ប្រវត្តិជំនឿទូទៅពីដូនតាក្នុងសង្គមខ្មែរ!
ក- ម្រេញគង្វាល
ម្រេញគង្វាលជាប្រភេទខ្មោចដែលមានរូបរាងតូចដូចកូនក្មេង ចូលចិត្តស្លៀកពាក់ក្រហម ហើយរួមរស់ជាមួយមនុស្សនៅតាមផ្ទះ។ តួនាទីរបស់ម្រេញគង្វាលគឺរក្សាម្ចាស់ផ្ទះកុំឲ្យចោរលួចប្លន់ ឬជនពាលមកបៀតបៀនធ្វើទុក្ខបុកម្នេញ។វត្តមានរបស់ម្រេញគង្វាលអាចគូសបញ្ជាក់តាមរយៈរានមួយធ្វើអំពីឈើកូនផ្ទះ ឬកញ្ច្រែងមួយដែលមានព្យួរឯកសណ្ឋានមួយឈុតពណ៌ក្រហម។ ម្រេញគង្វាល (ម.ត២០០៤)ខ្មោចប្រភេទនេះចូលចិត្តស្ករគ្រាប់ណាស់ ដូច្នេះហើយបានជារៀងរាល់ថ្ងៃ នៅពេលល្ងាចម្ចាស់ផ្ទះមែងតែដាក់ស្ករគ្រាប់នៅកញ្ច្រែង ព្រមទាំងទឹកផឹកយ៉ាងទៀងទាត់នៅលើរានរបស់ពួកគេ ព្រោះកុំឲ្យឆាឆៅនៅពេលស្រេកឃ្លាន។ ម្យ៉ាងវិញទៀត អ្នកកជឿថា ពួកម្រេញគង្វាលរាល់យប់តែងតែចេញមកលេងល្បែងខ្លាធ្លាក់អណ្តូង ហើយទន្ទឹមនឹងនេះ រូបគេក៏ចូលចិត្តពង្វក់ក្មេងៗឲ្យលេងជាមួយគេផងដែរ។ ដោយសារបានទទួលចំណីអាហារទៀងទាត់ ពពួកខ្មោចខាងលើនោះមានទឹកចិត្តស្រឡាញ់បីបាច់ថែរក្សាម្ចាស់ផ្ទះណាស់ ដោយភក្តីភាពជាទីបំផុត ជាហេតុនាំឲ្យម្ចាស់ផ្ទះរបស់ខ្លួនរកស៊ីមានបានដូចក្តីប្រាថ្នា។
ខ- ជំនាងផ្ទះ ឬម្នាងផ្ទះ៖
ទំនៀមទំលាប់មួយជាប្រពៃណីខ្មែរតាំងពីដូនតា គឺជំនឿលើជំនាងផ្ទះ ដែលប្រហែលជាស្លាកស្នាមគ្រប់គ្រងតាមបែបមាតាធិបតេយ្យ។ ម្ល៉ោះហើយជនជាតិខ្មែរជឿថា ផ្ទះនីមួយសុទ្ធសឹងតែមានម្នាងផ្ទះនៅតាមថែរក្សាជានិច្ចកាល។ មនុស្សខ្មែរជឿថា ផ្ទះថ្មីដែលទើបនិងសាងសង់រួច គឺមានទេវតាផ្ទះមកតាមថែរក្សា។ជំនាងផ្ទះជួយរក្សាមិនគ្រាន់តែកំណប់ទ្រព្យមាសប្រាក់មិនឲ្យបាត់បង់ប៉ុណ្ណោះទេ ថែមទាំងទប់ទល់ការពារ និងខ្មោចបិសាចមិនឲ្យមកបៀតបៀនម្ចាស់ផ្ទះផង។ ព្រោះថា ជំនាងផ្ទះគឺជាប្រភពខ្មោច ឬជាវិញ្ញាណមានរិទ្ធានុភាពជាងខ្មោចបិសាចផ្សេងៗឯទៀត ហើយសាងតែអំពើល្អក្នុងជាតិមុន។ លក្ខណៈសំគាល់មួយទៀត គឺជំនាងផ្ទះស្លៀកពាក់ស្អាតបាតមានរូបរាងប្រៀបដូចទេវតាប្រកបដោយសីលធម៌ខ្ពស់ផង។ ទាហរណ៍ជាក់ស្តែង ទោះបីម្ចាស់ផ្ទះណាមួយត្រូវបង្ខំចិត្តចាកចេញពីផ្ទះដោយប្រការណាមួយក៏ដោយ តែម្នាងផ្ទះមិនបោះបង់ផ្ទះនេះជាដាច់ខាត ហើយរង់ចាំដោយបន្តថែរក្សារហូតដល់ពេលមានម្ចាស់ផ្ទះថ្មីមករួមរស់ជាមួយតទៅទៀត។
