ចៅឡុច និងចៅប្រាក់
កាលនោះមានមនុស្សពាលម្នាក់ឈ្មោះចៅប្រាក់ នៅស្រុកបាត់ដំបង ចៅប្រាក់នោះជាខ្ញុំលោកសុភាទេស ថ្លៃខ្លួនវា ២០០បាទ លុះនៅយូរមក ក៏លោកសុភាទេសប្រើអោយទៅឃ្វាលក្របីនឹងក្មេងម្នាក់ទៀត ឃ្វាលនៅអែវាលស្រែក្រៅ ចៅប្រាក់នោះលុះឃ្វាលបន្ដិចទៅក៏និយាយនឹងក្មេងនោះថា យើងនៅឃ្វាលក្របីទាំងពីរនាក់នេះ ឃើញព្រួយការពេក
ណាស់ វិស័យក្របី១ក៏ដូចក្របី១០ ក៏យប់ដូចគ្នា បើដូច្នេះអញគិតទៅឃើញថានៅឃ្វាលទាំងពីរនាក់នេះ ក៏ព្រួយ
លំបាកណាស់ ព្រោះពុំមានអ្នកណានឹងរកអាហារស្បៀងបញ្ចូនមកអោយ បើដូច្នេះ ចូរអែងនៅឃ្វាលតែម្នាក់អែងចុះ អញនឹងទៅរកស៊ីឈ្នួលពាត់គេ ក្រែងបានប្រាក់កាស ក៏នឹងទិញស្បៀងមកលៀងចញ្ចឹមគ្នាទៅតាមជាតិជាអ្នកកំសត់ កុំអោយអត់ឃ្លានពេក។
ក្មេងនោះ លុះបានស្ដាប់ចៅប្រាក់ថាដូច្នោះក៏ព្រមតាមទើបទទួលការ ឃ្វាលក្របីនោះនៅតែម្នាក់អែង បើកអោយចៅ
ប្រាក់ទៅរកស៊ីឈ្នួលគេអែភូមិស្ទឹង អែចៅប្រាក់ដើរមករកធ្វើការស៊ីឈ្នួលគេ ក៏រកធ្វើពុំបាន ដើរទៅៗបានជួបនឹង
មនុស្សម្នាក់ឈ្មោះនាយជា នាយជានោះ ជាតិជាជ្វាចាមបានសូមគ្នាជាមិត្ដភក្ដិនាំគ្នាទៅសំណាក់ នឹងផ្ទះនាយអ៊ូ ជា
បងធម៌នាយជា លុះថ្ងៃ១ នាយជានិយាយជាមួយ នឹងចៅប្រាក់ថា យើងនឹងគិតប្រកបការរកស៊ីតាមគេអ្នកស្រុកនេះ
ឃើញជាពុំបាន ព្រោះពុំមានដើមទុនអ្វីសោះ បើដូច្នេះយើងគិតលក់ខ្លួនយកថ្លៃចែកគ្នា អែចៅប្រាក់ឆ្លើយថាត្រូវមែន
ហើយសំលាញ់គិតនោះបើដូច្នេះសំលាញ់អែងធ្វើជានាយចៅហ្វាយអញ អញធ្វើជាខ្ញុំអែងយកអញទៅលក់ចុះ នាយ
ជាលឺចៅប្រាក់ព្រមចិត្ដដូច្នោះក៏ត្រេកអរពេកណាស់ ទើបនាំគ្នាទៅអែភូមិចុងក្ដុល ដើរស្ដាប់ហេតុអ្នកស្រុក គឺផ្ទះណា
ចង់បានតួរាង លុះស៊ើបហេតុទៅ ក៏ដឹងថា ផ្ទះចៅឡុចត្រូវការរកមនុស្សនឹងច្រូតស្រូវ ទើបចៅប្រាក់និយាយថា មែន
ហើយអ្នកឡុចនោះគាត់ក៏ស្គាល់អញដែរព្រោះ ពីដើមអញធ្លាប់នៅជិតខាងគាត់ ប្រសិនជាយើងទៅរកប្រាក់គាត់ គង់
គាត់លោះយើងមិនខាន អែនាយជាក៏យល់តាម ទើបនាំគ្នាទៅកាន់ផ្ទះចៅឡុច ដល់ហើយក៏ឡើងទៅសំពះសួរចៅ
