រឿងខ្មោចចូលដប
មាន ខ្មោចប្រុសមួយ អាស្រ័យក្នុងទីមួយបានឃើញប្រពន្ធអ្នកចំការម្នាក់ កើតកួចចិត្តប្រតិព័ទ្ធស្រឡាញ់នាងនោះ លុះពេលប្តីនាងមិននៅ អាខ្មោចនោះ វាប្លែងកាយនិមិត្តជារូបប្តីនាង ទៅដេកនឹងនាងនោះៗក៍សំគាល់ជាប្តីរបស់អាត្មា មិនដឹងជាខ្មោចប្លែងឡើយ ព្រោះដូចគ្នាណាស់។ ឯ ខ្មោចនោះតែបានឱកាស គឺអ្នកចំការមិននៅហើយ វាក៍តែងប្លែងកាយជារូបប្តីមកដេកនៅនឹងនាង ជារឿយៗរាល់កាលនោះហោង លុះយូរបន្តិចមកចៅប្តីនោះទៅព្រៃ ឯអាខ្មោចវាប្លែងមកដេកនាងនៅក្នុង ផ្ទះ ដល់ពេលចៅប្តីមកផ្ទះក៍បានឃើញរូបខ្មោចដូចជារូបខ្លួន ដេកជាមួយប្រពន្ធខ្លួនដូច្នោះក៍ខឹងមហិមា ស្ទុះទៅចាប់អាខ្មោចៗក៍ឈ្លោះតបថា យើងជាប្តីនាងនេះ ផ្ទះនេះជាផ្ទះរបស់យើង ហេតុអ្វី ចៅមកចាប់យើងជាម្ចាស់ផ្ទះយើងវិញចៅ ឯងមកពីទីស្ថានណា មិនដឹងជាយើងប្តីនាងនេះទេឫ ។ឯចៅប្តីក៍ឈ្លោះតបថា ផ្ទះនេះជាផ្ទះរបស់យើង នាងនោះសោតក៍ជាប្រពន្ធរបស់យើង ហេតុអ្វីចៅមកថាជារបស់ខ្លួនដូច្នោះ។ ខ្មោច និងមនុស្សក៍ឈ្លោះដណ្ដើមគ្នាជាប្រពន្ធទៅវិញទៅមកជាកលាហលឡើង ឯនាងជាប្រពន្ធ ក៍មិនដឹងរូបប្រុសណាជាប្តីរបស់ខ្លួន ព្រោះរូបរាងដូចគ្នាសុទ្ធគ្នាណាស់ នឹងអាកាត់ថា រូបណាជាប្តីរបស់ខ្លួនពុំបាន ព្រោះចៅខ្មោចនឹងមនុស្សកើតជាអធិករណ៍នឹងគ្នា ទើបនាំគ្នាទៅកាន់ សាលាវិនិច្ឆ័យ ដល់ហើយក៍ចូលប្តឹងតាមរឿងនោះ។ ឯ ចៅក្រមខាងជាន់ក្រោម ពុំអាចកាត់ក្តីនឹងគ្នាបាន ព្រោះសាក្សី គឺស្រីកណ្ដាលនោះឱ្យការមិនធ្លុះទៅបាន ទើបនាំរឿងក្តីនោះ ឡើងប្តឹងទៅដល់រូបលោកអ្នកធំជាន់ខ្ពស់ គឺលោកអ្នកប្រាជ្ញៗក៍ហៅចៅទាំង ពីរចូលទៅជិត ហើយលោកពិនិត្យមើលរូប មើលមុខមាត់ចៅខ្មោចនោះ ក៍យល់ស្គាល់ជាមនុស្សជាខ្មោច ព្រោះភ្នែកខ្មោចយក្សឥតស្រមោលកូនក្រមុំ ហើយច្រើនរឹង ហេតុនោះទើបអ្នកប្រាជ្ញលោកស្គាល់បាន តែលោកនឹងកាត់ថា អានេះជាខ្មោចប្លែងរូបជាមនុស្សដូច្នេះទៅ ក៍ពុំប្រាកដដល់ភ្នែកអ្នកឯទៀតៗឡើយ ទើបលោកយកដបស្រា ១ មកតាំងនៅលើតុ ហើយវិនិច្ឆ័យឡើងថា ហៃចៅទាំង ២ ដែលវិវាទគ្នា អើគ្រានេះយើងនឹងវិនិច្ឆ័យដោយយុតិ្តធម៌ឱ្យ គឺយើងតាំងពិសោធនឹងដបនេះ ថាបើរូបណាក្លាហានអាចចូលក្នុងដបនេះបាន រូបនោះហើយជាប្តី នាងនោះមែន យើងក៍នឹងប្រគល់នាងនោះឱ្យជាប្រពន្ធពិត ថាបើរូបណាចូលដបនោះពុំបានទេ អើយើងទុករូបនោះថាពុំមែនជាប្តីនាង ពុំមែនជាម្ចាស់របស់នោះឡើយ។ ឯ ចៅមនុស្សនោះ បានឭលោកអ្នកប្រាជ្ញដាក់ទុកដូច្នោះក៍តក់ស្លុតភិតភ័យ ដោយគិតថាខ្លួនជាមនុស្សនឹងចូលដបស្រាតូចមួយនេះឯណាបាន ក្តីចាញ់នោះចំពោះនឹងបានដល់ខ្លួនប្រាកដហើយ ម្លោះហើយក៍ឈរសំពះនៅហោង។ ឯអាខ្មោច លុះឭអ្នកប្រាជ្ញតាំងឱ្យចូលដល់ដបស្រាដូច្នោះ ក៍ត្រេកអរក្នុងចិត្តដោយគិតថា ខ្លួនជាខ្មោចឥតឆ្អឹង សាច់ សម្រេចដោយរិទ្ធិនិមិត្តជាខ្យល់បាន ទើបទទួលចូលដប កាលនឹងចូលនោះ ចៅខ្មោចឡើងទៅតុ ហើយបង្អោនក្បាលសម្របរូបតូចចូលក្នុងដបបាននោះហោង។ ឯ អ្នកប្រាជ្ញ កាលបើយល់ខ្មោចចូលក្នុងដបដូច្នោះ ក៍យកឆ្នុកចុកដបនោះជាប់ ហើយលើកឡើងប្រកាសប្រាប់អស់មហាជនទាំងឡាយថា អ្នកទាំងឡាយចូលដឹងថា អានេះជាខ្មោច វាប្លែងខ្លួនជាមនុស្សមកធ្វើអំពើបរទារកម្មយ៉ាងនេះ យើងពិសោធនេះ ដើម្បីឱ្យដឹងថា អាណាជាប្តីនាងនេះមែន ។ មនុស្សយើងធម្មតា ឯណានឹងចូលដបស្រានេះបាន ឥឡូវនេះ យើងរកក្តីពិតឃើញហើយ នាងនេះត្រូវប្រគល់ទៅឱ្យចៅដើមចោទនោះចុះ ឯអាខ្មោចនេះ ទុកនៅស្រុកនេះពុំបានទេ ។
https://play.google.com/store/apps/details?id=com.kdeysoben.khlegends
0 Comments:
Post a Comment