Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង វិញ្ញាណស្រីផ្កាមាស

 រឿង វិញ្ញាណស្រីផ្កាមាស


នាងឈូកជាស្រីស្រស់ស៊ីដាច់គេប្រចាំភូមិ ។ ប៉ុន្តែគួរឲ្យស្ដាយដែលនាងជាស្រីមិនបរិសុទ្ធ ។


 ចាប់​ពី​ពេញ​ក្រមុំកាលណា នាងលួច​មានសង្សាមួយហើយ​មួយទៀតរាប់មិនអស់ ។ ទោះ​បី​នាង​ស្រី​សំបូរ​ប្រុស​បន្តិច​ក៏ដោយ ប៉ុន្តែដោយសារ​សម្រស់​ស្អាត​នាង​ក៏​បានរៀបការ​ជាមួយនឹងបុរសម្នាក់ ដែល​ជា​កូន​អ្នក​មាន​ជាង​គេនៅក្នុងភូមិ ។


 កូនកំលោះនោះ មានអាយុជាង ៣០ ឆ្នាំ​ទៅ​ហើយ ។ ក្នុងខណ:ដែលនាងទើបតែអាយុ ១៦​ឆ្នាំប៉ុណ្ណោះ ។ ប្ដីប្រពន្ធមួយគូរនេះ មានវ័យខុសប្លែកឆ្ងាយណាស់ ហេតុនេះ​ទើប​សេចក្ដី​​ស្នេហា​របស់​គេ​ទាំងពីរ មិនសូវចុះសំរុងនឹងគ្នាទេ ។


 ប៉ុន្តែប្ដីនាងឈូកវិញ ស្រលាញ់ប្រពន្ធដូចកែវភ្នែក ព្រម​ទាំង​ប្រចែ​ប្រច័ណ្ឌ​មិនឲ្យ​ប្រុសណាមកទាក់ទង​ឬនិយាយស្ដីអីជាមួយនាងជាដាច់ខាត ។


ក្រោយពីរៀបការមិនបានប៉ុន្មាន គេក៏បានសង់ផ្ទះមួយយ៉ាងធំដែលប្រើ​សុទ្ធសឹងតែឈើម៉ៃសាក់ ។


 ដោយសារ​តែ​នាង​រៀប​ការនៅ​អាយុក្មេងខ្ចីពេក ទើប ៤-៥ឆ្នាំ ក្រោយមកជីវិតគ្រួសារ​ដែលមិនចុះសំរុង នឹង​គ្នាតាំងពីដំបូងមកនោះ ក៏​កាន់​តែ​ប្រះ​ឆា​ខ្លាំងទៅៗព្រោះ នាងឈូក​ក្លាយ​ទៅ​ជា​ស្រី​ចេះ​ដើរ​លេង​ចោល​ផ្ទះ ដោយមិនគិតដល់នាទីខ្លួនជាមេផ្ទះឡើយ ។


 ប្ដី​របស់​នាង​ឈូក ឈ្មោះអំណោយ ។ ក្រោយមកអំណោយ បាន​ក្លាយទៅជាប្រធានភូមិទៀត ។ លោកប្រធានភូមិអំណោយដឹង​ច្បាស់ថា នាង​​ឈូក​ជា​ប្រពន្ធ​ចេះ​លួច​មាន​សហាយ​ដែរ ប៉ុន្តែទ្រាំលេបក្រួសលេបថ្ម គ្រាំគ្រាចិត្តតែម្នាក់ឯងទៅ ។


នៅថ្ងៃណាមួយ ពេលនាងដើរលេងធុញណាយ ហើយនាងនឹកប្ដូរកាយ ប្ដូរ​ចិត្ត​ព្រម​ងាក​មក​នៅ​ក្នុង​រង្វង់​ដៃ​របស់​ប្ដី​ដូច​ដើម​វិញជា​មិនខាន !


