រឿង ទេពធីតាឆ្មាខ្មៅ
កាលពីឆ្នាំ ១៩៩០ ខ្ញុំមានមិត្តម្នាក់ឈ្មោះ ថាំ ជាមិត្តរួមថ្នាក់នៅមហាវិទ្យាល័យជាមួយគ្នា ។ ថ្ងៃមួយ ថាំបានបបួលខ្ញុំទៅលេងស្រុកកំណើតរបស់គេ ដោយប្រាប់ថាផ្ទះគេមានទេសភាពស្អាតស័ក្តសមអាចនឹងគូររូបបាន ។ ឮគេអួតដូចច្នេះ ខ្ញុំក៏យល់ព្រមទៅជាមួយគេព្រោះ ចង់ស្គាល់ទឹកដីមាតុភូមិឲ្យបានច្រើនផង ។ យើងទាំងពីរនាក់ជិះឡាន ពីព្រឹកដល់ថ្ងៃត្រង់ទើបទៅដល់ផ្ទះថាំ ដែលជាផ្ទះចាស់ពីបុរាណ ។
ជុំវិញផ្ទះនោះជាចំការ និងមានដីសល់ទំនេរមានខ្យល់បក់មករំភើយៗ គ្រប់ពេលវេលា គួរឲ្យត្រជាក់ចិត្តមែនទែន ។ ឪពុកម្ដាយរបស់ថាំ ទទួលខ្ញុំយ៉ាងរាក់ទាក់កក់ក្ដៅ ហាក់បីដូចខ្ញុំនេះជាកូនបង្កើតរបស់គាត់ម្នាក់ទៀតអីចឹង ។ យប់នោះខ្ញុំដេកមិនលក់សោះ ព្រោះមិនឆាប់ចូលដេកតាំងពីក្បាលព្រលប់បែបនេះទេ ។ ខ្ញុំក្រោកពីគ្រែដើរសម្ដៅបង្អួចសម្លឹងមើលទៅដួងច័ន្ទលឿងស្រទន់យ៉ាងសប្បាយអារម្មណ៍ ។ ភ្លាមនោះ ខ្ញុំក៏បានឮសម្លេងឆ្មាយំមកពីឆ្ងាយ ក្នុងចំការផ្នែកខាងស្ដាំដែរបស់ខ្ញុំ ។
វាជាសម្លេងស្រែកគួរឲ្យព្រឺខ្លាច ។ ខ្ញុំស្រៀវស្រាញព្រឺរោមពេញខ្លួនក៏ប្រញាប់បិទបង្អួចចូលដេកភ្លាម ។ ចិត្តរបស់ខ្ញុំសង្ស័យជាមិនដឹងជាឆ្មាពិតឬក៏ខ្មោចលងទេ ។ សម្លេងមាន់រងាវទទួលអរុណោទ័យថ្ងៃថ្មីមកដល់ ។ ផ្ទៃមេឃពណ៌លឿងក្រហមច្រាល គួរឲ្យចាប់ភ្នែក ។ ខ្ញុំភ្ញាក់ឡើងមកជួយស្រោចដំណាំឪពុករបស់ថាំ និងជជែកគ្នាពីនេះពីនោះទៅជារឿយៗ ។
រហូតមកដល់ខ្ញុំសួរគាត់នូវរឿងមួយ គាត់បែរជាឈប់ជជែកជាមួយខ្ញុំ ព្រមទាំងដើរចូលផ្ទះទៅ ធ្វើឲ្យខ្ញុំឆ្ងល់សង្ស័យណាស់ ។ ខ្ញុំគ្រាន់តែសួរគាត់ថា: កាលពីយប់មិញ អ៊ំបានឮសម្លេងឆ្មាយំឬទេ ? សម្លេងលាន់ចេញពីក្នុងចំការគួរឲ្យខ្លាចណាស់ ! ក្រោយពីអាហារពេលព្រឹករួច ថាំបបួលទៅក្នុងចំការដើម្បីគូររូប ។
យើងពីរនាក់ដើរទៅជារឿយៗ រួចក៏មកឈប់ត្រង់បរិវេណស្រះទឹក ដែលមានផ្កាឈូក រីករហង់គួរឲ្យចង់គយគន់ ។ ចំណែកថាំ បានសុំខ្លួនត្រឡប់ទៅជួយធ្វើកិច្ចការម៉ែនៅផ្ទះលុះដល់ថ្ងៃត្រង់ទើបគេនឹងយកស្បៀងអាហារមកឲ្យខ្ញុំ ។
