Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

និទានខ្មោច៖ អ្នកគ្រូភូមិវិទ្យា


រដូវវិស្សមកាលបានបញ្ចប់ ហើយសិស្សគ្រប់គ្នាត្រូវចាប់ផ្ដើមចូលរៀនវិញ នៃសាលាវិទ្យាល័យមួយ។ ខ្ញុំជាសិស្សស្រីវ័យក្មេងម្នាក់ដែលមិនទាន់ចង់ទៅរៀនទាល់តែសោះ។ ខ្ញុំឈ្មោះ ធីលីនីកា តែពួកម៉ាកហៅខ្ញុំតែ ធីកា។ ទោះជាខ្ញុំមិនមែនជាសិស្សល្អក្នុងថ្នាក់ តែខ្ញុំតែងបានពិន្ទុល្អបង្គួរ មិនដែលធ្លាក់ឡើយរាល់ៗខែ ហើយរីករាយទទួលយកចំណេះដឹងថ្មីៗ។ មិនមានមុខវិជ្ជាណាដែលខ្ញុំមិនចូលចិត្តទេ តែខ្ញុំមិនចូលចិត្តគ្រូ។

ទោះជាប្រឹងធ្វើខ្លួនជាសិស្សល្អយ៉ាងណា ក៏ខ្ញុំនៅតែបន្តមានបញ្ហាជាមួយគ្រូៗក្នុងសាលាខ្ញុំ។ រាល់សប្ដាហ៍ អ្វីៗតែងតែបង្កជាបញ្ហាឱ្យគ្រូខ្ញុំខឹងខ្ញុំ។ គ្រូៗឱ្យខ្ញុំឈរមុខថ្នាក់ ឬកត់មេរៀនរាប់រយដង ជាដើម។ វាជាមូលហេតុដែលខ្ញុំលែងចង់ទៅរៀន ព្រោះខ្លាចឆ្នាំនេះអាក្រក់ជាងឆ្នាំមុន។

ពេលខ្ញុំមកដល់សាលា នៅថ្ងៃចូលរៀនដំបូង ខ្ញុំភ្ញាក់ផ្អើលជាខ្លាំងនៅពេលឃើញអ្នកគ្រូភូមិវិទ្យាថ្មីម្នាក់។ គ្រូភូមិនោះជានារីអាយុខ្ទង់២៥ ជាមួយមុខមាត់ដ៏ស្រស់ស្អាត់។ គាត់ចងសក់បួង ហើយមានប្រជ្រុយនៅនឹងបបូរមាត់របស់គាត់។ ខ្ញុំសង្ឃឹមថា អ្នកគ្រូនេះនឹងមិនដូចជាគ្រូគម្រក់ទាំងអស់នោះទៅចុះ។

បន្ទាប់ពីអាហារពេលថ្ងៃត្រង់នៅថ្ងៃសុក្រ ពេលខ្ញុំត្រឡប់មកថ្នាក់វិញ ខ្ញុំស្រាប់តែធ្វើធ្លាក់សៀវភៅលើផ្លូវដើរ។ ពេលខ្ញុំឱនរើស ខ្ញុំសង្គេតឃើញថា អ្នកយាមមាត់ទ្វាសម្លឹងមកកំភួនជើងខ្ញុំ ហើយលិតមាត់គាត់។ ខ្ញុំសម្លក់ថ្លែទៅគាត់វិញ ហើយទាញសំពត់បិទជង្គង់។

«អាងាប់នេះគួរឱ្យខ្លាច» ខ្ញុំរអ៊ូក្នុងចិត្ត។

ថ្ងៃបន្ទាប់ ខ្ញុំកំពុងអង្គុយក្នុងថ្នាក់ ស្ដាប់ទៅអ្នកគ្រូភូមិពន្យល់ពីភូមិសាស្ត្រ និងប្រពៃណី ស្រាប់តែមានក្មេងស្រីម្នាក់ឈ្មោះ វិច្ឆិកា លើកដៃនាងឡើង។ អ្នកគ្រូឈប់ពន្យល់ ហើយចង្អុលទៅក្មេងស្រីនោះ។

«វិច្ឆិកា មានអ្វីចង់សួរទេ?» គាត់សួរ។

«ចា មាន» វិច្ឆិកានិយាយ។ «ហេតុអីបានជាប្រជ្រុយអ្នកគ្រូតែងប្រែប្រួល?»