ប៉ុន្តែលោកប្រធានភូមិ​អំណោយគិតខុស​ស្រឡះហើយ ព្រោះកាន់តែបណ្ដោយ នាង ឈូក​កាន់​តែ​ភ្លើត​ភ្លើនឆ្ងាយទៅៗ រហូត​ហៅលែងត្រឡប់ក្រោយ ។ ទីបំផុត ក៏រត់ទៅតាមប្រុសកំលោះម្នាក់បាត់ទៅ ។ លោក​ប្រធានភូមិ អំណោយ សោក​សៅ​ខូច​ចិត្ត​ខ្លាំងណាស់ ។ មួយនឹកស្ដាយប្រពន្ធ មួយខ្មាសអ្នកស្រុក ព្រោះ​ខ្លួន​មានងារជា​ប្រធានភូមិផង ។


រហូតដល់ថ្ងៃមួយ នាងឈូកក៏ត្រឡប់មកលន់តួសារភាពកំហុសវិញ ។ លោក​ប្រធាន​ភូមិ​អំណោយ​ក៏​ព្រម​លើក​ទោស​ឲ្យ​នាង ព្រោះយល់ថាយ៉ាងណាក៏ដោយ​នាងក៏ជាប្រពន្ធ ធ្លាប់រៀបការជាមួយគ្នា ។ 


ទោះ​បី​ជា​អ្នកស្រុកចង់ពេបជ្រាយ​ឬ​សើច​ចំអក​យ៉ាងណាក៏ដោយ ក៏ស្រេចតែគេទៅចុះ ! ប៉ុន្តែ នាងឈូក ត្រឡប់​មក​លើកនេះ ស្រពាប់ស្រពោន​ខុស​ប្លែក​ពី​មុន​ដែល​នាង​ធ្លាប់​តែ​រីករាយ​ស្រស់បស់ជាប់ជានិច្ច ។ 


លោក ប្រធាន​ភូមិ អំណោយ​មិនហ៊ានសួរដេញដោលទេ ព្រោះ​ក្រែង​ប៉ះពាល់​ដល់​ផ្លូវ​ចិត្ត​របស់នាង ។


ចម្លែកជាងនេះទៅទៀតនោះ នាងឈូក ដេកនៅតែក្នុងបន្ទប់ មិនព្រមចេញទៅណាមកណា ដូច​ពី​មុន​ឡើយ ។


 រាង​កាយ​ដ៏រលើប​រលោងស្រស់ថ្លារបស់នាង ដែលលោកប្រធានភូមិ អំណោយ​ធ្លាប់​បបោស​អង្អែល​ពី​មុន​មក ក៏​ប្ដូរ​ទៅ​ទ្រុឌ​ទ្រោម​ស្ទាប​​លែង​មានរសជាតិ ។ 


លោកប្រធានភូមិសង្កេតឃើញថា តាំង​ពី​ប្រពន្ធ​របស់ខ្លួនត្រឡប់មកវិញ ថ្ងៃ​ណា​ក៏​ឃើញ​មាន​សត្វ​មៀម​ដ៏ធំ​មួយក្បាលមកទំនៅ​លើ ដំបូល​ផ្ទះ​ជា​ប្រចាំ ។


 ភ្នែករបស់វាសំឡឹងឡង់ៗគួរឲ្យខ្លាច ។ អ្នកស្រុកទីនោះគេមានជំនឿថា បើ​មាន​សត្វ​មៀម​មក​ទំ​នៅ​លើ​ដំបូល​ផ្ទះដូច្នេះជាប្រផ្នូលថា មានគ្រោះអាក្រក់ ព្រោះសត្វនេះ មាន​លក្ខណ:​របស់​យមទូត​នៃ​សេចក្ដី​ស្លាប់ ដែលមិនមែនជាមង្គលល្អឡើយ ។


អ្នកស្រុកនាំគ្នានិយាយគ្រប់ៗមាត់ថា លោកប្រធានភូមិ អំណោយ កំពុងតែមានគ្រោះអាក្រក់ហើយ ។ ដូច្នោះ​ទើប​លោក​ប្រធាន​ភូមិចាត់ឲ្យមនុស្សទៅរក​គ្រូសៃយសាស្រ្ត មកជំរះមន្ទិលនៅក្នុងផ្ទះចោល ។


 ពេល​គ្រូ​សៃយសាស្រ្តមកដល់ ឃើញ​ផ្ទះ​ដែលសង់​ដោយ​ឈើម៉ៃសាក់មួយខ្នងធំ​របស់លោកប្រធានភូមិ គាត់​ក៏​រអ៊ូ​ឡើងថា ៖


ផ្ទះឈើម៉ៃសាក់​វាសមរម្យដល់ការអាស្រ័យរបស់វិញ្ញាណស្រីណាស់ ដូច្នេះ ក៏កើតសង្ស័យ

លោកគ្រូ ! មានន័យថាយ៉ាងម៉េច ?

