រឿង ពស់កេងកង
កាលពីព្រេងនាយនៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតពិសទេ មានតែពស់កេងកង ។ មាននិទានថា : កាលពីដើមឡើយមានមនុស្ស ២ នាក់ប្តីប្រពន្ធ ប្រពន្ធឈ្មោះនាងនី មានកូនស្រីមួយឈ្មោះនាងអេត ។ ប្តីនោះទៅជួញអង្គាំបាត់ជាយូរអង្វែង ។ ថ្ងៃមួយអស់បងប្អូនផ្ទះជិតខាងគេបបួលគ្នាទៅរកអុស ។
ឯនាងនីឮគេបបួលគ្នា ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង លីដឹងចូលទៅក្នុងព្រៃបានឃើញអុសមួយធំ ។ នាងនីយកដឹងពុសអុស លុះពុសយូរបន្តិចទៅ ដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់ ។ នាងនីមើលទៅឃើញដឹងនិងពស់កេងកង ក៏និយាយនឹងពស់កេងកងនោះឲ្យហុចដឹងឲ្យ ។ ឯពស់កេងកងឆ្លើយឡើងថា អើ? បើនាងឯងដោយអញ ធ្វើជាប្រពន្ធអញទើបអញឲ្យដឹង បើនាងមិនដោយអញ មិនធ្វើជាប្រពន្ធអញនោះ អញមិនឲ្យដឹងទេ ។ នាងនីឮពស់កេងកងថាដូច្នោះហើយ ហេតុតែជាស្រីខូចក៏ទទួលព្រមថា អើ !លែងតែអ្នកឯងឲ្យដឹងមកខ្ញុំ ចាំល្ងាចខ្ញុំឲ្យមេអេតមកហៅ ។ ពស់កេងកងឮនាងនីថាដូច្នោះ ក៏ឲ្យដឹងមក ។
នាងនីផ្តាំ ដល់ល្ងាចសឹមឲ្យមេអេតមកហៅ ហើយនាងនីក៏ទូលអុសទៅផ្ទះជាមួយនាងអេត លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង ។ នាងអេតទៅដល់មាត់រន្ធពស់ឆ្លើយថា ពស់កេងកង! ៗ នាងនីឲ្យហៅ ។ ឯពស់កេងកងឮហើយចេញមក ។ នាងអេតឃើញពស់ក៏ភ័យខ្លាចព្រឺសើ្ងបអស់ទាំងខ្លួន ប៉ុន្តែខ្លាចម្តាយព្រោះម្តាយប្រើមក ក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះ ។ ពស់នោះធំណាស់លូនទៅលើស្មៅបាក់រាបអស់ ដល់ផ្ទះហើយក៏ឡើងទៅដេកជាមួយនឹងនាងនី ។ នាងនីនិយាយនឹងពស់កេងកងថា ខ្ញុំមានប្តី ឥឡូវនេះគាត់ទៅជួញអង្គាំពីរបីឆ្នាំមកម្តងៗ ។ ពស់កេងកងសួរថា ប្តីនាងឯងនៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់? ។
នាងនីឆ្លើយថា មិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតមកដល់ទេ ពស់កេងកងនិងនាងនីក៏ដេកលក់ជាមួយគ្នាទៅ ដល់ជិតភ្លឺទើបពស់កេងកងលានាងនីទៅរូងវិញ ។ នាងនីផ្តាំថា បើប្តីខ្ញុំមក ខ្ញុំមិនឲ្យមេអេតទៅហៅទេ អ្នកកុំមក បើប្តីខ្ញុំមិនទាន់មកនោះ ខ្ញុំបើមេអេតឲ្យទៅហៅអ្នក សឹមអ្នកមក ។ ពស់កេងកងក៏ទៅរូងវិញទៅ ។ រាល់តែល្ងាចនាងនីប្រើមេអេតឲ្យទៅហៅពស់កេងកង ។ នាងអេតខ្លាចម្តាយក៏ទៅហៅតាមពាក្យម្តាយប្រើ ប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ ដ្បិតពស់នោះធំហើយវែងផង ។ មួយទៀតខឹងក្នុងចិត្តដ្បិតម្តាយសហាយនឹងពស់ ។
នាងអេតទៅដល់មាត់រូងហៅថា ពស់កេងកង!ៗ នាងនីឲ្យហៅ ។ ពស់កេងកងឮក៏លូតចេញមកហើយឆ្លើយថា អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាប់កអញដាច់ ។ នាងអេតឆ្លើយថា ឪពុកអញទៅជួញអង្គាំ ពីរបីឆ្នាំមិនទាន់មកដល់ ។ ពស់កេងកងឮនាងអេតប្រាប់ដូច្នោះក៏លូនចេញអំពីរន្ធមក ហើយចេះតែទៅមកៗតែសព្វថ្ងៃ ។ នាងនីសហាយពស់កេងកងទាល់តែផើម ។ ដល់យូរបន្តិចទៅ ប្តីនាងនីមកពីជួញអង្គាំវិញ ឃើញនាងនីពោះធំសង្ស័យក៏សួរនាងអេតជាកូន ។
នាងអេតប្រាប់ឪពុកថា ម៉ែគាត់សហាយជាមួយនឹងពស់កេងកង តែវេលាព្រលប់កាលណា ឲ្យខ្ញុំទៅហៅតែសព្វថ្ងៃ ។ ឪពុកឮនាងអេតប្រាប់ដូច្នោះ ក៏និយាយនឹងនាងអេតថា ដល់ល្ងាចនេះឯងទៅហៅពស់កេងកងនោះមកទៀត អញចាំកាប់វានៅមាត់ទ្វារ ហើយហងទៅកុំឲ្យម្តាយហងឯងដឹង ។ ឯនាងអេតលុះដល់ព្រលប់ក៏ទៅហៅពស់កេងកងថា ពស់កេងកង!ៗ នាងនីឲ្យហៅ ។ ពស់កេងកងឮហើយឆ្លើយថា អេតអើយអេត! បើអញទៅ ឪពុកអេតនៅកាប់កអញដាច់ ។
