លុះស្ដេចយាងមកដល់ទតឃើញទូកតាដុង យាយជ័យចេញពីកំពង់ឆ្ងាយទៅហើយ ព្រះអង្គក៏គិតស្មានក្នុងព្រះទ័យថា ឪដុងម៉ែជ័យមុខជាខឹងនឹងព្រះអង្គលើកផ្លូវថ្នល់មិនហើយ បានជាមិនចាំជួបនឹងព្រះអង្គ ព្រះរាជាក៏ចាត់សេនា ៤ នាក់ឲ្យចូលទៅអង្វរឪដុងម៉ែជ័យ នឹងសូមឲ្យយកនាង ត្រចើលដោះក្រាល មកធ្វើជាទេពីរបស់ព្រះអង្គ ។ សេនា ៤ នាក់ក៏តាមទៅជួបនឹងតាដុងយាយជ័យ ដែលកំពុងបណ្ដើរនាងត្រចើលដោះក្រាលឡើងសំដៅមកផ្ទះ ហើយសេនាទាំងនោះនិយាយអង្វរតាដុងយាយជ័យ តាងព្រះនាមព្រះមហាក្សត្រថា "ព្រះអង្គសូមយកនាងទៅធ្វើជាព្រះទេពីរបស់ព្រះអង្គ" ។ គ្រានោះនាងត្រចើលដោះក្រាល ដែលជាស្រីល្អដូចនាងទេពធីតា ក៏លុតជង្គង់សំពះប្រណម្យទៅសេនា ៤ នាក់វិញថា " នាងខ្ញុំសូមក្រាបបង្គំទូលព្រះរាជាថា នាងខ្ញុំមិនសុខចិត្តទៅធ្វើជាព្រះទេពីរបស់ព្រះអង្គទេ ព្រោះរូបខ្ញុំជារាស្ត្រ បើព្រះអង្គនៅតែបង្ខំយករូបខ្ញុំ នាងខ្ញុំនឹងសម្លាប់ខ្លួនជាមិនខាន " ។ ខណៈនោះតាដុងយាយជ័យ និយាយទៅកាន់សេនា ៤ នាក់ថា "សូមលោកទូលព្រះរាជាផង កុំឲ្យព្រះអង្គបង្ខំពេក ចាំខ្ញុំលួងលោមចិត្តកូនស្រីខ្ញុំឲ្យបានស្រួលសិន" ។ សេនា ៤ នាក់ ក៏លាថយត្រឡប់ទៅវិញ ។ ចំណែកតានិងយាយក៏នាំគ្នាចូលទៅក្នុងផ្ទះ ។ ពេលរាត្រីនោះ តាដុងយាយជ័យ នាំនាងត្រចើលដោះ-ក្រាលរត់បណ្ដោះទៅទុកនៅផ្ទះនាងទែនឯភូមិស្រែរនោង ហើយតាដុងយាយជ័យ និយាយប្រាប់នាងទែនជាប្អូនតាមរឿងសព្វគ្រប់ នឹងប្រាប់ឲ្យហៅព្រានវិងឲ្យនាំកូនឈ្មោះចៅប្រមាញ់វិងស៊ុង មករើសរកពេលាការឲ្យហើយ ។ តាយាយផ្ដាំនាងទែន សព្វគ្រប់ហើយក៏វិលថយមកផ្ទះវិញ ចាំទូលដោះសានឹងស្ដេច ។ ត្រង់កន្លែងដែលសេនា ៤ នាក់ មកអង្វរតាដុងយាយជ័យ សូមនាងត្រចើលដោះក្រាល ទៅធ្វើជាព្រះទេពីរបស់ព្រះរាជា ហើយនាងសំពះប្រណម្យទៅសេនាវិញថា នាងមិនសុខចិត្តទៅទេ នោះគេហៅថា ទេពធីតាប្រណម្យ ដែលឥឡូវនេះមានវត្តមួយឋិតនៅក្នុងកន្លែងនោះ ឈ្មោះវត្តទេពប្រណម្យ គឺពីដើមគេហៅវត្តទេពធីតាប្រណម្យ តែក្រោយមកទៅជាវត្តទេពប្រណម្យ នៅឃុំវិហារហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល សព្វថ្ងៃ ។ គ្រានោះ ព្រះរាជាលុះត្រាបានទ្រង់បានសណ្ដាប់សេនា ៤ នាក់ថា ចាំឪដុងម៉ែជ័យអង្វរលួងលោមចិត្តនាងកូនឲ្យបានស្រួលសិន ដូច្នេះ តាំងពីថ្ងៃនោះមកព្រះអង្គទ្រង់ចាត់សេនាឲ្យមកស្ដាប់ដំណឹងនៅផ្ទះឪដុងម៉ែជ័យជារាល់ថ្ងៃ ។ ឯតាដុងយាយជ័យចេះតែដោះសារថា " ចិត្តនាងពុំទាន់ស្រួលនៅឡើយទេ " ។ ចំណែកនាងទែនកាលបើបានទទួលចងចាំតាមសំដីបងសព្វគ្រប់ហើយ ក៏ចាត់ការហៅព្រានវិងនិងចៅប្រមាញ់វិងស៊ុង ឲ្យចូលមកស្ដីដណ្ដឹងនាងត្រចើលដោះក្រាល រួចឲ្យអាចារ្យមើលពេលាការ បានហើយក៏ដំណឹងទៅបងឲ្យមករៀបការកូន ។ តាដុងយាយជ័យមិនទាន់បានមកភ្លាមទេ ព្រោះនៅជាប់ដោះសារនឹងស្ដេច លុះដល់ថ្ងៃចូលរោង តា និង យាយ ក៏លួចលបធ្វើដំណើរមកតាមផ្លូវក្នុងព្រៃមានសេចក្ដីព្រួយជានិច្ច ក្រែងស្ដេចមកតាម ។ ការគិតរបស់តានិងយាយច្រើនពេក រហូតនាំឲ្យគេទាំងពីរនាក់វង្វេងផ្លូវអស់ ១ថ្ងៃរកផ្លូវទៅផ្ទះនាងទែនមិនឃើញ ។ ទទួលពេលនោះ តាយាយបានជួបនឹងក្មេងគង្វាលក្របីម្នាក់ តាយាយក៏ស្រែកសួរថា " អឺអាវ៉ា ! ផ្លូវទៅណាទៅទ្រាំង ទៅវាំងពន្លុស ផ្លូវណាទៅគុស ទៅស្រែរនោង ? “ ។ ក្មេងគង្វាលក្របីក៏និយាយថា " បើអញបង្ហាញចង្អុលប្រាប់ផ្លូវតែម្ដងទៅ វាគ្មានបានប្រយោជន៍អ្វីមកដល់អញសោះ បើអញប្រាប់ឲ្យតានិងយាយនេះបន់អ្នកតានេះទើបអញបានសំណែនអាស្រ័យផង ឲ្យទីព្រៃដែលអញធ្លាប់ឃ្វាលក្របីនេះបានកុះករផង "ក្មេងគង្វាលក្របីគិតដូច្នោះហើយ ក៏ឆ្លើយតបទៅនឹងតាយាយថា " បើតានិងយាយចង់រកផ្លូវឲ្យឃើញដូចបំណង សូមឡើងទៅបន់អ្នកតាខ្នងភ្នំទៅ រួចត្រូវមានសំណែនមកថ្វាយ ហើយមានទាំងក្មេងប្រគំភ្លេងបទ ខ្ទោរ - ខ្នងភ្នំ - របងមាស - បន្ទាយប្រាសាទ - ទឹកទប់ - ជ្រង - ជ្រងសម្ងាត់ - ដោះក្រាល - កន្ទែនទ្រាំងផង ទើបតានិងយាយរកផ្លូវឃើញ " ។ តាដុងយាយជ័យ ឮពាក្យក្មេងគង្វាលក្របីបង្គាប់ឲ្យធ្វើដូច្នេះ ក៏ជឿធ្វើតាម ហើយតានិងយាយក៏ឡើងទៅបន់អ្នកតាលើខ្នងភ្នំ ។ លុះចុះមកវិញក៏រកផ្លូវឃើញធ្វើដំណើរទៅដល់ផ្ទះនាងទែន ។ កាលទៅដល់ជិតរបងផ្ទះ នាងទែនក្រឡេកឃើញបង ស្ទុះមកទទួល តាសុងយាយជ័យក៏និយាយប្រាប់ហេតុវង្វេងផ្លូវ ហើយបានបន់អ្នកតា ទើបរកផ្លូវឃើញ ។ ពេលនោះ លោកអាចារ្យបានឮថា តាដុងយាយជ័យជាមេបាខាងស្រី