Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង ពិសពស់ និង ពិសត្រី

រឿង ពិសពស់ និង ពិសត្រី

សត្វ​ពស់​ល្បី​ថា​ជា​សត្វ​មាន​ពិស​សាហាវ​ណាស់ ប៉ុន្តែ​មាន​ពស់​ខ្លះ​ដែរ​ដែល​ឥត​ពិស​ខ្លាំង​ពូកែ ដូច​ពស់​ព្រលិត, ពស់សាំងសឿ, ពស់​ទឹក ។ល។ 

ចំណែក​សត្វ​ត្រី​វិញ មាន​ត្រី​ខ្លះ​មាន​ពិស​ចំណាប់​ណាស់​ដែរ​ជា​ពិសេស​គឺ​ត្រី​មាន​ធ្មុង ដូច​យ៉ាង​ត្រីអណ្ដែង, ត្រីឆ្លាំង​ជា​ដើម ។

          រឿង​ហេតុ​ដែល​នាំ​ឲ្យ​ពស់​ខ្លះ​ត្រី​ខ្លះ មាន​ពិស, ត្រី​ខ្លះ​ពស់​ខ្លះ​ឥត​ពិស​នោះ ចាស់​ព្រឹទ្ធាចារ្យ​បាន​ប្រារឰជា​រឿង​ព្រេង​មួយ មាន​សេចក្ដី​និទាន ដូច​តទៅ​នេះ ៖

          កាល​នោះ មាន​ថ្លាន់​មួយ​ជា​អ្នក​មាន​ពិស​ខ្លាំង​ក្លា​ពន់​ពេក​ណាស់​សព្វ​សត្វ​ទាំង​ឡាយ​តែង​កោត​ក្រែង​ឫទ្ធិ​របស់​ថ្លាន់​នេះ​គ្រប់ ៗ គ្នា ។ 

ចំណែក​មនុស្ស​វិញ ក៏​ល្បី​រន្ទឺ​ក្រែង​រអែង​សត្វ​នេះ​គ្រប់​ភូមិ​ស្ថាន​ដែរ ។
 កុំ​ថា​ឡើយ​ទៅ​ដល់​ថ្លាន់​នេះ​បាន​ចឹក បាន​ព្រោះ​ ពិស ឬ រឹត​ផ្លាល់​ខ្លួន សូម្បី​តែ​នៅ​សល់​ដានជើង ហើយ​ថ្លាន់​នេះ ទៅ​លិទ្ធ​ដានជើង​នេះ ក៏​ម្ចាស់​ខ្លួន​ដែល​ទុក​ដាន​នោះ​ត្រូវ​ស្លាប់​ដែរ ។ 

ហេតុ​នេះ​ហើយ បាន​ជា​ពេល​មួយ​ព្រះរាជបុត្រី​ស្ដេច បាន​លា​ព្រះបិតា ទៅ​លំ​ហែ​ព្រះកាយ​នៅ​ក្នុង​សួនឧទ្យាន ។

 គ្រា​ដែល​ព្រះនាង​វិល​ត្រឡប់​មក​កាន់​ព្រះរាជ​ដំណាក់​វិញ ព្រះនាង​នៅ​សល់​ស្នាម​ព្រះបាទ​ជាប់​នៅ​មាត់​ស្រះ​ស្រង់​ដែល​ព្រះអង្គ​បាន​ផ្លាស់​ព្រះពរ​ពស្ដ្រាយាង​ចុះ​ទៅ​ស្នាន​ព្រះវារី​កំសាន្ត​សប្បាយ​ជា​មួយ​ស្រី​ស្នំ ។ 

កាល​នោះ​ពស់​ថ្លាន់​មាន​ឫទ្ធិ​បាន​រាវ​ទៅ​កាន់​លើ​ស្នាម​ព្រះបាទា ហើយ​លទ្ធិ​ស្នាម​នោះ​ទៀត ។

