រឿង លាភថ្ងៃសៅរ៍ត្រូវប្ដូរនឹងជីវិត
នាយស្លឹក ជាមនុស្សគ្រាន់បើម្នាក់ក្នុងភូមិ ដែលគេឯងស្គាល់គ្រប់ៗគ្នាគ្មានចន្លោះឡើយ ។ គេធ្លាប់ឆ្លងកាត់ការបួសរៀនអស់ ror យាក់ ពេលបីវស្សា ជាទំនៀមទម្លាប់ របស់សាសនាព្រះពុទ្ធ
ដើម្បីសងគុណឪពុកម្ដាយ មុននឹងរៀបចំរកគូស្រករ ។ ប្រពន្ធគេជានារីម្នាក់ មានរូបសម្រស់ស្អាត បើប្រៀបធៀបនឹងស្រីៗក្នុងភូមិក្បែរៗនោះ ។
ចាប់តាំងពីមានភរិយាមក នាយស្លឹកឧស្សាហ៍ធ្វើការងារធ្ងន់ស្រាលគ្រប់បែបយ៉ាងគ្មានថ្ងៃណាឃើញនាយស្លឹកមិនដើរអត់ឥតប្រយោជន៍នោះឡើយ ។ អ្នកស្រុកភូមិ នាំគ្នាស្ងើចសរសើរមិនដាច់ពីមាត់ ដែលគេខិតខំមិនចេះនឿយហត់ ។
ថ្ងៃនេះគេមកពីណាមិនដឹង ដើរកាត់មុខផ្ទះតា ចៀម ក្នុងដំណើរស្ទើររត់ស្ទើរដើរដែលជាទំលាប់ ។
អេ…ចុះឯងមកពីណា ដូចជាប្រញាប់ប្រញាល់ម៉្លេះចៅស្លឹក ?
អូ បាទ ! មកពីស្រែ លោកតា !
ឧស្សាហ៍ដូចចៅឯងនេះ មិនយូរទេ ប្រាកដជាធ្វើអ្នកមានប្រចាំភូមិជាមិនខាន ។
អរគុណលោកតា !
លោកតានៅផ្ទះតែម្នាក់ឯងទេឬថ្ងៃនេះ ?
អើនៅតែម្នាក់ឯងទេ ។
អាជាទៅណាហើយ បានជាបណ្ដោយឲ្យលោកតា នៅចាំផ្ទះតែម្នាក់ឯងអីចឹង ?
អាជា ទៅភ្នំពេញប៉ុន្មានថ្ងៃហើយ ។ ក្រែងអាជា ជាក្លើហ្នឹងឯង វាទៅភ្នំពេញមិនបានប្រាប់ឯងទេឬ ?
អត់ទេលោកតា មិនប្រាប់ទេ ! ខានឃើញមុខវាច្រើនថ្ងៃហើយ !
នាយស្លឹក និយាយបណ្ដើរទំលាក់គូថអង្គុយលើគ្រែបណ្ដើរ បំណងជជែកលេងជាមួយតាចៀម មួយភ្លែតសិន ព្រោះខានឆៀងមកលេងយូរហើយ ។ ពេលណាបានសន្ទនាជាមួយនឹងតា ចៀម ម្ដងៗ គេហាក់ដូចជាកក់ក្ដៅណាស់ ព្រោះដូចជាមានប្រយោជន៍ច្រើន យ៉ាងហោចណាស់ក៏បាន ដឹងពីប្រវត្តិខ្លះដែលមនុស្សជំនាន់គេមិនបានដឹងមកពីមុន ។
មិនថាអ្នកណាៗ បើដើរទៅមក ឆ្លងកាត់មុខផ្ទះតាចៀម តែងតែឆៀងចូលលេងឬយ៉ាងហោចណាស់ ក៏ស្រែកសួរសុខទុក្ខពីចំងាយដែរ ។ គ្រប់គ្នាចាត់ទុក តាចៀមជាម្លប់ពោធិ៍ស្លឹកក្រាស់ប្រចាំភូមិ ។
ក្រោយពីសន្ទនាគ្នា អស់រយ:ពេលយូរសមគួរ តា ចៀម ឱនសំឡឹងមើលមុខនាយស្លឹក យ៉ាងពិនិត្យពិច័យ ប្រៀបដូចជាកំពុងស្វែងរកអ្វីម៉្យាង ។ បន្ទាប់មក តា ចៀម ប្រាប់រឿងមួយដល់នាយស្លឹក ធ្វើឲ្យនាយស្លឹកមានភាពរីករាយ ញញឹមញញែមខុសពីធម្មតា ។ មិនឲ្យនាយស្លឹកញញឹមម្ដេចនឹងកើតបើតា ចៀម ប្រាប់ថា :
បើតាមមើលទៅឯង ជាមនុស្សម្នាក់កំពុងតែមានជោគលាភ ខាងមាសប្រាក់ធំដុំផងវើយ ! តា ចៀម និយាយចប់ ក៏ទុកអត្ថន័យចោលមួយសន្ទុះ មុននឹងគាត់និយាយជាប្រយោគបន្តទៅទៀតថា :
ប៉ុន្តែស្លឹក អើយ ! វាជាជោគលាភគួរឲ្យខ្លាចផង !
