រឿង ត្រកូលព្រាហ្មណ៍លើកកូនក្រមុំឈ្មោះអាមិត្តធីតាឲ្យតាជូជក
នាកាលព្រះបរមពុទ្ធង្កុរបណ្តូលជិនវង្សដ៍ ជាអង្គព្រះជិនស្រី ក្សត្រាក្សត្រីទាំង៤ ព្រះអង្គ ស្តេចចេញចោលព្រះញាតិវង្ស ទៅព្រៃភ្នំគិរីវង្កត ជាទីរហោឋាន ពុំមានម្រឹគពាឡយង់ឃ្នង មកប៉ងបៀតបៀនពាធា។ មានព្រាហ្មណ៍ម្នាក់ ឈ្មោះជូជក់ ព្រឹទ្ធាចារ្យ រូបអន្ធការ ស្គមច្រដោង ច្រមុះកោង ទ្រូងសុទ្ធតែឆ្អឹង សក់រឹងក្រញ៉ាង ពោះធំកំប៉ោង លោងសំពៀត ដំបារត្រចៀកយុរយារក្រាស់ ដូចឃ្លង់ភ្លើង ជើងកោងដូចជើងសេក ភ្នែកស្រលៀងស្រលើ សាច់ពកដូចគេផ្ញើ រដិបរដុប យុរយារប៉ុនផ្លែក្រសាំង ផ្លែស្រម៉ ធ្មេញស
ក្បាលវែងតូចម្ខាង ដូចផ្លែព្នៅ គាត់នៅស្រុក ទុន្នវិដ្ឋព្រា្មណគ្រាម ជិតនឹងស្រុក កលិង្គរាស្ត្រ គាត់តែងដើរសុំទានគេ ថាបើពុំបានឯស្រុក គាត់ទៅឯវត្តអ្នកយើង ពុំបានឯជើង គាត់ទៅឯត្បូង ពុំបានឯទ្រទូង គាត់ទៅឯសាមណេរ ពុំបានឯវេរ គាត់ទៅឯដូនជី គាត់ដើរសូមតែគេឆីអោយសព្វជើងជណ្តើរ គាត់សូមទាំងត្រីឆ្អើរ ត្រីងៀត ត្រីប្រៃ ស្លឹកគ្រៃ ខ្ញី ម្រេច ម្ទេស អំបិល ក្រសាំង អំពិល ពុំអោយសល់ដល់មួយមុខឡើយ គាត់សុំបានមកស្រេចហើយ គាត់សន្សំច្រកទុកក្នុងថងយាមធំ គាត់ដើររកសូមគ្រប់ផ្សារ
ផ្សោ គ្រប់ស្រុក សូមទាំង ប្រហុក ផ្អក មុំា សន្សំច្រកទុកក្នុងឆ្នាំង សុំទាំងស្លាម្លូ ស្លាជ្វា កំបោរ ថ្នាំ តាមតែចិត្តនឹក សូមទាំងផ្លូវទឹក ផ្លូវគោក ហើយគាត់ដឹង ទាំងយាមយោគយាត្រា ចេះគូរជតារាសី ចេះស្រដីផ្សែផ្សំបញ្ចូលចិត្ត គាត់ដើរសុំមួយថ្ងៃ១០ត្រឡប់ លុះតែបានគ្រប់ ហួងស្លឹង គិតជាមាសបាន ១០០តម្លឹង ជាលាភតាព្រឹទ្ធាចារ្យ គាត់នឹងរាប់ទុក ក្រែងវាខូចអសារឥតការ នឹងផ្ញើរទុកនៅអ្នក ឯណាពុំបាន នឹងយកជាប់ទៅដោយខ្លួនប្រាណក៏តែម្នាក់ឯង ក្រែងជួនប្រទះនឹងសត្រូវវាប្លន់យក។
(១៧១) អើ! សំឡាញ់យើង ក៏មាននៅនាឋាននោះ ល្មមទុកចិត្តផ្ញើទ្រព្យក៏បានអេះ គាត់គិតស្រេចហើយ ទើបគាត់យក មាសមកច្រកថង់ ចងខ្ជាប់ស្រេចហើយ ពុំលង់ឡើយ តាព្រឹទ្ធាចារ្យ យកទៅផ្ញើរនឹងត្រកូលព្រាហ្មណ័ប្តីប្រពន្ធទាំងពីរនាក់ ទើបតាជូជក គាត់និយាយផ្តាំថា នែសំឡាញ់អើយ មាសអញ ១០០តម្លឹងនេះ អញសុំផ្ញើរនឹងអ្នក បើអញសុខសប្បាយ ពុំគ្រុនរងាទេ អញវិលមកដល់កាលណា អញនឹងសុំយកអំពីអ្នក ក្នុងកាលនោះ។
ឯត្រកូលព្រាហ្មណ៍ទាំងពីរ រាប់មើល ឃើញជាក់ហើយ ក៏ទទួលយកមាសតាព្រឹទ្ធាចារ្យទៅរក្សាទុក។ ឯតាជូជក គាត់ទៅស្វែងរកលាភសព្វឋាន អោយបានវិញទៀតហោង។ បពិត្រអើយ រីឯមាសតាជូជកដែលគាត់ផ្ញើរអោយត្រកូលព្រាហ្មណ៍នោះថែរក្សា ឧបមាបីដូច អ្នកយកភ្លើងមកដាក់ក្នុងផ្ទះ អោយកើតក្តៅក្រហាយពុំក្សេមក្សាន្ត ទោះទ្រព្យរបស់អំពីដើមប៉ុន្មានៗ ក៏យកចេញចាយ ពុំមានសេសសល់សំណល់ដល់តិចឡើយ ហើយវាកើតជាទុព៌លពន់ប្រមាណ មានតែខ្លួនប្រាណប្តីប្រពន្ធ និងកូនក្រមុំ១ ជាបីនាក់ ទើបគិតថា មាសតាព្រឹទ្ធាចារ្យដែលគាត់ផ្ញើរនឹងយើងនោះ ឥឡូវ គាត់បាត់យូរឆ្នាំណាស់ហើយ
(១៧២) ពុំនោះ ក្រែងគាត់ស្លាប់បាត់ខ្ចាត់ខ្ចាយ ទើបពុំឃើញវិលមកទារមាសវិញឡើយ បើដូច្នោះហើយ មានតែយើងនឹងយកមាសនោះ ទៅទិញឆីចុក លក់ទំនិញ បើគាត់វិលមកកាលណាមិញ សឹមយើងរកសងគាត់វិញ គិតស្រេចហើយ ពុំលង់ឡើយ ក៏យកមាសទៅចាយវាយ ឆីចុកអស់ទៅ ឥតសេសសល់សំណល់ដល់តិចឡើយ។ បពិត្រអើយ រីតាជូជកចាស់ជរា ស្វែងរកទ្រព្យារៀងៗមក បានគ្រប់ហើយ គាត់ត្រឡប់វិលមករកត្រកូលព្រាហ្មណ៍ទាំងពីរ ហើយទើបដណ្តឹងថា អើសំឡាញ់ មាសអញដែលផ្ញើរទុកនឹងអ្នក អញសុំយកអំពីអ្នកឥឡូវនេះហោង។
ឯត្រកូលព្រាហ្មណ៍ប្តីប្រពន្ធ ធ្វើជាស្រដីថា អើ! តាមកដល់ហើយហៈ ឱ!អ្នកតាអើយ ពីក្រោយអ្នកតាទៅនោះ ខ្ញុំមានសេចក្តីក្រីក្រលំបាក តោកយ៉ាកពេកពន់ប្រមាណ អម្ចាស់ខ្ញុំអើយ នឹងរកអ្វីឆីបន្តិចបន្តួចក៏ពុំបាន ដូចខ្ញុំកើតមក ពុំដែលខ្សត់ដល់ម្ល៉េះឡើយ អម្ចាស់ខ្ញុំអើយ មាសដែលអម្ចាស់ផ្ញើទុកនឹងខ្ញុំនោះ ខ្ញុំយកទៅលក់ដូរឆីចុកអស់ហើយ អម្ចាស់ខ្ញុំអើយ ថាបើដល់ឆ្នាំថ្មី ត្រជាក់ដើមដៃ ខ្ញុំបានស្រូវស្រែ ស្រូវចំការ ជូញប្រែលក់ទំនិញបានកាលណាមិញ សឹមខ្ញុំសងអ្នកកាលនោះ។
