វគ្គ១ ឃ្លាតអូន
សម្លឹងទៅលើផ្ទៃមេឃព្រះច័ន្ទកំពុងតែបញ្ចេញរស្មីយ៉ាងត្រចះត្រចង់ថែមទាំងមានហ្វូងតារាជាច្រើនកំពុងតែអមជុំវិញមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់។ពិសេសពន្លឺផ្លេកៗនៃហ្វូងតារាទាំងនោះ។ ទោះជាបែបនេះក្ដីយុវជនសង្ហារមួយរូបហាក់បីដូចជាមិនត្រេកត្រអាលជាមួយនឹងទិដ្ឋភាពបែបនេះនោះឡើយ ។ អារម្មណ៍របស់អ្នកកំលោះបានអណ្ដែតអណ្ដូងគ្មានកោះគ្មានត្រើយប្រៀបដូចជាមនុស្សដែលគ្មានវិញ្ញាណនៅក្នុងខ្លួន។
អ្នកកំលោះកាន់តែមើលទៅហ្វូងតារាទឹកមុខនៃអ្នកកំលោះក៏កាន់តែក្រៀមក្រំឡើងៗ។ព្រះច័ន្ទកាន់តែបញ្ចេញរស្មីខ្លាំងយ៉ាងណា ក៏កាន់តែធ្វើឱ្យចិត្តរបស់អ្នកកំលោះសោកសង្រេង រសាប់រសល់ជាពន់ពេកមើលទៅប្រហែលជាអ្នកកំលោះនៃយើងកំពុងតែមានវិបត្តិអ្វីមួយនៅក្នុងចិត្តហើយមើលទៅទើបធ្វើឲ្យទឹកមុខស្រពាប់ស្រពោនបែបនេះ។
ពិតណាស់គឺអ្នកកំលោះកំពុងតែនឹកទៅដល់កេសរដែលជាសង្សារកំណាន់ចិត្តរបស់ខ្លួន។អ្នកកំលោះដកដង្ហើបធំព្រមទាំងបញ្ចេញវាចារតិចៗថា៖កេសរអូនតើអូនកំពុងធ្វើអ្វីស្មើនឹង តើអូនមាននឹកដល់បងដូចបងនឹកអូនដែរឬទេ?កំលោះសង្ហារកំពុងតែអណ្ដែតអណ្ដូងស្រាប់តែ៖
- កុសល្យកូន ស្មើនឹងហើយមិនទាន់គេងទេអី!
- បាទ ពុកកូនគិតថាគេងឥឡូវហើយ
- ឆាប់គេងផងណាកូនយប់កាន់តែជ្រៅរីឯទឹកសន្សើមក៏កាន់តែធ្លាក់ កូនកុំនៅយូរពេកប្រយ័ត្នផ្ដាសាយណាកូន ។កូនក៏ដឹងថាជីវភាពគ្រួសារយើងយ៉ាងណាដែរ ក្រីក្រណាស់កូនរកព្រឹកខ្វះល្ងាចរកល្ងាចខ្វះព្រឹក បើកូនឈឺពុកបានប្រាក់មកពីណាសម្រាប់មើលជំងឺកូន ខ្មោចម្ដាយឯងប្រាកដជាថាពុកនឹងមិនចេះមើលថែរក្សាកូនមិនខាន យប់ជ្រៅណាស់ទៅហើយកូននៅធ្វើអ្វីយូរម្លេះឬក៏ក្នុងចិត្តកូនមានទុកកង្វល់អ្វីមែនទេ?
- បាទ! ពុកគ្មានអ្វីនោះទេ គ្រាន់តែគេងមិនលក់ កូនអផ្សុកកូនក៏មកអង្គុយមើលផ្កាយលេងតែប៉ុណ្ណោះ
កុសល្យនិយាយទាំងទឹកមុខញញឹមក្នុងគោលបំណងមិនឲ្យឪពុករបស់គេសង្ស័យនោះទេព្រោះមិនចង់ឲ្យពុករបស់គេឃើញគេមិនសប្បាយចិត្ត….
នៅលើលោកនេះមានតែឪពុកម្ដាយយើងប៉ុណ្ណោះដែលយកចិត្តទុកដាក់នឹងផ្ដល់ក្ដីស្រឡាញ់ឱ្យយើងរហូតដែលមិនចេះរីងស្ងួត។ទោះបីជាកុសល្យខំធ្វើទឹកមុខលាក់បាំងយ៉ាងណាក៏មិនអាចលាក់បាំងនឹងបូសមដែលជាឪពុករបស់គេជិតដែរ……..
- កូនប្រុសពុក! ពុកចិញ្ចឹមកូនតាំងពីបាតជើងក្រហមងាលមកម្ល៉េះ ទោះបីជាកូនលាក់បាំងយ៉ាងនេះក្ដី តែកែវភ្នែករបស់កូនបានបង្ហាញយ៉ាងច្បាស់ថាកូនពិតជាមានទុក្ខកង្វល់អ្វីមួយនៅក្នុងចិត្តជាក់ជាមិនខាន គ្រាន់តែពុកមិនដឹងថាវាជារឿងអ្វីប៉ុណ្ណោះ
ដោយលាក់អារម្មណ៍ជាមួយនឹងឪពុកមិនបាន កុសល្យក៏ដាច់ចិត្តនិយាយរឿងរ៉ាវប្រាប់ឪពុករបស់ខ្លួនគ្រប់យ៉ាងទាំងអស់ និយាយបណ្ដើរកុសល្យយំបណ្ដើរថែមទាំងអោបពុករបស់នាយយ៉ាងណែន…..
