Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង ចៅតប់ប្រមល់

 រឿង ចៅតប់ប្រមល់

កាល​ពី​ព្រេង​នាយ៖ មាន​បុរស​ពីរ​នាក់ បាន​ធ្វើ​កុសលជាមួយគ្នា លុះ​បុរស​ទាំង​ពីរ​រំលាយខន្ធទៅ បុរស​ម្នាក់​បាន​ទៅ​កើត​ជា​ព្រះ​ឥន្ទ្រ. បុរស​ម្នាក់​ទៀត​ទៅ​កើត​ជា​បុរស​កម្សត់ មាន​ប្រពន្ធ ក្រលំបាក​ណាស់ រក​ស៊ី​នេសាទ​ដាក់​លប​យក​ត្រី ជា​អម្រស់​អម្រ​ចិញ្ចឹម​ជីវិត ។ 

គ្រាមួយ ព្រះ​ឥន្ទ្រ​បាន​បើក​ទិព្វ​ចក្ខុ ទត​ឃើញ​បុរស​នោះវេទ​នា​លំបាក​ដូច្នោះ មាន​សេចក្ដី​អាសូរ​ករុណា វេលា​យប់​ព្រះឥន្ទ្រ​យក​មាស​៣​ដុំ ទៅ​ដាក់​ក្នុង​លប​បុរស​នោះ ។ លុះ​ព្រឹក​ឡើង បុរស​នោះ​ទៅ​លើក​លប​មើលឃើញ​មាស​មិន​ស្គាល់​ជា​មាស សម្គាល់​ថា​ជា​ថ្ម ក៏​ចោល​ទៅ​ក្នុង​ទឹក ហើយ​ដាក់​លប​ទៅ​ក្នុង​ទឹក​វិញ ។

 បុរស​បាន​មើល​លប​ទៀត​គម្រប់​៣ ដង ។ 

ព្រះឥន្ទ្រ​យក​មាស​ដាក់​ក្នុង​លប​ដូច​មុន​ទៀត ។ បុរស​ឃើញ​ដូច្នោះ នឹក​ខឹង ក៏​ចង​មាស​ទាំង​៣ ដុំ​នោះ​ពុន​យក​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​ដាំ​បាយ ។ ប្រពន្ធ​បុរស មិន​ស្គាល់​មាស ក៏​យក​ដុំ​មាស​នោះ​ទៅ​ធ្វើ​ជា​ថ្ម​ជើង​ក្រាន​តាម​បង្គាប់​ប្ដី ។

ក្រោយ​នោះ មាន​ព្រះរាជ​អាជ្ញា​មក​ទារ​ពន្ធ មើល​ទៅ​ឃើញ​ដុំ​មាស ដែល​បុរស​នោះ​ធ្វើ​ថ្ម​ជើង​ក្រាន ក៏​ឲ្យ​បុរស​យក​មាស ៣ ដុំ​នោះ​បង់​ពន្ធ ដែល​បុរស​នោះ ជំពាក់​រាជការ ។ បុរស​នោះ នឹក​អរ​ណាស់ ដោយ​ខ្លួន​ទ័ល​ក្រ​ ហើយ​ព្រះរាជអាជ្ញា យក​ដុំ​ថ្ម​ជើង​ក្រាន​ដូច្នោះ ក៏​ព្រម​តាម បាន​ប្រគល់​ថ្ម​ជើង​ក្រាន​ទាំង ៣ ដុំ​នោះ​ទៅ​ឲ្យ​ព្រះរាជ​អាជ្ញា​ភ្លាម ។ លុះ​ព្រះ​អាជ្ញា​បាន​ដុំ​មាស​ពី​បុរស​នោះ​ហើយ ក៏​យក ១ ដុំ​ទៅ ថ្វាយ​ព្រះមហាក្សត្រ ។

 លុះ​ទ្រង់​សាក​សួរ​ពី​ហេតុ​ផល​បាន​មាស​នោះ ព្រះរាជអាជ្ញា​ទូល​តាម​ដំណើរ ។ ស្ដេច​ទ្រង់​ជ្រាប​ថា មាន​មាស​ពី​បុរស​ដូច្នោះ ទ្រង់​ឲ្យ​ហៅ​បុរស​នោះ ៗ ទៅ​ដល់​ទ្រង់​សាក​សួរ​ទៀត ។ បុរស​ក្រាប​ទូល​ថា «មាស​របស់​ខ្លួន ៣ ដុំ​បាន​ជូន​មក​ព្រះរាជ​អាជ្ញា​ហើយ» ។

 ស្ដេច​ឲ្យ​ទារ​យក​មាស ២ ដុំ​ពី​ព្រះរាជ​អាជ្ញា​នោះ ហើយ​ទ្រង់​បង្គាប់​ឲ្យ​បុរស​នោះ រក​មាស​មក​ថ្វាយ​ព្រះ​អង្គ​ថែម​ទៀត ។ បុរស​នោះ​ក្រាប​ទូល​ថា «រក​មាស​ទៀត​ពុំ​បាន​ទេ» ។

 ស្ដេច​ទ្រង់​ឲ្យ​យក​បុរស​នោះ ទៅ​ឃុំ ។ ព្រឹក​ឡើង នាយ​តម្រួត​ដែល​ជា​អ្នក​រក្សា​នោះ ប្រើ​ឲ្យ​ធ្វើ​ការ​ដោយ​ជេរ​ស្ដី​បុរស​នោះ ។ លុះ​ទ្រង់​ជ្រាប​ដល់​ស្ដេច ៗ ទ្រង់​ឲ្យ​ហៅ​បុរស​នោះ មក​សួរ​ពី​ហេតុ​ធ្វើ​ការ​ឲ្យ​មាន​ទាស់​ចិត្ត​នាយ​តម្រួត ។

 បុរស​នោះ​ក្រាប​ទូល​ថា « ទូល​ព្រះ​បង្គំ​មាន​សេចក្ដី​តប់​ប្រមល់​នៅ​ក្នុង​ខ្លួន​ខ្លាំង​ណាស់» ។ ស្ដេច​ក៏​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ ត្រូវ​ចៅ​ឯង​រក​សត្វ​តប់​ប្រមល់​នោះ​មក​ឲ្យ​អញ បើ​ឯង​រក​ពុំ​បាន​ទេ អញ​នឹង​ឲ្យ​ពិឃាដ​ឯង ក្នុង​គ្រា​នេះ» ។ 

បុរស​ឮ​ដូច្នោះ​ក៏​ភ័យ គិត​ថា «មុខ​ជា​ស្លាប់​ហើយ​ក្នុង​គ្រា​នេះ មិន​ដឹង​ជា​ទៅ​រក​សត្វ​តប់​ប្រមល់​ឯណា​ទេ» តែ​មិន​ហ៊ាន​ប្រកែក ដោយ​ខ្លាច​អំណាច​ស្ដេច ក៏​ក្រាប​បង្គំ​លា​ស្ដេច​ដើរ​ចេញ​ទៅ ដោយ​បំណង​ថា នឹង​ដើរ​ឲ្យ​ស្លាប់​ក្នុង​ព្រៃ លុះ​ដើរ​ចូល​ព្រៃ​ឆ្ងាយ​ទៅ ។

