Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

ទីក្រុងខ្មោច

 រឿងនេះគឺខ្ញុំសរសេរកាលដែលខ្ញុំរៀនវគ្គនិពន្ធនៅ សមាគមអ្នកនិពន្ធខ្មែរ គឺយប់មួយនោះខ្ញុំជិះម៉ូតូមកផ្ទះក្នុងអារម្មណ៍ដូចឆ្កួតអ៊ីចឹង គិតអើយគិត មិនដឹងគិតអីខ្លះទេ គឺគិតទាល់តែចេញរឿងនេះតែម្ដង! នៅមានរឿងមួយទៀត «ស្រមោលខ្មៅ» មិនមែនរឿងខ្មោចទេ គឺរឿងជីវិត ក៏សរសេរនៅពេលវេលាក្បែរៗគ្នានឹងរឿង «ទីក្រុងខ្មោច» នេះដែរ! អារម្មណ៍កាលណោះស្មុគស្មាញអាក្រក់ណាស់

 ហើយនឹកឃើញតែរឿងឥតន័យ ក៏សរសេរបានរឿងប្រភេទឥតន័យនេះប៉ុន្មានរឿងទៅ! ចាំលើកក្រោយខ្ញុំដាក់រឿង «ស្រមោលខ្មៅ» ជូនអាន! រឿងនោះឡូយជាងរឿងនេះ ហើយកំពុងបកប្រែជាភាសាអង់គ្លេសទៀតផង គឺ លោកគ្រូ យិន លួត ដែលគាត់តែងតែគាំទ្ររឿងខ្លីៗរបស់ខ្ញុំ ហើយបានជ្រើសរើសយកមួយចំនួនទៅបកប្រែ ដោយមានជំនួយពីអ្នកនិពន្ធអង់គ្លេសពីរនាក់ទៀត។ ខ្ញុំពិតជារំភើបចំពោះទឹកចិត្តរបស់គាត់ណាស់!

ទីក្រុងខ្មោច

ដៃ​របស់​ខ្ញុំ​ស្រាល​ស្ងើក ឯ​ក្បាល​របស់​ខ្ញុំ​ប្រៀប​ដូច​ជា​ខ្យល់​កំពុង​រសាត់។ ខ្ញុំ​ជិះ​ម៉ូតូ​​លើ​ផ្លូវ​ដ៏​សែន​​ចង្អៀត។ យប់​ងងឹត​ឈឹង តែ​ខំ​បំភ្លឺ​ដោយ​ចង្កៀង​អគ្គិសនី​ហូរហែ។ ខ្ញុំ​បន្ថែម​ល្បឿន​ម៉ូតូ ដើម្បី​ជិះ​ឲ្យ​ផុត​ពី​គេ​ឯង។ 

ព្រលឹង​ខ្ញុំ​មិន​ដឹង​ជា​រសាត់​ទៅ​ណា​ទេ ទម្រាំ​តែ​វា​ចូល​ក្នុង​ខ្លួន​វិញ​ ខ្ញុំ​ក៏​បាន​នៅ​លើ​ផ្លូវ​មួយ​តែ​ម្នាក់​ឯង។ គ្មាន​យាន​យន្ត​ និង​មនុស្ស​ណា​នៅ​រំខាន​ខ្ញុំ​ទៀត​ឡើយ។

 ផ្លូវ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ​ដំណើរ​នេះ​អម​សងខាង​ទៅ​ដោយ​ដើម​ឈើ​ខ្ពស់ៗ និងពន្លឺ​ភ្លើង​ប្រទីប​ពណ៌​លឿង​តម្រៀប​គ្នា​ដូច​នៅ​លើ​ផ្លូវ​ទឹក។

 ខ្យល់​ត្រជាក់​ស្រេង​ប៉ើង​សក់​ក្បាល​ខ្ញុំ ហើយ​ឮ​សំឡេង​ដូច​ស្នូរ​ទឹក​ហូរ។ ខ្ញុំ​ភ្នក​នឹក​ដូច​ភ្ញាក់​ពី​យល់​សប្តិ​ ព្រោះ​វា​មិន​មែន​ជា​ផ្លូវ​ទៅ​ផ្ទះ​របស់​ខ្ញុំ​ទេ។ ខ្ញុំ​ងាក​ទៅ​ក្រោយ ស្រាប់​តែ​ឃើញ​ទី​ក្រុង​មួយ​ភ្លឺ​ចិញ្ចែង​ចិញ្ចាច។ ខ្ញុំ​គិត​ថា តើ​នេះ​ជា​ផ្សាររាត្រី​ឬ​អ្វី?

