេឃ។ សូរសម្រែកបោះពួយក្នុងអាកាសទៅដល់ត្រចៀកនាងទេវី ដែលកំពុងនិយាយលេងយ៉ាងរីករាយជាមួយមានន្ទជាគូគាប់ នាងឈប់ង៉ក់ដូចគេកន្ដ្រាក់។ កញ្ញាងើបក្បាលឡើងពីជង្គង់មានន្ទដោយបើកភ្នែកធំៗ ។ ដើមទ្រូងនាងញ័រយ៉ាងខ្លាំង។ ស្រីហាក់ដឹងរឿងអាសន្នអស់។ នាងច្រានមានន្ទវឹងដែលដួលទៅក្រោយ រួចរត់សំដៅទៅផ្ទះ។ មានន្ទស្រឡាំងកាំងក្រោកឡើងបោសគូទស្រែកដោយសម្លេងហៅនាង៖

  • ឈប់ៗ រឿងអ្វី ? ទេវីអូន !

តែនារីទៅឆ្ងាយណាស់ទៅហើយ បុរសក៏ដើរតាមក្រោយនាងទៅ ដោយឈានជើងយ៉ាងវែងៗ ប្រញាប់ប្រញាល់ឲ្យបានទាន់គូធីតាពន្លឺចង្កៀងចោះប្រលោះមួយយ៉ាងធំក្នុងអាកាសងងឹត តាមទ្វារខ្ទមដែលចំហ។ នាងទេវីទុចជើងដោយបានឃើញពន្លឺនេះ។

ពន្លឺធ្វើឲ្យនាងកើតក្ដីខ្លាច តែទោះដល់មរណៈក៏ដោយនាងត្រូវតែចូលទៅរកពន្លឺនេះ។ ព្រលឹងនៅចុងសក់ កញ្ញាប្រឹងទប់សន្ដានចិត្ដកុំឲ្យជ្រួលច្របល់ពេក តែឥតប្រយោជន៍។ ស្រីដឹងមុនថា ទុក្ខមួយយ៉ាងធំនឹងមានដល់នាងក្នុងមួយភ្លែតទៀតនេះ តែនាងយល់ថាចៀសទុក្ខនេះមិនបានផុតទេ នាងត្រូវតែប៉ះទង្គិចជាដាច់ខាត។ នាងនឹកថា មិនអីទេខ្លួននាងខុស ហើយនាងព្រមទទួលទុក្ខទាំងអស់ដោយឥតប្រកែក តែពុំដឹងជាទុក្ខនោះ មានភាព រឺ បែបយ៉ាងណានៅឡើយ។

កល្យាណកើតមានមនោសញ្ចេតនាមួយថ្មីដែលមកសណ្ឋិតក្នុងខ្លួននាង គឺចង់ដឹង។ នាងឈានជើងមួយៗចូលក្នុងផ្ទះយ៉ាងមានះ ដោយធ្មេចភ្នែកកុំឲ្យឃើញពន្លឺដ៏មហិមានេះ។ មួយជំហានដែលនាងដើរ ធីតាហាក់ឃើញឧបសគ្គកាន់តែធំឡើង។ ខ្លួន ស្រីព្រលឹងហាក់ចេះតែថយក្រោយទៅវិញ។ មួយជំហានដែលនាងបានបោះកន្លងរួចមកហើយ គឺឧបសគ្គមួយដែលនាងឆ្លងរួច ស្រីហាក់បានធូរចិត្ដបន្ដិច។ ផ្ទះស្ងាត់ឈឹង ទេវីរិតតែឆ្ងល់ទៅទៀត។ នាងដើរដល់មាត់ទ្វារ។ នាងដកដង្ហើមធំម្ដង។ នាងអើតមុខចូលខាងក្នុងផ្ទះ។ ឱ ! រឿងអីដូច្នោះ ? នាងឃើញឪពុកនាងដួលដេកលើក្ដារសន្លប់បាត់ស្មារតីឥតដឹងខ្លួន។ យុវតីខ្លោចចិត្ដអាណិតឪពុក។ នាងយំយ៉ាងខ្លោចផ្សា ហើយរត់ទៅបីត្រកងលោកឪពុកជាអ្នកមានគុណ ផ្ដេកក្បាលដាក់លើភ្លៅនាង។ បុត្រីអង្រួនដាស់បិតា តែគ្មានពោក្យអ្វីសួរ អ្វីឆ្លើយសោះ។ កញ្ញាភិតភ័យកាន់តែខ្លាំងឡើងៗ។ កល្យាណងើបមុខឡើងឃើញម៉ែភួង នាងទ្រហោយំថា៖

  • ម៉ែភូង ជួយផង ! ជួយឪពុកខ្ញុំផង លោកកើតអី?

នាងភួងទឹកភ្នែករហាមដែរឱបជើងវិសេសក្លាហានយំដូចកូនក្មេង។

  • ម៉ែភួងៗ ទៅរកទឹកមួយផ្ដិលមក ឆាប់ៗ ម៉ែភួង។

លុះបានទឹកមក នាងទេវីលាបមុខលោកឪពុក លាបដៃជើង និង សព្វសព៌ាង្គកាយ។ គាប់ជួនពេលនោះ ព្រលឹងវិសេសក្លាហានក៏ចូលមកសណ្ឋិតកាន់រូបវិញធ្វើឲ្យមេទ័ពចាស់ងាកក្បាលចុះឡើងៗ។ នាងទេវីត្រេកអរក្រៃលែង ដូចបានឃើញឪពុកនាងមានកំនើតជាថ្មី។ ស្រីខំដាស់បោសអង្អែលទាំងទឹកភ្នែកថា៖

  • លោកពុក លោកពុក នេះកូន ស្គាល់កូនទេ លោកពុក ពុកកើតអ្វី?

ដំបូងវិសេសក្លាហានហាក់ភ្ញាក់ពីដេក។ លោកឮមាត់កូនលោកខ្សាវ រួចសូរមាត់បុត្រីនេះឮកាន់តែខ្លាំងឡើងៗ។ លោកបើកភ្នែកឃើញនាងទេវីឱបលោក ឃើញនាងភួងនៅទ្រចុងជើងលោក។ មួយស្របក់ក្រោយមក កម្លាំងក៏កាន់តែមានឡើងវិញបន្ដិចម្ដងៗ ទើបវិសេសក្លាហាន នឹកឃើញរឿងដែលនាំឲ្យលោកដេកដួលនៅទីនេះ។

សេចក្ដីក្រោធខឹងមួយឆួលឆេះឡើងយ៉ាងពេញទំហឹង មករោលរាលរូបគាត់។ គាត់ក្រោកអង្គុយសម្លឹងមើលមុខនាងទេវីមិនដាក់ភ្នែក។ លោកច្រានកែវដែលធ្លាប់ជាពន្លកចេញពីខ្លួនលោក កុំឲ្យស្រីអប្បលក្ខណ៍កាន់សាច់លោកទៀត។ នាងទេវីឆ្ងល់ ឆ្ងល់នឹងកាយវិការនេះ ទើបនាងនឹកភ្លែតឡើងថា លោកឪពុកនាងជ្រាបរឿងនេះហើយ។ នាងលុតជង្គង់ ដៃទាំងពីរខ្ទប់មុខយំឮឃឹកៗ។ កញ្ញាពោលទាំងត្រដាបត្រដួសថា៖

