Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង វិញ្ញាណ

 រឿង វិញ្ញាណ

នាងខ្ញុំ មិត្តអ្នកអានម្នាក់ទៀត ចូលចិត្តអានជាងគេ គឺរឿងខ្មោចតែងតាមដានមិនដែល​ដាច់​​ទេ ថ្វី​ត្បិត​មាន​រឿង​មួយ​ចំនួន​​គិតថា មិនអាចកើតទៅបានទេ ប៉ុន្តែនាងខ្ញុំនៅតែចង់​អាន​ព្រោះ​វា​ដូចជា​ទាក់​ទាញ​ឲ្យ​អារម្មណ៍​រន្ធត់​សប្បាយ​ទៅ​ម្យ៉ាង​ដែរ ។ រឿងខ្លះមើល​ហើយ ខ្លាច​មិន​ហ៊ាន​ដេក​ម្នាក់​ឯង​ក៏មាន ។ ចាប់​តាំង​ពី​តូច​ដល់ធំ នាងខ្ញុំមិនធ្លាប់ជួបខ្មោចទេ ទើប​តែ​មក​ជួប​ក្រោយ​ពេលមានប្ដី​នេះឯង ។ រឿង​នេះ​បាន​កើត​ឡើង ប្រហែលជាមួយឆ្នាំកន្លងមកហើយ ។ នាងខ្ញុំសុំអនុញ្ញាតនិយាយ​រៀប​រាប់​តាំងពីដើមមក ដើម្បី​ឲ្យ​មិត្ត​អ្នក​អានដឹងដំណើរដើមទង ។


នាងខ្ញុំជាកូនអ្នកទីក្រុង ឪពុកម្ដាយជាអ្នកលក់ដូរ ។ ពេលរៀនបានចេះដឹងល្មមៗ ក៏​ឈប់ រួច​ងាក​មក​ជួយ​ម៉ែ​លក់​ដូរ​រហូត​មក ។ ពេលនោះ នាងខ្ញុំបានស្គាល់បងចម ជាស្វាមីដែលស្លាប់ទៅនេះ ។ នាង​ខ្ញុំ​បាន​ស្គាល់​​គ្នា​ជាច្រើនឆ្នាំមកហើយ​តាំង​ពី​នៅ​រៀន​ម៉្លេះ ។ បងចម ជា​អ្នក​បើក​រថយន្ត​ដឹក​ទំនិញ​ឲ្យ​ក្រុម​ហ៊ុន​មួយ ។ ទំនិញនាងខ្ញុំលក់មួយចំនួន ក៏​ទទួល​មក​ពី​ក្រុមហ៊ុន​របស់​បង ចម ធ្វើការ​នោះដែរ ។ បងចម តែងតែដឹក​យក​មក​បោះឲ្យនាងខ្ញុំដល់ៗហាង ។ គាត់ជាបុរស​តែ​ម្នាក់​គត់​ចូល​ចិត្ត​មក​ជជែក​លេង​​ជា​​មួយ​នឹងនាងខ្ញុំដែល​កាល​ណោះ យើងមិនទាន់​មានអីៗនឹងគ្នាទេ ។


