Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង កណ្ដុរ​ស ឡើង​ជា​ស្ដេច

រឿង កណ្ដុរ​ស ឡើង​ជា​ស្ដេច

មាន​សេចក្ដី​និទាន​ថា៖ មាន​ប្ដី​ប្រពន្ធ​ជា​អ្នក​ទាល់​ក្រ​មាន​កូន ១៧ នាក់​សុទ្ធ​តែ​ស្រី ។ ថ្ងៃ​មួយ​ឪពុកម្ដាយ​ជំនុំ​គ្នា​ថា៖ យើង​បើ​ទាល់​ក្រ​ម្ល៉េះ​នឹង​ទ្រ​ទ្រាំ​ចិញ្ចឹម​កូន​ពុំ​បាន​ទេ ត្រូវ​តែ​យើង​ដាច់​ចិត្ត នាំ​យក​ទៅ​ប្រោស​ចោល តាម​តែ​ផល​កម្ម​របស់​វា​ចុះ ។

 ហើយ​និយាយ​ទៅ​កូន​ទាំង​នោះ​ថា ៖

-កូន​អើយ​យើង​នៅ​ក្នុង​ស្រុក​រក​ស៊ី​ចិញ្ចឹម​ជីវិត​មិន​រស់​ទេ គួរ​ទាំង​អស់​គ្នា​ទៅ​នៅ​ព្រៃ​វិញ ។

ឯ​កូន​ក៏​ស្រុះ​ស្រួល​តាម​ទាំង​អស់ ។ 


ឪពុក​ម្ដាយ​គិត​គ្នា​ហើយ​ស្រេច​ថា​យើង​នាំ​វា​ទៅ​ឲ្យ​ដល់​ព្រៃ​ធំ ហើយ​ចូល​ឲ្យ​ជ្រៅ​ទៅ​ទៀត សឹម​យើង​គេច​ចេញ​ពី​វា ។ គិត​ហើយ​ក៏​នាំ​កូន​ចេញ​ទៅ, ដឹង​ថា​បាន​ឆ្ងាយ​អង្វែង ហើយ​ក៏​ឈប់​សម្រាក​នៅ​ទី​នោះ ហៅ​កូន​ឲ្យ​មក​ជុំ​គ្នា និយាយ​ទៅ​កូន​ថា

-កូន​ឯង​កុំ​ដើរ​បែក​គ្នា បាន​ចំណី​អ្វី​ស៊ី​ចែក​គ្នា​ស៊ី ឥឡូវ​ទាំង​អស់​គ្នា​​នៅ​ទី​នេះ​ចុះ ឪ​ម៉ែ​ទៅ​រក​ផ្លែ​ឈើ ។

ថា​ហើយ ក៏​ដើរ​ចេញ​ទៅ នាំ​គ្នា​គេច​ទៅ​ភូមិ​ផ្ទះ​វិញ ។ លុះ​បាត់​យូរ​ពេក កូន​ទាំង​អស់​នាំ​គ្នា​ដើរ​ទៅ​រក ។ ដើរ ៗ​ទៅ​ចូល​ទៅ​ក្នុង​ស្រុក​យក្ស ។ យក្ស​ដែល​ជា​ធំ​នៅ​កំលោះ តែ​គ្មាន​ឪពុក​ម្ដាយ មាន​តែ​ប្អូន​ស្រី​ក្រមុំ​ម្នាក់ ។ ថ្ងៃ​មួយ យក្ស​ប្រុស​ឲ្យ​ប្អូន​ស្រី​ដាំ​បាយ​ដំណើប​ឲ្យ​ច្រើន​ហើយ​វា​រែក​យក​ទៅ​ចាក់​ពូន​ធ្វើ​ជា​ទំនប់​ភ្លឺ​ស្រែ ។ ចាក់​ហើយ​ក៏​ទៅ​លំនៅ​វិញ ទទួល​ពេល​នោះ​នាង ១៧ នាក់ ដើរ​ទៅ​បាន​ជួប​ប្រទះ នាំ​គ្នា​ស៊ី​បាយ​ដំណើប​នោះ ស្រាប់​តែ​យក្ស​មក​ទាន់​ក៏​ចាប់​យក​អស់​ទៅ ហើយ​យក​ទៅ​ប្រគល់​ឲ្យ​ប្អូន​ស្រី​វា​ទុក​ជា​ខ្ញុំ​បម្រើ​ត​រៀង​ទៅ ។ 

នាង​ទាំង​នោះ​លំបាក​ណាស់ ព្រោះ​យក្ស​ប្រើ​ឥត​មាន​ត្រា​ប្រណី សំលៀក​បំពាក់​គ្មាន​ទេ វា​ឲ្យ​ដេក​នៅ​តែ​ក្រោម​ផ្ទះ គឺ​យក្ស​មាន​បំណង​ថា ឲ្យ​តែ​នាង​ទាំង​នេះ​ធំ​វា​នឹង​យក​ធ្វើ​ចំណី​អាហារ ។ ថ្ងៃ​មួយ​យក្ស​ហាម​ប្រាម​នាង​ទាំង​អស់​នោះ​ថា កុំ​ឲ្យ​ដើរ​ទៅ​ទិស​ខាង​កើត និង​ទិស​ខាង​ត្បូង​ឲ្យ​សោះ ។


ចាប់​តាំង​ពី​ថ្ងៃ​បាន​ហាម​ហើយ យក្ស​ប្រុស​ចេះ​តែ​ដើរ​លេង​សប្បាយ​មិន​នឹង​ប្រាកដ​ទី​លំនៅ ។ នាង​ទាំង​អស់​នឹក​ឆ្ងល់​ណាស់ ចង់​លប​ដើរ​ទៅ​មើល ទៅ​ទិស​ខាង​កើត​ឃើញ​ប្រាសាទ ក៏​នាំ​គ្នា​ចូល​ទៅ​មើល​ខាង​ក្នុង ក៏​ឃើញ​មាន​ពាង​អុង​ធំ ៗ បបួល​គ្នា​បើក​មើល​ឃើញ​សុទ្ធ​តែ​ទឹក​មាស​និង​ទឹក​ប្រាក់​ពេញ ៗ អុង ក៏​យក​ចង្អុល​ដៃ​ទៅ​ជ្រលក់ ក្នុង​ទឹក​មាស​គ្រប់ ៗ គ្នា ដក​ឡើង​ដិត​ជាប់​ដៃ​ជូត​មិន​ជ្រះ​សោះ ក៏​នឹក​ភ័យ​ក្រែង​យក្ស​ដឹង គិត​គ្នា​យក​កំណាត់​រុំ ក៏​រុំ​ចង្អុល​ដៃ​ដូច ៗ គ្នា ហើយ​ក៏​នាំ​គ្នា​ដើរ​ទៅ​រក​មើល​ខាង​ទិស​ឯ​ត្បូង​ទៀត ។ 

នាង​ទាំង​នោះ បាន​យល់​រោង​មួយ​ធំ លុះ​ដើរ​ចូល​ទៅ​មើល ឃើញ​គំនរ​ឆ្អឹង​មនុស្ស​គរ​ជា​ពំនូក ៗ តាម​ផ្នែក​ឆ្អឹង ដោយ​ឡែក ៗ ពី​គ្នា ។ នាង​ទាំង​ឡាយ​ភ័យ​ខ្លាច​ក៏​ថយ​ចេញ​មក​វិញ ជំនុំ​គ្នា​នឹក​គិត​ព្រួយ​ថា៖ បើ​យើង​នៅ​ទី​នេះ​យូរ​ទៅ មុខ​ជា​យក្ស​ស៊ី​ជា​មិន​ខាន ។ ជំនុំ​គ្នា​គិត​រត់ ក្រែង​រត់​មិន​រួច ទាល់​គំនិត​ក៏​ព្រួយ​ក្នុង​ចិត្ត​ឥត​ឧបមា​រាល់ ៗ ថ្ងៃ ។

ពេល​មួយ​អា​យក្ស​ប្រុស ត្រឡប់​មក​ពី​ក្រៅ​មក​ដល់​ផ្ទះ ឃើញ​នាង​ទាំង ១៧ រុំ​ចង្អុល​ដៃ​ដូច ៗ គ្នា ក៏​សួរ​ថា ៖

- វា​ស្អី បាន​ជា​រុំ​ចង្អុល​ដៃ​ស្រុះ​គ្នា​ម្ល៉េះ ?

- នាង​ទាំង​នោះ​ភ័យ ហើយ​ឆ្លើយ​ថា “ កាំ​បិត​មុត ”

យក្ស​ឆ្លើយ​វិញ​ថា “ អញ​មិន​ជឿ​ទេ ស្រាយ​កំណាត់​រុំ​ចេញ ឲ្យ​អញ​មើល​ភ្លាម ! ”

នាង​ទាំង​នោះ​ស្រាយ​ប្រញាប់​ប្រញាល់ យក្ស​ឃើញ​ហើយ​ក្រេវ​ក្រោធ ស្រែក​សន្ធាប់​ថា៖

- អញ​ហាម​ផ្ដាច់​ហ្នា៎ ឥឡូវ​ម៉េច​ក៏​ចិត្ត​ធំ​ចង្រៃ ទៅ​បំផ្លាញ​ទាល់​តែ​បាន​យ៉ាង​នេះ ? ហង​ឯង​ចង្រៃ​អាក្រក់​ណាស់ ! មក​ទាំង​អស់​គ្នា ! ទៅ​កន្លែង​នោះ​ម្ដង​ទៀត ។

នាង​ទាំង​ឡាយ​ភ័យ​យំ​សស្រាក់ នឹក​ថា​យក្ស​នាំ​ទៅ​សម្លាប់​ហើយ លុះ​ដើរ​ទៅ​ដល់​ជិត​ឃ្លាំង យក្ស​វា​ក្ដៅ​ចិត្ត​វា វា​ចាប់​នាង​ទាំង​នោះ​ម្ដង​មួយ ៗ លើក​ទម្លាក់​ទៅ​ក្នុង​ទឹក​មាស នៅ​លិច​លង់​រង​វេទនា ទាល់​តែ​អស់​ចិត្ត​ទើប​វា​ស្រង់​ឡើង នាង​ទាំង​នោះ​ល្ងីល្ងើ​ស្ទើរ​ស្លាប់ តែ​ជា​គុណ​ម្យ៉ាង​គឺ​នាង​នោះ មាន​រូប​រាង​ប្រកប​ដោយ​រស្មី​ភ្លឺ​ចិញ្ចែង​វិសេស​ដូច​មាស ចាប់​តាំង​ពី​ពេល​នោះ​មក ។ នាង​ទាំង​អស់​កើត​ទុក្ខ​ព្រួយ​ជា​និច្ច នឹក​ថា៖ ទ្រាំ​នៅ​ទៀត​មុខ​ជា​ស្លាប់ ។

គ្រា​នោះ​មាន​កណ្ដុរ​ស​បាន​មក​យល់​រឿង​នេះ កណ្ដុរ​ក៏​មាន​ចិត្ត​មេត្តា​ដល់​នាង​ទាំង​នោះ លុះ​ដល់​ពេល​ស្ងាត់ កណ្ដុរ​មក​ប្រាប់​ថា ៖

-នាង​ឯង​រាល់​គ្នា តែ​ខំ​នៅ​ទី​នេះ មុខ​ជា​យក្ស​វា​ស៊ី ជា​ចំណី​វា​ហើយ បើ​គិត​រត់​ក៏​មិន​រួច​ជើង​វា​ដែរ ។ ឥឡូវ​នេះ​យើង​ជួយ​គិត​ឧបាយ​សង្គ្រោះ​បាន​តែ​នាង​ឯង​ចូរ​ចាំ​ថា ដល់​ពេល​ជាត់​បាយ​កុំ​ជាត់​ចោល ទុក​ទឹក​បាយ​ឲ្យ​យើង​ផឹក យើង​នឹង​កាយ​រូង ក្នុង​ដី​ធ្វើ​ផ្លូវ​ឲ្យ​នាង​រួច​រត់​ឲ្យ​ផុត​ពី​ស្រុក​យក្ស ហើយ​នាង​ត្រូវ​លៃ​ធ្វើ​បាយ​ខាវតាក​សម្រាប់​ធ្វើ​ជា​ស្បៀង​តាម​ផ្លូវ​ចុះ ” ។

នាង​ទាំង​អស់​ទទួល​ថា “ មិន​អី​ទេ សូម​ឲ្យ​តែ​កណ្ដុរ​ជួយ​សង្គ្រោះ​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ចុះ ”

គ្រា​នោះ​កណ្ដុរ​ស​និយាយ​ឲ្យ​ការណ៍​សព្វ​គ្រប់​ហើយ​ក៏​ថយ​ទៅ ឯ​នាង​ទាំង​នោះ ជាត់​បាយ​ហើយ តែង​តែ​ទុក​ទឹក​បាយ ឲ្យ​កណ្ដុរ​ផឹក​ជានិច្ច ចំណែក​បាយ​ខាវតាក ក៏​បាន​ប្រុង​ប្រៀប​លៃ​លក​ទុក​សម្រាប់​ខ្លួន​ជា​ស្រេច ។

រវាង​កន្លះ​ឆ្នាំ កណ្ដុរ​ស​ចូល​មក​និយាយ​ប្រាប់​នាង​ទាំង ១៧ ថា៖ ផ្លូវ​យើង​ធ្វើ​រួច​ស្រេច​ហើយ ឯ​ដើម​ផ្លូវ​នៅ​ត្រង់​ចន្លោះ​នោះ យើង​បាន​កាច់​មែក​ឈើ​ទុក​ឲ្យ​ជា​សញ្ញា ចូរ​នាង​ប្រញាប់​ដោះ​ខ្លួន​កុំ​នៅ​យូរ រួច​ហើយ​កណ្ដុរ​ស​ក៏​លា​ថយ​ចេញ​ទៅ ។ លុះ​ដល់​ពេល​ស្ងាត់​នាង​ទាំង ១៧ ដើរ​ទៅ​រក​មើល​ផ្លូវ ឃើញ​ហើយ​ក៏​រីក​រាយ​ចិត្ត ផ្លូវ​នោះ​ស្អាត​ទូលាយ​ណាស់ ក៏​ថយ​មក​កន្លែង​វិញ គិត​គ្នា​លៃ​លក​អំពី​អាហារ ដំណើរ​តាម​ផ្លូវ ក្រែង​ពុំ​បាន​គ្រប់​គ្រាន់ ។

 លុះ​គិត​រួច​ស្រេច​អស់​ហើយ ថ្ងៃ​មួយ​ពេល​ស្ងាត់​យក្ស​ប្រុស វា​ចេញ​ដើរ​ទៅ​ក្រៅ​បាត់ នាង​ទាំង ១៧ នាំ​បង​ប្អូន​ចេញ​ទៅ តាម​ផ្លូវ​ដែល​ស្ដេច​កណ្ដុរ​ធ្វើ​ឲ្យ ហើយ​នាំ​គ្នា​ប្រឹង​រូត​ដំណើរ មិន​ហ៊ាន​សម្រាក​សោះ​ឡើយ ក្រែង​មិន​ផុត ហើយ​អស់​ដាច់​អាហារ​តាម​ផ្លូវ ។ ដំណើរ​ត្រាច់​ទៅ​នោះ​រវាង ៣ ខែ ទើប​បាន​ផុត ទៅ​ដល់​នគរ​មួយ​ផ្សេង​ទៀត ទៅ​នៅ​នឹង​មាត់​ស្រះ​ទឹក​មួយ​ជា​ស្រះ​ទឹក​របស់​ស្ដេច ដែល​ភីលៀង​ស្ដេច​តែង​តែ​ទៅ​ដង​ទឹក​ស្រះ​នោះ​ជា​រឿយ ៗ ។

តាំង​ពី​នោះ​មក នាង​ទាំង ១៧ នាក់​បាន​សុខ​សប្បាយ ហើយ​ខ្លួន​ក៏​កាន់​តែ​ពេញ​ជំទង់​ក្រមុំ​អស់​ហើយ នៅ​លំហែ​កាយ​នឹង​ស្រះ​នោះ ទទួល​នឹង​ពេល​មួយ ភីលៀង​ទៅ​ដង​ទឹក​បាន​ឃើញ​នាង​ទាំង​អស់​នោះ​ឋិត​នៅ​ព្រោង​ព្រាត​ក្បែរ​ស្រះ នាង​ពិនិត្យ​មើល​ឃើញ​សព្វ​គ្រប់ ក៏​ប្រញាប់​ទៅ​ទូល​ព្រះ​រាជា​វិញ ។ ដល់​ហើយ​ក្រាប​បង្គំ​ទូល​ថា៖

-ខ្ញុំ​ម្ចាស់​ទាំង​អស់​គ្នា ទៅ​ដង​ទឹក​ឯ​ស្រះ​នោះ បាន​ជួប​ប្រទះ​ឃើញ មាន​ស្ត្រី​ក្រមុំ ១៧ នាក់ មាន​រូប​រាង​កាយ​ភ្លឺ​ល្អ ៗ ណាស់​មក​ជ្រក​នៅ​នឹង​មាត់​ស្រះ ប៉ុន្តែ​គ្មាន​សំលៀក​បំពាក់​ទេ ខ្លួន​ប្រាណ​នៅ​ទទេ​ស្អាត​ទាំង​អស់ ។ ព្រះ​រាជា​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​ស្លូត​ព្រះ​រាជ​ហឫទ័យ ក៏​ទ្រង់​ចាត់​ព្រះ​រាជ​បម្រើ​ឲ្យ​ទៅ​ហៅ​នាំ​យក​នាង​ទាំង ១៧ នោះ​ចូល​មក​កាន់​ព្រះ​រាជ​ដំណាក់ ។ ឯ​នាង​នោះ​បាន​ប្រកែក​ថា ៖ ខ្លួន​ខ្មាស​ដោយ​គ្មាន​អ្វី​ស្លៀក​ពាក់ ។ ឯ​រាជ​បម្រើ​ក៏​ត្រឡប់​ទៅ​វិញ ទៅ​ក្រាប​ទូល​ស្ដេច​តាម​ដំណើរ ស្ដេច​បាន​ចាត់​ឲ្យ​ស្រី​ស្នំ​ភីលៀង នាំ​យក​សំលៀក​បំពាក់ ទៅ​ឲ្យ​នាង​ទាំង ១៧ ហើយ​ដង្ហែ​ចូល​មក​ធ្វើ​ជា​មហេសី ។

កាល​បើ​បាន​ជា​មហេសី​ស្ដេច​ហើយ នាង​ទាំង​១៧ ក៏​ចាត់​ឲ្យ​ស៊ើប​រក​ឪពុក-ម្ដាយ​ទាល់​តែ​ឃើញ នាំ​មក​ប្រទាន​ទ្រព្យ​និង​យស​ងារ ហើយ​ចាត់​ឲ្យ​ស្វែង​រក​កណ្ដុរ​ស​ដែល​ជួយ​សង្គ្រោះ​នោះ មក​ចិញ្ចឹម​រក្សា​ក្នុង​ទី​កន្លែង​សម​គួរ ព្រម​ទាំង​តែង​តាំង​ឲ្យ​កណ្ដុរ​ស​នោះ ជា​ស្ដេច​លើ​កណ្ដុរ​ទូទៅ ។


 

រឿង សត្វ​រមាស

 រឿង សត្វ​រមាស

រមាស​ជា​សត្វ​ព្រៃ មាន​ប្រក្រតី​នៅ​តែ​ក្នុង​ព្រៃ​ជានិច្ច ។ សត្វ​នេះ​បរិភោគ​បន្លា​ជា​អាហារ ហើយ​ផឹក​តែ​ទឹក​ល្អក់ បើ​គ្មាន​ទឹក​ល្អក់​ទេ វា​យក​ជើង​ជ្រំ​ឲ្យ​តែ​តែ​ល្អក់​ទើប​វា​ផឹក ។ នៅ​លើ​ខ្នង​សត្វ​នេះ​មាន​ដុះ​សត្វ​មួយ​ស្រទាប់​មើល​ទៅ​ហាក់​ដូច​ជា​អាន​សេះ មាន​ស្បែក​គ្រោតគ្រាត​កំពីកកំពក​ជ្រៅ​ខ្លះ រាក់​ខ្លះ ជា​ជម្រក​នៃ​សត្វ​ល្អិត មាន​ខ្ទួយ​ជា​ដើម ។

