Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

មកស្គាល់ខ្លោងទ្វារទាំង ៥ នៃទីក្រុងអង្គរធំ និងតួនាទីនៃការប្រើប្រាស់ខ្លោងទ្វារនីមួយៗ

 មកស្គាល់ខ្លោងទ្វារទាំង ៥ នៃទីក្រុងអង្គរធំ និងតួនាទីនៃការប្រើប្រាស់ខ្លោងទ្វារនីមួយៗ

អង្គរធំជាវង់ប្រាសាទជាច្រើន ឬជាទីក្រុងអង្គរធំ ដែលត្រូវបានស្ថាបនាឡើងក្នុងរជ្ជកាលគ្រងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី ៧ (គ្រឹស សករាជ ១១៨១-១២១៨) ហើយវាក៏ជារាជធានីធំចុងក្រោយបង្អស់នៅសម័យអង្គរផងដែរ។


 កំពែងជុំវិញទីក្រុងអង្គរធំ ត្រូវបាន ជ្រើសរើសថ្មបាយក្រៀម ដែលសង់ជុំវិញមានប្រវែង ១២ គីឡូម៉ែត្រ និងមានកម្ពស់ ៨ ម៉ែត្រ ហើយមានខ្លោងទ្វារចំនួន ៥ (ខ្លោង ទ្វារធំៗមានចំនួន ៤ បែរមុខទៅទិសទាំង ៤) មានកម្ពស់ ២៣ ម៉ែត្រជាសំណង់ចម្លាក់បាយ័នដោយមានមុខព្រះព្រហ្ម និងត្រូវអម សងខាងផ្លូវដោយចម្លាក់អសុរា និងទេវតាទ្រនាគ ដែលបង្ហាញអំពីដំណើរកកើតផែនដីក្នុងសាច់រឿងកូរសមុទ្រទឹកដោះ នៃព្រហ្ម សាសនា។


ប្រសិនបើមិត្តអ្នកអាន ធ្លាប់បានទៅទស្សនានៅប្រាសាទក្នុងវង់អង្គរធំ លោកអ្នកភាគច្រើនប្រហែលជាបានចូលតាមច្រកខ្លោងទ្វារ ទន្លេរអុំ (ខាងត្បូង) ច្រើនជាងគេ ព្រោះវាគឺជាច្រកដែលគេអាចធ្វើដំណើរចេញពីប្រាសាទអង្គរវត្តទៅ។ ប៉ុន្តែគូសបញ្ជាក់ថា នៅ សម័យអង្គរខ្លោងទ្វារទាំង ៥ នៃទីក្រុងអង្គរធំនោះ ត្រូវបានបែងចែក និងប្រើប្រាស់ទៅតាមកាលៈទេសៈខុសគ្នាទាំងអស់ អញ្ចឹង យើងនឹងមកដឹងពីតួនាទីនៃខ្លោងទ្វារនីមួយៗក្នុងអត្ថបទនេះ។


១. ខ្លោងទ្វារជ័យ

ខ្លោងទ្វារជ័យ បែរទៅទិសខាងកើត ស្ថិតនៅចំផ្លូវខាងមុខព្រះពន្លាកិត្តិយសនៃព្រះលានជល់ដំរី។ ខ្លោងទ្វារនេះត្រូវបានប្រើប្រាស់ សម្រាប់ចេញចូលដោយព្រះមហាក្សត្រ និងកងទ័ពបន្ទាប់ពីបានទទួលនូវជោគជ័យលើខ្មាំងសត្រូវ។ ដូចនេះ ទើបគេហៅថាខ្លោង ទ្វារជ័យ។


២. ខ្លោងទ្វារខ្មោច

ខ្លោងទ្វារខ្មោច ស្ថិតនៅទិសខាងកើតដូចទ្វារជ័យដែរ ប៉ុន្តែគឺជាខ្លោងទ្វារតូច និងមានផ្លូវទៅចំពីមុខប្រាសាទបាយ័ន។ គេប្រើប្រាស់ ខ្លោងទ្វារខ្មោច សម្រាប់ដង្ហែសពចេញពីទីក្រុងអង្គរធំនោះទៅក្រៅ ដើម្បីយកទៅបូជា ឬយកទៅចោលក្នុងទឹកស្ទឹងនៅបរិវេណខាង ក្រៅក្រុងអង្គរធំ ទើបគេហៅថាខ្លោងទ្វារខ្មោច។ ម្យ៉ាងទៀត (ផ្ទុយពីខ្លោងទ្វារជ័យ) គេប្រើប្រាស់ខ្លោងទ្វារខ្មោចបន្ទាប់ពីទទួល បរាជ័យក្នុងសង្គ្រាមដែរ។