ខ្ញុំ​ជិះ​ម៉ូតូ​បក​ចូល​ទៅ​ក្នុង​ទីក្រុង​នោះ។ ហាង​លក់​អាហារ​ជា​ច្រើន​នៅ​ពី​មុខ​ផ្ទះ​ល្វែង។ មនុស្ស​ម្នានាំ​គ្នា​សម្លឹង​មក​រក​ខ្ញុំ រួច​ងាក​ទៅនិយាយ​គ្នា​សើច។ 

ពួក​គេ​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី​ខ្ញុំ​ជិះ​ម៉ូតូ​ខុស​គេ​ហើយ ព្រោះ​ពួក​គេ​គ្មាន​អ្នក​ណា​ជិះ​យាន​ជំនិះ​សោះ។ ចម្លែក​ណាស់ មនុស្ស​ទាំង​អស់​ស្លៀក​ស ពាក់​​ស​ដូច​ៗ​​គ្នា។ គ្មាន​អ្នក​ណា​តុប​តែង​ខ្លួន​បង្អួត​អ្នក​ណា​ទេ​។ 

ពួក​គេ​ឈាន​ជំហាន​ដើរ​យឺតៗ អត់​រត់​បង្ខំ​ងាប់​ទៅ​ណា​ឡើយ ហើយ​​និយាយ​​ស្តី​ក៏​​ដោយ​សំឡេង​តិច​ៗ ល្វើយៗ អត់​មាន​សម្លុត​កំហែង​គ្នា​ដែរ។

ខ្ញុំ​ឈប់​ម៉ូតូ​នៅ​ខាង​មុខ​ហាង​គុយ​ទាវ​មួយ រួច​ដើរ​ទៅ​អង្គុយ​នៅ​តុ​ទាំង​បន្លឺ «ដាក់​គុយ​ទាវ​ឲ្យ​ខ្ញុំ​មួយ​ចាន!»

«គុយ​ទាវ​សាច់​អី?» ថៅកែ​ហាង​សួរ​ខ្ញុំ​វិញ។

«សាច់​អី​ក៏​បាន​ដែរ!»

«អ៊ីចឹង​ស៊ី​សាច់​ក្រពើ​ទៅ!»

«មាន​សាច់​ក្រពើ​ដែរ?»

គ្មាន​នរណា​ឆ្លើយ​មក​ខ្ញុំ​វិញ​ទេ។ ខ្ញុំ​ងាក​មើល​ជុំ​វិញ​ខ្លួន​ ឃើញ​មនុស្ស​អង្គុយ​ជជែក​គ្នា​អ៊ូអែ។ អ្នក​ទាំង​នោះ​ប្រើ​ភាសា​ចំរុះ មិន​ដឹងជា​សាសន៍​អី​ខ្លះ​ទេ ប្រហែល​ជា​តុ​មួយ​និយាយ​ភាសា​មួយ​ដែរ​ហើយ។

 ខ្ញុំ​ងាក​មើល​ទៅ​ថៅកែ​ហាង​គុយ​ទាវ​វិញ ឃើញ​គាត់​លើក​ចាន​មួយ​ដែលមាន​ផ្សែង​ហុយ​ទ្រលោម​ដើរ​មក​កាន់​ខ្ញុំ។ …អូ! គាត់​ជំពប់​ជើង​ធ្លាក់​ចាន​នោះ​ពី​ដៃ… កម្លាំង​មនោមយិទ្ឋិ​ឬ? គាត់​ប្រើ​ភ្នែក​សម្លឹង​ចាន​ដែលធ្លាក់​នោះ ធ្វើ​ឲ្យ​វា​អណ្ដែត​ក្នុង​ខ្យល់ រួច​ស្រាប់​តែ​ចេះ​ហោះ​មក​រក​ដៃ​គាត់​វិញ។

«អស្ចារ្យ! អស្ចារ្យ​មែន!» ខ្ញុំ​គិត​តែ​ទះ​ដៃ​មិន​ឈប់។

គ្មាន​អ្នក​ណា​ចាប់​អារម្មណ៍​ដូច​ខ្ញុំ​ទាល់​តែ​សោះ។ សំឡេង​ទះ​ដៃ​របស់​ខ្ញុំ​ក៏​ស្ងាត់​ទៅ​វិញ។ ថៅកែ​នោះ​យក​គុយទាវ​មួយ​ចាន​មក​ដាក់ពី​មុខ​ខ្ញុំ ធ្វើ​ទឹក​មុខ​ធម្មតា គ្មាន​អំនួត​នឹង​សមត្ថភាព​ខ្លួន​អី​បន្តិច។ 

មាន​ដៃ​មួយ​មក​ចាប់​លើក​ចាន​គុយ​ទាវ​របស់​ខ្ញុំ​ទៅ​វឹង។    អូយ! មិន​មែន​ជាដៃ​ធម្មតា​ទេ… វែង​ណាស់!