អ្នកគ្រូចាប់ផ្ដើមប្ដូរទឹកមុខភ្លាមៗ។

«ចង់និយាយពីអី?» គាត់សួរ។

«ប្រជ្រុយលើមុខអ្នកគ្រូ» វិច្ឆិកា តប។ «វាតែងប្ដូររហូត។ កាលថ្ងៃច័ន្ទ អ្នកគ្រូមានប្រជ្រុយមួយ តែកាលម្សិលម៉្ងៃ និងម្សិលមិញ អ្នកគ្រូមានប្រជ្រុយដល់ទៅបី។ ឥឡូវវានៅសល់តែមួយម្ដងទៀត។»

ក្មេងក្នុងថ្នាក់ទាំងអស់ចាប់ផ្ដើមសើចគិល។ វាជាសំណួររដ៏កំប្លែង។

«ភ្នែកឯងមានបញ្ហាហើយ» អ្នកគ្រូតបទាំងខឹង។ «ដូចដែលឯងឃើញស្រាប់ហើយ ខ្ញុំមានប្រជ្រុយតែមួយទេនៅលើមុខ។ ឥឡូវបើឯងគ្មានស្អីនិយាយទេ នៅឱ្យស្ងៀមបិទមាត់ចង្រៃឯងទៅ។»

ពេញមួយថ្ងៃនោះ ខ្ញុំសង្គេតឃើញថា អ្នកគ្រូភូមិម្នាក់នេះតែងសម្លក់ទៅរកវិច្ឆិកាជានិច្ច។ មើលទៅដូចជាគាត់សម្លឹងដោយកំហឹងឆាបឆេះ និងភាពស្អប់។ ពេលចុងម៉ោង ហើយខណៈសិស្សទាំងអស់កំពុងចេញទៅផ្ទះ អ្នកគ្រូហៅ វិច្ឆិកា ហើយប្រាប់នាងថាគាត់ចង់និយាយពាក្យខ្លះៗជាមួយនាង។ ខ្ញុំធូរទ្រូងគ្រាន់ ព្រោះថា ពេលនេះមិនមែនជាខ្ញុំទេដែលជួបបញ្ហា។

ព្រឹកថ្ងៃច័ន្ទ ពេលខ្ញុំមកដល់់សាលា ខ្ញុំឃើញថា មានតុមួយនៅទំនេរក្នុងថ្នាក់។ វិច្ឆិកា មិនមករៀនទេ។ ពិតណាស់ នាងមិនបានមករៀនជាច្រើនថ្ងៃបន្ទាប់។ ខ្ញុំចាប់ផ្ដើមឆ្ងល់ថា តើនាងមានរឿងអីកើតឡើង តែពេលខ្ញុំទៅសួរគេឯង គ្មាននរណាដឹងពីនាងសោះ។

វាមានអ្វីម្យ៉ាងដែលធ្វើឱ្យខ្ញុំមិនស្ងប់ចិត្តសោះ។ ខ្ញុំចាប់ផ្ដើមចាប់អារម្មណ៍លើអ្នកគ្រូភូមិជាងមុន ហើយកត់ត្រាពីគាត់រៀងរាល់ថ្ងៃ ហើយកត់សម្គាល់ឃើញរឿងរ៉ាវដ៏ចម្លែកមួយចំនួន។

ប្រជ្រុយអ្នកគ្រូពិតជាប្ដូរមែន។

ខ្ញុំមិនយល់អំពីវាទេ។ នៅថ្ងៃច័ន្ទ គាត់មានប្រជ្រុយពីរ។ តែថ្ងៃពុធ វាត្រឡប់ទៅមួយវិញ។ តែមិនមែនត្រឹមតែប៉ុណ្ណឹងទេ។ ពេលខ្ញុំពិនិត្យកាន់តែខ្លាំង ខ្ញុំឃើញថា នៅថ្ងៃច័ន្ទ អ្នកគ្រូមានពាក់កងដៃមាសលើដៃខាងឆ្វេងគាត់។ នៅថ្ងៃអង្គារ កងដៃនោះបាត់ទៅ ហើយថ្ងៃពុធ វាត្រឡប់មកនៅលើដៃគាត់វិញ។

