រឿង វិញ្ញាណ
នាងខ្ញុំ មិត្តអ្នកអានម្នាក់ទៀត ចូលចិត្តអានជាងគេ គឺរឿងខ្មោចតែងតាមដានមិនដែលដាច់ទេ ថ្វីត្បិតមានរឿងមួយចំនួនគិតថា មិនអាចកើតទៅបានទេ ប៉ុន្តែនាងខ្ញុំនៅតែចង់អានព្រោះវាដូចជាទាក់ទាញឲ្យអារម្មណ៍រន្ធត់សប្បាយទៅម្យ៉ាងដែរ ។
រឿងខ្លះមើលហើយ ខ្លាចមិនហ៊ានដេកម្នាក់ឯងក៏មាន ។ ចាប់តាំងពីតូចដល់ធំ នាងខ្ញុំមិនធ្លាប់ជួបខ្មោចទេ ទើបតែមកជួបក្រោយពេលមានប្ដីនេះឯង ។
រឿងនេះបានកើតឡើង ប្រហែលជាមួយឆ្នាំកន្លងមកហើយ ។ នាងខ្ញុំសុំអនុញ្ញាតនិយាយរៀបរាប់តាំងពីដើមមក ដើម្បីឲ្យមិត្តអ្នកអានដឹងដំណើរដើមទង ។
នាងខ្ញុំជាកូនអ្នកទីក្រុង ឪពុកម្ដាយជាអ្នកលក់ដូរ ។ ពេលរៀនបានចេះដឹងល្មមៗ ក៏ឈប់ រួចងាកមកជួយម៉ែលក់ដូររហូតមក ។
ពេលនោះ នាងខ្ញុំបានស្គាល់បងចម ជាស្វាមីដែលស្លាប់ទៅនេះ ។ នាងខ្ញុំបានស្គាល់គ្នាជាច្រើនឆ្នាំមកហើយតាំងពីនៅរៀនម៉្លេះ ។
បងចម ជាអ្នកបើករថយន្តដឹកទំនិញឲ្យក្រុមហ៊ុនមួយ ។ ទំនិញនាងខ្ញុំលក់មួយចំនួន ក៏ទទួលមកពីក្រុមហ៊ុនរបស់បង ចម ធ្វើការនោះដែរ ។
បងចម តែងតែដឹកយកមកបោះឲ្យនាងខ្ញុំដល់ៗហាង ។ គាត់ជាបុរសតែម្នាក់គត់ចូលចិត្តមកជជែកលេងជាមួយនឹងនាងខ្ញុំដែលកាលណោះ យើងមិនទាន់មានអីៗនឹងគ្នាទេ ។
អស់រយ:ពេលប្រហែលជាមួយឆ្នាំឯណោះ ទើបនាងខ្ញុំបានទទួលសំបុត្រសុំស្នេហ៍ពីបងចម ។ នាងខ្ញុំមិនហ៊ានតបទៅវិញទេ ខ្លាចពុកដឹងច្បាស់ជាខ្លោចខ្នងមិនខាន រឿងមានស្នេហា ស្នេហ៍ហ៊ឺតលាក់កំបាំងមុខម៉ែឪនេះ ។
គាត់ចង់ឲ្យកូនស្រីរបស់គាត់ បានរៀបការជាមួយអ្នកមានឋាន:គ្រាន់បើបន្តិច ។ កូនប្រសារមានស្ថានភាពទន់ខ្សោយជាងគាត់ គាត់នឹងមិនឲ្យទេ ។
នាងខ្ញុំគិតថា បងចម ប្រហែលជាគ្មានវាសនាបាននាងខ្ញុំធ្វើជាភរិយាទេ ព្រោះគាត់មានឋាន:តូចទាប (ក្រ) ជាងគ្រួសាររបស់នាងខ្ញុំ ។
ប៉ុន្តែគាត់ឧស្សាហ៍រកពេលមកជួបនាងខ្ញុំជាញឹកញាប់ណាស់ ។ នាងខ្ញុំក៏ស្រឡាញ់ អាណិតគាត់ណាស់ដែរ និងមិនដឹងជាធ្វើយ៉ាងម៉េចបើខ្លួនជាស្រី ។