មានន័យថា ផ្ទះនេះមានវិញ្ញាណខ្មោចស្រីនៅណា !

ភ្លាមនោះលោកគ្រូដែលមានមន្តអាគមពូកែ ក៏បានអញ្ជើញឡើងទៅលើផ្ទះ និងចូលទៅបន្ទប់គេង​របស់​នាងឈូក ដែល​កំពុងតែ​សំងំដេកប្រៀបដូច​មនុស្សឈឺ ។


 គ្រាន់តែគ្រូសៃយសាស្រ្ត និង​លោក​ប្រធាន​ភូមិ អំណោយចូលមកដល់ភ្លាម នាង​ឈូក​​ក៏​ងាកមក​មើលអ្នកទាំងពីរសន្សឹមៗ ។ កែវ​ភ្នែក​របស់​នាង​សំឡឹង​ថ្លែ នៅពេលជួបមុខគ្រូសៃយសាស្រ្ត​បញ្ជាក់​ពី​អាការ​តក់​ស្លុត​យ៉ាងខ្លាំង


ឯងជាគ្រូខ្មោចមែនទេ ? អាកញ្ចាស់ ?

នាងឈូក ស្រដីឡើងខុសពីសម្លេងធម្មតា ដែលលោកប្រធានភូមិ អំណោយធ្លាប់បានឮពីមុនមក ។ លោក​ប្រធាន​ភូមិ​ដល់​ថ្នាក់​​ពឺ្ររោមនឹងសំដីប្រពន្ធ ។


ពិតដូចជាសំដីអ្នកស្រុកនិយាយមែន ! បើសត្វមៀមទំលើផ្ទះ នឹងសញ្ញានៃភាពចង្រៃ ហើយ​សត្វ​មៀម​នេះ​គឺ​ជា​យមទូត​នៃ​សេចក្ដីស្លាប់ ។


 ផ្ទះឈើម៉ៃសាក់របស់លោកប្រធានភូមិ អំណោយ​ច្បាស់​ជា​មាន​វិញ្ញាណ​មក​អាស្រ័យនៅ​យ៉ាងពិតប្រាកដ ។ វិញ្ញាណសាហាវ​នេះវា បានធ្វើឲ្យ​នាងឈូកផ្លាស់ប្ដូរទៅ ! មកដល់ពេលនេះ លោកប្រធានភូមិអំណោយ ជឿហើយថា នាង​ឈូក​ត្រូវ​វិញ្ញាណខ្មោចព្រាយចូល​ឬ អាច​ជា​យ៉ាងណាមួយ ជៀសមិនផុត ទើបនាងត្រឡប់មកផ្ទះវិញទាំងសភាព​ខុស​ពី​ធម្មតា ។ 


ពីមុន នាងឈូក ជា​មនុស្ស​រីករាយ​ណាស់ ប៉ុន្តែក្រោយពេល​ត្រឡប់មកសុំការប្រោសប្រណីពីប្ដី អ្វីៗ​បាន​ខុស​ប្រក្រតី​ទាំង​អស់ រហូត​ដល់​លោកប្រធានភូមិជឿតាមសំដីអ្នកស្រុកហៅគ្រូសៃយសាស្រ្ត មក​ដេញ​ខ្មោច​ព្រាយ​ពី​ផ្ទះ​ឈើ​ម៉ៃសាក់ រំដោះ​គ្រោះ​ភ័យ ។


ពេលគ្រូសៃយសាស្រ្ត បានឃើញនាងឈូកភ្លាម គាត់ដឹងច្បាស់ថា នាងឈូក ត្រូវ​វិញ្ញាណ​ខ្មោច​ព្រាយ​ចូល ហើយ​វិញ្ញាណ​នោះ​ទៀតសោត មិនមែនជាវិញ្ញាណធម្មតាឡើយ វា​ជា​វិញ្ញាណ​របស់​ស្រី​តណ្ហា​ក្រាស់ ដែល​ត្រូវ​ការ​អាស្រ័យ​នៅ​ក្នុង​រាង​កាយរបស់នាងឈូក ដើម្បីមកនៅក្នុងផ្ទះឈើម៉ៃសាក់នេះ ។


