Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង ចៅគីង្គក់

 រឿង ចៅគីង្គក់

កាលពីព្រេងនាយមានគ្រួសារប្តីប្រពន្ធ២នាក់រស់នៅដាច់ស្រយាលពី គេពួកគាត់ប្រកបរបរកសិកម្មដើម្បីចិញ្ចឹមជីវិតយ៉ាងសុខសាន្ត ។ ថ្វីត្បិតតែពួកគាត់រស់នៅក្នុងជីវភាពធូរធារប៉ុន្តែទាំង២នាក់ តែងតែ ពិបាកចិត្តព្រោះតាំងពីរៀបការជាប្តីប្រពន្ធមកពុំទាន់មានកូនសោះ ។ យប់នេះព្រះចន្ទ័ពេញបូរមីល្អណាស់ព្រោះជា ថ្ងៃបុណ្យអកអំបុក សំពះ ព្រះខែ។ យើងគិតបន់ផ្សងសុំកូនមួយមើលក្រែងលោបាន! (ប្រពន្ធ និយាយទៅកាន់ប្ដី) ។ អ្នកទាំង២ក៏បួងសួងដល់វត្ថុសក្តិសិទ្ធក្នុងលោក "មេត្តាដាក់ទានកូនមួយមកដើម្បីជាពន្លឺក្នុងគ្រួសារទៅអនាគត” ។

មួយឆ្នាំក្រោយមកប្រពន្ធរបស់គាត់ក៏មានផ្ទៃពោះដូចបំនង ពួកគាត់ សប្បាយចិត្តយ៉ាងខ្លាំង។ លុះដល់គំរប់ខែឆ្លងទន្លេ ប្រពន្ធរបស់គាត់ក៏ កើតបានកូនមួយ តែគួរឱ្យស្តាយដែលកូនរបស់គាត់កើតមកជាសត្វ គីង្គក់។ ពេលនោះនាយជាប្តីខឹងឆេះឆួលហួសប្រមាណ ក៏ទាញកាំបិត បំរុងផ្តាច់ជីវិតគីង្គក់។ គីង្គក់ក៏ឆ្លើយថា ឈប់! ឈប់! លោកឪពុកជាទី មានគុណ! ហេតុអ្វីបានជាពុកដាច់ចិត្តសម្លាប់កូន! កូនក៏ចង់ឃើញ ពន្លឺព្រះអាទិត្យដូចគេឯងដែរ ។

គ្រាន់តែលឺសំលេងគីង្គក់ចេះនិយាយឪពុកក៏ភាន់ភាំង ទន់ដៃ រលាយ នៅកំហឹងទាំងប៉ុន្មានចំពោះកូនទៅវិញ។ គាត់ខំបីបាច់ថែរក្សាកូនរហូត ដល់ធំពេញវ័យ។ កាលបើចំរើនវ័យបាន១៦ឆ្នាំហើយ ចៅគីង្គក់ក៏អាច ជួយសំរាលការងារ ឪពុកម្តាយដូចក្មេងទូទៅដែរ។ វាតែងតែជួយរែក ទឹក មើលគោ និងធ្វើការងាផ្សេងទៀតជំនួសពួកគាត់។

ថ្ងៃមួយគីង្គក់និងឪពុកនាំគ្នាទៅកាប់អុសក្នុងព្រៃជ្រៅ។ សំលេងស្ទីនិងពុក? “គីង្គក់ សួរទៅឪពុក” ។ ពួកគេក៏ដើរសំដៅទៅកន្លែងសំលេងមនុស្សស្រីស្រែកឱ្យជួយ ។ គឺព្រះនាងទេតើ! យីពស់ធំណាស់ពុក វាចង់ស៊ីសេះព្រះនាងហើយ “គីង្គក់ស្រែក” ។ គ្រាន់តែលឺសំលេងគីង្គក់ភ្លាមពស់ដ៏សាហាវក៏លែងសេះរួចទៅរកគីង្គក់ភ្លាម វាប្រុង នឹងលេបគីង្គក់ស៊ី ជាចំណីតែទីបំផុតក៏ត្រូវគីង្គក់សម្លាប់វិញ រំពេចនោះក៏ផ្ទុះខពេជ្យ១ គ្រាប់ចេញពីក្បាលរបស់វា។

ព្រះនាងនិយាយទៅកាន់គីង្គក់ថា “អ្នកជាសត្វគីង្គក់ធំចំលែកពូកែ អស្ចារ្យ” យើងសូមអរគុណដែលអ្នកបានជួយយើង ឱ្យរួចពីសេចក្តី ស្លាប់នេះ ។ គីង្គក់ក៏នាំព្រះនាងចាកចេញពីព្រៃនោះទៅ ។