ឡុច តាមការសមគួរ អែចៅឡុចក៏សួរថា អើជីប្រាក់ អែងសព្វថ្ងៃនេះទៅនៅនឹងអ្នកអែណា ចៅប្រាក់ក៏ឆ្លើយថា បាទខ្ញុំ
បាទសព្វថ្ងៃនេះនៅនឹងអ្នកជា ដែលមកផងនេះអី អិលូវនេះគាត់ថានឹងទៅស្រុកគាត់គឺស្រុកបន្ទាយភ្នំពេញវិញគាត់នឹង
យកខ្ញុំបាទទៅផង ខ្ញុំបាទពុំចង់ទៅព្រោះស្រុកឆ្ងាយ គឺរកប្រាក់ជូនគាត់វិញ គាត់ក៏ព្រមតាមចិត្ដ ហេតុនេះខ្ញុំបាទចូល
មករកប្រាក់អ្នក សូមអោយអ្នកមេត្ដាលោះខ្ញុំបាទផង។
អែចៅឡុចបានស្ដាប់ពាក្យចៅប្រាក់ដូច្នោះ ក៏សួរទៅនាយជាថា អើអ្នកអែងជានាយជីប្រាក់ លោះគ្នាមកថានឹងនៅ
ស្រុកនេះហើយ ហេតុដូចម្ដេចក៏វិលទៅស្រុកបន្ទាយភ្នំពេញវិញ នាយជាតបថា កាលដើមខ្ញុំបាទថាប្រុងនឹងនៅស្រុក
នេះពិតហើយ បានជាលោះជីប្រាក់នេះ ដើម្បីជាកំលាំងជួយរកទទួលទាន អិលូវនេះ បងខ្ញុំបាទមានសំបុត្រប្រាប់មក
ថា ម្ដាយខ្ញុំបាទអែស្រុកនាយនោះមានជំងឺឈឺជាទំងន់ អោយខ្ញុំបាទវិលទៅស្រុកជាឆាប់ ហេតុនេះខ្ញុំបាទទាល់គំនិត
ប្រាជ្ញាចំនែកជីប្រាក់ គេក៏មិនព្រមទៅជាមួយផងគេថារកប្រាក់ជូនខ្ញុំបាទវិញ ខ្លួនខ្ញុំបាទម្នាក់អែង បានជាដើរតាមមក
ផងនោះអែចៅប្រាក់ឆ្លើយសារឡើងថា អ្នកចូរអាណិតខ្ញុំបាទផង បើអ្នកមិនសង្រ្គោះខ្ញុំបាន ខ្លួនខ្ញុំបាទឃើញជាគេយក
ទៅស្រុកបន្ទាយមិនខានឡើយ អែចៅឡុចក៏ទទួលថាជួយ ទើបយកប្រាក់១០០បាទ រាប់អោយទៅដៃនាយជា ហើយ ទារយកសំបុត្រ ដើមនោះ អំពីនាយជានាយជាក៏កែងកោងកុហកថា បាទទេកាលពីខ្ញុំបាទលោះចៅប្រាក់ពីម្ចាស់ដើម
នោះ ទើបបាន ៤-៥ថ្ងៃពុំទាន់បានធ្វើសំបុត្រទេ ថានឹងធ្វើហើយចៅប្រាក់អង្វរខ្ញុំបាទថា ណាៗគង់តែនឹងចេញឆាប់ទេ
នឹងធ្វើសំបុត្រអោយ បង់ថ្លៃសំបុត្រនោះថ្វី ហេតុនោះបានជាគ្មានសំបុត្រដើមនោះ អ្នកកុំរង្កៀសចិត្ដឡើយមិនអីទេ
យើងខ្ញុំមិនអាចនឹងមក ឆអ្នកផ្ដេសផ្ដាសអែណាបាន ស្រុកមានធ្នឹម មានប្រមេទេអ្នកៗ កុំសង្ស័យឡើយ។
ចៅឡុចក៏ស្ងៀម ពុំមានថាអ្វីឡើយប្រគល់ប្រាក់ ១០០បាទអោយទៅនាយជា ៗបានប្រាក់ក៏វេចម្នីម្នា ហើយលាចៅ
ឡុចចុះមក ប្រើតែមុខសំលក់អោយចៅប្រាក់ជាសញ្ញាថា ព្រឹកស្អែកនេះសឹមចែកប្រាក់គ្នា អែផ្ទះអ្នកអ៊ូចុះ ហើយនាយ