 សត្វ​នេះ​ជា​ទី​ប្រាថ្នា​នៃ​ព្រាន​ព្រៃ ព្រោះ​ថា​សាច់ ឈាម ស្បែក រោម សរសៃ លាមក ឬ​ទឹក​មូត​របស់​វា សុទ្ធ​សឹង​ជា​ឱសថ​យ៉ាង​វិសេស​ទាំង​អស់ ។ រមាស​មាន​ជើង​មុខ-ក្រោយ​ប្រហែល​នឹង​ជើង​ដំរី តែ​មិន​ធំ​ដល់​ដំរី​ទេ ប្រហែល​ប៉ុន​ក្របី​ព្រៃ​ណា​ដែល​ធំ ។ បាត​ជើង​មាន​ក្រឡា​បួន​ជ្រុង ដូច​ក្រឡា​ចត្រង្គ​វា​ច្រើន​រស់​នៅ​ក្នុង​ហ្វូង​ដំរី ជា​សត្វ​មាន​អានុភាព​ជាង​ដំរី ព្រោះ​ដំរី​ខ្លាច​រមាស​ណាស់ ។ រមាស បាន​ជា​មាន​រូប​រាង​ដូច​ពណ៌នា​មក​នេះ ដោយសារ​មាន​ដំណើរ​ដើម ក្នុង​រឿង​ព្រេង​មួយ​និទាន​ថា ៖

កាល​នោះ​មាន​ស្ដេច​មួយ​អង្គ មាន​នាម​ពុំ​ប្រាកដ ទ្រង់​មាន​ជាប់​ជំពាក់​ព្រះ​ទ័យ​ប្រតិព័ទ្ធ​លើ​ស្រី​ម្នាក់​ឈ្មោះ​នាង​មុខរាហ៍ ។ យប់​មួយ​ព្រះ​អង្គ​ទ្រង់​គង់​លើ​រមាស​ជា​ទីន័ង​ជា​មួយ​អាមាត្យ​ជា​ទម័ក ធ្វើ​ដំណើរ​ទៅ​កាន់​លំនៅ​នាង​មុខរាហ៍​នោះ ។ ទៅ​បាន​ពាក់​កណ្ដាល​ផ្លូវ ព្រះ​អង្គ​ទ្រង់​យល់​ស្រី​ម្នាក់​មាន​រូប​រាង ភិន​ភាគ​ដូច​នាង​មុខ​រាហ៍ តែ​លុះ​ព្រះ​អង្គ​ពិនិត្យ​បញ្ជាក់​ទៅ​ក៏​យល់​ថា​ច្រឡំ​ទេ ទើប​ព្រះ​អង្គ​ទ្រង់​យាង​ហួស​ទៅ​ប្រញាប់​ឲ្យ​បាន​ទៅ​ដល់​ទី​ដៅ​ឆាប់ ៗ ។

 កាល​បើ​បាន​ទៅ​ដល់​ហើយ ព្រះ​អង្គ​ទ្រង់​បញ្ជា​ឲ្យ​នាយ​ទុំ​ជា​ទម័ក ចង​រមាស​នៅ​ក្រោម​ដើម​ក្រសាំង ហើយ​ព្រះ​អង្គ​យាង​ចូល​ទៅ​ផ្ទះ​នាង​មុខ​រាហ៍ ។ នាង​នោះ​កាល​បើ​ឃើញ​ស្ដេច យាង​ដល់​ហើយ ក៏​ស្ទុះ​មក​គួរ​សម សំណេះ​សំណាល​នឹង​ព្រះ​មហាក្សត្រ​តាម​ការ​លោកីយ៍ ហើយ​ក៏​បង្គំ​ទូល​សួរ​ព្រះ​អង្គ​ថា “ ព្រះ​អង្គ​យាង​មក​នេះ ដោយ​យាន​ពាហនៈ​អ្វី ” ។ ពេល​នោះ​ព្រះ​រាជា​ទ្រង់​តប​ថា ៖ “ បង​មក​ដោយ​រមាស​ឥឡូវ​ចង​ទុក​ក្រោម​ដើម​ក្រសាំង ” ។


ពេល​នោះ សត្វ​រមាស​ស្ដាប់​មិន​ច្បាស់ ឮ​ខ្លះ​មិន​ឮ​ខ្លះ ឮ​ត្រង់​កន្ទុយ​ពាក្យ​ថា “ដើម​ក្រសាំង ៗ” ក៏​ចូល​ចិត្ត​យល់​ថា ព្រះ​មហាក្សត្រ​ថា ព្រះ​អង្គ​ទ្រង់​យាង​ដោយ​ដើម​ក្រសាំង​ទៅ​វិញ ពុំ​មែន​មក​ដោយ​ខ្លួន​ទេ ។ ម្ល៉ោះ​ហើយ ក៏​កើត​អាក់​អន់​ស្រពន់​ចិត្ត​ជា​ខ្លាំង​ដោយ​នឹក​ឃើញ​ថា៖ ខ្លួន​មាន​សេចក្ដី​ស្មោះ​ត្រង់​នឹង​ព្រះ​អង្គ​ណាស់ ខំ​យក​អាសា​ព្រះ​អង្គ ជូន​មក​ទាំង​យប់​អាធ្រាត្រ ងោក​ងុយ​យ៉ាង​ណា​ក៏​ស៊ូ​ទ្រាំ ឥឡូវ​ស្ដេច​ទៅ​ជា​ថា​យាង​មក​ដោយ​ដើម​ក្រសាំង​ទៅ​វិញ ។

លុះ​គិត​តូច​ចិត្ត​ខ្លាំង​ដូច្នោះ​ហើយ ក៏​ស្ទុះ​បោល​បណ្ដាច់​ចំណង​យ៉ាង​លឿន​តម្រង់​ទៅ​ព្រៃ​ធំ ប្ដេជ្ញា​ក្នុង​ចិត្ត​ថា លែង​ត្រឡប់​មក​នៅ​ពឹង​ពាក់​នឹង​មនុស្ស​ត​ទៅ​ទៀត​ហើយ ។ ឯ​នាយ​ទុំ​ជា​ទម័ក​ខំ​រត់​តាម​ហើយ​ស្រែក​អង្វរ​យ៉ាង​ណា ក៏​រមាស​ពុំ​ព្រម​ងាក​សោះ គិត​តែ​ខំ​បោល​សម្រុក​ព្រៃ​តែ​ម្ដង ។ នាយ​ទុំ​ក៏​រត់​តាម​ជាប់​ពី​ក្រោយ​ទៅ​ដែរ ។

 ព្រះ​មហាក្សត្រ កាល​បើ​ទ្រង់​ជ្រាប​ថា រមាស​បោល​បណ្ដាច់​ខ្សែ​ដូច្នោះ​ហើយ ស្ដេច​ក៏​ទ្រង់​យាង​តាម​ទៅ​ដែរ លុះ​តាម​ទៅ​ដល់​វាល​មួយ នាយ​ទុំ​បាន​ទាន់ ស្រវា​ចាប់​តោង​កន្ទុយ​រមាស​ជាប់ តែ​រមាស​មិន​ព្រម​ឈប់ នាយ​ទុំ​បាន​យក​ជើង​ធាក់​ដី​ជ្រែង ដី​ក៏​របើក​ទៅ​ទាំង​ផ្ទាំង ។ ព្រះ​មហាក្សត្រ​ទ្រង់​ទត​យល់​ដូច្នោះ ទ្រង់​ក៏​ស្រែក​ប្រាប់​ទៅ​ទុំ​ថា “ ទុំ​លែង ! ទុំ​លែង ! ” ឮ​ហើយ​ទើប​នាយ​ទុំ​ហ៊ាន​លែង​រមាស​នោះ​ទៅ, ឯ​រមាស​ក៏​បោល​ចូល​ក្នុង​ព្រៃ​បាត់​ដោយ​ជាប់​ទាំង​អាន​ដែល​រចនា​ដោយ​ឌិន​ទៅ​ផង ។

ព្រះ​មហាក្សត្រ​ទ្រង់​ខ្ញាល់​ណាស់ ទ្រង់​ដាក់​បណ្ដាសា​តាម​ក្រោយ ដល់​រមាស​នោះ​ថា “ ចាប់​តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ ពូជ​អា​ឯង​នេះ ត្រូវ​ស៊ី​តែ​បន្លា​ជា​អាហារ និង​ផឹក​តែ​ទឹក​ល្អក់​ដរាប​កុំ​បី​សល់​ខាន ”។

ព្រោះ​ហេតុ​នោះ​ឯង ទើប​សត្វ​រមាស​ទាំង​ឡាយ មាន​សាច់​មួយ​ស្រទាប់​នៅ​លើ​ខ្នង មើល​ទៅ​ដូច​ជា​កម្រាល ហើយ​មាន​សណ្ឋាន​កំពីកកំពក​ដូច​សម្បក​ឈើ ថែម​ទាំង​បរិភោគ​បន្លា​ជា​អាហារ និង​ផឹក​តែ​ទឹក​ល្អក់ ដល់​សព្វ​ថ្ងៃ​នេះ ។

ចំណែក​ត្រង់​កន្លែង​ដី​ដែល​របើក​ទាំង​ផ្ទាំង ដោយ​នាយ​ទុំ​ឈរ​ជ្រែង​នោះ ក៏​ក្លាយ​ទៅ​ជា​បឹង​មួយ ហៅ​ថា “ បឹង​ទុំ​លែង ” ជាប់​រហូត​មក ឯ​ភូមិ​របស់​នាង​មុខ​រាហ៍​ក៏​ជាប់​ហៅ​ថា ភូមិ​នាង​មុខ​រាហ៍ រហូត​មក​ដែរ ។ ត្រង់​កន្លែង ដែល​ព្រះ​រាជា ទ្រង់​ទត​ឃើញ​ស្រី​ម្នាក់​ប្រហែល​នាង​មុខ​រាហ៍​ក៏​ឲ្យ​ឈ្មោះ​ថា ភូមិ​ប្រហែល ឥឡូវ​នេះ​ក្លាយ​ទៅ​ជា ភូមិ​ប្រហាល​ទៅ​វិញ ភូមិ​ប្រហាល​នេះ​នៅ​ក្នុង​ឃុំ​តា​លោ ស្រុក​បាកាន ខេត្ត​ពោធិ៍សាត់ ។


 

រឿង. ដើមស្លា-ម្លូ

 រឿង. ដើមស្លា-ម្លូ


មានសេចក្ដីដំណាលថា: កាលពីយូរណាស់មកហើយមានបងប្អូនប្រុសពីរនាក់ នៅរួមសុខទុក្ខជាមួយគ្នា ពុំដែលឃ្នើសឃ្នងអ្វីឡើយ ។ ពេលមួយបានដំណឹងថា មាន​គ្រូ​អាចារ្យ​ម្នាក់​ដែល​នៅ​ក្នុង​នគរ​


ក្បែរ​នោះ ចេះ​បង្រៀន​វិទ្យា​សាស្ត្រ​ផ្សេង ៗ, បុរសទាំងពីរនេះ ក៏នាំគ្នាចេញពីលំនៅ ទៅស្វែងរកសិក្សាសព្វសិល្បសាស្ត្រទាំងនោះ ត្បិតឪពុកម្ដាយបានទទួលមរណភាពជាយូរណាស់មកហើយ ។ បុរសបង​អាយុ​បាន ១៩ ឆ្នាំ ចំណែកប្អូនអាយុ ១៦ ឆ្នាំ ។ លុះបានទៅដល់សំណាក់គ្រូអាចារ្យនោះហើយ បុរសកំព្រាទាំងពីរនាក់ ក៏នាំគ្នាឱនលំទោន សុំស្នាក់អាស្រ័យនៅរៀនសូត្រតទៅ ។ កាល​បើបាន​ឃើញ​ឫក​ពា​សុភាព​រាប​សា​នៃ​បុរស​ទាំងពីរនោះហើយ គ្រូអាចារ្យក៏ព្រមទទួលចិញ្ចឹមថែរក្សា ព្រមទាំងជួយបង្រៀនវិជ្ជាសព្វសារពើផង ។


ក្នុងរយៈកាលពីរឆ្នាំក្រោយមក គ្រូពិនិត្យមើលកិរិយាមារយាទកុមារទាំងពីរ ឃើញថាប្រសើរណាស់ ។ គាត់ក៏សុខចិត្តលើកកូនក្រមុំ របស់គាត់ឈ្មោះនាង “ មណី ” ដែល​ទើប​តែ​បាន​អាយុ​ដប់​ប្រាំ​


ឆ្នាំ ប្រកប​ដោយ​រូប​ឆោម​លោម​ពណ៌​គួរ​ឲ្យ​អ្នក​ផង​ចាប់ចិត្ត រៀបផ្សំផ្គុំជាមួយចៅ “សុដា” ជាបុរសបង ដែលជាក្មេងកំព្រា បានត្រាច់មកពីស្រុកឆ្ងាយ ហើយមកនៅជ្រកកោនរៀនសូត្រ ជាមួយគាត់នោះ ។


ចាប់​តាំង​ពី​ថ្ងៃដែល “សុដា” បានប្រពន្ធមក, ក្នុងចិត្តចេះតែពុំសូវរីករាយចំពោះប្អូនសោះ ព្រោះគិតតែមានបំណងលោភបុណ្យស័ក្ដិធំ ។ វាគិតថាក្នុងថ្ងៃណាមួយនឹងបានសម្រេចផលវិជ្ជា និង​បាន​ជា​


មន្ត្រី​កិត្តិយស​មួយ ហើយវាមុខជានឹងបានជាទីគាប់ព្រះទ័យរបស់ព្រះរាជា មិនខាន ។ រាល់ៗ ថ្ងៃ, ពេលដែលផុតរវល់ពីការងារហើយ គេតែងដើរទៅជិតប្រពន្ធ ហើយ​និយាយ​ដោយ​ពាក្យ​ទន់​ភ្លន់​រីក​រាយ។


ឯចៅ “សុដ្ឋា” ជាប្អូន ពុំសូវសប្បាយក្នុងចិត្តទេ ព្រោះឃើញកិរិយារបស់បង ពុំសូវរាក់ទាក់នឹងខ្លួនសោះ, ចេះតែនឹកឆ្ងល់ក្នុងចិត្ត, មួយទៀតព្រួយបារម្ភនឹងមុខរបរមិនដឹងបានការអ្វីធ្វើផង ។ ព្រួយ 


នោះ​​ហៅមហាព្រួយ, ងាកទៅបងក៏គេស្ដីនិយាយរក, ងាកទៅរកមុខរបរគ្មាន តើអាត្មាងាកទៅខាងណា ? បើចង្អៀតចិត្តខ្លាំងម៉េ្លះ ? គិតសព្វគ្រប់ទៅ, សុដ្ឋាឃើញផ្លូវមួយ គឺ​ត្រូវ​គេច​ខ្លួន​ចេញ​ពី​លំនៅ​ដ៏ចង្អៀតនេះ ។ ព្រឹកមួយ សុដ្ឋារៀបចំអីវ៉ែអីវ៉ាន់ហើយ ដើរចេញពីផ្ទះនេះដោយឥតឲ្យអ្នកណាដឹង បានត្រេចទៅដល់មាត់ស្ទឹងមួយ ហើយអង្គុយយំយ៉ាងកម្សត់ នៅក្រោមដើមជ្រៃធំមួយដើម ដោយ​នឹក​អស់សង្ឃឹម មិនដឹងជានឹងទៅពឹងពាក់អ្នកឯណា ។


ពេលយប់ក៏មកដល់, សុដ្ឋាក៏ស្រស់ស្រូបអាហារបន្តិចបន្តួច ហើយទម្រេតលក់នៅក្រោមដើមជ្រៃនោះទៅ ។


ក្នុងពេលដែលសុដ្ឋាលក់មួយភាំងទៅ ស្រាប់តែឃើញមនុស្សម្នាក់យ៉ាងធំសម្បើម ឈរច្រងាង ដៃម្ខាងកាន់ដំបងយ៉ាងធំមួយ ហើយស្រែកមករកកុមារថា:


នែ ! អានេះឯងមកពីណា បានជាចូលមកកន្លែងអញ ដោយគ្មានអុជទៀនធូបអ្វីបូជាអញសោះ ? ព្រោះនរណាក៏ដោយ ឲ្យតែមកទីនេះត្រូវតែគោរពបូជាអញ !


សុដ្ឋា ញាប់ញ័រក្នុងខ្លួនពេកណាស់ ហើយក៏និយាយតបទៅលោកតាដោយលន់តួថា:


ឱ ! លោកតាអើយ ! សូមលោកមេត្តាអត់ទោសឲ្យខ្ញុំផងចុះ ព្រោះខ្ញុំកើតទុក្ខខ្លាំងណាស់, បើប្រសិនជាលោកម្ចាស់ជ្រាបរឿងនេះផង នោះមុខជាជួយអាណិតខ្ញុំមិនខាន ។


អ្នកតានោះតបវិញថា ៖


ទេ ! អញមិនត្រូវការអាណិតឯងទេ, អញដឹងតែពីអ្នកណាមកចូលកន្លែងអញ ហើយមិនបន់ស្រន់បូជា អញត្រូវតែបំផ្លាញអ្នកនោះអ្នកនោះឯងគ្មានត្រាប្រណីឡើយ ។ ថា​ហើយ​អ្នក​តា​កំណាច​លើក​


ដំបង​ចង្អុល​ទៅ​សុដ្ឋា មាត់សេកមន្តគាថា, មិនយូរប៉ុន្មានកំលោះសុដ្ឋាក៏ក្លាយខ្លួនទៅជាថ្មមួយដុំសស្អាតស្ថិតនៅត្រង់ទីដែលឈរនោះឯង, ឯអ្នកតាចង្រៃក៏អន្តរធានបាត់ក្នុងពេលនោះដែរ ។


និយាយពីនាយ សុដា ជាបង កាលដែលបានដឹងថា: ប្អូនរត់ចេញពីផ្ទះទៅបាត់ហើយ ក៏នឹកដល់ប្អូនពន់ពេក នឹកដល់គ្រាកម្សត់កម្រជាមួយគ្នា តាំង​ពី​ឪពុក​ស្លាប់​ចោល​រហូត​ដល់​ខ្លួន​មក​បាន​ប្រពន្ធ​


នេះ។ គិតសព្វគ្រប់ទៅនាយសុដា ក៏លាប្រពន្ធនិងឪពុកក្មេកដើម្បីធ្វើដំណើរទៅតាមរកប្អូន, គាត់ខំដើររកសព្វច្រកល្ហកព្រៃភ្នំក្រំថ្ម និងភូមិឋាននានា តែមិនឃើញសោះ សួរគេឯងក៏មិនលេចឮ​ដំណឹង។ លុះដើរ ៗ ទៅ បានទៅដល់មាត់ស្ទឹងដែលមានដើមជ្រៃសាខាត្រឈឹងត្រឈៃដុះប្របនោះ ។ ដោយការអស់កម្លាំង សុដាក៏សម្រាកនៅក្រោមដើមជ្រៃ អង្គុយផ្អែកនឹងដុំថ្មសរលោង ១ ដុំ​នៅ​ក្បែរ​​នោះ ។ លុះលក់មួយស្រឡេតទៅ ស្រាប់តែឃើញមនុស្សយ៉ាងធំម្នាក់លេចចេញខ្លួនមក គឺរូបអ្នកតាដដែលនោះ និយាយសម្លុតថា :


- នែ ! អាកំណាច, អាមកពីណាចូលមកក្នុងទីនេះ គ្មាននិយាយគួរសមនឹងអញសោះ ។ ឮដូច្នោះ សុដាញ័រអស់ខ្លួនប្រាណ ហើយអង្វរលន់តួថា :


- សូមលោកមេត្តាខ្ញុំផង, ខ្ញុំបានជាជ្រុលចូលមកទីនេះទៅហើយ ខ្ញុំសូមស្នាក់ក្នុងទីនេះមួយយប់សិនចុះ, ព្រោះខ្ញុំធ្វើដំណើរមកពីស្រុកឆ្ងាយ ដើម្បីស្វែងរកប្អូន តែមិនឃើញសោះ, បើ​លោក​ម្ចាស់​


បាន​ប្រទះ​នឹង​ប្អូន​ខ្ញុំ សូមទានមេត្តាប្រាប់ផង ។


អ្នកតាកំណាចបើកភ្នែកធំ ៗ ហើយស្រែកគំរាមមកទៀតថា :


- ទេ ! អញគ្មានឃើញប្អូនអាណាទេ, អញត្រូវផ្ដន្ទាទោសអាឯងក្នុងពេលនេះ ។ អើ ! បើអាឯងចង់ជួបប្អូនអាឯង អញឲ្យជួបបាន គឺដុំថ្មដែលអាឯងឈរផ្អែកនេះហើយជាប្អូនអាឯង ។


