មានសេចក្ដីតំណាលថា កាលពីព្រេងនាយមានបុរសកំសត់ទុរគតម្នាក់ នៅពេលមុនអស់សង្ខារ បានចែកទ្រព្យខ្លួនដល់បុត្របីនាក់ ។
បុត្រច្បងគាត់បានប្រគល់ត្បាល់កិនមួយ បុត្របន្ទាប់ឲ្យសត្វលាមួយ ចំណែកបុត្រពៅបានចែកឆ្មាបាឲ្យមួយ ។
លុះបានទទួលកេរ្តិ៍មរតកពីបិតារៀងខ្លួនហើយ !!!
បុត្រពៅតែងមានសេចក្ដីច្រណែននឹងបងៗជាប្រក្រតី ហើយតែងពោលថា :
"ឱ ! បងទាំងពីរ គេស្រុះ ស្រួលគ្នា រកស៊ី គេនឹងទទួលផលប្រសើរ ចំពោះកេរ្តិ៍ឧត្ដមនេះ ចំណែករូបខ្ញុំ បើមានតែឆ្មាបាមួយយ៉ាងនេះ តើនឹងយកទៅរក ស៊ីចិញ្ចឹមជីវិតបានឬទេ ?” ។
ឆ្មាបានឮសេចក្ដីពោលជាញឹកញយរបស់ម្ចាស់យ៉ាងនេះ ឆ្មាដែលមាន ប្រាជ្ញាឈ្លាសវៃ ក៏តបដោយវាចាទន់ភ្លន់ទៅម្ចាស់ថា :
"សូមលោកម្ចាស់កុំច្រណែន លោកម្ចាស់ដេរស្បោងឲ្យខ្ញុំមួយមក ហើយកាត់ស្បែកជើងមួយសម្រាប់យ៉ាងជាប់ ដើម្បីការពារនឹងបន្លា ជាបំផុតលោកម្ចាស់ មុខជានឹងបានឃើញច្បាស់នូវផលដ៏ឧត្ដមនៃកេរ្តិ៍ ដែលបិតាលោកម្ចាស់ប្រគល់ជូននេះជាប្រាកដ" ។
ដោយសេចក្ដីអង្វររបស់ឆ្មាជារឿយៗ នាយបុរសជាម្ចាស់ក៏ដេរស្បោងយ៉ាងល្មម និងកាត់ស្បែកជើងមួយគូយ៉ាងជាប់ប្រគល់ឲ្យឆ្មាបានដូចបំណង ហើយនាយឆ្មាតាំងពាក់ស្បែកជើងនៅជើងក្រោយទាំងពីរយ៉ាងជំនាញ
ទាញស្បោងយកមកពាក់នៅក ហើយជើងខាងមុខប្រវាចាប់ខ្សែយ៉ាងជាប់ ក្រោកឈរឆ្ដុបដើរឆ្ពោះទៅក្នុងព្រៃដ៏សម្បូរទៅដោយទន្សាយ ។
ដល់កន្លែង សមគួរហើយ នាយឆ្មាតាំងឈប់ស្រាយស្បោងពីក បើកមាត់យ៉ាងធំ ហើយរត់ទៅបោចប្រមូលស្មៅខ្ចីយ៉ាងស្រស់ និងត្រកួនដ៏ខៀវខ្ចី ល្វក់លូកញាត់បញ្ចេញ ស្លឹកមកក្រៅ ។
តមក, នាយឆ្មាតាំងឃ្លាំចាំមើលទន្សាយដែលអត់ឃ្លាន រត់ច្រវាត់នឹងចូលស៊ីស្មៅត្រកួនក្នុងស្បោង នាយឆ្មានឹងស្ទុះទៅសង្គ្រប់ចាប់ ។
គ្រាន់តែប្រះខ្លួនដេកភ្លាម មានទន្សាយអត់ឃ្លានមួយ ស្ទាត់ខាងការលួច ឃើញត្រកួនខ្ចីនៅមាត់ស្បោងក៏ចូលទៅកកេរស៊ី រហូតដល់ទៅត្បុលខ្លួនបាត់ទៅខាងក្នុង ។
បានដៃភ្លាម នាយឆ្មាស្ទុះភ្លែតរូតខ្សែខ្វាប់ ។ ទន្សាយជាប់ជុចបម្រាសព្រូសប្រាសនៅក្នុងស្បោង ។