«អស្ចារ្យ..» ខ្ញុំ​រៀប​នឹង​ទះ​ដៃ​ទៀត​ទៅ​ហើយ តែ​ក៏​ទម្លាក់​ដៃ​ចុះ​វិញ។ មនុស្ស​ទាំង​អស់​នៅ​ទី​កន្លែង​នេះ​ គ្មាន​អ្នក​ណា​បញ្ចើច​បញ្ចើ​គ្នា​នោះ​ទេ។ ម្នាក់​ៗ​បែប​សុទ្ធ​តែ​ពូកែអ៊ីចឹង​គ្រប់​គ្នា​ហើយ។

«ឃ្លាន​ណាស់! សុំ​ស៊ី​មុន​ហើយ!» សំឡេង​ពូ​ដៃ​វែង​នោះ។

ថៅកែហាង​ងាក​ទៅ​សម្លក់​មុខ​ពូ​ដៃ​វែង «យូរ​ហើយ​ម៉េច​មិន​ហៅ? គិត​តែ​អង្គុយ​ព្រោក​ប្រាជ្ញ រួច​តាំង​មក​ដណ្ដើម​របស់​គេ​អ៊ីចឹង!» រួច​គាត់​ងាក​មក​ខ្ញុំ។

ខ្ញុំ​ពោល​ប្រាប់​គាត់​ថា «មិន​អី​ទេ! បើ​គាត់​ឃ្លាន ឲ្យ​គាត់​មុន​ទៅ!»

ថៅកែ​ក៏​ទៅ​ធ្វើ​គុយទាវ​មួយ​ចាន​ថ្មី​ឲ្យ​ខ្ញុំ។ ពេល​នោះ​មនុស្ស​ម្នាក់​ស្លៀក​ពាក់​រហែក​ដូច​អ្នក​សុំ​ទាន ដើរ​ចូល​មក​អង្គុយ​នៅ​តុ​ជាមួយ​ខ្ញុំ ហើយ​ស្រែក​ឡើង​ថា «មី​ថ្លើម​ខ្លា​មួយ​ចាន!» រួច​បុរស​នោះ​ងាក​មក​ញញឹម​ដាក់​ខ្ញុំ និងនិយាយ​ពាក្យ​ស្វាគមន៍ «សួស្តី​ប្អូន​ប្រុស!»

«បាទ សួស្តី!» ខ្ញុំ​សួរ​ទៅ​គាត់​ទាំង​ញញើត​ញញើម «សុំទោស! តើ​ពិត​ជា​មាន​ថ្លើម​ខ្លា​មែន​អេះ?»

«និយាយ​អត់​មាន​យ៉ាង​ម៉េច?»

គាត់​និយាយ​ធ្វើ​ដូច​មែន​ទែន ឯ​ខ្ញុំ​ក៏​មិន​ដេញ​ដោល​ទៀត​ដែរ។ រំពេច​​នោះ​ក៏​ឃើញ​ក្មេង​ស្រី​ម្នាក់​ រាង​ស្គម​កំព្រឹង​ ដើរ​ចូល​មក។

«នាង​អេដស៍! នាង​ឯង​ទើប​មក​ពី​ណា?» សំឡេង​ថៅកែនិយាយ​ទៅក្មេងស្រីនោះ។

នាង​អេដស៍ ​ក៏​ឆ្លើយ​តប «ខ្ញុំ​មក​ពី​រក​ឈ្លើង។»

ឮ​ពាក្យ​ នាង​អេដស៍ មីង​ម្នាក់​ក៏​ស្រែក​ឡើង «ថៅកែ! ធ្វើ​គុយទាវ​ឈ្លើង​ថែម​ឲ្យ​ខ្ញុំ​មួយ​ចាន​!»