ជា ដើរមកភូមិមាត់ស្ទឹងជាទីសំណាក់ខ្លួន នាយជាកើតលោភចេតនាប្រាថ្នាចង់បានប្រាក់នោះតែអែង ទើបកើតមិត្រ
ទ្រុស្ដដល់ចៅប្រាក់ជាភឿនសំលាញ់ គិតថាអញបានប្រាក់ហើយ គួរអញវិលទៅស្រុកជាឆាប់នឹងដោយយឺតយូរទៅ
ក្រែងហេតុនោះនឹងកើតដល់ខ្លួន នាយជាគិតដូច្នោះហើយ ក៏ដើរទៅកាន់ផ្សារស្វាយប៉ោប្ដូរប្រាក់បាទបានជាប្រាក់
រៀលធំចំនួនបាន ១៦រៀល ហើយក៏ទិញបាយចំណីបារីស្លាជាស្បៀងតាមផ្លូវ ពេលយប់នោះនាយជាក៏ចុះកប៉ាល់
សាលុប ទៅឡើងកប៉ាល់ធំនៅស្ទឹងបាក់ព្រា បានវេលានាយជាទៅដល់ស្រុកឃ្លាំងស្បែកចែក ចាយប្រាក់នោះតាម
អំពើពុតពាលទៅ។
អែចៅឡុចនោះលុះព្រឹកឡើងនិយាយ នឹងចៅប្រាក់ថាចាំពេលរួចបាយព្រឹកនេះនឹងនាំគ្នាទៅធ្វើសំបុត្រអែសាលាក្នុង
កំពែង ចៅប្រាក់នោះតាំងតែពីនាយជាយកប្រាក់ថ្លៃខ្លួនអស់មកនៅមិនសុខឡើយ ចង់តែតាមមកយកប្រាក់នោះអំពី
ដៃនាយជា ទើបនិយាយកុហកចៅឡុចថា អ្នកនឹងនាំខ្ញុំបាទទៅធ្វើសំបុត្រនោះ រឿងប្រាក់ថ្លៃសំបុត្រនោះកុំចាំអ្នកចេញ
ឡើយ ប្រាក់ខ្ញុំបាទមានហើយ តែខ្ញុំបាទផ្ញើទុកនឹងបងខ្ញុំបាទអែភូមិមាត់ស្ទឹងអែនោះ ចាំខ្ញុំបាទទៅយកពីគាត់សិន ទំរាំ
បាយឆ្អិនខ្ញុំបាទបានមកដល់ រួចបាយសូមទៅធ្វើសំបុត្រអែសាលាក្នុងកំពែង ខ្ញុំសូមលាអ្នកទៅយកប្រាក់ពីបងសិនចៅ
ឡុចក៏ ជឿតាម បើកអោយចៅប្រាក់ទៅ ភូមិមាត់ស្ទឹង ចៅប្រាក់បានអោកាស ក៏ខំដើរស្រូតត្រង់ទៅផ្ទះអ្នកអ៊ូ សួររកតួ
នាយជា អ្នកអ៊ូក៏ប្រាប់ថា នាយជាបាត់ខ្លួនទៅតាំងពីថ្ងៃម្សិលមិញ ពុំឃើញមកដេកដូចកាលពីមុនៗនោះទេ ចៅប្រាក់
ធ្លាក់ទឹកចិត្ដគិតថាអេះ អាជានេះ បានប្រាក់ច្រើនហើយ ទំនងជាគេចវេះ មិនចង់ចែកអញទេដឹងចៅប្រាក់គិតហើយ
តាំងដើរស៊ើបសួរដំនឹង នាយជាតៗទៅមានគេដឹងលឺខ្លះគេក៏ប្រាប់ថា នាយជានោះ ចុះកប៉ាល់ទៅស្រុកហើយ
ចៅប្រាក់លឺថា នាយជាទៅស្រុកដូច្នោះ ក៏កើតទោមនស្សតូចចិត្ដ គិតខេរ ខឹងនឹងនាយជា ជ្វាឃ្លាំងស្បែកក្រៃពេក
ព្រោះពុំសមដូចសេចក្ដីប្រាថ្នារបស់ខ្លួន ម៉្លោះហើយចៅប្រាក់ក៏ដើរវេះពាត់គេចវេះ មិនអោយចៅឡុចជានាយនោះ