 ព្រះឥន្ទ្រ បើក​ព្រះនេត្រ​ទិព្វ​មក​ឃើញ​បុរស​នោះ​មាន​សេចក្ដី​វេទនា លំបាក​ដូច្នោះ ក៏​និម្មិត​ជា​អាស្រម ១ នៅ​ខាង​មុខ​ទី​ដែល​បុរស​ដើរ​ទៅ ហើយ​ព្រះឥន្ទ្រ​កាឡា​ខ្លួន​ធ្វើ​ជា​ព្រះ​មហាឥសី ។

 បុរស​មើល​ទៅ​ឃើញ​អាស្រម​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ ដើរ​ចូល​ទៅ​ថ្វាយ​បង្គំ​ឥសី​ក្នុង​អាស្រម​នោះ ។ ឥសី​សួរ​ថា «ចៅ​មាន​ហេតុ​អ្វី?» ។

 បុរស​នោះ ទូល​ឥសី​តាម​ដំណើរ ដែល​ស្ដេច​ឲ្យ​រក​សត្វ​តប់​ប្រមល់​ យក​ទៅ​ថ្វាយ ។ ឥសី​ថា «ចៅ​កុំ​ព្រួយ» រួច​ឥសី​បាន​យក​បំពង់​ពក ១ មក​សែក​មន្ត​វិជ្ជា​សិល្ប​សាស្ត្រ​កើត​ជា​ខ្លា សិង្ហ ដំរី​ ពស់ រមាស សុទ្ធ​តែ​ជា​

សត្វ​សាហាវ​ទាំង​អស់ ហើយ​ឥសី​ដែល​ជប់​បង្រួញ​សត្វ​ទាំង​នោះ ច្រក​ក្នុង​បំពង់​ពក ប្រគល់​បំពង់​ពក​នោះ ឲ្យ​ទៅ​បុរស រួច​ផ្ដាំ​ថា «ឲ្យ​យក​ទៅ​ថ្វាយ​ស្ដេច ប៉ុន្តែ​មុន​នឹង​បើក​​ឆ្នុក ឲ្យ​ស្ដេច​ប្រមូល​ព្រះរាជ​វង្សានុវង្ស​មក​ជួប​ជុំ ហើយ​បិទ​ទ្វារ​វាំង​ឲ្យ​ជិត សឹម​បើក​ឆ្នុក​មើល ព្រោះ​សត្វ​នោះ​រត់​រហ័ស​ណាស់» ។

លុះ​បុរស​នោះ​ទទួល​បណ្ដាំ​ឥសី​ស្រេច​ហើយ ក៏​នាំ​យក​សត្វ​ដែល​ច្រក​ក្នុង​បំពង់​ពក ទៅ​ថ្វាយ​ស្ដេច ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​រក​សត្វ​តប់​ប្រមល់​បាន​ហើយ នៅ​ក្នុង​បំពង់​ពក​នេះ « ហើយ​ក៏​ទូល​តាម​ដំណើរ

 ដែល​ឥសី​ផ្ដាំ​មក ។ ស្ដេច​ឲ្យ​ប្រមូល​ព្រះរាជវង្សានុវង្ស​ជួប​ជុំ​ហើយ ទ្រង់​ចាត់​ការ​បិទ​ទ្វារ​កំពែង​វាំង​ស្រេច ទ្រង់​ឲ្យ​អមាត្យ​បើក​ឆ្នុក​បំពង់​ពក​នោះ ។ ខ្លា ដំរី សិង្ហ រមាស ពស់ ក៏​ចេញ​ពី​ក្នុង​បំពង់​ពក​មក​ខាំ ស្ដេច​និង​ព្រះរាជវង្សានុវង្ស​ទាំង​នោះ ឲ្យ​ដល់​នូវ​មរណភាព​អស់​ទៅ ។

ក្រោយ​មក ពួក​អ្នក​នគរ​បាន​ឃើញ​បុរស​នោះ​មាន​រឹទ្ធានុភាព​ដូច្នោះ ក៏​រៀប​អភិសេក​បុរស​នោះ ឲ្យ​ឡើង​សោយ​រាជសម្បត្តិ​ ជា​ព្រះមហាក្សត្រ​ក្នុង​នគរ​នោះ​ទៅ ។

សត្វ​ទាំង​ឡាយ ក៏​លា​ស្ដេច​បុរស​នោះ ចូល​ទៅ​នៅ​ព្រៃ ផ្ដាំ​ថា «បើ​ស្ដេច​មាន​ភ័យ ឬ​មាន​ការ​អ្វី គ្រាន់​តែ​នឹក​ដល់ នឹង​មក​ជួយ​យក​អាសា​ជា​ដរាប»៕

រឿង គង់ហ៊ាន

 

 រឿង គង់ហ៊ាន

កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់ មានប្រពន្ធពីរ១ ឈ្មោះនាងអាំ មួយឈ្មោះនាង គំ។

 ថ្ងៃមួយអ្នកគង់ នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ។ តាមផ្លូវទៅស្រុកនោះមានខ្លាសាហាវ 

អ្នកគង់បណ្តើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយជិតស្រុកគេ ព្រៃនោះតែងមានខ្លាចេញខាំមនុស្ស ក្របី គោ ស៊ីតែរឿយៗ។

 លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញស្រែកសន្ធាប់ពីចម្ងាយមក។

អ្នកគង់រត់ចូលរូងឈើ រាកនោមព្រោះភ័យណាស់ញ័រដៃញ័រជើង។ នាងអាំ និងនាងគំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ។

      ឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយបានស្ទុះម្នីម្នាចេញពីរូងឈើមកយកដំបងវាយខ្លាស្លាប់ស្រាប់នោះថែមទៀត។

 ប្រពន្ធទាំងពីរបន្ទោសប្តីថា «ខ្លាគេវាយាងាប់ហើយធ្វើជាមកវាយថែមទៀត ប្រុសអីកំសាកញីដូច្នេះ»។ អ្នកគង់បំពានទៅប្រពន្ធថា

 «មិនដែលមានស្រីណាវាយខ្លាស្លាប់នោះទេ មានតែប្រុសទេបានហ៊ានវាយខ្លាទាល់តែស្លាប់» 

ហើយអ្នកគង់ក៏បោចវល្លិចងខ្លានោះនាំប្រពន្ធសែងចូលទៅក្នុងស្រុក។ 

អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាមកមើលពេញពេញ ហើយគេសួរថា 

«អ្នកឯងធ្វើដូចម្តេចបានជាបានខ្លានេះ ខ្លានេះសាហាវណាស់ វាតែងតែខាំមនុស្សម្នា ក្របី គោ ស៊ីច្រើនណាស់» ហើយប្រពន្ធអ្នកគង់ក៏បាននិយាយប្រាប់អ្នកស្រុកថា