គួរឲ្យខ្លាចយ៉ាងម៉េចទៅលោកតា ?
ជោគលាភនោះធំដុំមែន ប៉ុន្តែបើបានមកដល់ឯងពេលណា ក៏មានន័យថា ឯងត្រូវតែបាត់បង់របស់អ្វីម៉្យាងទៅវិញដែរ ។ ប្រសិនបើឯងមិនចង់ទទួលយកជោគលាភ សេចក្ដីទុក្ខនោះ ក៏មិនបានមកដល់ឯងដែរ !
ប៉ុន្តែថា ជោគលាភជាដុំកំភួននោះសំដៅដល់ជោគលាភខាងផ្នែកណាទៅលោកតា ។
គឺជោគលាភនឹងបានទទួលប្រាក់ក្លាយជាអ្នកមាននោះឯង ។
បើអីចឹងល្អហើយលោកតា ខ្ញុំចង់ឲ្យថ្ងៃនោះ វាមកដល់ខ្លាំងណាស់ ។
តែវាគួរឲ្យខ្លាចមែន បុរាណលោកថា នឹងមានទុក្ខព្រោះលាភ ! ហេតុនេះ អ្នកខ្លះព្រមឲ្យនៅក្រចុះប្រសើរជាងមានទ្រព្យ ទាំងរងទុក្ខដូច្នេះ !
ខ្ញុំមានជីវិតរស់នៅនេះ ក៏ព្រោះត្រូវការមានទ្រព្យស្ដុកស្ដម្ភដែរ ប្រសិនបើខ្ញុំមានមែននោះមិនដឹងជាយ៉ាងណាទេ !
មិនពិតទេចៅ ស្លឹក ពេលដល់ថ្ងៃនោះ ឯងអាចមានគំនិតផ្សេងទៅវិញ ក៏ថាបាន កុំភ្លេចវាជាលាភទុក្ខណា ។
ការសន្ទនាថ្ងៃនោះ ដំណើរការទៅដោយភាពកក់ក្ដៅរហូត នាយ ស្លឹក ភ្លេចគិតទៅថាពេលបានលាភជាដុំកំភួននោះ វានឹងកើតសេចក្ដីទុក្ខឡើងក្នុងពេលនោះដែរ ។ គេនឹកស្រមើលស្រមៃទៅដល់ជោគលាភនេះដោយមានជំនឿថា ទំនាយរបស់តាចៀម យ៉ាងម៉េច គឺយ៉ាងនោះហើយ ។ សេចក្ដីសង្ឃឹម បានធ្វើឲ្យមនុស្សឧស្សាហ៍ព្យាយាមដូចជា នាយ ស្លឹក ក្លាយទៅជាមនុស្សឡេះឡោះ ។
ទោះបីជាទៅស្រែចំការ ក៏មិនយកចិត្តទុកដាក់នឹងធ្វើការងារដែរ ។ គេរង់ចាំឲ្យថ្ងៃនោះមកដល់ភ្លាមៗទាន់ចិត្តទេ ។ ទង្វើ និងអាកប្បកិរិយា របស់នាយ ស្លឹក បានធ្វើឲ្យនាង ក្លិន ជាភរិយាចាប់ផ្ដើមមើលឃើញកំហុសឆ្គង នាយស្លឹក មិនបានបរិយាយអ្វីឲ្យលំអិតឡើយ ។
នាយស្លឹក ដេកចាំប្រេងវាសនាតាំងពីខែប្រាំងរហូតដល់ខែវស្សា ។ នាយ ស្លឹក តែងឆៀងមកលេងផ្ទះតា ចៀម ញឹកញាប់ ប៉ុន្តែ មិនហ៊ានសួររំលឹកអំពីជោគលាភរបស់ខ្លួនដែរ ។ តា ចៀម បានក្រើនទូន្មានម្ដងៗថា កុំទៅគិតពេក អ្វីដែលជារបស់យើងគង់តែបានទេ !