គ- ព្រះភូមិ
យើងក៏សង្កេតឃើញវត្តមានក្រៅពីម្នាងផ្ទះ៖ នៅគ្រប់ផ្ទះខ្មែរទាំងអស់មានព្រះភូមិមួយធ្វើអំពីឈើប្រក់ស្បូវឬក្បឿងស្ថិតក្នុងបរិវេណទីធ្លាខាងមុខផ្ទះ ឬនៅក្បែរផ្ទះ។ នេះគឺជារានព្រះភូមិដែលជាវិញ្ញាណ ឬព្រលឹងដូនតាថែរក្សាទីតាំង ឬកន្លែងរស់នៅរបស់កូនចៅ។ព្រះភូមិ នៅខេត្តបុរីរម្យចាស់ទុំបានឲ្យដឹងថា ព្រះភូមិត្រូវប្រជានុរាស្ត្រខ្មែរឲ្យតម្លៃយ៉ាងខ្ពស់ ហើយទង្វើនេះបណ្តាលមកពីគុណសម្បត្តិដ៏ល្អប្រពៃរបស់ព្រះភូមិ ដែលជាអ្នកមានបារមីខ្លាំងក្លាណាស់កាលពីនៅរស់ ដោយក្រោយពីទទួលមរណភាព ក៏បានទៅជាព្រះភូមិ ប្រយោជន៍នឹងបីបាច់ថែរក្សាកូនចៅក្នុងលោកយើងនេះ។តាមអ្នកស្រុកភូមិ ជួនកាលអ្នកស្រុកភូមិអាចធ្វើឲ្យគេដឹងថា និងអាចមានអ្វីកើតឡើងថែមទៀតផង។ ជានិច្ចកាល ព្រះភូមិដែលជាប្រភេទវិញ្ញាណដូនតានោះ មានឥទ្ធិពលខ្លាំងក្លាក្នុងសង្គមខ្មែរ ដោយផ្សាយនូវការគោរពកោតខ្លាច។ ដូច្នេះហើយបានភ្ញៀវដែលចូលផ្ទះនីមួយៗ ត្រូវដើរកាត់រានព្រះភូមិជាទូទៅដោយដៃបក់ ឬក៏អុជធូបទាន សូមសេចក្តីអនុញ្ញាតជាដើម ជាសញ្ញានៃគារវកិច្ចដ៏ជ្រាលជ្រៅ។ដូច្នេះជុំវិញករណីសារសំខាន់របស់ព្រះភូមិនេះ ទោះបីមានប្រភពខុសប្លែកគ្នាបន្តិចនិងម្នាងផ្ទះក៏ដោយ ក៏យើងអាចនិយាយបានថា ព្រះភូមិគឺជាព្រលឹងដូនតារក្សាភូមិស្រុកផ្ទះសម្បែងមិនឲ្យពួកព្រាយបិសាច ឬចោរចូលឆាឆៅក្នុងផ្ទះសម្បែងរបស់ពួកគេដែលជាកូនចៅ។
ឃ- អ្នកតាម្ចាស់ស្រុក
ក្នុងប្រព័ន្ធគំនិតខ្មែរ អ្នកតាក៏ត្រូវបានចាត់ទុកថា ជាប្រភេទខ្មោចដែរ៖ តំណាងវិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋានទៅហើយ ភាគច្រើនគឺជាដូនតាដែលបានកសាងស្រុកភូមិនៅទីណាមួយដោយការផ្កាព្រៃ។ ក្នុងន័យនេះហើយ បានជាគេឲ្យឈ្មោះថា អ្នកតាចាស់ស្រុក។ អ្នកតាខ្មែរ ខេត្តសុរិន្ទ្រ (ម.ត ១៩៧៩) និង ខ្ទមអ្នកតាភ្នំក្រោម សៀមរាប (ម.