Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង វិញ្ញាណឆ្កែជួយ

 



រឿង វិញ្ញាណឆ្កែជួយ

នាង នី ជាអ្នកធ្វើការនៅហាងមួយកន្លែង ។ នាងមានរាងរៅមុខមាត់ស្រស់ស្អាត ។ នាង​ជា​កូន​ស្រី​តែ​ម្នាក់គត់ ស្ថិត​នៅ​ក្រោមការគ្រប់គ្រងអប់រំរបស់ម្ដាយ ដែលជាស្រីមេម៉ាយ ប្ដីស្លាប់ តាំង​ពី​នាង​នី​នៅ​តូច​ម្ល៉េះ ។ នាង​ក្រមុំ​រស់​នៅ​ជា​មួយ​នឹង​ម្ដាយ​តែពីរនាក់ម៉ែ និងកូន យ៉ាងមានសេចក្ដីសុខ ផ្អែក​លើ​ប្រាក់​ខែ​របស់​នាង នី និងចំណូលបន្តិចបន្តួចតាំងពីដើមមក ។

នីអើយ…! នៅផ្ទះយាយ យែម មានមេឆ្កែទើបនឹងកើតកូនដល់ទៅប្រាំក្បាល យកមួយ​ក្បាល​មក​ចិញ្ចិម តើល្អទេ ? ម៉ែ​ស្រែក​សួរ មុនពេល នី ឈានជើងចេញផ្ទះទៅធ្វើការ ។

តាមចិត្តម៉ែចុះ !! ល្អម្យ៉ាងដែរ គ្រាន់បានវាជួយចាំផ្ទះ ! នាងក្រមុំតប ហើយ​ក៏​ធ្វើ​ដំណើរ​ចេញ​ទៅ ។

លុះដល់ពេលល្ងាច ពេលនាងត្រឡប់មក​ពីធ្វើការវិញ ក៏​ឃើញ​កូន​ឆ្កែ​តូច​គួរ​ឲ្យ​ស្រឡាញ់​មួយ​ក្បាល​​រត់​មក​ទទួល​នាង ។

គួរឲ្យស្រឡាញ់ណាស់ម៉ែ ! ដាក់ឈ្មោះវាអាលុកៗតែម្ដងទៅម៉ែ ព្រោះវាឆ្កែឈ្មោល !

ថ្ងៃខែចេះតែកន្លងផុតទៅ អាលុក ធំពេញរូបពេញរាង ។ វាជាឆ្កែឆ្លាតណាស់ ទើបធ្វើ​ឲ្យ​ម្ចាស់​​ស្រឡាញ់​ពេញ​ចិត្ត​វា​យ៉ាង​ខ្លាំង ។ នាងនី តែងមាននំបន្តិចបន្តួច ផ្ញើវារាល់ថ្ងៃមិន​ដែលខាន ។ ជា​រៀង​រាល់​ព្រឹក អាលុក​តែងតែជូនដំណើរនាងនី ទៅ​ឡើង​រថយន្តក្រុង និងរង់ចាំទាល់ តែ​ម្ចាស់​វា​បាន​ឡើង​រថយន្ត​ក្រុង ទើបអាលុក​ត្រឡប់មកវិញ ។

 លុះដល់ពេលនាងនី ត្រឡប់​មក​ពីធ្វើការ អាលុក រត់​ទៅ​ទទួល​ដល់​កន្លែង​ចុះ​ពី​លើរថយន្ត ដើម្បីជូនដំណើរ​ត្រឡប់មក​ផ្ទះវិញ ។ វាតែងតែធ្វើដូច្នេះ រាល់ៗ​ថ្ងៃ​មិន​​ដែលខាន រហូត​អ្នក​ជិត​ខាងនៅម្ដុំនោះ សរសើរ​ស្រឡាញ់ចូលចិត្តវាគ្រប់ៗគ្នា ។