នាយឆ្មា តាំងបញ្ចេញឫទ្ធិ ប្រហារទន្សាយគ្មានបង្អង់ដៃ ។ នាយឆ្មាអរណាស់ ក៏តាំងច្រកទន្សាយទៅក្នុង ស្បោងស្រេចពាក់មកលើក ហើយដើរតម្រង់ទៅព្រះរាជដំណាក់ព្រះមហាក្សត្រក្នុងនគរនោះ ដើម្បីសូមផ្លូវអ្នកយាមចូលទៅជួបគាល់ព្រះរាជា ។
អ្នកយាមក៏អនុញ្ញាតនាំនាយឆ្មាទៅគាល់ព្រះ មហារាជក្នុងព្រះរាជមន្ទីរ នៅទីចំពោះព្រះភក្ត្រ នាយឆ្មា តាំងលុតជង្គង់ ថ្វាយបង្គំផ្ចង់អញ្ជលីតាមទំនៀម ហើយក្រាបទូលថា ៖
AAAA
បពិត្រព្រះករុណាដ៏មានឫទ្ធិ នេះគឺជាទន្សាយរបស់ លោកឧកញ៉ាមហាបុរស ជាម្ចាស់របស់ទូលព្រះបង្គំជាខ្ញុំ ដែលនៅឯនាយនុ៎ះ បានតម្រូវលើរូបទូលព្រះបង្គំជាខ្ញុំឲ្យនាំយកមកថ្វាយបង្គំដោយគោរព និងភក្ដីភាព។
មានព្រះរាជអំណរជាអនេក ព្រះរាជាទ្រង់តបទៅនាយឆ្មាថា:
ហៃសត្វដ៏ឈ្លាសវៃ ចូរឯងនាំសេចក្ដីត្រេកអរដ៏ខ្ពង់ខ្ពស់របស់យើង ទៅជូនលោក ឧកញ៉ាឯងដោយមេត្រី ។
ក្នុងកាលមួយ នាយឆ្មាចូលទៅដេកសម្ងំក្នុងជង្រុកស្រូវ ហើយលាស្បោងចំហមាត់យ៉ាងធំ ។ បន្តិចមក មានព្រាបមួយគូយ៉ាងសាំងដេញចឹកគ្នា ត្បុលចូលទៅក្នុងស្បោងនោះ ។
នាយឆ្មាខ្ទប់មាត់ស្បោងជាប់ ហើយពាំឆ្ពោះទៅព្រះបរមរាជវាំង ថ្វាយព្រះរាជាដោយប្រពៃ ។ ព្រះមហាក្សត្រ ទ្រង់ទទួលយកយ៉ាងស្មោះស្ម័គ្រ ហើយព្រះអង្គទ្រង់បានប្រទានការជប់លៀងនាយឆ្មា នូវក្រយាហារយ៉ាងឈ្ងុយឈ្ងប់ ។
នាយឆ្មាតែងចូលទៅគាល់ព្រះរាជាប្រក្រតី ។ ជារឿយៗ នាយឆ្មាតែងនាំសត្វដែលខ្លួនចាប់បានទូលថាជារបស់ម្ចាស់ យកទៅថ្វាយព្រះអង្គយ៉ាងគាប់គួរ ។
ថ្ងៃមួយ នាយឆ្មាបានដំណឹងច្បាស់ថាព្រះរាជានឹងទ្រង់យាងចេញទៅប្រថាប់មាត់ស្ទឹង ជាមួយព្រះរាជបុត្រដ៏ឆើតឆាយក្នុងលោក ។
នាយឆ្មាអរណាស់ ហើយនិយាយទៅម្ចាស់ខ្លួនថា "
បពិត្រលោកម្ចាស់, បើលោកធ្វើតាមខ្ញុំ លោកនឹងមានលាភប្រសើរ សូមលោកទៅងូតទឹកក្នុងស្ទឹង ត្រង់ទីកន្លែងដែលខ្ញុំបង្ហាញ លោកម្ចាស់នឹងបានទទួលលាភដ៏ប្រពៃ ដែលខ្ញុំនឹងអធិដ្ឋានសំបូងសង្រូងជូនឲ្យបានសម្រេច ។
នាយបុរសជាម្ចាស់ក៏ធ្វើតាមបង្គាប់នាយឆ្មា ដោយពុំមានយល់ការណ៍បន្តិចបន្តួចឡើយ ក្នុងពេលដែលព្រះរាជាព្រមទាំងព្រះរាជបុត្រយាងទៅដល់មាត់ស្ទឹង នាយបុរសចុះទៅងូតទឹក ។