  • លោកឪពុក កូនសូមទោស ! ច៎ាះ ! កូនសូមទោស លោកឪពុក ! កូនបានជាខុសចំពោះចិត្ដលោកឪពុកហើយ។ ច៎ាះ! កូនខុសពិតមែន។ កូនស្រលាញ់ ។ កូនបានលបចេញពីផ្ទះទៅជួបនឹងគេទាំងយប់ពាក់កន្ដាលអធ្រាត្រ។ កូនខុសនឹងទំនៀមទំលាប់ ខុសនឹងអ្នកមានគុណមែនហើយ។ តែសូមលោកឪពុកជ្រាបថាកូនពុំទាន់បានខុសនឹងធម្មជាតិទេ។ កូនជាផ្នែកមួយរបស់ធម្មជាតិ កូនជាមនុស្ស។

ថាហើយនាងមើលមុខវិសេសក្លាហាន។ តែទឹកមុខបិតានៅក្រហមដដែល ភ្នែកនៅតែសម្លក់ក្រឡោតដដែល មានតែថ្គាមទាំងពីរ ដែលប្រខាំគ្នាថែមទៀត នារីអស់សង្ឃឹម។ ញើសលោតចេញពីថ្ងាសនាងផ្លោតៗ ហូរតាមខ្នងនាង។ ស្ងួនភ្ងាដឹងថា ឪពុកនាងពុំប្រណីទោសនាងទេ។ ហេតុនេះមានតែទឹកភ្នែកប៉ុណ្ណោះ ដែលនិយាយទៅទៀត។

វិសេសក្លាហានក្រោកឈរឡើង ដង្ហើមធំៗ ខ្លីៗ មុខដូចខ្លា។ នាងទេវីរិតតែភ័យទៅទៀតឱបជើងលោកឪពុក។ នាងភួងអោជើងម្ខាង។ យូរបន្ដិចមក វិសេសក្លាហានអោនទៅចាប់បុត្រីឲ្យក្រោកឈរឡើង នាងទេវីបានធូរក្នុងចិត្ដឥតឧបមា នឹកថាឪពុកនាងយល់ព្រមអនុលោមកំហុសនាងហើយ។ វិសេសក្លាហានដឹកដៃឆោមស្ងួនទៅមាត់ទ្វារ។ កញ្ញាបែរជាឆ្ងល់ឡើងវិញជាពន់ពេក ដោយមិនដឹងថា ឪពុកនាងចង់ធ្វើយ៉ាងណា ចង់និយាយយ៉ាងណា។ លុះដល់មាត់ទ្វារហើយ វិសេសក្លាហានច្រានស្មានាងទេវីយ៉ាងខ្លាំងទៅខាងក្រៅ ដោយពន្លឺពាក្យថា៖

  • ទៅចុះ អញអស់មានកូនទៀតហើយ។

នាងភួងដែលឃើញរឿងចំលែកអស្ចារ្យដូច្នោះ ស្ទុះភ្លែតទៅឱបជើងវិសេសក្លាហានសាជាថ្មី ហៀបនឹងនិយាយ តែវិសេសក្លាហានច្រាននាងដួលទៅក្រោយដោយគំហកថា៖

  • ទេ! អញគ្មានកូនទៀតទេ។

នៅខាងក្រៅ នាងទេវីឱបដៃស្រពោនដូចផ្កាត្រូវថ្ងៃ។ នាងអស់ចិត្ដ អស់ពាក្យនឹងនិយាយ អស់គំនិតនឹងគិត។ ស្រីយំខះទឹកភ្នែកអស់ហើយ។ មួយរំពេចនេះ នាងឃើញជាក់ថាកែវអស់ផ្ទះនៅទៀតហើយ គឺមុខជាដេកក្រោមដើមឈើ ត្រូវខ្យល់ ត្រូវថ្ងៃ ត្រូវភ្លៀង អត់បាយហើយចាប់ពីរាត្រីនេះតទៅ។ ទេវីបែរមើលក្នុងទីងងឹត ដើម្បីរកផ្លូវដែលនាងត្រូវដើរទៅមុខក្នុងជីវិតនេះ តែមិនឃើញផ្លូវណាសោះ។កល្យាណបែរមើលរកទិសដែលនាងត្រូវយក តែមិនដឹងជាយកទិសណាសោះ។ នាងបែរមើលដំបូលផ្ទះ។ ឱ! ដំបូលនេះដាច់ចិត្ដលែងទទួលនាងទៅហើយ។

មានន្ទមកដល់ ! ដៃប្រុសម្នាក់ចាប់នាងយ៉ាងខ្លាំងទាញចូលក្នុងផ្ទះវិញ។ ធីតាភ្ញាក់។ មានន្ទដើរយ៉ាងស្វាហាប់ចូលស្លុងទៅក្នុងផ្ទះ លុតជង្គង់ម្ខាងគ្រឹប ទៅលើក្ដារពីមុខវិសេសក្លាហាន និយាយដោយវាចាមួយៗ យ៉ាងដាច់ខាត៖

  • សូមទានលោកអ៊ំ រូបកូនប្រុសរបស់លោកអ៊ំ ទើបលេចចេញពីបន្ដូលចិត្ដលោកអ៊ំ។ ខ្ញុំមានន្ទ ខ្ញុំសូមប្រគល់ខ្លួន ប្រគល់ជីវិតជាកូនប្រុសតែមួយរបស់លោកអ៊ំ។ សូមលោកអ៊ំជឿថា កូនប្រុសនេះមានចិត្ដដូចលោក មានគំនិតដូចលោកអ៊ំ មានឧត្ដមគតិចំពោះជាតិ និងចំពោះប្រជាជនដូចលោកអ៊ំគ្មានខុសប៉ុនមួយចម្រៀកសក់ទេ។ ខ្ញុំសូមលើកដៃសច្ចាចំពោះមុខលោកអ៊ំថា ចាប់តាំងពីយប់នេះទៅ ខ្ញុំធ្វើការពុះពារគ្រប់បែបយ៉ាងប្រឆាំងនឹងអយុត្ដិធម៌ ដែលជនជាតិខ្មែរយើងកំពុងរងទុក្ខវេទនា ប្រឆាំងនឹងគំនិតខ្ញុំគេដែលខ្មែរមាន ប្រឆាំងនឹងជនជាតិនានា ដែលគ្របសង្កត់ខ្មែរយើងជំនួសលោកអ៊ំដែលចាស់ណាស់ទៅហើយ។ ក្នុងការតស៊ូនេះ ខ្ញុំបេ្ដជ្ញាជាឱឡារិកថា ចំពោះប្អូនទេវីខ្ញុំទទួលបីបាច់រក្សាអស់មួយជីវិត ទុកនាងជាគូវាសនាពីអតីតជាតិមក ហើយជាវត្ថុមួយដ៏ថ្លៃថ្លា ដែលខ្ញុំការពាររាល់ទិវា។