លោកប្រធានភូមិចេញទៅមុនសិនទៅ ! ហើយបិទទ្វារបន្ទប់ផង ។ កុំភ្លេចថា ទោះបីជាឮអ្វីក៏ដោយ កុំភ័យ ! ហើយ​កុំ​ចូល​មក​ក្នុងបន្ទប់នេះ ។ ប្រពន្ធ​របស់​លោក​ត្រូវ​វិញ្ញាណ​បស់​ខ្មោច​ព្រាយ​ចូល​ហើយ !



ពេលលោកប្រធានភូមិ អំណោយចេញពីបន្ទប់ទៅ គ្រូសៃយសាស្រ្តក៏លូកដៃចូលទៅក្នុងថង់​យាម​រាវ​រក​វត្ថុខ្លាំងពូកែ ដែល​បានរៀបចំទុកជាស្រេចនោះ ដើម្បីកំចាត់ខ្មោចព្រាយ ។ គាត់សូត្រគាថាមួយសន្ទុះ ហើយ​ក៏សួរទៅថា


ប្រាប់មកថា ឯងជាអ្នកណា នាងខ្មោច ?

និយាយចប់គ្រូសៃយសាស្រ្ត ក៏ចូលទៅរករាងកាយដែលកំពុងដេកស្ដូកលើគ្រែ ។ ពេលនោះ រាង​កាយ​របស់ នាងឈូក ក៏ងើប​អង្គុយឡើង និងសើចចំអកដាក់គ្រូសៃយសាស្រ្តវិញ ។


 ក្រោយពីគ្រូខ្មោច សូត្រ​គាថា​នាងឈូក ក៏ចាប់ផ្ដើមខ្វល់ខ្វាយ ធ្វើ​ឫក​ដូចជាបំរុងក្រោកចេញពីបន្ទប់ទៅ ។ ប៉ុន្តែគ្រូសៃយសាស្រ្ត លើក​រំពាត់ផ្ដៅវាត់ស្ទាក់ពីមុខ ព្រមទាំងគំរាមថា


នាងខ្មោចចង្រៃ ហេតុអ្វីក៏មកសាងភាពក្ដៅក្រហាយ ដល់ម្ចាស់ផ្ទះនេះ ? ឆាប់​ចេញ​ពី​រាង​កាយ​របស់​គេ​ទៅ បើ​មិន​ចេញ​ទេ អញនឹង​វាយឯងដោយរំពាត់ផ្ដៅនេះហើយ !

និយាយចប់គ្រូសៃយសាស្រ្ត ក៏លើករំពាត់ផ្ដៅវាយវាត់​ទៅលើរាងកាយរបស់នាងឈូក ។ សម្លេង​នាង​ឈូក ស្រែក​ថ្ងួច​ថ្ងូរ​ដោយ​ក្ដីឈឺចាប់


អូយ ជួយប្រពន្ធផងលោកប្រធានភូមិ ! ទៅណាហើយ មកជួយប្រពន្ធផង ! អូយ !

សម្លេងរបស់នាងស្រែកសុំជំនួយ​ពីលោកប្រធានភូមិ អំណោយដែលកំពុងតែរងចាំស្ដាប់ ការ​បង្រ្កាប​ខ្មោច​នៅ​ខាង​ក្រៅ​បន្ទប់ ។


 សម្លេងថ្ងូរយ៉ាងអាណោចអាធម្ម ធ្វើឲ្យលោកប្រធានភូមិទ្រាំមិនបាន ក៏​ប្រញាប់​បើកទ្វារចូលទៅ ។ ពេល​មើល​ទៅ​ឃើញ​គ្រូ​សៃយសាស្រ្ត​កំពុងតែវាយវាត់ប្រពន្ធដូច្នេះ នឹក​អាណិត​ក៏​ចូលទៅហាម​ឃាត់ភ្លាមទាំងភ្លេចបំរាមរបស់់គ្រូ​សៃយាសាស្រ្ត​មុន​នេះ ។


បានហើយ ! ខ្ញុំសុំអង្វរលោកគ្រូឈប់វាយឈូកប្រពន្ធខ្ញុំទៅ !

