រឿង ខ្មោចបារម្ភទ្រព្យសម្បត្តិ
ពីមុនខ្ញុំមានអ៊ំស្រីម្នាក់ បច្ចុប្បន្នគាត់បានលាចាកលោកនេះទៅហើយ ។ កាលពីគាត់មានជីវិតរស់នៅនោះ អ៊ំស្រីចាត់ទុកថា ជាមនុស្សស្វិតគ្រាន់បើរឿងមាសប្រាក់លុយកាក់ គាត់ដឹងតែពីចូល បើចេញពិបាកបន្តិច ។
គាត់បានរក្សាជីវិតរស់នៅជាស្រីបរិសុទ្ធជាមួយប្អូនស្រី គឺម្ដាយរបស់ខ្ញុំនេះ ។ អ៊ំស្រីគាត់រកចំណូលបានដោយសាការជួល និងប្រវាស់ដីស្រែឲ្យគេធ្វើ ។ ពេលបានលុយមក គាត់យកទៅដាក់ក្នុងហឹបទុកទាំងអស់ ។ គាត់ស្រឡាញ់ហឹបរបស់់គាត់ជាងអាយុជីវិត និងហាមក្មួយៗមិនឲ្យប៉ះពាល់ជាដាច់ខាត ។
ពេលណាអ៊ំចូលក្នុងបន្ទប់ស្ងាត់ៗតែម្នាក់ឯង ខ្ញុំតែងទៅលួចមើល ។ ឃើញគាត់ឱបអង្អែលហឹបលុយ និងលួចញញឹមតែម្នាក់ឯង ទំនងដូចជាពេញចិត្តនឹងហឹបនោះណាស់ ។
ថ្ងៃមួយ អ៊ំស្រីចេញទៅទារលុយថ្លៃជួលដីតាំងពីព្រឹក ម្ដាយខ្ញុំទៅវត្ត ចំណែកខ្ញុំ នៅផ្ទះតែម្នាក់ឯង ។ ក្រោយពីទទួលទានអាហារពេលព្រឹក ខ្ញុំអង្គុយលេងត្រង់របៀងផ្ទះ បង្ហើរអារម្មណ៍អណ្ដែតអណ្ដូងវែងឆ្ងាយ តាមនិស្ស័យមនុស្សមានការស្រមើស្រម៉ៃច្រើន ។ ប៉ុន្តែ គួរឲ្យចម្លែកណាស់ ថ្ងៃនោះ ខ្ញុំចេះតែគិតផ្ដេសផ្ដាស នឹកបារម្ភទៅដល់អ៊ំស្រីឥតហេតុផល ។
កាន់តែគិត កាន់តែនឹក ហាក់ដូចជាគាត់បែកទៅប៉ុន្មានខែហើយអញ្ចឹង ។ កំពុងតែគិត ស្រាប់តែបានឮសម្លេងអ្នកណាម្នាក់ដើរចូលទៅក្នុងបន្ទប់របស់អ៊ំ ។ ខ្ញុំនឹកថា អ៊ំប្រាកដជាមកវិញហើយ ទើបដើរទៅលួចមើលក្នុងបន្ទប់របស់គាត់ ។ ខ្ញុំចង់ឃើញស្នាមញញឹមជាមួយនឹងការបបោសអង្អែលហឹបរបស់គាត់ ព្រោះ អ៊ំតែងតែធ្វើដូច្នេះពេលត្រឡប់មកពីក្រៅ ។ ប៉ុន្តែពេលនោះ ត្រឡប់ជាខុសសព្វមួយដង ។
ខ្ញុំឃើញអ៊ំស្រីឈរឱនមុខស្ងាត់ស្ងៀមក្បែរហឹបរបស់គាត់ ។ អាកប្បកិរិយាគាត់ផ្លាស់ប្ដូរទៅច្រើនណាស់ ។ ខ្ញុំគិតថា ថ្ងៃនេះប្រហែលគាត់ប្រមូលលុយមិនសូវបានឬក៏គាត់មិនស្រួលខ្លួន ទើបធ្វើឲ្យគាត់មានអារម្មណ៍ល្អក់កករយ៉ាងនេះ ។ កំពុងតែនឹកចម្លែកក្នុងចិត្ត ចំពោះកាយវិការរបស់អ៊ំស្រី ស្រាប់តែឮសូរមាត់អ៊ំ ផេន អ្នកភូមិខ្ញុំស្រែកហៅនៅមុខផ្ទះ សួរកម្ដាយខ្ញុំ ។ ខ្
ញុំរត់ចេញទៅប្រាប់គាត់ថា ម្ដាយខ្ញុំមិននៅផ្ទះទេ ទៅវត្តបាត់ទៅហើយនៅតែអ៊ំស្រី ។ ពេលនោះអ៊ំ ផេន ស្រាប់តែជន្លដៃចង់វាយក្បាលខ្ញុំ ស្ដីឲ្យខ្ញុំថា ខ្ញុំនេះនៅនិយាយលេងនឹងគាត់ទៀត ។ គាត់ថា អ៊ំស្រីរបស់ខ្ញុំត្រូវគេបាញ់សម្លាប់នៅពេលត្រឡប់មកពីទារលុយថ្លៃស្រែ ដល់ពាក់កណ្ដាលផ្លូវកាលពីម៉ោង ១១ ថ្ងៃត្រង់មុននេះឯង ។
ខ្ញុំនិយាយអ្វីទៅទៀតលែងកើត នឹករន្ធត់ចិត្ត និងកើតចម្លែកចិត្តតែម្នាក់ឯង ។ ខ្ញុំប្រញាប់រត់ទៅមើលក្នុងបន្ទប់អ៊ំស្រីម្ដងទៀត ម្ដងនេះបង្ហាញថា មានតែភាពទទេចែស ! ចុះរូបភាពដែលខ្ញុំឃើញអំបាញ់មិញយ៉ាងម៉េចដែរ ? ចិត្តមួយទៀតនៅមិនទាន់ជឿថា អ៊ំស្លាប់ឡើយ ។ ខ្ញុំដើរទៅតាម អ៊ំ ផេន ដល់កន្លែងកើតហេតុ ស្រាប់តែឃើញអ៊ំស្រីរបស់ខ្ញុំគាត់ស្លាប់មែន ។
រឿងនេះ ជារឿងទាក់ទងទៅនឹងវិញ្ញាណ ។ មុនពេលស្លាប់ វត្ថុដំបូងដែលអ៊ំគិតដល់ គឺហឹបលុយ ។ គាត់ខ្លាចមានអ្នកណាមកដណ្ដើមយកបាត់ទៅ ។
ក្រោយមក ខ្ញុំនិយាយហេតុការណ៍នេះប្រាប់គេ ប៉ុន្តែមិនសូវជាមានអ្នកណាជឿទេ ។ សម្រាប់ខ្ញុំទើបដឹងច្បាស់ថា រឿងនេះគឺជាការពិត ៕
0 Comments:
Post a Comment