ដល់ពេលបាយថ្ងៃត្រង់ថាំយកអាហារមកឲ្យខ្ញុំ និងបានអង្គុយជជែកលេងមួយសន្ទុះ ទើបសុំខ្លួនត្រឡប់ទៅវិញ ។ គេចេញទៅបានប្រហែលមួយរយម៉ែត្រ ក៏ងាកស្រែកផ្ដាំខ្ញុំថា: អេ ! អាសែន ប្រញាប់ត្រឡប់ចូលផ្ទះវិញ កុំឲ្យដល់ល្ងាចពេក ! ឪពុករបស់គ្នាផ្ដាំមក ! ខ្ញុំបម្រុងនឹងសួរគេថា ហេតុអ្វី ? ប៉ុន្ដែគេដើរបាំងព្រៃចូលផ្ទះបាត់ទៅ ។
ក្រោយពីគូររូបរួចមួយផ្ទាំង ខ្ញុំបានក្រាលកន្ទេលតម្រេតខ្នងលេងរហូតភ្លឹតដេកលក់បាត់មិនដឹងខ្លួន ។ ពេលកំពុងបានយល់សប្តិឃើញថា មានឆ្មាខ្មៅមួយដើរមកឈប់នៅចំពោះមុខខ្ញុំ ស្រែកខ្លាំងៗ និងបញ្ចេញចង្កូមគួរឲ្យខ្លាច ។
កែវភ្នែករបស់វាក្រហម ដូចងងើកភ្លើង ប្រឹងសម្លក់មករកខ្ញុំ ដូចជាមានបំណងអាក្រក់ ។ ស្លាប់ហើយ ! មួយសន្ទុះឆ្មានោះក៏ប្រែរូបក្លាយជាផ្សែងពណ៌ក្រហមមួយដុំធំ ហោះបោះពួយឡើងទៅលើអាកាស ។ ក្រោយមក ដុំផ្សែងនោះបាត់ទៅបន្តិចម្ដងៗ ។ ភ្លាមនោះបានលេចចេញមនុស្សស្រីម្នាក់ មានរូបរាងសមសួន មុខមាត់ស្អាតបាត សម្បុរស សក់ខ្មៅវែងអន្លាយធ្លាក់មកដល់ចង្កេះ ។ នាងស្លៀកសម្លៀកបំពាក់តាមបែបបុរាណ ។
ខ្ញុំសម្លឹងមើលនាងមិនព្រិចភ្នែក ភ្លឹកនឹងសម្រស់របស់នាងលាយឡំដោយក្ដីញាប់ញ័រតក់ស្លុត់ ។ ខ្ញុំខំប្រឹងចំណាំភក្ត្រារបស់នាង ឲ្យដិតជាប់ក្នុងអារម្មណ៍ ដើម្បីគូររូបរាងឲ្យទាល់តែបាន ។ នៅខណៈដែលខ្ញុំកំពុងតែគិតនោះនាងបង្ហាញស្នាមញញឹមដាក់ខ្ញុំហាក់ដូចជាដឹងពីការ នឹកគិតរបស់ខ្ញុំយ៉ាងច្បាស់ ។
\ នាងដូចជាតាំងចិត្តឈរឲ្យខ្ញុំបានចងចាំភក្ត្រារបស់នាងអីចឹង ។ ពេលជាមួយនោះ នាងបានចេញមក ដោយសម្លេងអរតិចៗវែងៗថា: យើងត្រូវការអាស័យដ្ឋានថ្មី ! អ្វីៗក៏ថ្មី ! និយាយបានតែប៉ុណ្ណោះ រាងកាយរបស់នាងប្រែទៅជាផ្សែងមួយដុំពណ៌ក្រហម និងនៅទីបំផុត ក៏ក្លាយទៅជាឆ្មាខ្មៅរត់ចូលទៅក្នុងចំការបាត់ទៅ ។
អេ ! អាសែន ភ្ញាក់ឡើង ! ល្ងាចហើយវើយ ! ថាំ គេមកដាស់ធ្វើឲ្យខ្ញុំភ្ញាក់បះដៃបះជើង ។
នែ ! ចុះឯងកើតអីបានជាឡើងហាក់ដូចជាបានឃើញខ្មោចអីចឹង ?