 «អ្នកគង់គាត់ឃើញខ្លាវាបោលមក គាត់រត់ចូលក្នុងរូងឈើ ខ្ញុំពីរនាក់ស្រីៗព្រួតគ្នាវាយខ្លាទាល់តែស្លាប់»។ អ្នកគង់លឺប្រពន្ធនិយាយបែបក៏បញ្ចោររំលោភប្រពន្ធថា

 «មិនដែលមានស្រីណា ខ្លាំងហ៊ានវាយខ្លាស្លាប់ទេ មានតែប្រុសទើបខ្លាំងពូកែហ៊ានវាយខ្លាស្លាប់បាន»។ អ្នកគង់ក៏អួតប្រាប់អ្នកស្រុកថា

 «កាលដែលខ្លាវាស្ទុះមកនឹងខាំ ដូច្នេះខ្ញុំដាក់ស្នៀតគុណដូច្នេះបានជាវាយវាបាន»

 ហើយអ្នកគង់ធ្វើជាលោតគុណវាយខ្លាឲ្យអ្នកស្រុកមើល។ 

ឯអ្នកស្រុកកោតខ្លាចអ្នកគង់រាល់គ្នាហើយឲ្យឈ្មោះថា «គង់ហ៊ាន»តាំងពីថ្ងៃនោះមកលឺល្បីឈ្មោះគង់

ហ៊ានជាអ្នកពូកែចេះគុណវាយខ្លាស្លាប់រឿងនេះជ្រាបទៅដល់ស្តេចៗទ្រង់យកទៅចិញ្ចឹមធ្វើជាសេនាសម្រាប់ច្បាំងសង្រ្គាម។

  លុះយូរបន្តិចទៅ ជួនជាមានសឹកគេលើកមកច្បាំងយកនគរស្តេចទ្រង់ប្រើគង់ហ៊ានឲ្យទៅច្បាំង។

 គង់ហ៊ានលឺស្តេចទ្រង់ប្រើឲ្យទៅជួយច្បាំងសឹកដូច្នេះភ័យណាស់ពុំដឹងបើគិតធ្វើម្តេចនឹងមិនទៅច្បាំងមិនបានដ្បិតស្តេចទ្រង់ប្រើហើយ ហើយខ្លួនបានទាំងល្បីឈ្មោះជាអ្នកខ្លាំងពូកែផង ត្រឡប់មកផ្ទះវិញ

ដេកសន្ធឹងសន្ធៃអត់បាយ។ ប្រពន្ធទាំងពីរនាក់ចូលទៅសួរថា «ម្តេចបានជា អ្នកដេកអត់បាយដូច្នេះ មានបើហេតុភេទអ្វីប្រការដូចម្តេច?»។

 គង់ហ៊ានប្រាប់ថា «ដ្បិតស្តេចទ្រង់ប្រើឲ្យទៅច្បាំងសឹកឥឡូវនេះ បងខ្លាចសឹកនោះណាស់មិនដឹងបើគិតដូចម្តេចទេ»។

 ប្រពន្ធឆ្លើយឡើងថា «អ្នកកុំព្រួយចិត្តធានាលើខ្ញុំទាំងអស់ អ្នកក្រោកឡើងពិសាបាយឲ្យឆ្អែត ងូតទឹកឲ្យសប្បាយខ្លួនចុះ»

 គង់ហ៊ានលឺប្រពន្ធលួងលោមដូច្នោះក៏បានធូរក្នុងចិត្ត ក្រោកឡើងងូតទឹកស៊ីបាយរៀបគ្រឿងប្រដាប់នឹងទៅច្បាំង។

 លុះរៀបរួចហើយបានដល់បានពេលាល្អ ក៏ចូលទៅក្រាបបង្គំលាសេ្តចចេញទៅច្បាំងយកទាំងប្រពន្ធទៅផង។

 គង់ហ៊ានជិះខាងក្បាលដំរី ប្រពន្ធជិះខាងក្រោយ មានរេហ៍ពលហែហមអមមុខក្រោយជាក្បួនទ័ពត្រៀបត្រាពាសពេញ។ 

លុះទៅជិតខ្មាំងសត្រូវមើលឃើញច្បាស់ប្រាកដគង់ហ៊ានភ័យណាស់លេចអាចម៍

 លេចនោមញ័រដៃញ័រជើងដូចគេអង្រួនក្បាលដំរី។ 

ឯដំរីគិតស្មានថាគេអង្រួនឲ្យខ្លួនបោលចូលក៏ចេះតែបោលមុនរេហ៍ពលទាំងអស់គ្មាននរណាតាមទាន់។

         ឯខ្មាំងសត្រូវឃើញគង់ហ៊ានបំបោលដំរីចូលដូច្នោះគិតស្មានថាមេទ័ពនេះពូកែណាស់ក៏បាក់ទ័ពចាញ់រត់យកតែប្រាស់អាយុដោយខ្លួនទៅ។

         គង់ហ៊ានឃើញខ្មាំងរត់អស់ក៏ធ្វើជាអួតក្អេងក្អាងឲ្យអស់នាហ្មឺន និងរេហ៍ពលកោតខ្លាច។ 

អស់នាហ្មឺនឃើញគង់ហ៊ាន លេចអាចម៍ដាក់ក្បាលដំរីស្អុយពាសពេញដូច្នោះគេសួរថា 

«លោកមេទ័ពថ្មីម្តេចក៏លេចលាមកដូច្នេះ?»។

 គង់ហ៊ានឆ្លើយថា «បើកំពុងតែច្បាំងនឹងសត្រូវហើយឈឺផ្ទៃនឹងចុះទៅដោះទុក្ខសត្វឯណា មានតែ

ដោះទុក្ខសត្វលើក្បាលដំរីដូច្នោះឯង បើរវល់តែដោះទុក្ខសត្វខ្មាំងវាមិនកាប់ស្លាប់ឥតអំពើទៅហើយឬ?»។

       អស់នាហ្មឺននិងរេហ៍ពលលឺគង់ហ៊ាននិយាយដូច្នោះអ្នកខ្លះមានប្រាជ្ញាគេដឹងថា គង់ហ៊ានខ្លាចអ្នកខ្លះមិនសូវមានប្រាជ្ញាក៏កោតខ្លាចគង់ហ៊ានណាស់។

 ឯគង់ហ៊ានបានឈ្នះទ័ពត្រឡប់ចូលមកក្នុងនគរវិញ ហើយចូលទៅក្រាកថ្វាយបង្គំស្តេច។

       ស្តេចទ្រង់ជ្រាបថាគង់ហ៊ានទៅច្បាំងឈ្នះ ដេញខ្មាំងរត់ខ្ចាត់ខ្ចាយអស់ទៅ ទ្រង់ត្រកអរណាស់ទ្រង់ព្រះរាជទានយសសក្តិជានាហ្មឺនធំ ហើយព្រះរាជទានព្រះរាជទ្រព្យ និងគ្រឿងបណ្ណាការជាច្រើន។