អស់រយ:​ពេលប្រហែលជាមួយឆ្នាំឯណោះ ទើបនាងខ្ញុំបានទទួលសំបុត្រសុំស្នេហ៍ពី​បងចម ។ នាង​ខ្ញុំ​មិន​ហ៊ាន​តប​ទៅ​វិញ​ទេ ខ្លាចពុកដឹង​ច្បាស់ជាខ្លោចខ្នងមិនខាន រឿង​មានស្នេហា ស្នេហ៍​ហ៊ឺត​លាក់​កំបាំង​មុខ​ម៉ែឪនេះ ។ គាត់​ចង់​ឲ្យ​កូន​ស្រី​របស់​គាត់ បាន​រៀប​ការ​ជា​មួយ​អ្នក​មាន​ឋាន:​គ្រាន់​បើ​បន្តិច ។ កូន​ប្រសារ​មាន​ស្ថានភាពទន់ខ្សោយជាង​គាត់ គាត់នឹងមិនឲ្យទេ ។ នាង​ខ្ញុំ​គិត​ថា បងចម ប្រហែល​ជាគ្មានវាសនា​បាន​នាង​ខ្ញុំ​ធ្វើជាភរិយាទេ ព្រោះគាត់​មានឋាន:តូចទាប (ក្រ) ​ជាង​គ្រួសារ​របស់​នាង​ខ្ញុំ ។ ប៉ុន្តែ​​គាត់​ឧស្សាហ៍​រក​ពេល​មក​ជួប​នាងខ្ញុំជាញឹកញាប់ណាស់ ។ នាងខ្ញុំក៏ស្រឡាញ់ អាណិត​គាត់​ណាស់ដែរ និងមិនដឹងជា​ធ្វើ​យ៉ាង​​ម៉េច​បើ​ខ្លួន​ជា​ស្រី ។ បង ចម ប្រាប់នាងខ្ញុំជាញឹកញាប់ថា ទោះ​ជា​ឪពុកម្ដាយ​នាងខ្ញុំបង្គាប់ប៉ុន្មាន ក៏​គាត់​រក​ឲ្យ​ទាល់​តែ​បាន ឲ្យ​តែលោកទាំងពីរ បង្គាប់ក្នុងភាពត្រឹម​ត្រូវ ។ ប៉ុន្តែ កាន់តែសេពគប់គ្នាជិតស្និទ្ធខ្លាំងទៅ ក្ដី​សង្ឃឹម​នៃ​ថ្ងៃ​រៀបការរបស់យើង ក៏​កាន់​​តែ​​ឃ្លាត​ឆ្ងាយ​ទៅ ។ ព្រោះនាងខ្ញុំបានទទួលដំណឹងរសឹបរសៀប ព្រម​ទាំង​បាន​ឃើញ​​ផ្ទាល់​នឹង​ភ្នែក​ពួក​កំលោះៗ​​ជាច្រើននាក់​ដែលមានមុខតំណែងខ្ពស់គួរសម គេមកមើល​នាងខ្ញុំ​ដោយ​មាន​​ការ​អនុញ្ញាត​ពី​សំណាក់​ឪពុក​ម្ដាយរបស់នាងខ្ញុំ ។ ដល់​ដំណាក់​កាល​​នេះ ទើបនាងខ្ញុំមានអារម្មណ៍ថា នាង​​ខ្ញុំ​កាន់​តែ​អាណិត​ស្រឡាញ់​បង ចម កាន់តែខ្លាំង​ឡើង ។ ប្រសិនបើបើកដៃឲ្យគាត់​ចូល​មកប្រកួតប្រជែង​ប្រាកដ​ជា​គាត់​មិន​ឈ្នះគេ​ឡើយ ។ ម៉្យាងវិញទៀត នាងខ្ញុំគ្មានចិត្តស្រឡាញ់ពួកកំលោះៗ ដែល​ពុក​បើក​ដៃ​​ឲ្យ​មក​មើល​នាង​ខ្ញុំនោះសោះ មើលទៅគ្មានត្រូវចិត្តនាងខ្ញុំឡើយ ។