(១៧៣) ឯតាជូជក ពោលឡើងថា ស្រដីដូច្នោះទេហ្ន៎ៈ ព្រាហ្មណ៍ក្រេវក្រោធ ចងចិញ្ចើមជិត ដៃចាប់ឈើច្រត់ និងយាម ស្រដីគម្រាមគង្គួន គាត់ធ្វើជាមួនទួនមាំទាំ ខាំមាត់ក្រអឺត ស្លើតទាំងត្របកភ្នែក ដូចគេហែកឡើងទៅលើ គាត់ធ្វើមែនទែន មាំទាំទៀងទាត់ គាត់លាត់ទាំងសំពត់បង្ហាញទាំងដុំដៃទៅព្រាហ្មណ៍ ស្រដីគម្រាមថា នែ បើពុំបានអោយអញ ៗពុំលែងឡើយ បើអញចូលទៅហើយ អញនឹងទៅប្តឹងចៅក្រម អោយមកចាប់យកទៅជំនុំពិចារណាពិភាក្សា ចៅក្រមសាលា អញស្គាល់អស់ហើយ ឱព្រាហ្មណ៍អើយ ពុំដែលស្គាល់គុក តាងរាងខ្នោះឃ្នាងច្រួលច្រវាក់ តើអ្នកនឹងទប់ម្តេចបាន ភ្នាក់ងារទាហាន ក៏នឹងវាយដំបែកជាឈាម ជូជកស្រដីគម្រាម អោយតែព្រាហ្មណ៍ខ្លាចតាមវាចា ឧបមាបីដូចគូររូបខ្លា
(១៧៤) អោយគោខ្លាច។ ឯត្រកូលទាំងពីរនោះ ពុំអាចនឹងទប់ទល់បានឡើយ ហើយគិតគ្នាថា យើងបានទ្រព្យអ្វី នឹងយកទៅលក់អោយតាជូជកនេះ សំពត់នៅចង្កេះ ក៏ចាស់ដាច់ដាច ថាសផ្តិលក៏បែកបាក់ ប្រណាកអកកំបោរ ក៏ឆែបឆា ជាទ្រព្យអន្ធការនឹងចាយវាយពុំបាន នឹងលក់ខ្លួនប្រាណ ក៏ពុំដាច់ បើដូច្នោះ តើនឹងគិតធ្វើដូចម្តេច ភាណអើយ បើគិតទៅហើយ មានតែកូនស្រីសំឡាញ់យើង
គឺនាង អមិត្តធីតានេះមិញ យើងនឹងលើកអោយតាជូជកចាស់ជរា ជាភរិយាគាត់សិនចុះ បើដូច្នោះ យល់ជាគាត់ត្រេកអរ ពេញចិត្ត ត្បិតគាត់ក៏ចាស់ជរា ឯភរិយាក៏ក្រមុំព្រហ្មចារី យល់បានដូចសេចក្តីប្រាថ្នាគាត់ គាត់ស្លាប់កាលណា សឹមយកកូន យើងមកវិញអេះ ត្បិតព្រាហ្មណ៍នេះ គាត់ក៏ចាស់ជរាណាស់ហើយ កាលណាឡើយ ក៏គាត់រស់នៅជាមនុស្សយឺនយូរទៅ ឯមុខ ទុកជាគេនិន្ទាថា នាងអមិត្តតាបនា បានប្តីចាស់ក៏ដោយចុះអេះ អោយតែបានរួចអំពល់អំពីទ្រព្យគាត់។ កាលនោះ តាជូជក់ គាត់ខឹងអង្គុយទ្រមឹង ពុំនាំពា ខារតែស្លានោះឮតែក្រខោកៗ គោះប៉ោកៗ លើកឡើងពមឆី ទើបនាងព្រាហ្មណី ស្រដី
(១៧៥) ប្រាប់សេចក្តីថានឹងអោយបុត្រីជាភរិយា ទើបជូជកសួរថា កូនអ្នកនោះ តើខ្មៅឬស ល្អឬអាក្រក់ រាជូជកគ្រាន់រីករាយ។ ឯនាងព្រាហ្មណីក៏អធិប្បាយដោយដំណើរសរសើរអួតបុត្រីនៃអាត្មាថា ល្អណាស់អម្ចាស់អើយ ល្អដូចអ្នកគូរវាស នឹងយកស្រីទាំងផ្ទះមកប្រៀបផ្ទឹមពុំបានឡើយ។ ជូជកស្តាប់ហើយថា អើ បើដូច្នោះ យកមកមើលអេះ។
ទើបព្រាហ្មណីយកកូនទៅផ្ងូតទឹក លាបម្សៅប្រេងជាស្រេច ស្លៀកសំពត់ដណ្តប់ស្បៃប៉ប្រៃប៉ប្រឹម ញញឹមស្រស់ ចរចាពិរោះ មានក្លិនពិដោរ ដូចអ្នកអប់ផ្កានាំទៅ។ ឯតាជូជក់លួចគន់ មើលតែកន្ទុយភ្នែក ក្រឡេកមើលម្តងៗ យល់បានដូចបំណង់ចិត្ត គាត់គិតក្នុងចិត្តថា អេះ ល្អម្ល៉េះហ្ន៎ មើលទៅយល់ជាគូគាប់ ស័ក្តសមមែនទែន វៃខ្វែនរៀបប្រដាប់ ដាក់ទុក បើនឹងឱបនឹងរឹត ក៏វាពេញដើមទ្រូង តាជូជកគិតហើយ ធ្វើកលជាមាយាស្រដីថា យើងនេះមកសុំតែ
(១៧៦) ទ្រព្យគាប់ អ្នកថាលំបាកហើយ គិតយកបុត្រីមកអោយជាភរិយាយើង ៗក៏ពុំសូវប្រាថ្នាទេ តែថាអ្នកអោយយើងហើយ នឹងលែងទទួលពុំបាន យើងនឹងលាថ្កាន ឋានយើងឯនាយឥឡូវនេះឯងហោង។ ទើបនាងព្រាហ្មណីជាម្តាយ មកស្រដី ផ្តែផ្តាំផ្ទុកផ្ញើបុត្រីលើតាជូជក តាមតែអាសូរករុណានាងអមិត្តតាបនា ហើយបបោសអង្អែលថា ឱ! កូនពិសី សំឡាញ់មាសម្តាយអើយ ម្តាយពុំមានទ្រព្យអ្វីអោយឡើយ ម្តាយនៅសព្វថ្ងៃនេះក្រខ្សត់ពេកណាស់ ម្ចាស់ម្តាយអើយ ចូរនាងទៅនៅនឹងតាជូជក កុំបីមានទុក្ខសោករោគភ័យ ជំងឺតម្កាត់មកបៀតបៀនឡើយ។
ជូជកស្តាប់ហើយ ឆ្លើយថា ម៉ែៗ កុំគិតឡើយ ខ្ញុំធានារក្សាអោយដូចមាតាបិតាទាំងពីរ ចំណេរទៅមុខ មាតាបិតានឹងបានជាមុខទុកជាកេរ្តិ៍ អង្វែងវែងឆ្ងាយ។ ជូជករោះរាយក្សេមក្សាន្ត នាំនាងអមិត្តតាបនាអំពីឋាននោះទៅតាមផ្លូវ នាងអមិត្តតាបនា ក៏ស្ពាយយាមតាមតាព្រឹទ្ធាចារ្យ ពីក្រោយ។
ឯតាជូជក ដើរទៅហើយក្រឡេកមើលរឿយៗ ហាក់ដូចពុំនឿយហត់ឡើយ ហើយអោយនាងអមិត្តតាបនា ដើរទៅមុនវិញ នឹងបានគន់មើលអោយស្កប់ចិត្ត គាត់គិតក្រែងក្មេងកំឡោះ វាមកតម្បួច លួចសើចលេងនឹងនាង ជូជកជាទុក្ខ នឹងដើរទៅឯមុខពុំបាន នឹងអោយខានដើរជាក្រោយ ក្រែងវាមកជំលេញលេង តែក្នុងចិត្តគិតអោយដើរមុខ ហើយជូជកដើរពីក្រោយ ក្សិណហើយស្រូតឡើងទៅខាងៗ សរសើរថា ល្អមែន ជូជកដើរវិលទៅវិលមកដូចជាបាទខ្ចៅ នាំទៅដល់លំនៅ ប្រដៅអោយធ្វើការងារ រកឆីតាមប្រពៃណីនោះឯងហោង