វិសេសក្លាហាន មើលមុខមានន្ទដោយពុំលែងចោលសោះ។ លោកញញឹមជាសញ្ញាទទួលយល់ព្រម។ លោកងក់ក្បាល រួចលូកដៃទៅចាប់ស្មាមានន្ទ មានវាចាថា៖

  • ចាប់តាំងពីពេលនេះតទៅ ឯងជាកូនអញទាំងពីរ។

នាងទេវីសប្បាយចិត្ដក្នុងគ្រានោះ នឹងរកវត្ថុអ្វីមកប្រៀបគ្មានឡើយ។ នាងហាក់ហើបខ្លួនពីដី ហាក់អណ្ដែតត្រសែតលើអាកាសជាមួយមានន្ទ និងជាមួយឪពុកនាង កញ្ញាស្ទុះទៅឱបជង្គង់លោកឪពុកជាទីស្នេហា។ នាងភួងក៏ធ្វើដូច្នោះដែរ។ វិសេសក្លាហានបន្ដសេចក្ដីមួយៗ ដូចតទៅ ៖

  • កាលណាបានឯងគិតរៀបការគ្នា ?
  • បាទខ្ញុំបាទសូមរៀបការក្នុងបីខែទៀត។

វិសេសក្លាហានងើបទៅលើគិត។ រួចលោកគ្រវីក្បាល។

  • ទេ ! មិនបានទេ
  • បាទពីរខែទៀត
  • ទេ!
  • បាទមួយខែទៀត
  • ទេ !
  • បើដូច្នោះតាមចិត្ដលោកអ៊ំកាលណា ? មួយអាទិត្យទៀត ?
  • ទេ ! មិនបានទេ។ តោងសែនទាំងយប់នេះ។

មានន្ទឮដូច្នោះ ក៏ដាក់ភ្នែកចុះ។ អ្នកនៅស្ងៀមគិតវាយក្រឡាស្ទង់ ញញឹមរួចទទួល :

  • បាទ ! បាន !

ពិធីសែនព្រេនចាប់ធ្វើឡើងមួយរំពេចក្នុងវេលានោះ។ នាងភួងត្រូវទៅដាស់លោកមេឃុំ ជំទប់មកដោយឥតបង្អង់។ នាងទេវីត្រូវធ្វើម្ហូបអាហារមាន់ទាសំរាប់សែនភ្លាម។ វិសេសក្លាហាន និងមានន្ទត្រូវកាច់ស្លាធម៌ រកទៀនធូបដោយរួសរាន់។ មិនយូរប៉ុន្មាន លោកមេឃុំ លោកជំទប់ក៏មកដល់ ភ្លើងទៀនធូបក៏ភ្លឺរន្ទាល កូនស្រី កូនប្រុសក៏ក្រាបទាំងគូទន្ទឹមគ្នា។លោកមេឃុំ លោកជំទប់បាចទឹកឲ្យពរសព្ទសាធុការដល់គូថ្មី ដែលផ្ដិតមេដៃចុះសំបុត្រអាពាហ៍ពិពាហ៍ មិនឲ្យយូរដល់តិចតួចឡើយ។ ទើបវិសេសក្លាហានឲ្យពរជ័យដល់បុត្រាបុត្រី ឲ្យបានសុខគ្រប់ប្រការ។

  • សូមកូននៅជាមួយគ្នាឲ្យបានសុខ។ ឪពុកគ្មានអ្វីចងដៃកូនទេ ឪពុកមានតែប្រទេសខ្មែរយើងទាំងមូលចងដៃកូន ។ ប្រទេសនេះមានទឹក ដី ព្រៃសព្វគ្រប់មុខ លោហធាតុគ្រប់មុខ។ កូនអាចនាំគ្នាកាប់គាស់ ចិញ្ចឹម ដាំ ឆ្ការ ពុពារ ទាញផលឲ្យបានបរិបូណ៌តាមចិត្ដកូន។ប៉ុន្ដែដើម្បីឲ្យផលដែលកូនរកបានមក កូនតោងធ្វើខ្លួនកូនឲ្យទៅជាម្ចាស់ស្រុកពិតៗ កូន ! កូន !...

ក្នុងពេលប្រស់ទឹកឲ្យពរនេះ វិសេសក្លាហានដួលផ្ងារខ្លួនទៅក្រោយ។ លោកមេឃុំ លោកជំទប់ មានន្ទ នាងទេវី នាងភួងក៏ផ្អើលឆោឡោ ខ្លះកោសខ្យល់ ខ្លះចាប់ ខ្លះច្របាច់ ខ្លះហៅ ខ្លះផ្ដុំត្រចៀក តែជីពចរវិសេសក្លាហាន ក៏ចេះតែវាយថយទៅៗ រហូតដល់ដាច់ខ្យល់សូន្យឈឹងតែម្ដង។ វិសេសក្លាហានចូលកាន់មរណភាពក្នុងពេលនេះឯង។ លោកថយចេញពីពិភពលោកនេះដោយមានទឹកមុខញញឹម ព្រោះលោកបានទុកដាក់បុត្រីជាទីស្នេហារបស់លោកហើយ ញញឹមព្រោះលោកជឿថា វរលក្ខណ៍មានបង្អែកមួយដ៏មាំមួនហើយ ញញឹមដោយពេញចិត្ដគ្មានអរិត្រង់ណា។

នាងទេវី និងមានន្ទប្ដីប្រពន្ធថ្មី កើតទុក្ខនឹងមរណៈសញ្ញានេះយ៉ាងខ្លាំងជាងគេ។ នាងភួងឱបជើងខ្មោចយំរអាក់រអួល រៀបរាប់ពីចិត្ដវិសេសក្លាហាន ពីគុណសម្បត្ដិវិសេសក្លាហាន។ នាងទេវីរៀបរាប់អំពីសេចក្ដីសោកស្ដាយដោយបិតានេះ ពុំទាន់បានឃើញនាងសុខ រឺទុក្ខយ៉ាងណាផងទៅថ្ងៃមុខ។ នាងរំជួលយោលយោគសោកយ៉ាងក្រៃអនេក។ មានន្ទមានទឹកមុខក្រៀមបំផុត។ ក្នុងពេលនោះ ជើងសេះឮសូរកុបៗផាយពីចំងាយមក។ មានន្ទប្រុងខ្លួនមើលទៅទិសដែលអស្សពាហ៍មក។ លុះមកដល់មុខខ្ទមកម្សត់ អ្នកជិះលោតចុះពីលើខ្នងអាជានេយ្យយ៉ាងរហ័ស។ បុរសមិនស្គាល់នេះមកគំនាប់មានន្ទយ៉ាងស្វាហាប់ រួចហុចសំបុត្រមួយដែលមានន្ទហែកមើលឃើញមានសេចក្ដីដូចតទៅ៖