នៅទីបំផុត ដោយមិនអាចទ្រាំបាន បងចម​បានមកបបួលនាងខ្ញុំរត់ ដោយប្រាប់ថា​នឹង​យក​នាង​ខ្ញុំ​ទៅ​នៅ​ខាង​ផ្ទះ​បង​ប្អូន​របស់គាត់ ។ គាត់ថាប្រសិនបើមិនដូច្នេះទេ នាង​ខ្ញុំប្រាកដជាធ្លាក់ទៅលើ​ដៃ​ប្រុស​ផ្សេង​ជា​មិន​ខាន ។ គាត់អង្វរលន់តួថា ប្រសិន​បើនាង​ខ្ញុំអាណិតស្រឡាញ់គាត់ពិតមែន សុំ​ឲ្យ​នាង​ខ្ញុំ​រត់​ទៅតាមគាត់ គាត់នឹងចិញ្ចឹមបីបាច់ថែ​រក្សានាងខ្ញុំឲ្យល្អបំផុត រួច​ហើយ​​ចាំ​ត្រឡប់​មក​សុំ​ខមា​ទោស​ឪពុក​ម្ដាយ​របស់​នាង​ខ្ញុំ​វិញ ។ ដោយ​សេចក្ដី​ស្នេហា​និង​យល់​ថា​អាច​ទុក​ចិត្ត​បាន​ទើប​នាង​ខ្ញុំ​សំរេច​​ចិត្ត​រត់​ទៅអាស្រ័យ​នៅ​ជា​មួយ​នឹង​ញាតិ​មិត្តបងប្អូនរបស់គាត់ ។ មិនបានប៉ុន្មាន បងរបស់បង ចម បាន​ចែកផ្ទះតូចមួយ​ឲ្យ​ពួក​​យើង​នៅ​ស៊ី​ដេក​ជា​មួយ​គ្នាតែពីរនាក់ ។ យើង​រស់នៅជាមួយគ្នា មាន​សេចក្ដី​សុខណាស់ ។ គាត់ថ្នាក់ថ្នមនាងខ្ញុំ ដូចពាក្យ​សន្យា​មែន ។ ពេលរៀបចេញទៅធ្វើការម្ដងៗ គាត់​ហាមនាងខ្ញុំ​មិនឲ្យចេញទៅក្រៅ ឆ្ងាយ​ឡើយ​ខ្លាច​មាន​គេ​ឃើញនឹងយក​ទៅ​ប្រាប់​ឪពុក​ម្ដាយ​នាង​ខ្ញុំ ។


ប៉ុន្តែគួរឲ្យអនិច្ចា យើងនៅរួមសុខជាមួយគ្នាមិនទាន់បានមួយឆ្នាំផង ក៏កើតមានឧប្បតិ​ហេតុ​ខាង​រថយន្ត ធ្វើឲ្យបង ចម របស់នាងខ្ញុំ ត្រូវចាកចេញទៅ ដោយគ្មានថ្ងៃនឹងវិល​ត្រលប់​មក​វិញ​ទាំង​ពេល​នេះ​នាង​ខ្ញុំ កំពុង​តែ​ចាប់​ផ្ដើម​ធ្វើ​ជា​ម្ដាយ​របស់​គេ​ទៅ​ហើយ ។ បងចម បើក​រថយន្ត​បុក​គ្នា​ជា​មួយ​​នឹងរថយន្តកង់ ១០ និងត្រូវស្លាប់ក្រោយពេលយក​ទៅ​ដល់​មន្ទីរ​ពេទ្យ​មិន​បាន​ប៉ុន្មាន​ផង ។ វា​ពិត​ជា​គួរ​ឲ្យ​សោក​ស្ដាយ​ហួស​ពេក តាមពិត​ទៅថ្ងៃនោះ ត្រូវវេនគាត់សំរាកទៅហើយ ប៉ុន្តែចៃដន្យ អ្នក​បើក​​​បរ​វេន​នោះ​​ផឹក​ស្រា​ស្រវឹង​បើក​រថយន្តលែងកើត ទើបអ្នកគ្រប់គ្រងឲ្យបុគ្គលិក​តាម​មក​ហៅ​បង ចម ដល់ផ្ទះ ឲ្យ​ទៅ​បើក​រថយន្ត​ជំនួស ។ ពេលនោះយើងកំពុងតែរៀបចំខ្លួនចូលគេងទៅហើយ។ ពេល​ដឹងថានឹងត្រូវធ្វើការទៀត គាត់​ក៏​សុខ​ចិត្តទៅទាំងគ្រវីក្បាល ។ មុន​គាត់ចេញទៅ បាន​ផ្ដាំ​នាង​ខ្ញុំ​ថា : «បងទៅហើយណា មើល​បិទ​ទ្វារ​បិទ​បង្អួច​ផង» ផ្ដាំរួចគាត់ទាញអាវយឺត​ពាក់បណ្ដើរ ដើរ​ចេញ​​ទៅ​បណ្ដើរ​គួរ​ឲ្យ​អាណិត ។ នាង​ខ្ញុំ​បិទ​ទ្វារ​បិទ​បង្អួច​ចូល​គេង​ទាំងលក់ភ្ញាក់ៗ ព្រោះនឹកបារម្ភដល់ប្ដី ។