ថាតែប៉ុណ្ណោះ អ្នកតាកំណាចលើកដំបងចង្អុលមុខនាយសុដា ព្រមទាំងសេកមន្តអាគមគាថា ផ្លុំជាខ្យល់យ៉ាងខ្លាំង ។ មួយរំពេចនោះ រូបសុដា ក៏ប្រែក្លាយទៅជាដើមស្លាមួយដើមដុះប្របដុំថ្មនោះ ។ ឯរូបអ្នកតាក៏អន្តរធានក្នុងពេលនោះដែរ ។


ចំណែកនាងមណីជាភរិយា ក្រោយដែលបាត់ប្ដីយូរក្រឃើញត្រឡប់មកវិញ ក៏ដាច់ចិត្តលាឪពុកទៅតាមរកប្ដី ។ ដោយហេតុតែរឭកប្ដីខ្លាំងពេក ទ្រាំនៅពុំសុខ នាង​ក៏​ដាច់​ចិត្ត​ហ៊ាន​ដើរ​កាត់​ព្រៃ​កាត់​វាល​


តែ​ម្នាក់​ឯង, មានតែសត្វសាហាវយង់ឃ្នងជាគ្នាប៉ុណ្ណោះ, នាងដើរ ៗ ទៅបានទៅដល់មាត់ស្ទឹងមានដើមជ្រៃធំ ដ៏ជាលំនៅឋាននៃអ្នកតាកំណាចដដែលនោះ បានឃើញដើមជ្រៃធំដ៏មានមែកសាខា ហើយនៅក្បែរដើមជ្រៃ នាងឃើញដុំថ្មមួយដុំសររលោង និងដើមស្លាមួយដើម បែកធាងមានផ្លែធ្លាក់សំយាកនៅក្បែរដុំថ្មនោះ ។ ដោយនាងអស់កម្លាំងខ្លាំងណាស់ផង នាងក៏អង្គុយផ្អែកទម្រេតខ្លួននឹងគល់ស្លានោះលក់មួយសន្ទុះ ។ អ្នកតាកំណាចដដែល បានមកសម្លុតនាងដោយពាក្យផ្សេង ៗ ដូចកាលសម្លុត សុដ្ឋា និង សុដាដែរ, ទោះបីនាងខំអង្វរករយ៉ាងណា ក៏អ្នកតាចង្រៃមិនព្រមចេះតែស្រែកខ្លាំងឡើង ៗ ថា :


- អញត្រូវតែបំផ្លាញជីវិតនាងក្នុងពេលនេះ ។


នាងមិនព្រមឈប់អង្វរទេ នៅតែទទូចថា :


- សូមលោកតាកុំអាលបំផ្លាញជីវិតនាងខ្ញុំ បើមុននឹងខ្ញុំស្លាប់ សូមឲ្យខ្ញុំបានជួបនឹងប្អូនថ្លៃ ព្រមទាំងប្ដីខ្ញុំសិន ។


អ្នកតាកំណាចសើចចំអកខ្លាំង ៗ ឯនាងមណីភ័យញ័រកាន់តែខ្លាំងឡើង ៗ ។ ឃើញដូច្នោះអ្នកតាក៏ចូលមកជិត ហើយស្រែកខ្ទរដី ជាសម្រែកថា :


- បើនាងឯងចង់ជួបនឹងប្អូនថ្លៃព្រមទាំងប្ដីនាងឯង, មិនអីទេ អញឲ្យជួបបាន ហើយនាងឯងធ្លាប់នែបនិត្យនឹងប្ដីយ៉ាងណា អញនឹងឲ្យនែបនិត្យយ៉ាងនោះទៀត ។ ដើម​ស្លា​ដែល​នាង​អង្គុយ​ផ្អែក​នេះ​


ហើយ​ ជាប្ដីនាង ។ ឯដុំថ្មសស្អាតមួយដុំនោះឯង ជាប្អូនថ្លៃនាង ! ឥឡូវនាងឯងទៅនៅជាមួយចុះ ។


ថាតែប៉ុណ្ណោះអ្នកតាលើកដំបងចង្អុលដូចមុន ៗ ទៀត ។ រូបនាងមណីក៏ក្លាយជាដើមម្លូ ដុះលាស់ខ្ចីវារឡើងតោងដើមស្លាមួយរំពេច ។ អ្នកតាក៏អន្តរធានក្នុងពេលនោះដែរ ។


ក្នុងកាលជាចំណេរតមក មានព្រះរាជាមួយព្រះអង្គ, បានកេណ្ឌរេហ៍ពលទៅប្រពាតព្រៃ បានប្រទះនឹងដើមជ្រៃ ព្រមទាំងដុំថ្មសស្អាត និងដើមស្លា-ម្លូ ដុះប្រពាក់ប្រព័ន្ធគ្នា ដែល​ជា​ហេតុ​ឲ្យ​ព្រះ​អង្គ​នឹក​


ប្លែក​ក្នុងព្រះទ័យពន់ពេក ក៏សួររកអ្នកណាដឹងរឿងរ៉ាវវត្ថុទាំងបីនេះ ។ មិនយូរប៉ុន្មានមានអ្នកដឹងរឿងរ៉ាវនេះ គឺពួកអ្នកស្រុកជិតខាងទីនេះ ដែលគេបានឃើញហេតុការណ៍ច្បាស់ បាន​មក​ក្រាប​ទូល​ព្រះ​រាជា​តាម​ដំណើរសព្វគ្រប់ ។ ព្រះអង្គក៏ទ្រង់ចាត់ឲ្យ សេវកាមាត្យយកស្រាមក ហើយបេះផ្លែស្លា - ស្លឹកម្លូទៅដាក់លើដុំថ្មនោះ រួចចាក់ស្រាស្រោចពីលើវត្ថុទាំង ៣ ។ ក្នុងគ្រានោះវត្ថុទាំង ៣ ក៏​រលាយ​ជា​ទឹក​មានពណ៌ក្រហមដូចឈាមហូរធ្លាក់ចុះទៅលើផ្ទៃធរណី ។ ព្រះរាជាទ្រង់ទតនូវឧប្បត្តិហេតុនេះហើយ ក៏ទ្រង់ឈ្វេងយល់ថា: “ អ្នកទាំងបីនេះ ពីជាតិមុនស្រលាញ់គ្នាណាស់ បាន​ជា​ជាតិ​នេះ​នៅ​តែ​រួម​ធាតុ រួមរសជាតិជាមួយគ្នាយ៉ាងនេះ ” ។


ដោយព្រះអង្គចង់ទុកអនុស្សាវរីយ៍ យ៉ាងប្លែកនេះ ឲ្យឋិតថេរបានយូរអង្វែងតទៅ ទ្រង់ក៏បញ្ញត្តច្បាប់ឲ្យពពួកអ្នកស្រុកយកវត្ថុទាំង ៣ គឺ : ម្លូស្លានិងស្រា សម្រាប់ធ្វើជាជ័យមង្គល ក្នុង​ពេល​រៀប​បង្កក់​


កូន​ខ្ចីដែលទើបនឹងកើត, ក្នុងពេលរៀបអាពាហ៍ពិពាហ៍ និងក្នុងឱកាសបុណ្យខ្មោច ។ មានអ្នកស្រុកខ្លះក៏យកដុំថ្មដុតធ្វើជាកំបោរ ហើយទទួលទានជាមួយនឹងម្លូស្លារហូតរៀងមកដល់សព្វថ្ងៃ ។


ឯដើមស្លាក៏តែងតែបាននៅជាការនិយមរបស់ដើមម្លូ គឺថា : ម្លូចូលចិត្តវារឡើងដើមស្លាជាងអ្វី ៗ ទាំងអស់ ។ នេះក៏ដោយសារអ្នកទាំងពីរជាប្ដីប្រពន្ធស្មោះស្ម័គ្រនឹងគ្នាក្នុងរឿងព្រេងនេះឯង ។


 

រឿង ឆ្កែមើលឃើញខ្មោច

រឿង ឆ្កែមើលឃើញខ្មោច

ជាហេតុភេទស្រុក ខ្ញុំបាទធ្លាប់បានឮម្ដាយនឹងឪពុកខ្ញុំគាត់និទានប្រាប់ខ្ញុំថា ៖ បើឮឆ្កែលូ ឬ ព្រុសនៅពេលកណ្ដាលអាធ្រាត្រស្ងាត់ នៅភូមិណា ស្រុកណា ដែលក្រៅអំពីក្រុង ព្រោះ​ពុំ​សូវ​មាន​មនុស្ស​

កុះករ​ក្នុង​ពេល​យប់ ស្រុកភូមិនោះ ៗ ច្រើនកើតជំងឺ ពុំសូវបានសេចក្ដីសុខទេ ត្បិតខ្មោចបិសាច វាដើររាតត្បាតធ្វើមនុស្សឲ្យឈឺចាប់សឹងតែគ្រប់ៗ គ្នា ព្រោះឆ្កែមើលឃើញខ្មោច ។ ដំណើរចាស់ៗ 

ថា ឆ្កែមើលឃើញខ្មោចនោះ អាស្រ័យដោយរឿងដើមថា ៖

យូរយារណាស់មកហើយ មានបុរសម្នាក់ ដើរទៅមើលគេលៀងមេមត់ ប៉ុន្តែមិនបានប្រាកដឈ្មោះ បុរសនោះដើរក្បែរដីទួលមួយដែលមានព្រៃស៊ុមទ្រុម គេកប់ខ្មោចក្នុងព្រៃនោះជាច្រើន ។ លុះ​ដល់​ទន្ទឹម​ព្រៃ​នោះ មានខ្មោចស្រែកហៅគាត់ថា ៖ ពូ ៗ ផ្ដាំទៅប្រាប់ប្រពន្ធឲ្យមកផង ។

បុរសនោះមិនចេះខ្លាចខ្មោចទេ គាត់ដឹងថាខ្មោចហៅពិតណាស់ ប៉ុន្តែគាត់ធ្វើព្រងើយ ហើយឆ្លើយទៅវិញថា ៖

- ប្រពន្ធឯងនៅឯណា ?

ខ្មោចឆ្លើយមកវិញថា ៖

- ប្រពន្ធខ្ញុំ នៅឯផ្ទះគេលៀងអារក្សឯនោះ !

បុរសឮហើយ សួរទៅវិញថា ៖

- ចុះឯង ឲ្យអញប្រាប់ម៉េចបាន ? បើអញមើលប្រពន្ធឯងមិនឃើញនោះ !

ក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោង គឺថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ ។ ខ្មោចឲ្យប្រទាលនោះទៅហើយ ប្រាប់ទាំងឈ្មោះប្រពន្ធវាផង ។ បុរសនោះ កាល​បើ​បាន​ប្រទាល​ប្រហោង​នោះ​

ហើយ មើលឃើញខ្មោចនៅពេញតែព្រៃ, គាត់ចេះតែដើរទៅ ៗ គ្មានភិតភ័យខ្លាចអ្វីឡើយ ។ គាត់ដើរតម្រង់ទៅផ្ទះណាគេលៀងអារក្ស លុះដល់ផ្ទះនោះហើយ គាត់ឃើញខ្មោចស្រី ៗ កំពុង​ស៊ី​ពែ​

សំណែន ដែលសែននៅពោរពេញ ជាច្រើនគ្នាណាស់ ។ បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្ដីវាផ្ដាំមក ហើយបោយដៃហៅចំពីមុខ និយាយថា ៖

- ប្ដីហងឲ្យទៅឲ្យឆាប់ ព្រោះកូនយំខ្លាំងណាស់ !

ខ្មោចនឹកឆ្ងល់ថា ម៉េចក៏បុរសនោះមើលឃើញអញ ទើបដើរសំដៅទៅ ហើយសួរថា ៖

- ចុះអ្នកឯង ម៉េចក៏មើលយើងឃើញ ?

បុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថា ៖

- នេះជាប្រទាលដែលប្ដីហងឲ្យអញ បានជាអញឃើញ ។

ខ្មោចនោះ គ្រាន់តែឃើញប្រទាលនោះភ្លាម ស្ទុះទៅដណ្ដើមយក ប៉ុន្តែបុរសនោះពុំព្រមឲ្យ ក៏មានការប្រវាយប្រតប់គ្នា ដណ្ដើមប្រទាលប្រហោងនោះ ។ បុរសចេះតែស្រែកហៅឲ្យគេឯងជួយ ប៉ុន្តែ​

អ្នក​ទាំង​អស់​មើល​ទៅពុំឃើញប្រយុទ្ធជាមួយនរណាសោះ ឃើញតែស្ទុះស្ទាតែម្នាក់ឯង ម្ល៉ោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើត ។ លុះប្រវាយប្រតប់គ្នាអស់មួយសន្ទុះធំ បុរស​ក៏​ចង់​

រសាយ​ដៃ ក៏របូតប្រទាលនោះពីដៃទៅ ។ ខ្មោចស្ទុះប្រុងរើសយក តែពេលនោះ ឆ្កែឃើញភ្លាម ស្ទុះភ្លែតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅ ។ ហេតុនេះហើយបានជាឆ្កែមើលខ្មោចឃើញ ។

ដោយសារមានរឿងនិទានយ៉ាងនេះ បានជាមានជំនឿថា ឆ្កែវាមើលខ្មោចឃើញ បើឆ្កែព្រុសលូក្នុងពេលយប់ ព្រោះវាឃើញខ្មោចដើរ ។ មួយវិញទៀត មានមនុស្សច្រើនណាស់ ដែល​នៅ​ជឿ​ជាក់​

ហើយ​ខំ​ស្វែង​រក​ប្រទាលប្រហោង ដើម្បីយកមកប្រើការសក្ដិសិទ្ធិផ្សេង ៗ ។


 

រឿងដូនចាស់ក្នុងឃ្លោក


រឿង ដូនចាស់  ក្នុងឃ្លោក

កន្លងយូរមកហើយ ដូនចាស់ម្នាក់ចេញដំណើរទៅសួរសុខទុក្ខកូនស្រីគាត់ដែលមានប្ដីទៅនៅស្រុកឆ្ងាយ។ គាត់ដើរកាត់ព្រៃក្រាស់ពីមួយទៅមួយ ក៏ជួបនឹងកញ្ជ្រោង មួយ ៖


«យាយចាស់! អញអត់អីស៊ី១០ថ្ងៃហើយ យាយឯងមិនអាចទៅទៀតឆ្ងាយពីនេះបានទេ ព្រោះអញនឹងស៊ីយាយឯងអស់ឥឡូវនេះហើយ» ។

 ដូនចាស់ឆ្លើយតបថា «សូមអត់ទ្រាំសិន ចៅសម្លាញ់អឺយ! ខ្ញុំសុំទៅសួរសុខទុក្ខកូនស្រីខ្ញុំ តែមួយខែទៀត

ខ្ញុំនឹងត្រឡប់មកតាមផ្លូវនេះវិញដូចនេះសូមចៅឲ្យខ្ញុំទៅសិនចុះ។ 

ឥឡូវនេះខ្ញុំនៅ  ស្គម​ប៉ុន្ដែដល់ពេលនោះខ្ញុំនឹងធាត់ហើយចៅឯងអាចស៊ីខ្ញុំបានតាមចិត្ដប្រាថ្នា។


កញ្ជ្រោង  នឹកក្នុងចិត្ដថា «មនុស្សស្រីធាត់ជាអាហារឆ្ងាញ់ជាងមនុស្សស្គម » ដូចនេះវាក៏ឲ្យដូនចាស់នោះបន្ដដំណើរទៅ។ គាត់ក៏ស្រូតដំណើរដោយនឹកសង្ឃឹម​ថាគ្មានសត្វអ្វីមករារាំង​គាត់ទៀត​ទេ។ 

គាត់ដើរមិនទាន់បានឆ្ងាយប៉ុន្មានផងស្រាប់តែស្ដេចសត្វព្រៃដ៏សាហាវគឺខ្លាធំចេញមកហើយគ្រហឹមថា៖


 «យាយចាស់អញអត់ចំណីចំនួនម្ភៃថ្ងៃហើយ យាយឯងនឹងត្រូវជាចំណីអញ ភាវនា   ឲ្យហើយ  ទៅ! »

 «ឱ!លោក អឺយ សូមលែងឲ្យខ្ញុំទៅផង។ 

លោកអាចស៊ីខ្ញុំបាននៅពេលខ្ញុំត្រឡប់មកពីសួរសុខទុក្ខកូនស្រីខ្ញុំវិញ ដល់ពេលនោះខ្ញុំនឹងធាត់ហើយមានឱជារសឆ្ងាញ់ មិនមែនស្គមកំព្រឹងហើយស្វិតដូចឥឡូវនេះទេ»

 ដូនចាស់និយាយ។

 

ឭដូចនោះ ខ្លាក៏បើកផ្លូវឲ្យទៅ។ មិនយូរប៉ុន្មាន 

ស្ដេចស្វាមួយអន្លើដោយ borរិវ៉ារឈររាំងផ្លូវគាត់។ ដើម្បីបំភាន់ភ្នែក ស្ដេចស្វាទទួលគាត់យ៉ាងគួរសមដោយជូនផ្កាដ៏ក្រអូបមួយបាច់ទៅគាត់។

បន្ទាប់មកវាពោលទាំងញញឹមថា


 «យាយបានអញ្ជើញមកទាន់ពេល្អ។ ខ្ញុំមានសេចក្ដីរីករាយនឹងស៊ីយាយឯង។ » ដូនចាស់តបថា «ឱ! លោកម្ចាស់ស្វាអើយ! សូមលោកអត់ទ្រាំបន្ដិចសិន ខ្ញុំកំពុងតែធ្វើដំណើរទៅសួរសុខទុក្ខកូនស្រីខ្ញុំ ដូចនេះសូមលោកលែងឲ្យខ្ញុំទៅផង! ឥឡូវនេះខ្ញុំស្គមណាស់ ប៉ុន្ដែក្នុងរវាងមួយខែទៀត ខ្ញុំនឹងមានសាច់ធាត់ ហើយពេលនោះ លោកម្ចាស់អាចស៊ីខ្ញុំបានតាមចិត្ដប្រាថ្នា។»

 ប៉ុន្ដែ ស្ដេចស្វាមិនមែនជាសត្វងាយបោកបាន ដូចជាកញ្ជ្រោងនិងខ្លាទេ។ តាមបញ្ជារបស់ស្ដេចវា ស្វាមួយហ្វូងមកឡោមព័ទ្ធដូចចាស់ ដោយស្រែកចេកចាចផង។ កូនស្វាតូចមួយហ៊ានឡើងលើស្មា ហើយលោតទំលើក្បាលគាត់ទៀត។

 គាត់អង្វរពួកស្វាឲ្យបើកផ្លូវឲ្យគាត់ទៅ តែស្ដេចស្វានិយាយថា«ខ្ញុំមិនជឿថាយាយឯង​ពិតជាត្រឡប់មកតាមផ្លូវនេះវិញទេ ល្គឹកណាយាយឯងមិនស្បថនៅចំពោះភ័ក្រ្ដព្រះពុទ្ធនោះ!

ដូនចាស់ក៏ស្បថ ហើយគាត់ក៏បានត្រូវអនុញ្ញាតឲ្យបន្ដដំណើរទៅទៀត។

 យូរក្រោយមកគាត់មកដល់ផ្ទះកូនស្រី ហើយរស់នៅទីនោះយ៉ាងសុខសាន្ដ។ ប៉ុន្ដែពេលវាលាកន្លងទៅយ៉ាងលឿន ហើយមួយខែក៏បានកន្លងផុតទៅយ៉ាងឆាប់ណាស់ដែរ។ 

ពេលនោះ គាត់នឹកដល់ពាក្យសន្យារបស់គាត់ជាមួយនឹងសត្វទាំងឡាយ ហើយក៏ប្រាប់រឿងទាំងអស់នេះដល់កូនស្រីគាត់។ ម្ដាយនិងកូនរួមគំនិតគ្នាហើយធ្វើគម្រោងការមួយ។ កូនស្រីទៅយកផ្លែឃ្លោកធំៗពីរមក។

 ឃ្លោកមួយឈ្មោះលង្កា ដែលមានរាងដូចដប ហើយមួយទៀតឈ្មោះចិន្ដា ដែលមានរាងដូចពស់។ កូនស្រីដាក់ដូនចាស់ក្នុងឃ្លោកលង្កាហើយឲ្យឃ្លោក ចិន្ដានាំផ្លូវចេញទៅ។

ដូចនេះឃ្លោកទាំងពីរធ្វើដំនើរចូលទៅក្នុងព្រៃសំដៅទៅកន្លែងដែល ស្វា ខ្លា និងកញ្ជ្រោងកំពុតតែរង់ចាំដូនចាស់ដោយស្រេកឃ្លាន។ មកដល់ផ្លូវបំបែកស្វាប្រជុំគ្នាយ៉ាងកុះករខុសពីធម្មតា។


រំពេចនោះ ពួកស្វាលឺសូរសំឡេងចម្លែកម្យ៉ាង ហើយឃើញឃ្លោកចិន្ដាដើរមកជិត ដោយមានឃ្លោកលង្កាតាមពីក្រោយ។

 បើកផ្លូវឲ្យយើង! ឃ្លោកចិន្ដាស្រែកឡូឡើង។ 

តើពួកអ្នកឯងរាល់គ្នាចង់យ៉ាងម៉េច បានជាមករាំងផ្លូវយើងយ៉ាងនេះ!» 