(១៧៨) កាលនោះ នាងអមិត្តតាបនា ប្រណិប័តរក្សាតាព្រឹទ្ធាចារ្យជាស្វាមី ពុំហ៊ានស្រដីខ្ជីខ្ជារ ទ្រគោះអោយព្រាហ្មណ៍នោះ រកឧសចឹសស្រូវ ដណ្តាំបាយ ដងទឹកព្រឹកល្ងាច សព្វទិនទិវា។ ឯព្រាហ្មណ៍ចាស់ជរា ក៏មានចិត្តស្រឡាញ់នាងអមិត្តតាបនានោះមិញ ស្ទើរនឹងលេបបាន ពុំអោយនាងអមិត្តតាបនានោះអាក់អន់ចិត្តដល់តិចឡើយ។
បពិត្រអើយ ឯអស់ព្រាហ្មណ៍កំឡោះផងទាំងឡាយ វាឃើញនាងអមិត្តតាបនាបណិប័តរក្សាតាជូជក ជាមនុស្សអាក្រក់ អន្ធការទើបបណ្តាលអោយខឹងនឹងភរិយារបស់អាត្មារាល់គ្នា ហើយជេរថា មេជួជាតិ ឥតខ្មាស់ ហងដឹងតែដើរផ្តាសឥតស័ព្ទ ម្តេចក៏ហងមិនត្រាប់នាងអមិត្តតាបនា ស្អាងតែអាត្មា ថាតែមាត់ មិនគិតរកធ្វើការងារឆីចុក មិនដងទឹក កាច់អុស អង្គុយតែ ដុសក្រចក ធ្វើខ្លួនលាបតែក្រមួនឆីស្លា
បន្តិចថាជាបន្តិចថាឈឺថ្កាត់ យកតែរន្ទះមាត់នោះ មកគ្របលើប្តី នឹងលក់ដូរអ្វី ក៏ខាតទុនស៊ុនទាំងចំណេញ បើនឹងរវៃវិញ បីថ្ងៃបីយប់ទើបបាន១ដែក បើនឹងត្បាញសំពត់វិញ តែមួយនឹងគេនោះ កន្លះខែប្លាយ រវល់តែកាច់ក និយាយបញ្ចើប្រុស មេកញ្ចើធ្លុះ វាយកតែពាក្យនោះជាទំនិញលលក់ លាបប្រេងផាត់មុខ មួយថ្ងៃពីរបីស្របក់ ឆ្លុះកញ្ចក់ពីរបីវេលា គំនិតវាស្ម៊ុតទ្រុឌ
(១៧៩) ទំនើងតែដើរលេងតាមរាល់ផ្ទះ នឹងរកអ្វីច្រាស ក៏គ្មាន រៀនតែជឿគេឆីពុំគិតវែងឆ្ងាយ អញនឹងលែងក្បាលហងអោយជាមេម៉ាយ ពុំស្តាយឡើយ អញនឹងរកទៀត ហើយអោយ មានឥរិយាដូចនាងអមិត្តតាបនា ភរិយាតាជូជកនោះឯងហោង។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ រីព្រះបរមសាស្តាចារ្យ កាលព្រះអង្គទ្រង់ប្រកាសនូវអត្ថនោះ អោយប្រាកដច្បាស់
(១៨០) ក៏ ទ្រង់សូត្រសាជាបាទព្រះគាថាដូច្នេះថា (១៨១) ម្នាលសង្ឃទ្រង់សីលសង្វរទាំងឡាយអើយ រីនាងព្រាហ្មណ៍ទាំងឡាយ មានសេចក្តីអាស្រូវភាសខ្មាសគេ ត្បិតស្វាមីជេរកណ្តាលជំនុំ ទើបមកភ្ជុំគ្នានិន្ទានាងអមិត្តតាបនាថា ពីដើមស្វាមីយើងនេះ ពុំដែលខឹងឃោរជេរពោលយើងដល់ម្ល៉េះ ឥឡូវនេះ ប្តីយើង
(១៨២) ខឹងឃោរជេរពោលជាកោលាហល អំពល់ទាំងស្រុក ភូមិ ព្រោះមេប្រពន្ធព្រាហ្មណ៍ស្មូមវាមកនៅនេះ ទើបប្តីយើងកើតក្តៅក្រហាយជេរវាយយើងរាល់គ្នា ថាបើយើងអោយ មេនេះវានៅទៅឯមុខ យើងនឹងកើតទុក្ខទោសច្រើនគ្រប់គ្នា កាលណាឡើយ យើងនឹងបានសុខសប្បាយ មកយើងនឹង បបួលគ្នាទៅជេរវាយស្រដីត្មះតិះដៀលវា ដោយនូវតម្រិះប្រាជ្ញា រំអាអោយវាខ្លាចទើបបាន កុំអោយវានៅឋាននេះនឹងយើង បានឡើយ បើអោយវានៅនេះហើយ ប្តីយើងនឹងជេរវាយយើង ព្រោះមេប្រពន្ធពា្រហ្មណ៍ចង្រៃនេះឯង ជាប្រាកដពុំខាន មកយើងនាំគ្នាទៅចាំឯកំពង់ទឹកមុនអោយហើយ ពុំលង់ឡើយ ក៏បបួលគ្នា
ចុះទៅឯកំពង់ទឹកនោះ លុះអមិត្តតាបនា កណ្តៀតក្អមទៅដងទឹកនឹងយកទៅអោយតាជីងូតផឹកជាប្រក្រតី។ ឯអស់នាងព្រាហ្មណីឃើញហើយ ក៏ជេរត្រគោះ បញ្ជោះនាងលេង ជាឆោឡោអឹងកង បីដូចសព្ទក្អែកឃើញចំណី ខ្លះស្រដីពីមុខ ខ្លះស្រដីពីខ្នង ខ្លះឈោងចាប់ដៃ ជេរផ្ចាល ប្រទេចផ្តាសា ដៀលដល់ម្តាយឪពុក វង្សត្រកូល ស្រដីថា នែនាងអមិត្តតាបនាអើយ ហងមានរូបរាងដូចជាងគូរវាស ទោះហងយាងយាសលីលាយាត្រា ភក្ត្រាស្រេចស្រស់ បើប្រុសណាគេឃើញ ស្ទើរនឹងសន្លប់ទប់ពុំបាន អើ! ម្តេចក៏ហង មកមានប្តីចាស់ជួជាតិ ស្មើគេយកខ្មោចឧត្បាតចង្រៃ មកដាក់
(១៨៣) ប្រាណដូច្នេះ។ ឯហងបានជាស៊ុនខ្លួនធួនគ្រោះ តែគឺមោះ ចិត្តហងនោះពុំប្រាថ្នា រីហងនេះជាស្រីខ្ជីខ្ជាអប្រិយ ជាស្រីអប្បយស ឃើញតែប្រុសក៏ត្រេកអរ ដូចជាគេឃើញ ស្ករនិងទឹកឃ្មុំ ពុំធ្វើការងាររកឆីមកជាអម្រស់ អស់ក៏ពុំដឹង គង់ក៏ពុំដឹង គិតតែដើរលេងតាមផ្ទះគេ ពុំដឹងទិសតំបន់ឡើយ លុះតែល្ងាចហើយ ទើបវិលមកផ្ទះអាត្មាវិញ។
រីអស់ញាតិកា ម្តាយឪពុក នឹងទុកដាក់ហងពុំបាន ក្រែងមានអាស្រូវភាស ទើបគេលើកហងអោយតាជូជកចាស់ជរា ជាមនុស្សពិការអសោចិ៍ ដូចគេយកខ្មោចមកធ្វើប្តី យល់អប្រិយពុំសម ឬហង យកមកបន្ទំលេងទេ ម្តេចមិនមើលមុខមើលក្រោយ ហងឃើញតែប្រុសក៏ដោយងាយៗ អោយបង់ខ្លួនដូច្នោះ ឬមួយក្រែង កំឡោះគេពុំប្រាថ្នា គេយល់ហងជាមនុស្សឥតសព្ទឥតសារ។ មិនជាការប្រយោជន៍ អោយតែអសោចិ៍អាស្រូវ ត្បិតចិត្តហង ពុំត្រូវនឹងអស់ចិត្តស្រីៗ នឹងរក្សាចិត្តប្តីពុំបាន ជាមនុស្សឥតសន្តាន ទុជ៌នពន់ពេក ទើបគេពុំយក។