អើ ! គ្នាបានឃើញខ្មោចមែនណា ! ហើយក៏… ពេលខ្ញុំនិយាយឲ្យគេស្ដាប់ ថាំធ្វើភ្នែកស្លើ ព្រមទាំងរាដៃរាជើងជាភាសាគឲ្យខ្ញុំឈប់និយាយ ។
ព្រលប់យប់បន្ទាប់មក ថាំ នាំខ្ញុំទៅកំសាន្ដនៅដងអូរមួយដែលមានទឹកហូរវិញៗ លើផ្ទាំងថ្មព្រមទាំងមាន ដើមឈើច្រូងច្រាងចោលម្លប់ត្រឈឹងត្រឈៃ ។ ខ្ញុំបានយកឧបកណ៍ របស់ខ្ញុំទៅគូររូបភាពមនុស្សស្រីដែលបង្ហាញខ្លួនក្នុងសុបិនរបស់ខ្ញុំ បានរួចរាល់ដូចបំណង ។
យប់នោះខ្ញុំដេកលក់ស្រួលណាស់ដេកទាល់តែថ្ងៃរះចាំងគូទ និងភ្ញាក់ខ្លួនឡើងនៅពេលដែលបានឮ សូរសម្លេងជជែកគ្នាលាន់ៗក្រោមផ្ទះ ។ ខ្ញុំសួរថា: មានរឿងអីទៅ ?
ឪពុករបស់ខ្ញុំទៅស្រោចដំនាំនៅក្នុងចំការ ឃើញឆ្មាមួយក្បាលដេកស្លាប់នៅក្បែរមាត់ស្រះឈូកឯណោះ ! ឪពុកខ្ញុំគាត់ខ្លាច ក៏រត់មកហៅខ្ញុំ និងម៉ែឲ្យជូនទៅ ! តើឯងទៅដែរទេ ?
ពេលបានឮរឿងរ៉ាវទាក់ទងនឹងឆ្មាខ្មៅនោះ បណ្ដាលឲ្យខ្ញុំនឹកឃើញដល់សុបិនរបស់ខ្ញុំឡើងភ្លាម ។ ខ្ញុំហាក់ដូចជាតក់ស្លុតព្រឺរោមវឹប រកប្រាប់មិនត្រូវ ។ ខ្ញុំប្រញាប់ដើរតាមថាំទៅ ទាំងក្ដីញាប់ញ័រ ។ ពេលទៅដល់ចំណុចកើតហេតុ ខ្ញុំឃើញឆ្មាខ្មៅស្លាប់ស្ដូកស្ដឹងមានរូបរាង ដូចសុបិនរបស់ខ្ញុំពិតៗ ។
ឪពុកថាំលូកដៃទៅចាប់ក្រឡាប់រាងកាយរបស់វា មើលរកស្នាមរបួស ប៉ុន្តែគ្មានឃើញ ស្លាកស្នាមដាច់រហែកណាៗទាំងអស់ សូម្បីតែឈាមមួយដំណក់ក៏គ្មានដែរ ។ ចំណែករាងកាយឆ្មា នៅក្ដៅឧណ្ហៗហាក់ដូចជាទើបស្លាប់ថ្មីៗ ។ តើវាស្លាប់ព្រោះអីទៅន៎ ? នេះជាសំនួរ ដែលពួកយើងទាំង៤ នាក់គិតមិនចេញ ។
បន្ទាប់មកឪពុករបស់ថាំ យកឆ្មានោះទៅកប់ក្នុងវត្តដែលនៅមិនឆ្ងាយពីផ្ទះ ។ លុះត្រលប់មកពីវត្តគាត់និយាយឲ្យស្ដាប់ថា: កាលពីពីរខែមុននៅវេលាល្ងាចពេលកំពុងស្រោចដំណាំក្នុងចំការ ស្រាប់តែបានឃើញរថយន្ដមួយគ្រឿង បើកមកចតក្បែរផ្លូវជាប់នឹងចំការ ។