ស្ដេចស្វាស្រដីយ៉ាងគួរសមដោយថយក្រោយមួយជំហ៊ាន ពួកយើងកំពុងចាំដូនចាស់ម្នាក់ដែលសន្យាប្រគល់ខ្លួន ធ្វើជាចំណីពេលល្ងាចរបស់យើង។ 

តើអ្នកបានឃើញគាត់នៅតាមផ្លូវដែររឺទេ?»។

 តើយើងមានទាក់ទងអ្វីនឹងដូនចាស់របស់ពួកឯង? ចៀសចេញពីផ្លូវយើង!


ឃ្លោកចិន្ដាតបយ៉ាងក្រអឺត  រួកឃ្លោកចិន្ដា និងលង្កាបន្ដដំណើរទៅមុខទៀត។

 បន្ដិចក្រោយមក ឃ្លោកទាំងពីរមកដល់កន្លែងដែលខ្លាកំពុងរង់ចាំ។ ខ្លាបានសម្ចិត្ដថា មិនស្ដាប់សម្តីមួយមាត់របស់យាយចាស់នេះទៀតឡើយ ហើយប្រុងប្រៀបខ្លួននឹងលោតទៅកាច់ក នឹងហែកគាតស៊ីមួយរំពេច។

 ដំបូងសូរសម្លេងមួយបានលាន់ឮពីចម្ងាយបន្ទាប់មកខ្លា​ក៏ឃើញឃ្លោកចិន្ដារដើរមករកវា​ដោយមានឃ្លោកលង្កា​តាមពីក្រោយផង។

បើកផ្លូវឲ្យយើង!

 ឃ្លោកចិន្ដាស្រែកឡើង។

 ខ្លាស្រលាំងកាំង គិតអ្វីមិនយល់ក៏ចៀសផ្លូវ។ រួចភ្លាមនោះវានឹកឃើញក៏ពោលឡើងថា

 «អូ!តើអ្នកបានឃើញយាយចាស់ដែលបាន​សន្យា​ប្រគល់​ខ្លួនធ្វើជាចំនីពេលល្ងាចរបស់ខ្ញុំទេ?។ 

តើយើងមានទាក់ទងអ្វីនឹងដូនចាស់ពួកអែង​​   ចៀសចេញផ្លូវយើង!

 ឃ្លោកចិន្ដានិយាយតប ឃ្លោកចិន្ដា និងឃ្លោកលង្កាក៏ធ្វើដំនើរហួសទៅ។

 ពេលនោះកញ្ជ្រោងបានលឺសូរយានចំលែកដែលរមៀលកាត់ព្រៃ វាមានការសង្ស័យណាស់។ វាក៏យកដុំថ្មស្រួចមកដាក់កណ្ដាលផ្លូវ។

 រួចវាទៅពួនចាំលបមើលពីក្រោយឈើមួយដើម។ បន្ដិចមកឃ្លោកចិន្ដានិងលង្ការមៀលមកដល់ទីនោះយ៉ាងលឿន។ ដូចចាស់អស់សំណើចខ្លួនឯងនិងដំនើរដ៏ប៉ិនប្រសប់ដែលឃ្លោកទាំងពីរបានបំភាន់ភ្នែកពួកសត្វ ស្វានិងខ្លា។


«ក្រាក់! » ឃ្លោកលង្កាទង្គិចនិងដុំថ្មស្រួច ហើយបែករយះពីលើដល់ក្រោម គ្រវាត់ដូនចាស់ចេញមកលើផ្លូវ។ ពេលនោះស្វានិងខ្លាបានយល់កលល្បិចដែលគេបោកវា ហើយដេញតាមមកដែរ។ 

ចំពេលដែកញ្ជ្រោងរៀបចំស៊ីដូនចាស់តែម្នាក់ឯង សត្វឯទៀតនោះក៏រត់មកដល់ដែរ។ ដូនចាស់ដឹងថា ពេលនេះគាត់រត់គេចមិនរួចពីក្រញាំសត្វទាំងនេះទេ តែគាត់មិនទាន់អស់សង្ឃឹមឡើយ​គាត់សុខចិត្ដអោយសត្វទាំងនោះស៊ីគាត់ ប៉ុន្ដែគាត់ស្រដីថា «បើយកល្អ អាំងខ្លួនខ្ញុំសិនធ្វើយ៉ាងនេះទើបមានរស់ជាតិឆ្ងាញ់។ 

លឺដូចនោះ ពួកសត្វនាំគ្នាបង្កាត់ភ្លើងអាំងគាត់។ «អុសត្រូវក្លាយជាផេះសិន មុនពេលដាក់ខ្ញុំអាំង ហើយខ្ញុំនឹងឆ្អិនមួយរំពេច» ដូនចាស់និយាយដោយសង្ឃឹមថា នឹងអាចពន្យាពេលឲ្យបានយូរបន្ដិច។ទីបំផុត ពេលអុសក្លាយជាផេះហើយ ដូនចាស់យកថ្មមួយដុំមកដាក់កន្ដាលភ្នក់ភ្លើងរួចក៏អង្គុយពីលើ។

 ដោយគិតថា ចំណីរបស់ខ្លួនមុខជាបានឆ្អិនក្នុងពេលឆាប់ៗនោះ សត្វទាំងអស់ក៏បិទភ្នែកហើយសូត្រធម៌តាមទំនៀមទម្លាប់។

 ភ្លាមនោះដូនចាស់ក្ដាប់ផេះមួយដៃ រួចបាចចំមុខសត្វទាំងនោះ ធ្វើឲ្យពួកវាមើលអ្វីមិនឃើញ។ គាត់ក៏រត់ចេញពីក្នុងព្រៃ ហើយបានរួចខ្លួន មុនពេលពួកវាអាចបើកភ្នែកមើលបានវិញ។

ពោរពេញដោយកំហឹង ហើយថែមទាំងឃ្លានខ្លាំងផង កញ្ជ្រោងខ្លានិងស្ដេចស្វានាំគ្នារកដូនចាស់គ្រប់ទិសទី ប៉ុន្ដែពួកនោះលែងឃើញគាត់ទៀតហើយ។

រឿង សរសៃសំបុកពីងពាង

 រឿង សរសៃសំបុកពីងពាង

មាននិទាន១ដំណាលថា ពេលថ្ងៃមួយដែលព្រះពុទ្ធព្រះបរមគ្រូនៃយើង ទ្រង់និមន្តតែមួយអង្គឯងនៅក្បែរ មាត់ស្រះបោក្ខណីនៃឧទ្យានសួគ៌។ បទុមបុប្ផាទាំងឡាយដែលរីកស្គុះស្គាយនៅ ក្នុងបឹងសុទ្ធតែមានពណ៌សក្បុសដូចគុជ ហើយពីកញ្ចុំកណ្ដាលពណ៌មាសនៃបុប្ផាទាំងឡាយ ក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់ ដែលយើងពិបាកនឹងរកពាក្យឯណាមួយមកពន្យល់ឱ្យត្រូវបាន បានហោះហើរទៅអប់ប្រោះព្រំទីស្ថាននានាដែលនៅជុំវិញនោះយ៉ាងខ្ជាប់ខ្ជួន។

វេលានោះគឺជាពេលព្រឹកព្រលឹមនៅស្ថានតុសិត។

ព្រះពុទ្ធព្រះបរមគ្រូនៃយើង ព្រះអង្គទ្រង់គង់នៅមាត់ស្រះ ចោលព្រះនេត្រពីលើផ្ទៃទឹក តាមប្រឡោះនៃស្លឹកឈូកនានាទៅដល់ក្រោម។ ដោយនៅចំពីក្រោមព្រះបោក្ខណីនៃឧទ្យានសួគ៌មានស្ថានានរក ពេលដែល​ព្រះនេត្រទ្រង់ចោលឆ្ពោះទៅលើទឹកថ្លាឆ្វង់ដូចត្បូងកែវ ព្រះសម្មាសម្ពុទ្ធបានប្រទះឃើញភ្នំរកាដែកយ៉ាងច្បាស់ប្រត្យ័ក្ស ហាក់ដូចជា គេកំពុងតែឆ្លុះកែវយឹតបែបនោះផង។

ព្រះអង្គបានប្រទះឃើញនៅបាតនរកនោះ នូវបុរសម្នាក់ឈ្មោះកណ្ឌធៈ​ និងសត្វនរកជាច្រើនកំពុងតែយំស្រែក ប្រកូក ឱ្យគេជួយ។ ឯបុរសឈ្មោះកណ្ឌធៈនេះជាមនុស្សដែលធ្លាប់តែសម្លាប់គេ ធ្លាប់ដុតផ្ទះគេ គឺជាមេចោរ ដ៏ធំ​ដែលតែងតែប្រព្រឹត្តអំពើអកុសស្សដ៏ច្រើនរាប់មិនអស់។ ប៉ុន្តែមានតែម្ដងគត់ដែលជននេះបានធ្វើអំពើល្អ។ ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ព្រះអង្គបានបើព្រះចក្ខុទិព្វទតទៅក៏បានប្រមើលឃើញថា មានពេលមួយបុរសនេះបានដើរកាត់ព្រៃជ្រៅមួយ។ ពេលនោះ គេបានព្រះទះឃើញកូនពីងពាងតូចមួយ​វារវើកៗនៅតាមផ្លូវ។ កណ្ឌធៈយារជើងប្រុងនឹងជាន់សំឡេះកូនពីងពាងនោះទៅហើយ គាប់ជួនជាមានចិត្ត មួយមកឃាត់ថាៈ

កុំអី កុំអី ទោះចាសត្វនេះតូចច្រម៉ក់បែបនេះក៏ដោយ ក៏វាជាសត្វដែលមានជីវិតដែរ។ អាត្មាអញពុំគួរសម្លាប់ វាលេងៗជាល្បែងទេអាណិតវា។

ដូច្នេះកណ្ឌធៈក៏ទប់ជើងឈប់សម្លាប់ពីងពាង ហើយទុកឱ្យសត្វល្អិតនោះនៅរស់មានជីវិតបន្តទៅ។

នៅពេលដែលទ្រង់ប្រមើលឃើញដូច្នេះ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ក៏ទ្រង់នឹកថា គណ្ឌធៈធ្លាប់បាន ស្រោចស្រង់ជីវិតពីងពាង។ ប្រសិនបើទង្វើនេះអាចទៅជាកុសលឱ្យគេអាចចេញរួចពីនរកបាន ព្រះអង្គទ្រង់ចង់ជួយជននេះឱ្យចេញចាកផុតទុក្ខនៃស្ថាននរកនេះណាស់។

ជាភ័ព្វល្អនៅពេលដែលព្រះអង្គគ្រវៀសព្រះនេត្រគន់ទៅលើក្បែរៗទ្រង់ ទ្រង់ក៏ប្រទះឃើញពីងពាងនៃឧទ្យាន​សួគ៌មួយកំពុងព័ទ្ធស្រេះសំបុកពណ៌ប្រាក់ដ៏វិចិត្របន្តោងលើស្លឹកឈូកដែលមានពណ៌បៃតងដូចជាត្បូងមរកត។

ទ្រង់ឈោងសើរៗពីងពាងមួយសរសៃ ហើយទម្លាក់ចុះតាមចន្លោះ បទុមបុប្ផាដ៏សក្បុសនានាទៅតាមក្រោម ត្រង់ភ្លឹករហូតដល់បាតនរក។

នៅបាតនរកឯនោះគណ្ឌធៈកំពុងតែត្រូវយមបាលបោះហើយស្រង់ បោះហើយស្រង់ជាមួយនឹងសត្វនរកឯសត្វ​​នរកឯទៀតៗទៅ ក្នុងត្រពាំងឈាមពុះគគ្រុក។

នៅក្នុងស្ថានភាពរកដ៏ងងឹតស្លុប គេឃើញមានពន្លឺសស្ងាចមួយចាំងឆ្វេចឆ្វាចៗ។ នោះគឺជាពន្លឺដែលដេញពីមុខបន្លា ដែលនានានៃភ្នំរកាដែក ដ៏គួរឱ្យស្រៀវស្រើប។ មើលទៅគួរឱ្យភ័យ គួរឱ្យរន្ធត់ពន់ពេកណាស់។ នៅទីនោះគេមានអារម្មណ៍ហាក់ដូចជាស្ថិតនៅទីស្មសាន ដ៏ស្ងាត់ច្រៀបគួរឱ្យព្រឺក្បាល។ ប្រសិនបើយូរៗម្ដង មានសំឡេងអ្វីឮឡើង នោះគឺពុំមានអ្វីក្រៅពីសំឡេង​ដង្ហោយ​ខ្សោយៗ នៃសត្វនរកតែប៉ុណ្ណោះឡើយ។

ជនដែលបានធ្លាប់មកដល់ទីនេះទាំងឡើយ បានហត់ហេវនឹងទារុណកម្មដ៏ខ្មោខផ្សារនៃស្ថាននរក រហូតដល់ស្ទើរតែគ្មានកម្លំាងនឹងស្រែកយំផង។

ដូច្នេះគណ្ឌធៈដែលមុជងើបៗនៅក្នុងត្រពាំងឈាម គ្មានបានធ្វើអ្វីក្រៅតែពីឈ្លក់ឈាម ហើយបម្រះខ្វៃៗគួរឱ្យ​អានោចអាធម៌ មិនខុសពីសត្វកង្កែបមួយដែលហៀបនឹងផុតជីវិតឡើយ។

នៅក្នុងខណៈនោះ គណ្ឌធៈបានងើយមុខដោយចៃដន្យទៅលើលំហ ដែលនៅពីលើត្រពាំងឈាម ក៏ឃើញសរសៃ​ពីងពាងពណ៌ប្រាក់ ធ្លាក់សំយ៉ាកចុះពីលើសែនឆ្ងាយៗយ៉ាងស្ងៀមស្ងាត់ចំាងព្រិចៗនៅក្នុង​អន្ធការដ៏ងងឹតចាក់ភ្នែកពុំយល់។ សរសៃអំបោះនោះធ្លាក់ស្រឹមៗតំរង់មករករូបខ្លួន។ នៅពេលដែលឃើញ​សរសៃនោះគណ្ឌធៈសប្បាយចិត្តទះដៃដោយមិនដឹងខ្លួន។ ប្រសិនបើអាត្មាអញតោងសរសៃនោះ ឡើងទៅលើ​រហូតទៅ អាត្មាអញច្បាស់ជាអាចគេចផុតពីស្ថាននរកនេះពុំខានទេ។ ឱ​មែនស្រួលមិនស្រួលអញអាចឡើង​រហូត​ដល់ស្ថានសួគ៌ផងក៏មិនដឹង។ ដល់អញ្ជឹង អាត្មាអញនឹងបានចាកផុតពីគេដេញឱ្យឡើងរកាដែក ឬគេបោះទម្លាក់​ទៅក្នុងត្រពាំងឈាមនេះពុំខានឡើយ។ គិតបែបនេះហើយ គណ្ឌធៈក៏ខំប្រវេប្រវាតោងសរសៃ​សំបុកពីងពាង​ដោយដៃ​របស់គេទាំងសងខាងយ៉ាងតឹង ហើយខិតខំស្រវាឡើងតាមសរសៃនោះទៅលើ។ ដោយបុរសនោះ ធ្លាប់តែធ្វើជាមេចោរគេថ្នឹកនឹងការតោងប្រវាឡើងតាមខ្សែរជាដើមបែបនេះណាស់។

ប៉ុន្តែចម្ងាយពីឋាននរកទៅឋានសួគ៌ មានរាប់ម៉ឺនយោជន៍ ដូច្នេះទោះជាគេប្រញាប់ចង់ឱ្យទៅដល់ឆាប់យ៉ាង​ណា​ក៏ដោយ ក៏មិនមែនជាការងាយស្រួលនឹងតោខ្សែឡើងឱ្យបានទៅដល់ឋានសួគ៌បានភ្លាមៗឡើយ។

នៅពេលដែលគេប្រវេប្រវាឡើងបានមួយស្របក់ធំទៅ គណ្ឌធៈក៏ហត់ហើយពុំអាចប្រឹងឡើងទៅលើទៀត​បានឡើយ។ ពុំដឹធ្វើម៉េច គណ្ឌធៈក៏តោងសរសៃសំបុកពីងពាងឈប់ទ្រឹងដើម្បីសម្រាកយកកម្លាំង រួចហើយ​ក៏ចោភ្នែកទៅក្រោម។ ពេលនោះដោយសារការខំប្រឹងតោងឡើងរបស់គេ គេមើទៅឃើញត្រពាំងឈាមដែលគេតែងតែត្រូវបានយមបាលបោះទម្លាក់មិនស្រាកស្រាន្តនោះ បិទបាំងទៅក្នុង​អន្ធការដ៏ងងឹតរកមើលស្ទើរតែលែងឃើញ ហើយភ្នំរកាដែកដ៏គួរឱ្យរន្ធតក៏ឃើញព្រឹមៗ នៅពីក្រោមគេដែរ។ បើឱ្យតែខំតោងឡើងតែយ៉ាងនេះបន្តទៀត ការចាកចេញផុតពីនរកមិនមែនជាសុបិន្តទេ វានឹងទៅជាការពិតសម្រាប់ គេមិនខានឡើយ។ គណ្ឌធៈឱបសរសៃពីងពាងបណ្ដើរស្រែកហ៊ោរបញ្ចេញសំឡេង​ ដែលគេខានបញ្ចេញរាប់ឆ្នាំទៅហើយថា ជយោ! អញរួចខ្លួនហើយ ហើយគេក៏សើចហះ ហ៎ះ។

ពេលនោះគេក្រលេកទៅឃើញថា ពួកសត្វនរកទាំងឡាយកំពុងខំត្រដរតោងឡើងតាមក្រោយគេម ដែរយ៉ាងស្កេស្កះមីរដេសដាស ប្រៀបបាននឹងក្បួនស្រមោច។

នៅពេលដែលឃើញទិដ្ឋភាពបែបនេះគណ្ឌធៈភ្ញាក់ផងភ័យផង ពុំអាចធ្វើអ្វីក្រៅពី បើកមាត់ចំហរធ្លុងដូចមនុស្ស​ឆ្កួត​ហើយញាក់ភ្នែកទទ្រើកឡើយ។

សូម្បីតែខ្លួនឯងតែម្នាក់ក៏ស្ទើរតែដាច់ទៅហើយ ចុះទំរាំដល់មានមនុស្សតោងឱ្យរងួយធ្ងន់បែបនេះ តើឱ្យសរសៃសំបុកពីងពាននេះ​ទ្រាំបាន ឬអត់? ប្រសិនបើសរសៃសំបុកពីងពាងដាច់ភឹសទៅ ម្ល៉េះសើយរូបខ្លួន​ក្ដី​ច្បាស់ជានឹងត្រូវធ្លាក់ទៅក្នុងឋាននរកដដែលវិញមិនខានឡើយ។ បើដូច្នេះមែនគឺពិតជាវីវរធ្ងន់ហើយ។

​នៅពេលដែលគណ្ឌធៈកំពុងតែគិតបែបនេះ សត្វនរកទាំងឡាយកាន់តែនាំគ្នាប្រវេប្រវាតោងសរសៃសំបុកពីងពាង​ដ៏ឆ្មារ ដែលចាំងផ្លេកៗច្រើនឡើងៗរាប់រយពាន់នាក់ ដើម្បីឱ្យបានរួចចេញចាកពីបាតត្រពាំងឈាមដ៏ខ្មៅងងឹត។

គណ្ឌធៈគិតថាបើមិនគូរទេ សរសៃសំបុកពីងពាងនេះច្បាស់ជាដាច់ជាពីរកំណាត់ប៉ិត ហើយគេនឹងធ្លាក់ទៅវិញពុំ​ខានឡើយ។ គិតហើយគេក៏ស្រែកជេរពីលើមកថាៈ

– នែ ម្នាលអាសត្វនរកទាំងឡាយ សរសៃពីងពាងនេះជារបស់អញតែម្នាក់ទេចុះពួកអាឯងបានការអនុញ្ញាត្តិពីនរណាជាមកបានជាមកតោង​របស់អញឥតច្បាប់ ឥតទម្លាប់​ដូច្នេះ? ចុះទៅវិញភ្លាម ចុះភ្លាម!