មក​ភ្ញាក់​ដឹងខ្លួនម្ដងទៀត ស្រាប់ឃើញបងចម មកដេកក្បែរនាងខ្ញុំ មិនដឹងតាំងពីថ្មើណា ។ នាង​​ខ្ញុំ​គិត​ថា បងចម ប្រាកដ​ជាអស់កំឡាំង និងងុយគេងខ្លាំងណាស់ ទើបនាងខ្ញុំមិន​ហ៊ានដាស់សួរ ។ នាង​ខ្ញុំ​ក៏​សំងំ​គេង​​ម្ដងទៀតទៅ ។ ពេល​ភ្ញាក់​ដឹង​ខ្លួន​មក​ម្ដង​ទៀត ក៏កើតមានអ្វីខុសប្លែកពីធម្មតា ព្រោះ​​នៅ​ពេល​នាង​ខ្ញុំ​បោះ​ដៃរាវរកប្ដី ស្រាប់តែមិនមានប៉ះទាល់តែសោះ ។ ម៉ោង​ប្រហែលជា ៣ ឬ ៤ ទៀប​ភ្លឺ​ប៉ុណ្ណោះ ប្ដី​នាង​ខ្ញុំ​មិន​ដែលក្រោកទៅណាទេ ។ នាងខ្ញុំប្រញាប់ងើបឡើង តាមរកក៏មិន​ឃើញ ។ ចំណែក​ទ្វារ​នៅខ្ទាស់​ពី​ខាង​ក្នុង​ដដែល បញ្ជាក់ថា គាត់មិនអាចចេញទៅក្រៅ​បានទេ ។ នាង​ខ្ញុំ​ឆ្ងល់​ណាស់ ហេតុ​អី​ក៏​រក​មិនឃើញ ? នាង​ខ្ញុំស្រែកហៅ ក៏មិនឮឆ្លើយទៀត ។ ពេលនេះ នាង​ខ្ញុំ​លែង​ហ៊ាន​នៅ​ផ្ទះ​ម្នាក់​ឯង ព្រោះមានអារម្មណ៍ថា ស្វាមី​ប្រហែលជា​មិនស្រួលហើយ ។ នាង​ខ្ញុំ​បើក​ទ្វារ​រត់​សំដៅ​ទៅ​ផ្ទះមីងមារបស់​បង ចម ដើម្បីសាកសួរ​មើល តើ​ឃើញ​គាត់​ដែរ​ឬ​អត់ ។ ពេលទៅដល់​ឃើញ​ញាតិ​មិត្តរបស់បង ចម ជាច្រើន​នាក់ កំពុង​មាន​អាការ​តក់ស្លុត ។ សម្លេងនរណា​ម្នាក់​បាន​សួរ​មក​នាង​​ខ្ញុំថា :


បានដឹងរឿងអា ចម ហើយឬ​បានជារត់មកទាំងស្លន់ស្លោរដូច្នេះ ? នាង​ខ្ញុំ​សួរ​បក​ទៅ​ពួក​គេ​វិញ​ថា :

ដឹងរឿងអី មានឃើញបង ចម ទេ ? យប់មិញត្រឡប់មកពីបើកឡានវិញ បាន​ដេក​ក្បែរ​នាង​​ខ្ញុំ​ទៀត​ផង ប៉ុន្តែ​ពេល​នេះ​មិន​​ដឹងជាបាត់ទៅណា ! ពួក​គេតបមកនាងខ្ញុំវិញថា :