នាយឆ្មាតាំងស្រែកអស់ទំហឹងមួយរំពេចថា "ជួយផង ! ជួយផង ! នុ៎ះន៎ លោកឧកញ៉ាមហាបុរសលង់ទឹក" ។ឮពាក្យឆោឡោនោះភ្លាម ព្រះរាជាក៏ទ្រង់អើតព្រះភក្ត្រចេញពីរាជរថមក ហើយទ្រង់ស្គាល់ជាក់ជានាយឆ្មាដែលតែងយកសត្វទៅថ្វាយព្រះអង្គ ។ ទ្រង់ក៏ចាត់ឲ្យទាហានស្ទុះចុះទៅជួយស្រង់នាយបុរសជាម្ចាស់ឆ្មា ។
ក្នុងពេលដែលគេកំពុងតែស្រង់នាយបុរសនាយឆ្មាក៏ចូលទៅជិតទៀបព្រះមហាក្សត្រក្រាបទូលថា "ក្នុងពេលដែលម្ចាស់ខ្លួនលង់ទឹកនោះមានចោរកំណាចមកឆក់សំពត់អាវម្ចាស់ ដែលដាក់លើមាត់ច្រាំងយកទៅបាត់ហើយ" ប៉ុន្តែដោយពិត គឺនាយឆ្មានោះយកទៅលាក់ក្នុងក្រហែងផែនថ្ម ។
ព្រះរាជាទ្រង់មានព្រះរាជឱង្ការ ត្រាស់បង្គាប់ឲ្យនាយឃ្លាំងរត់ទៅព្រះរាជដំណាក់ រើសំពត់អាវដ៏មានតម្លៃ យកមកជូនលោកឧកញ៉ាមហាបុរសផ្លាស់ ។
លុះស្លៀកពាក់ស្រេច នាយបុរសក៏ឡើងមកថ្វាយបង្គំព្រះរាជា ព្រះអង្គទ្រង់សន្ទនាយ៉ាងស្មោះជាមួយបុរសនោះ ។
ឯព្រះរាជបុត្រីគង់ក្នុងរាជរថ ក៏ចេះតែឆ្មៀងព្រះនេត្រទាំងគូលបមើលនាយបុរសជាញឹកញយ ។
ចំណែកនាយបុរសវិញ ក៏ចោលកន្ទុយភ្នែកញញឹមទៅរកព្រះនាងក្សត្រីដោយមេត្រី ។ បន្ទាប់មក ព្រះរាជាក៏ទ្រង់ហៅនាយបុរសឲ្យឡើងទៅលើព្រះរាជ-រថព្រះអង្គ បរកម្សាន្ត និងទស្សនានូវទេសភាពផ្សេងៗតាមស្រុកស្រែ ។
មានអំណរណាស់ នាយឆ្មាតាំងរត់ និងដើរយ៉ាងលឿនពីមុខក្បួនរាជរថទៅ ។
គ្រប់វាលស្រែដែលមានមនុស្សកុះករកំពុងច្រូតស្រូវ នាយឆ្មាតាំងនិយាយបន្លាចថា "នែបងប្អូន! បើព្រះរាជាយាងមកដល់ សួរបញ្ជាក់
អំពីម្ចាស់ស្រែទាំងនេះ ត្រូវអ្នករាល់គ្នាឆ្លើយស្របទូលព្រះបង្គំថា ជាស្រែរបស់លោកឧកញ៉ាមហាបុរស ឮទេ ? បើអ្នកណារំលោភទទឹង អ្នកនោះឯងនឹងទទួលទោសទណ្ឌកម្មជាពុំខានឡើយ" ។
ដល់ស្រែមួយៗ ព្រះរាជាតែងត្រាស់បញ្ជាក់សួរពីម្ចាស់ស្រែ ។ ពួកម្ចាស់ស្រែ ព្រមទាំងអ្នកច្រូតកាត់ទាំងអស់ ក៏ទូលតបថាជាស្រែរបស់លោកឧកញ៉ាមហាបុរស។
ព្រះរាជាមានព្រះទ័យអស្ចារ្យពេក ទ្រង់ត្រាស់សរសើរទៅនាយបុរសថាប្រសើរណាស់លោកមានភោគសម្បត្តិស្ដុកស្ដម្ភណាស់ទេតើ ។