សិរីសោភ័ណ ថ្ងៃ ១០កើត ខែ ពិសាឃ ព.ស ២៤០៨
ទីព្រះពន្លាជ័យព្រះកំពុត មកដល់មានន្ទមេទ័ពអានាខេត្ដសិរីសោភ័ណ


ចូលខ្លួនមកជាប្រញាប់ គ្មានបង្អង់បានឡើយ។ រឹងទទឹង មានទោសអាជ្ញាសឹក។
ព្រះកំពុត

លុះមើកូនសំបុត្រចប់ហើយ មានន្ទដកដង្ហើមធំ។ ណាមួយខ្មោចឪពុកក្មេកនៅជ្រងោ ណាមួយអាណិតដល់នាងទេវី ណាមួយព្រួយបារម្ភប្រហែលឪពុកលោកដឹងរឿងមករៀបការហើយ បានជាហៅទៅបន្ទាយយ៉ាងប្រញាប់ដូច្នោះ។ អ្នកសសៀរទៅជិតនាងទេវីកំពុងតែយំ ខ្សឹបប្រាប់ថា :

  • ឪពុកបងមានសំបុត្រហៅបងយ៉ាងប្រញាប់ មានសំបុត្រនេះ។

នាងទទួលសំបុត្រមកអាន។ នាងបែរមកកើតទុក្ខនឹងប្ដីទៀតហើយ។ ឱ !ទុក្ខអើយទុក្ខ ! ! គិតទៅក្នុងវដ្ដសង្សារនេះឃើញតែទុក្ខជួបតែទុក្ខ មានតែទុក្ខ។ ទុក្ខអ្វីក៏ទុក្ខម៉្លេះ មកញាំញីនាងទេវីមួយគ្រាជាពីរគ្រា រួចមកបន្ថែមលើគ្នាគ្មានស្រាកស្រាន្ដដូច្នោះ។ នាងសួរស្វាមីថា៖

  • មានរឿងអ្វីបង ?
  • ទេ មិនដឹងទេ តែអូនយកប្រាក់ពីរណែននេះទុកស្អែកទិញអីវ៉ាន់ និមន្ដលោកឆាន់ រូបបងមកជួយធ្វើក្ដារមឈូសពីព្រឹកមិនខាន។
  • ច៎ាះ ! បងមកកុំខានណា !

មានន្ទឮបណ្ដាំនេះព្រឺព្រួចគ្រលួចក្នុងចិត្ដអាណិតភរិយា? ព្រោះភរិយានេះផ្ដាំតែប៉ុណ្ណោះឯង។ បងមកកុំខានណា ពាក្យនេះឮសូរធ្ងន់ក្នុងដួងចិត្ដមេទ័ពក្មេងនេះ។ ពាក្យនេះពីរោះរកតូរ្យតន្ដ្រីណាមកប្រៀបស្មើគ្មាន។ ពាក្យនេះឮក្ដូងៗ ក្នុងបេះដូង...។ ពាក្យនេះថ្មីដរាបចង់តែឮ ចង់តែស្ដាប់ ចង់តែឲ្យនាងថាម្ដងទៀត។ មានន្ទមើលមុខនាង នាងមើលមុខមានន្ទ រួចបុរសក្រោកដើរយ៉ាងលឿនទៅខាងក្រៅ ដែលអ្នកយកសំបុត្រនៅរង់ចាំ។ រួចមានន្ទប្រាប់អ្នកយកសំបុត្រថាឲ្យដើរទៅបន្ទាយវិញចុះ ។ ចំនែកអ្នកលោតលើខ្នងលេះបំផាយតម្រង់ទៅអាសនៈព្រះកំពុតជាបិតា៕ 

រចនាបទសំលៀកបំពាក់ខ្មែរ

  ព្រះសុរិយាចោលពន្លឺពណ៌មាសលើសិរីសោភ័ណ បីដូចប្រាប់ថាព្រឹត្តិការណ៌មួយយ៉ាងចម្លែក នឹងចាប់កើតមានថ្ងៃនោះតទៅមិនខាន។

ស្រីស្រស់ទេវី បុត្រីវិសេសក្លាហាន ដើរពីគុម្ពផ្កាមួយទៅគុម្ពផ្កាមួយ។

ព្រឹកនោះធម្មជាតិជូនទេសភាពមួយជាទីពេញចិត្តបំផុត។រុក្ខាមានស្លឹកពណ៌បៃតងខ្ចី ត្រដាងផ្ទៃមួយយ៉ាងធំទូលាយទៅលើពសុធា។នៅចុងស្លឹកនីមួយៗ នៅទងធាងនីមួយៗ នៅកៀនមែកនីមួយៗ គឺបុប្ផាពណ៌ស លឿង ខៀវ ក្រហម ស្វាយ រីករហង់ត្រង់នោះគ្រប់បែបយ៉ាង ខ្លះមានរំយោលឆើតឆាយ ខ្លះមានទងផ្កាជាក្បាច់ ជាក្បូរដែលធ្វើឲ្យចក្ខុមនុស្សលោកឃើញចម្លែកប្លែកអស្ចារ្យ ចង់ឲ្យតែទស្សនាគយគន់ មើលមិនចេះអស់មិនចេះហើយ។

ឱ! ស្នាដៃធម្មជាតិដែលចេះតុបតែងលោក តើអ្នកកើតឡើងសម្រាប់តែទេវីបុត្រីវិសេសក្លាហានម្នាក់ឯងឬ?ឬសម្រាប់អ្នកទាំងអស់គ្នា? អ្នកនិងកញ្ញាទេវី ហាក់ចេញតែពីគុម្ពមួយ ពីព្រោះល្អឆើតឆាយផុតវិសេសដូចគ្នា។

នាងទេវីដើរមួយៗ យ៉ាងស្រាលខ្លួន។ ស្រីស្រស់ក្រឡេកមើលនាយអាយ ឈប់រើសផ្កាណាដែលនាងស្រឡាញ់។ នាងបេះផ្កាមួយយកមកសៀតលេងនឹងសក់នាង។នាងយកមកល្បងសៀតលើទ្រូងនាង រួចយកមកដាក់ផ្ទឹមនឹងមុខនាង។នាងរឹតតែល្អជាងមុនទៅទៀត។នារីសប្បាយរីករាយក្នុងចិត្តឥតឧបមា។

ក្នុងមួយនាទីដ៏សុខសាន្តនេះ ដី ស្មៅ ឈើ ផ្កា ទឹក មេឃ ធម្មជាតិទាំងមូលគឺជាទ្រព្យរបស់នាងទាំងអស់ ដែលមាននាងជាព្រះខន្តិយានីយ៍ម្ចាស់ស្រីតែមួយ។