ពេលនោះសរសៃអំបោះដែលអត់អីសោះមកដល់ពេលនេះ ក៏ស្រាប់តែលាន់ឮសូប្រឹះៗ ត្រង់កន្លែងដែលគណ្ឌធៈកាន់ហើយដាច់ប៉ិតតែម្ដង។

គណ្ឌធៈវិលដោយខ្យល់វេជ្ជវាតដូចវូ ធីងធោងៗ ហើយធ្លាក់លឿនស្លេវទៅក្នុងអន្ធការដ៏ជ្រៅខាងក្រោមនោះទៅ។

ឯសរសៃសំបុកពីងពាងនៃឧទ្យានសួគ៌ក៏យោលតែតោលៗព្រិចៗនៅក្នុងលំហមេឃ ដែលគ្មានព្រះចន្ទ និងដួងផ្កាយមួយគ្រាប់សោះ។

ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ទ្រង់ងើបពីមាត់ស្រះបោក្ខណី ហើយទ្រង់ទតមើលគណ្ឌធៈដែលធ្លាក់លឿនស្លេវ ដូចជាដុំថ្មមួយដុំលិចស្រឹមបាត់ទៅក្នុងបាតស្ទឹងឈាម ដោយព្រះភ័ក្រ្តក្រៀមក្រំ។ រួចហើយព្រះអង្គក៏និមន្តទៅមុខតទៅទៀតដោយ​ស្ងៀមស្ងាត់។

ជនដែលចង់ចេញពីនរកតែឯង ដូចតួយ៉ាងគណ្ឌធៈដែលពុំមានលក្ខណៈមេត្តាករុណាទេ តោងតែទទួលទណ្ឌកម្មធ្លាប់ទៅនរកវិញបែបនេះឯង។

ប៉ុន្តែផ្កាឈូកដ៏សក្បុសបរិសុទ្ធ ដូចជាយោលយោកខ្លួនរេរាៗនៅជិតព្រះបាទព្រះសម្មាសម្ពុទ្ធ​ ជាព្រះបរុមគ្រូដនៃយើងនៅក្នុងស្រះបោក្ខណី នៃឧទ្យានសួគ៌ហាក់ដូចជាពុំខ្វលខ្វាយនឹងកម្មផលទាំងនេះនៃមនុស្សសត្វទាំងឡាយឡើយ។ នៅចំកណ្ដាលបុប្ផាទាំងឡាយនោះ​កញ្ចុំកណ្ដាលដែលមានពណ៌មាសចោលក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់រកពាក្យឯណាយកមកពន្យល់ក៏ពុំត្រូវ ទៅអប់ប្រោះព្រំទីស្ថាននានាជុំវិញបឹងទន្លេសាបដោយស្ងប់ស្ងាត់។








ព្រេង​ទាក់​ទង​នឹង​ពិធី​លើក​រាសី

 ១- ព្រេង​ទាក់​ទង​នឹង​ពិធី​លើក​រាសី


មានរឿងព្រេងទាក់ទងនិងពិធីនេះដូចតទៅ ៖ កាលពីព្រេងព្រឹទ្ធកន្លងយូរលង់ទៅហើយ មានមហាក្សត្រ មួយព្រះអង្គគ្រប់គ្រងប្រជារាស្ដ្រ ដោយទសពិតរាជធម៌ ប្រកបដោយព្រះជន្មវស្សាច្រើនណាស់ទៅហើយតែទ្រង់ ពុំមានព្រះរាជបុត្រនឹងតព្រះរាជវង្សសោះ។ ប្រជាជនដែលគោរពព្រះអង្គស្មើដោយទេពតា នាំគ្នាឡើងសុំម្កុដរាជ កុមារ ដើម្បីកុំឱ្យផុយរាជតទៅកុំឱ្យ ប្រទេសនៅតែលតោលឥតទីពឹងពុំនាក់ដូចមាន់ព្រាត់មេ។ ព្រះរាជាក៏ព្រម តាមសេចក្ដីអង្វរសុំហើយ ទ្រង់មានព្រះបញ្ជាឱ្យអគ្គមហេសីរៀបឭីការថ្វាយទេពតាប្រាថ្នាព្រះរាជបុត្រ។ ព្រះរាជទ្រព្យ ត្រូវបរិច្ចាក ចែកចាយជាទានដល់ស្មូមយាចក។ វត្ដអារាមព្រមទាំងក្រោមដើមជ្រៃទាំងឡាយ បរិបូណ៍ដោយ គ្រឿងដង្វាយពោរពាស មានផ្សែងធូបហុយទ្រលោម។ ទេពតារំជួលខ្លាំងក៏បានប្រសិទ្ធិពរតាមសេចក្ដីបួងសួង។ មិនយូរប៉ុន្មានព្រះរាជកុមារល្អដូចព្រះចន្ទពេញបុណ្ណមី បានប្រសូតកណ្ដាលសេចក្ដីរីករាយ និងស័ព្ទសាធុការ កងរំពង។ ព្រះរាជាណាចក្រទាំងមូលសប្បាយអ៊‌ឹកធិក គ្រប់ផ្លូវ គ្រប់ស្រុក គ្រប់ភូមិ គ្រប់ជនបទ។ អ្នកសុំទាន អ្នកខ្វាក់ខ្វិន ក៏មានចំណែកក្នុងការត្រេកអរសាទរជាមួយគេដែរ ។ ព្រះរាជកុមារទទួលនូវសេចក្ដីថ្នាក់ថ្នមដ៏ត្រ កាល មានស្ដ្រីបំរើជាច្រើននាក់នៅប្រចាំការច្រៀងបំពេរ បីពរាល់ទិវារាត្រី។ ព្រះវរមាតាបិតារបស់ព្រំព្រះរាជបុត្រ ជាបណ្ដាច់បណ្ដូលព្រះហឫទ័យ ដោយសេចក្ដីស្នេហាជាទីបំផុត ។ លុះព្រះរាជបុត្របានចំរើនវ័យ ធំហើយ ទ្រង់បានរជីសរើសអាមាត្រចំនួន៥០០នាក់ មានអាយុស្រករៗគ្នា ក្នុងចំណោមកូនមន្ដ្រីទាំងឡាយដែលនៅបំរើ ជានិច្ច។ ទោះបីប្រកបដោយសេចក្ដីសុខយ៉ាងឆ្នើមដូច្នោះ ព្រះរាជកុមារក៏ពុំមានឈ្លក់ក្នុងសម្បត្ដិទាំងនោះទេ ទ្រង់ចូលចិត្ដសិក្សាវិជ្ជាផ្សេងៗ បង្ហាញឱ្យឃើញស្ដែងថា ទ្រង់ប្រកបដោយបញ្ញាវាងវៃគួរជាទីពឹងដ៏ត្រជាក់នៃប្រជារាស្ដ្រ បានមែន ទ្រង់ពុំដែលហ៊ានប្រព្រឹត្ដិកន្លង វិន័យព្រះរាជវង្សទេ ។ តែទោះបីទ្រង់ប្រាថ្នាយ៉ាងណាបានយ៉ាងនោះ ក៏ដោយ ព្រះរាជកុមារមិនអាចចុះទៅកាន់មាត់ស្ទឹងដែលហូរ ទៀបព្រះរាជវាំងបានឡើយ ព្រោះហោរ៉ាបានទំនាយ ថ្វាយថា “បើចង់ឱ្យព្រះនគរផុតចាកមហន្ដរាយ ព្រះរាជកុមារមិនត្រូវយាងទៅក្រសាលនៅទីនោះទេ ទំនាយថា ត្រូវគ្រោះកាចដល់ទីវង្គត់ ដោយក្រពើអ្នកតា ស្ដឹងនោះខាំ ក្នុងព្រះជន្មាយុ១៥វស្សា ព្រះគ្រោះត្រូវព្រះអង្គារ សោយព្រះអង្គចំនួន៧ខែ ៣ថ្ងៃ ២០នាទី ។ ក្នុងពេលនោះថា នឹងកើតភ័យជាច្រើន ក្រែងភ្លើងឆេះផ្ទះ ឬបាត់បង់ ទ្រព្យរបស់ពុំនោះទេ ក្រែងសត្រូវចាស់ប៉ងធ្វើទោស ឱ្យប្រយ័ត្នពីខាងទិសអាគ្នេយ៍ឱ្យណាស់មែនទែន។ មួយទៀត ក្រែងចាកទីឋានលំនៅ ឬព្រាត់ប្រាស់ប្រពន្ធកូន ឬក៏មិត្ដសំលាញ់នូវខ្ញុំប្រុសស្រីព្រាត់ចេញចាកទៅឆ្ងាយពីទីលំនៅ សឹងបណ្ដាលឱ្យកើតទុក្ខច្រើន ព្រោះត្រូវរឿងកាលទោភី ដល់នឹងទោភាបារបស់ឯង។ ទោភាជាបា ដល់ហើយ បាក់កចាញ់ ស្លាប់ខ្លួន បើថ្កាត់ ឱ្យប្រលែងឋានទៅទិសទក្សិណ ឱ្យបូជាព្រះអង្គារឱ្យនិមន្ដព្រះសង្ឃ៤អង្គ ឬ៧អង្គ សូត្រធម៌ជីវទានសូត្រលើករាសីរំដោះគ្រោះ”។ រីឯព្រះមាតា និងបិតា កាលបើបានឮហោរ៉ាថ្វាយទំនាយហើយ ទើបព្រះបិតាបានចាត់ឱ្យពល១០០នាក់ យាមល្បាតជានិច្ច ។ ព្រះរាជកុមារតែងគង់លំហើយព្រះកាយនៅមាត់ ព្រះបញ្ជរគយគន់ពីលើមហាប្រាសាទ នូវស្ទឹងស្រស់ញញឹម ដែលហូររឹមៗតាមចន្លោះដើមឈើខៀវបំព្រង។ ស្ទឹងដ៏ សោភីនោះនៅជិតបង្កើយ តែហាក់ដូចជាស្ថិតនៅក្នុងលោកដទៃ ព្រោះព្រះអង្គពុំដែលបានស្គាល់សោះ ។ សកុណ ជាតិហើរឆ្វៀលឆ្វាត់ឆ្លងពីត្រើយខាងនោះ កាត់មកកញ្ជ្រោកកញ្ជ្រោលលេងសប្បាយក្នុងសួនព្រះរាជវាំង រួចនាំគ្ន ាហើយយំលេងប្រលែងសប្បាយ ខ្លះនាំពួកខាងណេះទៅកាន់រមណីយដ្ឋានខាងនោះ ។ មនោគតិនៃព្រះរាជកុមារ ភោរភារឡើង ពុំដឹងជាប៉ុន្មានរយដងទេ ដែលទ្រង់ចង់ស្ទុះទៅរកតំបន់ពេញប្រៀបដោយសម្រស់ដ៏ឆើតឆាយ នោះ។ ប្រសិនបើមានស្លាប់ដូចបក្សីទៅហ្ន៎ ! តែទ្រង់មិនអាចគេចឱ្យផុតបានឡើយអំពីការរវាំងរក្សារបស់ពួក អាមាត្រ ដែលទទួលបង្គាប់ជាដាច់ខាត ហើយដែលតាមឃ្លាំមើលទ្រង់គ្រប់ទីកន្លែងបីដូចស្រមោល ។ លុះជួបចូល ក្នុងព្រះជន្ម១៥ព្រះវស្សា ព្រះរាជកុមារទន្ទឹងចាំឱ្យផុត១ឆ្នាំ ឱ្យហួសកន្លងទៅរវាងមួយឆ្នាំទៀត ដែលហាក់ដូច មួយសតវត្សរ៍។ ថ្ងៃមួយពួកមុខមន្ដ្រី និងព្រះរាជវង្សានុវង្សខ្នះខ្នែងរៀបចំពិធីចំរើនព្រះជន្មវង្សាព្រះមហាក្សត្រ មានការចាត់ចែងធ្វើបុណ្យជាឱឡារិកក្នុងព្រះរាជវាំង ។ ពួកអាមាត្រនាំគ្នាភ្លើតភ្លើន សប្បាយអឺងកង។ ឯអ្នក ឯទៀតក៏រវល់គ្រប់គ្នាទាំងនាម៉ឺនអាមាត្រមុខមន្ដ្រីចតុរង្គតូចធំ។ ឃើញបានឱកាសដែលទ្រង់រង់ចាំយូរឆ្នាំមកហើយ ដូច្នោះ ព្រះរាជកុមារលបថយព្រះអង្គចេញទៅក្រៅ គេចចុះគេចឡើង ទាល់តែផុតពីការឃ្លាំមើលនៃពួកពលដែល រវល់តែពិនិត្យការខុសត្រូវ ក្នុងពិធីបុណ្យឱ្យបានរៀបរយ។ ព្រះរាជកុមារយាងទៅជិតស្ទឹងដ៏ព្រឺព្រួច ស្រាយទូក ដែលចតនៅទីនោះ ស្ដេចចុះទៅក្នុងទូកបណ្ដោយឱ្យអណ្ដែតទៅតាមខ្សែទឹក ព្រោះទ្រង់ពុំចេះចែវ។ កូនទូកក៏លយ សន្សឹមៗទៅតាមដងស្ទឹងដែលដេរដាស់ ដោយផ្កាគ្របច់ពណ៌ ក្រោមម្លប់ត្រឈឹងត្រឈៃ ដែលមានបក្សីតូចៗល្អ វិចិត្រជជែកគ្នាអែរៗ ។ តែការបាត់ ព្រះរាជកុមារពីព្រះរាជវាំងស្ងាត់មិនបានប៉ុន្មានទេ គេផ្អើលរកឈូរឆរមួយ រំពេច។ ពួកអាមាត្ររត់រកខ្វាត់ ខ្វែងសព្វទីកន្លែងពួកពលឆ្លេឆ្លាចុះឡើង ប្រមូលគ្នានឹករអែងខ្លាចក្រែងព្រះរាជ កុមារ ស្ដេចចេញទៅលេងមាត់ស្ទឹង ទើបនាំគ្នាស្ទុះស្រទៅកាន់ទីដែលគួរឱ្យភ័យនោះ ។ កូនទូកក៏បង្ហាញរៀងឱ្យ ឃើញពីចន្លោះដើម ឈើពីរដើមនាំឱ្យអ្នកទាំងឡាយរីករាយសប្បាយចិត្ដ ដោយនឹកស្មានថាអស់មានគ្រោះអ្វី ហើយ ។ រំពេចនោះស្រាប់តែក្រពើអ្នកតាស្នឹងលេចធ្លោឡើង នាំឱ្យពួកអាមាត្រ និងពួកពលភ័នភាំងស្មារតីគ្រប់ៗ គ្នា ខ្លះប្រឹងស្រែកភ្លាត់សំលេង ខ្លះយកដុំថ្មគប់ ខ្លះវាយគោះឈើលាន់ទ្រហឹង ដើម្បីបន្លាចសត្វកំណាចឱ្យមុជ ទៅក្នុងទឹកវិញ តែការខំទាំងប៉ុន្មាននោះឥតបានផលសោះ ។ ក្រពើហែលស្លោទៅរកទូក កាន់តែជិតណាស់ទៅ ហើយ ព្រះរាជកុមារក្លាហានណាស់ដែរ ក្នុងការតស៊ូនិងសត្វក្រពើនោះ ទ្រង់កន្ដ្រាក់បានច្រវា ជាគ្រឿងអាវុធរង់ចាំ សត្រូវដោយឥតតក់ស្លុត ។ មាត់ស្ទឹងទាំងសងខាងពាស់ពេញទៅដោយមនុស្សម្នាខ្នាន់ខ្នាប់ ដែលរត់មកដោយការ ចង់ដឹងចង់ឃើញ ។ ក្រពើចូលដល់ទូកព្រះរាជកុមារ ។ ព្រះរាជកុមារ សំពងក្បាលក្រពើនិងច្រវាអស់ទំហឹងដៃ ។ សត្វចង្រៃឈឺខ្លាំងក៏បម្រះរមួលខ្លួនបែករលកខ្ជោល ដោយអំណាចឃោរឃៅវាយកកន្ទុយបោកទូកធ្លាក់ព្រះរាជ កុមារទៅក្នុងទឹក ហើយវាហាមាត់ធំជង្គ្រាង ត្របាក់ព្រះរាជកុមារ រួចក៏មុជទៅក្នុងទឹកបាត់ទៅ ។ ឯទូកក៏លិចក្នុង ពេលនោះទៅដែរ ។ គេឮសូរស័ព្ទសំលេង យំសោកនៅតាមដងស្ទឹងគួរឱ្យសង្វេក ។ ពួកពល ពួកអាមាត្រ បណ្ដារាស្ដ្រ កកកុញត្រៀបត្រានៅទីនោះ តែគ្មានឬទ្ធានុភាពនិងជួយអនាគតមហារាជជាទីសង្ឃឹមមាំរបស់ខ្លួន ឱ្យរួចព្រះជន្មបានឡើយ ។ ប្រុសៗវាយតប់ក្បាល ស្រីៗសំរក់ទឹកភ្នែកកន្ទក់កន្ទេញយំបម្រះននៀល ខ្លះស្រែកថា “ឱហ្ន៎! ព្រះទំនាយគ្មានខុសទេ ! ” ។ ដំណឹងឱឡារឹកនេះជ្រែកបុណ្យគគ្រឹកគគ្រេង ជ្រែកសេចក្ដីរីករាយសប្បាយ ផ្សាយដល់ព្រះរាជវាំងយ៉ាងឆាប់រហ័ស ។ ព្រះមហាក្សត្រនិងព្រះមហេសីស្ទុះទៅទីរងគ្រោះ ទ្រង់បួងសួងបន់ស្រន់ អស់ពួកទេព និករអមរមេឃក្នុងចក្រវាឡ សូមឱ្យជួយស្រោចស្រង់ព្រះឱរស ជាបណ្ដូលបណ្ដាច់ព្រះទ័យ បើសម្រេចដូចសេចក្ដីប្រាថ្នា ហើយយើងខ្ញុំនឹងរៀបពលីការបូជាឱ្យសម្បើមអស្ចារ្យជាងដែលធ្លាប់ធ្វើពីមុនៗមក ។ តែស្ទឹងតូចនេះទ្រមឹងត្រមើយ ធ្វើជាថ្លង់មិនឮពាក្យបូបាច់អង្វរកសោះឡើយ។ ក្សត្រទាំងពីរអង្គអស់ ផ្លូវសង្ឃឹមខំ ស្ងួនព្រះឥរិយានាពេលដែលមានទុក្ខធ្ងន់បែបនោះ ទប់ព្រះស្មារតីខ្ជាប់ខ្ជួន មិនបញ្ចេញអការៈរសាប់រសល់កណ្ដាល ទីប្រជុំជន ស្ដេចយាងស្ងៀមត្រលប់ទៅព្រះរាជនិវេសន៍វិញ ។ ពួកពល និង ពួកអាមាត្រ ដើរឱនមុខសញ្ជប់សញ្ជឹង ហែហមព្រះអង្គទៅ ។ ចំណែកខាងប្រជារាស្ដ្រ មិនទៅណាទេ នៅកើតទុក្ខក្ដុកក្ដួលរំជួលចិត្ដជាអនេក។ ការ កម្សាន្ដទាំងឡាយឈប់ស្ងាត់ឈឹង ដូរ្យដន្ដ្រីបាត់លាន់ឮទៀត អាហារភោជនដឹងប្រណិតថ្លៃថ្លា ក៏ត្រជាក់អស់នៅ ក្នុងភាជន៍មាសប្រាក់ ។ ព្រះរាជធានាទាំងមូល ហាក់ដូចត្រូវសណ្ដំមួយរំពេច ។ យាងទៅដល់ព្រះបរមរាជវាំង កំបាំងពីភ្នែកអ្នកដទៃហើយ ព្រះមហាក្សត្រ និងព្រះអគ្គមហេសី ក៏បណ្ដែតបណ្ដោយម្នោម្នេញ ឱ្យធ្លាក់ឱ្យធ្លាយ ចេញមកតាមសន្ទុះហៀរហូរព្រះជននេត្រស្រោបស្រព្វជោគព្រះភក្ដ្រា ទ្រង់មិនអស់ព្រះទ័យ និងមិនបានរៀបចំ សពព្រះរាជបុត្រឱ្យសមរម្យតាមកិត្ដយសសោះ ទើបទ្រង់មានព្រះឱង្ការឱ្យតម្រួតចាត់ការបាចទឹកស្ទឹង និងយក សពព្រះរាជកុមារមកធ្វើបុណ្យតាមព្រះរាជបវេណី។ លុះបានទទួលព្រះបង្គាប់ហើយ ពួកពលរាប់រយនាក់ ព្រមទាំងបណ្ដារាស្ដ្ររាប់ពាន់ នាំគ្នាខ្វល់ខ្វាយ លើកទំនប់កាត់ស្ទឹង សុទ្ធតែដុំដី និងដុំអិដ្ឋ ដុំថ្ម ចាក់គរលើគ្នាទាំង បង្គីៗ កិច្ចការជឿនលឿនយ៉ាងរហ័ស ធ្វើតែមួយថ្ងៃទំនប់ក៏ហើយស្រេច នាំគ្នាដុតចន្លុះបាច់ទឹកឱ្យរីងទាំងយប់ ។ ដល់ពេលអាធ្រាត្រទំនប់ធ្លាយទៅ គេនាំគ្នាចាក់ដីពេញភ្លាម តែជាប់មិនយូរ ហើយខ្សែទឹកត្រង់នោះ ហូរមិនបាន ជាខ្លាំងប៉ុន្មានទេ តែទោះបីប្រឹងប្រែងទប់ទល់យ៉ាងណាក៏ជាការឥតអំពើ ។ ទាល់គំនិតមេ ចាត់ការបានឱ្យទូងស្គរ ប៉ាវគង គ្រប់ស្រុកគ្រប់ភូមិរកឆ្មាំទំនប់ តែគ្មានអ្នកណាឆ្លើយសោះ ស្រាប់តែជួបស្ដ្រីមេម៉ាយក្មេងម្នាក់មានផ្ទៃពោះ ចំនួន៥ខែ។ នាងចូលទៅជិតអ្នកប៉ាវគង សាកសួរកិច្ចការគេ គេប្រាប់តាមសេចក្ដីសព្វគ្រប់។ ឯនាងនោះក៏យល់ ព្រមចាំទំនប់ ។ គេឱ្យនាង១០បាទ នាងសុខចិត្ដចាំ គេកាត់កនាងស្លាប់។ ទំនប់នោះក៏បាចរីងលែងធ្លាយ ។ គេចាប់ ក្រពើសំលាប់វះពោះយកសពព្រះរាជកុមារ មកធ្វើបុណ្យជាឱឡារិកតាមព្រះរាជបវេណី បញ្ចុះធាតុសពស្រេច ហោង ។