នាយបុរសលុះឮព្រះរាជបន្ទូលសរសើរយ៉ាងនេះ ក៏បន្ថែមសេចក្ដីថា "បពិត្រព្រះករុណាដ៏មានឫទ្ធិ ភោគទ្រព្យទាំងនេះផ្ដល់ផលច្រើនជាអនេក ក្នុងមួយឆ្នាំៗ " ។
នាយឆ្មាដើរមុខក្បួន តែងបន្លាចអ្នកស្រែឲ្យជួយឆ្លើយដូចបំណងខ្លួនជានិច្ច ។ ព្រះរាជាដែលទ្រង់ចង់ជ្រាបហេតុពិត ក៏ចេះតែយាងឆ្ងាយទៅៗឥតគណនា ។
ព្រះអង្គទ្រង់ត្រាស់សួរទៅកន្លែងណា ក៏សុទ្ធតែជាស្រែរបស់លោកឧកញ៉ាមហាបុរសទាំងអស់គ្មានចេះចន្លោះ ។
ព្រះអង្គរឹងរឹតតែស្ញែងនឹងភោគសម្បត្តិនាយបុរសនេះពន់ពេក ។ដោយល្បឿនដ៏រហ័សដូចព្រួញ នាយឆ្មាក៏ច្យុតខ្លួនទៅដល់ប្រាង្គប្រាសាទ
យ៉ាងធំមួយ ដែលជាប្រាសាទយក្សអ្នកមានស្ដុកស្ដម្ភម្នាក់។វាលស្រែចម្ការទាំងប៉ុន្មានដែលផុតពីព្រំដែននគរព្រះរាជាបានទតមកនោះ គឺសុទ្ធតែជាកន្លែងចំណុះរបស់យក្សនេះទាំងអស់ ។
នាយឆ្មាចូលទៅក្នុងប្រាសាទនោះគ្មានញាប់ញ័រអ្វីបន្តិចបន្តួចឡើយ ។ នាយយក្សក៏ទទួលនាយឆ្មាជាអ្នកដំណើរទេសចរយ៉ាងរួសរាន់ ។
តមកនាយឆ្មាក៏និយាយសរសើរពីអានុភាពនាយយក្ស ។ នាយឆ្មាក៏និយាយអួតថា "បពិត្រលោកម្ចាស់ ខ្ញុំធ្លាប់ដឹងច្បាស់ថា លោកជាអ្នកមានឫទ្ធិឥតនរណាស្មើទេ, លោកអាច
ប្រែក្រឡាខ្លួនទៅជាសត្វតូចតាចបាន ឧបមាដូចកណ្ដុរជាដើម ខ្ញុំបាទ ដូចជារកជឿគ្មានសោះចំពោះពាក្យទាំងនេះ តើពិតប្រាកដមែនឬ ?
ចង់បញ្ចេញឫទ្ធីឲ្យឆ្មាកោតខ្លួន យក្សក៏និយាយកាត់ភ្លាមថា ពុំជឿនោះជាការខុសស្រឡះហើយ កុំថាឡើយទៅជាកណ្ដុរ ទោះជាស្រមោចសង្អារក៏ខ្ញុំក្លែងភេទបានដែរ ។
អ្នកចាំមើលចុះ ខ្ញុំនឹងប្រែភេទទៅជាកណ្ដុរភ្លាម ?” ។ ថាហើយ យក្សតាំងបញ្ចេញសិល្ប៍ប្រែក្រឡាខ្លួនទៅជាកូនកណ្ដុរក្រហមមួយរត់ខ្វៃៗនៅលើកម្រាលឥដ្ឋ ។ បានឱកាសភ្លាម នាយឆ្មាហក់វឹបខាំកូនកណ្ដុរលេបតែមួយក្អឹកទៅដល់ក្នុងពោះ ។ យក្សសាបសិល្ប៍ក្ស័យជីវិតសូន្យសង្ខារនៅក្នុងពោះឆ្មានោះទៅ ។ បន្ទាប់មក ក្បួនព្រះរាជរថព្រះមហាក្សត្រក៏ហែមកដល់ទីនោះ ។