ថ្លែងពីនគរចក្ររដ្ឋមានឧបរាជមួយឈ្មោះកំហែងរិទ្ធិជាអ្នកខ្លាំងពូកែ អស្ចារ្យ ។ ឧបរាជបានហាត់រៀនវិជ្ជាមន្តអាគមនិងគុណដាវនៅលើ កំពូលភ្នំមួយ ក្នុងបំណងធ្វើយ៉ាងណាឱ្យនគរទាំងឡាយក្លាយជាចំណុះ នគររបស់ខ្លួន ។ ឧបរាជហាត់រៀន វិជ្ជាសព្វគ្រប់ហើយក៏ធ្វើដំណើរទៅ រាជវាំង ។ លុះមកដល់រាជវាំង ឧបរាជកំហែងរិទ្ធិបានសុំរាជានុញ្ញាតពី ព្រះអង្គចេញទៅច្បាំងជាមួយនឹងនគរមហាភព។ ព្រះអង្គក៏យល់ព្រម ឱ្យកំហែងរិទ្ធិដឹកនាំទ័ពទៅច្បាំង។

និយាយពីព្រះអង្គនគរមហាភពវិញលុះទ្រង់ជ្រាបដំណឹងថានគរចក្ររដ្ឋ ចង់ដណ្តើមទឹកដីរបស់ខ្លួនក៏បញ្ជារឱ្យលោកសេនាបតីជាមេទ័ពដឹកនាំ ទ័ពតទល់ ជាមួយសត្រូវតែត្រូវកំហែងរិទ្ធិវាយឱ្យរបួសក៏រត់ភៀស ខ្លួន។ មកដល់ពាក់កណ្តាលផ្លូវលោកសេនាបតីបានជួបនឹងកងទ័ព របស់ខ្លួន។ មេទ័ពខំប្រឹងធ្វើដំណើរ រហូតមកដល់រាជវាំងហើយរៀប រាប់ប្រាប់ព្រះអង្គមិនទាន់ចប់ផងក៏ស្លាប់ទៅ។ ក្រោយពេលលោក សេនាបតីស្លាប់ទៅព្រះអង្គក៏ចេញព្រះរាជកាសដើម្បីជ្រើសរើសអ្នក ខ្លាំងពូកែបើនរណាច្បាំងឈ្នះព្រះរាជានឹងប្រទានព្រះរាជបុត្រីនិងយស សក្តិជាកិត្តិយសទៀតផង ។

ព្រះរាជប្រកាសរបស់ព្រះអង្គបានលឺដល់ចៅគីង្គក់ ចៅគីង្គក់ក៏សុំឳពុក ចូលគាល់ព្រះអង្គ។ លុះជួបព្រះអង្គហើយ គីង្គក់ក៏ទូលទ្រង់ឱ្យរាជា នុញ្ញាតខ្លួនធ្វើជាមេទ័ព ។ ព្រះអង្គទ្រង់ចំលែកក្នុងចិត្តណាស់ ហេតុ ដូម្តេចក៏គីង្គក់ចេះនិយាយ? តែទ្រង់ស្ងៀមមិនចេញស្ពឺ ។គីង្គក់ក៏ទូល ព្រះអង្គបន្ថែមដោយយល់ថា ព្រះអង្គពិតជាគិតថាខ្លួនជាសត្វ ទើបមិន និយាយ “បរពិត្រ ព្រះអង្គថ្វីត្បិតទូលបង្គំជាសត្វគីង្គក់ តែទូលបង្គំ ពិតជាចង់កំចាត់សត្រូវដែលឈ្លានពានទឹកដីយើងប្រាកដមែនពី ព្រោះទូលបង្គំក៏ជារាស្ត្ររបស់ព្រះអង្គដែរ។ ស្ដេចទ្រង់ស្ងើចសសើរពី សំដីរបស់គីង្គក់ណាស់ ទ្រង់ញញឹមហើយមានបន្ទូលថា “មេទ័ពដ៏ អស្ចារ្យចូរឯងទទួលបានជោគជ័យ " អរគុណព្រះអង្គ "គីង្គក់ឆ្លើយ” ។

គីង្គក់បានដឹកនាំទ័ពឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយរហូតដល់ទឹកដី ដែលសត្រូវបានឈ្លានពាន។ គ្រាន់តែឃើញគីង្គក់ភ្លាមកំហែងរិទ្ធិក៏ សើចចំអកចៅគីង្គក់ថា “តើនគររបស់ឯងគ្មានអ្នកខ្លាំងពូកែទេឬបាន ជាយកសត្វតូចតាចដូចឯងធ្វើជាមេទ័ព? ។ ឯកងទ័ពនគរចក្ររដ្ឋកាល បើលឺមេទ័ពនិយាយបែបនេះក៏សើចបង្គាប់គីង្គក់។ គីង្គក់នៅស្ងៀម ហើយដើរសំដៅទៅដើមត្នោតមួយដើម ដល់ហើយក៏លើករំលើងដើម ត្នោតបោះទៅលើកូនទ័ពរបស់កំហែងរិទ្ធិ បន្ទាប់មកវាខំបំប៉ោងពោះ៖ បញ្ចេញខ្យល់សិល្ប៍ស្លាប់ពលរេហ៍ជាច្រើននាក់ទៀតផង។ ឃើញបែប នេះកំហែងរិទ្ធិក៏សូត្រមន្តអាគមបង្កើតពស់ជាច្រើនឱ្យដេញសម្លាប់ គីង្គក់តែត្រូវគីង្គក់សម្លាប់គ្មានសល់ ។