ដោយមានរឿងយ៉ាងនេះហើយ ទើបសព្វថ្ងៃនេះ ជនជាតិខ្មែរយើង តែកាលណាមានគ្រូទាយឱ្យថា “នឹងមានគ្រោះ” តែងតែនិមន្ដព្រះសង្ឃធ្វើពិធីកំចាត់គ្រោះ និងលើករាសី ព្រោះខ្មែរយើងតែងតែនិយាយថា “រាសីដាក់ អារក្សហ៊ានធ្វើ” ទើបគេរកព្រះសង្ឃធ្វើពិធីលើករាស្រីឱ្យខ្ពស់ឡើង កុំឱ្យមានអ្វីមកបៀត បៀនបាន ។

រឿង វិញ្ញាណ

 រឿង វិញ្ញាណ

នាងខ្ញុំ មិត្តអ្នកអានម្នាក់ទៀត ចូលចិត្តអានជាងគេ គឺរឿងខ្មោចតែងតាមដានមិនដែល​ដាច់​​ទេ ថ្វី​ត្បិត​មាន​រឿង​មួយ​ចំនួន​​គិតថា មិនអាចកើតទៅបានទេ ប៉ុន្តែនាងខ្ញុំនៅតែចង់​អាន​ព្រោះ​វា​ដូចជា​ទាក់​ទាញ​ឲ្យ​អារម្មណ៍​រន្ធត់​សប្បាយ​ទៅ​ម្យ៉ាង​ដែរ ។ រឿងខ្លះមើល​ហើយ ខ្លាច​មិន​ហ៊ាន​ដេក​ម្នាក់​ឯង​ក៏មាន ។ ចាប់​តាំង​ពី​តូច​ដល់ធំ នាងខ្ញុំមិនធ្លាប់ជួបខ្មោចទេ ទើប​តែ​មក​ជួប​ក្រោយ​ពេលមានប្ដី​នេះឯង ។ រឿង​នេះ​បាន​កើត​ឡើង ប្រហែលជាមួយឆ្នាំកន្លងមកហើយ ។ នាងខ្ញុំសុំអនុញ្ញាតនិយាយ​រៀប​រាប់​តាំងពីដើមមក ដើម្បី​ឲ្យ​មិត្ត​អ្នក​អានដឹងដំណើរដើមទង ។


នាងខ្ញុំជាកូនអ្នកទីក្រុង ឪពុកម្ដាយជាអ្នកលក់ដូរ ។ ពេលរៀនបានចេះដឹងល្មមៗ ក៏​ឈប់ រួច​ងាក​មក​ជួយ​ម៉ែ​លក់​ដូរ​រហូត​មក ។ ពេលនោះ នាងខ្ញុំបានស្គាល់បងចម ជាស្វាមីដែលស្លាប់ទៅនេះ ។ នាង​ខ្ញុំ​បាន​ស្គាល់​​គ្នា​ជាច្រើនឆ្នាំមកហើយ​តាំង​ពី​នៅ​រៀន​ម៉្លេះ ។ បងចម ជា​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​ឲ្យ​ក្រុម​ហ៊ុន​មួយ ។ ទំនិញនាងខ្ញុំលក់មួយចំនួន ក៏​ទទួល​មក​ពី​ក្រុមហ៊ុន​របស់​បង ចម ធ្វើការ​នោះដែរ ។ បងចម តែងតែដឹក​យក​មក​បោះឲ្យនាងខ្ញុំដល់ៗហាង ។ គាត់ជាបុរស​តែ​ម្នាក់​គត់​ចូល​ចិត្ត​មក​ជជែក​លេង​​ជា​​មួយ​នឹងនាងខ្ញុំដែល​កាល​ណោះ យើងមិនទាន់​មានអីៗនឹងគ្នាទេ ។


អស់រយ:​ពេលប្រហែលជាមួយឆ្នាំឯណោះ ទើបនាងខ្ញុំបានទទួលសំបុត្រសុំស្នេហ៍ពី​បងចម ។ នាង​ខ្ញុំ​មិន​ហ៊ាន​តប​ទៅ​វិញ​ទេ ខ្លាចពុកដឹង​ច្បាស់ជាខ្លោចខ្នងមិនខាន រឿង​មានស្នេហា ស្នេហ៍​ហ៊ឺត​លាក់​កំបាំង​មុខ​ម៉ែឪនេះ ។ គាត់​ចង់​ឲ្យ​កូន​ស្រី​របស់​គាត់ បាន​រៀប​ការ​ជា​មួយ​អ្នក​មាន​ឋាន:​គ្រាន់​បើ​បន្តិច ។ កូន​ប្រសារ​មាន​ស្ថានភាពទន់ខ្សោយជាង​គាត់ គាត់នឹងមិនឲ្យទេ ។ នាង​ខ្ញុំ​គិត​ថា បងចម ប្រហែល​ជាគ្មានវាសនា​បាន​នាង​ខ្ញុំ​ធ្វើជាភរិយាទេ ព្រោះគាត់​មានឋាន:តូចទាប (ក្រ) ​ជាង​គ្រួសារ​របស់​នាង​ខ្ញុំ ។ ប៉ុន្តែ​​គាត់​ឧស្សាហ៍​រក​ពេល​មក​ជួប​នាងខ្ញុំជាញឹកញាប់ណាស់ ។ នាងខ្ញុំក៏ស្រឡាញ់ អាណិត​គាត់​ណាស់ដែរ និងមិនដឹងជា​ធ្វើ​យ៉ាង​​ម៉េច​បើ​ខ្លួន​ជា​ស្រី ។ បង ចម ប្រាប់នាងខ្ញុំជាញឹកញាប់ថា ទោះ​ជា​ឪពុកម្ដាយ​នាងខ្ញុំបង្គាប់ប៉ុន្មាន ក៏​គាត់​រក​ឲ្យ​ទាល់​តែ​បាន ឲ្យ​តែលោកទាំងពីរ បង្គាប់ក្នុងភាពត្រឹម​ត្រូវ ។ ប៉ុន្តែ កាន់តែសេពគប់គ្នាជិតស្និទ្ធខ្លាំងទៅ ក្ដី​សង្ឃឹម​នៃ​ថ្ងៃ​រៀបការរបស់យើង ក៏​កាន់​​តែ​​ឃ្លាត​ឆ្ងាយ​ទៅ ។ ព្រោះនាងខ្ញុំបានទទួលដំណឹងរសឹបរសៀប ព្រម​ទាំង​បាន​ឃើញ​​ផ្ទាល់​នឹង​ភ្នែក​ពួក​កំលោះៗ​​ជាច្រើននាក់​ដែលមានមុខតំណែងខ្ពស់គួរសម គេមកមើល​នាងខ្ញុំ​ដោយ​មាន​​ការ​អនុញ្ញាត​ពី​សំណាក់​ឪពុក​ម្ដាយរបស់នាងខ្ញុំ ។ ដល់​ដំណាក់​កាល​​នេះ ទើបនាងខ្ញុំមានអារម្មណ៍ថា នាង​​ខ្ញុំ​កាន់​តែ​អាណិត​ស្រឡាញ់​បង ចម កាន់តែខ្លាំង​ឡើង ។ ប្រសិនបើបើកដៃឲ្យគាត់​ចូល​មកប្រកួតប្រជែង​ប្រាកដ​ជា​គាត់​មិន​ឈ្នះគេ​ឡើយ ។ ម៉្យាងវិញទៀត នាងខ្ញុំគ្មានចិត្តស្រឡាញ់ពួកកំលោះៗ ដែល​ពុក​បើក​ដៃ​​ឲ្យ​មក​មើល​នាង​ខ្ញុំនោះសោះ មើលទៅគ្មានត្រូវចិត្តនាងខ្ញុំឡើយ ។


នៅទីបំផុត ដោយមិនអាចទ្រាំបាន បងចម​បានមកបបួលនាងខ្ញុំរត់ ដោយប្រាប់ថា​នឹង​យក​នាង​ខ្ញុំ​ទៅ​នៅ​ខាង​ផ្ទះ​បង​ប្អូន​របស់គាត់ ។ គាត់ថាប្រសិនបើមិនដូច្នេះទេ នាង​ខ្ញុំប្រាកដជាធ្លាក់ទៅលើ​ដៃ​ប្រុស​ផ្សេង​ជា​មិន​ខាន ។ គាត់អង្វរលន់តួថា ប្រសិន​បើនាង​ខ្ញុំអាណិតស្រឡាញ់គាត់ពិតមែន សុំ​ឲ្យ​នាង​ខ្ញុំ​រត់​ទៅតាមគាត់ គាត់នឹងចិញ្ចឹមបីបាច់ថែ​រក្សានាងខ្ញុំឲ្យល្អបំផុត រួច​ហើយ​​ចាំ​ត្រឡប់​មក​សុំ​ខមា​ទោស​ឪពុក​ម្ដាយ​របស់​នាង​ខ្ញុំ​វិញ ។ ដោយ​សេចក្ដី​ស្នេហា​និង​យល់​ថា​អាច​ទុក​ចិត្ត​បាន​ទើប​នាង​ខ្ញុំ​សំរេច​​ចិត្ត​រត់​ទៅអាស្រ័យ​នៅ​ជា​មួយ​នឹង​ញាតិ​មិត្តបងប្អូនរបស់គាត់ ។ មិនបានប៉ុន្មាន បងរបស់បង ចម បាន​ចែកផ្ទះតូចមួយ​ឲ្យ​ពួក​​យើង​នៅ​ស៊ី​ដេក​ជា​មួយ​គ្នាតែពីរនាក់ ។ យើង​រស់នៅជាមួយគ្នា មាន​សេចក្ដី​សុខណាស់ ។ គាត់ថ្នាក់ថ្នមនាងខ្ញុំ ដូចពាក្យ​សន្យា​មែន ។ ពេលរៀបចេញទៅធ្វើការម្ដងៗ គាត់​ហាមនាងខ្ញុំ​មិនឲ្យចេញទៅក្រៅ ឆ្ងាយ​ឡើយ​ខ្លាច​មាន​គេ​ឃើញនឹងយក​ទៅ​ប្រាប់​ឪពុក​ម្ដាយ​នាង​ខ្ញុំ ។


ប៉ុន្តែគួរឲ្យអនិច្ចា យើងនៅរួមសុខជាមួយគ្នាមិនទាន់បានមួយឆ្នាំផង ក៏កើតមានឧប្បតិ​ហេតុ​ខាង​រថយន្ត ធ្វើឲ្យបង ចម របស់នាងខ្ញុំ ត្រូវចាកចេញទៅ ដោយគ្មានថ្ងៃនឹងវិល​ត្រលប់​មក​វិញ​ទាំង​ពេល​នេះ​នាង​ខ្ញុំ កំពុង​តែ​ចាប់​ផ្ដើម​ធ្វើ​ជា​ម្ដាយ​របស់​គេ​ទៅ​ហើយ ។ បងចម បើក​រថយន្ត​បុក​គ្នា​ជា​មួយ​​នឹងរថយន្តកង់ ១០ និងត្រូវស្លាប់ក្រោយពេលយក​ទៅ​ដល់​មន្ទីរ​ពេទ្យ​មិន​បាន​ប៉ុន្មាន​ផង ។ វា​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ហួស​ពេក តាមពិត​ទៅថ្ងៃនោះ ត្រូវវេនគាត់សំរាកទៅហើយ ប៉ុន្តែចៃដន្យ អ្នក​បើក​​​បរ​វេន​នោះ​​ផឹក​ស្រា​ស្រវឹង​បើក​រថយន្តលែងកើត ទើបអ្នកគ្រប់គ្រងឲ្យបុគ្គលិក​តាម​មក​ហៅ​បង ចម ដល់ផ្ទះ ឲ្យ​ទៅ​បើក​រថយន្ត​ជំនួស ។ ពេលនោះយើងកំពុងតែរៀបចំខ្លួនចូលគេងទៅហើយ។ ពេល​ដឹងថានឹងត្រូវធ្វើការទៀត គាត់​ក៏​សុខ​ចិត្តទៅទាំងគ្រវីក្បាល ។ មុន​គាត់ចេញទៅ បាន​ផ្ដាំ​នាង​ខ្ញុំ​ថា : «បងទៅហើយណា មើល​បិទ​ទ្វារ​បិទ​បង្អួច​ផង» ផ្ដាំរួចគាត់ទាញអាវយឺត​ពាក់បណ្ដើរ ដើរ​ចេញ​​ទៅ​បណ្ដើរ​គួរ​ឲ្យ​អាណិត ។ នាង​ខ្ញុំ​បិទ​ទ្វារ​បិទ​បង្អួច​ចូល​គេង​ទាំងលក់ភ្ញាក់ៗ ព្រោះនឹកបារម្ភដល់ប្ដី ។


មក​ភ្ញាក់​ដឹងខ្លួនម្ដងទៀត ស្រាប់ឃើញបងចម មកដេកក្បែរនាងខ្ញុំ មិនដឹងតាំងពីថ្មើណា ។ នាង​​ខ្ញុំ​គិត​ថា បងចម ប្រាកដ​ជាអស់កំឡាំង និងងុយគេងខ្លាំងណាស់ ទើបនាងខ្ញុំមិន​ហ៊ានដាស់សួរ ។ នាង​ខ្ញុំ​ក៏​សំងំ​គេង​​ម្ដងទៀតទៅ ។ ពេល​ភ្ញាក់​ដឹង​ខ្លួន​មក​ម្ដង​ទៀត ក៏កើតមានអ្វីខុសប្លែកពីធម្មតា ព្រោះ​​នៅ​ពេល​នាង​ខ្ញុំ​បោះ​ដៃរាវរកប្ដី ស្រាប់តែមិនមានប៉ះទាល់តែសោះ ។ ម៉ោង​ប្រហែលជា ៣ ឬ ៤ ទៀប​ភ្លឺ​ប៉ុណ្ណោះ ប្ដី​នាង​ខ្ញុំ​មិន​ដែលក្រោកទៅណាទេ ។ នាងខ្ញុំប្រញាប់ងើបឡើង តាមរកក៏មិន​ឃើញ ។ ចំណែក​ទ្វារ​នៅខ្ទាស់​ពី​ខាង​ក្នុង​ដដែល បញ្ជាក់ថា គាត់មិនអាចចេញទៅក្រៅ​បានទេ ។ នាង​ខ្ញុំ​ឆ្ងល់​ណាស់ ហេតុ​អី​ក៏​រក​មិនឃើញ ? នាង​ខ្ញុំស្រែកហៅ ក៏មិនឮឆ្លើយទៀត ។ ពេលនេះ នាង​ខ្ញុំ​លែង​ហ៊ាន​នៅ​ផ្ទះ​ម្នាក់​ឯង ព្រោះមានអារម្មណ៍ថា ស្វាមី​ប្រហែលជា​មិនស្រួលហើយ ។ នាង​ខ្ញុំ​បើក​ទ្វារ​រត់​សំដៅ​ទៅ​ផ្ទះមីងមារបស់​បង ចម ដើម្បីសាកសួរ​មើល តើ​ឃើញ​គាត់​ដែរ​ឬ​អត់ ។ ពេលទៅដល់​ឃើញ​ញាតិ​មិត្តរបស់បង ចម ជាច្រើន​នាក់ កំពុង​មាន​អាការ​តក់ស្លុត ។ សម្លេងនរណា​ម្នាក់​បាន​សួរ​មក​នាង​​ខ្ញុំថា :


បានដឹងរឿងអា ចម ហើយឬ​បានជារត់មកទាំងស្លន់ស្លោរដូច្នេះ ? នាង​ខ្ញុំ​សួរ​បក​ទៅ​ពួក​គេ​វិញ​ថា :

ដឹងរឿងអី មានឃើញបង ចម ទេ ? យប់មិញត្រឡប់មកពីបើកឡានវិញ បាន​ដេក​ក្បែរ​នាង​​ខ្ញុំ​ទៀត​ផង ប៉ុន្តែ​ពេល​នេះ​មិន​​ដឹងជាបាត់ទៅណា ! ពួក​គេតបមកនាងខ្ញុំវិញថា :

យល់សប្តិទេដឹង ​អាចម​ត្រូវរថយន្តបុកស្លាប់បាត់ទៅហើយ​ត្រឡប់មកវិញធ្វើម្ដេច​នឹងកើត ? ពេល​បានឮដូច្នេះ នាង​ខ្ញុំ​ស្រាល​ខ្លួនស្លេវស្លឹកត្រចៀកហ៊ឺងងងឹតៗ ទប់ខ្លួនលែងចង់​នឹង ។ ពួក​គេ​បន្ថែម​ទៀតថា :

ខាងក្រុមហ៊ុន គេមកប្រាប់អំបាញ់មិញនេះ ថាអា ចម បើកឡានបុកគ្នាស្លាប់បាត់​ទៅហើយ ។ ពេល​នេះ​សាកសពវា នៅ​មន្ទីពេទ្យឯណោះ ។ ពួកយើងរៀបទៅប្រាប់ ! ចៃដន្យ​ឯង​មក​ដល់​ល្មម !