 អស់​រយៈ​ពេល​មួយ​ឆ្នាំ​កន្លងផុតទៅ ឆ្នាំនេះ នាង​​នី បានទទួលតំណែង​ខ្ពស់ជាងមុន ទើបធ្វើឲ្យនាងនី មានការងារ កាន់​តែ​ច្រើនឡើង ។ នាង​ត្រឡប់​មក​ផ្ទះ​យប់​ជាង​ធម្មតា ។ អាលុកដេកចាំម្ចាស់វាមិនដែលខាន ទោះបី​ជា​យប់​យ៉ាង​ណា បើមិនឃើញម្ចាស់វាទេ វា​មិន​​ទៅផ្ទះមុនជាដាច់ខាត ។ នេះ​ជា​ថ្ងៃ​ដំណាច់​ឆ្នាំ នៅ​កន្លែង​ធ្វើ​ការ​មានរៀបចំពិធីជប់លៀង ។

 នាង​នី​ត្រូវ​ត្រឡប់មក​ផ្ទះ​វិញ​យប់​ជាង​ធម្មតា​ នាង​បារម្ភ​ដល់​អា​លុក​ដែល​នៅរង់ចាំនាង មិនដឹងថាវាឆ្ងល់យ៉ាង​ណាទេ ។ នឹកអាណិតឆ្កែពេក នាង​ក៏​សុំ​ចៅហ្វាយ​ត្រឡប់​មក​ផ្ទះ​មុន​គេ ។ នាង​ចុះ​ពី​រថយន្ដ​វិញ ងាកឆ្វេងងាកស្ដាំ សម្លឹង​​រកអាលុក​បណ្ដើរ ហៅបណ្ដើរៈ

អាលុកៗ ! អាលុកៗ !

គ្មានឃើញស្រមោលរបស់វាឡើយ ។ នាងរអ៊ូថា : យប់កាន់តែងងឹត ស្ងាត់ក៏ស្ងាត់ អាលុក ក៏​វា​មិន​ទទួល​ទៀត ! ។ នាង​ក្រមុំ​ងាកឆ្វេង ងាកស្ដាំបណ្ដើរ នៅពេលដែលកំពុងធ្វើ​ដំណើរមកផ្ទះ ក្រែង​បាន​ឃើញ​អាលុក​មកទទួល ព្រោះ​នាង​កំពុង​តែ​ខ្លាច​ណាស់ ។ 

ភ្លាមនោះ នៅក្នុងវាលស្មៅក៏ក្រាស់ ស្រាប់​តែ​មាន​រាង​កាយ​បុរសពីរនាក់​វែកស្មៅស្ទុះ​ចូលមករកនាងក្រមុំ រួច​ចាប់​ទាញ​នាង​ចូល​ទៅ​វាល​ស្មៅ ។

ជួយផង ! ជួយផង ! នាងនី ស្រែកបានតែប៉ុណ្ណោះ ក៏​ស្ងាត់​ទៅ​វិញ​ព្រោះ​ជន​អាក្រក់​ពីរ​នាក់​នោះ​ យក​ដៃ​មក​ក្ដោប​មាត់​របស់​នាង​ជាប់ ព្រមទាំងស្រែកគំរាមថា :

ឈប់ស្រែក ! ប្រយ័ត្នកូនកាំបិតនេះ ! វាចូលទៅក្នុងបំពង់កណា៎ ! នាងភិតភ័យយ៉ាងខ្លាំង នាង​គិត​ថា នាង​មិនអាចរស់​ត​ទៅទៀតបានទេ ព្រោះអាពីរ​នាក់នោះ ក្រោយ​ពី​ពួក​វា​ចាប់​រំលោភ​នាង​រួច​ហើយ ប្រាកដជាសំលាប់នាងចោល ជា​ទំលាប់​​របស់វាមិនខាន ។

នៅពេលអាចោរពីរនាក់នោះចាប់ផ្ដើម​ចាត់ការរំលោភនាង ក៏ស្រាប់តែ ឮ​សម្លេង​ឆ្កែ​ព្រុស​ឡើង​យ៉ាង​សង្ខុញ ។