ចូរហងស្វែងរកប្តីឯណា អោយល្មមសមគួរ អោយត្រូវចិត្តពិត ប្រសើរពេកក្រៃ លែងនឹងចាស់ជរានេះវិញ។ រីហងនេះ ធ្វើបូជាហោមពិធីមិនល្អ ក្នុងតិថីថ្ងៃគម្រប់ប្រាំបួន ទើបគេលើកអោយទៅតាជូជកចាស់ជរា ឧបមាបីដូច (១៨៤) ក្អែកកញ្ចាស់ នាំយកពងមាន់ទៅឆី ឬមួយហងបានប្រមាថសមណព្រាហ្មណ៍ជីថេរភិក្ខុសង្ឃ ពុំកាន់ទៀងត្រង់តាមប្រពៃណី ទើបហងបានប្តីចាស់ ទៀបនឹងចូលលោង ខ្នងកោងក្ងក់ដូចទម្ពក់ឈើ តើក្នុងព្រះនគរនេះ មិនមានប្រុសទេឬ អើ! អមិត្តតាបនា ហើងស្តាយថ្វី ជីវិតរស់នៅ សូវស្លាប់ទៅជាខ្មោចប្រសើរជាង។
ថាបើអសិរពិសវានឹងខាំអោយអស់ជីវិត គួរអធិដ្ឋានទៅតាមផល កុំអំពល់ នឹងខ្លួនឡើយ។ ថាបើហងដើរយប់ ចេញពីផ្ទះទៅហើយ ទៅប្រទះនឹងអ្នកពិឃាតជីវិតបង់ ក៏ប្រសើរក្រៃលែងជាងរស់នៅ ជាមនុស្សវិញ។ ពាក្យបុរាណលោកពោលរៀងៗមកថា បើប្រពន្ធក្រមុំ ទើបសមនឹងប្តីកំឡោះ គួរគប្បីកាន់កោះរួមស្នេហា។ តាមប្រពៃណីនាទីស្ងាត់ ឥឡូវនេះ ហងមកបានប្តីមនុស្សសាត់ព្រាត់ ដូចយក្ខដូចមារ បើនឹង
ស្រដីសំណេះសំណាល ដូចគេខឹងគ្នា បើនឹងស្រដីជានា ដូចគេខម បើនឹងស្រដីលោម ដូចជាគេខាំ នេះហេតុតែកម្មហងឯង នាំមកអោយប្រទះ ហេតុនេះ ចូរហងឯងវិលទៅផ្ទះវិញ រកញាតិកា (១៨៥) ម្តាយឪពុក គេនឹងរៀបទុកដាក់ហង អោយមានប្តីទៀត អោយសកិ្តសមនឹងប្រាណ អោយបានរក្សាគ្នាជាយឺនយូរបរិបូណ៌ ទៅឯមុខឯងហោង។
រីនាងអមិត្តតាបនា កាលណាបើបានឮអស់នាងព្រាហ្មណី គេស្រដីខឹងឃោរជេរពោលវាយដំ ត្មះតិះដៀលដូច្នោះហើយ ប្រមាត់នាងស្ទើរនឹងបែកសញ្ជែកប្រេះចេញ ឯក្អមទឹកនោះមិញ ក៏ទំលាក់ព្រឹះអំពីចង្កេះ ថាអេះចាំអញទៅប្រាប់តាអញហ៎ៈ វានឹងធ្វើអីអញ វាម្នេញនឹងអញថ្វី បើគាត់ចាស់ក្តី គ្រាន់រកចិញ្ចឹមគ្នាតាមក្រ បើរូបល្អ តើនឹងលាងទឹកផឹកឆ្អែតកាលណា ហើយនាងអមិត្តតាបនា ដើរទៅតាមផ្លូវយំរង៉ូវ។ ឯតាជូជកនោះកូវ គាត់អង្គុយនៅបង្អួច ឃើញតែរោមស្រមូវ បីដូចស្វាព្រាហ្មណ៍នៅលើឈើ លុះឮនាងអមិត្តតាបនាស្រដីយំបណ្តើរ ហើយគាត់ដណ្តឹងថា អមិត្តតាបនាសំឡាញ់តា ថ្វីហើយក៏បានជាយំ
ព្រាហ្មណ៍ខំសូរខ្សឹកខ្សួល អួលក្នុងចិត្ត អាណិតភរិយាសំឡាញ់ ទឹកភ្នែកនោះមិញ វាហូរសស្រាក់ អួលអាក់អម្នេញ ដណ្តឹងទៅវិញទៀតថា ថ្វីហើយ ថ្វីហ៎ៈម្ចាស់តា ក៏បានជាយំ អ្នកណាគេធ្វើនាង ចូរនាងប្រាប់តាមើល មាសតា។ ទើបនាងអមិត្តតាបនាឆ្លើយថា អើវាល្អហើយ
(១៨៦) នែតាចាស់អើយ អស់ប្រពន្ធព្រាហ្មណ៍កំឡោះ វាភ្ជុំគ្នាមកវាយជេរអញ ហាក់ដូចខ្ញុំលោះនឹងប្រាក់ចាក់អំពីថង់ ពុំស្មើឡើយ។ ព្រាហ្មណ៍អើយ ម្ល៉េះហើយអញមិនទៅឯកំពង់ទឹកដូចសព្វមួយដងវិញទៀតឡើយ ទាំងទឹកទាំងអុស ក៏អញពុំទៅដង រកទៀតឡើយ ព្រាហ្មណ៍អើយ ព្រោះតែអញមកនៅបម្រើប្តីចាស់ហើយ ទើបអស់ប្រពន្ធព្រាហ្មណ៍កំឡោះ វាមកកំហែង ជេរវាយអញ ហាក់ដូចគេដណ្តើមប្តី ឬសហាយ វាជេរទាំងម្តាយឪពុក ត្មះតិះដៀលមិនមានកោតក្រែងថា ជាស្រីអប្រិយ មានប្តីកញ្ចាស់នេះឯង អញខឹងណាស់លើសអ្វីៗណាតា អើ! ទាំងនេះព្រោះនរណា ព្រោះតែអញមកនៅនឹងតាទីនេះឯង។
ទើបជូជក សំណេះសំណាលស្រដីលោមថា ម្ល៉ោះហើយ នាងកុំចេញទៅធ្វើការអ្វី ចូរនៅតែក្នុងផ្ទះណាម្ចាស់តា ទាំងទឹក នូវអុសនូវអស់បណ្ណាការអាហារផង នាងកុំទៅរកឡើយ ជាងារតាឯងហើយ នឹងធានាខ្វល់ខ្វាយទៅដងទៅរកមកអោយ នាងបរិភោគអោយជាសុខ កុំនាងជាទុក្ខឡើយ ណាអមិត្តតាបនា
(១៨៧) ចូរនាងរក្សាតែឈើច្រត់នូវយាមអោយល្អ គ្រាន់តាដើររកជាអម្រស់អម្រ ឯរបស់នៅផ្ទះ កុំអោយខូចបាត់បង់ឡើយ។ ឯនាងអមិត្តតាបនាស្តាប់ហើយ ក៏ពុំត្រូវចិត្ត គិតក្តៅរោលរាលដូចភ្លើងអ្នកបំពក់ងោយឆេះព្រៃ ទើបនាងពោលថា តាកុំស្រដីពាក្យនេះ អញពុំយកពាក្យតាទេ។
មានច្បាប់ឯណា ប្រើប្តីតាងខ្ញុំ កុំស្រដីដូច្នោះឡើយ នែតាអើយ ទុកប្តីស្មើឪពុកជាទីគោរព ប្រណិប័តកោតខ្លាច ឯស្រីកំណាចជួរជាតិអប្រិយ ទើបយកប្តីជាខ្ញុំ ពុំត្រូវច្បាប់ជេរសាប់ដូចជ្រញ់ បើតាស្រឡាញ់អញនេះ តាកុំនៅ ចូរទៅរកខ្ញុំស្រីខ្ញុំប្រុសមកអោយអញប្រើ ជាគ្នាជាដៃជាជើង ចូរតាទៅកុំខាន បើតារកពុំបាន អញនឹងរត់ទៅផ្ទះអញឥឡូវនេះហោង។ រីជូជកឮភរិយាស្រដីដូច្នោះហើយ ធ្វើ
(១៨៨) កលមាយា ស្រដីអួតអំពីទ្រព្យធន អោយប្រពន្ធស្តាប់ ពីដើមមក រែងមានទ្រព្យមួយជញ្ជីង ពីរជញ្ជីង ទុកសម្រាប់ចាយប្រើលើផ្ទះ ពុំដែលក្រ ខ្ញុំកំដរក៏មាន ឥឡូវនេះ តាមកបានក្តីក្រីក្រលំបាក ទាំងស្រូវអង្កររកឆីក៏គ្មាន អន្តរធានទាំងទ្រព្យ ត្បិតភ្លើងឆេះ ផ្ទះអស់ពុំគង់ ប្រពន្ធក៏ស្លាប់បង់ចោលគ្នា កំព្រានៅតែម្នាក់ឯង សព្វថ្ងៃឆីក៏ពុំឆ្អែតឆ្អន់ នាងក៏ឃើញនឹងភ្នែកស្រាប់ហើយ។
