រឿង សរសៃសំបុកពីងពាង
មាននិទាន១ដំណាលថា ពេលថ្ងៃមួយដែលព្រះពុទ្ធព្រះបរមគ្រូនៃយើង ទ្រង់និមន្តតែមួយអង្គឯងនៅក្បែរ មាត់ស្រះបោក្ខណីនៃឧទ្យានសួគ៌។ បទុមបុប្ផាទាំងឡាយដែលរីកស្គុះស្គាយនៅ ក្នុងបឹងសុទ្ធតែមានពណ៌សក្បុសដូចគុជ ហើយពីកញ្ចុំកណ្ដាលពណ៌មាសនៃបុប្ផាទាំងឡាយ ក្លិនដ៏ក្រអូបឈ្ងុយឈ្ងប់ ដែលយើងពិបាកនឹងរកពាក្យឯណាមួយមកពន្យល់ឱ្យត្រូវបាន បានហោះហើរទៅអប់ប្រោះព្រំទីស្ថាននានាដែលនៅជុំវិញនោះយ៉ាងខ្ជាប់ខ្ជួន។
វេលានោះគឺជាពេលព្រឹកព្រលឹមនៅស្ថានតុសិត។
ព្រះពុទ្ធព្រះបរមគ្រូនៃយើង ព្រះអង្គទ្រង់គង់នៅមាត់ស្រះ ចោលព្រះនេត្រពីលើផ្ទៃទឹក តាមប្រឡោះនៃស្លឹកឈូកនានាទៅដល់ក្រោម។ ដោយនៅចំពីក្រោមព្រះបោក្ខណីនៃឧទ្យានសួគ៌មានស្ថានានរក ពេលដែលព្រះនេត្រទ្រង់ចោលឆ្ពោះទៅលើទឹកថ្លាឆ្វង់ដូចត្បូងកែវ ព្រះសម្មាសម្ពុទ្ធបានប្រទះឃើញភ្នំរកាដែកយ៉ាងច្បាស់ប្រត្យ័ក្ស ហាក់ដូចជា គេកំពុងតែឆ្លុះកែវយឹតបែបនោះផង។
ព្រះអង្គបានប្រទះឃើញនៅបាតនរកនោះ នូវបុរសម្នាក់ឈ្មោះកណ្ឌធៈ និងសត្វនរកជាច្រើនកំពុងតែយំស្រែក ប្រកូក ឱ្យគេជួយ។ ឯបុរសឈ្មោះកណ្ឌធៈនេះជាមនុស្សដែលធ្លាប់តែសម្លាប់គេ ធ្លាប់ដុតផ្ទះគេ គឺជាមេចោរ ដ៏ធំដែលតែងតែប្រព្រឹត្តអំពើអកុសស្សដ៏ច្រើនរាប់មិនអស់។ ប៉ុន្តែមានតែម្ដងគត់ដែលជននេះបានធ្វើអំពើល្អ។ ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ព្រះអង្គបានបើព្រះចក្ខុទិព្វទតទៅក៏បានប្រមើលឃើញថា មានពេលមួយបុរសនេះបានដើរកាត់ព្រៃជ្រៅមួយ។ ពេលនោះ គេបានព្រះទះឃើញកូនពីងពាងតូចមួយវារវើកៗនៅតាមផ្លូវ។ កណ្ឌធៈយារជើងប្រុងនឹងជាន់សំឡេះកូនពីងពាងនោះទៅហើយ គាប់ជួនជាមានចិត្ត មួយមកឃាត់ថាៈ
កុំអី កុំអី ទោះចាសត្វនេះតូចច្រម៉ក់បែបនេះក៏ដោយ ក៏វាជាសត្វដែលមានជីវិតដែរ។ អាត្មាអញពុំគួរសម្លាប់ វាលេងៗជាល្បែងទេអាណិតវា។
ដូច្នេះកណ្ឌធៈក៏ទប់ជើងឈប់សម្លាប់ពីងពាង ហើយទុកឱ្យសត្វល្អិតនោះនៅរស់មានជីវិតបន្តទៅ។