ខ្ញុំពិតជាកើតការសង្ស័យច្រើនណាស់លើរឿងចម្លែកទាំងនេះ។

ល្ងាចនោះ បន្ទាប់ពីសាលាបញ្ចប់ទៅ ខ្ញុំសម្រេចចិត្តទៅតាមអ្នកគ្រូ ដើម្បីស្វែងរកកន្លែងដែលគាត់នៅ។ ខ្ញុំបណ្ដើរកង់របស់ខ្ញុំអស់មួយសន្ទុះទម្រាំបានជួបអ្នកគ្រូ ដែលគាត់កំពុងតែថយម៉ូតូរបស់គាត់បម្រុងចេញទៅ។ ខ្ញុំជិះកង់តាមម៉ូតូគាត់ ហើយប្រាកដច្បាស់ណាស់ថា ទៅមិនជិតគាត់ណាស់ណាពេកទេ រហូតទៅដល់ផ្ទះមួយដែលដាច់ពីផ្ទះគេឯង។

អ្នកគ្រូទុកម៉ូតូនៅខាងក្រៅទីធ្លាផ្ទះ ហើយចូលទៅក្នុងផ្ទះនោះតាមទ្វាមុខ។ ខ្ញុំទុកកង់លាក់ក្នុងគុម្ពោធព្រៃ ហើយរត់ចូលទៅក្នុងផ្ទះនោះបំណងឡើងទៅជាន់លើ តែស្រាប់តែអ្នកគ្រូចុះមកក្រោមវិញដោយមានស្បោងប្លាស្ទិកនៅក្នុងដៃផងដែរ។ ខ្ញុំចូលពួនក្រោមជណ្ដើរយ៉ាងរហ័សពេលអ្នកគ្រូចុះមក ហើយចេញទៅក្រៅបាត់ដើម្បីយកសំរាមគាត់ទៅចោល។

«នេះជាឱកាសខ្ញុំហើយ» ខ្ញុំគិត។

ធ្វើចិត្តខ្លួនឯងឱ្យក្លាហានហើយ ខ្ញុំរត់ឡើងទៅលើហើយបើកទ្វាចូល មុននឹងអ្នកគ្រូត្រឡប់មកវិញ។

ខ្ញុំនៅក្នុងផ្ទះបាយនៃផ្ទះនេះ។ មើលទៅជុំវិញ ខ្ញុំពិតជាតក់ស្លុតជាខ្លាំងនៅពេលដែលបានឃើញស្ត្រីម្នាក់អង្គុយនៅតុធ្វើម្ហូប បែរខ្នងដាក់ខ្ញុំ។ ស្ត្រីនោះមានមុខមាត់ដូចអ្នកគ្រូភូមិបេះបិត។

ភ្លាមនោះ ខ្ញុំឮសំឡេងទ្វាមុខបើក។ អ្នកគ្រូត្រឡប់មកពីយកសំរាមទៅចោលហើយ។ ខ្ញុំឡើងទៅលើទូដាក់ម្ហូបមួយហើយពួនឱ្យបានមុនពេលដែលស្ត្រីនោះឃើញនាង។

អង្គុយក្នុងទូ ខ្លាចបង្កជាសំឡេង ខ្ញុំអាចឮសំឡេងមនុស្សស្រីពីរនាក់និយាយគ្នាក្នុងសំឡេងយ៉ាងដូចគ្នា។ បន្ទាប់មក ខ្ញុំឮសំឡេងសម្រឹបជើងដើរមក ហើយសំឡេងរបស់ស្ត្រីម្នាក់ទៀតចូលមកក្នុងផ្ទះបាយ។