ថ្ងៃមួយផ្ទៃមេឃងងឹតស៊្លប់ ពពករសាត់អណ្ដែតរាយប៉ាយពាសពេញមេឃ ។ ទឹកភ្លៀងចាប់ផ្ដើមបង្អុរចុះមក ។ នាយ ស្លឹក ធ្លាប់ តែសប្បាយចិត្តនឹងទឹកភ្លៀងរាល់ៗឆ្នាំនោះបែរជាលែងរវីរវល់ដល់ទៀតហើយ ។ គិតតែម៉្យាងប៉ុណ្ណោះ រង់ចាំជោគលាភនឹងមកដល់នៅពេលណាមួយ តាមទំនាយរបស់តាចៀម ។
ប៉ុន្តែគេចាំហើយចាំទៀត ទីបំផុតភាពអត់ធន់នឹងការទ្រាំចាំហាក់ដូចជាថមថយទៅ ។ គេស្រែកលាន់រំពងប្រណាំងនឹងស្នូរភ្លៀង ផ្គររន្ទះថា :
ហេតុអីវើយ ! ទេវតា ! មេឃដី ! ខ្មោចព្រាយបិសាច ! អារុក្សអារ័ក្សអ្នកតាខ្មោចព្រៃ ខ្មោចស្រុកងាប់ទៅណាអស់ហើយ ហេតុអី អាស្លឹក ដូចអញនេះ ត្រូវមកក្រលំបាក ? ទាំងអញនេះ នឹងត្រូវមានវាសនាក្លាយជាអ្នកមាន តើពេលណាជោគលាភនោះនឹងមកដល់អញ ?
យប់នោះក្រោយពីបាយល្ងាចរួច នាយស្លឹក ឡើងទៅចងមុងដេកតាំងពីក្បាលព្រលប់ ។ ដោយសារគិតរឿងជោគលាភសូម្បីតែ ភរិយាស្រស់ស្អាត ក៏គេលែងគិតដែរ ថែមទាំងពេលនាងមានផ្ទៃ៥-៦ខែ ទៅហើយផង ។ ផ្ទុយទៅវិញ គេនឹកទៅដល់កូននៅក្នុងផ្ទៃភរិយាថា : «បើកុំតែក្រ ដូច្នេះកុំអីកូនដែលកើតមក នឹងក្លាយជាអ្នកអស្ចារ្យមានអនាគតត្រចេះត្រចង់ និងមានការសិក្សាខ្ពស់ជាង អ្នកណាៗទាំងអស់ក្នុងភូមិ» ។
គេស្រមើស្រមៃបណ្ដើរ យកដៃឱបពោះភរិយាបណ្ដើរ ។ មិនយូរប៉ុន្មាន ស្រាប់មានអ្វីម៉្យាងកើតឡើងជាមួយនឹងគេ ។ គេដូចជាកំពុងដេកលក់ ប៉ុន្តែមិនមែនលក់ទេ ព្រោះនៅបានឮសូរសម្លេងរបស់អ្នកណាម្នាក់ស្រែកហៅគេនៅជណ្ដើរផ្ទះ ។ នាយស្លឹក គ្រាន់តែងើយមើល ក៏ឃើញមនុស្សម្នាក់នៅឈរក្បែរជណ្ដើរ ។ ជនម្នាក់នោះបន្តថា :
ចង់មានតាមអញមក !។ ដោយសារជននោះជាមនុស្សចម្លែក ធ្វើឲ្យនាយ ស្លឹក នឹកគិតថា :
គួរទៅឬអត់ន៎ ? គេមិនទាន់នឹកសំរេចចិត្តបានផង ជើងរបស់គេ ក៏បោះជំហានចុះពីលើជណ្ដើរផ្ទះ ដើរតាមជនម្នាក់នោះទៅហើយ !