នៅពេលដែលទ្រង់ប្រមើលឃើញដូច្នេះ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង ក៏ទ្រង់នឹកថា គណ្ឌធៈធ្លាប់បាន ស្រោចស្រង់ជីវិតពីងពាង។ ប្រសិនបើទង្វើនេះអាចទៅជាកុសលឱ្យគេអាចចេញរួចពីនរកបាន ព្រះអង្គទ្រង់ចង់ជួយជននេះឱ្យចេញចាកផុតទុក្ខនៃស្ថាននរកនេះណាស់។
ជាភ័ព្វល្អនៅពេលដែលព្រះអង្គគ្រវៀសព្រះនេត្រគន់ទៅលើក្បែរៗទ្រង់ ទ្រង់ក៏ប្រទះឃើញពីងពាងនៃឧទ្យានសួគ៌មួយកំពុងព័ទ្ធស្រេះសំបុកពណ៌ប្រាក់ដ៏វិចិត្របន្តោងលើស្លឹកឈូកដែលមានពណ៌បៃតងដូចជាត្បូងមរកត។
ទ្រង់ឈោងសើរៗពីងពាងមួយសរសៃ ហើយទម្លាក់ចុះតាមចន្លោះ បទុមបុប្ផាដ៏សក្បុសនានាទៅតាមក្រោម ត្រង់ភ្លឹករហូតដល់បាតនរក។
នៅបាតនរកឯនោះគណ្ឌធៈកំពុងតែត្រូវយមបាលបោះហើយស្រង់ បោះហើយស្រង់ជាមួយនឹងសត្វនរកឯសត្វនរកឯទៀតៗទៅ ក្នុងត្រពាំងឈាមពុះគគ្រុក។
នៅក្នុងស្ថានភាពរកដ៏ងងឹតស្លុប គេឃើញមានពន្លឺសស្ងាចមួយចាំងឆ្វេចឆ្វាចៗ។ នោះគឺជាពន្លឺដែលដេញពីមុខបន្លា ដែលនានានៃភ្នំរកាដែក ដ៏គួរឱ្យស្រៀវស្រើប។ មើលទៅគួរឱ្យភ័យ គួរឱ្យរន្ធត់ពន់ពេកណាស់។ នៅទីនោះគេមានអារម្មណ៍ហាក់ដូចជាស្ថិតនៅទីស្មសាន ដ៏ស្ងាត់ច្រៀបគួរឱ្យព្រឺក្បាល។ ប្រសិនបើយូរៗម្ដង មានសំឡេងអ្វីឮឡើង នោះគឺពុំមានអ្វីក្រៅពីសំឡេងដង្ហោយខ្សោយៗ នៃសត្វនរកតែប៉ុណ្ណោះឡើយ។
ជនដែលបានធ្លាប់មកដល់ទីនេះទាំងឡើយ បានហត់ហេវនឹងទារុណកម្មដ៏ខ្មោខផ្សារនៃស្ថាននរក រហូតដល់ស្ទើរតែគ្មានកម្លំាងនឹងស្រែកយំផង។
ដូច្នេះគណ្ឌធៈដែលមុជងើបៗនៅក្នុងត្រពាំងឈាម គ្មានបានធ្វើអ្វីក្រៅតែពីឈ្លក់ឈាម ហើយបម្រះខ្វៃៗគួរឱ្យអានោចអាធម៌ មិនខុសពីសត្វកង្កែបមួយដែលហៀបនឹងផុតជីវិតឡើយ។
នៅក្នុងខណៈនោះ គណ្ឌធៈបានងើយមុខដោយចៃដន្យទៅលើលំហ ដែលនៅពីលើត្រពាំងឈាម ក៏ឃើញសរសៃពីងពាងពណ៌ប្រាក់ ធ្លាក់សំយ៉ាកចុះពីលើសែនឆ្ងាយៗយ៉ាងស្ងៀមស្ងាត់ចំាងព្រិចៗនៅក្នុងអន្ធការដ៏ងងឹតចាក់ភ្នែកពុំយល់។ សរសៃអំបោះនោះធ្លាក់ស្រឹមៗតំរង់មករករូបខ្លួន។ នៅពេលដែលឃើញសរសៃនោះគណ្ឌធៈសប្បាយចិត្តទះដៃដោយមិនដឹងខ្លួន។ ប្រសិនបើអាត្មាអញតោងសរសៃនោះ ឡើងទៅលើរហូតទៅ អាត្មាអញច្បាស់ជាអាចគេចផុតពីស្ថាននរកនេះពុំខានទេ។ ឱមែនស្រួលមិនស្រួលអញអាចឡើងរហូតដល់ស្ថានសួគ៌ផងក៏មិនដឹង។ ដល់អញ្ជឹង អាត្មាអញនឹងបានចាកផុតពីគេដេញឱ្យឡើងរកាដែក ឬគេបោះទម្លាក់ទៅក្នុងត្រពាំងឈាមនេះពុំខានឡើយ។ គិតបែបនេះហើយ គណ្ឌធៈក៏ខំប្រវេប្រវាតោងសរសៃសំបុកពីងពាងដោយដៃរបស់គេទាំងសងខាងយ៉ាងតឹង ហើយខិតខំស្រវាឡើងតាមសរសៃនោះទៅលើ។ ដោយបុរសនោះ ធ្លាប់តែធ្វើជាមេចោរគេថ្នឹកនឹងការតោងប្រវាឡើងតាមខ្សែរជាដើមបែបនេះណាស់។
ប៉ុន្តែចម្ងាយពីឋាននរកទៅឋានសួគ៌ មានរាប់ម៉ឺនយោជន៍ ដូច្នេះទោះជាគេប្រញាប់ចង់ឱ្យទៅដល់ឆាប់យ៉ាងណាក៏ដោយ ក៏មិនមែនជាការងាយស្រួលនឹងតោខ្សែឡើងឱ្យបានទៅដល់ឋានសួគ៌បានភ្លាមៗឡើយ។
នៅពេលដែលគេប្រវេប្រវាឡើងបានមួយស្របក់ធំទៅ គណ្ឌធៈក៏ហត់ហើយពុំអាចប្រឹងឡើងទៅលើទៀតបានឡើយ។ ពុំដឹធ្វើម៉េច គណ្ឌធៈក៏តោងសរសៃសំបុកពីងពាងឈប់ទ្រឹងដើម្បីសម្រាកយកកម្លាំង រួចហើយក៏ចោភ្នែកទៅក្រោម។ ពេលនោះដោយសារការខំប្រឹងតោងឡើងរបស់គេ គេមើទៅឃើញត្រពាំងឈាមដែលគេតែងតែត្រូវបានយមបាលបោះទម្លាក់មិនស្រាកស្រាន្តនោះ បិទបាំងទៅក្នុងអន្ធការដ៏ងងឹតរកមើលស្ទើរតែលែងឃើញ ហើយភ្នំរកាដែកដ៏គួរឱ្យរន្ធតក៏ឃើញព្រឹមៗ នៅពីក្រោមគេដែរ។ បើឱ្យតែខំតោងឡើងតែយ៉ាងនេះបន្តទៀត ការចាកចេញផុតពីនរកមិនមែនជាសុបិន្តទេ វានឹងទៅជាការពិតសម្រាប់ គេមិនខានឡើយ។ គណ្ឌធៈឱបសរសៃពីងពាងបណ្ដើរស្រែកហ៊ោរបញ្ចេញសំឡេង ដែលគេខានបញ្ចេញរាប់ឆ្នាំទៅហើយថា ជយោ! អញរួចខ្លួនហើយ ហើយគេក៏សើចហះ ហ៎ះ។
ពេលនោះគេក្រលេកទៅឃើញថា ពួកសត្វនរកទាំងឡាយកំពុងខំត្រដរតោងឡើងតាមក្រោយគេម ដែរយ៉ាងស្កេស្កះមីរដេសដាស ប្រៀបបាននឹងក្បួនស្រមោច។
នៅពេលដែលឃើញទិដ្ឋភាពបែបនេះគណ្ឌធៈភ្ញាក់ផងភ័យផង ពុំអាចធ្វើអ្វីក្រៅពី បើកមាត់ចំហរធ្លុងដូចមនុស្សឆ្កួតហើយញាក់ភ្នែកទទ្រើកឡើយ។
សូម្បីតែខ្លួនឯងតែម្នាក់ក៏ស្ទើរតែដាច់ទៅហើយ ចុះទំរាំដល់មានមនុស្សតោងឱ្យរងួយធ្ងន់បែបនេះ តើឱ្យសរសៃសំបុកពីងពាននេះទ្រាំបាន ឬអត់? ប្រសិនបើសរសៃសំបុកពីងពាងដាច់ភឹសទៅ ម្ល៉េះសើយរូបខ្លួនក្ដីច្បាស់ជានឹងត្រូវធ្លាក់ទៅក្នុងឋាននរកដដែលវិញមិនខានឡើយ។ បើដូច្នេះមែនគឺពិតជាវីវរធ្ងន់ហើយ។