ចូលមកក្នុងរោងមង្គលការ ដែលជិតបង្ហើយ មានបំណន់ដូច្នោះ ក៏ផ្អាកដំណើរតាយាយឲ្យឈរនៅខាងក្រៅរបងសិន មិនឲ្យអ្នកជាប់បំណន់ចូលក្នុងរោងមង្គលការនោះឡើយ ។ លោកអាចារ្យប្រាប់មេបាទាំងសងខាងថា "ឲ្យរៀបសំណែន មានទាំងភ្លេងយកទៅប្រគំលាបំណន់អ្នកតាឲ្យហើយសិន ទើបអាចចូលមកក្នុងរោងមង្គលការនេះបាន" ។ នាងទែនក៏បានចាត់ចែងរៀបចំសំណែនមានបង្អែមចម្អាបព្រមទាំងភ្លេងយកទៅប្រគំលាបំណន់អ្នកតាខ្នងភ្នំ ។ ខណៈនោះ ក្មេងក៏ចាប់ប្រគំបទ ខ្ទរ - ខ្នងភ្នំ - របងមាស - បន្ទាយប្រាសាទ - ទឹកទប់ - ជ្រង - ជ្រងសម្ងាត់ - ដោះក្រាល -កន្ទែនទាំង ។ ភ្លេងទាំង ៩ បទនេះ ក៏បានចូលមកនៅក្នុងទម្លាប់ភ្លេងការចាប់តាំងពីពេលនោះ រហូតមកដល់សព្វថ្ងៃនេះ ។ លុះធ្វើកិច្ចលាបំណន់រួចហើយ តាដុងយាយជ័យ ក៏ចូលមករួមក្នុងមង្គលការនោះ អាចារ្យ ក៏បានឲ្យកូនប្រុសស្រីយកផ្ទឹមឲ្យពរជ័យ ។ ថ្លែងពីព្រះរាជាដែលគង់នៅព្រះពន្លាឯបន្ទាយលង្វែក លុះទ្រង់ជ្រាបហេតុការថា តាដុងយាយជ័យ លួចពង្រត់នាង ត្រចើលដោះក្រាល យកទៅរៀបការនៅផ្ទះនាងទែនឯស្រែរនោងនោះហើយ ព្រះអង្គក៏យាងជាមួយសេនាសំដៅទៅផ្ទះនាងទែន លុះស្ដេចដល់ហើយ ព្រះអង្គបានទតឃើញនាង ត្រចើលដោះក្រាល និងចៅប្រមាញ់វិងស៊ុង កំពុងតែក្រាបសំពះផ្ទឹមរួមខ្នើយជាមួយគ្នា ។ ដោយទ្រង់ទតឃើញគូស្វាមីភរិយាទាំងពីរនាក់នោះមានរូបសម្ផស្សល្អស័ក្ដិសមគ្នា ទ្រង់ក៏បណ្ដោយឲ្យគេធ្វើកិច្ចផ្ទឹមនោះឲ្យហើយស្រេច រួចព្រះអង្គត្រាស់បង្គាប់ឲ្យសេនាហៅមេបាទាំងសងខាងព្រមទាំងសាមីខ្លួនទាំងពីរនាក់ មកជួបជុំចំពោះព្រះភក្ត្រព្រះអង្គ ។ អ្នកទាំងនោះក៏មានសេចក្ដីភិតភ័យញាប់ញ័ររន្ធត់គ្រប់គ្នា ព្រះរាជាក៏ត្រាស់សួរទៅប្រមាញ់វិងស៊ុងថា "អ្នកឯងជាកូនអ្នកបានជាហ៊ានរៀបការនឹងនាងត្រចើលដោះក្រាល ជាគូដណ្ដឹងរបស់យើង ?" ។ ពេលនោះ ចៅប្រមាញ់វិងស៊ុងក៏ឆ្លើយទូលតបវិញថា "ទូលព្រះបង្គំជាកូនព្រានវិង" ហើយចង្អុលទៅព្រានវិងជាឪពុករបស់ខ្លួន ។ ព្រះរាជាទតឃើញព្រានវិងជាព្រានរបស់ព្រះអង្គ ក៏ទ្រង់សួរទៅថា " ព្រានឯងមានកូនប្រុសពីកាលណាមក បានជាយើងមិនដែលឃើញ ? " ។ ព្រានវិងឱនសិរសាក្រាបថ្វាយបង្គំដោយភ័យតក់ស្លុតជាខ្លាំង