ត ២០១២) មនុស្សរមែងតែគោរពអ្នកតា ដោយគេសាងសង់កូនខ្ទមតូចមួយសម្រាប់ឲ្យស្នាក់អាស្រ័យ ជាពិសេសក្បែរទួល ឬក្រោមដើមឈើធំៗមិនឆ្ងាយពីផ្ទះសម្បែង ឬក្បែរវត្តអារាម។ តួនាទីរបស់អ្នកតាចាស់ស្រុក គឺការថែរក្សាស្រុកភូមិ ឬក៏ព្រះរាជនគរខ្មែរកុំឲ្យសត្រូវមកឈ្លានពានទន្ទ្រានទឹកដី ឬទីឋានរបស់ខ្លួន ព្រោះអ្នកតាគឺជាម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា។តាមរយៈយោបល់របស់អ្នកស្រុក ការបន់ស្រន់អ្នកតារមែងតែផ្តល់ចំពោះពួកគេនូវសេចក្តីសុខសប្បាយ ហើយរាល់សម្តី ឬទង្វើប៉ះពាល់ដល់អ្នកតា ពោលគឺការមិនគោរពបម្រាមផ្សេងៗ និងត្រូវរួចពីទោសពៃលុះត្រាតែមានការសុំខមាទោស ដោយមានការដោះដូរជាដង្វាយ
ផ្សេងៗ ដូចជាមាន់ស្ងោរ សម្ល ផ្លែឈើ និងស្រា។ ម្យ៉ាងវិញទៀត ដើម្បីឲ្យមានទឹកភ្លៀងស្រោចស្រពដីស្រែចំការ គេក៏ឧបកិច្ចនិយម ឬការថ្វាយវង់ភ្លេងខ្មែរ រួមទាំងចំណីអាហារផងដែរ ជាថ្នូរនៃការប៉ងប្រាថ្នារបស់ពួកគេ។
ង- ពពួកខ្មោចព្រៃ
- ខ្មោចតៃហោង៖ខុសពីខ្មោចស្រុក ពពួកខ្មោចព្រៃ គឺជាប្រភេទខ្មោចតែងតែធ្វើនូវរឿងដែលជាអំពើមិនគប្បីចំពោះមនុស្ស ដូចជាការធ្វើឲ្យអារម្មណ៍ភ័យខ្លាចរន្ធត់ញាប់ញ័រដោយអំពើបាបកម្ម ហើយលងមនុស្សក្នុងសង្គម។ បើតាមទស្សនៈរបស់អ្នកស្រុកភូមិ ខ្មោចព្រៃគឺជាខ្មោចដែលបានធ្វើអត្តឃាតខ្លួនឯង ដូចជាស្លាប់ដោយចងក លេបថ្នាំពុល ចាក់ខ្លួនឯង ឬលោតក្នុងទឹកទន្លេ៘ ហើយក្រោយពីស្លាប់ទៅនោះ ពុំមានអាចារ្យណាមួយឲ្យធម៌ឡើយ។ មិនតែប៉ុណ្ណោះសោត ព្រលឹងនៃខ្មោចនេះ ដែលគេហៅថា ខ្មោចតៃហោងនោះ ក៏បានកើតជាព្រាយបិសាច ពោលគឺមិនអាចកើតជាមនុស្សឡើងវិញជាដាច់ខាត ទោះបីរាប់រយពាន់ឆ្នាំក៏ដោយ។
អ្នកស្រុកខ្លះយល់ថា ប្រភេទខ្មោចតៃហោងខាងលើនេះ មានសភាពកាចសាហាវណាស់ ហើយបើអាចចាប់ជាតិឡើងវិញនោះ គេនិងកើតជាសត្វតិរិច្ឆានពុំខាន។ប្រភេទខ្មោចតៃហោងចូលចិត្តធ្វើឲ្យមានការឈឺចុកចាប់ពេញរូបរាងកាយ ដោយវាមកសណ្ឋិតក្នុងខួរក្បាលមនុស្ស ដោយក្រោយពីសែនព្រេនរួច វាក៏ឲ្យមនុស្សនោះមានសភាពដូចដើមវិញ។ ទីលំនៅរបស់ពួកគេ គឺដើមឈើធំៗ ជាពិសេសដើមអំពិល និងដើមព្រីងដែលមានអាយុរាប់រយឆ្នាំ។