«បាន!» ថៅកែ​ឆ្លើយ ហើយ​គាត់​បញ្ជា​ទៅ​នាង​អេដស៍ «នាង​អេដស៍! លើក​គុយ​ទាវ​សាច់​ក្រពើ​ទៅ​ឲ្យ​ម្នាក់​នោះ!»

នាង​អេដស៍ ​លើក​ចាន​គុយទាវ ដើរ​រលះ​រលាំង​មក​ឲ្យ​ខ្ញុំ​ «អញ្ជើញ​ពិសា!»

«បាន​ឈ្លើង​ច្រើន​ទេ នាង​អេដស៍?» សំណួរ​បង​ប្រុស​ម្នាក់​រួម​តុ​ជាមួយ​ខ្ញុំ។

«បាន​ច្រើន​តើ! ចុះ​យប់​នេះ​ពូ​សុំ​ទាន​ឯង អត់​នាំ​ប្រពន្ធ​មក​ទេ​អេះ?»

«ប្រពន្ធ​ពូ​រវល់​សូត្រ​ធម៌។ ឲ្យ​ពូ​សុំ​មើល​ឈ្លើង​បន្តិច​មើល៍!»

នាង​អេដស៍ ​ក៏​សើយ​សំពត់​របស់វា​ឡើង ទើប​ឃើញ​សត្វ​ឈ្លើង​ជា​ច្រើន កំពុង​តោង​បឺត​ឈាម​ពី​ជើង​ ដែល​មាន​ដំបៅ​រលេះ​រលួយ​របស់វា។

«ឈឺ​អត់​អ្ហា៎ នាង​អេដស៍?» អ្នក​សុំ​ទាន​សួរ។

«ស្រួល​ណាស់​ពូ​អើយ!»

«នាង​អេដស៍! យក​ឈ្លើង​មក​ឲ្យ​អញ!» ថៅកែ​ស្រែក​ហៅ​ នាង​អេដស៍។

នាង​អេដស៍ ដើរ​ទៅ​រក​ថៅកែ។ ខ្ញុំ​ឃើញ​វា​បេះ​ឈ្លើង​ម្តង​មួយៗ ដាក់​ចូល​ក្នុង​ចាន​គោម។ ធ្វើ​ការងារ​នេះ​រួច វា​ក៏​លើក​ចាន​ហុយ​ផ្សែង​មួយ​សំដៅ​មក​តុ​ខ្ញុំ បែប​មី​ថ្លើម​ខ្លា​​របស់​អ្នក​សុំ​ទាន​នោះ​ហើយ។

«ម៉េច​មិន​ឃើញ​ស៊ី​គុយទាវ?» អ្នក​សុំ​ទាន​សួរ​ខ្ញុំ។

ខ្ញុំ​ក៏​យក​ដៃចាប់ចង្កឹះ​ ដំណាល​គ្នា​នឹងនាង​អេដស៍ ដើរ​មក​ដល់ «នេះ​មី​ថ្លើម​ខ្លា។ ពិសា​ឲ្យ​ឆ្ងាញ់​ទៅ ខ្លាឥឡូវពិបាក​រក​ណាស់​ណា៎!»

សម្តី នាងអេដស៍ នេះ និយាយ​ចំ​ពេល​ដែល​ខ្ញុំ​ចាប់​លើក​សាច់​ពណ៌​ស​មួយ​ដុំ​ពី​ក្នុង​ចាន​មក​មើល និងកំពុង​តែ​គិត​ថា តិច​វា​ជា​សាច់​ក្រពើ​មែន​ទៅ? …គឺ​មក​ពី​មនុស្ស​នៅ​ទី​នេះ​ស៊ី​សុទ្ធតែ​សាច់​សត្វ​សាហាវ​បែប​នេះ​ទេ​ដឹង បាន​ជា​ម្នាក់​ៗ​ពូកែ​ខុស​ពី​មនុស្ស​ធម្មតា​បែប​នេះ? 

ខ្ញុំ​កាន់​​ចង្កឹះ​ចាប់​សាច់​ក្រពើ​ដាក់​ចូល​មាត់​ ទាំង​ញ័រ​ដៃ​ទទ្រើត ហើយ​ទំពា​វា​ទាំង​ញ័រ​ធ្មេញ… ខ្ញុំ​ខាំ​មាត់​ខ្លួន​ឯង​គ្រឹប! សាច់​ក្រពើ​ត្រូវ​លាយ​ដោយ​ឈាម​របស់​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​និយាយ​ពី​រស​ជាតិ​សាច់​ក្រពើ​មិន​ត្រូវ។

«អេ! ឯង​មក​ពី​ណា ដូច​ជា​ប្លែក​មុខ?»