បានរៀបរាប់ទូលព្រះរាជាថា "កូនប្រុសនេះ មិនមែនជាកូនបង្កើតរបស់ទូលព្រះបង្គំទេ គឺជាកូនចិញ្ចឹម ព្រោះកាលមួយថ្ងៃនោះ ទូលព្រះបង្គំទៅបាញ់សត្វក្នុងព្រៃ បានប្រទះឃើញស៊ុតសត្វមួយធំចម្លែកលើសស៊ុតទាំងអស់ នៅទីមួយដែលមានកាយដីកប់ថ្មីៗ ទូលព្រះបង្គំឃើញហើយក៏យកមកទុកមើល លុះគ្រប់ថ្ងៃខែ ស៊ុតញាស់ឡើង ស្រាប់តែឃើញចេញមកជាកូនមនុស្សតែម្ដង គឺចំពោះរូបកូនចិញ្ចឹមរបស់ទូលព្រះបង្គំនេះហើយ ដែលទូលព្រះបង្គំឲ្យឈ្មោះថា ចៅប្រមាញ់វិងស៊ុងដែលអង្គុយក្រាបនៅចំពោះមុខព្រះភក្ត្រព្រះអង្គ ។ ចៅប្រមាញ់វិងស៊ុង ក៏ភ្ញាក់ខ្លួនពេលនោះថាខ្លួនកើតចេញពីពង ។ ខណៈនោះ ព្រះរាជាក៏ស្ទុះទៅឱបក្រសោបចៅប្រមាញ់វិងស៊ុងទ្រង់ហៅថា " កូនសំឡាញ់ឪពុក ! ៗ នេះហើយជាឪពុករបស់កូន " ។ ព្រះអង្គថ្លែងរៀបរាប់តាំងកាលព្រះអង្គនាំអគ្គមហេសីយាងទៅក្រសាលព្រៃ ហើយប្រសូតិព្រះរាជបុត្រទៅជាស៊ុតក៏កាយដីកប់ចោលក្នុងព្រៃទៅ ។ ទ្រង់រៀបរាប់សព្វគ្រប់ហើយព្រះរាជាក៏ទ្រង់ចាត់ចែងឲ្យដង្ហែព្រះរាជបុត្រ ព្រមទាំងនាងត្រចើល-ដោះក្រាល ចូលទៅក្នុងព្រះនគរ ធ្វើព្រះរាជពិធីអភិសេកចៅប្រមាញ់វិងស៊ុងនិងនាងត្រចើល-ដោះក្រាល ឲ្យឡើងសោយរាជ្យជាស្ដេចម្ចាស់ផែនដីតំណពីព្រះអង្គក្នុងពេលនោះទៅ ហើយព្រះអង្គទ្រង់ត្រាស់ហៅតាដុងយាយជ័យថា " ឪដុងម៉ែជ័យ " ជាប់រហូតមក ។ ទីក្រុងឧត្ដុង្គមានជ័យ មានព្រះមហាក្សត្រគង់នៅអស់ថេរៈវេលាជាង ២ សតវត្ស គឺ ២៤៣ឆ្នាំ ។ បណ្ដារជ្ជកាលទាំងនោះ ចំពោះរជ្ជកាលព្រះបាទអង្គជ័យ (ហៅព្រះសត្ថា) ដែលទ្រង់សោយរាជ្យ នៅពុទ្ធសករាជ ២២៧៣ -២២៧៩ គ្រិស្តសករាជ ១៧៣០ -១៧៣៦ ស្ដេចចេញចាកទីក្រុងឧត្ដុង្គមានជ័យទៅគង់ទីក្រុងលង្វែក ជាទីក្រុងដែលធ្លាប់មានមកហើយ ។ មុនពេលព្រះបាទអង្គជ័យស្ដេចទៅគង់នៅបន្ទាយលង្វែកនោះ ទីក្រុងឧត្ដុង្គទំនេរ ពុំមានព្រះមហាក្សត្រគង់ប្រមាណ ២០ឆ្នាំ ក្រោយពី ២០ឆ្នាំនោះមក ទើបមានព្រះមហាក្សត្រគង់នៅឡើងវិញ។ បណ្ដាព្រះមហាក្សត្រដែលគង់នៅក្រុងឧត្ដុង្គ ព្រះករុណាព្រះបាទសម្ដេចព្រះហរិរក្សរាមា ព្រះអង្គឌួង (ព្រះបរមកោដ្ឋ) និងព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម (ព្រះសុវណ្ណកោដ្ឋ) ទ្រង់បានស្ថាបនាឧត្ដមវត្ថុជាច្រើន គឺព្រះករុណា ព្រះបរមកោដ្ឋ ទ្រង់បានស្ថាបនាផ្លូវថ្នល់មួយ ពីឧត្ដុង្គទៅរាម ជាកំពង់សមុទ្រ ព្រះករុណាសុវណ្ណកោដ្ឋ ទ្រង់បានស្ថាបនាប្រាសាទ ព្រះរាជដំណាក់ នឹងគ្រឹះស្ថានជាច្រើន មានគ្រឹះស្ថានមហោស្រព និងបណ្ណាល័យជាដើម ដោយគ្រឿងឈើ តែឥឡូវនេះបាក់បែកអស់ហើយ ។ ដល់មកពុទ្ធសតវត្សទី ២៥ គ្រិស្តសតវត្ស ទី ១៩ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម ស្ដេចចេញចាកព្រះរាជធានីឧត្ដុង្គមានជ័យមកគង់នៅព្រះរាជធានីភ្នំពេញក្នុងពុទ្ធសករាជ ២០៤៦ គ្រិស្តសករាជ ១៨៦៣ ។ ទីក្រុងឧត្ដុង្គមានជ័យ ជាទីក្រុងចាស់មុនបន្ទាប់ក្រុងភ្នំពេញ ឋិតនៅចន្លោះទិសពាយព្យនិងទិសឧត្តរនៃទីក្រុងចម្ងាយ ៤០ គីឡូម៉ែត្រ ។ សព្វថ្ងៃ ទីក្រុងឧត្ដុង្គ ទៅជាស្រុកមួយ ហៅថា " ស្រុកឧត្ដុង្គ " រួមចូលក្នុងខេត្តកំពង់ស្ពឺ ជាទីមានទេសភាពរាបទាបរៀបរយ ដោយមានភ្នំព្រះរាជទ្រព្យ ដែលមានព្រះរាជទ្រព្យ ដែលមានវិហារអដ្ឋរស្ស និងព្រះចេតិយត្រៃត្រិង្សជាដើម ជាលំអ មើលពីចម្ងាយឃើញកំពូលភ្នំទាំងនោះច្រូងច្រាងខ្ពស់ត្រដែតត្រដឹមគួររីករាយ ។ នៅលើកំពូលភ្នំព្រះរាជទ្រព្យ មានមហាចេតិយជាច្រើនសុទ្ធតែវិចិត្រដោយក្បូរក្បាច់រចនាជាស្នាដៃនៃសិល្បករខ្មែរដ៏ជំនាញៗ ក្នុងសម័យបូរាណ ជាព្រះចេតិយបញ្ចុះព្រះអដ្ឋិធាតុនៃព្រះរាជា ព្រះអគ្គមហេសី ព្រះវង្សានុវង្ស ក្សត្រាក្សត្រី ដែលជាបុព្វបុរសព្រះរាជវង្សានុវង្សខ្មែរ ។ បណ្ដាព្រះចេតិយទាំងនោះ ព្រះចេតិយចាស់ៗជាងគេ គឺព្រះចេតិយបញ្ចុះអដ្ឋិធាតុ នៃព្រះស្រីសុរិយោពណ៌ ដែលព្រះទិវង្គតពីពុទ្ធសករាជ ២១៦៣ គ្រិស្តសករាជ ១៦១៩ ត្រង់ទីព្រះបរមរាជវាំងស្រះសារពើយុត្ត ដែលជាព្រះរាជនិវេសនដ្ឋានសម័យឧត្ដុង្គមានជ័យ, ឥឡូវក្លាយជាទីវត្តហៅតាមពាក្យសាមញ្ញថា " វត្តក្នុងវាំង " ហៅតាមផ្លូវការថា " វត្តហរិរក្សរាជជននី " ហើយមានវត្តអារាមជាច្រើននៅជិតៗទីនោះ មានវត្តប្រាង្គណ៍ និង វត្តវាំងចាស់ ជាដើម ដែលជាអាវាសនៃពួកបព្វជិតពុទ្ធជិនោរសរបស់ជាតិខ្មែរ ។ |
0 Comments:
Post a Comment