តាំងពីតូចមក នាងពុំដែលបានសប្បាយថ្ងៃណាមួយដូចថ្ងៃនេះឡើយ។នាងជាស្រីធ្លាប់តែរស់ក្នុងបរិវេណផ្ទះ ក្នុងជញ្ជាំងស្លឹកក្រៀមទាំងបួនជុំវិញ។ក្រៅពីព្រំដែនដែលវត្ថុមើលឃើញ កាន់បាននោះនៅមានរបងដែកមួយបែបទៀតដែលភ្នែកធម្មតាមើលមិនឃើញឡើយ គឺរបងទំនៀមទម្លាប់។

ខ័ណ្ឌសីមានេះ ចងក ចងដៃ ចងជើង ចងចិត្តនាងមិនឲ្យទៅណាបានឆ្ងាយពីខ្ទមនាងឡើយ។ហេតុនេះជីវិតទេវីស្រីកល្យាណគឺជាជីវិតក្នុងរូង ក្នុងអណ្តូងងងឹត ក្នុងកន្លែងឃុំឃាំងបីដូចជីវិតអ្នកទោស។ក្នុងមួយអាទិត្យទាល់តែចំថ្ងៃសីលទើបនាងបានចេញដើរម្តង ដោយមានកិច្ចបេះផ្កាជាហេតុ។ក្នុងពេលសេរីដ៏ថ្លៃវិចិត្រនេះ កញ្ញាហាក់បានធូរសាច់ ធូរឈាម ធូរសរសៃ ដោយបានដកដង្ហើមយកខ្យល់ថ្មីក្នុងទីសួន។

ហេតុថ្ងៃសីលចំពោះនាងគឺថ្ងៃរួចខ្លួន ថ្ងៃថ្មី ថ្ងៃសប្បាយ ថ្ងៃមនុស្ស ថ្ងៃស្មើមុខ ថ្ងៃសិទ្ធិ ថ្ងៃសេរី។

កញ្ញាបេះបុប្ផាគ្រប់ពណ៌បានមួយដុំធំ។នាងទៅបត់ជើងលើស្មៅ។នាងក្រងផ្កា នាងញញឹម នាងធ្មេចភ្នែក ចិត្តស្រីស្រម័យនឹក... នឹក... នាងនឹកដល់គូស្នេហារបស់នាង ម្តេចក៏បាត់យូរម៉្លេះ មិនឃើញមក? តើប្រុសជីវិតទៅណា? តើថ្លៃឧត្តមរវល់ការអ្វី? តើថ្លើមថ្លៃផុតអស់ប្រុសឈឺហើយ ឬដូចម្តេច? តើសង្សារប្រសើរភ្លេចនាងឬ? តើព្រលឹងបងស្នេហាប្អូនដូចប្អូនស្នេហាបងឬទេ? តើគូស្នេហាហ៊ានប្តូរជីវិតនឹងបងឬទេ?

ចំណោទទាំងប៉ុន្មាននេះ បុរសម្នាក់មាឌធំ ស្មាទូលាយ ដើមទ្រូងធំ ចង្កេះរាវ សក់រួញអង្គាដី មុខស្រស់ ភ្នែកមុតថ្លា សម្លៀកបំពាក់រុងរឿង អាវពណ៌ខៀវរលើបរលោង ដាវស្រោមពណ៌មាសព្យួរនៅចង្កេះ សមជាអ្នកមានបណ្តាសក្តិខ្ពស់ អាយុប្រមាណជាង២០ឆ្នាំ ស្ទុះភ្លែតចេញពីគុម្ពផ្ការហ័ស ដូចគ្នាមកចាប់ឱបនាងទេវីពីក្រោយរឹតជាប់ដូចដង្កាប់ ឱនមុខថើប...។

នារីដំបូងភ្ញាក់ខ្លួនដូចកន្ត្រាក់ ប៉ុន្តែលុះដៃនិងដៃជួបគ្នា មុខនិងមុខជល់គ្នា ម្រាមនាងរាវរឹតកប្រុសចម្លែកជើងឆើតនេះយ៉ាងខ្លាំងបន្ថែមទៀត។រួចគឺឈាមដែលរត់ខុសធម្មតា គឺបេះដូងដែលវាយលឿនជាងធម្មតាគឺមនោសញ្ចេតនាដែលជ្រួល ខ្មួលលើសធម្មតាក្នុងរូបយុវជនទាំងពីរ។

តណ្ហា! ឱតណ្ហា! នារីភ្លេចអស់ហើយ! ផ្កាទៅដោយផ្កា ឳពុកទៅដោយឳពុក ដីទៅដោយដី ធម្មជាតិទៅដោយធម្មជាតិ នៅសល់តែវត្ថុគឺបងនិងប្អូនប៉ុណ្ណោះដែលអ្នកផងស្គាល់ឈ្មោះហៅថា សេចក្តីស្នេហាឬរាគៈ ឬភ្លើងមេត្រី។

នាងទេវីនិយាយខ្សឹបៗដាក់ត្រចៀកបុរសថា៖

នាងហៅបន្តទៀត៖

  • បង! បងមានន្ទ!

បុរសលើកស្រីឡើងឲ្យអង្គុយ។អ្នកសើចរកនាង ឃើញធ្មេញសស្គុស យកម្រាមដៃចាប់ចង្កានាងដោយមេត្រី រួចឆ្លើយតិចៗទៅវិញ៖

  • បងស្រឡាញ់អូនណា! បងមិនចង់លែងអូនឲ្យផុតពីរង្វង់ដៃបងទេ បងចង់តែនៅឱបជាប់សាច់មួយជាមួយអូន។

នារីបែបអៀន មុខឡើងក្រហម ញញឹមចុងតមាត់តបទៅវិញ។បុរសចាប់បង្វិលខ្លួននាងយ៉ាងលឿន ខ្នងនាងក៏បានមកជាប់នឹងដើមទ្រូងប្រុសជាទីស្នេហា។

ក្នុងសន្ទុះនេះ ស្ត្រីផ្តេកក្បាលនាងលើស្មាមានន្ទជាគូជីវិតយ៉ាងស្និទ្ធស្នាល។ ដៃបុរសឱបរឹតចង្កេះនាង។ ដៃនាងអង្អែលដៃបុរស។ នាងហាក់បាត់ខ្មាសបន្តិចដែរ ដោយនៅមិនចំកែវភ្នែកបុរសដូចមុនពេក។ ស្រីធីតានិយាយដោយក្រៀមក្រំថា៖

  • ប្អូនក៏ស្រឡាញ់បងដែរ... អូ ទេ! ប្អូនស្រឡាញ់បងណាស់។

បុរសឆ្លើយកាត់ដោយម៉ឹងម៉ាត់ថា៖

  • អូនដឹងទេ ហេតុអ្វីបានជាអូនស្រឡាញ់បង?