ពេល​ជា​មួយ​គ្នា​នេះ ព្រះរាជបុត្រី​ដែល​យាង​ទៅ​ដល់​ប្រាសាទ​ហើយ​នោះ​ចុក​ចាប់​យ៉ាង​ខ្លាំង ទោះ​បី​ពេទ្យហ្ម​ណា​មក​ប្រកប​ឱសថ​ថ្វាយ​ក៏​ពុំ​ត្រូវ​ពុំ​ស្រាក​សោះ ។

 ទី​បំផុត​ក៏​ក្ស័យ​ព្រះជន្ម​ទៅ ។ ព្រះវររាជ​បិតា ទ្រង់​វិតក្ក​ខ្លាំង​ណាស់​ដោយ​ទ្រង់​ស្ដាយ​ព្រះរាចបុត្រី​តែ​មួយ ព្រះអង្គ​ក៏​ទ្រង់​ត្រាស់​បញ្ជា ឲ្យ​នាម៉ឺន​សព្វ​មុខ​មន្ត្រី​រៀប​ពិធី​តម្កល់​សព ហើយ​ធ្វើ​ពិធី​បុណ្យ​គគ្រឹក​គគ្រេង យប់ ៧ ថ្ងៃ ។

 គ្រា​នោះ អ្នក​ស្រុក​ផង​ទាំងឡាយ​នាំ​គ្នា​កក​កុញ​ទៅ​មើល​ព្រះរាជ​ពិធី ព្រម​ទាំង​ទទួល​នូវ​ព្រះរាជទាន​ដែល​ព្រះ​មហាក្សត្រ​ទ្រង់​មាន​សទ្ធា​ផង ។

          សត្វ​ស្រុក​ខ្លះ ដែល​ធ្លាប់​ហិច​ហើរ​រក​ចំណី​តាម​ភូមិ​ស្រុក​ដូច​ជា​ក្អែក​ជា​ដើម សប្បាយ​រីក​រាយ​ណាស់ ព្រោះ​បាន​ចំណី​អាហារ​បរិបូណ៌​ក្អែក​នាំ​គ្នា​ហ៊ោកញ្ច្រៀវ​កង​រំពង ប្រាប់​គ្នី​ប្រាប់​គ្នា​ឲ្យ​មក​អាស្រ័យ​អាហារ ។

 ថ្លែង​ពី​សត្វ​ថ្លាន់​នោះ​វិញ កាល​បើ​ឃើញ​មនុស្ស​អ៊ូអរ សត្វ​ផង​ហើរ​ច្រវាត់​ឆ្វែល​ឆ្វាត់​ដូច្នោះ ឆ្ងល់​ណាស់ ក៏​ស្រែក​សួរ​ទៅ​ក្អែក​ដែល​កំពុង​ទម​ស្រែក​លើ​មែក​ឈើ ថា ៖


          អើ​បង​ក្អែក ! បង​ក្អែក​ឯង​ដឹង​ទេ ហេតុ​អ្វី​ក៏​គេ​ផ្អើល​ឆោឡោ​ច្រើន​ម្ល៉េះ ?

          ក្អែក​ឮ​ថ្លាន់​សួរ​ដូច្នោះ ក៏​ក្លែង​ឆ្លើយ​ចំអក​ដើម្បី​បង្អាប់​ថ្លាន់​វិញ​ថា ៖

          ហឹះ បង​ថ្លាន់​ឯង​ធ្វើ​ជា​មិន​ដឹង​ខ្លួន គេ​សប្បាយ​ពី​រឿង​បង​ថ្លាន់​ឯ​ហ្នា៎ !

          ថ្លាន់​ឮ​ហើយ​ប្រញាប់​សួរ​បញ្ជាក់​ថា ៖

          រឿង​អី ខ្ញុំ​មាន​រឿង​អី ?

