Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿងចាំអូនវិលវិញ វគ្គ២

 រឿងចាំអូនវិលវិញ វគ្គ២ 

កឺតៗៗៗ………

ឱ មាន់រងាវបាត់ទៅហើយ តើខ្ញុំគេងលក់ពីស្មើណាមកនេះ ?

ហ៊ឹម……….គិតសុខៗក៏គេងលក់មិនដឹងខ្លួន យ៉ាប់ណាស់ខ្ញុំអើយ។ កុសល្យក្រោកពីគ្រែបត់ មុងបត់ភួយ រួចជាស្រេចហើយ។អ្នកកំលោះក៏បានដើរសំដៅទៅខាងក្រោយផ្ទះទាញយកធុងទឹកពីរ ជាមួយនឹងដងរ៉ែកមួយដាក់នៅលើស្មា មើលទៅសង្ហារដែរតើ មិនចាញ់អ្នក

ទីក្រុងប៉ុន្មាននោះទេ សាច់ដុំធំៗដ្បិតអីកុសល្យជាកូនអ្នកស្រែចម្ការ រែកទឹកពុះអុស ជារៀងរាល់ថ្ងៃ។ កុលស្យបានយកធុងរែកដោយដោយដងរ៉ែកពីស្រះនៅខាងក្រោយផ្ទះដើម្បីមកស្រោចដំណាំ មានស្ពៃ ត្រកួន ត្រសក់ សណ្ដែក….និងបន្លែបង្ការជាច្រើនមុខទៀត……

- កុសល្យ ថ្ងៃនេះក្រោកលឿនម្ល៉េះកូន ពុកក្រោកសឹងតែមិនទាន់ កូនដណ្ដើមការងាររបស់ពុកអស់ ទៅហើយ នៀក……

- អូ! បាទ ពុកថ្ងៃនេះ ខ្ញុំអារម្មណ៍ល្អណាស់ពុក ទើបបានជាក្រោកលឿនបែបនេះ

- អឺ……ល្អហើយ អារម្មណ៍ល្អស្អីក្រែងយប់មិញយំល្ហេកល្ហាមនៅនឹងមុខពុកទេតើ។នែ….កុសល្យមើលស្រោចដំណាំរួចកូនជួយដាក់បាយមាន់បាយទាឱ្យវាញ៉ាំផង ពុកមានការទៅចុងភូមិបន្តិច

- ដឹងជាស្អីទេ ពុក និយាយជាមួយមាន់ទា សុទ្ធតែញ៉ាំនិយាយជាមួយខ្ញុំវិញ សុទ្ធតែស៊ី 

- អឺ….មាន់ទា វាលក់បានប្រាក់និយាយល្អជាមួយវាខ្លះទៅ ឯកូនឯងលក់មិនកើតមិនបាច់និយាយល្អក៏បាន 

- ចឹង ពេលពុកត្រឡប់មកពីចុងភូមិវិញរកមើលទិញកូនក្រមុំអ្នកភូមិផ្ញើខ្ញុំបាន ពីរ បីផងពុក ពីព្រោះនែក….. ខ្ញុំមានអារម្មណ៍ថា ចង់បានប្រពន្ធហើយពុក

- យី អានេះវ៉ើយ មើលវានិយាយធ្វើមើលតែកូនក្រមុំគេនឹងលក់ឡៃឡុងៗ ពីរមួយរយៗ តាមផ្សារចឹង កូននេះវ៉ើយ។ អឺ!......និយាយចឹងពុកទៅហើយ កុំភ្លេចការងារ ដែលពុកប្រាប់ ពុកមកវិញឃើញនៅមិនរួចត្រូវដំបងហើយឯង។

ក្រោយកិច្ចសន្ទនាយ៉ាងមមាញឹករវាងឪពុកនិងកូនរួច កុសល្យដែលជាកំលោះកើតទុក្ខបានប្រឹងធ្វើកិច្ចការសព្វគ្រប់អស់ហើយប្រហែលជាម៉ោងជិតប្រាំពីរព្រឹក។អ្នកកំលោះងូតទឹកយ៉ាងស្អាតសង្ហារ រួចស្លៀកពាក់ខោអាវ ថ្មីមួយឈុតដែលទើបតែទិញទុកស្លៀកនៅថ្ងៃចូលឆ្នាំខាងមុខនេះ។ 

កុសល្យស្លៀកខោសាច់ក្រណាត់ពណ៌ខ្មៅ ជាមួយនឹងអាវយឺតពណ៌ស បើកក មើលទៅសង្ហារដែរតើ ពិសេសមានក្រម៉ាក្រវាត់ចង្កេះទៀតផង ។កុសល្យទាញកង់ របស់គេដែលផ្អែកនៅនឹងជញ្ជាំង ជិះវឹងយ៉ាងលឿនសំដៅទៅផ្ទះកេសរបណ្ដាលឱ្យ ផ្អើលមាន់ផ្អើលទារត់ពេញផ្ទះ។