នាយឆ្មាឮសូរសន្ធឹកទ័ព ក៏ស្ទុះចេញពីប្រាសាទមកទទួលព្រះរាជាភ្លាម ។ នាយឆ្មាទូលថា "បពិត្រព្រះករុណាដ៏មានជោគ ឥឡូវមកដល់ប្រាសាទលោកឧកញ៉ាម្ចាស់ទូលព្រះបង្គំជាខ្ញុំហើយ សូមព្រះអង្គទ្រង់មេត្តាស្ដេចយាងចូលទៅក្រសាលលេង" ។
រឹងរឹតតែស្ញែង ព្រះរាជាទៅជាលាន់ព្រះឱសថា "យីអើ ! លោកឧកញ៉ាមហាបុរសជាអ្នកមានស្ដុកស្ដម្ភណាស់ ហ្ន៎!” ។
តមក, ព្រះអង្គក៏ត្រាស់ឲ្យកងទ័ពចូលទៅក្រសាលលេង នៅក្នុងបរិវេណប្រាសាទនោះ ។
នាយបុរសក៏ចុះពីលើរាជរថហុចដៃទៅឲ្យនាងក្សត្រីកាន់ ហើយក៏នាំព្រះរាជាចូលទៅក្នុងបន្ទប់មួយធំទូលាយ ដែលមានភាជន៍មាសរៀបសុទ្ធសឹងតែម្ហូបឈ្ងុយឈ្ងប់ ដែលយក្សរៀបទុកនឹងបរិភោគ ។
ព្រះរាជាទ្រង់មានព្រះអំណររកអ្វីប្រៀបផ្ទឹមគ្មាន ។ ព្រះអង្គឆ្មៀងព្រះនេត្រាមើលទៅសម្បត្តិទ្រព្យក្នុងប្រាសាទ មានសុទ្ធសឹងតែមាស ប្រាក់ ពេជ កែវកង ដ៏មានតម្លៃ ។
ព្រះរាជាទ្រង់ជោគទៅក្នុងសេចក្ដីស្ញែង ក៏ទ្រង់ត្រាស់ទៅនាយបុរសថា "លោក ! ខ្ញុំជឿជាក់ហើយថា លោកជាមហាសេដ្ឋីធំមែន !
ខ្ញុំទុកលោកជាព្រះធីតាបតិរបស់ខ្ញុំ ! ឥឡូវនេះ ខ្ញុំលើកព្រះរាជបុត្រីខ្ញុំជូនលោកធ្វើជាមហេសី ដើម្បីជាតំណាងនូវសេចក្ដីរាប់អានរបស់ខ្ញុំ !” ។
មានអំណរណាស់, ដូចជាបានទៅកើតឋានសួគ៌ និងជោគជាំទៅដោយសេចក្ដីស្នេហាពេញចិត្ត នាយបុរសឱនកាយទទួលលាភចំពោះព្រះភក្ត្រព្រះមហារាជ ព្រមទាំងទទួលធ្វើជាបុត្រប្រសាររបស់ព្រះអង្គដោយស្វាមីភ័ក្ដិ ។
តមក ព្រះមហាក្សត្រក៏រៀបអភិសេកបុត្រី និងនាយបុរសនោះ ហើយទ្រង់ក៏ប្រគល់រាជសម្បត្តិឲ្យនាយបុរសគ្រងជំនួសព្រះអង្គ ។
ចំណែកនាយឆ្មាក៏បានឡើងឋានន្តរស័ក្ដិជានាម៉ឺនធំមួយ ។ តពីនោះមក នាយឆ្មាលែងចាប់កណ្ដុរ និងសត្វឯទៀតបរិភោគជាអាហារទៀតហើយ ។
នាយឆ្មាតែងមានអ្នកបម្រើឆ្វេងស្ដាំគ្មានចន្លោះ ។ជាអវសាន, នាយបុរសភ្ញាក់ខ្លួនពិចារណាឃើញច្បាស់នូវសេចក្ដីគិតខុសរបស់ខ្លួនកាលជាន់មុន ។
នាយបុរសបញ្ជាក់ខ្លួនឯងថា "កេរ្តិ៍អាករមាតាបិតា ជាទ្រព្យឧត្ដមត្រជាក់ត្រជំ គួរបុត្រធីតាទទួលយក ហើយរក្សាឲ្យគង់វង់កុំឲ្យក្នក់ចិត្តឲ្យសោះ ។
0 Comments:
Post a Comment