 តាំងពីថ្ងៃនោះមក គង់ហ៊ានរឹតតែអួត ខ្លាំងពូកែក្អេងក្អាងឡើងទៀត។

     លុះក្រោយមកទៀតមានក្រពើសាហាវមួយចេះតែដេញខាំមនុស្សម្នា អ្នកឈ្មួញលក់ដូរដើររកស៊ីខាងជើងទឹក ជើងកំពង់គេខ្លាចរអាគ្រប់គ្នា មិនមានអ្នកណាហ៊ានចុះងូតទឹក ឬដើរទូកសោះ។ 

អស់រាស្រ្តពិបានចិត្តណាស់។ រឿងនោះក៏ជ្រាបទៅដល់ស្តេចៗទ្រង់ត្រាស់ប្រើគង់ហ៊ានឲ្យទៅចាប់ក្រពើ។

 ឯគង់ហ៊ានលឺព្រះបន្ទូលដូច្នោះនឹងភ័យណាស់ប៉ុន្តែមិនហ៊ានទទឹង ព្រះបន្ទូលក៏ទទួលថានឹងយកអាសា សូមទ្រង់កុំព្រួយហឫទ័យ។

 គង់ហ៊ានត្រឡប់មកផ្ទះនិយាយនឹងប្រពន្ធថា «គេហ៍អើយ! ឥឡូវនេះស្តេចទ្រង់ឲ្យយើងទៅចាប់ក្រពើក្នុងទន្លេដ្បិតក្រពើនោះសាហាវណាស់ ម្តងនេះឃើញថាមិនរួចខ្លួនទេ មុខជាក្រពើខាំស្លាប់មិនខាន

ពីមុនលើគោក គ្រាន់នឹងមើលទៅឃើញ ឥឡូវនេះនៅក្នុងទឹកធ្វើដូចម្តេចនឹងគេចរួច? ប៉ុន្តែស្តេចទ្រង់ប្រើហើយ នឹងមិនទៅក៏មិនបាន បើដូច្នោះមានតែទៅលោតទឹកឲ្យក្រពើវាខាំស្លាប់តែម្តងទៅ»។

 គង់ហ៊ានគិតគ្នានឹងប្រពន្ធដូច្នោះហើយក៏ហៅកូនក្មួយមកធ្វើជាទៅចាប់ក្រពើ។ អស់មនុស្សម្នាមហាជនលឺថាគង់ហ៊ានទៅចាប់ក្រពើក៏បបួលគ្នាទៅមើលពាសពេញ។ 

លុះគង់ហ៊ានទៅដល់កំពង់ទឹកបានឃើញក្រពើហែលមកប្របច្រាំងត្រង់ទីដែលមានដើមឈើពីរដើមដុះជិតគ្នាមានប្រគាប គាត់ក៏ស្ទុះលោតចុះទៅក្នុងទឹកត្រង់ទីនោះដោយគិតថាលោតទៅឲ្យក្រពើវាខាំឲ្យ

ស្លាប់ទៅទេ ប៉ុន្តែក្រពើវាលឺសូរសន្ធឹកគង់ហ៊ានលោតចុះក៏ភ្ញាក់ព្រើតប្រឹងលោតឡើងដូចជាគេប្រហកក្នុងប្រគាបឈើជាប់ពាក់កណ្តាលខ្លួន រុលទៅមុខក៏មិនរួច ថយមកក្រោយក៏មិនរួច។

 គង់ហ៊ានមុជទៅក្នុងទឹកងើបឡើងឃើញក្រពើជាប់នឹងដើមឈើដូច្នោះក៏ស្រែកបង្គាប់ឲ្យកូនក្មួយឲ្យយកលំពែងមកចាក់កាប់ក្រពើនោះស្លាប់ទៅ

 ឯអ្នកដែលមើលទាំងប៉ុន្មានគេគិតស្មានថាគង់ហ៊ានចាប់ក្រពើបោះមកឲ្យជាប់នឹងដើមឈើ ក៏កោតខ្លាចគង់ហ៊ានក្រៃពេក។

      គង់ហ៊ានបានឃើញក្រពើស្លាប់ដូច្នោះ

ក៏រឹតតែក្អេងក្អាងអួតខ្លាំងពូកែឡើងទៀត ហើយចូលទៅក្រាបទូលស្តេចថាខ្លួនបានចាប់ក្រពើចោលឡើងមកលើគោក។

 ស្តេចទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានយសសក្តិឲ្យគង់ហ៊ានឡើងជាធំលើសពីមុនទៀត ព្រះរាជទានទាំងអំណាច និងរង្វាន់ជាច្រើនទៀត។

រឿងខ្មោចចូលដប

រឿងខ្មោចចូលដប
មាន​ខ្មោច​ប្រុស​មួយ​ ​អាស្រ័យ​ក្នុង​ទី​មួយ​បាន​ឃើញ​ប្រពន្ធ​អ្នក​ចំការ​ម្នាក់​ ​កើត​កួច​ចិត្ត​ប្រតិព័ទ្ធ​ស្រឡាញ់

​នាង​នោះ​ ​លុះ​ណា​ប្ដី​នាង​មិន​នៅ​ ​អា​ខ្មោច​នោះ​វា​ប្លែង​កាយ​និមិ្មត​ជា​រូប​ប្តី​នាង​ លុះ​ពេល​ប្តី​នាង​មិន​នៅ​ ​

អាខ្មោច​នោះ​ ​វា​ប្លែង​កាយ​និមិត្ត​ជា​រូប​ប្តី​នាង​ ​ទៅ​ដេក​នឹង​នាង​នោះ​ៗ​ក៍​សំគាល់​ជា​ប្តី​របស់​អាត្មា​ ​មិន​ដឹង​ជា​ខ្មោច​ប្លែង​ឡើយ​ ​ព្រោះ​ដូច​គ្នា​ណាស់​។​

ឯ​ខ្មោច​នោះ​តែ​បាន​ឱកាស​ ​គឺ​អ្នក​ចំការ​មិន​នៅ​ហើយ​ ​វា​ក៍​តែង​ប្លែង​កាយ​ជា​រូប​ប្តី​មក​ដេក​នៅ​នឹង​នាង​ ជា​រឿយ​ៗ​រាល់​កាល​នោះ​ហោង​ ​លុះ​យូរ​បន្តិច​មក​ចៅ​ប្តី​នោះ​ទៅ​ព្រៃ​ ​ឯ​អា​ខ្មោច​វា​ប្លែង​មក​ដេក​នាង​