ដឹងថាមិនឈ្នះគីង្គក់មេទ័ពកំហែងរិទ្ធិក៏គ្រវែងខ្សែសិល្ប៍ចងគីង្គក់ជាប់ ។ “អាសត្វ ចង្រៃខ្លួនរបស់ឯងនឹងក្លាយជាឈាមដោយសារតែខ្សែសិល្ប៍របស់យើង” ហាស់ ហាស់ “មេទ័ពកំហែងរិទ្ធិស្រែក” ។ គីង្គក់ប្រឹងរើយ៉ាងណាក៏ពុំរួច អស់តំរិះ៖វាក៏លើក ដៃប្រណម្យ ហើយបួងសួងដល់គុណឱពុកម្តាយ សូមជួយឱ្យកូនរួចផុតពីចំណង សិល្ប៍នេះផងដើម្បីទាន់ពេលជួយនគរ របស់យើង ។ ខ្សែចំណងក៏ដាច់ភ្លាមមួយ រំពេចមេទ័ពកំហែងរិទ្ធិខឹងណាស់ក៏តំឡើងខ្លួនយ៉ាងធំដូចយក្ស រួចទាញដាវបំរុង ផ្តាច់ជីវិតគីង្គក់ គីង្គក់ក៏ព្រួសពេជ្យទិព្វសំដៅទៅកំហែងរិទ្ឋិស្លាប់ទៅ។

ក្រោយពីទទួលបានជោគជ័យពីនគរចក្ររដ្ឋមក ចៅគីង្គក់ក៏ធ្វើដំណើរមកកាន់រាជវាំងវិញ។ ព្រះអង្គក៏មានបន្ទូលទៅកាន់ចៅគីង្គក់ថា " យើងនឹងមិនក្បត់ពាក្យសន្យាចំពោះឯងទេ ត្បិតឯងបានជួយនគររបស់យើងឱ្យរួចផុតពីបច្ចាមិត្រ” មានបន្ទូលរួចទ្រង់ក៏បែរព្រះភ័ក្រ្ត មកសួរបុត្រីដែលព្រះនាងគង់នៅទីនោះដែរថា “តើបុត្រព្រមទទួលចៅគីង្គក់ជាស្វាមី ឬទេ? ” ។

 ព្រះនាងក៏ទូលថា ព្រះពរព្រះបិតាបុត្រយល់ព្រម ព្រោះមេទ័ពគីង្គក់ធ្លាប់បាន ជួយសង្គ្រោះបុត្រម្ដងដែរ កាលបុត្រទៅក្រសាលឯព្រៃជ្រៅ។ ចៅគីង្គក់ក៏សុំរាជានុញ្ញាត ព្រះអង្គនាំព្រះនាងទៅភូមិកំណើតដើម្បីជួបអ្នកមានគុណរបស់ខ្លួន។ អ្នកទាំងពីរថ្វាយ បង្គំលាព្រះអង្គហើយក៏ធ្វើដំណើរមកជួបអ្នកមានគុណ។ លុះជួបឪពុកម្តាយ គីង្គក់និង ព្រះនាងក៏ក្រាបសំពះហើយរៀបរាប់រឿងសព្វគ្រប់ជូនអ្នកមានគុណស្តាប់។ បន្ទាប់មក ចៅគីង្គក់ប្រាប់ឱ្យម្តាយយកពេជ្យទិព្វគូសខ្វែងលើក្បាលរបស់ខ្លួនហើយលើកដៃបួងសួង ដោយនិយាយថា “សូមឱ្យកូនក្លាយជាមនុស្សដូចក្តីប្រាថ្នា។ ម្តាយក៏ធ្វើតាមដូចដែល កូនប្រាប់គីង្គក់ក៏ប្រែកាយក្លាយជារាជបុត្រស្រស់សង្ហាមួយព្រះអង្គ។

ព្រះរាជបុត្រនិងព្រះនាងក៏យាងមកកាន់រាជវាំងវិញ។ ទ្រង់បានរៀបអភិសេកយ៉ាង អធឹកអធមហើយរស់នៅជាមួយគ្នាសុខសាន្តទៅហោង។

























0 Comments:

Post a Comment