Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង សរសៃសំបុកពីងពាង

 រឿង សរសៃសំបុកពីងពាង

មាននិទាន១ដំណាលថា ពេលថ្ងៃមួយដែលព្រះពុទ្ធព្រះបរមគ្រូនៃយើង ទ្រង់និមន្តតែមួយអង្គឯងនៅក្បែរ មាត់ស្រះបោក្ខណីនៃឧទ្យានសួគ៌។ បទុមបុប្ផាទាំងឡាយដែលរីកស្គុះស្គាយនៅ ក្នុងបឹងសុទ្ធតែមានពណ៌សក្បុសដូចគុជ ហើយពីកញ្ចុំកណ្ដាលពណ៌មាសនៃបុប្ផាទាំងឡាយ ក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់ ដែលយើងពិបាកនឹងរកពាក្យឯណាមួយមកពន្យល់ឱ្យត្រូវបាន បានហោះហើរទៅអប់ប្រោះព្រំទីស្ថាននានាដែលនៅជុំវិញនោះយ៉ាងខ្ជាប់ខ្ជួន។

វេលានោះគឺជាពេលព្រឹកព្រលឹមនៅស្ថានតុសិត។

ព្រះពុទ្ធព្រះបរមគ្រូនៃយើង ព្រះអង្គទ្រង់គង់នៅមាត់ស្រះ ចោលព្រះនេត្រពីលើផ្ទៃទឹក តាមប្រឡោះនៃស្លឹកឈូកនានាទៅដល់ក្រោម។ ដោយនៅចំពីក្រោមព្រះបោក្ខណីនៃឧទ្យានសួគ៌មានស្ថានានរក ពេលដែល​ព្រះនេត្រទ្រង់ចោលឆ្ពោះទៅលើទឹកថ្លាឆ្វង់ដូចត្បូងកែវ ព្រះសម្មាសម្ពុទ្ធបានប្រទះឃើញភ្នំរកាដែកយ៉ាងច្បាស់ប្រត្យ័ក្ស ហាក់ដូចជា គេកំពុងតែឆ្លុះកែវយឹតបែបនោះផង។

ព្រះអង្គបានប្រទះឃើញនៅបាតនរកនោះ នូវបុរសម្នាក់ឈ្មោះកណ្ឌធៈ​ និងសត្វនរកជាច្រើនកំពុងតែយំស្រែក ប្រកូក ឱ្យគេជួយ។ ឯបុរសឈ្មោះកណ្ឌធៈនេះជាមនុស្សដែលធ្លាប់តែសម្លាប់គេ ធ្លាប់ដុតផ្ទះគេ គឺជាមេចោរ ដ៏ធំ​ដែលតែងតែប្រព្រឹត្តអំពើអកុសស្សដ៏ច្រើនរាប់មិនអស់។ ប៉ុន្តែមានតែម្ដងគត់ដែលជននេះបានធ្វើអំពើល្អ។ ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ព្រះអង្គបានបើព្រះចក្ខុទិព្វទតទៅក៏បានប្រមើលឃើញថា មានពេលមួយបុរសនេះបានដើរកាត់ព្រៃជ្រៅមួយ។ ពេលនោះ គេបានព្រះទះឃើញកូនពីងពាងតូចមួយ​វារវើកៗនៅតាមផ្លូវ។ កណ្ឌធៈយារជើងប្រុងនឹងជាន់សំឡេះកូនពីងពាងនោះទៅហើយ គាប់ជួនជាមានចិត្ត មួយមកឃាត់ថាៈ

កុំអី កុំអី ទោះចាសត្វនេះតូចច្រម៉ក់បែបនេះក៏ដោយ ក៏វាជាសត្វដែលមានជីវិតដែរ។ អាត្មាអញពុំគួរសម្លាប់ វាលេងៗជាល្បែងទេអាណិតវា។

ដូច្នេះកណ្ឌធៈក៏ទប់ជើងឈប់សម្លាប់ពីងពាង ហើយទុកឱ្យសត្វល្អិតនោះនៅរស់មានជីវិតបន្តទៅ។

នៅពេលដែលទ្រង់ប្រមើលឃើញដូច្នេះ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ក៏ទ្រង់នឹកថា គណ្ឌធៈធ្លាប់បាន ស្រោចស្រង់ជីវិតពីងពាង។ ប្រសិនបើទង្វើនេះអាចទៅជាកុសលឱ្យគេអាចចេញរួចពីនរកបាន ព្រះអង្គទ្រង់ចង់ជួយជននេះឱ្យចេញចាកផុតទុក្ខនៃស្ថាននរកនេះណាស់។