មួយស្ទុះ មានមនុស្សបើកទ្វារចេញមក ដើរទៅក្រោយបើកគូទរថយន្ដលើកអ្វីម្យ៉ាង ឱបយកមកបោះចូលក្នុងចំការនេះល្មម ។ ពុកឃើញដូច្នេះក៏រត់ទៅមើល ស្រាប់តែបានឃើញឆ្មាខ្មៅមួយស្ទុះភ្លែតចេញមក រួច រត់ចូលទៅក្នុងចំការបាត់ទៅ ។ ក្រោយមក ក៏មានហេតុការណ៍ប្លែកៗ កើតឡើងបង្ហាញឲ្យឃើញ ដូចជានៅល្ងាចថ្ងៃមួយពុកបានចូលទៅស្រោចដំណាំដូចសព្វមួយដង ក៏ប្រទះឃើញ ស្រ្តីមានរូបរាងស្អាតម្នាក់រត់ចូលទៅក្នុងចំការយ៉ាងជ្រៅ ដែលជារឿងមួយគួរឲ្យឆ្ងល់ ។
ក្រោយមក មានហេតុការណ៍មួយទៀតកើតឡើងនៅពេលយប់ នៅពេលតែកំពុងដេកលក់បានឮ សម្លេងមនុស្សដែលធ្លាប់មកចាប់ត្រីក្នុងស្រះចិញ្ចឹម ដូចជាភ័យស្លន់ស្លោររត់គេចពីអ្វីដែលគួរឲ្យខ្លាចដូច្នោះឯង ។ ក្រោយមកមានលេចឮពាក្យថា មានខ្មោចនៅចាំយាមចំការ និងស្រះត្រីរបស់ពុក ។ ចាប់តាំងពីពេលនោះមករហូតដល់សព្វថ្ងៃ លែងមានអ្នកលួចត្រី និងផ្លែឈើក្នុងចំការទៀត ។ ចំណែកហេតុការណ៍ប្លែកៗ ក៏ស្ងាត់ទៅដែរ ។
ទើបតែប៉ុន្មានថ្ងៃពួកកូនៗមកនេះ ហេតុការណ៍បានកើតឡើងម្ដងទៀត ប៉ុន្តែពុកមិនដឹងជាត្រូវចាត់ការយ៉ាងម៉េចទេ ម្យ៉ាងទៀតមិនហ៊ានធ្វើព្រោះខ្លាចគេមិនពេញចិត្ត ហើយបែរមកធ្វើបាបយើងវិញក៏ថាបាន ។ បីថ្ងៃក្រោយមកខ្ញុំ និងថាំបានសំពះលាឪពុកម្ដាយថាំ ត្រឡប់មកទីក្រុងភ្នំពេញវិញ ។ នៅពេលកំពុងស្ថិតក្នុងរថយន្ដឈ្នួលនោះ ខ្ញុំបានធុំក្លិនស្អុយអ្វីម្យ៉ាងឡើងឈួលច្រមុះ ចេញមកពីកន្លែងដាក់រូបភាពរបស់ខ្ញុំ ។
រហូតខ្ញុំទ្រាំមិនបាន ក៏សួរថាំថា: “ឯងមានស្អុយអីទេ ?” ប៉ុន្តែគេមិនបានធុំក្លិនស្អុយបន្តិចឡើយ ។ សង្កេតមើលអ្នកដំណើរទាំងអស់ក្នុងរថយន្ដ ក៏មិនឃើញនរណាបង្ហាញអាការ:ស្អុយអីបន្តិចដែរ ។ ពេលរថយន្តឈប់ឲ្យអ្នកដំណើរហូបបាយខ្ញុំឆ្លៀតឱកាសនេះ យកផ្ទាំងរូបភាពរបស់ខ្ញុំចុះពីរថយន្តដើរតម្រង់ទៅកាន់ស្ពានមួយនៅក្បែរនោះ ។