នាងអេតឆ្លើយថា ឪពុកអញទៅជួញអង្គាំ ពីរបីឆ្នាំមិនទាន់មកដល់ ។ ពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថាឪពុកមិនទាន់មកពីជួញអង្គាំមែន ក៏ទៅសព្វថ្ងៃ ។ ឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់ ។ ពស់កេងកងលូនចូលក្នុងទ្វារបន្តិច ឪពុកនាងអេតកាត់កដាច់ ហើយកាត់មួយកំណាត់ ខាងកន្ទុយយកទៅដាក់លើស្លាក មួយកំណាត់ខាងក្បាលយកទៅដាក់លើមែកពុទ្រា្ទ ឯកណ្តាលខ្លួនឲ្យនាងអេតយកទៅពន្លះពន្លាត់ស្បែកចោល ហើយផ្តាំនាងអេតថា កុំឲ្យម្តាយហងឯងដឹងតែត្រូវទុក សាច់ស្លឲ្យម្តាយហងឯងស៊ី ។
ឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់ ។ ឯនាងពុំបានដឹងជាប្តីកាប់ពស់ជាសហាយស្លាប់ទេ ព្រោះពេលនោះនាងនីមិននៅទៅសួរបងប្អូននៅផ្ទះឆ្ងាយ ។ លុះព្រឹកឡើងនាងអេតយកសាច់ពស់មកស្លទុកឲ្យនាងនីជាម្តាយស៊ី ។ នាងនីឃើញសម្លឆ្ងាញ់រលើបទាំងចានទាំងឆ្នាំង ក៏សួរនាងអេតថា បានសាច់អ្វីស្លមេអេត! ។ នាងអេតប្រាប់ថា សាច់ជ្រូក នាងនីគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យដួសសម្លយកមកស៊ីបាយ ។
កាលនាងនីដួសសម្លយកមកឲ្យនាងនីជាម្តាយស៊ីនោះ មានក្អែកមួយវាឃើញក្បាលពស់ដាក់លើមែកពុទ្រា្ទ វាចង់ស៊ីសាច់ពស់វាបូលថា ក៏ឡូវៗ ក្លេមក្លមលបសាច់ប្តីឯង ។ នាងនីកំពុងតែស៊ីបាយ ឮក្អែកបូលដូច្នោះក៏មើលទៅលើដើមពុទ្រា្ទ ឃើញក្បាលពស់កេងកងលើមែក ហើយនាងនីនឹកអាណិតស្រក់ទឹកភ្នែក តែនាងនីពុំហ៊ានយំព្រោះខ្លាចប្តីដែលអង្គុយស៊ីបាយជាមួយគ្នា ។
ប្តីឃើញនាងនីស្រក់ទឹកភ្នែកក៏សួរថា ហេតុដូចម្តេចបានជាស្រក់ទឹកភ្នែក? ។ នាងនីឆ្លើយថា ស៊ីបាយក្តៅ សម្លក្តៅរឭកកូនចៅ រលោងទឹកភ្នែក ។ ឯក្អែកនោះចេះតែបូល ក៏ឡូវៗ ក្លេមក្លមលបសាច់ប្តីឯង ក្បាលដាក់លើមែកពុទ្រា្ទ កន្ទុយដាក់លើស្លាក ។ នាងនីមើលទៅលើស្លាក ឃើញកន្ទុយពស់កេងកងនៅទីនោះ ។ ឯប្តីនាងនីដឹងថាប្រពន្ធសហាយនឹងពស់កេងកងពិតប្រាកដ ក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនី ប៉ុន្តែធ្វើមិនឲ្យនាងនីដឹងខ្លួន ។
ដល់នាងនីផើម ចាស់ថ្ងៃជិតនឹងសំរាល ប្តីបបួលទៅកក់សក់នៅមាត់បឹង លុះដើរទៅដល់មាត់បឹង ប្រាប់ប្រពន្ធថា ទៅទៀតឲ្យឆ្ងាយពីស្រុកគេ យើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្តង ។ នាងនីមិនដឹងខ្លួនជាប្តីគិតសម្លាប់ខ្លួន ស្មានថាប្តីនាំទៅកក់សក់មែន ក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅ ។ លុះឃើញកំពង់មួយរាបស្អាតវាលល្អ ប្តីប្រាប់ប្រពន្ធថា កំពង់នេះរាបសប្បាយយើងកក់សក់នៅនេះចុះ ។ ឯនាងនីមិនដឹងថា ប្តីគិតសមា្លប់ខ្លួន ក៏អង្គុយកក់សក់នៅមាត់ច្រាំង ។ ប្តីនោះក៏ហូតដាវកាប់នាងពីក្រោយខ្នងមិនឲ្យដឹងខ្លួន ដាច់ពាក់កណ្តាលខ្លួនស្លាប់ទៅ ។ ពេលនោះ ឃើញសុទ្ធតែកូនពស់លូនចេញអំពីពោះនាងនីមក ។ ប្តីនាងនីក៏កាត់កូនពស់នឹងដាវ ខ្លះកាប់មិនទាន់ ក៏លូនចូលទៅក្នុងក្រហែងដី ខ្លះមុជក្នុងទឹក ខ្លះលូនចូលក្នុងព្រៃ ។ ព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ ៕
0 Comments:
Post a Comment