ឃើញឡើយ។ ចៅឡុចជាម្ចាស់ប្រាក់លុះដល់ពេលបាយទឹកពុំឃើញរូបចៅប្រាក់មក នៅ រង់ចាំអស់ពេលយប់ពេលថ្ងៃ
ក៏ពុំឃើញចៅឡុច កើតសេចក្ដីក្ដៅក្រហាយក៏ដើរស៊ើបសួររកពួកចៅប្រាក់នោះរាល់ថ្ងៃរាល់វេលា កន្លងទិវារាត្រីជាយូរ
ថ្ងៃទៅ។
ថ្លែង ពីក្មេងជាបាវលោកសុភាទេស ដែលចៅប្រាក់អោយឃ្វាលគោក្របីនៅជួស ជាជំនួសខ្លួននោះលុះយូរថ្ងៃមកពុំ
ឃើញចៅប្រាក់វិលទៅវិញដូច្នោះស្បៀងអាហារ ក៏អស់ទៅ ថ្ងៃ១នោះក្មេងដែលទទួលបញ្ញើឃ្វាលក្របីនោះក៏ទៅផ្ទះ
ដើម្បីនឹងយកស្បៀងអាស្រ័យ ទើបជំរាបលោកសុភាថា ចៅប្រាក់នោះវាប្រាប់ខ្ញុំថាមកស៊ីឈ្នួល គេបាន២-៣ថ្ងៃអោយ
ខ្ញុំបាទនៅឃ្វាលក្របីចាំវា អិលូវនេះបាត់ខ្លួនចំនួន១៥ថ្ងៃនេះ ហើយពុំឃើញវិលទៅវិញឡើយ ពុំដឹងជាទៅតំបន់ណា
ខ្ញុំបាទនៅឃ្វាលតែម្នាក់អែងទេ លំបាកពេកណាស់ លោកសុភាទេសលឺថា ចៅប្រាក់វេះរត់បាត់ខ្លួនជាយូរដូច្នោះ
ហើយក៏ចាត់ប្រើអ្នកបំរើអោយដើររកតួចៅប្រាក់ អ្នកបំរើដើរស៊ើបរកទៅ ក៏បានទៅជួបនឹងចៅប្រាក់នៅតៀមចិន ទើប
គេចាប់តួចៅប្រាក់មកជូនលោកសុភា លោកសុភាក៏អោយដាក់ច្រវាក់លៀមចៅប្រាក់ប្រើអោយជំរះស្មៅ បោសសំរាម
ផ្ចាលមុខផ្ទះលោកសុភា។
អែចៅឡុចដើរតាមរកតួតែសព្វៗថ្ងៃ លុះថ្ងៃ១ចៅឡុចដើរទៅស៊ើប រកអែផ្សារស្វាយប៉ោលុះមកដល់ភូមិផ្ទះលោកសុភា បែរមើលទៅស្រាប់តែឃើញ ចៅប្រាក់ជាប់ច្រវាក់លៀម បោសសំរាមនៅមុខផ្ទះលោកសុភា ចៅឡុចក៏នឹកថាចៅប្រាក់
នេះមានទោសអ្វីអេះ បានលោកដាក់ច្រវាក់វានេះ គិតហើយ ក៏ដើរចូលទៅរកលោកសុភា ដល់ហើយក៏អង្គុយលុត
ជង្គង់សំពះ ដោយខ្លួនជាអ្នកតូចធ្លាប់កោតខ្លាចអ្នកធំ ជំរាបសួរថា «សូមមេត្ដាអត់ទោសចុះចៅប្រាក់នេះកើត ហេតុអ្វី បានជាព្រះតេជគុណដាក់ច្រវាក់វា?» លោកសុភាប្រាប់ថា «អោ អ្នកអើយខ្ញុំមិនចង់និយាយទេ អាប្រាក់នេះពេញជា
ខូចខិលណាស់ខ្ញុំអែងអោយទៅឃ្វាលក្របីអែវាលស្រែក្រៅ វាមិននៅឃ្វាលក្របីឡើយវាចេះតែដើរវេះពាត់ផ្ដេសផ្ដាស
វរណាស់ ហេតុនេះបានជាខ្ញុំអែងអោយដាក់ច្រវាក់វានេះ» អែចៅឡុចលឺដូច្នោះហើយក៏ដឹងរឿងចៅប្រាក់នោះវាជាខ្ញុំ