          ក្អែក​បន្ថែម​ថា ៖

          រឿង​បង​ថ្លាន់​ឯង​ធ្លាប់​ល្បី​ថា​មាន​ពិស​ពូកែ​ណាស់ បើ​គ្រាន់​តែ​លិទ្ធ​ស្នាម​ជើង​នរណា អ្នក​នោះ​និង​ត្រូវ​ស្លាប់​ដែរ ហើយ​ឥឡូវ​នេះ បង​ថ្លាន់​ឯង​លិទ្ធ​ស្នាម​ជើង​រាជបុត្រី តែ​ព្រះអង្គ​មិន​ស្លាប់​ទេ បែរ​ជទា​មាន​រាង​កាយ​រឹត​តែ​ល្អ​ស្រស់​ឡើង​ទៀត ។

 ហេតុ​នេះ​ហើយ បាន​ជា​ស្ដេច​ឲ្យ​ធ្វើ​បុណ្យ​សប្បាយ​នឹង​ជោគ​ជ័យ​នេះ ។

          ថ្លាន់​ឮ​សូរ​តែ​ប៉ុណ្ណេះ ក៏​ស្រងាក​ចិត្ត លូន​ចេញ​ពី​មុខ​ក្អែក​ភ្លាម ។ ថ្លាន់​ឈឺ​ចិត្ត​ណាស់ ព្រោះ​តាំង​ពី​ដើម​មក នរណា​ក៏​កោត​ខ្លាច​ខ្លួន​ដែរ​ចុះ​បើ​ឥឡូវ​បែរ​ជា​មាន​គេ​ឈ្នះ​ឫទ្ធិ​ខ្លួន​ដូច្នេះ គួរ​ឲ្យ​អាម៉ាស់​មុខ​ណាស់ ។

 គិត​ដូច្នេះ​ភ្លាម ថ្លាន់​លូន​សំដៅ​ទៅ​រក​បឹង​មួយ​ដែល​កំពុង​មាន​ទឹក​ជន់​ជោរ​ឡើង​លិច​ពេញ​ព្រៃ​ផ្សៃ នៅ​ជិត​ខាង​នោះ ។

 សត្វ​ធាតុ​ទាំងឡាយ​កំពុង​ពួន​ជ្រក​នឹង​​គុម្ពោត​ព្រៃ​ខ្លាច​ស្លាប់​ដោយ​សារ​ទឹក​ជំនន់ ។ ថ្លាន់​ទៅ​ដល់​ទី​នោះ​ហើយ ក៏​យំ​ឈឺ​ចិត្ត​ក្អែក​បញ្ចេញ​ពិស​ខ្លួន​ចេញ​ចោល​ឲ្យ​អស់ ដោយ​យល់​ថា ទុក​ធ្វើ​អី​បើ​មិន​បាន​ការ​ដដែល ។

          ពេល​នោះ ពស់​ខ្លះ​ដែល​ជ្រក​នៅ​ពួន​ក្នុង​គុម្ពោត​ព្រៃ​ជិត​នោះ ដូច​ជា​ពស់​វែក  ពស់​ក្រាយ ពស់​ស្នាទន្សោង​ជា​ដើម ម្នី​ម្នា​នាំ​គ្នា​មក​ត្រង​យក​ពិស​ដែល​ថ្លាន់​ក្អែរ​ចោល​នោះ​ភ្លាម ។ 

ហេតុ​នេះ​ហើយ បាន​ជា​ពស់​ទាំង​នេះ មាន​ពិស​ខ្លាំង​ក្លា​ណាស់ ចំណែក​ពស់​ឯ​ទៀត​ដែល​មិន​បាន​ទៅ​ជិត​ក៏​ប្រឹង​ត្រដរ​មក​ដណ្ដើម​ពិស​នឹង​គេ​ដែរ​នោះ ខ្លះ​ក៏​បាន​បន្តិច​បន្តួច ខ្លះ​ក៏​ទទេ​ស្មោះ​ក៏​មាន ។