កុសល្យជិះកង់បណ្ដើរហួចបណ្ដើរយ៉ាងសប្បាយចិត្តសំដៅទៅផ្ទះរបស់កេសរ ក្នុងគោលបំណងជូននាងឡើងឡានឈ្នួលទៅក្រុងសៀមរាប។អ្នកកំលោះជិះបណ្ដើរហួចបណ្ដើរប៉ុន្តែជាអកុសលអាសង្ហារកង់របស់គេមានលក្ខណៈចាស់ទ្រុឌទ្រោមបន្តិច សំបកកង់សឹកស្ទើតែចេញពោះវៀនទៅហើយនោះក៏ធ្លាយភ្លុចតែម្ដងព្រោះតែជាន់ចំដែកគោលបណ្ដាលឱ្យធូរខ្យល់អស់រលីង។


កំលោះសង្ហារនៃយើងបណ្ដើរកង់ទាំងក្ដៅចិត្តថែមទាំងរអ៊ូង៉ូវៗតែម្នាក់ឯងទៀតថា៖ហ៊ឹម…..អាកង់ចង្រៃនេះថ្ងៃណាមិនធ្លាយ មកធ្លាយប៉ះថ្ងៃដែលធ្លាយទៅវិញ ។មិនគួរណាមកស៊យប៉ះថ្ងៃសំខាន់បែបនេះនោះទេ ជាថ្ងៃចុងក្រោយដែលបានជួបអូនកេសរផង មិនគួរណាអាកង់ចង្រៃនេះវាមកធ្លាយពាក់កណ្ដាលផ្លូវបែបនេះសោះខំស្លៀកពាក់យ៉ាងស្អាតបែរជាមកបណ្ដើរកង់ឡើងបែកញើសទៅវិញចាំមើលតែដល់ផ្ទះដឹងគ្នាហើយលោកបងកង់ឯង។


មិនយូរប៉ុន្មានកុសល្យកំសត់ក៏បានទៅដល់មុខផ្ទះរបស់កេសរប៉ុន្តែមើលទៅស្ងាត់ឱ្យជ្រៀបមានតែឆ្កែពីរ បីក្បាលប៉ុណ្ណោះមកព្រុសស្វាគមន៍កុសល្យ។អ្នកកំលោះក៏បានសួរទៅឆ្កែថា៖ អឺអាពីរ បីក្បាលម្ចាស់ឯងទៅណាស់អស់ហើយ មកព្រុសធ្វើមើលតែមិនដែលស្គាល់គ្នា ព្រុសនោះព្រុសតិចចាប់ច្រកការ៉ុងឥឡូវនឹង…..


- ស្អី ហា!មកឈ្លោះជាមួយឆ្កែធ្វើមើលតែឆ្កែហ្នឹងវាស្ដាប់ភាសាមនុស្សបាន ឬមួយក៏ឆ្កែទាំងនេះជាពួកម៉ាក អា កុសល្យឯង?(អ្នកស្រីកេសនីឆ្លើយ)


- អូ…..ជម្រាបសួរអ៊ំស្រី មិនមែនពួកម៉ាកនោះទេ ប៉ុន្តែធ្លាប់ស្គាល់គ្នាជាមួយវា។ចុះអូនកេសរទៅណាបាត់ហើយ ឬ មួយក៏នាងឡើងឡានទៅសៀមរាបបាត់ហើយអ៊ំ?


- អឺ….កេសរវាឡើងឡានទៅតាំងពីព្រឹកម្លេះ  ហើយអា កុសល្យឯងមករកវាមានការស្អី?


- បាទ! អ៊ំ អ៊ំក៏ដឹងថាខ្ញុំនិងកូនស្រីអ៊ំអូនកេសរ  បានស្រឡាញ់គ្នាហើយជាសង្សារនឹងគ្នាទៀតផង ខ្ញុំមកនេះគឺដើម្បី  មកជូនដំណើរនាងឡើងឡានទៅសៀមរាបនឹងណាអ៊ំ


- កូនអញវាមិនវង្វេងនោះទេ វាមានជើង វាចេះដើរខ្លួនវាបានហើយមិនបាច់ឯងជូន ក៏វាទៅដល់សៀមរាបដែរ ។ហើយអាកុសល្យឯងដែលមើលខ្លួនឯងដែរឬអត់រាល់ថ្ងៃនឹង?