ខ្ញុំ​ងាក​ក្រោយ​មើល​ម្ចាស់​សំឡេង​ ​ដែល​កេះ​ខ្នង​ខ្ញុំ​សួរ​នោះ។ គឺ​ជា​បុរស​ម្នាក់​ពាក់​ខោ​អាវ​ប្រឡាក់​ឈាម​ជោក សក់​ក្បាល​បះ​សំពោង​ ដោយ​​មាន​ឈាម​ហូរ​ធ្លាក់​ចូល​ភ្នែក​ជាំ​ខ្មៅ រួច​កាត់​តាម​ថ្ពាល់​ប៉ោង​ហើម​ មក​ប៉ះ​បបូរ​មាត់​ពណ៌​ស្វាយ​ស្លេក។

«បង​ទើប​តែ​មក​ពី​ថត​កុន​រឿង​ខ្មោច​មែន​ទេ?» ខ្ញុំ​សួរ​ទៅ​គា​ត់​វិញ។

«តួ​កុន​ស្អី​វា! អា​តៃហោង​នេះ​វា​ចង់​បន្លាច​ប្អូន​ឯង​ហ្នឹង!» អ្នក​សុំទាន​​ឆ្លើយ​ជំនួស ចំណែក​ឯ​បុរស​មុខ​ខ្មោច​នោះ​ធ្វើ​ភ្នែក​ស្លឺ រួច​ដើរ​ចេញ​ទៅ។

«ម៉េច​ក៏​បង​​ហៅ​គាត់​តៃហោង​អ៊ីចឹង? គាត់​បែប​ខឹង​នឹង​បង​ហើយ!» ខ្ញុំ​ខ្សឹប​ដាក់​អ្នក​សុំទាន។

«ខឹង​ស្អី? បើ​វា​តៃហោង​មែន!» និយាយ​ចប់​មិន​ទាន់​ដក​ដង្ហើម​ស្រួល​បួល​ផង ស្រាប់​តែ​គាត់​បែរ​មុខ​ទៅ​ផ្លូវ ហើយ​ស្រែក​ឡើង​ «អ៊ើ​អា​ឆ្កួត! ឯង​មិន​ចូល​ស៊ី​អី​សិន​ទេ​អេះ?»

ខ្ញុំ​គ្រវី​ក្បាល ​ហួស​ចិត្ត​នឹង​ពាក្យ​សម្តី​អសុរោះ​របស់​អ្នក​សុំទាន។ អ្នក​ដែល​គាត់​ហៅ​ថា​អា​ឆ្កួត​នោះ គឺ​ជា​យុវជន​រូប​រាង​សុភាព​រាបសា​ម្នាក់។ គេ​គ្រាន់​តែ​ញញឹម​ដាក់​គាត់បន្តិច​ក៏​ដើរ​ហួស​ទៅ។

«អា​ម្នាក់​នេះ​ចំ​ជា​ឆ្កួត​ពេញ​ទី! ឃើញ​មុខ​វា​ម្តងៗ ចង់​តែ​បង្អាប់​ពី​រឿង​វា​ងាប់។ ប្អូន​ឯង​ដឹង​ថា​វា​ងាប់​ដោយ​សារ​អី​ទេ?»

«អត់​ដឹង​ទេ!» ខ្ញុំ​ឆ្លើយ​ឲ្យ​តែ​រួច​ពី​មាត់។

«អា​មួយ​ហ្នឹង វា​​ជា​និស្សិត​ស្លូត​បូត​ណាស់​ ជិះ​ម៉ូតូ​រវល់​តែ​ត្រូវ​ប៉ូលិស​ចរាចរណ៍​សម្លុត​យក​លុយ។ វា​ខ្លាច​ប៉ូលិស​អស់​ហ្នឹង​ណាស់ ហើយ​វា​ខំ​គោរព​ច្បាប់​ចរាចរណ៍​មែន​ទែន។ បើ​ឃើញ​ភ្លើង​ស្តុប​ពណ៌​ក្រហម គឺ​វា​តែង​តែ​ឈប់​រហូត តែ​ថ្ងៃ​មួយ​នោះ…» គាត់​សើច​ហាស ហាស ទើប​ពោល​បន្ត «ថ្ងៃ​មួយ​នោះ​វា​ឃើញ​ភ្លើង​ពណ៌​ខៀវ​ក៏​ឆ្លង​ស្តុប… 

ដល់​វា​ឆ្លង​ដល់​ពាក់​កណ្ដាល​ថ្នល់ ​ភ្លើង​ខៀវ​លោត​ទៅ​ជា​ក្រហម វា​ក៏​ឈប់ រួច​ក៏​មាន​ឡាន​មួយ​បើក​លឿន​ដូច​ព្យុះ​បុក​វា​ងាប់​ទៅ​ រក​តែ​ស្រែក​ពុទ្ធោ​មិន​ទាន់…!»