នាយស្លឹក មានអារម្មណ៍ថា នៅពេលនោះ គេកំពុងឈានជើងដើរចេញពីក្នុងភូមិឆ្លងកាត់វាលស្រែឃើញផ្លូវស្ទុងៗ ។ នៅសងខាងផ្លូវស្ងាត់ជ្រងំគ្មានឮសូម្បីតែសម្លេងសត្វតូចតាចយំ ។
នាយស្លឹក ដើរតាមពីក្រោយមនុស្សប្លែកមុខឃើញខ្នងព្រាលៗ ។ ភ្លាមនោះ គេឃើញដើមឈើធំខ្ពស់មួយដើម និងមានផ្ទះចាស់បុរាណមួយខ្នង ដែលសង់ទុកតាំងពីយូរណាស់មកហើយ ។ មើលទៅអ្នកនាំផ្លូវ នឹងនាំមកកាន់ផ្ទះនោះ ។ គេពិនិត្យមើលស្ថានភាពទៅមកៗទើបដឹងថា ផ្លូវនេះសង់លើដីស្រែរបស់ខ្លួនទេតើ ! គេតាំងថា នឹងសួរម្ចាស់ផ្ទះនេះមើល ហេតុអ្វីមកសង់ផ្ទះនៅទីនេះ តើអ្នកណាអនុញ្ញាត ? គេបំរុងឈានជើងឡើងជណ្ដើរផ្ទះនោះ ស្រាប់តែសម្លេងមនុស្សមានអំណាចម្នាក់ ស្រែកគំហកពីលើផ្ទះមកថា :
អាស្លឹក ឯងកុំព្រហើនពេក !
នាយ ស្លឹក ភ្ញាក់ព្រើត ! ឈប់ង៉ក់ព្រោះសម្លេងនោះ ពោរពេញដោយអំណាច ។ រាងកាយម្ចាស់សម្លេងបង្ហាញរាងចេញមកតាមទ្វារ ។ គេជាបុរសមាឌធំ ភ្នែករាងកាច សមនឹងសម្លេង និងតាក់កាយជាមនុស្សបុរាណដូចតួល្ខោនឥតខុស ។ សក់របស់គាត់ សព្រាត ប៉ុន្តែកំលាំងពលំនៅមាំមួនសម្បើមណាស់ ។ នាយស្លឹក ស្លុតស្មារតីមិនហ៊ាននិយាយស្ដី និងមិនហ៊ានសំឡឹងមើលភ្នែករបស់ បុរសកំណាចនោះទៀត ។
ឯងចង់មាន ដូចអា ចៀម វាប្រាប់ណាស់ទៅឬ ? នាយ ស្លឹក មិនតប ព្រោះប្រមូលសតិមិនទាន់បាន ។ ពាក្យសំឡុតបានសន្ធប់លាន់ឡើងមកជាលើកទីពីរ ។
អញសួរ ហេតុអ្វីឯងមិនឆ្លើយ ? អញដឹងថាឯងត្រូវការដូចអាចៀម វាប្រាប់ ! នាយស្លឹកតបទៅទាំងរញីរញ័រ រដាក់រដុប ដូចមានអ្វីស្ទះដើមក ។
បាទ ! មិនទាន់ផុតមាត់ស្រួលផង សម្លេងសើចចំអករបស់បុរសចំណាស់នោះ លាន់ឡើងម្ដងទៀត ។
បាន ! ប្រសិនបើឯងចង់មាន អញឲ្យលេខឆ្នោតឯងយកទៅចាក់ ប៉ុន្តែមានលក្ខខណ្ឌមួយ គឺមានគេសុំវត្ថុជាទីស្រលាញ់របស់ឯងម៉្យាង សំរាប់ជាការដោះដូរ នៅពេលដែលឯងត្រូវឆ្នោតហើយ !និយាយចប់ បុរសចំណាស់នោះក៏ប្រាប់តួលេខឲ្យនាយ ស្លឹក និង ក្រោយមកក៏ពុំដឹងថា ត្រឡប់មកផ្ទះវិញតាមរបៀបណា ស្រាប់តែភ្ញាក់ឡើងចំពេលនាងក្លិន ក្រោកឡើងមកដំណាលគ្នាដែរ ។