អា លុក ! នាងនី ស្រែកចេញមក ដោយក្ដីរីករាយ ។ អាលុក ខាំត្របាក់ជនអាក្រក់ទាំងពីរ ដាច់សាច់​ទាំងដុំ រហូត​ឈាម​ជោគខ្លួន ។

សម្លេងស្រែកឡូឡាទាំងឆ្កែ ទាំងមនុស្ស បានឮដល់ អ្នកជិតខាងនៅម្ដុំនោះ នាំ​គ្នា​ផ្អើល​រត់​មក​ជួយ​ចាប់​​ជន​អាក្រក់​ទាំង​ពីរ​នោះបាន ។


 ពួកវាស្រែក​ថ្ងូរ ព្រោះឈឺនឹងចង្កូមឆ្កែ ដែល​បាន​ខាំ​ពួក​វា​ឡើង​សុះ​ពេញ​ខ្លួន ។ នាងក្រមុំ​ងាករកអាលុក ដោយ​ក្ដី​បារម្ភ ព្រោះឃើញពួកចោរ ចាក់​ត្រូវ​ពីរ​កាំបិត​ដែរ ។ នាង​នី​ស្រែក​រក​ឆ្កែ​ទាំងទឹកក្នែក :

អាលុ ! អាលុក ! ទៅណាហើយ ! ប្រសិនជាមិនបានអាលុកជួយនាងខ្ញុំមិនដឹង ជាយ៉ាងណាទេ ។

រកអាលុក ឯណាទៀត​នាង ? អ៊ំម្នាក់នៅក្បែរផ្ទះប្រាប់ថា អាលុក​ត្រូវរថយន្ដបុកងាប់​តាំង​ពី​រសៀល​​ម៉ោង​បី​ម៉្លេះ នៅ​ពេល​វាមកឈរចាំនាង នី ត្រឡប់មកពីធ្វើការវិញ ។ ម្ដាយ​របស់​នាង បាន​យក​សព​របស់​វា ទៅទុក​ឯផ្ទះហើយ មិន​ទាន់​យក​ទៅ​កប់ទេ ព្រោះ​ចង់​ឲ្យ​នាង​មក​ឃើញ​សិន ។ នាង​ក្រមុំ​ក៏​ប្រកែក​ថា :

មិនពិតទេអ៊ំ ! អាលុក បានមកជួយខ្ញុំអំបាញ់មិញប្រាកដណស់ ! មើលចុះ អាពីរ នាក់នោះ ត្រូវ​អា​លុក ខាំ​ឡើង​សុះ​អស់​ហើយ ។ វាប្រាកដជានៅផ្ទះ ខ្ញុំទៅមើលវាហើយ ! និយាយ​ចប់​នាង នី​រត់​ទៅ​ផ្ទះ​យ៉ាង​លឿន ។ ពេល​ទៅ​ដល់​នាង​ប្រញាប់​សួរទៅម្ដាយថា :

ម៉ែ ! ម៉ែ ! អាលុក នៅឯណា ?

វាងាប់បាត់ហើយកូន ! នោះសពរបស់វា នៅក្រោមដើមស្វាយឯណោះ !

នាងនីស្រែកយំយ៉ាងសោកស្ដាយ ស្ទុះរត់ទៅមើល ឃើញវាងាប់មែន ដេកឡើងរឹងខ្លួន​ទៅ​ហើយ ។ ប៉ុន្តែ អ្វីធ្វើឲ្យនាងនី មានការភ្ញាក់ផ្អើលកាន់តែខ្លាំង ថែមទៀតនោះ គឺនៅលើខ្លួនរបស់ វា​មាន​ស្នាម​របួស​ដោយ​សារ​ផ្លែកាំបិតពួកចោរចាក់ ដូច​ដែល​នាង​បាន​ឃើញនៅពេលវាកំពុង តែ​ជួយ​នាង​មែន ។ នាង​បាន​ត្រឹម​តែ​ឆ្ងល់​តែម្នាក់ឯង ព្រោះវាជារឿងមិនគួរឲ្យជឿបាន ៕









0 Comments:

Post a Comment