មនុស្សលោភ
កាលពីព្រេងនាយមានកុមារីម្នាក់អាយុ១៤ឆ្នាំ ត្រូវម្ដាយប្រើឲ្យទៅជីកដំលូង។ ក្មេងនោះរៀបចបរួចស្រេចចេញដើរទៅរកដំលូង ទៅដល់ព្រៃធំមានដំបូកមួយមានរូងជ្រៅ ។
កុមារីនោះទៅជីកដំលូងនៅជើងដំបូកនោះរបូតផ្លែចប ជ្រុះធ្លាក់ទៅក្នុងរូងនោះ ។ នាងនោះមិនដឹងធ្វើដូចម្ដេចក៏ស្រែកប្រកាសថា លោកណាជួយយកផ្លែចបឲ្យខ្ញុំបាន ខ្ញុំនឹងសងគុណលោក ។ ស្រែកតែប៉ុណ្ណោះ មានខ្លាចាស់មួយដំបៅក្បាលរុយរោមបែងដង្កូវចុះគក្រិច ចេញមកពីក្នុងព្រៃប្រាប់ទៅនាងនោះថា នាង!តាយកឲ្យបាន ផ្លែចបនោះ តែបើតាយកបានគ្រាន់តែនាងឯងរកចៃឲ្យតា ហើយតាមិនចាំបាច់យកគុណពីចៅទេ ។
នាងឮដូច្នោះ ក៏និយាយថា ឱលោកតាអើយ! ឲ្យតែលោកតាជួយយកឲ្យបានចុះ ។ ខ្លានោះយកផ្លែចបបានពីក្នុងរូងឲ្យទៅនាងនោះ ហើយឲ្យនាងនោះរកចៃឲ្យ ។ នាងនោះយកបន្លាមកឆ្កិះដង្កូវនៅដំបៅក្បាលខ្លានោះ ។ ខ្លានោះចេះតែសួរនាងថា នាង! ដំបៅតាស្អុយឬក្រអូប? ដំបៅនោះស្អុយណាស់ ប៉ុន្តេនាងនោះឆ្លើយទៅវិញថា ក្រអូបណាស់លោកតា ។ ខ្លានោះចេះតែសួរនាងចេះតែថាក្រអូប ។
លុះឆ្កិះដង្កូវអស់ទៅ ខ្លានោះបាត់ឈឺបាត់រមាស់ ហើយនិយាយប្រាប់នាងនោះថា នាង! នាងយកជាលមួយមក តានឹងដាកដំលូងឲ្យ ។ នាងនោះយកជាលមួយមកឲ្យខ្លាៗ ដាក់សុទ្ធតែមាសប្រាក់ពេញជាលនោះ ចងមាត់ជាលជាប់ ឲ្យទៅនាងនោះរួចប្រាប់នាងថា នាង! នាង យកជាលនេះទៅផ្ទះហៅបងប្អួនមកជុំបិទទ្វារឲ្យជិតសឹបបើកមើល ។ នាងនោះលាខ្លាដើរទៅដល់ផ្ទះ ហៅបងប្អូនមកជុះ រួចក៏បើកជាលនោះ ដល់បើកទៅបានសុទ្ធតែមាសនឹងប្រាក់ចែកគ្នា ។
លុះយូរបន្តិចដឹងទៅដល់ស្រីឯទៀត ដែលមានកូនក្រមុំស្រីនោះបញ្ចោរកូនក្រមុំថា ហងឯងមើលកូនគេៗ ទៅជីកដំលូងបានមាសប្រាក់យកមកចែកបងប្អូនគេ ហងឯងទៅជីកដំលូងបាន តែដំឡូងគ្មានបានខ្មោចអ្វីទេ ។ ថ្ងៃក្រោយស្រីនោះឲ្យកូនទៅជីកដំលូងដូចនាងនោះទៀត លុះទៅបានជួបប្រទះនឹងខ្លាមុនទៀត ក៏ជ្រើជាជ្រុះចងដូចនាងមុនហើយថា លោកណាយកចបឲ្យខ្ញុំៗនឹងសងគុណលោក ។ ខ្លានោះឮហើយក៏មកយកឲ្យ រួចឲ្យនាងនោះចាប់ដង្កូវឲ្យ ។
ខ្លាសួរដូចពីមុនថា នាង! ដំបៅតាស្អុយ ឬក្រអូប? ។ នាងនោះឆ្លើយថា ស្អុយណាស់ ។ ខ្លាឮដូច្នោះ នាងយកជាលមួយមកតានឹងដាក់មាសប្រាក់ឲ្យ ។ នាងយកជាលឲ្យខា្លៗដាក់សុទ្ធតែពស់វែកដាក់ពេញជាលហើយឲ្យទៅនាង នោះប្រាប់ថា នាងយកទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារឲ្យជិត សឹមបើក នាង នោះទៅដល់ផ្ទះហើយប្រាប់ម្ដាយ ម្ដាយអរណាស់ឲ្យបងប្អូនមកជុំបិទទ្វារបើកចាលមើល ពស់វែកចេញមកចឹកមនុស្សទាំងនោះស្លាប់អស់ទៅ ។
0 Comments:
Post a Comment