នាយស្លឹក យកដៃចាប់ភរិយាជាប់ និងនិយាយអំពីសុបិន្តនោះឲ្យស្ដាប់ ។ ស្ដាប់មិនទាន់ចប់សេចក្ដីត្រឹមត្រូវផង ភរិយាស្រស់ក្មេងរបស់គេព្រឺរោមខ្ញាក ព្រោះរឿងខ្មោចព្រាយអីនោះ មិនមែនជារឿងសប្បាយទេ សំរាប់ស្រ្តីដូចជានាង ។
ដោយក្ដីគោរពចំពោះតា ចៀម ព្រឹកឡើងនាយស្លឹក ក៏យកសុបិននោះ ទៅនិយាយឲ្យតា ចៀម ស្ដាប់ ។ តាចៀម ដល់ថ្នាក់ស្ទុះចេញពីគ្រែរួចសួរថា សុបិននៅពេលណា ? ពេលដឹងថា ជាសុបិន្តទៀបភ្លឺចំយប់ថ្ងៃសៅរ៍ តាចៀមដល់ថ្នាក់បើកភ្នែកធំៗ ប្រាប់ថា :
អាស្លឹកអើយ បុរាណលោកជឿខ្លាំងណាស់ថា យប់ថ្ងៃសៅរ៍វាត្រូវជាមួយនឹងខ្លួនរបស់អ្នកសុបិន ទោះបីជាអាក្រក់ល្អក្ដី គឺជារឿងពិតទាំងអស់ !
តាចៀម បកស្រាយសុបិន្តចប់នាយស្លឹក បង្ហាញស្នាមញញឹមចេញមក ដោយក្ដីត្រេកអរ ។ នាយស្លឹក អង្គុយរង់ចាំហើយ រង់ចាំទៀត រង់ចាំលេខឆ្នោតចេញ ។ ទ្រព្យសម្បត្តិមានទាំងប៉ុន្មាន ដែលអាចលក់បាន គេលក់ទាំងអស់ ប្រមូលយកលុយចាក់លេខឆ្នោតដែលបានទទួលពីការសុបិន ។
ទីបំផុតថ្ងៃចេញលេខឆ្នោតបានមកដល់ ។ គេអង្គុយដាក់ត្រចៀកស្ទើរដល់វិទ្យុរង់ចាំស្ដាប់ លទ្ធផលសូម្បីតែអ្នកជិតខាងក្នុងភូមិក៏ផ្អើលឈប់ធ្វើការ មកអង្គុយចាំស្ដាប់នឹងគេដែរ ។ មិនយូរប៉ុន្មាន នាយ ស្លឹក លោតកញ្ឆេង ព្រមទាំងស្រែកខ្លាំងៗថា :
អញត្រូវឆ្នោតហើយ អញត្រូវឆ្នោតហើយវើយ ! អញមានហើយ អញលែងក្រហើយ !
អ្នកជិតខាងមួយចំនួនត្រេកអរជួយលោត និងស្រែកបន្ទរតាម ។ នាយ ស្លឹក អរលោតស្ទើរខ្ទេចស្មៅមុខផ្ទះទៅហើយ ប៉ុន្តែបែរជាមិនឃើញភរិយា របស់គេចេញមកជួយត្រេកអរសោះ ? មួយសន្ទុះធំ ទើបគេនឹកឃើញថា ភរិយារបស់គេមិនស្រួលខ្លួនតាំងពីព្រឹក ។
នាយស្លឹកទៅលើផ្ទះ បំណងប្រាប់ដំណឹងល្អនេះដល់ភរិយា ។ គេលូកដៃទៅប៉ះរាងកាយរបស់ភរិយាថ្នមៗ ប៉ុន្តែគេស្ទើរតែកន្ត្រាក់ដៃចេញមកវិញ ព្រោះរាងកាយរបស់ភរិយាត្រជាក់ស្រេប ដូចគ្មានឈាមរត់ ។
គេខំប្រឹងតាំងស្មារតី ចាប់រាងកាយភរិយាពេញទំហឹងម្ដងទៀត ។ ម្ដងនេះ បេះដូងរបស់គេ ធ្លាក់ក្ដុក ! អារម្មណ៍ស្ទើរមិននៅនឹងខ្លួន ពេលយកដៃម្ខាងទៅដាក់ក្បែរច្រមុះភរិយា ។ នាយស្លឹករន្ធត់ចិត្តយ៉ាងខ្លាំង ព្រោះច្រមុះភរិយាលែងមានដង្ហើមចេញចូលទៅហើយ ។ នាយស្រែកខ្លាំងៗម្ដងទៀត ម្ដងនេះមិនមែនស្រែកសប្បាយទៀតទេ គឺស្រែកយំ !