នៅពេលដែលគណ្ឌធៈកំពុងតែគិតបែបនេះ សត្វនរកទាំងឡាយកាន់តែនាំគ្នាប្រវេប្រវាតោងសរសៃសំបុកពីងពាងដ៏ឆ្មារ ដែលចាំងផ្លេកៗច្រើនឡើងៗរាប់រយពាន់នាក់ ដើម្បីឱ្យបានរួចចេញចាកពីបាតត្រពាំងឈាមដ៏ខ្មៅងងឹត។
គណ្ឌធៈគិតថាបើមិនគូរទេ សរសៃសំបុកពីងពាងនេះច្បាស់ជាដាច់ជាពីរកំណាត់ប៉ិត ហើយគេនឹងធ្លាក់ទៅវិញពុំខានឡើយ។ គិតហើយគេក៏ស្រែកជេរពីលើមកថាៈ
– នែ ម្នាលអាសត្វនរកទាំងឡាយ សរសៃពីងពាងនេះជារបស់អញតែម្នាក់ទេចុះពួកអាឯងបានការអនុញ្ញាត្តិពីនរណាជាមកបានជាមកតោងរបស់អញឥតច្បាប់ ឥតទម្លាប់ដូច្នេះ? ចុះទៅវិញភ្លាម ចុះភ្លាម!
ពេលនោះសរសៃអំបោះដែលអត់អីសោះមកដល់ពេលនេះ ក៏ស្រាប់តែលាន់ឮសូប្រឹះៗ ត្រង់កន្លែងដែលគណ្ឌធៈកាន់ហើយដាច់ប៉ិតតែម្ដង។
គណ្ឌធៈវិលដោយខ្យល់វេជ្ជវាតដូចវូ ធីងធោងៗ ហើយធ្លាក់លឿនស្លេវទៅក្នុងអន្ធការដ៏ជ្រៅខាងក្រោមនោះទៅ។
ឯសរសៃសំបុកពីងពាងនៃឧទ្យានសួគ៌ក៏យោលតែតោលៗព្រិចៗនៅក្នុងលំហមេឃ ដែលគ្មានព្រះចន្ទ និងដួងផ្កាយមួយគ្រាប់សោះ។
ព្រះសម្មាសម្ពុទ្ធជាព្រះបរមគ្រូនៃយើង ទ្រង់ងើបពីមាត់ស្រះបោក្ខណី ហើយទ្រង់ទតមើលគណ្ឌធៈដែលធ្លាក់លឿនស្លេវ ដូចជាដុំថ្មមួយដុំលិចស្រឹមបាត់ទៅក្នុងបាតស្ទឹងឈាម ដោយព្រះភ័ក្រ្តក្រៀមក្រំ។ រួចហើយព្រះអង្គក៏និមន្តទៅមុខតទៅទៀតដោយស្ងៀមស្ងាត់។
ជនដែលចង់ចេញពីនរកតែឯង ដូចតួយ៉ាងគណ្ឌធៈដែលពុំមានលក្ខណៈមេត្តាករុណាទេ តោងតែទទួលទណ្ឌកម្មធ្លាប់ទៅនរកវិញបែបនេះឯង។
ប៉ុន្តែផ្កាឈូកដ៏សក្បុសបរិសុទ្ធ ដូចជាយោលយោកខ្លួនរេរាៗនៅជិតព្រះបាទព្រះសម្មាសម្ពុទ្ធ ជាព្រះបរុមគ្រូដនៃយើងនៅក្នុងស្រះបោក្ខណី នៃឧទ្យានសួគ៌ហាក់ដូចជាពុំខ្វលខ្វាយនឹងកម្មផលទាំងនេះនៃមនុស្សសត្វទាំងឡាយឡើយ។ នៅចំកណ្ដាលបុប្ផាទាំងឡាយនោះកញ្ចុំកណ្ដាលដែលមានពណ៌មាសចោលក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់រកពាក្យឯណាយកមកពន្យល់ក៏ពុំត្រូវ ទៅអប់ប្រោះព្រំទីស្ថាននានាជុំវិញបឹងទន្លេសាបដោយស្ងប់ស្ងាត់។
0 Comments:
Post a Comment