ជាភ័ព្វល្អនៅពេលដែលព្រះអង្គគ្រវៀសព្រះនេត្រគន់ទៅលើក្បែរៗទ្រង់ ទ្រង់ក៏ប្រទះឃើញពីងពាងនៃឧទ្យាន​សួគ៌មួយកំពុងព័ទ្ធស្រេះសំបុកពណ៌ប្រាក់ដ៏វិចិត្របន្តោងលើស្លឹកឈូកដែលមានពណ៌បៃតងដូចជាត្បូងមរកត។

ទ្រង់ឈោងសើរៗពីងពាងមួយសរសៃ ហើយទម្លាក់ចុះតាមចន្លោះ បទុមបុប្ផាដ៏សក្បុសនានាទៅតាមក្រោម ត្រង់ភ្លឹករហូតដល់បាតនរក។

នៅបាតនរកឯនោះគណ្ឌធៈកំពុងតែត្រូវយមបាលបោះហើយស្រង់ បោះហើយស្រង់ជាមួយនឹងសត្វនរកឯសត្វ​​នរកឯទៀតៗទៅ ក្នុងត្រពាំងឈាមពុះគគ្រុក។

នៅក្នុងស្ថានភាពរកដ៏ងងឹតស្លុប គេឃើញមានពន្លឺសស្ងាចមួយចាំងឆ្វេចឆ្វាចៗ។ នោះគឺជាពន្លឺដែលដេញពីមុខបន្លា ដែលនានានៃភ្នំរកាដែក ដ៏គួរឱ្យស្រៀវស្រើប។ មើលទៅគួរឱ្យភ័យ គួរឱ្យរន្ធត់ពន់ពេកណាស់។ នៅទីនោះគេមានអារម្មណ៍ហាក់ដូចជាស្ថិតនៅទីស្មសាន ដ៏ស្ងាត់ច្រៀបគួរឱ្យព្រឺក្បាល។ ប្រសិនបើយូរៗម្ដង មានសំឡេងអ្វីឮឡើង នោះគឺពុំមានអ្វីក្រៅពីសំឡេង​ដង្ហោយ​ខ្សោយៗ នៃសត្វនរកតែប៉ុណ្ណោះឡើយ។

ជនដែលបានធ្លាប់មកដល់ទីនេះទាំងឡើយ បានហត់ហេវនឹងទារុណកម្មដ៏ខ្មោខផ្សារនៃស្ថាននរក រហូតដល់ស្ទើរតែគ្មានកម្លំាងនឹងស្រែកយំផង។

ដូច្នេះគណ្ឌធៈដែលមុជងើបៗនៅក្នុងត្រពាំងឈាម គ្មានបានធ្វើអ្វីក្រៅតែពីឈ្លក់ឈាម ហើយបម្រះខ្វៃៗគួរឱ្យ​អានោចអាធម៌ មិនខុសពីសត្វកង្កែបមួយដែលហៀបនឹងផុតជីវិតឡើយ។

នៅក្នុងខណៈនោះ គណ្ឌធៈបានងើយមុខដោយចៃដន្យទៅលើលំហ ដែលនៅពីលើត្រពាំងឈាម ក៏ឃើញសរសៃ​ពីងពាងពណ៌ប្រាក់ ធ្លាក់សំយ៉ាកចុះពីលើសែនឆ្ងាយៗយ៉ាងស្ងៀមស្ងាត់ចំាងព្រិចៗនៅក្នុង​អន្ធការដ៏ងងឹតចាក់ភ្នែកពុំយល់។ សរសៃអំបោះនោះធ្លាក់ស្រឹមៗតំរង់មករករូបខ្លួន។ នៅពេលដែលឃើញ​សរសៃនោះគណ្ឌធៈសប្បាយចិត្តទះដៃដោយមិនដឹងខ្លួន។ ប្រសិនបើអាត្មាអញតោងសរសៃនោះ ឡើងទៅលើ​រហូតទៅ អាត្មាអញច្បាស់ជាអាចគេចផុតពីស្ថាននរកនេះពុំខានទេ។ ឱ​មែនស្រួលមិនស្រួលអញអាចឡើង​រហូត​ដល់ស្ថានសួគ៌ផងក៏មិនដឹង។ ដល់អញ្ជឹង អាត្មាអញនឹងបានចាកផុតពីគេដេញឱ្យឡើងរកាដែក ឬគេបោះទម្លាក់​ទៅក្នុងត្រពាំងឈាមនេះពុំខានឡើយ។ គិតបែបនេះហើយ គណ្ឌធៈក៏ខំប្រវេប្រវាតោងសរសៃ​សំបុកពីងពាង​ដោយដៃ​របស់គេទាំងសងខាងយ៉ាងតឹង ហើយខិតខំស្រវាឡើងតាមសរសៃនោះទៅលើ។ ដោយបុរសនោះ ធ្លាប់តែធ្វើជាមេចោរគេថ្នឹកនឹងការតោងប្រវាឡើងតាមខ្សែរជាដើមបែបនេះណាស់។