នាងខ្ញុំស្ដាប់ឮតែប៉ុណ្ណោះ ក៏សន្លប់បាត់ស្មារតីទៅ ។ ពេលភ្ញាក់ដឹងខ្លួនមកវិញ ភ្លឺចែស​ទៅ​ហើយ ។ នាង​ខ្ញុំ​នឹក​ដល់​ហេតុការណ៍ ដែលនាងខ្ញុំបានឃើញកាលពីយប់មិញនោះ គឺ​ជា​វិញ្ញាណ​ស្វាមី​របស់​នាង​ខ្ញុំ​ពិត​ប្រាកដ ។ មុននឹងស្លាប់ គាត់​ប្រាកដ​ជាបារម្ភនឹងនាង​ខ្ញុំ​ណាស់​ទើប​ពេល​ដាច់​ខ្យល់​ពឹប​ទៅ​ វិញ្ញាណ​របស់​គាត់​មក​រក​នាងខ្ញុំភ្លាម ។ រឿង បង ចម ដែល​លូន​ចូល​ដេក​ជាមួយនឹងនាងខ្ញុំនោះ ប្រាកដ​ជាមិនអាចទៅកើតទេ ព្រោះទ្វារ​សុទ្ធ​តែខ្ទាស់ពីខាងក្នុងទាំងអស់ ។ គ្មាន​អ្វី​សង្ស័យ​ឡើយ​ព្រោះ​មាន​តែ​ខ្មោច​ឬវិញ្ញាណ​ទេ ទើប​អាច​ចូល​មក​បាន… ទោះបីជាដឹងថា ជីវិត​មនុស្ស​យើង​មិន​ទៀង​ក៏​ដោយ នាង​ខ្ញុំ​នៅ​តែ​សោក​សៅ​ស្ដាយ​ស្រណោះ​ប្ដី​ណាស់​ ព្រោះ​កាត់​ជា​មនុស្ស​ល្អ និង​ជា​អ្នក​ផ្ដល់​កំណើត​​ឲ្យ​កូននៅក្នុងផ្ទៃរបស់​នាងខ្ញុំផង ។ នាងខ្ញុំ​អាណិត​កូន​ខ្លាំង​ណាស់​…​ពេល​វា​កើត​មក​គ្មាន​ឪពុក​នឹង​គេ ។ នាងខ្ញុំសុំអនុញ្ញាត មិន​និយាយ​ពី​ការ​ធ្វើ​បុណ្យ​សព​ប្ដី​អី​នោះ​ទេ ។ គ្រាន់​​តែបញ្ជាក់ថា ក្រោយ​ពី​បុណ្យ​ឲ្យស្វាមីហើយ ក៏លេចឮដំណឹងដល់ឪពុកម្ដាយរបស់នាងខ្ញុំ ពួក​គាត់ក៏​តាម​មក​ទទួល​នាង​ខ្ញុំ​ឲ្យ​ទៅនៅជាមួយវិញ ។ តមក នាងខ្ញុំប្រសូត្របានកូនប្រុស និង​នៅ​ជា​មេ​ម៉ាយ​កូន​​មួយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕

រឿង លាភថ្ងៃសៅរ៍ត្រូវប្ដូរនឹងជីវិត

 



រឿង លាភថ្ងៃសៅរ៍ត្រូវប្ដូរនឹងជីវិត

នាយស្លឹក ជាមនុស្សគ្រាន់បើម្នាក់ក្នុងភូមិ ដែលគេឯងស្គាល់គ្រប់ៗគ្នា​គ្មានចន្លោះឡើយ ។ គេ​ធ្លាប់​ឆ្លង​កាត់​ការ​បួស​រៀន​អស់​ ​​ror យាក់ ពេលបីវស្សា ជាទំនៀមទម្លាប់   របស់សាសនាព្រះពុទ្ធ 

ដើម្បី​សង​គុណ​ឪពុក​ម្ដាយ មុននឹងរៀបចំរកគូស្រករ ។ ប្រពន្ធ​គេ​ជា​នារីម្នាក់ មានរូបសម្រស់ស្អាត បើ​ប្រៀប​ធៀប​នឹងស្រីៗ​ក្នុង​ភូមិ​ក្បែរៗនោះ ។

ចាប់តាំងពីមានភរិយាមក នាយ​ស្លឹក​ឧស្សាហ៍​ធ្វើ​ការងារ​ធ្ងន់​ស្រាល​គ្រប់​បែប​យ៉ាង​គ្មាន​ថ្ងៃ​ណា​ឃើញ​នាយ​ស្លឹកមិនដើរអត់​​ឥត​ប្រយោជន៍​នោះឡើយ ។ អ្នកស្រុកភូមិ នាំគ្នាស្ងើចសរសើរមិនដាច់ពីមាត់ ដែល​គេ​ខិត​ខំ​មិន​ចេះនឿយហត់ ។

ថ្ងៃនេះគេមកពីណាមិនដឹង ដើរកាត់មុខផ្ទះតា ចៀម ក្នុង​ដំណើរ​ស្ទើរ​រត់​ស្ទើរ​ដើរ​ដែល​ជា​ទំលាប់ ។


អេ…ចុះឯងមកពីណា​​   ដូចជាប្រញាប់ប្រញាល់ម៉្លេះចៅស្លឹក ?

អូ បាទ ! មកពីស្រែ លោកតា  !

 ឧស្សាហ៍ដូចចៅឯងនេះ មិនយូរទេ ប្រាកដជាធ្វើអ្នកមានប្រចាំភូមិជាមិនខាន ។

អរគុណលោកតា  !

  លោកតានៅផ្ទះតែម្នាក់ឯងទេឬថ្ងៃនេះ ?

អើនៅតែម្នាក់ឯងទេ ។

អាជាទៅណាហើយ បានជាបណ្ដោយឲ្យលោកតា នៅចាំផ្ទះតែម្នាក់ឯងអីចឹង ?

អាជា ទៅភ្នំពេញប៉ុន្មានថ្ងៃហើយ ។ ក្រែងអាជា ជាក្លើហ្នឹងឯង វា​ទៅ​ភ្នំពេញ​មិន​បាន​ប្រាប់​ឯង​ទេ​ឬ ?

អត់ទេលោកតា មិនប្រាប់ទេ ! ខានឃើញមុខវាច្រើនថ្ងៃហើយ !


នាយស្លឹក និយាយបណ្ដើរទំលាក់គូថអង្គុយលើគ្រែបណ្ដើរ បំណង​ជជែក​លេង​ជា​មួយ​តា​ចៀម មួយ​ភ្លែត​សិន ព្រោះ​ខាន​ឆៀង​មកលេងយូរហើយ ។ ពេលណាបានសន្ទនាជាមួយនឹងតា ចៀម ម្ដងៗ គេ​ហាក់​ដូច​ជាកក់ក្ដៅណាស់ ព្រោះ​ដូច​ជា​មាន​ប្រយោជន៍​ច្រើន យ៉ាងហោចណាស់ក៏បាន ដឹង​ពី​ប្រវត្តិ​ខ្លះ​ដែល​មនុស្ស​ជំនាន់​គេមិនបានដឹងមកពីមុន ។

 មិនថាអ្នកណាៗ បើ​ដើរទៅមក ឆ្លង​កាត់​មុខ​ផ្ទះ​តា​ចៀម តែង​តែ​ឆៀង​ចូល​លេង​ឬយ៉ាងហោចណាស់ ក៏ស្រែកសួរសុខទុក្ខពី​ចំងាយដែរ ។ គ្រប់​គ្នា​ចាត់​ទុក តាចៀមជាម្លប់ពោធិ៍​ស្លឹក​ក្រាស់ប្រចាំភូមិ ។

ក្រោយពីសន្ទនាគ្នា អស់រយ:ពេលយូរសមគួរ តា ចៀម ឱនសំឡឹងមើលមុខនាយស្លឹក យ៉ាង​ពិនិត្យ​ពិច័យ ប្រៀប​ដូច​ជា​កំពុង​ស្វែងរកអ្វីម៉្យាង ។ បន្ទាប់មក តា ចៀម ប្រាប់​រឿង​មួយ​ដល់​នាយ​ស្លឹក ធ្វើ​ឲ្យ​នាយ​ស្លឹក​មានភាពរីករាយ ញញឹម​ញញែម​ខុស​ពី​​ធម្មតា ។ មិន​ឲ្យ​នាយ​ស្លឹក​ញញឹម​ម្ដេចនឹងកើតបើតា ចៀម ប្រាប់ថា :

បើតាមមើលទៅឯង ជាមនុស្សម្នាក់កំពុងតែមានជោគលាភ ខាងមាសប្រាក់ធំដុំផងវើយ ! តា ចៀម និយាយចប់ ក៏​ទុក​អត្ថន័យ​ចោលមួយសន្ទុះ មុន​នឹង​គាត់​និយាយ​ជា​ប្រយោគ​បន្ត​ទៅ​ទៀត​ថា :

ប៉ុន្តែស្លឹក អើយ ! វាជាជោគលាភគួរឲ្យខ្លាចផង !

គួរឲ្យខ្លាចយ៉ាងម៉េចទៅលោកតា ?

ជោគលាភនោះធំដុំមែន ប៉ុន្តែបើបានមកដល់ឯងពេលណា ក៏​មាន​ន័យ​ថា ឯង​ត្រូវ​តែ​បាត់​បង់​របស់​អ្វី​ម៉្យាង​ទៅ​វិញ​ដែរ ។ ប្រសិនបើឯងមិនចង់ទទួលយក​ជោគលាភ សេចក្ដីទុក្ខនោះ ក៏​មិន​បាន​មក​ដល់​ឯងដែរ !

ប៉ុន្តែថា ជោគលាភជាដុំកំភួននោះសំដៅដល់ជោគលាភខាងផ្នែកណាទៅលោកតា ។

គឺជោគលាភនឹងបានទទួលប្រាក់ក្លាយជាអ្នកមាននោះឯង ។

បើអីចឹងល្អហើយលោកតា ខ្ញុំចង់ឲ្យថ្ងៃនោះ វាមកដល់ខ្លាំងណាស់ ។

តែវាគួរឲ្យខ្លាចមែន បុរាណលោកថា នឹងមានទុក្ខព្រោះលាភ ! ហេតុនេះ អ្នក​ខ្លះ​ព្រម​ឲ្យ​នៅ​ក្រ​ចុះ​ប្រសើរ​ជាង​មាន​ទ្រព្យ ទាំងរងទុក្ខដូច្នេះ !

ខ្ញុំមានជីវិតរស់នៅនេះ ក៏ព្រោះត្រូវការមានទ្រព្យស្ដុកស្ដម្ភដែរ ប្រសិន​បើ​ខ្ញុំ​មាន​មែន​នោះ​មិន​ដឹង​ជា​យ៉ាង​ណាទេ !

មិនពិតទេចៅ ស្លឹក ពេលដល់ថ្ងៃនោះ ឯងអាចមានគំនិតផ្សេងទៅវិញ ក៏ថាបាន កុំ​ភ្លេច​វា​ជា​លាភ​ទុក្ខ​​ណា ។

ការសន្ទនាថ្ងៃនោះ ដំណើរការទៅដោយភាពកក់ក្ដៅរហូត នាយ ស្លឹក ភ្លេច​គិត​ទៅ​ថា​ពេល​បាន​លាភ​​ជាដុំកំភួននោះ វា​នឹងកើត​សេចក្ដីទុក្ខឡើងក្នុងពេលនោះដែរ ។ គេ​នឹក​ស្រមើល​ស្រមៃ​ទៅ​ដល់​ជោគ​លាភ​នេះដោយមានជំនឿថា ទំនាយ​របស់​តា​ចៀម យ៉ាងម៉េច គឺយ៉ាងនោះហើយ ។ សេចក្ដី​សង្ឃឹម បាន​ធ្វើ​ឲ្យ​​មនុស្ស​ឧស្សាហ៍ព្យាយាមដូចជា នាយ ស្លឹក ក្លាយ​ទៅ​ជា​មនុស្ស​ឡេះឡោះ ។

 ទោះ​បីជាទៅស្រែចំការ ក៏​មិន​យក​ចិត្ត​ទុកដាក់នឹងធ្វើការងារដែរ ។ គេរង់ចាំឲ្យថ្ងៃនោះមកដល់​ភ្លាមៗ​ទាន់​ចិត្ត​ទេ ។ ទង្វើ​ និង​អាកប្បកិរិយា របស់នាយ ស្លឹក បានធ្វើឲ្យនាង ក្លិន ជា​ភរិយា​ចាប់​ផ្ដើម​មើលឃើញកំហុសឆ្គង នាយស្លឹក មិន​បាន​​បរិយាយ​អ្វី​ឲ្យ​លំអិតឡើយ ។

នាយស្លឹក ដេកចាំប្រេងវាសនាតាំងពីខែប្រាំងរហូតដល់ខែវស្សា ។ នាយ ស្លឹក តែង​ឆៀង​មក​លេង​ផ្ទះ​តា ចៀម ញឹក​ញាប់ ប៉ុន្តែ មិនហ៊ានសួររំលឹកអំពីជោគលាភរបស់ខ្លួនដែរ ។ តា ចៀម បាន​ក្រើន​ទូន្មាន​ម្ដងៗ​ថា កុំទៅគិតពេក អ្វី​ដែល​ជា​របស់​យើង​​គង់​តែបាន​ទេ !

ថ្ងៃមួយផ្ទៃមេឃងងឹតស៊្លប់ ពពករសាត់អណ្ដែតរាយប៉ាយពាសពេញមេឃ ។ ទឹក​ភ្លៀង​ចាប់​ផ្ដើម​បង្អុរ​ចុះមក ។ នាយ ស្លឹក ធ្លាប់ តែ​សប្បាយ​ចិត្ត​នឹង​ទឹក​ភ្លៀង​រាល់ៗ​ឆ្នាំ​នោះ​បែរ​ជា​លែង​រវី​រវល់​ដល់​ទៀត​ហើយ ។ គិតតែម៉្យាងប៉ុណ្ណោះ រង់ចាំ​ជោគ​លាភ​នឹង​​មកដល់នៅ​ពេលណាមួយ តាម​ទំនាយ​របស់​តាចៀម ។

ប៉ុន្តែគេចាំហើយចាំទៀត ទីបំផុតភាពអត់ធន់នឹងការទ្រាំចាំហាក់ដូចជាថមថយទៅ ។ គេ​ស្រែក​​លាន់​រំពង​ប្រណាំង​នឹង​ស្នូរ​ភ្លៀង ផ្គររន្ទះថា :

ហេតុអីវើយ ! ទេវតា ! មេឃដី ! ខ្មោចព្រាយបិសាច ! អារុក្សអារ័ក្សអ្នកតាខ្មោចព្រៃ ខ្មោច​ស្រុក​ងាប់​ទៅ​ណាអស់ហើយ ហេតុអី អាស្លឹក ដូចអញនេះ ត្រូវមកក្រលំបាក ? ទាំងអញ​នេះ នឹង​ត្រូវ​មាន​វាសនាក្លាយជាអ្នកមាន តើ​ពេល​ណា​ជោគ​លាភនោះនឹង​មក​ដល់អញ ?

យប់នោះក្រោយពីបាយល្ងាចរួច នាយស្លឹក ឡើងទៅចងមុងដេកតាំងពីក្បាលព្រលប់ ។ ដោយ​សារ​គិត​រឿង​ជោគ​លាភ​សូម្បី​តែ ភរិយាស្រស់ស្អាត ក៏គេលែងគិតដែរ ថែមទាំងពេលនាងមានផ្ទៃ៥-៦ខែ ទៅ​ហើយ​ផង ។ ផ្ទុយទៅវិញ គេ​នឹក​ទៅ​ដល់​កូន​នៅ​ក្នុងផ្ទៃ​ភរិយាថា : «បើកុំតែក្រ ដូច្នេះ​កុំ​អី​កូន​ដែល​កើត​មក នឹង​ក្លាយជាអ្នកអស្ចារ្យមានអនាគតត្រចេះត្រចង់ និង​មាន​ការ​សិក្សា​ខ្ពស់ជាង អ្នក​ណាៗ​ទាំងអស់ក្នុងភូមិ» ។ 

គេ​ស្រមើស្រមៃបណ្ដើរ យកដៃឱបពោះភរិយាបណ្ដើរ ។ មិនយូរប៉ុន្មាន ស្រាប់​មាន​អ្វីម៉្យាងកើតឡើង​ជា​មួយ​នឹងគេ ។ គេដូចជាកំពុងដេកលក់ ប៉ុន្តែមិនមែនលក់ទេ ព្រោះ​នៅ​បាន​ឮ​សូរ​សម្លេង​របស់​អ្នក​ណា​ម្នាក់​​ស្រែក​ហៅគេនៅ​ជណ្ដើរ​ផ្ទះ ។ នាយស្លឹក គ្រាន់​តែ​ងើយ​មើល ក៏ឃើញមនុស្ស​ម្នាក់នៅឈរក្បែរជណ្ដើរ ។ ជន​ម្នាក់​នោះ​បន្ត​ថា :

ចង់មានតាមអញមក !។ ដោយ​សារជននោះជាមនុស្សចម្លែក ធ្វើឲ្យនាយ ស្លឹក នឹក​គិត​​ថា :

គួរទៅឬអត់ន៎ ? គេ​មិន​ទាន់​នឹក​​សំរេច​ចិត្តបានផង ជើងរបស់គេ ក៏បោះជំហានចុះពីលើជណ្ដើរផ្ទះ ដើរ​តាម​ជន​ម្នាក់នោះទៅហើយ !

នាយស្លឹក មានអារម្មណ៍ថា នៅពេលនោះ គេ​កំពុង​ឈាន​ជើង​ដើរ​ចេញ​ពី​ក្នុង​ភូមិ​ឆ្លង​កាត់​វាល​ស្រែ​ឃើញផ្លូវស្ទុងៗ ។ នៅ​សង​ខាងផ្លូវ​ស្ងាត់ជ្រងំគ្មានឮសូម្បីតែសម្លេងសត្វតូចតាចយំ ។

នាយស្លឹក ដើរតាមពីក្រោយមនុស្សប្លែកមុខឃើញខ្នងព្រាលៗ ។ ភ្លាមនោះ គេ​ឃើញ​ដើម​ឈើ​ធំ​ខ្ពស់​មួយដើម និង​មាន​ផ្ទះ​ចាស់​បុរាណមួយខ្នង ដែលសង់ទុកតាំងពីយូរណាស់មកហើយ ។ មើល​ទៅ​អ្នក​នាំ​ផ្លូវ នឹងនាំមកកាន់ផ្ទះនោះ ។ គេ​ពិនិត្យ​មើល​ស្ថានភាព​ទៅមកៗទើបដឹងថា ផ្លូវ​នេះ​សង់​លើ​ដី​ស្រែ​របស់​ខ្លួន​ទេ​តើ ! គេតាំងថា នឹងសួរម្ចាស់ផ្ទះនេះមើល ហេតុ​អ្វី​មក​សង់​ផ្ទះ​នៅ​ទីនេះ តើ​អ្នក​ណាអនុញ្ញាត ? គេ​បំរុង​ឈាន​ជើងឡើងជណ្ដើរផ្ទះនោះ ស្រាប់​តែ​សម្លេង​មនុស្ស​មាន​អំណាច​ម្នាក់ ស្រែក​គំហក​ពីលើផ្ទះមកថា :


អាស្លឹក ឯងកុំព្រហើនពេក !

នាយ ស្លឹក ភ្ញាក់ព្រើត ! ឈប់ង៉ក់ព្រោះសម្លេងនោះ ពោរពេញដោយអំណាច ។ រាង​កាយ​ម្ចាស់​សម្លេង​បង្ហាញរាង​ចេញ​មក​​តាមទ្វារ ។ គេជាបុរសមាឌធំ ភ្នែករាងកាច សមនឹងសម្លេង និង​តាក់​កាយ​ជា​មនុស្ស​បុរាណ​ដូចតួល្ខោនឥតខុស ។ សក់​របស់​គាត់ សព្រាត ប៉ុន្តែ​កំលាំង​ពលំ​នៅ​មាំ​មួន​សម្បើម​ណាស់ ។ នាយ​ស្លឹក ស្លុតស្មារតីមិនហ៊ាននិយាយស្ដី និង​មិន​ហ៊ាន​សំឡឹង​មើល​​ភ្នែករបស់ បុរស​កំណាច​នោះទៀត ។

ឯងចង់មាន ដូចអា ចៀម វាប្រាប់ណាស់ទៅឬ ? នាយ ស្លឹក មិនតប ព្រោះ​ប្រមូល​សតិ​មិន​ទាន់​បាន ។ ពាក្យ​សំឡុត​បាន​សន្ធប់​លាន់ឡើងមកជាលើកទីពីរ ។

អញសួរ ហេតុអ្វីឯងមិនឆ្លើយ ? អញដឹងថាឯងត្រូវការដូចអាចៀម វាប្រាប់ ! នាយ​ស្លឹក​តប​ទៅ​ទាំង​រញីរញ័រ រដាក់រដុប ដូចមានអ្វីស្ទះដើមក ។

បាទ ! មិនទាន់ផុតមាត់ស្រួលផង សម្លេងសើចចំអករបស់បុរសចំណាស់នោះ លាន់​ឡើង​ម្ដង​ទៀត ។

បាន ! ប្រសិនបើឯងចង់មាន អញឲ្យលេខឆ្នោតឯងយកទៅចាក់ ប៉ុន្តែមានលក្ខខណ្ឌមួយ គឺ​មាន​គេ​សុំ​វត្ថុ​ជា​ទី​ស្រលាញ់​របស់​ឯងម៉្យាង សំរាប់ជាការដោះដូរ​ នៅ​ពេល​ដែល​ឯង​ត្រូវ​ឆ្នោត​ហើយ !​និយាយ​​ចប់ បុរស​ចំណាស់​នោះ​ក៏​ប្រាប់​តួ​លេខឲ្យនាយ ស្លឹក និង ក្រោយ​មក​ក៏​ពុំ​ដឹង​ថា ត្រឡប់​មក​ផ្ទះ​វិញ​តាម​របៀបណា ស្រាប់​តែ​ភ្ញាក់​ឡើង​ចំ​ពេល​នាង​ក្លិន ក្រោក​ឡើង​មក​ដំណាល​គ្នា​ដែរ ។

នាយស្លឹក យកដៃចាប់ភរិយាជាប់ និងនិយាយអំពីសុបិន្តនោះឲ្យស្ដាប់ ។ ស្ដាប់​មិន​ទាន់​ចប់​សេចក្ដី​ត្រឹម​ត្រូវផង ភរិយា​ស្រស់​​ក្មេង​របស់គេព្រឺរោមខ្ញាក ព្រោះរឿងខ្មោចព្រាយអីនោះ មិន​មែន​ជា​រឿង​សប្បាយ​ទេ សំរាប់ស្រ្តីដូចជានាង ។

ដោយក្ដីគោរពចំពោះតា ចៀម ព្រឹកឡើងនាយស្លឹក ក៏យកសុបិននោះ ទៅនិយាយឲ្យតា ចៀម ស្ដាប់ ។ តាចៀម ដល់​ថ្នាក់​​ស្ទុះ​ចេញពីគ្រែរួចសួរថា សុបិននៅពេលណា ? ពេលដឹងថា ជា​សុបិន្ត​ទៀប​ភ្លឺ​ចំ​យប់​ថ្ងៃ​សៅរ៍ តាចៀមដល់ថ្នាក់បើកភ្នែកធំៗ ប្រាប់​ថា :

អាស្លឹកអើយ បុរាណលោកជឿខ្លាំងណាស់ថា យប់​ថ្ងៃ​សៅរ៍​វា​ត្រូវ​ជា​មួយ​នឹង​ខ្លួន​របស់​អ្នក​សុបិន ទោះ​បី​ជាអាក្រក់ល្អក្ដី គឺជារឿង​ពិតទាំងអស់ !