ច-ខ្មោចបំពេរកូន៖
តាមការពន្យល់របស់មនុស្សចាស់ៗ ខ្មោចបំពេរកូន គឺជាប្រភេទខ្មោចដែលសម្លាប់ខ្លួនឯងក្នុងពេលដែលមានផ្ទៃពោះ ដោយសារមូលហេតុអ្វីមួយ។ ខ្មោចបំពេរកូននេះតែងតែចូលចិត្តច្រៀងបំពេរកូន នៅលើចុងដើមឈើនានា ដូចជាដើមពោធិ៍ជាដើមនៅតាមស្រុកភូមិ នៅពេលយប់អាធ្រាត។ ពេលដែលអ្នកថ្មើរជើងឮសំលេងបំពេរកូនយ៉ាងលន្លង់លន្លោច នោះព្រលឹងរបស់គេនៅលើចុងសក់ពុំខាន ព្រោះគួរឲ្យ
ភ័យខ្លាចជាអនេគកប្បកា។សព្វថ្ងៃនេះដោយសារទំនើបកម្ម ជាពិសេសវត្តមានរបស់អគ្គិសនីពួកគេក៏បានចាកចេញពីរាជធានីភ្នំពេញទៅកាន់ជាយក្រុងវិញ។
ឆ- ខ្មោចចេកជ្វា៖
នេះជាព្រលឹងខ្មោចដែលសណ្ឋិតនៅដើមចេកជ្វា។ ជាទូទៅកន្លែងណាមានដើមចេកប្រភេទនេះដុះកន្លែងនោះ តែងតែមានខ្មោចចេកជ្វាទាំងពីរភេទរស់នៅ តែភាគច្រើនមានខ្មោចស្រីច្រើនជាងខ្មោចបុរស។
នៅក្នុងរឿងព្រេងនិទាន យើងដឹងថា ខ្មោចចេកជ្វាមានរូបរាងឆោមល្អគួរឲ្យស្រឡាញ់បេតីណាស់ ហើយជាមូលហេតុដែលគេអាចស្លាប់ដោយឈ្លក់វង្វេងនិងសម្រស់វា ដូច្នេះហើយ យើងសង្កេតឃើញថា អ្នកស្រុកជាច្រើនមិនដាំដើមចេកជ្វានៅតាមផ្ទះរបស់គេឡើយ ព្រោះគេខ្លាចខ្មោចលង។ជ- ខ្មោចទឹក : ជនជាតិខ្មែរ ជឿថាមនុស្សដែលលង់ទឹកស្លាប់ដោយប្រកាណាមួយ និងក្លាយជាខ្មោចទឹក ដែលរមែងតែងតែឆក់ឱកាសផ្តាច់ជីវិតបុគ្គលណាដែលហែលទឹកនៅទីកន្លែងរបស់វា។ បើនិយាយម្យ៉ាងទៀតពួកគេក៏ដូចពពួកខ្មោចតៃហោងមិនអាច និងចាប់ជាតិឡើងវិញបាន លុះត្រាតែចាប់ឆក់ជីវិតរបស់មនុស្សណាមួយបានជាមុនសិន បើពុំដូច្នេះទេ វាគ្រាន់តែបានក្លាយទៅជាជើងកបនៅចាំថែរក្សាកន្លែងវាលង់ទឹកស្លាប់តែប៉ុណ្ណោះ។រាងកាយខ្មោចទឹកមានសភាពញ័រញាក់ ស្លាំងស្លេក ហើយនៅត្រាំតែក្នុងទឹក មិនអាចឡើងលើដីគោកបានទេ។