ទាំងសិល្បវិជ្ចាការ ក៏សាបសូន្យភ្លាំងភ្លាត់ ទាំងប្រក្រតិទិន ក៏ពុំចាំស្ទាត់ដូចក្បួនខ្នាត ភ្លេចទាំងសូរ្យាត្រដួងជតា នឹងគុណ នឹងហារ ក៏វិលវល់ពុំអស់សេចក្តី នឹងគន់គូរមើលជតារាសី ក៏មិនឆុតដូចតម្រា ខំតែថាផ្សែផ្សំ នឹងមើលអគ្នេយ៍ចាក់អារក្សធំ ក៏ពុំប្រាកដដូចមុនមាន សព្វថ្ងៃនេះ អាងតែដើរសូមទានគេមកចិញ្ចឹមអាត្មា ចូរនាងប្រើតាតែនៅអាយ តានឹងខ្វល់ខ្វាយ តាមនាងប្រើតានោះឯងហោង។ បពិត្រអើយ កាលនោះ មច្ចុដែលនៅចាំតឿនអាយុតាព្រឹទ្ធាចារ្យ បណ្តាលអោយនាងអមិត្តតាបនា នឹកទៅដល់ព្រះបាទ ស្រីវេស្សន្តរទៅសាងព្រឹទ្ធនៅក្នុងព្រៃ ទើបនាងស្រដីនឹងតាព្រឹទ្ធាចារ្យ សូត្រជាបាទគាថាថា
(១៨៩) ហៃព្រាហ្មណ៍អើយ អញឮតាមគេថា មានព្រះមហាក្សត្រាធិរាជមួយព្រះអង្គ ទ្រង់ព្រះនាមព្រះបាទស្រីវេស្សន្តរ ស្តេចគ្រងព្រះនគរធំ អស់ក្សត្រផងតែងមកបង្គំជាប្រក្រតី ព្រះអង្គមានព្រះរាជហរទ័យ កាត់តម្លាសទ្ធាមេត្តាករុណា អស់ស្មូមយាចកតោកយ៉ាក តែងមកអាស្រ័យព្រះអង្គ បើនឹងសូមអ្វី ក៏បានដូចចិត្ត ព្រះអង្គតែងទ្រង់ព្រះរាជសទ្ធាព្រះរាជទានពុំរួញរា ទាំងដំរីគជសារ អោយទៅព្រាហ្មណ៍ តាមចិត្តពុំគិត
ស្តាយឡើយ។ នែតាអើយ ទើបអស់អ្នកស្រុក គេញុះញង់សម្តេចព្រះវរបិតាព្រះអង្គ អោយទ្រង់ក្រោធបណ្តេញព្រះអង្គចេញពីជេតុត្តរនគរ ព្រះអង្គនាំព្រះមហេសី និងព្រះរាជបុត្រ ទៅនៅភ្នំគិរីវង្កតបព៌ត ថាបើតាជីតាមទៅសុំព្រះរាជទានខ្ញុំប្រុសស្រី យល់ជាព្រះអង្គព្រះរាជទានពុំខានឡើយ។
កាលនោះ តាជូជកស្តាប់ភរិយាប្រាប់ដូច្នោះហើយ នឹងនៅស្ងៀមពុំបាន នឹងខានខ្លាចប្រពន្ធជេរ ទើបគាត់ប្រែភក្ត្រ រកកលអធិប្បាយដោយយោបល់ថា
(១៩០) ហៃអមិត្តតាបនាសំឡាញ់តាអើយ តានេះចាស់ហើយ ទាំងភ្នែកក៏ងងឹត ត្រចៀកក៏ថ្លង់ រោគក្នុងអង្គក៏ច្រើន បន្តិចគ្រុន បន្តិចរងារ បន្តិចជា បន្តិចឈឺ វាអប់ឡប់តែក្នុងប្រាណ សូមទានគេតែរៀងអាយ ក៏ស្ទើរកកាយនឹងដៃ នឹងឡើងឈើព្រៃក៏ពុំរហ័ស រីឯផ្លូវដែលនឹងទៅនោះ ក៏ឆ្ងាយណាស់ សឹងតែ ត្រោកដំបូកក្រួសរវាន ស្ទើរនឹងដើរពុំបានឡើយ បើប្រទះនឹងសត្វកំណាចហើយ នឹងស្លាប់ឥតការ ឯខ្លួននាងនឹងនៅអសារជាមេម៉ាយ អមិត្តធីតាសំឡាញ់តាអើយ នាងកុំជាទុក្ខពេកឡើយ ធានាលើតាហើយ នឹងទៅរក មកចិញ្ចឹមនាង កុំបីនាងព្រួយចិត្តខឹងសម្បានឹងតាឡើយ។
ឯនាង អមិត្តធីតា កាលបានស្តាប់ពាក្យតាជូជកស្រដីត្អូញត្អែរពុំចង់ទៅ ថាផ្លូវកម្រឆ្ងាយ ទើបនាងស្រដីឧបមា អោយប្តីស្តាប់ថា
(១៩១) ហៃតាជីអើយ មានឧបមាបីដូចសេនាសេនីយ៍ ស្រដីតែមាត់ចិត្តកម្លាច ស្រដីថាពុំខ្លាចត្រង់ស្លាប់ លុះលើកទ័ពចេញទៅហើយ ឃើញផង់ផុយធូលី ក៏គិតថាគេលើកទ័ពចូលមកតតាំង ទើបបញ្ឈប់ទ័ព រើសរកទាហាអាសា បញ្ជូនតែសេនាទៅមុខ ទម្រាំគេលើកទៅស៊ុន ទើបឯងធ្វើជាទ័ពនុនឯក្រោយ អោយគេថាឯងជាទាហាក្លាហាន ឧបមាបីដូចតាជូជក ពុំទាន់ចេញផុតពីផ្ទះ ក៏ត្អូញត្អែរបណ្តើរ ពុំទាន់ចុះផុតពី
ជើងជណ្តើរ ក៏ត្អូញថា ផ្លូវឆ្ងាយដាច់ស្រយាល បើដូច្នេះ អញនឹងផាយរត់ទៅផ្ទះអញវិញហើយ បើដល់ចូលឆ្នាំថ្មីមិញ អញនឹងទៅលេងជាមួយនឹងអស់កំឡោះផង អញនឹងចុកចងស្នៀតសក់ ដណ្តប់ស្បៃពណ៌ សៀតផ្កានួនស្រី ស្លៀកសំពត់អោយជជាយជជួរ អោយស្រួលចិត្ត អោយជូជកព្រាហ្មណ៍ គាត់អង្គុយពភ្លក់យំ កើតទុក្ខតែម្នាក់ឯង ដរាបលុះតែស្លាប់
(១៩២) ទៅហោង។ ព្រាហ្មណ៍អើយ ថាបើប្រស្តែងទៅរកខ្ញុំប្រុសស្រីមកបម្រើអញហើយ ព្រាហ្មណ៍អើយ អញនឹងនៅធ្វើការចាំប្រស្តែងឯផ្ទះ បិទសម្រាស់ ស្រាស់របង មិនអោយអ្នកផងមើលងាយអញ នោះតានឹងសប្បាយចិត្ត ត្បិតពុំបារម្ភមកផ្ទះឡើយ។
ឯតាជូជក លុះឮ ភរិយាស្រដីដូច្នោះហើយ ក៏កើតចិត្តទាហានពុំមានខ្លាចព្រៃ ព្រោះគាត់លុះក្នុងអំណាចស្រី ដោយក្តីមាតុគ្រាមតណ្ហា។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណាពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គសម្តែងនូវបាទ ព្រះគាថាដូច្នេះ ម្នាលសង្ឃទាំងឡាយ ឯតាជូជកនោះ លុះក្នុងអំណាចនាងព្រាហ្មណី ដោយក្តីមាតុគ្រាមតណ្ហា ឮតែភរិយាស្រដីដូច្នោះ ក៏ភ័យខ្លាចប្រពន្ធ