បង ចម ប្រាប់នាងខ្ញុំជាញឹកញាប់ថា ទោះជាឪពុកម្ដាយនាងខ្ញុំបង្គាប់ប៉ុន្មាន ក៏គាត់រកឲ្យទាល់តែបាន ឲ្យតែលោកទាំងពីរ បង្គាប់ក្នុងភាពត្រឹមត្រូវ ។
ប៉ុន្តែ កាន់តែសេពគប់គ្នាជិតស្និទ្ធខ្លាំងទៅ ក្ដីសង្ឃឹមនៃថ្ងៃរៀបការរបស់យើង ក៏កាន់តែឃ្លាតឆ្ងាយទៅ ។ ព្រោះនាងខ្ញុំបានទទួលដំណឹងរសឹបរសៀប ព្រមទាំងបានឃើញផ្ទាល់នឹងភ្នែកពួកកំលោះៗជាច្រើននាក់ដែលមានមុខតំណែងខ្ពស់គួរសម គេមកមើលនាងខ្ញុំដោយមានការអនុញ្ញាតពីសំណាក់ឪពុកម្ដាយរបស់នាងខ្ញុំ ។
ដល់ដំណាក់កាលនេះ ទើបនាងខ្ញុំមានអារម្មណ៍ថា នាងខ្ញុំកាន់តែអាណិតស្រឡាញ់បង ចម កាន់តែខ្លាំងឡើង ។ ប្រសិនបើបើកដៃឲ្យគាត់ចូលមកប្រកួតប្រជែងប្រាកដជាគាត់មិនឈ្នះគេឡើយ ។
ម៉្យាងវិញទៀត នាងខ្ញុំគ្មានចិត្តស្រឡាញ់ពួកកំលោះៗ ដែលពុកបើកដៃឲ្យមកមើលនាងខ្ញុំនោះសោះ មើលទៅគ្មានត្រូវចិត្តនាងខ្ញុំឡើយ ។
នៅទីបំផុត ដោយមិនអាចទ្រាំបាន បងចមបានមកបបួលនាងខ្ញុំរត់ ដោយប្រាប់ថានឹងយកនាងខ្ញុំទៅនៅខាងផ្ទះបងប្អូនរបស់គាត់ ។
គាត់ថាប្រសិនបើមិនដូច្នេះទេ នាងខ្ញុំប្រាកដជាធ្លាក់ទៅលើដៃប្រុសផ្សេងជាមិនខាន ។ គាត់អង្វរលន់តួថា ប្រសិនបើនាងខ្ញុំអាណិតស្រឡាញ់គាត់ពិតមែន សុំឲ្យនាងខ្ញុំរត់
ទៅតាមគាត់ គាត់នឹងចិញ្ចឹមបីបាច់ថែរក្សានាងខ្ញុំឲ្យល្អបំផុត រួចហើយចាំត្រឡប់មកសុំខមាទោសឪពុកម្ដាយរបស់នាងខ្ញុំវិញ ។ ដោយសេចក្ដីស្នេហានិងយល់ថាអាចទុកចិត្តបានទើបនាងខ្ញុំសំរេចចិត្តរត់ទៅអាស្រ័យនៅជាមួយនឹងញាតិមិត្តបងប្អូនរបស់គាត់ ។
មិនបានប៉ុន្មាន បងរបស់បង ចម បានចែកផ្ទះតូចមួយឲ្យពួកយើងនៅស៊ីដេកជាមួយគ្នាតែពីរនាក់ ។ យើងរស់នៅជាមួយគ្នា មានសេចក្ដីសុខណាស់ ។
គាត់ថ្នាក់ថ្នមនាងខ្ញុំ ដូចពាក្យសន្យាមែន ។ ពេលរៀបចេញទៅធ្វើការម្ដងៗ គាត់ហាមនាងខ្ញុំមិនឲ្យចេញទៅក្រៅ ឆ្ងាយឡើយខ្លាចមានគេឃើញនឹងយកទៅប្រាប់ឪពុកម្ដាយនាងខ្ញុំ ។
