រឿង បុរសចេះថ្នាំពិសពស់
មានថ្ងៃមួយបុរសឈ្មោះ សុខ ធ្វើដំណើរទៅកាប់អុសក្នុងព្រៃ ។ លុះទៅដល់ឃើញខ្លាធំមួយស្លាប់ នៅជើងដម្បូកក្បែរច្រកផ្លូវ ។ ចៅសុខពិនិត្យមើលហេតុសព្វគ្រប់ទៅឃើញថា ខ្លានេះស្លាប់ដាយពស់ចឹក ព្រោះនៅខាងក្រោមខ្លាមានរន្ធពស់មួយ ។ បុរសនោះមានចិត្តសប្បុរសដល់សាកសពសត្វនោះណាស់ ក៏ស្រាយថង់ឈាម យកថ្នាំដុសលាបស្រឡាបឲ្យ ។ លុះបាន ១ ស្របក់ខ្លាដឹងខ្លួនឡើង ឃើញខ្លួនប្រាណប្រឡាក់សុទ្ធតែថ្នាំដែលលាប ក៏មានសេចក្តីទោមនស្សនឹងបុរសដែលលាបថ្នាំឲ្យ ហើយស្តីឲ្យថា ហេតុដូចម្តេចបានជាអ្នកឯងហ៊ានយកអ្វីមកប្រឡាក់ខ្លួនអញយ៉ាងនេះ? ។ បុរសនោះឆ្លើយថា យើងដើរមកបានឃើញបងឯងស្លាប់ដោយពស់ចឹក ហើយយើងដុសថ្នាំស្រឡាបលាបឲ្យបងរស់ទេតើ! ។ ខ្លាថា អញមានស្លាប់អី ពស់មានចឹកអញពីកាលណា? អញកំពុងតែដេកលក់ស្រួលទេតើ! បើដូច្នេះអញត្រូវប្រហារជីវិតឯងធ្វើជាអាហារ ។ ចៅសុខ មានសេចក្តីតក់ស្លុតនឹងសេចក្តីស្លាប់ជាខ្លាំង ក៏អង្វរខ្លាថា បងអើយ! អាណិតយើងផងបងកុំអាលពិឃាតយើងក្នុងគ្រានេះ ចាំយើងទៅរកអ្នកប្រាជ្ញណាឲ្យគេជំនុំជម្រះឲ្យ បើរកទៅឃើញថាយើងខុស សឹមបងប្រហារជីវិតយើង បើយើងត្រូវ ត្រូវទុកជីវិតយើង ។ ខ្លាក៏ព្រមតាមសេចក្តីអង្វរចៅសុខៗវិលមកវិញប្រទះសេះ និងក្របី នៅក្បែរផ្លូវក៏និយាយថា បងទាំងពីរអាណិតទៅជួយយកអាយុយើងផង ព្រោះខ្លាដែលពស់ចឹកបានរស់ឡើង ដោយយើងដាក់ថ្នាំឲ្យ តែវាប្រាថ្នាប្រហារជីវិតយើង ថាយើងធ្វើវាឲ្យភ្ញាក់ ហើយធ្វើឲ្យប្រឡាក់ខ្លួនវាអស់ តាមពិតត្រូវតែទៅកាត់សេចក្តីឲ្យបុរសនោះឈ្នះខ្លា ប៉ុន្តែបើអញឲ្យបុរសនេះឈ្នះទៅមុខជាខ្លាគុំគួននឹងអញ ស៊ីអញជាអាហារលែង ក៏ប្រាប់ចៅសុខថា បងឯងខុសមែនហើយ ត្រូវឲ្យខ្លាស៊ីទៅ ។ ចៅសុខក៏រិតតែភ័យខ្លាំងឡើង ក៏លាសេះនិងក្របីដើរយ៉ាងលឿនទៅទៀត លុះប្រទះនឹងសុភាទន្សាយ ចៅសុខក៏ប្តឹងតាមដំណើរ ។ សុភាទន្សាយដឹងរឿងសព្វគ្រប់ ក៏ប្រាប់ទៅចៅសុខថា ឲ្យទៅនិយាយអង្វរខ្លាទៀតទៅសឹមយើងទៅជួយ ។ គ្រាដែលបុរសនោះកំពុងជជែកនឹងខ្លា សុភាទន្សាយទៅដល់ក៏ធ្វើជាសួរថា បងឯងទាំងពីរនាក់ទាស់គ្នារឿងអ្វី? ។ ខ្លានឹងចៅសុខក៏បានប្តឹងតាមដំណើររៀងៗខ្លួន ។ សុភាទន្សាយកាត់សេចក្តីថា បើដូច្នេះត្រូវបងខ្លាឯងទៅដេកត្រង់កន្លែងដដែលឲ្យយូរដូចមុន បើដល់ពេលត្រូវភ្ញាក់ហើយពុំស្លាប់ទេ សឹមបងឯងមកពិឃាដមនុស្សនេះធ្វើជាអាហារចុះ ។ ខ្លាទៅដេកតាមបង្គាប់ ពស់ក៏ចេញពីរន្ធមកចឹកខ្លានោះស្លាប់ទៅ ។ សុភាទន្សាយឃើញខ្លាស្លាប់ហើយ ក៏ប្រាប់ទៅបុរសនោះថា បងឯងកុំលាបថ្នាំឲ្យវារស់ទៀត ប្រាប់ហើយក៏លាចៅសុខទៅលំនៅវិញ ៕
0 Comments:
Post a Comment