នៅ​ក្នុង​ផ្ទះ​ ​ដល់​ពេល​ចៅ​ប្តី​មក​ផ្ទះ​ក៍​បាន​ឃើញ​រូប​ខ្មោច​ដូច​ជា​រូប​ខ្លួន​ ​ដេក​ជា​មួយ​ប្រពន្ធ​ខ្លួន​ដូច្នោះ​ក៍​ខឹង​មហិមា​ ​ស្ទុះ​ទៅ​ចាប់​អា​ខ្មោច​ៗ​ក៍​ឈ្លោះ​តប​ថា​ ​យើង​ជា​ប្តី​នាង​នេះ​ ​ផ្ទះ​នេះ​ជា​ផ្ទះ​របស់​យើង​ ​ហេតុ​អ្វី​

 ចៅ​មក​ចាប់​យើង​ជា​ម្ចាស់​ផ្ទះ​យើង​វិញ​ចៅ​ ​ឯង​មក​ពី​ទី​ស្ថាន​ណា​ ​មិន​ដឹង​ជា​យើង​ប្តី​នាង​នេះ​ទេ​ឫ​ ​។​ឯ​ចៅ​ប្តី​ក៍​ឈ្លោះ​តប​ថា​ ​ផ្ទះ​នេះ​ជា​ផ្ទះ​របស់​យើង​ ​នាង​នោះ​សោត​ក៍​ជា​ប្រពន្ធ​របស់​យើង​ ហេតុ​អ្វី​ចៅ​មក​ថា​ជា​របស់​ខ្លួន​ដូច្នោះ​។​

ខ្មោច​ ​និង​មនុស្ស​ក៍​ឈ្លោះ​ដណ្ដើម​គ្នា​ជា​ប្រពន្ធ​ទៅ​វិញ​ទៅ​មក​ ជា​កលាហល​ឡើង​ ​ឯ​នាង​ជា​ប្រពន្ធ​ ក៍​មិន​ដឹង​រូប​ប្រុស​ណា​ជា​ប្តី​របស់​ខ្លួន​ ​ព្រោះ​រូប​រាង​ដូច​គ្នា​សុទ្ធ​គ្នា​ណាស់​ នឹង​អា​កាត់​ថា​ រូប​ណា​ជា​ប្តី​របស់​ខ្លួន​ពុំ​

បាន​ ​ព្រោះ​ចៅ​ខ្មោច​នឹង​មនុស្ស​កើត​ជា​អធិករណ៍​នឹង​គ្នា​ ​ទើប​នាំ​គ្នា​ទៅ​កាន់​ ​សាលា​វិនិច្ឆ័យ​ ដល់​ហើយ​ក៍​ចូល​ប្តឹង​តាម​រឿង​នោះ​។​

ឯ​ចៅ​ក្រម​ខាង​ជាន់​ក្រោម​ ​ពុំ​អាច​កាត់​ក្តី​នឹង​គ្នា​បាន​ ​ព្រោះ​សាក្សី​ ​គឺ​ស្រី​កណ្ដាល​នោះ​ឱ្យ​ការ​មិន​ធ្លុះ​ទៅ​បាន​ ​ទើប​នាំ​រឿង​ក្តី​នោះ​ ​ឡើង​ប្តឹង​ទៅ​ដល់​រូប​លោក​អ្នក​ធំ​ជាន់​ខ្ពស់​ ​គឺ​លោក​អ្នក​ប្រាជ្ញ​ៗ​ក៍​ហៅ​ចៅ​ទាំង​

 ពីរ​ចូល​ទៅ​ជិត​ ​ហើយ​លោក​ពិនិត្យ​មើល​រូប​ ​មើល​មុខ​មាត់​ចៅ​ខ្មោច​នោះ​ ក៍​យល់​ស្គាល់​ជា​មនុស្ស​ជា​ខ្មោច​ ​ព្រោះ​ភ្នែក​ខ្មោច​យក្ស​ឥត​ស្រមោល​កូន​ក្រមុំ​ ​ហើយ​ច្រើន​រឹង​ ហេតុ​នោះ​ទើប​អ្នក​ប្រាជ្ញ​លោក​ស្គាល់​

បាន​ ​តែ​លោក​នឹង​កាត់​ថា​ ​អា​នេះ​ជា​ខ្មោច​ប្លែង​រូប​ជា​មនុស្ស​ដូច្នេះ​ទៅ​ ក៍​ពុំ​ប្រាកដ​ដល់​ភ្នែក​អ្នក​ឯ​ទៀត​ៗ​ឡើយ​ ​ទើប​លោក​យក​ដប​ស្រា​ ​១​ ​មក​តាំង​នៅ​លើ​តុ​ ​ហើយ​វិនិច្ឆ័យ​ឡើង​ថា​ ​ហៃ​ចៅ​ទាំង​ ​២ ​ដែល​វិវាទ​គ្នា​ 

​អើ​គ្រា​នេះ​យើង​នឹង​វិនិច្ឆ័យ​ដោយ​យុតិ្តធម៌​ឱ្យ​ ​គឺ​យើង​តាំង​ពិសោធ​នឹង​ដប​នេះ​ ថា​បើ​រូប​ណា​ក្លាហាន​អាច​ចូល​ក្នុង​ដប​នេះ​បាន​ ​រូប​នោះ​ហើយ​ជា​ប្តី​ ​នាង​នោះ​មែន​ យើង​ក៍​នឹង​ប្រគល់​នាង​នោះ​ឱ្យ​ជា​ប្រពន្ធ​

ពិត​ ​ថា​បើ​រូប​ណា​ចូល​ដប​នោះ​ពុំ​បាន​ទេ​ ​អើ​យើង​ទុក​រូប​នោះ​ថា​ពុំ​មែន​ជា​ប្តី​នាង​ ពុំ​មែន​ជា​ម្ចាស់​របស់​នោះ​ឡើយ​។

ឯ​ចៅ​មនុស្ស​នោះ​ ​បាន​ឭ​លោក​អ្នក​ប្រាជ្ញ​ដាក់​ទុក​ដូច្នោះ​ក៍​តក់​ស្លុត​ភិត​ភ័យ​ ដោយ​គិត​ថា​ខ្លួន​ជា​មនុស្ស​នឹង​ចូល​ដប​ស្រា​តូច​មួយ​នេះ​ឯ​ណា​បាន​ ​ក្តី​ចាញ់​នោះ​ចំពោះ​នឹង​បាន​ដល់​ខ្លួន​ប្រាកដ​ហើយ​ ម្លោះ​ហើយ​ក៍​

ឈរ​សំពះ​នៅ​ហោង​។​​ ​ឯ​អា​ខ្មោច​ ​លុះ​ឭ​អ្នក​ប្រាជ្ញ​តាំង​ឱ្យ​ចូល​ដល់​ដប​ស្រា​ដូច្នោះ​ ក៍​ត្រេក​អរ​ក្នុង​ចិត្ត​ដោយ​គិត​ថា​ ​ខ្លួន​ជា​ខ្មោច​ឥត​ឆ្អឹង​ ​សាច់​ ​សម្រេច​ដោយ​រិទ្ធិ​និមិត្ត​ជា​ខ្យល់​បាន​ ទើប​ទទួល​ចូល​ដប​ ​កាល​