លោកសុភាពិតប្រាកដ ខ្លួនទៅលោះវានោះខុសច្បាស់ហើយ ចៅឡុចទាល់ប្រាជ្ញាក៏អង្គុយស្ងៀមនៅ លោកសុភាក៏
សួរថា ចុះអ្នកអែងត្រូវការអ្វីបានជាមកសួររឿងអាប្រាក់នោះ។ ចៅឡុចក៏ជំរាបតាមរឿងខ្លួន មិនដឹងជាចៅប្រា ក់ខ្ញុំគេ ខ្លួនបានលោះវាបង់ប្រាក់១០០បាទ តាំងពីដើមដល់ចុង ជំរាបលោកសុភាសព្វប្រការ លោកសុភាក៏សើចហើយ ថា
«មិនអីទេអ្នកឡុច ខ្ញុំអែងបើកអោយ ចូរអ្នកយកប្រាក់២០០បាទមកលោះយកវាទៅចុះ»។ ចៅឡុចក៏ទាល់គំនិតឆ្លើយ
ថា «ខ្ញុំបាទជាអ្នកក្រ នឹងបានប្រាក់ពីណា២០០បាទនោះមកថែមលោះវាទៀតតែប្រាក់១០០ បាទដែលបង់មុននោះគឺខ្ចី
គេខ្ចីអែងផ្សំផងទេ»។ លោកសុភាថា «បើដូច្នោះប្រាក់ដែលបង់នោះមិនខូចទៅហើយហៈ នឹងចាំទារពីវានោះកាល
ណានឹងបានខ្ញុំអែងមិនចេញទៀតទេថ្លៃហួសកំណត់ហើយ អោយអ្នកអែងចេញយកវាទៅចុះ សូមធ្វើសំបុត្រដាក់ជា
៣០០ បាទទៅ។ ចៅឡុចក៏ទាល់ទញ់ចិត្ដណាស់អង្គុយគិតៗទៅក៏យល់ការ ទើបសួរទៅចៅប្រាក់ថា «អើចៅប្រាក់ អាដែងដែលវានាំអែងទៅលក់នោះតើឈ្មោះអី វានៅអែណាសព្វថ្ងៃនេះ? ចៅប្រាក់ប្រាប់ថា អានោះឈ្មោះអាជា ជាតិ
ជាជ្វានៅស្រុកបន្ទាយភ្នំពេញអិលូវវារត់ទៅស្រុកវាហើយ ប្រាក់នោះវាយកទាំងអស់ទៅពុំបានចែកអោយខ្ញុំបាទទេ។ ចៅឡុច សួរសាំទៅទៀតថា «ចុះកាលវាមកនៅស្រុកយើងនេះ តើវាសំនាក់នៅផ្ទះអ្នកណាអែង? «បាទទាន វាសំនាក់
នៅផ្ទះអ្នក អ៊ូនាងជា ភូមិផ្ទះនៅក្រោមភូមិលោកមហាថៃ។
ចៅឡុចលឺដូច្នោះហើយ ក៏លាលោកសុភា ចុះម្នីម្នាទៅភូមិក្រោមស៊ើបទីសំណាក់នាយជា និងមេស្រុកភូមិនោះ បាន
ដឹងច្បាស់ថា អ្នកអ៊ូជាមនុស្សគប់គិតនឹងមនុស្សអាក្រក់ យកមនុស្សអាក្រក់អោយសំណាក់នៅផ្ទះចៅឡុចក៏ធ្វើរឿង
រ៉ាវប្ដឹងអ្នកអ៊ូ ហើយទៅប្ដឹងអែសាលាក្នុងកំពែង។ អែចៅក្រមទទួលពាក្យបណ្ដឹងនោះមើលដឹងសេចក្ដីហើយ ក៏អោយ ទៅកោះយកនាយអ៊ូមកជំនំជំរះពិភាក្សាតាមពាក្យចោទ។ អ្នកអ៊ូអាចអោយការកាត់បណ្ដឹង ព្រោះចោទអាងមេស្រុកជា
បន្ទាល់សំខាន់ ទាល់ប្រាជ្ញាក៏សារភាពថា ខ្លួនអោយសំណាក់គប់គិតពិតមែន។ ទើបចៅក្រមកាត់ក្ដីនោះអោយអ្នកអ៊ូ