ប៉ុន្តែចម្ងាយពីឋាននរកទៅឋានសួគ៌ មានរាប់ម៉ឺនយោជន៍ ដូច្នេះទោះជាគេប្រញាប់ចង់ឱ្យទៅដល់ឆាប់យ៉ាង​ណា​ក៏ដោយ ក៏មិនមែនជាការងាយស្រួលនឹងតោខ្សែឡើងឱ្យបានទៅដល់ឋានសួគ៌បានភ្លាមៗឡើយ។

នៅពេលដែលគេប្រវេប្រវាឡើងបានមួយស្របក់ធំទៅ គណ្ឌធៈក៏ហត់ហើយពុំអាចប្រឹងឡើងទៅលើទៀត​បានឡើយ។ ពុំដឹធ្វើម៉េច គណ្ឌធៈក៏តោងសរសៃសំបុកពីងពាងឈប់ទ្រឹងដើម្បីសម្រាកយកកម្លាំង រួចហើយ​ក៏ចោភ្នែកទៅក្រោម។ ពេលនោះដោយសារការខំប្រឹងតោងឡើងរបស់គេ គេមើទៅឃើញត្រពាំងឈាមដែលគេតែងតែត្រូវបានយមបាលបោះទម្លាក់មិនស្រាកស្រាន្តនោះ បិទបាំងទៅក្នុង​អន្ធការដ៏ងងឹតរកមើលស្ទើរតែលែងឃើញ ហើយភ្នំរកាដែកដ៏គួរឱ្យរន្ធតក៏ឃើញព្រឹមៗ នៅពីក្រោមគេដែរ។ បើឱ្យតែខំតោងឡើងតែយ៉ាងនេះបន្តទៀត ការចាកចេញផុតពីនរកមិនមែនជាសុបិន្តទេ វានឹងទៅជាការពិតសម្រាប់ គេមិនខានឡើយ។ គណ្ឌធៈឱបសរសៃពីងពាងបណ្ដើរស្រែកហ៊ោរបញ្ចេញសំឡេង​ ដែលគេខានបញ្ចេញរាប់ឆ្នាំទៅហើយថា ជយោ! អញរួចខ្លួនហើយ ហើយគេក៏សើចហះ ហ៎ះ។

ពេលនោះគេក្រលេកទៅឃើញថា ពួកសត្វនរកទាំងឡាយកំពុងខំត្រដរតោងឡើងតាមក្រោយគេម ដែរយ៉ាងស្កេស្កះមីរដេសដាស ប្រៀបបាននឹងក្បួនស្រមោច។

នៅពេលដែលឃើញទិដ្ឋភាពបែបនេះគណ្ឌធៈភ្ញាក់ផងភ័យផង ពុំអាចធ្វើអ្វីក្រៅពី បើកមាត់ចំហរធ្លុងដូចមនុស្ស​ឆ្កួត​ហើយញាក់ភ្នែកទទ្រើកឡើយ។

សូម្បីតែខ្លួនឯងតែម្នាក់ក៏ស្ទើរតែដាច់ទៅហើយ ចុះទំរាំដល់មានមនុស្សតោងឱ្យរងួយធ្ងន់បែបនេះ តើឱ្យសរសៃសំបុកពីងពាននេះ​ទ្រាំបាន ឬអត់? ប្រសិនបើសរសៃសំបុកពីងពាងដាច់ភឹសទៅ ម្ល៉េះសើយរូបខ្លួន​ក្ដី​ច្បាស់ជានឹងត្រូវធ្លាក់ទៅក្នុងឋាននរកដដែលវិញមិនខានឡើយ។ បើដូច្នេះមែនគឺពិតជាវីវរធ្ងន់ហើយ។