នឹង​ចូល​នោះ​ ​ចៅ​ខ្មោច​ឡើង​ទៅ​តុ​ ហើយ​បង្អោន​ក្បាល​សម្រប​រូប​តូច​ចូល​ក្នុង​ដប​បាន​នោះ​ហោង​។​

ឯ​អ្នក​ប្រាជ្ញ​ ​កាល​បើ​យល់​ខ្មោច​ចូល​ក្នុង​ដប​ដូច្នោះ​ ​ក៍​យក​ឆ្នុក​ចុក​ដប​នោះ​ជាប់​ ហើយ​លើក​ឡើង​

ប្រកាស​ប្រាប់​អស់​មហាជន​ទាំង​ឡាយ​ថា​ ​អ្នក​ទាំង​ឡាយ​ចូល​ដឹង​ថា​ ​អា​នេះ​ជា​ខ្មោច​ វា​ប្លែង​ខ្លួន​ជា​មនុស្ស​មក​ធ្វើ​អំពើ​បរទារកម្ម​យ៉ាង​នេះ​ ​យើង​ពិសោធ​នេះ​ ​ដើម្បី​ឱ្យ​ដឹង​ថា​ ​អា​ណា​ជា​ប្តី​នាង​នេះ​មែន​ ​។​ 

ក៍​ធម្មតា​មនុស្ស​យើង​ ​តើ​ឯ​ណា​នឹង​ចូល​ដប​ស្រា​នេះ​បាន​ ​ឥឡូវ​នេះ​ ​យើង​រក​ក្តី​ពិត​ឃើញ​ហើយ​ នាង​នេះ​ត្រូវ​ប្រគល់​ទៅ​ឱ្យ​ចៅ​ដើម​ចោទ​នោះ​ចុះ​ ​ឯ​អា​ខ្មោច​នេះ​ ​ទុក​នៅ​ស្រុក​នេះ​ពុំ​បាន​ទេ​ ពុំនោះ​វា​ធ្វើ​អំពើ​

លាមក​កាន់​សភាព​យ៉ាង​នេះ​ ​ថា​ហើយ​ក៍​ឱ្យ​អ្នក​បំរើ​ ​ឱ្យ​នាំ​យក​ដប​ខ្មោច​នោះ​ ទៅ​បោះ​ចោល​ទី​អន្លង់​ជ្រៅ​ ​។​ អ្នក​បំរើ​ក៍​នាំ​យក​ដប​ខ្មោច​នោះ​ទៅ​បោះ​ក្នុង​ទឹក​ហូរ​ ​តាម​ពាក្យ​អ្នក​ប្រាជ្ញ​នោះ​ហោង​ ឯ​អា​ខ្មោច​នោះ​ក៍​វិនាស​ខ្លួន​អស់​ក្បួន​ត្រឹម​នេះ​។

រឿង​នេះ​ ​បាន​គតិ​ដល់​បុគ្គល​អ្នក​កាន់​ទុវិជ្ជាការ​ ​គឺ​ចេះ​ធ្មប់​ ​ចេះ​ថ្មាំ​បំពុល​គេ​ ​ឫ​ចេះ​ក្បួន​អ្នក​លេង​ ដើរ​លប​ចាប់​កាប់​ក្បាល​គេ​ជា​ដើម​ ​ហើយ​មាន​លោក​អ្នក​ធំ​ ​លោក​ត្រូវ​ចង់​រក​អំណាច​នោះ​ ខ្លួន​មិន​ដឹង​ក្តី​

អន្តរាយ​ក្រោយ​ ​ក៍​ទៅ​សំដែង​ទុវិជ្ជា​នោះ​ ប្រាប់​លោក​អ្នក​ធំ​ដើម្បី​យក​រង្វាន់​ ការ​នោះ​ជា​ផ្លូវ​ឱ្យ​លោក​អ្នក​ធំ​នោះ​ចាប់​ខ្លួន​ ​ធ្វើ​ខ្លួន​ឱ្យ​វិនាស​ដោយ​អាជ្ញា​វិញ​បាន​ ដូច​អា​ខ្មោច​ក្នុង​ដប​នោះ​ឯង​ ប្រាជ្ញ​គួរ​គិត​ទៅ​ទៀត​ចុះ​។

ខ្មោច​អើយ​ខ្មោច​ខ្មាំង​ ​ទទួល​ប្រណាំង​ ​តាំង​ភា្នល់​ចូល​ដប​ ​ទើប​ស្ទុះ​ឱន​សិរ​ ​ដៃ​ពី​សម្រប​ សម្រាល​ខ្លួន​ខ្លប​ ​ចូល​ដប​បាន​ងាយ​ ​។​ ​ចង់​ឈ្នះ​យក​ស្រី​ ​មិន​ដឹង​កល​ក្តី​ ​វិនាស​រូប​កាយ​ ​ត្រូវ​ចុក​ឆ្នុង​ជិត​ អស់​ឫទ្ធិ​នឹង​ប្រាយ​ ​ដូច​កូន​ទន្សាយ​ ​តាយ​ហោង​ក្នុង​ដប​ ។​

រឿង ពិសពស់ និង ពិសត្រី

រឿង ពិសពស់ និង ពិសត្រី
សត្វ​ពស់​ល្បី​ថា​ជា​សត្វ​មាន​ពិស​សាហាវ​ណាស់ ប៉ុន្តែ​មាន​ពស់​ខ្លះ​ដែរ​ដែល​ឥត​ពិស​ខ្លាំង​ពូកែ ដូច​ពស់​ព្រលិត, ពស់សាំងសឿ, ពស់​ទឹក ។ល។ 

ចំណែក​សត្វ​ត្រី​វិញ មាន​ត្រី​ខ្លះ​មាន​ពិស​ចំណាប់​ណាស់​ដែរ​ជា​ពិសេស​គឺ​ត្រី​មាន​ធ្មុង ដូច​យ៉ាង​ត្រីអណ្ដែង, ត្រីឆ្លាំង​ជា​ដើម ។

          រឿង​ហេតុ​ដែល​នាំ​ឲ្យ​ពស់​ខ្លះ​ត្រី​ខ្លះ មាន​ពិស, ត្រី​ខ្លះ​ពស់​ខ្លះ​ឥត​ពិស​នោះ ចាស់​ព្រឹទ្ធាចារ្យ​បាន​ប្រារឰជា​រឿង​ព្រេង​មួយ មាន​សេចក្ដី​និទាន ដូច​តទៅ​នេះ ៖