(១៩៣) មិនស្រឡាញ់ ទើបស្រដីនឹងនាងព្រាហ្មណីដូច្នេះថា ចូរនាងរណ្តាប់ ស្បៀងដាក់ថង់យាម តាមមានតាមបាន តានឹងយកទៅ ទាំងទ្រាបលាជទ្រាបល្ង ទាំងសដូវដុំ សដូវផង់ មិនដូចនូវផ្លូវជិត រៀងអាយ នឹងបានវិលមកវិញឆាប់ តានឹងប្រញាប់ទៅក្រាបទូលសុំព្រះរាជកុមារទាំងពីរ មកធ្វើជាទាសាទាសី។ នែអមិត្តតាបនាសំឡាញ់ចៅតាអើយ ព្រះរាជកុមារទាំងពីរ ពុំមានសេចក្តីខ្ជិលច្រអូស នឹងទៅបម្រើនាង ទាំងយប់ ទាំងថ្ងៃ កុំអោយសំឡាញ់តាព្រួយចិត្តពេកឡើយ។
ឯនាងព្រាហ្មណី ឮតាជូជកនឹងទៅថ្ងៃនោះ នាងក៏ខ្វល់ខ្វាយចាយទិញ ហាក់ដូចមានការអាពាហ៍ពិពាហ៍ ម្នីម្នាមករណ្តាប់អោយតាជូជក ដោយសព្វគ្រប់ប្រការ។
រីតាជូជក ព្រួយចិត្ត គិតតែនាង ស្រដីថា អញព្រូយចិត្តត្បិតទៅយូរឆ្នាំ ពុំមានប្រុសនៅចាំផ្ទះសោះ ក្រែងគ្រាន់កក់ក្តៅ ហើយគាត់ឈ្ងោកទៅក្នុងគ្រឹហា យល់ជញ្ជាំងក៏ដាច់ ទ្វារក៏បាក់ ឆ្នៀងក៏ធ្លាក់ ដូចគេរាយដោយដី ជូជកក៏ជួសឡើងជាថ្មីវិញ ជួសជុលទាំងទ្វារជណ្តើរផ្ទះ ស្រាស់របង ហើយទៅដងទឹកមកទុកអោយផឹកអោយងូត
(១៩៤) ពេញទាំងក្រឡពិន្ទងពុំមានអោយសល់ ហើយទូន្មាន នាងថា តាំងពីថ្ងៃនេះរៀងទៅមុខ ចូរនាងកុំប្រហែស ចូរនាងប្រយ័ត្នខ្លួនស្ងួនរក្សា ក្រែងកើតមានភ័យ ត្បិតប្តីទៅឆ្ងាយ ក្រែងគេមើលងាយ មួយសោត កុំដើរដោយផ្ទះព្រៀងពុំជា គេនឹងនិន្ទាជាអាស្រូវ ចូរនាងនៅផ្ទះសង្វាតតែរកឆី ទម្រាំប្តី មកដល់។
តាជូជកទប់ទល់ពុំបាន ក៏ប្រះប្រាណយំសោក ស្រណោះអាឡោះអាល័យ ហើយអង្អែលភក្រ្តា បបោសខ្នងនាង អមិត្តតាបនា ផ្តាំស្រេចហើយ ពុំយូរឡើយ តាជីក៏យកថង់ស្បៀងដាក់លើស្មា ហត្ថាចាប់ឈើច្រត់ ហើយដើរប្រទក្សិណ ៣ជុំ ហើយគាត់ឈានជើងចេញដើរទៅ ទឹកភ្នែកហូរសស្រាក់ ឥតស្បើយ ពុំយូរឡើយ គាត់ដើរចេញទៅអំពីលំនៅនោះ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូល សូត្រសានូវបាទព្រះគាថាថា
(១៩៥) ជូជកជាពូជពង្សវង្សត្រកូលព្រាហ្មណ៍ ពោលពាក្យផ្តាំផ្ញើនាងស្រេចហើយ ក៏ពាក់ស្បែកជើងដើរប្រទក្សិណភរិយា មានទឹកភ្នែកហូរសស្រាក់ សមាទានវត្តជាតាបសឥសីហើយ ត្រាច់ចារិកទៅកាន់ នគរអ្នកស្រុកស្រីពិរាស្ត្រ ដើម្បីដើររកសុំទាសាទាសី លុះតាជីដើរងងុលជជ្រុលជជ្រកតាមផ្លូវ ទៅដល់ជេតុត្តរនគរហើយ បានឃើញមហាជនគេអង្គុយជួបជុំគ្នា ក៏ចូលទៅសួររកព្រះបាទស្រីវេស្សន្តរ ថា រីព្រះបាទស្រីវេស្សន្តរបរវរខត្តិយវង្ស តើព្រះអង្គគង់នៅទីណា អ្នកអើយ អ្នកទាំងឡាយប្រាប់ខ្ញុំអោយបានដឹងផង។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូល សូត្រសានូវបាទព្រះគាថាថា
(១៩៦) រីអស់អ្នកនគរទាំងឡាយនោះ លុះបានស្តាប់ពាក្យតាជីសួរហើយ ក៏មានចិត្តខឹងនឹងតាព្រាហ្មណ៍ ជេរតាមសព្វអំពើថា អើ! តាព្រាហ្មណ៍នេះហើយ វាតែងមកបៀតបៀនយាយីព្រះអង្គ វាពុំចង់រកឆីចុកលលក់ទន្ទិញ ចង់សុំអ្វីមិញ ក៏សុំទាល់តែបាន ឯព្រះអង្គតែងព្រះរាជទានសំពត់អាវ ព្រែព្រំនិងអ្វីៗ ពុំ
ដែលខាន សូមទាំងដំរីបច្ច័យនាគេន្ទ្រ ដែលជាដំរីមង្គល នាំអោយកើតអំពល់ដល់បណ្តារាស្ត្រ គេនាំគ្នាខឹងអស់ទាំង ព្រះនគរ ទាល់តែព្រះវរបិតា ទ្រង់ក្រោធនឹងព្រះអង្គ ទើបស្តេចអោយបំបរបង់ចេញពីព្រះរាជដ្ឋាន ឯព្រះរាជហរទ័យ ពុំមានរួញរា ពួកព្រាហ្មណ៍អស់នេះ វា
(១៩៧) បបួលគ្នាទៅតាមសុំព្រះរាជរថ និងសេះអាជានេយ្យទាំង៤ ពុំមានចិត្ត អាណិតប្រណីព្រះអង្គឡើយ ព្រាហ្មណ៍នេះឯងហើយ វាក្បត់នឹងផ្ទៃក្រោម នែគ្នាយើងអើយ មកយើងចោមចាប់ សម្លាប់វាអោយហើយ ទើបផ្ទៃក្រោមយើងនឹងរាប ខ្លះក្រោកឡើយប្រវាចាប់បានឈើព្រៃ ដុំដី ឥដ្ឋដេញប្រកិតតាមទៅ ឯតាជូជករត់ចូលទៅក្នុងព្រៃ ហត់ស្ទើរតែនឹងក្ស័យជីវិតដោយភិតភ័យ ហេតុតែទេវតាបញ្ចូលចិត្ត ទើបគាត់ដើរទៅជួប នឹងផ្លូវដែលទៅភ្នំគិរីវង្កតនោះឯងហោង។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូល សូត្រសានូវបាទព្រះគាថាថា (១៩៨) ម្នាលសង្ឃដ៏ខ្លាចភ័យក្នុងវដ្តសង្សាអើយ រីតាជូជកជាអ្នកហិនហោច ដើរត្រមោច ចូលទៅក្នុងព្រៃព្រឹក្សា យំសោកពិលាបអនាថអាណិត ព្រោះត្បិតតណ្ហាវារោលរាលក្នុងមនោទ្វារ ទើបគាត់យកភេទជា តាជី ដើរសុកប៉ប្រុកទាំងទុក្ខ ពភ្លាក់ពភ្លើ កាន់