ខ្ញុំ​គិត​ក្នុង​ចិត្ត​ថា អ្នក​សុំទាន​នេះ​ពូកែ​ប្រឌិត​រឿង​ណាស់តើ។ គាត់​គិតតែ​សើច​ហាសៗ ហើយ​ពេល​គាត់​ឈប់​សើច ខ្ញុំ​ក៏​សួរ​គាត់​ «គ្រប់​គ្នា​នៅ​កន្លែង​នេះ ម៉េច​ក៏​ពូកែ​ៗ​ម្ល៉េះ?»

«ពូកែ​យ៉ាង​ម៉េច?» គាត់​សួរ​បក​វិញ។

«ដូច​ជា​ពូ​ម្នាក់​នោះ ដៃ​គាត់​វែង​ណាស់…»

និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង អ្នក​សុំ​ទាន​ក៏​លៀន​អណ្ដាត​ដ៏​វែង​ ដូច​ជា​កន្ទុយ​ពស់ រួច​ស្រូប​ទាញ​សរសៃ​មី​ថ្លើម​ខ្លា​របស់​គាត់​បញ្ចូល​ មាត់​ទាល់​តែ​អស់​ពី​ចាន។ ខ្ញុំ​បើក​ភ្នែក​ធំៗ​ រួច​ធ្វើ​ជា​និយាយ​ដូច​មិន​ចាប់​អារម្មណ៍ «បើ​ចេះ​អ៊ីចឹង ចាំ​បាច់​កាន់​ចង្កឹះ​ធ្វើ​អី? នាំ​តែ​យូរ…»

«កាន់​លេង!» គាត់​ឆ្លើយ​នឹង​ខ្ញុំ រួច​ហៅនាងអេដស៍ មក​គិត​លុយ។

ពេល​នាង​អេដស៍​មក​ដល់ ខ្ញុំ​ក៏​និយាយ​ដែរ​ «គិត​លុយ​ខ្ញុំ​ដែរ​ទៅ!»

«ចាំ​ខ្ញុំ​ចេញ​លុយ​ឲ្យ​ប្អូន​ឯង។» ពោល​រួច​អ្នក​សុំទាន​ក៏​យក​ដៃ​លូក​ទៅ​ក្នុង​​ហោប៉ៅ​អាវ​កញ្ចាស់​របស់​ខ្លួន ហើយ​ហុច​ខ្យល់​ឲ្យ​ទៅ ​នាង​អេដស៍។

នាងអេដស៍ធ្វើ​ជា​ទទួល ទាំង​ឆ្លើយ​ថា «ចាស! អរគុណ!»

ខ្ញុំ​សើច​ខឹក​ៗ​ នឹង​កាយ​វិការ​ដូច​កូន​ក្មេង​លេង​បាយឡុក​បាយឡ​របស់​ពួក​គេ រួច​បន្លឺ​សួរថា «ពួក​បង​កំពុង​តែ​ធ្វើ​អី​ហ្នឹង?»

រំពេច​ដែល​ខ្ញុំ​សួរ​សំណួរនេះ ត្រចៀកខ្ញុំ​ក៏​ក្លាយ​ជា​ហ៊ឹង​នឹង​សំឡេង​ដែលចេញពីមាត់របស់មនុស្សទាំងអស់នោះ ​រួច​ទើបស្ដាប់ឮ​សំឡេង​សើច​យ៉ាង​គ្រលួច​គ្រប់​ទី​កន្លែង។ ភ្លាមនោះ​មនុស្ស​ម្នាទាំង​ឡាយ រួម​ទាំង​ទីក្រុង​ទាំង​មូល ​ក៏​រលាយ​បាត់​ទៅ​តាម​សំឡេង​សំណើច​នោះ​អស់​រលីង។

តាម​ពិត​ ខ្ញុំ​កំពុង​តែ​នៅ​លើ​វាល​កប់​ខ្មោច…!

0 Comments:

Post a Comment