ក្លិន…ក្លិន…ក្លិនអូន !
គេស្រែកយំដូចកូនក្មេងយំ មិនបានរបស់ត្រូវចិត្ត ។ សម្លេងយំនៅពេលនេះ គ្មានអ្នកស្រុកអ្នកភូមិណាម្នាក់ឮទេ ព្រោះខ្យល់ព្យុះកំពុងតែសំដែងឫទ្ធិធ្ងន់ធ្ងរដែរ ក៏ស្ងប់ស្ងាត់ទៅវិញ នាយស្លឹកត្រលប់ជាបានឮសម្លេងហ៊ឺសៗ បន្លឺចេញមកពីទីឆ្ងាយប្រៀបដូចជា សម្លេងបិសាចសាហាវ កំពុងតែសើចដោយក្ដីពេញចិត្ត ។
អ្វីដែលឯងសុំអញ អញឲ្យហើយ ! ចុះនៅពេលអញសុំឯងវិញ ហេតុអ្វីក៏ឯងស្រែកយំវើយហ៊ឺសៗ ហះៗៗ នាយ ស្លឹកស្ទើរ តែបិទត្រចៀកទាំងសងខាង មិនចង់ឮសម្លេងនោះទេ ។
នាយស្លឹកសំឡឹងមើលទៅមេឃ ឃើញដុំពពកមានរាងជាមនុស្សចាស់ដូចមនុស្សម្នាក់ ដែលគេបានឃើញនៅក្នុងសុបិនកាលពីរាត្រីថ្ងៃសៅរ៍ ។ បិសាចនោះបានផ្ដាច់ជីវិត ភរិយាសំលាញ់របស់គេ ។ មើលចុះ នាងស្លាប់ទៅទាំងបិទភ្នែកមិនជិត មានចេញឈាមមកតាមមាត់តាមច្រមុះ មិនដឹងថានាងវេទនាយ៉ាងណាទេ មុនពេលផុតដង្ហើម !
យកទៅ យកទៅវិញទៅ អញលែងត្រូវការហើយ អញលែងចង់មានហើយ ! យកប្រពន្ធមកឲ្យអញវិញ !
គ្រាន់តែនិយាយបានប៉ុណ្ណឹង នាយស្លឹក ក៏ខ្យល់គដួលសន្លប់បាត់ស្មារតីទៅ ។ ក្រោយពេលភ្ញាក់ដឹងខ្លួនវិញ បែរជាខូចអារម្មណ៍ ឡប់សតិ ។ អ្នកភូមិភាគច្រើនយល់ថា នាយស្លឹកសប្បាយចិត្តនឹងត្រូវឆ្នោតខ្លាំងពេក ក៏ប្រញាប់ទៅដាស់ប្រពន្ធដែលកំពុងដេក ឲ្យមកសប្បាយជាមួយគ្នា រហូតមានការជ្រុលជ្រួស ដល់ថ្នាក់ច្របាច់កប្រពន្ធស្លាប់ទេ ។
ប៉ុន្តែមានអ្នកខ្លះបានដឹងហេតុការណ៍ច្រើនជាង នេះសន្មត់ថា ការស្លាប់របស់ប្រពន្ធនាយ ស្លឹក ជាថ្នូរដូរលេខឆ្នោតដែលនាយ ស្លឹក ចាក់ត្រូវនោះ ។ នាយស្លឹកខូចចិត្តពេក ទៅជា ឆ្កួតឡប់លែងដឹងអី និងមិនយូរប៉ុន្មាន ក៏ស្លាប់ទៅតាមប្រពន្ធដែរទៅ ៕
0 Comments:
Post a Comment