មើលតាមប្រហោងទូ ខ្ញុំអាចឃើញអ្វីគ្រប់យ៉ាងច្បាស់ក្រឡែត។ មានស្ត្រីបីនាក់អង្គុយនៅតុធ្វើម្ហូប។ ខ្ញុំពិតជាមិនគួរឱ្យជឿនូវអ្វីដែលបានឃើញនឹងភ្នែកសោះ។ វាពិតជារន្ធត់នឹងជឿណាស់។ ពួកគេទាំងបីគឺដូចគ្នាបេះបិត។

«កូនភ្លោះបី!» ខ្ញុំគិត។ «ព្រះអើយ ស្អីចឹង។ នេះហើយជាមូលហេតុដែលអ្នកគ្រូតែងតែប្រែប្រួល។ គាត់ទាំងបីនាក់នេះប្រាកដជាបានទៅបង្រៀនឆ្លាស់គ្នា ហើយក្លែងធ្វើជាមនុស្សតែមួយ។ ដល់កហើយ!»

បន្ទាប់មក ខ្ញុំឃើញបុរសម្នាក់ដើរចូលមកក្នុងផ្ទះបាយ។ វាគឺជាអ្នកយាមទ្វាសាលា។ ម្ដងម្នាក់ៗ ស្ត្រីទាំងនោះក្រោកឈរឡើង ឱបគាត់យ៉ាងណែនហើយថើបបបូរមាត់គាត់។

«ព្រះម្ចាស់ថ្លៃអើយ» ខ្ញុំគិត។ «បងប្អូនភ្លោះទាំងបីរៀបការជាមួយបុរសតែម្នាក់។ ពួកគេពិតជាអាសមែន!»

«ល្ងាចនេះបងចង់ញ៉ាំម្ហូបអីដែរ ប្ដីសម្លាញ់?» អ្នកគ្រូម្នាក់សួរ។

«ដូចយប់មិញដែរ» អ្នកយាមទ្វាសួរ។

«សាច់ទ្រូង ឬសាច់ភ្លៅ?» នាងសួរបញ្ជាក់។

«សាច់ភ្លៅដ៏ផុយឆ្ងាយ» បុរសគួរឱ្យខ្លាចនោះនិយាយ ដោយលិតមាត់របស់គាត់យ៉ាងឃ្លាន។

នារីម្នាក់បើកទ្វាទូរទឹកកក ស្រាប់តែអ្វីដែលខ្ញុំឃើញតក់ស្លុតហួសថ្លែង។ ខ្ញុំត្រូវយកដៃបិទមាត់ខ្លួនឯងកុំឱ្យស្រែក។

ព្យួរនៅកណ្ដាលទូរទឹកកកគឺជាសាកសពរបស់មិត្តរួមថ្នាក់ខ្ញុំដែលបានបាត់ខ្លួន វិច្ឆិកា។ សក់របស់នាងកករឹង ហើយកករោមភ្នែក និងចិញ្ចើម។ មានឈាមកកយ៉ាងវែងនូវច្រមុះរបស់នាង។ ដៃទាំងពីររបស់នាង និងជើងម្ខាងត្រូវបានគេកាត់ផ្ដាច់។

បន្ទាប់មក នៅក្បែរខ្ញុំនេះ ខ្ញុំឃើញបុរសដែលយាមទ្វាសាលាម្នាក់នេះអង្គុយលើកៅអីរបស់គាត់។ ក្បាលគាត់ងក់ចុះឡើងៗហើយច្រមុះគាត់ប្រឹងហិតក្លិនដូចឆ្កែ។

«បងដូចជាធំក្លិនអ្វីម្យ៉ាង!» គាត់ជំទាល។ «បងដឹងក្លិនហ្នឹងហើយ! វាជាក្លិនក្មេងស្រីម្នាក់!!!!»