នាងទេវីខ្មួលរំជួលក្នុងចិត្តពេកក្រៃ នាងគ្រវីក្បាលដកដង្ហើមធំឆ្លើយដោយមានសម្លេងស្រងូតស្រងាត់វិញថា៖

  • ហ៊ី! ប្អូនអូននិយាយមិនបានអស់ដូចចិត្តទេ។ប៉ុន្តែបើនិយាយឲ្យខ្លី ប្អូនស្រឡាញ់បងពីព្រោះស្រឡាញ់ៗៗប៉ុណ្ណោះឯង។

មានន្ទមានចិត្តគ្រលួចអាណិតស្រី។នាងទេវីលើកដៃឡើងអង្អែលថ្គាមបុរសជាទីស្នេហា។នាងនិយាយមួយៗថា៖

  • ប្អូនស្រឡាញ់បង ពីព្រោះបងមានលក្ខណៈពេញជាមនុស្ស។
  • ពេញយ៉ាងណា?
  • គឺបងជាខ្មែរ បងស្រឡាញ់ជាតិខ្មែរ បងស្រឡាញ់អ្នកស្រុកខ្មែរ បងធ្វើការរកប្រយោជន៍ឲ្យខ្មែរ បងហ៊ានប្តូរជីវិតនិងខ្មែរ បងហ៊ានស្លាប់និងខ្មែរ បងមិនប្រកាន់កិច្ចការ មិនថាជាការណាជាការណា បងមិនយករឿងបុណ្យសក្តិមកជាគ្រឿងបំពុលខ្លួនបង បងមិនយករឿងទ្រព្យសម្បត្តិមកសង្កត់ខ្លួនបង មិនបង្ខូចខ្លួននឹងរឿងស្រី ស្រា ល្បែង របាំ។បងជាមនុស្សថ្លៃថ្លាណាស់... ប្អូនសូមទោស ប្អូននិយាយមិនអស់ទេ។

បុរសញញឹមរួចឆ្លើយវិញថា៖

  • ក្នុងលោកនេះមានតែប្អូនមួយទេដែលចេះពិនិត្យមើល ហើយស្គាល់តម្លៃពិតៗរបស់មនុស្ស។បងស្រឡាញ់ប្អូន ពីព្រោះតែអូនមានចិត្តខ្ពស់មែននេះ។លាក់បាំងអ្វី មានខ្លះគេស្រឡាញ់មនុស្ស ដោយមនុស្សនោះមានបុណ្យសក្តិ ទ្រព្យសម្បត្តិ ចេះធ្វើឫកធំ ចេះក្អេងក្អាង ចេះដេក ចេះនៅស្ងៀមដោយឥតធ្វើការ ចេះបរិភោគម្ហូបឆ្ងាញ់ ដោយឥតចាំបាច់ធ្វើការបង្កើនឲ្យបានប្រាក់ ចេះវោហាអាងអួតខាងជេរស្តី ខាងបញ្ជោរ ចេះមួលបង្កាច់។ម៉្លោះហើយ អ្វីដែលខុសទៅជាត្រូវ ត្រូវទៅជាខុស អាក្រក់ទៅជាល្អ ល្អទៅជាអាក្រក់ បាត់អស់យុត្តិធម៌ សីលធម៌ មនុស្សធម៌។ម្យ៉ាងទៀត បងដែលស្រឡាញ់អូននេះគឺស្រឡាញ់ព្រោះតែអូនក្រ។បងដឹងថា គឺមកពីអូននេះហើយបានជាឳពុកបងមាន។ទ្រព្យសម្បត្តិដែលអូនត្រូវមាន បានទៅអ្នកមានវិញ។និយាយដូច្នេះ បងខ្លោចចិត្តអាណិតដល់ជនអ្នកក្រទាំងអស់គ្នាណាស់។សព្វថ្ងៃបងច្បាំងនឹងគំនិតលោភា ទោសាទាំងនោះ ដើម្បីសេចក្តីសុខ និងសេចក្តីចម្រើនដល់អ្នកទាំងអស់គ្នាណាស់។ហេតុនេះ ចូរអូនត្រាទុកក្នុងចិត្ត ហើយចាំជានិច្ចថា ក្នុងជាតិនេះយើងស្រឡាញ់គ្នា ពុំមែនលើទុក្ខរបស់អ្នកឯទៀតទេ។អូនយល់ទេ?
  • ចាស៎! យល់ហើយ បងនិយាយពីរោះស្តាប់ណាស់។ក្នុងជាតិនេះប្អូនសុំតែរស់ជាមួយបងទេ។ប្អូនមានចិត្តដូចបង គឺស្អប់ស្រីដែលចាំតែទីពឹងលើគេ ធ្វើការមានចៅហ្វាយបង្គាប់រួចសប្បាយតាមបុណ្យគេប៉ុណ្ណោះ។ប្អូនយល់ថា កើតមកជាមនុស្សត្រូវធ្វើដើម្បីរស់។មនុស្សត្រូវដុសខាត់ សម្អាតចិត្ត គឺមិនតាំងខ្លួនជាបញ្ញើក្អែក ឬជាឈ្លើង ដែលរស់ដោយសារឈាមគេនោះទេ។មនុស្សត្រូវរកកិត្តិយស រកសេចក្តីថ្កុំថ្កើង រកសេចក្តីថ្លៃថ្នូរ អំពីការងារដែលធ្វើនេះឯង។ប្អូនរីករាយនឹងរស់ជាមួយបងព្រោះបងមានគំនិតដូចប្អូន។តែប្អូនសុំចិត្តបងមួយ...។
  • គឺអ្វី?
  • គឺកុំទុកប្អូនជាគ្រឿងសម្រាប់សប្បាយ ជាវត្ថុសម្រាប់តម្រេកចិត្តបង ជាគ្រឿងសម្រាប់លម្អ ឬសម្រាប់បម្រើបង...។
  • ប្អូនជាស្រី ប្អូនពុំមែនពឹងបងជាប្រុសនោះទេ។ប្អូនពឹង រួចត្រូវការយ៉ាងដាច់ខាតនឹងពឹង។
  • តែប្អូនសុំបញ្ជាក់ថា ប្អូនពុំពឹងដូចគេឯងទេ។ប្អូនពឹងឲ្យបងជួយបណ្តុះបណ្តាលប្អូនឲ្យដឹង ឲ្យចេះ ឲ្យស្គាល់ផ្លូវល្អចម្រើនប៉ុណ្ណោះឯង។ស្តាប់បានទេ?