          កាល​នោះ មាន​ថ្លាន់​មួយ​ជា​អ្នក​មាន​ពិស​ខ្លាំង​ក្លា​ពន់​ពេក​ណាស់​សព្វ​សត្វ​ទាំង​ឡាយ​តែង​កោត​ក្រែង​ឫទ្ធិ​របស់​ថ្លាន់​នេះ​គ្រប់ ៗ គ្នា ។ 

ចំណែក​មនុស្ស​វិញ ក៏​ល្បី​រន្ទឺ​ក្រែង​រអែង​សត្វ​នេះ​គ្រប់​ភូមិ​ស្ថាន​ដែរ ។
 កុំ​ថា​ឡើយ​ទៅ​ដល់​ថ្លាន់​នេះ​បាន​ចឹក បាន​ព្រោះ​ ពិស ឬ រឹត​ផ្លាល់​ខ្លួន សូម្បី​តែ​នៅ​សល់​ដានជើង ហើយ​ថ្លាន់​នេះ ទៅ​លិទ្ធ​ដានជើង​នេះ ក៏​ម្ចាស់​ខ្លួន​ដែល​ទុក​ដាន​នោះ​ត្រូវ​ស្លាប់​ដែរ ។ 

ហេតុ​នេះ​ហើយ បាន​ជា​ពេល​មួយ​ព្រះរាជបុត្រី​ស្ដេច បាន​លា​ព្រះបិតា ទៅ​លំ​ហែ​ព្រះកាយ​នៅ​ក្នុង​សួនឧទ្យាន ។

 គ្រា​ដែល​ព្រះនាង​វិល​ត្រឡប់​មក​កាន់​ព្រះរាជ​ដំណាក់​វិញ ព្រះនាង​នៅ​សល់​ស្នាម​ព្រះបាទ​ជាប់​នៅ​មាត់​ស្រះ​ស្រង់​ដែល​ព្រះអង្គ​បាន​ផ្លាស់​ព្រះពរ​ពស្ដ្រាយាង​ចុះ​ទៅ​ស្នាន​ព្រះវារី​កំសាន្ត​សប្បាយ​ជា​មួយ​ស្រី​ស្នំ ។ 

កាល​នោះ​ពស់​ថ្លាន់​មាន​ឫទ្ធិ​បាន​រាវ​ទៅ​កាន់​លើ​ស្នាម​ព្រះបាទា ហើយ​លទ្ធិ​ស្នាម​នោះ​ទៀត ។

ពេល​ជា​មួយ​គ្នា​នេះ ព្រះរាជបុត្រី​ដែល​យាង​ទៅ​ដល់​ប្រាសាទ​ហើយ​នោះ​ចុក​ចាប់​យ៉ាង​ខ្លាំង ទោះ​បី​ពេទ្យហ្ម​ណា​មក​ប្រកប​ឱសថ​ថ្វាយ​ក៏​ពុំ​ត្រូវ​ពុំ​ស្រាក​សោះ ។

 ទី​បំផុត​ក៏​ក្ស័យ​ព្រះជន្ម​ទៅ ។ ព្រះវររាជ​បិតា ទ្រង់​វិតក្ក​ខ្លាំង​ណាស់​ដោយ​ទ្រង់​ស្ដាយ​ព្រះរាចបុត្រី​តែ​មួយ ព្រះអង្គ​ក៏​ទ្រង់​ត្រាស់​បញ្ជា ឲ្យ​នាម៉ឺន​សព្វ​មុខ​មន្ត្រី​រៀប​ពិធី​តម្កល់​សព ហើយ​ធ្វើ​ពិធី​បុណ្យ​គគ្រឹក​គគ្រេង យប់ ៧ ថ្ងៃ ។

 គ្រា​នោះ អ្នក​ស្រុក​ផង​ទាំងឡាយ​នាំ​គ្នា​កក​កុញ​ទៅ​មើល​ព្រះរាជ​ពិធី ព្រម​ទាំង​ទទួល​នូវ​ព្រះរាជទាន​ដែល​ព្រះ​មហាក្សត្រ​ទ្រង់​មាន​សទ្ធា​ផង ។

          សត្វ​ស្រុក​ខ្លះ ដែល​ធ្លាប់​ហិច​ហើរ​រក​ចំណី​តាម​ភូមិ​ស្រុក​ដូច​ជា​ក្អែក​ជា​ដើម សប្បាយ​រីក​រាយ​ណាស់ ព្រោះ​បាន​ចំណី​អាហារ​បរិបូណ៌​ក្អែក​នាំ​គ្នា​ហ៊ោកញ្ច្រៀវ​កង​រំពង ប្រាប់​គ្នី​ប្រាប់​គ្នា​ឲ្យ​មក​អាស្រ័យ​អាហារ ។

 ថ្លែង​ពី​សត្វ​ថ្លាន់​នោះ​វិញ កាល​បើ​ឃើញ​មនុស្ស​អ៊ូអរ សត្វ​ផង​ហើរ​ច្រវាត់​ឆ្វែល​ឆ្វាត់​ដូច្នោះ ឆ្ងល់​ណាស់ ក៏​ស្រែក​សួរ​ទៅ​ក្អែក​ដែល​កំពុង​ទម​ស្រែក​លើ​មែក​ឈើ ថា ៖


          អើ​បង​ក្អែក ! បង​ក្អែក​ឯង​ដឹង​ទេ ហេតុ​អ្វី​ក៏​គេ​ផ្អើល​ឆោឡោ​ច្រើន​ម្ល៉េះ ?

          ក្អែក​ឮ​ថ្លាន់​សួរ​ដូច្នោះ ក៏​ក្លែង​ឆ្លើយ​ចំអក​ដើម្បី​បង្អាប់​ថ្លាន់​វិញ​ថា ៖

          ហឹះ បង​ថ្លាន់​ឯង​ធ្វើ​ជា​មិន​ដឹង​ខ្លួន គេ​សប្បាយ​ពី​រឿង​បង​ថ្លាន់​ឯ​ហ្នា៎ !

          ថ្លាន់​ឮ​ហើយ​ប្រញាប់​សួរ​បញ្ជាក់​ថា ៖

          រឿង​អី ខ្ញុំ​មាន​រឿង​អី ?