អ្នកទាំងបួនងើបឈរឡើង ហើយចាប់ផ្ដើមស្វែងរកក្នុងផ្ទះបាយ តាំងពីក្រោមតុ និងកន្លុកកន្លៀត។ ខ្ញុំពួនស្ងៀមនៅកន្លែងពួននេះ ញ័រញាក់ដោយភិតភ័យ ខណៈខ្ញុំស្ដាប់ពួកគេហិតក្លិនដូចសត្វ ដើម្បីរកខ្ញុំ។

រំពេចនោះ ទ្វាទូរបើកឡើង ហើយខ្ញុំឃើញបុរសយាមទ្វាសាលានេះឈរនៅទីនេះ ជុំវិញគឺប្រពន្ធទាំងបីរបស់គាត់។ គាត់ចំហរមាត់ហៀរទឹកមាត់កក្លាក់ ឯភ្នែកសម្លឹងមកជើងទាំងគូរបស់ខ្ញុំ។

«សាច់ស្រស់!» គាត់ជំទាល់ខណៈដែលគាត់ទះទ្រូងខ្លួនឯងធ្វើដាច់ដាបដូចឆ្កែចចក។

«សាច់ស្រស់! សាច់ស្រស់!» ពួកនាងប្រពន្ធបន្ទរ។ ពួកគេសាទរដូចសត្វជ្រូក។

មនុស្សឃោរឃៅទាំងបួននាក់ទាញខ្ញុំចេញពីទូហើយមើលមុខថ្លែដោយសេចក្ដីស្រេកឃ្លានប្រៀបដូចជាសត្វឆ្កែដាច់បាយជាច្រើនខែមកអញ្ចឹង។

«ស្រស់បែបនេះ» ស្ត្រីម្នាក់លាន់មាត់។ «បើបានឆាខ្ញីមិនដឹងឆ្ងាញ់យ៉ាងណា!»

ពីរបីនាក់ទៀតមកកៀកខ្ញុំ ហើយហិតលិតដៃខ្ញុំយ៉ាងគឃ្លើន។ ខ្ញុំព្យាយាមរើបម្រាស់ទាំងសង្ឃឹមដូចជាទៀនកណ្ដាលព្យុះភ្លៀង។

«រើណាស់តើ!» បុរសកំណាចនេះនិយាយ។ «យកកាំបិតម៉ោ! អារកសម្លាប់ផឹកឈាមឆៅ។»

និយាយរួច ប្រពន្ធគាត់រត់ទៅយកកាំបិតសស្ងាចមកឱ្យប្ដី ប្ដីទទួលកាំបិតហើយសើចយ៉ាងពិសពុលមករកខ្ញុំ រួចយារដៃបម្រុងកាប់បណ្ដាច់កខ្ញុំ។

ទាំងៗ…

សំឡេងមហិមាពីរដង ធ្វើឱ្យហ៊ឹងត្រចៀកអ្នកទាំងពួងរកស្ដាប់អីមិនឮ។ ផ្សែងឈ្ងៀមពេញផ្ទះបាយដូចជាក្លិនផាវ។ ប៉ូលីសបួននាក់ចូលមកឈូរឆរ កាំភ្លើងភ្ជង់ទៅនឹងក្បាលជនឧក្រិដ្ឋទាំងបួន ឯខ្ញុំបានរួចជីវិតក៏រត់ទៅក្បែរប៉ូលីសស្រីម្នាក់ទាំងអំណរ។ ប៉ូលីសស្រីម្នាក់នោះស្ទាបទ្រូងខ្ញុំ ព្យាយាមសម្រួលខ្ញុំកុំឱ្យភ័យភិតតទៅទៀត ហើយងាកទៅរកប៉ូលីសប្រុសៗទាំងបីនាក់រួចស្រែកបញ្ជាយ៉ាងអំណាច«បាញ់បំបែកក្បាលវាទៅ!»

