កាលពីព្រេងនាយមានចចកកម្ចិលមួយក្បាលរស់នៅក្នុងព្រៃជ្រៅមួយ។ នៅជិតកន្លែងដែលចចកនោះរស់នៅគឺមានស្រះទឹកមួយ ហើយចចកកម្ចិលតែងតែស្វែងរកចំណីជារឿយៗនៅម្តុំស្រះទឹកនោះ។
ថ្ងៃមួយចចកកម្ចិលកំពុងអង្គុយក្បែរស្រះទឹកនោះ ហើយបានគិតថាតើនិងមានអ្វីសំរាប់ឆីនៅថ្ងៃនេះ រំពេចមួយចចកកម្ចិលបានប្រទះឃើញសត្វគោងាប់មួយយ៉ាងធំដែលធ្វើឱ្យចចកទប់ទឹកមាត់មិនបាន។
ចចកបាននិយាយឡើងថា «តើនោះគឺជាលាភសំណាងរបស់អញមែនឬទេ! ឥឡូវនេះអញនឹងឆីវាឱ្យណាណីម្តង» ប៉ុន្តែរៀបនិងដាក់មាត់ឆីទៅហើយចចកចាប់ផ្តើមមានគំនិតមួយថា «ប្រសិនបើមានសត្វដទៃមកតាមនេះ ហើយសុំអញចែកជា២នោះ នោះអញប្រាកដជាឆីមិនឆ្អែតនោះទេ» ។ បន្ទាប់មកចចកកម្ចិលបានឆីសត្វគោនោះយ៉ាងលឿន លាន់លឺសូរតែ គ្រឹបៗៗ។
ដោយសារការលោភលន់ខ្លាចគេដណ្តើមចំណីនេះហើយបានធ្វើឱ្យចចកឆ្លាក់ឆ្អឹងជាប់និងបំពង់ករ។ ចចកបានយំយ៉ាងខ្លាំងលឺសូរ អ៊ូៗអ៊ែកៗគួឱ្យអាណិតណាស់។ វាបានព្យាយាមយកឆ្អឹងនោះចេញពីមាត់របស់វា ហើយព្យាយាមចាប់ឆ្អឹងនោះមកក្រៅយ៉ាងណាក៏មិនបានការដែរ។ បន្ទាប់ពីចចកបានព្យាយាមក្អកឱ្យឆ្អឹងចេញមកក្រៅក៏នៅតែមិនចេញ។ ឆ្អឹងនោះបានធ្វើឱ្យចចកកម្ចិលឈឺបំពង់ករយ៉ាងខ្លាំង។
ភ្លាមៗនោះចចកកម្ចិលបាននឹកឃើញថាមានសត្វក្រៀលមួយក្បាលរស់នៅជិតមាត់ទន្លេ។ ចចកកម្ចិលក៏បានរត់ទៅរកជំនួយពីសត្វក្រៀលហើយបាននិយាយសុំអង្វរសត្វក្រៀលថា «ឱ!សំឡាញ់ក្រៀលរបស់ខ្ញុំអើយ!ឥឡូវមានឆ្អឹងមួយនៅក្នុងបំពង់កររបស់ខ្ញុំសូមជួយខ្ញុំផង ប្រសិនបើអ្នកអាចជួយយកឆ្អឹងចេញមកក្រៅបានដោយជំពុះដ៏វែងរបស់អ្នកនោះខ្ញុំនិងមានរង្វាន់ឱ្យអ្នក»។ ដោយសត្វក្រៀលមានចិត្តអាណិតដល់ចចកក៏បានយល់ព្រមជួយហើយបានយកជំពុះរបស់ខ្លួនដាក់ចូលទៅក្នុងមាត់ចចកហើយក៏បានចឹកយកឆ្អឹងចេញមកក្រៅ។ បន្ទាប់មកចចកបានបន្លឺឡើងថា «អូ! វាពិតជាបានធូស្បើយមែនហើយ»
សត្វក្រៀលបានសួរទៅកាន់ចចកថា «តើរង្វាន់របស់ខ្ញុំនៅឯណា?»
ចចកបានតបវិញថា «តើជារង្វាន់អ្វី?»
«អ្នកបានសន្យាថានឹងឱ្យរង្វាន់មកខ្ញុំប្រសិនបើខ្ញុំអាចយកឆ្អឹងចេញពីបំពង់កររបស់អ្នកបាន» សត្វក្រៀលបានតបយ៉ាងសុភាព។
«ហា៎! តើនោះមិនមែនជារង្វាន់ទេឬ?ដែលអ្នកបានដាក់ក្បាលចូលក្នុងមាត់របស់ខ្ញុំហើយតែអ្នកនៅតែមានជីវិតរស់» ចចកអកត្តញ្ញូបានតបទៅសត្វក្រៀលហើយក៏បានចេញទៅឆ្ងាយបាត់ទៅ។
សត្វក្រៀលមានអារម្មណ៍ថាមិនអាចតទល់និងចចកបានហើយក៏បានធ្វើការសំរេចចិត្តថានិងមិនជួយពពួកសត្វអកត្តញ្ញូទាំងនោះនៅពេលអនាគតទៀតនោះឡើយ។
បើសិនជាអ្នកចង់ជួយនរណាម្នាក់ដើម្បីទទួលបានផលតបស្នងមកវិញ អ្នកគួរតែពិចារណាឲ្យបានច្បាស់លាស់មុននឹងជួយអ្នកដទៃ ប៉ុន្តែការជួយអ្នកដទៃដើម្បីទទួលបានផលនោះមិនមែនជាការជួយដោយស្មោះអស់ពីចិត្តនោះទេ៕

0 Comments:
Post a Comment