ទៅដល់ពាក់កណ្ដាលស្ពានខ្ញុំក៏សម្រេចចិត្តបោះរូបភាពរបស់ខ្ញុំចោលទៅក្នុងទឹក ដើម្បីឲ្យនៅឆ្ងាយពីវិញ្ញាណនោះ ។ ពេលខ្ញុំហៀបនឹងទម្លាក់រូបភាពចេញពីដៃ ចៃដន្យក៏មានបុរសម្នាក់ដើរមកដល់ល្មម: ប្អូនបម្រុងចោលអីហ្នឹង ?
រួចបោះវាចោលធ្វើអ្វី ?
ពេលនោះ ខ្ញុំហាក់បីដូចជារកពាក្យអ្វីមកឆ្លើយតបនឹងគាត់មិនបានសោះ ។
ឲ្យបងសុំមើលបន្តិចបានទេ បងក៏ចូលចិត្តការងារសិល្បៈដូចជាប្អូនអីចឹងដែរ ជាសង្សាររបស់ប្អូនឬ ?
មិនមែនទេ !
បើមិនមែន ! និងបើប្អូនលែងត្រូវការដែរនោះ ឲ្យបងជាអ្នកសុំរូបភាពនេះចុះ បង ហាក់បីដូចជាចង់បានវាណាស់ ។
ប៉ុន្តែវា !
ឲ្យបងសុំ ! ជាជាងបោះវាចោល ទីបំផុតខ្ញុំងក់ក្បាល ជាសញ្ញាយល់ព្រម ធ្វើគាត់ត្រេកអររខឹបរខុប ដើរចេញពីខ្ញុំយ៉ាងលឿន ។ ខ្ញុំតាមសម្លឹងមើលបុរសនោះរហូតផុតកន្ទុយភ្នែក ។
មកដល់ភ្នំពេញវិញយប់នោះដេកយល់សប្តិឃើញថា រូបភាពរបស់ខ្ញុំបានហោះក្រឡឹង ជុំវិញខ្ញុំបីជុំ រួចហើយហាមាត់ម្ហបៗស្រដីឡើងយ៉ាងស្រទន់ថា:
“នាងខ្ញុំសូមអរគុណ” អ្នកមានគុណដែលបានជួយប្ដូរអស័យដ្ឋានឲ្យនាងខ្ញុំ ធ្វើឲ្យនាងខ្ញុំទៅចាប់ជាតិបាន ។ អ្នកមានគុណដឹងទេ សព្វថ្ងៃម្ចាស់របស់នាងខ្ញុំ ស្រឡាញ់នាងខ្ញុំណាស់ គាត់ថែរក្សា និងទុកដាក់រូបភាពនោះយ៉ាងគួរសមបំផុត ។ អ្នកមានគុណអើយ នាងខ្ញុំសូមសំពះលា អ្នកមានគុណសិនហើយ ! សូមឲ្យអ្នកមានសេចក្ដីសុខ និងប្រាថ្នាអ្វីៗបានដូចបំណង ។ និយាយតែប៉ុណ្ណោះ នាងក៏ហោះក្រឡឹងខ្ញុំបីជុំ រួចហោះឆ្ងាយទៅបន្តិចម្ដងៗ រហូតផុត កន្ទុយភ្នែក ៕
0 Comments:
Post a Comment