- បាទ! អ៊ំខ្ញុំឆ្លុះកញ្ចក់មើលរាល់ថ្ងៃតើអ៊ំ


- យី អានេះវ៉ើយ អញចង់ថាឱ្យឯងនឹងមើលពីទ្រព្យសម្បត្តិឋានៈ យើងនឹងឯងថាតើវាខុសគ្នាយ៉ាងណា ឈប់បានឈប់ទៅ យើងចង់ឱ្យកេសរកូនយើង មានអនាគតល្អ ឯងជាមនុស្សក្ររហាមតើឱ្យកូនយើងរំពឹងអ្វី បើឯងពិតជាស្រឡាញ់នាងមែន ឯងឈប់ទាក់ទងជាមួយនាងចាប់ពីថ្ងៃនេះតទៅ ឯងចងចាំក្នុងខួរក្បាលរបស់ឯងផង ដឹងទេ អា កុសល្យ អាក្ររហាម


- ខ្ញុំក៏ដឹងថាខ្លួនខ្ញុំក្រដែរអ៊ំ តែធ្វើម៉េចបើជានិស្ស័យស្នេហា មិនអាចបង្ខំបានមិនអាចជ្រើសរើសបាន ខ្ញុំក្រទ្រព្យតែខ្ញុំមិនក្រចិត្តនោះទេ ខ្ញុំមានចិត្តស្មោះចំពោះអូនកេសរពិតមែន សូមអ៊ំឈប់បំបែកបំបាក់ខ្ញុំទៅ 


- អឺ….ស៊ីបេះដូងស្មោះនោះទៅមិនបាច់ស៊ីបាយទេ ឯងចង់ការហើយមករស់នៅដេកស៊ីលើគំនរទ្រព្យរបស់អញមែនទេ ចេញទៅយើងមិនចង់ឃើញមុខរបស់ឯងនោះទេ ព្រោះពេលឃើញកាលណាយើងនឹងវាក្ដៅចិត្ត


- អ៊ំនិយាយនេះដូចមើលងាយអ្នកក្រដូចជាខ្ញុំពេកហើយអ្នកក្រក៏ជាមនុស្សដែរ។ អ៊ំមិនគួរមើលងាយមនុស្សគ្នាឯងនោះទេ ខ្ញុំក្រទ្រព្យប៉ុន្តែខ្ញុំក៏មានសិទ្ធស្រលាញ់មានសិទ្ធរស់នៅដូចគេដូចឯងនោះដែរអ៊ំបណ្ដេញខ្ញុំធ្វើមើលតែសត្វធាតុទៅហើយអ៊ំ គ្មានច្បាប់ឯណាដែលគេចែងថាអ្នកមានត្រូវតែមើលងាយអ្នកក្រនោះទេ ពិសេសគឺមើលងាយអ្នកស្រែចម្ការដូចជាពួកខ្ញុំនេះ កុំតែបានអ្នកស្រែម្ល៉េះ អ្នកផ្សារក៏គ្មានអង្ករហូបនោះដែរ


និយាយបានតែប៉ុណ្ណឹងលោកសុវណ្ណ ដែលត្រូវជាប៉ារបស់កេសរក៏មកដល់ព្រមទាំងនិយាយថា៖កុសល្យនេះសំបុត្រដែលកេសរកូនស្រីអ៊ំទុកឱ្យឯងមុននាងចេញទៅ។កំលោះសង្ហារបានក្រឡេកទៅមើលតាមសម្លេងដែលនិយាយមកកាន់គេអម្បាញ់មិញ។កុសល្យបានឃើញលោកសុវណ្ណដែលជាប៉ារបស់កេសរហើយ អ្នកកំលោះក៏លើកដៃសំពះជម្រាបសួរជាការសមគួរដែលសុភាពបុរសដូចជានាយតែងតែធ្វើ……


- បាទ !ជម្រាបសួរអ៊ំប្រុស នេះឬសំបុត្រដែលអូនកេសរ ទុកឱ្យខ្ញុំ អរគុណច្រើនណាស់អ៊ំ


កុលស្យទទួលសំបុត្រដោយទឹកមុខញញឹមរួចជម្រាបលាអ្នកទាំងពីរដែលជាម្ដាយឪពុករបស់កេសរ។អ្នកកំលោះត្រឡប់មកផ្ទះវិញទាំងចិត្តសោកសៅ ទឹកមុខក្រៀមស្រពោនណាមួយមិនបានជួបកេសរដែលជាបណ្ដូលចិត្តណាមួយត្រូវម្ដាយនាងស្ដីបន្ទោសយ៉ាងចាស់ដៃ ណាមួយកង់ដែលជាមិត្តសម្លាញ់របស់គេក៏ខូចទៀត។អ្នកកំលោះទាញកង់អាសង្ហារយ៉ាងកញ្ចាស់របស់គេបណ្ដើរត្រឡប់មកផ្ទះវិញ បណ្ដាលឱ្យឆ្កែព្រុសកងរំពងពេញភូមិ ។

0 Comments:

Post a Comment