​នៅពេលដែលគណ្ឌធៈកំពុងតែគិតបែបនេះ សត្វនរកទាំងឡាយកាន់តែនាំគ្នាប្រវេប្រវាតោងសរសៃសំបុកពីងពាង​ដ៏ឆ្មារ ដែលចាំងផ្លេកៗច្រើនឡើងៗរាប់រយពាន់នាក់ ដើម្បីឱ្យបានរួចចេញចាកពីបាតត្រពាំងឈាមដ៏ខ្មៅងងឹត។

គណ្ឌធៈគិតថាបើមិនគូរទេ សរសៃសំបុកពីងពាងនេះច្បាស់ជាដាច់ជាពីរកំណាត់ប៉ិត ហើយគេនឹងធ្លាក់ទៅវិញពុំ​ខានឡើយ។ គិតហើយគេក៏ស្រែកជេរពីលើមកថាៈ

– នែ ម្នាលអាសត្វនរកទាំងឡាយ សរសៃពីងពាងនេះជារបស់អញតែម្នាក់ទេចុះពួកអាឯងបានការអនុញ្ញាត្តិពីនរណាជាមកបានជាមកតោង​របស់អញឥតច្បាប់ ឥតទម្លាប់​ដូច្នេះ? ចុះទៅវិញភ្លាម ចុះភ្លាម!

ពេលនោះសរសៃអំបោះដែលអត់អីសោះមកដល់ពេលនេះ ក៏ស្រាប់តែលាន់ឮសូប្រឹះៗ ត្រង់កន្លែងដែលគណ្ឌធៈកាន់ហើយដាច់ប៉ិតតែម្ដង។

គណ្ឌធៈវិលដោយខ្យល់វេជ្ជវាតដូចវូ ធីងធោងៗ ហើយធ្លាក់លឿនស្លេវទៅក្នុងអន្ធការដ៏ជ្រៅខាងក្រោមនោះទៅ។

ឯសរសៃសំបុកពីងពាងនៃឧទ្យានសួគ៌ក៏យោលតែតោលៗព្រិចៗនៅក្នុងលំហមេឃ ដែលគ្មានព្រះចន្ទ និងដួងផ្កាយមួយគ្រាប់សោះ។

ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ទ្រង់ងើបពីមាត់ស្រះបោក្ខណី ហើយទ្រង់ទតមើលគណ្ឌធៈដែលធ្លាក់លឿនស្លេវ ដូចជាដុំថ្មមួយដុំលិចស្រឹមបាត់ទៅក្នុងបាតស្ទឹងឈាម ដោយព្រះភ័ក្រ្តក្រៀមក្រំ។ រួចហើយព្រះអង្គក៏និមន្តទៅមុខតទៅទៀតដោយ​ស្ងៀមស្ងាត់។

ជនដែលចង់ចេញពីនរកតែឯង ដូចតួយ៉ាងគណ្ឌធៈដែលពុំមានលក្ខណៈមេត្តាករុណាទេ តោងតែទទួលទណ្ឌកម្មធ្លាប់ទៅនរកវិញបែបនេះឯង។

ប៉ុន្តែផ្កាឈូកដ៏សក្បុសបរិសុទ្ធ ដូចជាយោលយោកខ្លួនរេរាៗនៅជិតព្រះបាទព្រះសម្មាសម្ពុទ្ធ​ ជាព្រះបរុមគ្រូដនៃយើងនៅក្នុងស្រះបោក្ខណី នៃឧទ្យានសួគ៌ហាក់ដូចជាពុំខ្វលខ្វាយនឹងកម្មផលទាំងនេះនៃមនុស្សសត្វទាំងឡាយឡើយ។ នៅចំកណ្ដាលបុប្ផាទាំងឡាយនោះ​កញ្ចុំកណ្ដាលដែលមានពណ៌មាសចោលក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់រកពាក្យឯណាយកមកពន្យល់ក៏ពុំត្រូវ ទៅអប់ប្រោះព្រំទីស្ថាននានាជុំវិញបឹងទន្លេសាបដោយស្ងប់ស្ងាត់។








0 Comments:

Post a Comment