ឈើច្រត់ពណ៌លឿងទុំ ស្មាស្ពាយយាម តតែងតតោង ដូចគេធ្វើលេង ជូជកឈឺចិត្តខ្លួនឯងពន់កម្លាំង គាត់ក៏ដើររលះរលាំងចូលទៅក្នុងព្រៃធំ ដង្គុំរបោះចន្លោះជើងភ្នំ តាមច្រកតូចធំ ជ្រោះជ្រលងដងស្ទឹង បឹងបួ ញាតស្បាតស្បូវ ផ្លូវចន្លោះឫស្សីដុះសាញ សឹងបន្លាមាគ៌ាក៏ចង្អៀត ជូជកខំកើរច្រៀត តែម្នាក់ឯង ក្រែងខ្លាចភ័យ ភ្នែកតែងរំពៃទៅមុខក្រោយ ឆ្វេងស្តាំ ក្រែងប្រទះនឹងខ្លា ដំរី ក្របីព្រៃ រមាស សឹងបន្លឺ
ស័ព្ទ សំឡេងដាសពាសពេញទាំងព្រៃ ជូជកភ័យស្ទើរបាត់ព្រលឹង គាត់ខំតែដើរជែកញែកបន្លាស្បូវស្បាត អោយបានរំលង ទ្វារព្រៃទៅអំពីផ្លូវកម្រ ជូជកដើរជជ្រុលជជ្រកទៅ ពុំលង់ឡើយ ក៏ស្រាប់តែប្រទះនឹងឆ្កែ ចេតបុត្រ វារត់មកដេញព្រាហ្មណ៍ នោះមិញ វាចោមព្រុសជុំវិញ ឯតា
(១៩៩) ជូជក ខំរត់ខ្មាញ់សស្លើតសស្លក់ភិតភ័យ ហើយស្រែកថា ឆ្កែៗ ឯឆ្កែ រឹតតែដេញ ព្រុសប្រកិត តាជីខំរត់ ដៃកាន់ឈើច្រត់លើកឡើងយារ រាំងរាប្រយ័ត្ន ហត់ហហុះ ពោះនោះផើតផតៗ ភ្នែកសស្លឹង ប្រឹងលោតឡើងទៅលើចុងព្រឹក្សា ហើយស្រែកទួញយំរកព្រះបាទស្រីវេស្សន្តរ សូត្រជាបាទព្រះគាថា ថា
(២០០) ឱ! បុគ្គលឯណាអើយ មានដំណឹងដឹងទីលំនៅ អាស្រមព្រះបរមវេស្សន្តរ ព្រះអង្គមកសាងព្រះផ្នួសបួសជាឥសី ព្រះអង្គឈ្នះ មច្ឆរិយធម៌ ដែលជាអន្ទាក់ច្រវាក់ណែងណង ទ្រង់អោយបានដល់នូវព្រះនិព្វាន ព្រះអង្គតែងមានព្រះទ័យ ចង់អោយបាន សេចក្តីសុខ
(២៩១) ពុំអោយមានទុក្ខដល់អស់អ្នកផងទាំងឡាយ ព្រះអង្គទ្រង់ធម៌ ជាទីពឹងពំនាក់នៃស្មូមយាចកទាំងឡាយ ដូចជាព្រះធរណី ជាទីពំនាក់នៃសព្វសត្វទាំងឡាយ។
មួយវិញទៀត ព្រះអង្គជាទីប្រជុំចូលគាល់នៃស្មូមយាចក ដូចជាមហាសមុទ្រ ជាទីប្រជុំហូរចុះនៃស្ទឹងទន្លេទាំងឡាយ ព្រះអង្គមានឧបមាដូចជាស្រះស្រង់ មានកំពង់រាបទាបស្រួល អ្នកផងចុះងូតផឹកបានដោយងាយ មានទឹកថ្លាត្រជាក់ ដេរដាសដោយផ្កាឈូកស ឈូកច្រាល មានលំអងកេសរផ្កា ជ្រុះរោយរាយផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ ពុំនោះសោត មានឧបមាដូចដើមពោធិព្រឹក្ស ដើមជ្រៃ ដើមស្វាយ ឬដើមឈើ ដទៃទៀត ដែលមាននៅជិតផ្លូវ ជាទីត្រាច់ទៅមកនៃមហាជន ដែលនឿយហត់អស់កម្លាំង ក៏
ចូលឈប់សម្រាកកាយបាន តាមប្រាថ្នា មានឧបមាដូចម្តេចមិញ ព្រះបាទស្រីវេស្សន្តរ មានឧបមេយ្យដូច្នោះដែរ។ ឱ! អ្នកឯណាអើយ បានដឹងថា ឥឡូវនេះ ស្តេចគង់នៅទីណា មេត្តាប្រាប់ខ្ញុំតាជីបន្តិចរ៉ា ឱ! អ្នកឯណាអើយ មានចិត្តអាណិតជួយប្រាប់លំនៅព្រះអង្គ ដោយវាចា១ម៉ាត់ថា ខ្ញុំដឹងប៉ុណ្ណោះ ខ្ញុំតាជីមានបីតិត្រេកអរ រកអ្វី
(២០២) ប្រៀបគ្មាន ហើយអ្នកនោះ នឹងបានកុសល ផលបុណ្យច្រើន នឹងត្រារាប់ពុំបានឡើយ។ តាជូជកស្រែកទ្រហ៊ោយំ ខ្សឹកខ្សួល រកព្រះបាទស្រីវេស្សន្តរនៅនាព្រៃធំ សម្បើមមហិមា តែម្នាក់ឯងហោង។ បពិត្រអើយ កាលនោះ មានថ្មើរព្រៃម្នាក់ឈ្មោះ ចៅចេតបុត្រ លោកសន្មតទុកអោយចាំរក្សាទ្វារព្រៃ គាត់ក៏ចេះសិល្បធ្នូ បាញ់មុតមែនក្វែនស្ទាត់ គាត់អាស្រ័យធ្វើជាផ្ទះស្រាស់របង ពុំអោយអ្នកផងដើរចូលទៅកាន់ភ្នំគិរីវង្កតបាន គាត់ក៏បណ្តើរ ឆ្កែ១ ស្រែកអំពីផ្លូវទៅ គាត់ចូលដល់ព្រៃធំ លុះឮសូរមាត់តាជូជក
ទ្រហ៊ោយំ ច្រឡំនឹងសំឡេងឆ្កែព្រុស ចេតបុត្រក៏ម្នីម្នា ក្រឡេកមើលទៅឃើញព្រាហ្មណ៍ស្រមូវនៅលើចុងព្រឹក្សា ទើបចេតបុត្រលាន់មាត់ថា ឱ! អញថាជាសត្វអ្វី មិនដឹងជា ព្រាហ្មណ៍អប្រិយទេហ្ន៎ ម្តេចក៏មកយំសោករកព្រះបាទស្រីវេស្សន្តរបរមពោធិសត្វ ថាបើតាមអញគិតទៅ ប្រហែលជាមក សុំព្រះរាជបុត្រាបុត្រី ឬសម្តេចព្រះរាជមទ្រីទៅពុំខាន បើដូច្នេះ អញនឹងសម្លាប់វាបង់ទៅក្នុងកាលឥឡូវនេះឯង ថាហើយ ចេតបុត្រម្នីម្នាប្រវាចាប់ធ្នូ ដំឡើងក្រិត ខាំមាត់ក្រអឺត យកកាំមកផ្ទាប់លើកត្រង់ តម្រង់ទៅ ស្រដីគំរាមថា អះព្រាហ្មណ៍ អប្រិយអើយ អញមិនទុក
(២០៣) ជីវិតចៅអោយរស់នៅឡើយ។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូល សូត្រសានូវបាទព្រះគាថាថា ខណៈនោះ ចេតបុត្រថ្មើរព្រៃ កំពុងត្រាច់រង្គាត់ទៅក្នុង
(២០៤) ព្រៃ ឮជូជកស្រែកទ្រហ៊ោយំ រកព្រះបាទស្រីវេស្សន្តរដូច្នោះ ចេតបុត្រក៏ស្រែកគំរាមទៅថា វ៉ឺយព្រាហ្មណ៍កញ្ចាស់ ម្តេចក៏មកយំសោករកព្រះអង្គ បើតាមអញរំពឹងគិតទៅ យល់ជាព្រាហ្មណ៍កញ្ចាស់នេះឯងមករកសុំទាន ទើបខំត្រាច់មកដល់អាយ ក៏វាសុំអ្វីម៉្លេះ តាំងពី ព្រះអង្គគង់នៅក្នុងព្រះរាជវាំង ដរាបមកគង់នៅក្នុងភ្នំគិរីវង្កត វានាំគ្នាសុំទាំងដំរីបច្ច័យនាគេន្ទ្រក្តី ពួកវាសុំសព្វគ្រប់ ពុំគិត ប្រណី