ទាំងៗៗ…

ស្ថិតក្នុងភាពតក់ស្លុត ខ្ញុំឃើញអ្នកគ្រូភូមិវិទ្យាទាំងបី និងប្ដីគាត់ដួលស្រិបទៅលើឥដ្ឋការ៉ូ ឈាមហូរបាញ់ចេញពីក្បាល។

ខ្ញុំមកប៉ុស្ដិ៍ប៉ូលីសដើម្បីសួរចម្លើយស្រាយបំភ្លឺទាក់ទងនឹងពួកមនុស្សស៊ីសាច់មនុស្សនេះ ហើយខ្ញុំរ៉ាយរ៉ាប់ប្រាប់សេចក្ដីពិតតាមដំណើរដែលលើកមកពីវគ្គទី១។ ប៉ូលីសស្រីស្អាតចិត្តល្អម្នាក់នេះប្រាប់ខ្ញុំថា ក្រុមហ៊ុនដឹកប្រមូលសំរាមបានមកយកសំរាមនៅមុខផ្ទះគ្រូភូមិនោះ ដោយស្បោងសំរាមមានក្លិនឈាមឆ្អាប ទើបបណ្ដាលចិត្តពួកគេឱ្យឆ្ងល់ បើកមើលក៏តក់ស្លុតជាខ្លាំងពេលឃើញគ្រឿងក្នុង សក់ និងសាច់មនុស្ស ទើបរាយការណ៍មកប៉ូលីស ក្រុមប៉ូលីសក៏ធ្វើអន្តរាគមន៍ភ្លាមៗ។

ពេលអ្វីៗប្រសើរហើយ ខ្ញុំបម្រុងលាប៉ូលីសទាំងអស់ទៅផ្ទះវិញ តែត្រូវប៉ូលីសស្រីស្អាតម្នាក់នេះបង្អាក់ថា ឱ្យទៅគេងផ្ទះគាត់មួយយប់ ដើម្បីធ្វើរបាយការណ៍កាន់តែលម្អិត កុំឱ្យពិបាកសួរនាំលើកក្រោយទៀត។ ខ្ញុំមិនប្រកែក ក៏ងក់ក្បាលយល់ព្រម។

យើងទាំងពីរមកដល់ផ្ទះឈើបុរាណធំមួយដែលបងប៉ូលីសស្អាតម្នាក់នេះអះអាងថាជាផ្ទះគាត់។

អ្វីដែលខ្ញុំគិត មិននឹកស្មានដល់ឡើយ…

ក្នុងផ្ទះនេះមានបុរសម្នាក់ ទំនងជាប្ដីរបស់បងប៉ូលីស ចេញមករាក់ទាក់ភរិយា។ ពេលចូលដល់ក្នុងផ្ទះ បងប៉ូលីសនិយាយទៅប្ដីគាត់ថា«ខ្ញុំបង្គាប់ឱ្យប៉ូលីសបាញ់សម្លាប់គ្រូភូមិភ្លោះបី និងប្ដីវា។»

ប្ដីគាត់ភ្ញាក់ផ្អើលណាស់ ហើយនិយាយទៅវិញ «ហេតុអីអូនហ៊ានធ្វើបែបនេះ? យ៉ាងណាក៏គេជាបងប្អូនជីដូនមួយរបស់អូនដែរ។»

«ឱ្យវាស្លាប់ចុះ» បងប៉ូលីសញញឹមលាក់គំនួចព្រមទាំងមើលមុខខ្ញុំមួយភ្លែត។ «ខ្ញុំទ្រាំវាមិនបានពេក។ ច្រើនដងហើយដែលវាបានសម្លាប់មនុស្សស៊ីសាច់។ ច្រើនដងហើយដែលវាបានសាច់ស្រស់ស៊ីមិនហៅខ្ញុំ។ ច្រើនដងហើយដែលវាស៊ីសាច់ក្មេងមិនចែកខ្ញុំ។ ពេលនេះប្លន់យកចំណីវាម្ដង។ បងសំលៀងកាំបិតហើយនៅ?»

«រួចរាល់ហើយ» និយាយហើយ ជនទាំងពីរបង្ខំចាប់ទាញខ្ញុំចូលទៅក្នុងផ្ទះបាយព្រមទាំងយកកាំបិតដ៏មុតមកកាប់កញ្ចឹងកខ្ញុំបណ្ដាលឱ្យមានឈាមហូរជោគជាំ។ ខ្ញុំបានត្រឹមស្រែករហូតខ្សោយអស់សំឡេងដាច់ខ្យល់ស្លាប់ទៅ៕

ចប់

0 Comments:

Post a Comment