- ពុក កូននឹកកេសរណាស់ពុក ថ្ងៃស្អែកនាងត្រូវទៅរៀនបន្តនៅក្រុងសៀមរាបហើយពុក កូនមិនចង់ឱ្យនាងឃ្លាតពីកូននោះទេ កូនខ្លាចនាងជួបអ្នកថ្មី ហើយបោះបង់កូនចោល ណាពុក
- ពុកដឹងគ្រប់យ៉ាង ពុកមិនបានហាមកូនមិនឱ្យកូនស្រឡាញ់គ្នានោះទេ ស្នេហាពិតជាមិនអាចបង្ខំបានពិតមែន ប៉ុន្តែស្នេហាកូននេះខ្ពស់ខ្លាំងណាស់កូនសម្លាញ់ គេជាកូនអ្នកមានស្ដុកស្ដម្ភ រីឯគ្រួសារយើងជាអ្នកទីទាល់ក្រ តើគេឯណា មកស្ម័គ្ររស់នៅជាមួយកូននោះកាត់ចិត្តទៅកូន ទោះកេសរនាងព្រមក៏ឪពុកម្ដាយនាងមិនព្រមនោះដែរ ដូចពាក្យចាស់លោកពោលថា <<ខ្លួនខ្លីកុំតោង ដៃខ្លីកុំឈោងស្រវាអោបភ្នំ>>។គេប្រៀបដូចជាភ្នំហើយភ្នំខ្ពស់ទៀតផងណាកូន។ គេទៅរៀនបន្តដើម្បីអនាគតរបស់គេ ឱ្យគេទៅចុះកូនបើជាគូរគង់តែជួបនោះទេកូនសម្លាញ់
និយាយបណ្ដើរ ពូសម ដែលជាឪពុករបស់កុលស្យយកដៃអង្អែលខ្នងកូនបណ្ដើរ ទឹកភ្នែករបស់គាត់ក៏រមៀលស្រក់មកតក់ៗ គាត់ខំប្រឹងជូតមិនឲ្យកុលស្យដឹងនោះឡើយ។នេះហើយទឹកចិត្តឪពុកពេលកូនពិបាកចិត្តឪពុកក៏ពិបាកចិត្តមិនចាញ់កូននោះដែរ។
កុសល្យឮឪពុករបស់ខ្លួននិយាយបែបនេះ អ្នកហាក់បានធូរក្នុងចិត្តបន្តិច។អ្នកកំលោះជូតទឹកភ្នែកយ៉ាងស្អាតរួចក៏ដើរទៅកន្លែងគេង ទាំងក្នុងចិត្តមិនជ្រះស្រឡះ នោះឡើយ។ទឹកភ្នែកអ្នកកំលោះនៅតែបន្តហូរស្រក់មករាប់លានតំណក់ ទឹកភ្នែកហូរស្រក់មកជោគខ្នើយប្រៀបដូចជាទឹកភ្លៀងដែលហូរស្រោចមកលើធរណីយ៉ាងជោគជាំដូចច្នោះឯង។
នៅយប់នោះកុសល្យដែលជាកំលោះសង្ហារមាឌមាំ ខ្ពស់ស្រឡះ អង់អាចតែអ្នកនៅមិនអាចយកឈ្នះទឹកភ្នែកដែលហូរមកបាននោះ គេងមិនលក់ទាល់តែសោះក្នុងចិត្តនៅតែអាល័យដល់កេសរដែលជាម្ចាស់ជីវិតរបស់នាយ។ អ្នកកំលោះប្រះខ្លួនឆ្វេងម្ដង ស្ដាំម្ដងពេញមួយយប់មានពេលខ្លះយកដៃគងថ្ងាស់គិតដល់កេសរដែលគេស្រឡាញ់ស្មើនឹងជីវិត រួចក៏ពោលខ្សឹបៗទាំងអណ្តឺតអណ្ដកថា៖
<<កេសរអូនតើពេលនេះអូនកំពុងតែនឹកបងដូចដែលបងនឹកអូនដែរឬទេ? កេសរអូនបងនឹកអូនណាស់ តើអូនពិតជាមិនដឹងថាបងនឹកអូនទេឬ? ឬមួយក៏អូនឈប់ស្រឡាញ់បងហើយបន្ទាប់ពីអូនទៅរស់នៅទីក្រុង តិចដូចបទចម្រៀងលោកតាកែវសារ៉ាត់ច្រៀងរំដួលដូរដី ស្រីប្រែចិត្តទៅ ទេមិនអាចទេ កេសរនាងស្រឡាញ់ខ្ញុំណាស់ខ្ញុំគិតច្រើនតែម្នាក់ ឯងពេកហើយ។ កេសរអូន បងសង្ឃឹមថាអូនមិនភ្លេចអនុស្សាវរីយ៍យើងទាំងពីរនាក់នៅក្រោមដើមក្រសាំងនៅវាលស្រែ មួយរយនោះឡើយ ហើយបងក៏សង្ឃឹមថាអូនមិនជួបអ្នកថ្មីហើយស្រី ប្រែចិត្តពីបងទៅចុះ>>។
កុលស្យនិយាយបណ្ដើរស្ងាបបណ្ដើរភ្នែករបស់អ្នកកំលោះទន់អស់រលីងទៅហើយបើកមិនចង់រួចនោះទេ ថ្វីបើចង់គិតតទៅទៀតតែភ្នែកមិនសហការសោះ……..
0 Comments:
Post a Comment