មានន្ទពេញចិត្តក្រៃពេកនឹងសម្តីនារីជាសង្សារ អ្នកពុំឆ្លើយភ្លាមទេ អ្នកឱនទៅថើបថ្ពាល់ស្រីដែលនៅជិតនឹងច្រមុះអ្នកស្រាប់។នាងទេវីស្រៀវខ្លួនខ្ញាកៗ នាងចង់ឱនឱបលេបបុរសវិញ តែអៀនពេករកធ្វើអ្វីទៅមិនរួច។នាងរកឧបាយកំប្លែងលេងថា៖

  • បងកុំទុកអូនដូចជាផ្កាណា! ថើបរួចគ្រវាត់ចោលនោះ។
  • បងថើបអូន ព្រោះស្រឡាញ់អូនទេ។
  • ដូច្នោះបងអត់ស្រឡាញ់អ្នកណាទៀតទេ។
  • អ្នកឯទៀត បងស្រឡាញ់ជាមិត្រ ចំណែកអូន បងស្រឡាញ់ជាប្រពន្ធ វាខុសគ្នាឆ្ងាយណាស់ណា៎!បើដូច្នោះមានតែអូនចង់ឲ្យបងដើរថើបគេឯងតែពាសវាលទៅឬ?
  • ទេៗៗ មិនបានជាដាច់ខាត...។
  • ចូរអូនកុំទុកបងជាប្រុសផ្កាមាសណា៎! តោងទុកបងត្រឹមជាមាសបានហើយ។
  • បងជាពេជ្រ។
  • អូនជាទាំងគ្រាប់។
  • ខ្ញុំមិនមែនជាអ្វីទាំងអស់ ខ្ញុំថ្លៃជាងនេះទៅទៀត ខ្ញុំជាមនុស្ស។
  • បងជាមនុស្សដែរ។

ក្នុងលោកនោះ សូរស្គរលាន់ឮឡើងទូងៗ នៅឯគេហដ្ឋានព្រះកម្ពុត។មានន្ទងើបអើតមើលទៅទិសដែលសូររត់មកដល់។នាងទេវីក៏ក្រោកងាកមើលទៅតាម។ មានន្ទនិយាយទៅកាន់ថា៖

  • បងសូមលាអូនសិន ដល់ម៉ោងគេប្រមូលទ័ពហើយ ចាំអាទិត្យក្រោយសឹមជួបគ្នាទៀត។

អ្នកសើចយ៉ាងស្រស់ដាក់នាង។នាងសើចយ៉ាងស្ងួតដាក់អ្នកដោយមិនចង់ឲ្យឃ្លាតសោះ។ មានន្ទស្ទង់ឃើញចិត្តនាង។អ្នកចាប់ដៃនាងទាំងពីរច្របាច់យ៉ាងខ្លាំង ឱនថើបជាចុងក្រោយបង្អស់ រួចនាងទេវីឈរមើលមុខសង្សារដែលថយខ្លួនមួយៗ ចេញពីនាងទាំងស្តាយ។នារីខ្លោចផ្សាក្នុងចិត្តជាពន់ពេក។ នាងស្រែកតិចៗ ផ្តាំថា៖

  • បង! បង! យប់នេះពេលអាធ្រាត្រសុំជួបនឹងបងមួយភ្លែត ត្រង់ក្រោមដើមពោធិ៍ធំជិតខ្ទមអ្នកតា។

បុរសញញឹមដាក់នាង ងក់ក្បាលទទួលទន្ទេញថា៖

  • យប់នេះ អាធ្រាត្រក្រោមដើមពោធិ៍ធំ។
  • កុំខានណា៎!
  • បាទ! ...កុំខានណា៎!
  • ចាស៎!

ថាហើយបុរសស្ទុះភ្លែតរត់ផ្លោះគុម្ពផ្កាទាំងពួងបាត់ទៅ។នាងកញ្ញាឈរមើលគូសង្សារយ៉ាងរំភើបញាប់ញ័រក្នុងចិត្ត។ នាងងាកចេញហាក់អស់កម្លាំងហេវទន់ដៃ ទន់ជើង ធេងធោងៗក្នុងខ្លួន។នាងដើរមួយៗ ទៅរើសផ្កាដែលនាងបេះចងទុកលើស្មៅ។

ដើរចេញពីទីស្នេហាបានប្រមាណ ប្រហែលដប់ជំហាន បុរសម្នាក់មាឌស្តើងមាំ ប្រដាប់ដោយ គ្រឿងទាហាន អាវុធនៅចង្កេះ រូបឆើត ស្ទុះចេញពីគុម្ពផ្កាមួយមកឱបនាងទេវីពីក្រោយ។ស្រីភ្ញាក់ខ្លួនស្ទើរភ្លាត់ស្មារតី នាងបម្រះយ៉ាងខ្លះអស់ទំហឹង ចងចិញ្ចើម ភ័យផង បបូរមាត់ស្លេកស្លាំង។

ក្នុងមួយវិនាទីនោះ នាងក៏បានរួចពីក្រញាំដៃ ពីបុរសថ្មី។បុរសសើចក្អាកក្អាយដោះមួកគំនាប់នាងយ៉ាងកំប្លែងអស់ពីចិត្ត។

នាងទេវីខាំធ្មេញគ្រឺត សំឡក់បុរស មុខនាងដែលស្លាំង ក៏ប្រែជាក្រហមភ្លាម។នាងនិយាយដោយសង្កត់ពាក្យទៅរកយុវជនចម្លែកថា៖

  • យី! លោកកាមា! ចៀសចេញពីទីនេះឲ្យឆាប់។

នាងចង្អុលមុខបុរសដោយបន្តវាចាថា៖

  • នែ! មុខលោកឯង កុំមកប៉ះសាច់ខ្ញុំណា៎! ប៉ះមិនបានទេ។ទៅៗ ស្អប់មុខណាស់។

បុរសឈ្មោះកាមា ពេបមាត់សើចយ៉ាងវែង ច្រត់ចង្កេះមើលនាងដែលខឹង ហើយពោលតបដោយសម្លេងក្អុលខ្លាំងថា៖

  • ស្រីដែលមានរូបល្អ ដូចអូន មិនគួរមានចិត្តអាក្រក់សោះ។

ថាហើយកាមាសើចក្អាកក្អាយ សើចឮរំពង។

  • យី! អីលោកហ៊ានហៅរូបខ្ញុំអូនផង? ខ្ញុំជាប្អូនលោកពីកាលណាមក? មនុស្សអីក៏មានចិត្តឫស្យា មុខក្រាស់ម៉្លេះ?

ថាហើយ នាងច្រត់ដៃនឹងចង្កេះនាង សម្លឹងមុខបុរសគ្មានប្រហែលឡើយ។កាមាសើចដដែល។

  • បើមិនឲ្យហៅអូន តើឲ្យខ្ញុំហៅអីវិញ? ហៅបង? ហៅអ្នកបង? ហៅមិនកើតទេ។

នាងទេវីឮសម្តីចុងក្រោយនេះ នាងស្មានក្នុងចិត្តថា ប្រហែលបុរសនេះឃើញនាង និងមានន្ទហើយ ពីព្រោះកាមាត្រូវជាប្អូនបង្កើតរបស់មានន្ទ។នាងខំទប់សេចក្តីអៀនខ្មាស ប្រឹងធ្វើទឹកមុខដដែល។