តាចៀម បកស្រាយសុបិន្តចប់នាយស្លឹក បង្ហាញស្នាមញញឹមចេញមក ដោយក្ដីត្រេកអរ ។ នាយ​ស្លឹក អង្គុយ​រង់​ចាំ​ហើយ រង់ចាំទៀត រង់ចាំលេខឆ្នោតចេញ ។ ទ្រព្យសម្បត្តិមានទាំងប៉ុន្មាន ដែល​អាច​លក់​បាន គេលក់ទាំង​អស់ ប្រមូល​​យក​លុយ​ចាក់​លេខ​ឆ្នោតដែលបានទទួលពីការសុបិន ។

 ទី​បំផុត​ថ្ងៃ​ចេញ​លេខ​ឆ្នោត​បានមកដល់ ។ គេអង្គុយដាក់ត្រចៀក​ស្ទើរ​ដល់​វិទ្យុ​រង់​ចាំ​ស្ដាប់ លទ្ធផល​សូម្បី​តែ​អ្នក​ជិត​ខាង​ក្នុង​ភូមិ​​ក៏ផ្អើលឈប់ធ្វើការ មកអង្គុយចាំស្ដាប់នឹងគេដែរ ។ មិនយូរប៉ុន្មាន នាយ ស្លឹក លោត​កញ្ឆេង ព្រម​ទាំង​ស្រែកខ្លាំងៗថា :

អញត្រូវឆ្នោតហើយ អញត្រូវឆ្នោតហើយវើយ ! អញមានហើយ អញលែងក្រហើយ !

អ្នកជិតខាងមួយចំនួនត្រេកអរជួយលោត និងស្រែកបន្ទរតាម ។ នាយ ស្លឹក អរ​លោត​ស្ទើរ​ខ្ទេច​ស្មៅ​​មុខ​ផ្ទះទៅហើយ ប៉ុន្តែ​បែរជាមិនឃើញភរិយា របស់គេចេញមកជួយត្រេកអរសោះ ? មួយ​សន្ទុះធំ ទើបគេនឹកឃើញថា ភរិយា​របស់​គេ​មិន​ស្រួល​ខ្លួន​តាំងពីព្រឹក ។

 នាយស្លឹកទៅលើផ្ទះ បំណង​ប្រាប់​ដំណឹង​ល្អ​នេះ​ដល់ភរិយា ។ គេលូកដៃទៅប៉ះរាងកាយរបស់ភរិយាថ្នមៗ ប៉ុន្តែ​គេ​ស្ទើរ​តែ​កន្ត្រាក់​ដៃ​ចេញមកវិញ ព្រោះ​រាងកាយរបស់ភរិយាត្រជាក់ស្រេប ដូចគ្មាន​ឈាមរត់ ។

 គេ​ខំ​ប្រឹង​តាំង​ស្មារតី ចាប់​រាង​​កាយ​ភរិយា​ពេញ​ទំហឹងម្ដងទៀត ។ ម្ដងនេះ បេះដូងរបស់គេ ធ្លាក់ក្ដុក ! អារម្មណ៍​ស្ទើរ​មិន​នៅនឹងខ្លួន ពេល​យក​ដៃ​ម្ខាង​ទៅ​ដាក់​ក្បែរច្រមុះភរិយា ។ នាយស្លឹករន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះ​ច្រមុះ​ភរិយាលែងមានដង្ហើមចេញចូល​ទៅហើយ ។ នាយ​ស្រែក​ខ្លាំងៗ​ម្ដងទៀត ម្ដង​នេះ​មិន​មែន​ស្រែក​សប្បាយ​ទៀត​ទេ គឺស្រែកយំ !

ក្លិន…ក្លិន…ក្លិនអូន !

គេស្រែកយំដូចកូនក្មេងយំ មិនបានរបស់ត្រូវចិត្ត ។ សម្លេង​យំ​នៅ​ពេល​នេះ​ គ្មាន​អ្នក​ស្រុក​អ្នក​ភូមិ​ណាម្នាក់ឮទេ ព្រោះ​ខ្យល់​ព្យុះ​​កំពុងតែ​សំដែងឫទ្ធិធ្ងន់ធ្ងរដែរ ក៏ស្ងប់ស្ងាត់ទៅវិញ នាយ​ស្លឹក​ត្រលប់​ជា​បាន​ឮ​សម្លេងហ៊ឺសៗ បន្លឺចេញមកពីទីឆ្ងាយ​ប្រៀប​ដូចជា សម្លេងបិសាចសាហាវ កំពុង​តែ​សើច​ដោយ​ក្ដី​ពេញ​ចិត្ត ។

អ្វីដែលឯងសុំអញ អញឲ្យហើយ ! ចុះនៅពេលអញសុំឯងវិញ ហេតុអ្វី​ក៏​ឯង​ស្រែក​យំ​វើយ​ហ៊ឺសៗ ហះៗៗ នាយ ស្លឹក​ស្ទើរ តែបិទត្រចៀកទាំងសងខាង មិនចង់ឮសម្លេងនោះទេ ។

នាយស្លឹកសំឡឹងមើលទៅមេឃ ឃើញដុំពពកមានរាងជាមនុស្ស​ចាស់ដូច​មនុស្សម្នាក់ ដែល​គេ​បាន​ឃើញ​នៅ​ក្នុង​សុបិន​​កាល​ពីរាត្រីថ្ងៃសៅរ៍ ។ បិសាចនោះបានផ្ដាច់ជីវិត ភរិយា​សំលាញ់​របស់​គេ ។ មើល​ចុះ នាងស្លាប់ទៅទាំងបិទភ្នែកមិនជិត មានចេញឈាមមកតាមមាត់តាមច្រមុះ មិន​ដឹង​ថា​នាង​វេទនា​យ៉ាងណាទេ មុនពេលផុតដង្ហើម !

យកទៅ យកទៅវិញទៅ អញលែងត្រូវការហើយ អញលែងចង់មានហើយ ! យក​ប្រពន្ធ​មក​ឲ្យ​អញ​​វិញ !

គ្រាន់តែនិយាយបានប៉ុណ្ណឹង នាយស្លឹក ក៏ខ្យល់គដួលសន្លប់បាត់ស្មារតីទៅ ។ ក្រោយ​ពេល​ភ្ញាក់​ដឹង​ខ្លួន​​វិញ បែរ​ជា​ខូច​អារម្មណ៍ ឡប់សតិ ។ អ្នកភូមិភាគច្រើនយល់ថា នាយ​ស្លឹក​សប្បាយ​ចិត្ត​នឹង​ត្រូវ​ឆ្នោត​ខ្លាំង​ពេក ក៏​ប្រញាប់​ទៅ​ដាស់​ប្រពន្ធ​ដែល​កំពុង​ដេក ឲ្យមកសប្បាយជាមួយគ្នា រហូត​មាន​ការ​ជ្រុលជ្រួស ដល់​ថ្នាក់​ច្របាច់​កប្រពន្ធស្លាប់ទេ ។ 

ប៉ុន្តែ​មាន​អ្នក​ខ្លះ​បាន​ដឹង​ហេតុការណ៍​ច្រើនជាង នេះសន្មត់ថា ការ​ស្លាប់​របស់​ប្រពន្ធ​នាយ ស្លឹក ជាថ្នូរដូរលេខឆ្នោតដែលនាយ ស្លឹក ចាក់ត្រូវនោះ ។ នាយ​ស្លឹកខូចចិត្តពេក ទៅជា ឆ្កួត​ឡប់​លែងដឹងអី និងមិនយូរប៉ុន្មាន ក៏ស្លាប់ទៅតាមប្រពន្ធដែរទៅ ៕

រឿង វិញ្ញាណឆ្កែជួយ

 



រឿង វិញ្ញាណឆ្កែជួយ

នាង នី ជាអ្នកធ្វើការនៅហាងមួយកន្លែង ។ នាងមានរាងរៅមុខមាត់ស្រស់ស្អាត ។ នាង​ជា​កូន​ស្រី​តែ​ម្នាក់គត់ ស្ថិត​នៅ​ក្រោមការគ្រប់គ្រងអប់រំរបស់ម្ដាយ ដែលជាស្រីមេម៉ាយ ប្ដីស្លាប់ តាំង​ពី​នាង​នី​នៅ​តូច​ម្ល៉េះ ។ នាង​ក្រមុំ​រស់​នៅ​ជា​មួយ​នឹង​ម្ដាយ​តែពីរនាក់ម៉ែ និងកូន យ៉ាងមានសេចក្ដីសុខ ផ្អែក​លើ​ប្រាក់​ខែ​របស់​នាង នី និងចំណូលបន្តិចបន្តួចតាំងពីដើមមក ។

នីអើយ…! នៅផ្ទះយាយ យែម មានមេឆ្កែទើបនឹងកើតកូនដល់ទៅប្រាំក្បាល យកមួយ​ក្បាល​មក​ចិញ្ចិម តើល្អទេ ? ម៉ែ​ស្រែក​សួរ មុនពេល នី ឈានជើងចេញផ្ទះទៅធ្វើការ ។

តាមចិត្តម៉ែចុះ !! ល្អម្យ៉ាងដែរ គ្រាន់បានវាជួយចាំផ្ទះ ! នាងក្រមុំតប ហើយ​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ ។

លុះដល់ពេលល្ងាច ពេលនាងត្រឡប់មក​ពីធ្វើការវិញ ក៏​ឃើញ​កូន​ឆ្កែ​តូច​គួរ​ឲ្យ​ស្រឡាញ់​មួយ​ក្បាល​​រត់​មក​ទទួល​នាង ។

គួរឲ្យស្រឡាញ់ណាស់ម៉ែ ! ដាក់ឈ្មោះវាអាលុកៗតែម្ដងទៅម៉ែ ព្រោះវាឆ្កែឈ្មោល !

ថ្ងៃខែចេះតែកន្លងផុតទៅ អាលុក ធំពេញរូបពេញរាង ។ វាជាឆ្កែឆ្លាតណាស់ ទើបធ្វើ​ឲ្យ​ម្ចាស់​​ស្រឡាញ់​ពេញ​ចិត្ត​វា​យ៉ាង​ខ្លាំង ។ នាងនី តែងមាននំបន្តិចបន្តួច ផ្ញើវារាល់ថ្ងៃមិន​ដែលខាន ។ ជា​រៀង​រាល់​ព្រឹក អាលុក​តែងតែជូនដំណើរនាងនី ទៅ​ឡើង​រថយន្តក្រុង និងរង់ចាំទាល់ តែ​ម្ចាស់​វា​បាន​ឡើង​រថយន្ត​ក្រុង ទើបអាលុក​ត្រឡប់មកវិញ ។

 លុះដល់ពេលនាងនី ត្រឡប់​មក​ពីធ្វើការ អាលុក រត់​ទៅ​ទទួល​ដល់​កន្លែង​ចុះ​ពី​លើរថយន្ត ដើម្បីជូនដំណើរ​ត្រឡប់មក​ផ្ទះវិញ ។ វាតែងតែធ្វើដូច្នេះ រាល់ៗ​ថ្ងៃ​មិន​​ដែលខាន រហូត​អ្នក​ជិត​ខាងនៅម្ដុំនោះ សរសើរ​ស្រឡាញ់ចូលចិត្តវាគ្រប់ៗគ្នា ។

 អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លងផុតទៅ ឆ្នាំនេះ នាង​​នី បានទទួលតំណែង​ខ្ពស់ជាងមុន ទើបធ្វើឲ្យនាងនី មានការងារ កាន់​តែ​ច្រើនឡើង ។ នាង​ត្រឡប់​មក​ផ្ទះ​យប់​ជាង​ធម្មតា ។ អាលុកដេកចាំម្ចាស់វាមិនដែលខាន ទោះបី​ជា​យប់​យ៉ាង​ណា បើមិនឃើញម្ចាស់វាទេ វា​មិន​​ទៅផ្ទះមុនជាដាច់ខាត ។ នេះ​ជា​ថ្ងៃ​ដំណាច់​ឆ្នាំ នៅ​កន្លែង​ធ្វើ​ការ​មានរៀបចំពិធីជប់លៀង ។

 នាង​នី​ត្រូវ​ត្រឡប់មក​ផ្ទះ​វិញ​យប់​ជាង​ធម្មតា​ នាង​បារម្ភ​ដល់​អា​លុក​ដែល​នៅរង់ចាំនាង មិនដឹងថាវាឆ្ងល់យ៉ាង​ណាទេ ។ នឹកអាណិតឆ្កែពេក នាង​ក៏​សុំ​ចៅហ្វាយ​ត្រឡប់​មក​ផ្ទះ​មុន​គេ ។ នាង​ចុះ​ពី​រថយន្ដ​វិញ ងាកឆ្វេងងាកស្ដាំ សម្លឹង​​រកអាលុក​បណ្ដើរ ហៅបណ្ដើរៈ

អាលុកៗ ! អាលុកៗ !

គ្មានឃើញស្រមោលរបស់វាឡើយ ។ នាងរអ៊ូថា : យប់កាន់តែងងឹត ស្ងាត់ក៏ស្ងាត់ អាលុក ក៏​វា​មិន​ទទួល​ទៀត ! ។ នាង​ក្រមុំ​ងាកឆ្វេង ងាកស្ដាំបណ្ដើរ នៅពេលដែលកំពុងធ្វើ​ដំណើរមកផ្ទះ ក្រែង​បាន​ឃើញ​អាលុក​មកទទួល ព្រោះ​នាង​កំពុង​តែ​ខ្លាច​ណាស់ ។ 

ភ្លាមនោះ នៅក្នុងវាលស្មៅក៏ក្រាស់ ស្រាប់​តែ​មាន​រាង​កាយ​បុរសពីរនាក់​វែកស្មៅស្ទុះ​ចូលមករកនាងក្រមុំ រួច​ចាប់​ទាញ​នាង​ចូល​ទៅ​វាល​ស្មៅ ។

ជួយផង ! ជួយផង ! នាងនី ស្រែកបានតែប៉ុណ្ណោះ ក៏​ស្ងាត់​ទៅ​វិញ​ព្រោះ​ជន​អាក្រក់​ពីរ​នាក់​នោះ​ យក​ដៃ​មក​ក្ដោប​មាត់​របស់​នាង​ជាប់ ព្រមទាំងស្រែកគំរាមថា :

ឈប់ស្រែក ! ប្រយ័ត្នកូនកាំបិតនេះ ! វាចូលទៅក្នុងបំពង់កណា៎ ! នាងភិតភ័យយ៉ាងខ្លាំង នាង​គិត​ថា នាង​មិនអាចរស់​ត​ទៅទៀតបានទេ ព្រោះអាពីរ​នាក់នោះ ក្រោយ​ពី​ពួក​វា​ចាប់​រំលោភ​នាង​រួច​ហើយ ប្រាកដជាសំលាប់នាងចោល ជា​ទំលាប់​​របស់វាមិនខាន ។

នៅពេលអាចោរពីរនាក់នោះចាប់ផ្ដើម​ចាត់ការរំលោភនាង ក៏ស្រាប់តែ ឮ​សម្លេង​ឆ្កែ​ព្រុស​ឡើង​យ៉ាង​សង្ខុញ ។

អា លុក ! នាងនី ស្រែកចេញមក ដោយក្ដីរីករាយ ។ អាលុក ខាំត្របាក់ជនអាក្រក់ទាំងពីរ ដាច់សាច់​ទាំងដុំ រហូត​ឈាម​ជោគខ្លួន ។

សម្លេងស្រែកឡូឡាទាំងឆ្កែ ទាំងមនុស្ស បានឮដល់ អ្នកជិតខាងនៅម្ដុំនោះ នាំ​គ្នា​ផ្អើល​រត់​មក​ជួយ​ចាប់​​ជន​អាក្រក់​ទាំង​ពីរ​នោះបាន ។


 ពួកវាស្រែក​ថ្ងូរ ព្រោះឈឺនឹងចង្កូមឆ្កែ ដែល​បាន​ខាំ​ពួក​វា​ឡើង​សុះ​ពេញ​ខ្លួន ។ នាងក្រមុំ​ងាករកអាលុក ដោយ​ក្ដី​បារម្ភ ព្រោះឃើញពួកចោរ ចាក់​ត្រូវ​ពីរ​កាំបិត​ដែរ ។ នាង​នី​ស្រែក​រក​ឆ្កែ​ទាំងទឹកក្នែក :

អាលុ ! អាលុក ! ទៅណាហើយ ! ប្រសិនជាមិនបានអាលុកជួយនាងខ្ញុំមិនដឹង ជាយ៉ាងណាទេ ។

រកអាលុក ឯណាទៀត​នាង ? អ៊ំម្នាក់នៅក្បែរផ្ទះប្រាប់ថា អាលុក​ត្រូវរថយន្ដបុកងាប់​តាំង​ពី​រសៀល​​ម៉ោង​បី​ម៉្លេះ នៅ​ពេល​វាមកឈរចាំនាង នី ត្រឡប់មកពីធ្វើការវិញ ។ ម្ដាយ​របស់​នាង បាន​យក​សព​របស់​វា ទៅទុក​ឯផ្ទះហើយ មិន​ទាន់​យក​ទៅ​កប់ទេ ព្រោះ​ចង់​ឲ្យ​នាង​មក​ឃើញ​សិន ។ នាង​ក្រមុំ​ក៏​ប្រកែក​ថា :

មិនពិតទេអ៊ំ ! អាលុក បានមកជួយខ្ញុំអំបាញ់មិញប្រាកដណស់ ! មើលចុះ អាពីរ នាក់នោះ ត្រូវ​អា​លុក ខាំ​ឡើង​សុះ​អស់​ហើយ ។ វាប្រាកដជានៅផ្ទះ ខ្ញុំទៅមើលវាហើយ ! និយាយ​ចប់​នាង នី​រត់​ទៅ​ផ្ទះ​យ៉ាង​លឿន ។ ពេល​ទៅ​ដល់​នាង​ប្រញាប់​សួរទៅម្ដាយថា :

ម៉ែ ! ម៉ែ ! អាលុក នៅឯណា ?

វាងាប់បាត់ហើយកូន ! នោះសពរបស់វា នៅក្រោមដើមស្វាយឯណោះ !

នាងនីស្រែកយំយ៉ាងសោកស្ដាយ ស្ទុះរត់ទៅមើល ឃើញវាងាប់មែន ដេកឡើងរឹងខ្លួន​ទៅ​ហើយ ។ ប៉ុន្តែ អ្វីធ្វើឲ្យនាងនី មានការភ្ញាក់ផ្អើលកាន់តែខ្លាំង ថែមទៀតនោះ គឺនៅលើខ្លួនរបស់ វា​មាន​ស្នាម​របួស​ដោយ​សារ​ផ្លែកាំបិតពួកចោរចាក់ ដូច​ដែល​នាង​បាន​ឃើញនៅពេលវាកំពុង តែ​ជួយ​នាង​មែន ។ នាង​បាន​ត្រឹម​តែ​ឆ្ងល់​តែម្នាក់ឯង ព្រោះវាជារឿងមិនគួរឲ្យជឿបាន ៕









PNG &video green screen

 




































ឡានមានចលនា


 

logo