ប៉ុន្តែគួរឲ្យអនិច្ចា យើងនៅរួមសុខជាមួយគ្នាមិនទាន់បានមួយឆ្នាំផង ក៏កើតមានឧប្បតិហេតុខាងរថយន្ត ធ្វើឲ្យបង ចម របស់នាងខ្ញុំ ត្រូវចាកចេញទៅ ដោយគ្មានថ្ងៃនឹងវិលត្រលប់មកវិញទាំងពេលនេះនាងខ្ញុំ កំពុងតែចាប់ផ្ដើមធ្វើជាម្ដាយរបស់គេទៅហើយ ។
បងចម បើករថយន្តបុកគ្នាជាមួយនឹងរថយន្តកង់ ១០ និងត្រូវស្លាប់ក្រោយពេលយកទៅដល់មន្ទីរពេទ្យមិនបានប៉ុន្មានផង ។
វាពិតជាគួរឲ្យសោកស្ដាយហួសពេក តាមពិតទៅថ្ងៃនោះ ត្រូវវេនគាត់សំរាកទៅហើយ ប៉ុន្តែចៃដន្យ អ្នកបើកបរវេននោះផឹកស្រាស្រវឹងបើករថយន្តលែងកើត ទើបអ្នកគ្រប់គ្រងឲ្យបុគ្គលិកតាមមកហៅបង ចម ដល់ផ្ទះ ឲ្យទៅបើករថយន្តជំនួស ។
ពេលនោះយើងកំពុងតែរៀបចំខ្លួនចូលគេងទៅហើយ។ ពេលដឹងថានឹងត្រូវធ្វើការទៀត គាត់ក៏សុខចិត្តទៅទាំងគ្រវីក្បាល ។
មុនគាត់ចេញទៅ បានផ្ដាំនាងខ្ញុំថា : «បងទៅហើយណា មើលបិទទ្វារបិទបង្អួចផង» ផ្ដាំរួចគាត់ទាញអាវយឺតពាក់បណ្ដើរ ដើរចេញទៅបណ្ដើរគួរឲ្យអាណិត ។ នាងខ្ញុំបិទទ្វារបិទបង្អួចចូលគេងទាំងលក់ភ្ញាក់ៗ ព្រោះនឹកបារម្ភដល់ប្ដី ។
មកភ្ញាក់ដឹងខ្លួនម្ដងទៀត ស្រាប់ឃើញបងចម មកដេកក្បែរនាងខ្ញុំ មិនដឹងតាំងពីថ្មើណា ។ នាងខ្ញុំគិតថា បងចម ប្រាកដជាអស់កំឡាំង និងងុយគេងខ្លាំងណាស់ ទើបនាងខ្ញុំមិនហ៊ានដាស់សួរ ។ នាងខ្ញុំក៏សំងំគេងម្ដងទៀតទៅ ។
ពេលភ្ញាក់ដឹងខ្លួនមកម្ដងទៀត ក៏កើតមានអ្វីខុសប្លែកពីធម្មតា ព្រោះនៅពេលនាងខ្ញុំបោះដៃរាវរកប្ដី ស្រាប់តែមិនមានប៉ះទាល់តែសោះ ។ ម៉ោងប្រហែលជា ៣ ឬ ៤ ទៀបភ្លឺប៉ុណ្ណោះ ប្ដីនាងខ្ញុំមិនដែលក្រោកទៅណាទេ ។ នាងខ្ញុំប្រញាប់ងើបឡើង តាមរកក៏មិនឃើញ ។
ចំណែកទ្វារនៅខ្ទាស់ពីខាងក្នុងដដែល បញ្ជាក់ថា គាត់មិនអាចចេញទៅក្រៅបានទេ ។ នាងខ្ញុំឆ្ងល់ណាស់ ហេតុអីក៏រកមិនឃើញ ? នាងខ្ញុំស្រែកហៅ ក៏មិនឮឆ្លើយទៀត ។ ពេលនេះ នាងខ្ញុំលែងហ៊ាននៅផ្ទះម្នាក់ឯង ព្រោះមានអារម្មណ៍ថា ស្វាមីប្រហែលជាមិនស្រួលហើយ ។
នាងខ្ញុំបើកទ្វាររត់សំដៅទៅផ្ទះមីងមារបស់បង ចម ដើម្បីសាកសួរមើល តើឃើញគាត់ដែរឬអត់ ។ ពេលទៅដល់ឃើញញាតិមិត្តរបស់បង ចម ជាច្រើននាក់ កំពុងមានអាការតក់ស្លុត ។ សម្លេងនរណាម្នាក់បានសួរមកនាងខ្ញុំថា :