ដោយក្តីតណ្ហាលោភលន់ ទាល់តែអ្នកនគរ ខឹងជាកោលាហល នាំគ្នាក្រាបទូល ប្តឹងផ្តល់សម្តេចព្រះវរបិតា អោយស្តេចបំបរបង់ព្រះអង្គចេញចាកព្រះនគរ ព្រះអង្គតោងនាំព្រះរាជបុត្រាបុត្រី និងព្រះរាជទេពីមកគង់ព្រៃភ្នំ។ ព្រាហ្មណ៍កញ្ចាស់នេះហើយ ជាមនុស្សអប្បលក្ខណ៍ ខំដើរស្វះស្វែងមករកសូមព្រះរាជបុត្រាបុត្រី ដូចកលបក្សី គឺ កុក រនាល កាលណាបានឃើញត្រីក្នុងបឹង ត្រពាំង ក្នុងរដូវប្រាំង រីងទឹកហែងហួតហើយ តែងហើរមកចាប់ចឹកឆីដរាបអស់។
ព្រាហ្មណ៍អប្រិយនេះឯង ជាមនុស្សអន្ធពាលកំណាច អាចតាមបំផ្លាញព្រះអង្គជាប្រាកដ វាមិនចេះរកឆីចុកលលក់ទន្ទិញ ព្រាហ្មណ៍ចង្រៃអើយ កុំទន្ទឹងរកព្រះអង្គឡើយ អញពុំទុកជីវិតប្រស្តែងអោយរស់នៅ តទៅទៀតទេ អញបាញ់នឹងធ្នូ អោយត្រូវដើមទ្រូងរូងយកថ្លើមប្រមាត់
(២០៥) ញាំភ្លា បូជាក្រុងពាលី ធ្វើពលីការទេពរក្សាច្រកភ្នំ ឯក្បាលប្រស្តែងសោត អញនឹងដោតថ្វាយអ្នកតា នៅនាព្រៃភ្នំនេះ។ ពះ! ព្រាហ្មណ៍ចង្រៃ ប្រស្តែងស្លាប់នឹងដៃអញឥឡូវពុំលែងឡើយ។ រីតាជូជកកាលឮពាក្យចេតបុត្រព្រានព្រៃស្រដីដណ្តឹង ដូច្នោះហើយ
(២០៦) គាត់ក៏ភិតភ័យ ញ័រទាំងខ្លួនប្រាណ ស្ទើរបាត់ព្រលឹង ខំប្រឹងស្រដីទាំងញ័រមាត់ អធិប្បាយសេចក្តីមុសាវាទ ទៅកាន់ចេតបុត្រ ដោយបាទព្រះគាថាថា ហៃចេតបុត្រជាសំឡាញ់អើយ អម្បាញ់មិញនេះ ចៅថាបាញ់ៗ តើចៅបាញ់នរណាហឺះ។ ចេតបុត្រ
(២០៧) ឆ្លើយថា អញមាននរណាជាសំឡាញ់នឹងអញ នៅនាកណ្តាលព្រៃនេះ នរណាស្រដីមកនឹងអញ ៗនឹងបាញ់អ្នកនោះឯងហោង។ ទើបជូជកស្រដីថា ឱ! សំឡាញ់អើយ ម្តេចក៏អ្នកស្រដីរឹងរូសប្រទូស្តពន់ប្រមាណ យល់តែឯងបានធ្នូ ពាយងាយទំនើង តែនឹងបាញ់ នែសំឡាញ់អើយ រីអញនេះ ពុំមែនជាស្មូមយាចកតាមមកសុំទាននោះទេ។
ហៃសំឡាញ់អើយ អញជាត្រកូល ព្រាហ្មណ៍ធំ ឧត្តមប្រសើរ អញតែងនឹងគិតការព្រះរាជពិធី តាមប្រពៃណីអំពីបុរាណ អញតែងនឹងប្រដៅសិល្បសាស្ត្រ ព្រះរាជបុត្រអោយរៀនសូត្រទាំងពុទ្ធទាំងសេយ្យ ឥឡូវនេះ ព្រះបាទស្រីសញ្ជ័យដែលជាព្រះវររាជបិតា មានព្រះជរារោគា មកបៀតបៀនព្រះកាយ ពុំសប្បាយក្នុងព្រះអង្គ ទ្រង់ព្រះចិន្តានឹករលឹកដល់ព្រះរាជបុត្រទាំងពីរព្រះអង្គ និងចៅទាំងពីរ ជាបណ្តូលសង្សា ទើបមានព្រះរាជឱង្ការតម្រាស់ ត្រាស់ប្រើអញ មករកអារាធនាព្រះអង្គទៅគ្រប់គ្រងយោធាសេនាមន្ត្រី គួអ្វីអ្នកនឹង
សម្លាប់អញ ថាបើអ្នកសម្លាប់អញ នឹងបានក្តីខុសពីរប្រការ ត្បិតអញជាអ្នកនាំព្រះរាជសារ កាន់ព្រះអាជ្ញា ព្រះបាទអ្នកជាម្ចាស់ ឯអញនេះជាត្រកូលព្រាហ្មណ៍ធំផង បើនឹងពិឃាតរាជទូតលោក ក៏តាមចិត្ត ឬមួយនឹងសម្លាប់ ផ្តាច់ជីវិតសមណៈជីព្រាហ្មណ៍ ក៏ពុំ
(២០៨) ត្រូវនឹងប្រពៃណីអំពីបុរាណរៀងមកនោះឡើយ។ រីចេតបុត្រព្រានព្រៃ លុះឮសំដីជូជកព្រាហ្មណ៍ថា ជាអ្នកកាន់ព្រះរាជអាជ្ញា មកអារាធនាព្រះបាទស្រីវេស្សន្តរ ទៅគ្រប់គ្រងរាជសម្បត្តិ នាបុរីពិជ័យជេតុត្តរនគរនោះ ក៏មានចិត្តត្រេកអរឥតឧបមា ទើបចេតបុត្រចាប់ឆ្កែចងខ្ជាប់ កាប់ឈើមកពាក់ជាបង្អោងអោយតាជីចុះកកិបកកាបអំពីចុងព្រឹក្សា ហើយអោយអង្គុយលើស្លឹកឈើ ធ្វើជាកម្រាល អាសនៈ ទើបអោយតាជីបរិភោគភោជនាហារត្រាតែឆ្អែតស្កប់ស្កល់ ចេតបុត្រព្រានព្រៃ ក៏ធ្វើសេចក្តី
សំណេះសំណាល ប្រស្រ័យនឹងតាជូជក សូត្រជាបាទព្រះគាថាថា ហៃតាព្រឹទ្ធាចារ្យអើយ យើងបានជាស្រដីទ្រគោះ គម្រោះគម្រាម ពិតជាទុច្ចរិតវាចា ស្មានថាជាអ្នកតាមសូមទាន បានជាយើងខឹង ពុំចេរតែអ្នកតាអត់ទោសយើងបានម្តង ឯអស់ស្បៀង អាហារផង នឹងរកអោយតា តាមកម្លាំង ទាំងទឹកឃ្មុំខែប្រាំង សុទ្ធមានឱជារស
(២០៩) ឆ្ងាញ់ពិសា ទាំងសាច់ទ្រាយឆ្អើរ ចូរអ្នកតាយកទៅគ្រាន់ជាយាបនម័ត្ត បំបាត់ស្រេកឃ្លានទៅឯមុខ រីឯព្រះអាស្រមបរមពោធិសត្វ ព្រះអង្គសាងព្រ័ត ពោធិញ្ញាណ ជាទីបន្ទោរបង់នូវកាមតណ្ហា ទ្រង់ប្រព្រឹត្តនេក្ខម្មបារមី ក្នុងព្រៃរហោឋាន នៅទីឯណា យើងក៏នឹងប្រាប់តា អោយទៅរកព្រះអង្គ ត្រង់ទីប្រទេសនោះហោង។ បពិត្រអើយ អាត្មាភាពសម្តែងថ្លែងព្រះធម៌វិសេសទេសនា ព្រះមហាជាតក កណ្ឌជូជក នោះមិញ ដ៏ប្រដាប់ប្រដានីទៅនូវ ព្រះគាថា ៧៩ ព្រះគាថា ក៏ចប់បរិបូណ៌សមគួរ ដោយនូវវេលានេះឯងហោង។