យល់សប្តិទេដឹង ​អាចម​ត្រូវរថយន្តបុកស្លាប់បាត់ទៅហើយ​ត្រឡប់មកវិញធ្វើម្ដេច​នឹងកើត ? ពេល​បានឮដូច្នេះ នាង​ខ្ញុំ​ស្រាល​ខ្លួនស្លេវស្លឹកត្រចៀកហ៊ឺងងងឹតៗ ទប់ខ្លួនលែងចង់​នឹង ។ ពួក​គេ​បន្ថែម​ទៀតថា :

ខាងក្រុមហ៊ុន គេមកប្រាប់អំបាញ់មិញនេះ ថាអា ចម បើកឡានបុកគ្នាស្លាប់បាត់​ទៅហើយ ។ ពេល​នេះ​សាកសពវា នៅ​មន្ទីពេទ្យឯណោះ ។ ពួកយើងរៀបទៅប្រាប់ ! ចៃដន្យ​ឯង​មក​ដល់​ល្មម !

នាងខ្ញុំស្ដាប់ឮតែប៉ុណ្ណោះ ក៏សន្លប់បាត់ស្មារតីទៅ ។ ពេលភ្ញាក់ដឹងខ្លួនមកវិញ ភ្លឺចែស​ទៅ​ហើយ ។ នាង​ខ្ញុំ​នឹក​ដល់​ហេតុការណ៍ ដែលនាងខ្ញុំបានឃើញកាលពីយប់មិញនោះ គឺ​ជា​វិញ្ញាណ​ស្វាមី​របស់​នាង​ខ្ញុំ​ពិត​ប្រាកដ ។ មុននឹងស្លាប់ គាត់​ប្រាកដ​ជាបារម្ភនឹងនាង​ខ្ញុំ​ណាស់​ទើប​ពេល​ដាច់​ខ្យល់​ពឹប​ទៅ​ វិញ្ញាណ​របស់​គាត់​មក​រក​នាងខ្ញុំភ្លាម ។ រឿង បង ចម ដែល​លូន​ចូល​ដេក​ជាមួយនឹងនាងខ្ញុំនោះ ប្រាកដ​ជាមិនអាចទៅកើតទេ ព្រោះទ្វារ​សុទ្ធ​តែខ្ទាស់ពីខាងក្នុងទាំងអស់ ។ គ្មាន​អ្វី​សង្ស័យ​ឡើយ​ព្រោះ​មាន​តែ​ខ្មោច​ឬវិញ្ញាណ​ទេ ទើប​អាច​ចូល​មក​បាន… ទោះបីជាដឹងថា ជីវិត​មនុស្ស​យើង​មិន​ទៀង​ក៏​ដោយ នាង​ខ្ញុំ​នៅ​តែ​សោក​សៅ​ស្ដាយ​ស្រណោះ​ប្ដី​ណាស់​ ព្រោះ​កាត់​ជា​មនុស្ស​ល្អ និង​ជា​អ្នក​ផ្ដល់​កំណើត​​ឲ្យ​កូននៅក្នុងផ្ទៃរបស់​នាងខ្ញុំផង ។ នាងខ្ញុំ​អាណិត​កូន​ខ្លាំង​ណាស់​…​ពេល​វា​កើត​មក​គ្មាន​ឪពុក​នឹង​គេ ។ នាងខ្ញុំសុំអនុញ្ញាត មិន​និយាយ​ពី​ការ​ធ្វើ​បុណ្យ​សព​ប្ដី​អី​នោះ​ទេ ។ គ្រាន់​​តែបញ្ជាក់ថា ក្រោយ​ពី​បុណ្យ​ឲ្យស្វាមីហើយ ក៏លេចឮដំណឹងដល់ឪពុកម្ដាយរបស់នាងខ្ញុំ ពួក​គាត់ក៏​តាម​មក​ទទួល​នាង​ខ្ញុំ​ឲ្យ​ទៅនៅជាមួយវិញ ។ តមក នាងខ្ញុំប្រសូត្របានកូនប្រុស និង​នៅ​ជា​មេ​ម៉ាយ​កូន​​មួយ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕

0 Comments:

Post a Comment