សងប្រាក់អ្នកដើមចោទជាប្រាក់ ១០០បាទអ្នកអ៊ូសូមសន្យា៣ថ្ងៃ នឹងយកប្រាក់នោះមកបង់ ហើយទៅផ្ទះតាមរៀងខ្លួន លុះដល់កំណត់អ្នកអ៊ូយកប្រាក់ ១០០បាទ ទៅបង់សាលា ប្រគល់អោយទៅដៃលួងស្រីអញ្ជិត លួងស្រីអញ្ជិតនោះ ជា
អ្នកជក់អាភៀន ពុំមានសេចក្ដីអៀនខ្មាស ក៏យកប្រាក់នោះចាយ ទិញស្រាអាភៀនជក់ស៊ីទៅតាមអំណាចខ្លួនពាល។
លុះដល់ពេលល្ងាចចៅឡុចឡើងទៅចាំទទួលប្រាក់នោះតាមសញ្ញា អែលួងស្រីអញ្ជិត ឃើញចៅឡុចមកចាំយកក៏
និយាយថា ប្រាក់នោះនាយអ៊ូគេយកមកបង់អោយហើយ តែខ្ញុំយកទៅទុកអែផ្ទះខ្ញុំអែនោះហើយ អិលូវនេះខ្ញុំអែងធុរ
នឹងការលោកម្ចាស់រវល់ពេកណាស់ នឹងទៅយកអោយអ្នកអែងពុំបាន ចាំថ្ងៃខានស្អែកចុះសូមមកយក ចៅឡុចក៏ទាល់
សំដីនៅស្ងៀមទើបលាលួងស្រីអញ្ជិតមកផ្ទះវិញ លុះកន្លងទៅបានពីរថ្ងៃចៅឡុចឡើងទៅផ្ទះលួងស្រីអញ្ជិតនោះ
ឃើញចៅឡុចមកដល់ផ្ទះខ្លួនក៏វេះគេចពួនលាក់ខ្លួនពុំអោយជួបនឹងចៅឡុច ៗនៅចាំអស់ចិត្ដតាំងពីព្រឹកដល់ល្ងាចក៏ពុំ
ជួបចៅឡុចរឹងរិតតែរំខានពេកណាស់ មិនបានវិលត្រលប់ទៅផ្ទះវិញ។ លុះនៅយូរថ្ងៃទៅ ចៅឡុចក៏អុស្សាហ៍ឡើង
មកយកប្រាក់នោះទៀត ក៏ពុំបានស្រីអញ្ជិតចេះតែនិយាយកុហកទៅផ្សេងៗ ចៅឡុចទារយកប្រាក់ពុំបានរឹងតែព្រួយ
ចិត្ដខ្លាំង ទញ់គំនិតក៏គិតធ្វើរឿងរ៉ាវក្លាយទោសលួងស្រីអញ្ជិតនោះ ប្ដឹងលោកកថាថនៗ លោកក៏ខឹងនឹងលួងស្រីអញ្ជិត
ព្រោះ កោងឆរាស្រ្ដទើបលោកអោយឃុំខាំងដាក់ទោសស្រីអញ្ជិតនោះ។ អែចៅឡុចសោតក៏ពុំអាចប្ដឹង ទារយកប្រាក់
នោះទៀតឡើយព្រោះស្រីអញ្ជិតនោះត្រូវក្ដីហើយ ប្រាក់នោះក៏សាបសូន្យអសារអិតការទៅហោង។
រឿងពាលនេះអែងស្ដាប់មើលចុះ ចៅឡុចខូចប្រាក់នោះព្រោះពុំមានសតិសម្បជញ្ញ ត្រិះរិះអោយល្អិតល្អការដែលឆោត
លុះអំណាចពាលនោះព្រោះតែសេចក្ដីប្រាថ្នាប្រារព្ធនូវវត្ថុរឿយៗ ទើបង្កើតជាផ្លូវមនុស្សពាលវាដើរចូលមកបាន
បុរាណលោកថា៖
អែសេចក្ដីឃ្លានបាយ១ ឃ្លានទ្រព្យ១ ឃ្លានស្រលាញ់១ ទាំងបីនេះជារោគពាលជំងឺ តែជំងឺនេះមានដល់រូបណាហើយ
រូបនោះគង់នឹងឆោតមិនលែង ហើយមនុស្សពាលវាចូលបៀតបៀនមិនខានឡើយ ព្រោះសេចក្ដីឃ្លានអ្នកស្រុកសន្សំ
ទុកមករឿយៗ ។
0 Comments:
Post a Comment