បានដឹងរឿងអា ចម ហើយឬបានជារត់មកទាំងស្លន់ស្លោរដូច្នេះ ? នាងខ្ញុំសួរបកទៅពួកគេវិញថា :
ដឹងរឿងអី មានឃើញបង ចម ទេ ? យប់មិញត្រឡប់មកពីបើកឡានវិញ បានដេកក្បែរនាងខ្ញុំទៀតផង ប៉ុន្តែពេលនេះមិនដឹងជាបាត់ទៅណា ! ពួកគេតបមកនាងខ្ញុំវិញថា :
យល់សប្តិទេដឹង អាចមត្រូវរថយន្តបុកស្លាប់បាត់ទៅហើយត្រឡប់មកវិញធ្វើម្ដេចនឹងកើត ? ពេលបានឮដូច្នេះ នាងខ្ញុំស្រាលខ្លួនស្លេវស្លឹកត្រចៀកហ៊ឺងងងឹតៗ ទប់ខ្លួនលែងចង់នឹង ។ ពួកគេបន្ថែមទៀតថា :
ខាងក្រុមហ៊ុន គេមកប្រាប់អំបាញ់មិញនេះ ថាអា ចម បើកឡានបុកគ្នាស្លាប់បាត់ទៅហើយ ។ ពេលនេះសាកសពវា នៅមន្ទីពេទ្យឯណោះ ។ ពួកយើងរៀបទៅប្រាប់ ! ចៃដន្យឯងមកដល់ល្មម !
នាងខ្ញុំស្ដាប់ឮតែប៉ុណ្ណោះ ក៏សន្លប់បាត់ស្មារតីទៅ ។ ពេលភ្ញាក់ដឹងខ្លួនមកវិញ ភ្លឺចែសទៅហើយ ។ នាងខ្ញុំនឹកដល់ហេតុការណ៍ ដែលនាងខ្ញុំបានឃើញកាលពីយប់មិញនោះ គឺជាវិញ្ញាណស្វាមីរបស់នាងខ្ញុំពិតប្រាកដ ។
មុននឹងស្លាប់ គាត់ប្រាកដជាបារម្ភនឹងនាងខ្ញុំណាស់ទើបពេលដាច់ខ្យល់ពឹបទៅ វិញ្ញាណរបស់គាត់មករកនាងខ្ញុំភ្លាម ។ រឿង បង ចម ដែលលូនចូលដេកជាមួយនឹងនាងខ្ញុំនោះ ប្រាកដជាមិនអាចទៅកើតទេ ព្រោះទ្វារសុទ្ធតែខ្ទាស់ពីខាងក្នុងទាំងអស់ ។
គ្មានអ្វីសង្ស័យឡើយព្រោះមានតែខ្មោចឬវិញ្ញាណទេ ទើបអាចចូលមកបាន… ទោះបីជាដឹងថា ជីវិតមនុស្សយើងមិនទៀងក៏ដោយ នាងខ្ញុំនៅតែសោកសៅស្ដាយស្រណោះប្ដីណាស់ ព្រោះកាត់ជាមនុស្សល្អ និងជាអ្នកផ្ដល់កំណើតឲ្យកូននៅក្នុងផ្ទៃរបស់នាងខ្ញុំផង ។
នាងខ្ញុំអាណិតកូនខ្លាំងណាស់…ពេលវាកើតមកគ្មានឪពុកនឹងគេ ។ នាងខ្ញុំសុំអនុញ្ញាត មិននិយាយពីការធ្វើបុណ្យសពប្ដីអីនោះទេ ។ គ្រាន់តែបញ្ជាក់ថា ក្រោយពីបុណ្យឲ្យស្វាមីហើយ ក៏លេចឮដំណឹងដល់ឪពុកម្ដាយរបស់នាងខ្ញុំ ពួកគាត់ក៏តាមមកទទួលនាងខ្ញុំឲ្យទៅនៅជាមួយវិញ ។ តមក នាងខ្ញុំប្រសូត្របានកូនប្រុស និងនៅជាមេម៉ាយកូនមួយរហូតមកដល់សព្វថ្ងៃនេះ ៕
0 Comments:
Post a Comment