          ក្អែក​បន្ថែម​ថា ៖

          រឿង​បង​ថ្លាន់​ឯង​ធ្លាប់​ល្បី​ថា​មាន​ពិស​ពូកែ​ណាស់ បើ​គ្រាន់​តែ​លិទ្ធ​ស្នាម​ជើង​នរណា អ្នក​នោះ​និង​ត្រូវ​ស្លាប់​ដែរ ហើយ​ឥឡូវ​នេះ បង​ថ្លាន់​ឯង​លិទ្ធ​ស្នាម​ជើង​រាជបុត្រី តែ​ព្រះអង្គ​មិន​ស្លាប់​ទេ បែរ​ជទា​មាន​រាង​កាយ​រឹត​តែ​ល្អ​ស្រស់​ឡើង​ទៀត ។

 ហេតុ​នេះ​ហើយ បាន​ជា​ស្ដេច​ឲ្យ​ធ្វើ​បុណ្យ​សប្បាយ​នឹង​ជោគ​ជ័យ​នេះ ។

          ថ្លាន់​ឮ​សូរ​តែ​ប៉ុណ្ណេះ ក៏​ស្រងាក​ចិត្ត លូន​ចេញ​ពី​មុខ​ក្អែក​ភ្លាម ។ ថ្លាន់​ឈឺ​ចិត្ត​ណាស់ ព្រោះ​តាំង​ពី​ដើម​មក នរណា​ក៏​កោត​ខ្លាច​ខ្លួន​ដែរ​ចុះ​បើ​ឥឡូវ​បែរ​ជា​មាន​គេ​ឈ្នះ​ឫទ្ធិ​ខ្លួន​ដូច្នេះ គួរ​ឲ្យ​អាម៉ាស់​មុខ​ណាស់ ។

 គិត​ដូច្នេះ​ភ្លាម ថ្លាន់​លូន​សំដៅ​ទៅ​រក​បឹង​មួយ​ដែល​កំពុង​មាន​ទឹក​ជន់​ជោរ​ឡើង​លិច​ពេញ​ព្រៃ​ផ្សៃ នៅ​ជិត​ខាង​នោះ ។

 សត្វ​ធាតុ​ទាំងឡាយ​កំពុង​ពួន​ជ្រក​នឹង​​គុម្ពោត​ព្រៃ​ខ្លាច​ស្លាប់​ដោយ​សារ​ទឹក​ជំនន់ ។ ថ្លាន់​ទៅ​ដល់​ទី​នោះ​ហើយ ក៏​យំ​ឈឺ​ចិត្ត​ក្អែក​បញ្ចេញ​ពិស​ខ្លួន​ចេញ​ចោល​ឲ្យ​អស់ ដោយ​យល់​ថា ទុក​ធ្វើ​អី​បើ​មិន​បាន​ការ​ដដែល ។

          ពេល​នោះ ពស់​ខ្លះ​ដែល​ជ្រក​នៅ​ពួន​ក្នុង​គុម្ពោត​ព្រៃ​ជិត​នោះ ដូច​ជា​ពស់​វែក  ពស់​ក្រាយ ពស់​ស្នាទន្សោង​ជា​ដើម ម្នី​ម្នា​នាំ​គ្នា​មក​ត្រង​យក​ពិស​ដែល​ថ្លាន់​ក្អែរ​ចោល​នោះ​ភ្លាម ។ 

ហេតុ​នេះ​ហើយ បាន​ជា​ពស់​ទាំង​នេះ មាន​ពិស​ខ្លាំង​ក្លា​ណាស់ ចំណែក​ពស់​ឯ​ទៀត​ដែល​មិន​បាន​ទៅ​ជិត​ក៏​ប្រឹង​ត្រដរ​មក​ដណ្ដើម​ពិស​នឹង​គេ​ដែរ​នោះ ខ្លះ​ក៏​បាន​បន្តិច​បន្តួច ខ្លះ​ក៏​ទទេ​ស្មោះ​ក៏​មាន ។

          រី​ឯ​ត្រី​ដែល​រស់​នៅ​ក្បែរ​ខាង​នោះ​វិញ ប្រឹង​នាំ​គ្នា​ត្របាក់​ដណ្ដើម​យក​ពិស​ពី​ថ្លាន់​ដែរ ត្រី​ដែល​យក​បាន​ពិស​ខ្លះ​នោះ មាន​ត្រី​អណ្ដែង ត្រីឆ្លាំង បាន​មុន​គេ ឯ​ត្រី​ឯ​ទៀត ៗ ក៏​ខំ​រូត​រះ​មក​យក​ពិស​និង​គេ​ដែរ ម្ល៉ោះ​ហើយ​បាន​ជា​ប្រជ្រៀត​គ្នា​តាន់​តាប់ ។ 

ត្រី​ណា​ដែល​ត្រូវ​គេ​ត្បៀត​ខ្លាំង​ក៏​សំប៉ែត​ខ្លួន​ទាល់​តែ​សព្វ​ថ្ងៃ ដូច​យ៉ាង​ត្រី​កេស ត្រីក្រពាត់ ត្រីស្លាត ។ល។ គឺ​ជា​ត្រីស្លាត​នេះ​ឯង ដែល​ត្រូវ​គេ​បជ្រៀត​ផ្ទប់​ទៅ​នឹង​ថ្ម​ទាល់​តែ​សំប៉ែត​ស្ដើង​ខ្លួន​អស់​ដល់​សព្វ​ថ្ងៃ ។ 

ឯ​ត្រី​ក្រមម​ខំ​ប្រជ្រៀត​ទៅ​ត្របាក់​យក​បាន​ពិស​មក​ហើយ ប៉ុន្តែ​ហក់​ចេញ​មក​វិញ ដោយ​មាន​គេ​ឯង​ដណ្ដើម​ច្រើន​ពេក ក៏​ជ្រុះ​បាត់​ទៅ​វិញ​ទោ ។ ត្រី​ក្រមម​យំ​ស្ដាយ​ពិស​នោះ​ខ្លាំង​ណាស់​ទាល់​តែ​ហើម​មុខ​ដល់​សព្វ​ថ្ងៃ បាន​ជា​មាន​ពាក្យ​ថា មុខ​ហើម​មើល​តែ​ត្រី​ក្រមម ។

 កាល​នោះ ត្រី​សណ្ដាយ​ហែល​មក​ឃើញ​ត្រី​អស់​នេះ មាន​រូប​ភាព​ប្លែក ខ្លះ​សំប៉ែត ខ្លះ​ហើម​មុខ​ដូច្នេះ ក៏​សើច​ចំអក​ឲ្យ សើច​មិន​តិច​មិន​តួច សើច​ដល់​ទៅ​រយះ​មាត់​ច្រវាប​ដល់​គុម្ពត្រចៀក​រហូត​ដល់​សព្វ​ថ្ងៃ ។ នេះ​ហើយ ជា​រឿង​ពិស​ពស់ និង ពិស​​ត្រី ។


          អក្សរ​សាស្ត្រ​ខ្មែរ​យើង ផ្នែក​សាសនា, ទស្សនវិជ្ជា, វិទ្យាសាស្ត្រ, និរុត្តិសាស្ត្រ ជា​បាលី និង សំស្ក្រឹត, មាន​តម្លៃ មាន​ឋានៈ​ដ៏​ខ្ពស់​ឧត្ដុង្គ​ឧត្ដម​ណាស់ នៅ​លើ​ផ្ទៃ​រាប​អន្តរជាតិ និង ក្នុង​ចំណោម​នៃ​អត្ថបទ​នានា​ដ៏​មាន​តម្លៃ​នៃ​វប្បធម៌​សកល​លោក ។