៣. ខ្លោងទ្វារទន្លេអុំ

ខ្លោងទ្វារទន្លេអុំ ដូចបានលើកឡើងខាងដើមអញ្ជឹង វាជាខ្លោងទ្វារល្បីល្បាញជាងគេ គេអាចធ្វើដំណើរពីប្រាសាទអង្គរវត្ត ដោយស្ថិត នៅបែកខាងត្បូង។ ខ្លោងទ្វារនេះ ត្រូវបានប្រើប្រាស់សម្រាប់មនុស្សគ្រប់ស្រទាប់វណៈទាំងអស់ ទាំងវណ្ណៈក្សត្រ វណ្ណៈនាម៉ឺនមុខមន្ត្រី និងវណ្ណៈរាស្ត្រ -ល- ដោយគេអាចចេញចូលតាំងពីព្រឹកព្រលឹម រហូតដល់ព្រលប់ ក្នុងគោលបំណងកិច្ចការរដ្ឋបាល សាសនា និង រកស៊ីជួញដូរផ្សេងៗ។ លើសពីនេះទៀត នៅគូរទឹកខាងមុខខ្លោងទ្វារទន្លេអុំនោះ ក៏ត្រូវបានគេប្រារព្ធពិធីបុណ្យអុំទូក ដើម្បីរំលឹក ចម្បាំងជើងទឹកកាលពីរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ២ និងព្រះបាទជ័យវរ្ម័នទី ៧ ដែលបានយកឈ្នះកងទ័ពចាមផងដែរ។


៤. ខ្លោងទ្វារតាកៅ

ខ្លោងទ្វារតាកៅ ស្ថិតនៅទិសខាងលិច។ យោងតាមឯកសាររបស់ បេសកជនចិន លោក ជីវ តាក្វាន់ ខ្លោងទ្វារតាកៅ គឺជាច្រក ដែលគេត្រូវយកអ្នកទោស ឬជនដែលប្រព្រឹត្តបទល្មើសមិនអាចលើកលែងបាន យកទៅប្រហារជីវិតនៅខាងក្រៅបរិវេណអង្គរធំ ហើយសាកសពត្រូវជីករណ្តៅកប់ និងយកដីឬថ្មគ្របពីលើ។

៥. ខ្លោងទ្វារដីឆ្នាំង

ខ្លោងទ្វារដីឆ្នាំង ស្ថិតនៅទិសខាងជើង ដែលជាច្រកសម្រាប់ឆ្ពោះទៅប្រាសាទព្រះខ័ន ប្រាសាទនាគព័ន្ធ -ល-។ ចំណែក្នុងសម័យ អង្គរ ច្រកនេះត្រូវបានប្រើប្រាស់សម្រាប់បុព្វជិត មកពីទីជិតឆ្ងាយដង្ហែរក្បួនព្យុហយាត្រាចូលមករាជធានី ដើម្បីគាល់ព្រះមហាក្សត្រ ដើម្បីសុំព្រះរាជទានទោស និងត្រូវយកទៅអប់រំសារជាថ្មីឡើងវិញ នូវទោសកំហុសដែលគេអាចកែប្រែបាន។


ជាសរុបមកវិញ ទាំងអស់នេះ គឺជាអត្ថន័យនិងតួនាទីប្រើប្រាស់នូវច្រកខ្លោងទ្វារទាំង ៥ នៅក្នុងរាជធានីអង្គរធំ ថ្វីត្បិតតែខ្លោងទ្វារ ទាំងនោះមានរចនាបថដូចគ្នាមែន ប៉ុន្តែតួនាទីប្រើប្រាស់គឺខុសៗគ្នាទាំងអស់។ ខាងក្រោមនេះគឺជារូបភាព បង្ហាញពីរចនាបថ នៃ ខ្លោងទ្វារនៃទីក្រុងអង្គរធំ។


0 Comments:

Post a Comment