          រី​ឯ​ត្រី​ដែល​រស់​នៅ​ក្បែរ​ខាង​នោះ​វិញ ប្រឹង​នាំ​គ្នា​ត្របាក់​ដណ្ដើម​យក​ពិស​ពី​ថ្លាន់​ដែរ ត្រី​ដែល​យក​បាន​ពិស​ខ្លះ​នោះ មាន​ត្រី​អណ្ដែង ត្រីឆ្លាំង បាន​មុន​គេ ឯ​ត្រី​ឯ​ទៀត ៗ ក៏​ខំ​រូត​រះ​មក​យក​ពិស​និង​គេ​ដែរ ម្ល៉ោះ​ហើយ​បាន​ជា​ប្រជ្រៀត​គ្នា​តាន់​តាប់ ។ 

ត្រី​ណា​ដែល​ត្រូវ​គេ​ត្បៀត​ខ្លាំង​ក៏​សំប៉ែត​ខ្លួន​ទាល់​តែ​សព្វ​ថ្ងៃ ដូច​យ៉ាង​ត្រី​កេស ត្រីក្រពាត់ ត្រីស្លាត ។ល។ គឺ​ជា​ត្រីស្លាត​នេះ​ឯង ដែល​ត្រូវ​គេ​បជ្រៀត​ផ្ទប់​ទៅ​នឹង​ថ្ម​ទាល់​តែ​សំប៉ែត​ស្ដើង​ខ្លួន​អស់​ដល់​សព្វ​ថ្ងៃ ។ 

ឯ​ត្រី​ក្រមម​ខំ​ប្រជ្រៀត​ទៅ​ត្របាក់​យក​បាន​ពិស​មក​ហើយ ប៉ុន្តែ​ហក់​ចេញ​មក​វិញ ដោយ​មាន​គេ​ឯង​ដណ្ដើម​ច្រើន​ពេក ក៏​ជ្រុះ​បាត់​ទៅ​វិញ​ទោ ។ ត្រី​ក្រមម​យំ​ស្ដាយ​ពិស​នោះ​ខ្លាំង​ណាស់​ទាល់​តែ​ហើម​មុខ​ដល់​សព្វ​ថ្ងៃ បាន​ជា​មាន​ពាក្យ​ថា មុខ​ហើម​មើល​តែ​ត្រី​ក្រមម ។

 កាល​នោះ ត្រី​សណ្ដាយ​ហែល​មក​ឃើញ​ត្រី​អស់​នេះ មាន​រូប​ភាព​ប្លែក ខ្លះ​សំប៉ែត ខ្លះ​ហើម​មុខ​ដូច្នេះ ក៏​សើច​ចំអក​ឲ្យ សើច​មិន​តិច​មិន​តួច សើច​ដល់​ទៅ​រយះ​មាត់​ច្រវាប​ដល់​គុម្ពត្រចៀក​រហូត​ដល់​សព្វ​ថ្ងៃ ។ នេះ​ហើយ ជា​រឿង​ពិស​ពស់ និង ពិស​​ត្រី ។


          អក្សរ​សាស្ត្រ​ខ្មែរ​យើង ផ្នែក​សាសនា, ទស្សនវិជ្ជា, វិទ្យាសាស្ត្រ, និរុត្តិសាស្ត្រ ជា​បាលី និង សំស្ក្រឹត, មាន​តម្លៃ មាន​ឋានៈ​ដ៏​ខ្ពស់​ឧត្ដុង្គ​ឧត្ដម​ណាស់ នៅ​លើ​ផ្ទៃ​រាប​អន្តរជាតិ និង ក្នុង​ចំណោម​នៃ​អត្ថបទ​នានា​ដ៏​មាន​តម្លៃ​នៃ​វប្បធម៌​សកល​លោក ។

0 Comments:

Post a Comment