វាជាវិញ្ញាណចង្រៃ មិនមែនជាប្រពន្ធរបស់លោកទេ កុំ​ហាម​អី​ខ្ញុំ​នឹង​ដេញ​វិញ្ញាណ​ស្រី​ពេស្យា​ឲ្យ​ចេញ​ពី​រាង​កាយ​ឥឡូវ​នេះ ! ប្រាប់មក មីខ្មោចចង្រៃឯងជាអ្នកណា ?



នាងឈូកមិនហើបមាត់ ប៉ុន្តែក្រសែភ្នែកនាងវិញ បានអង្វរឲ្យលោកប្រធានភូមិ ជួយហាមគ្រូខ្មោច កុំ​ឲ្យ​វាយ​វាត់​ទៅ​លើ​រាងកាយនាង ។ ប៉ុន្តែរំពាត់ផ្ដៅនៅតែបន្ត សំពងទៅលើរាងកាយរបស់នាង ឈូក ក៏​សន្លប់​បាត់ស្មារតីទៅ ព្រោះ​តែ​ឈឺ​ចាប់​ពេក ។


 វិញ្ញាណស្រី​ពេស្យានោះ ក៏ហោះចេញពីរាងកាយរបស់ នាង​ឈូក​ទៅដែរ ។ ជាមួយគ្នានោះ សត្វ​មៀម​ដែល​មក​ទំ​នៅ​លើ​ដំបូលផ្ទះ ស្រែកលាន់ទ្រ​ហឹងគួរឲ្យព្រឺខ្លាច មុន​នឹង​ត្រដាងស្លាបហោះហើរចេញទៅ ។


នៅពេលដែលសត្វមៀមហើរចេញ ពីដំបូលផ្ទះទៅជាមួយនឹង​វិញ្ញាណរបស់ខ្មោចព្រាយនោះ គ្រូ​សៃយសាស្រ្ត ក៏​ងាក​មក​មើលរាងកាយរបស់ឈូក ដែលកំពុងតែដេកស្ងៀមនៅក្នុងបន្ទប់ ។


លោកប្រធានភូមិ ត្រូវកាត់ចិត្តណា ! ព្រោះប្រពន្ធរបស់លោក នាងលែងជាមនុស្សហើយ ។ ប៉ុន្តែ​នាង​អាច​ធ្វើ​ចលនា​បាន​ក៏​ព្រោះ​តែមានវិញ្ញាណស្រីពេស្យាមកអាស្រ័យតែប៉ុណ្ណោះ !



លោកប្រធានភូមិ អំណោយបានទទួលពាក្យពន្យល់ប្រាប់ពី​គ្រូសៃយសាស្រ្តថា នាងឈូក បាន​ស្លាប់​ជា​យូរ​មកហើយ ព្រោះ​ពេល​ដែលដេញវិញ្ញាណខ្មោចស្រីពេស្យានោះ ចេញ​ទៅ​ នាង​ឈូក​ក៏​លេង​មាន​សភាព​ជា​មនុស្សទៀត ។


 ដើម្បី​ឲ្យ​កាន់​តែ​ប្រាកដ​ក្នុងចិត្ត គ្រូ​សៃយសាស្រ្ត ក៏​ទាញ​ខ្សែ​មន្ត​ម្យ៉ាង​ចេញ​ពី​ថង់​យាម រួចបិទភ្នែកសូត្រគាថាសមាធិខ្សឹបៗមួយសន្ទុះ ស្រាប់​តែ​រាង​កាយ​របស់នាង ឈូក ដែល​កំពុង​តែ​ដេក​ស្ងៀមៗ​នោះ ក៏ភ្ញាក់ហៀក ! ស្រែកថ្ងូរ ! រួច​ក៏​ក្លាយ​ទៅ​ជា​ផ្សែង​ហោះ​មក​ចូល​ក្នុង​ដប ដែល​លោក​គ្រូ​សៃយសាស្រ្ត កំពុង​តែកាន់នៅក្នុងដៃ ។ 


ចំណែករាងកាយរបស់នាង ឈូក ក៏រលាយបាត់ទៅផងដែរ ៕


 


 

0 Comments:

Post a Comment