  • យី! ចំណាស់ប៉ុនខ្ញុំ លោកហៅខ្ញុំបងមិនបានឬ?
  • ហៅមិនបាន ព្រោះខ្ញុំស្រឡាញ់អ្នកយូរមកហើយ។ខ្ញុំចង់បានអ្នកជាប្រពន្ធខ្ញុំ។ខ្ញុំប្រាថ្នាលើកតម្កើងអ្នកឲ្យខ្ពស់ផុតអស់នារីដែលមាននៅលើលោកនេះ។ ខ្ញុំចង់ឲ្យអ្នកថ្កុំថ្កើងដោយសារស្នាដៃខ្ញុំ។
  • មិនបាច់និយាយច្រើនទេ! ខ្ញុំមិនត្រូវការឲ្យលោកលើកតម្កើងខ្ញុំទេ ពាក្យថោក គំនិតទាប ខ្ញុំមិនចង់ស្តាប់លោកទេ។

បុរសឡើងក្រហមស្លឹកត្រចៀក។ដោយស្រឡាញ់នាងទេវីពេក កាមាមើលមុខនាងឃើញល្អអ្វី ក៏ល្អម៉្លេះទេ ទោះកំពុងខឹងក្រញូវដូច្នោះក៏នៅតែល្អ។សម្លេងពីរោះអ្វីក៏ពីរោះម៉្លេះ ទោះគំហក ដៀលត្មះប៉ុណ្ណោះហើយ ក៏នៅតែពីរោះ។អ្នកមើលមុខនាងដោយអង្វរ ហើយពោលថា៖

  • ខ្ញុំទាប អ្នកខ្ពស់ បានជាខ្ញុំស្រឡាញ់អ្នក។ខ្ញុំសូមចិត្តអ្នកចុះ កុំខឹងអ្វីនឹងខ្ញុំ។ដោយស្រឡាញ់អ្នកពេកហើយ បានជាអម្បាញ់មិញ ខ្ញុំស្ទុះមកឱបអ្នក។សូមទោសអ្នកចុះ កុំប្រកាន់ខ្ញុំ។ខ្ញុំពិតជាស្រឡាញ់អ្នកមែន។ថ្ងៃនេះខ្ញុំចង់និយាយជាមួយនឹងអ្នកឲ្យបានវែងឆ្ងាយ ដើម្បីអ្នកយល់...។
  • ខ្ញុំមិនបាច់ស្តាប់លោកទេ។ខ្ញុំមិនចង់ស្តាប់ ខ្ញុំមិនចង់យល់លោកទេ។

កាមាខឹងឆួលក្នុងចិត្ត ដោយមើលឃើញជាក់ថា ធម៌ត្រជាក់មិនបានការ។អ្នកខាំធ្មេញដើរចូលទៅរកនាង ប្រាថ្នាគិតចាប់គំហែង ចាប់ដោយកម្លាំងតែម្តង។នារីសម្លឹងបុរសយ៉ាងកកាចបំផុត។កាមាទុចង៉ក់។នាងពោលថា៖

  • កាមា! កាមា! កាមា! កុំចូលជិត! តែបើចូល មានតែស្លាប់ និងរស់ប៉ុណ្ណោះ!
  • ខ្ញុំមិនថយមួយជំហានទេ។
  • ឈប់! កាមា បើចង់និយាយនឹងយើងណាស់ ឈរឲ្យស្ងៀមមួយកន្លែងចម្ងាយបីម៉ែតពីយើង។អើ! ធ្វើយ៉ាងហ្នឹង បានហៅថ្លៃថ្នូរ ពេញដោយជាកូនប្រុស។ឥឡូវនិយាយមកចុះ បើពេញជាកូនប្រុសព្រះកម្ពុតមែន ខ្ញុំស្តាប់។
  • អ្នកជ្រាបទេ? ខ្ញុំស្រឡាញ់អ្នកយូរមកហើយ។ឳពុកខ្ញុំ ព្រះកម្ពុតជាចៅហ្វាយលើភពផែនដី ចង្វាត់សិរីសោភ័ណនេះ។ខ្ញុំអាចសូមឪពុកខ្ញុំ ចូលដណ្តឹងអ្នកបាន។តែខ្ញុំគ្រាន់តែចង់ដឹងចិត្តអ្នកបន្ថែមបន្តិចទៀតទេ បានជាខ្ញុំតែងឆ្លៀតឱកាស ចង់ជួបនឹងអ្នក ដើម្បីយើងនិយាយគ្នាឲ្យដឹងដើម ដឹងចុងបន្តិច។ឳពុកខ្ញុំប្រាកដជាស្រឡាញ់អ្នកដែរ ពីព្រោះគាត់បាននិយាយដំណាលពីរឿងអ្នករឿយៗណាស់។
  • ឪពុកលោកតំណាលពីគ្រប់ស្រីដែលមានរូបល្អ។នេះជាការធម្មតាទេ។
  • ទេ! លោកប្រហែលជាចង់បានអ្នកជាកូនប្រសាដែរ។
  • ប្រហែលជាចង់បានខ្ញុំយកទៅធ្វើជាប្រពន្ធខ្លួនឯងទេដឹង? ឳពុកលោកជាមនុស្សមកពីអវចី ប្រពន្ធរាប់ដប់ម្ភៃ លួចកូនគេ លួចប្រពន្ធគេ។
  • យីអ្នក! ខ្ញុំនិយាយមិនស្តាប់ បានតែបងមានន្ទឬ ទើបនិយាយស្តាប់បាន?
  • អើ! ខ្ញុំស្តាប់តែមានន្ទពិតប្រាកដមែន។មានន្ទជាគូសង្សារខ្ញុំ ជាប្តីខ្ញុំពេញចិត្ត។អើ! អើ! បើកាមាឯងជាប្អូនមានន្ទ ហើយដឹងថាមានន្ទជាបងកាមាឯងស្រឡាញ់ខ្ញុំហើយ ម្តេចក៏កាមាឯងមកស្រឡាញ់ខ្ញុំទៀត?ឬចង់ក្បត់មានន្ទជាបងបង្កើត? លោកក្បត់ចុះ តែខ្ញុំ ខ្ញុំមិនក្បត់ទេ។កាមា! ខ្ញុំសូមលោករកស្រីណាទៀតទៅ មិនខ្វះទេ ស្រីល្អនោះ។តែធ្វើដូច្នោះ នាំឲ្យបាក់បែកគ្រួសារយើងទេ។ទៅ! កាមាអញ្ជើញទៅចុះ។

កាមារឹតតែខឹងទៀត អ្នកសំឡក់នាងទេវីស្ទើរធ្លុះពីរបី។ខ្យលគំនុំមួយ បោកមកលើដួងចិត្តអ្នកដូចព្យុះសង្ឃរា។យ៉ាងរហ័សអ្នកបែរមុខចេញ ស្ទុះលោតកាត់គុម្ពផ្កាមួយ ពីមួយទៅមួយ តម្រង់ទៅគេហដ្ឋានព្រះកម្ពុតឳពុក។

នាងកញ្ញាទេវីបានធូរ ដូចដកបន្លាពីដើមទ្រូង ធូរចិត្ត ឈរមើលកាមាដែលបាត់ទៅ។អស់កម្លាំងហេវ នារីដើរមួយៗទៅកាន់ផ្ទះនាង៕