សូមរំលឹកថា មានរឿងរ៉ាវជាច្រើនទាក់ទងនិងខ្មោចទឹក ហើយអ្វីបែបនេះភាគច្រើនកើតមានឡើងចំពោះអ្នកដែលរស់តាមមាត់ទន្លេ។ ជាក់ស្តែង ដូចជាមានរឿងនិទានមួយជាឧទាហរណ៍ស្រាប់ ’មានគ្រួសារមួយដែលរស់នៅតាមដងទន្លេ គ្រួសារនោះមានកូនបួននាក់ ហើយកូនពៅរបស់គាត់មានអាយុ ១០ឆ្នាំ វាចូលចិត្តទៅលេងក្បែរទឹកណាស់។ ប៉ុន្តែកាលពីឆ្នាំមុន គឺមានកូនក្មេងអាយុ ១២ ឆ្នាំ ជាកូនរបស់អ្នកភូមិដែលរស់នៅតាមទន្លេនោះដែលបានស្លាប់ដោយសារលង់ទឹក។ បន្ទាប់ពីនោះ គឺខ្មោចក្មេងប្រុសម្នាក់នោះឧស្សាហ៍មកបបួលចាន់ទៅងូតទឹកលេងជាមួយគ្នា និងប្រលែងគ្នាលេង បងប្រុសចាន់ក៏ឃើញដែរ តែវាមិនបានយកចិត្តទុកដាក់ថាក្មេងនោះស្លាប់កាលពីឆ្នាំមុន។
ចំពោះខ្មោចនោះ វាស្លាប់នៅក្នុងទឹកតែម្នាក់ឯង ដោយអត់គ្នាលេងជាមួយក៏អផ្សុក ថ្ងៃមួយវាបបួលចាន់ទៅលេងជាមួយគ្នា នៅពេលទៅលេងនោះ គឺមានក្មេងៗច្រើនណាស់ ប៉ុន្តែគ្រាន់តែភ្លាមនោះខ្មោចទឹកនោះបានអូសចាន់ទៅកណ្តាលទន្លេ ចាន់ក៏បានហៅឲ្យក្មេងៗនោះជួយដែរ ប៉ុន្តែពុំមានអ្នកណាអាចជួយបានទេ ព្រោះវាហូរខ្លាំងពេក។ខ្មោចទឹកនោះក៏បានជ្រមុជចាន់ចូលក្នុងទឹកឲ្យផុតដង្ហើមស្លាប់។យ៉ាងណាមិញ ជាទូទៅខ្មោចណាដែលស្លាប់ទៅធ្វើបាបគេ គឺគេតែងតែសែនពែឲ្យវាស៊ី ហើយឧបកិច្ចឲ្យវាចូលស៊ីក្នុងទូក រួចហើយច្រានទូកនោះទៅកណ្តាលទន្លេតែម្តង ខ្មោចដែលស៊ីពែក្នុងទូកក៏រសាត់ទៅតាមទឹកបាត់ទៅដែរ។
និយាយពីអាដួងបងប្រុសចាន់វិញ ដែលមានអាយុ ១៣ឆ្នាំ វាបានទៅលេងក្បែមាត់ទន្លេ ក៏បានឃើញទូកខ្មោច តែវាពុំដឹងថាទូកខ្មោចនោះទេ វាក៏បានយកមកវាយលេងខ្ទេចខ្ទីអស់ទៅ ពេលទៅដល់ផ្ទះវិញ វាចាប់ផ្តើមឈឺក្បាល រួចតាំងគ្រុនក្តៅ រួចមកស្រែកមមើរមមាយស្រែកឡើងថា : ខ្ញុំអត់ទៅទេ! ខ្ញុំថាលេងទេ! កុំយកខ្ញុំទៅជាមួយអី! ឮដូច្នេះ ម្តាយរបស់អាដួង ក៏ទៅសួរពួកក្មេងៗថា កាលពីថ្ងៃនោះបាននាំគ្នាទៅលេងអ្វីខ្លះ? ពួកក្មេងៗក៏បានរៀបរាប់ប្រាប់ទាំងអស់តាមដំណើររឿង ពេលស្តាប់ហើយម្តាយរបស់ដួងមុខយ៉ាងស្លាំង ហើយគាត់ក៏និមន្តលោកសូត្រមន្តរំដោះគ្រោះ សូត្ររហូតទល់ភ្លឺក៏មិនបាត់ លុះស្អែកឡើងវាបានស្លាប់ទៅ។ ក្នុងមួយឆ្នាំនោះ គ្រួសារនោះស្លាប់អស់កូនប្រុស២នាក់”
ឈ- ជំនឿលើអាប៖
ក្នុងសង្គមខ្មែរនរណាក៏ដឹងដែរថា អាបគឺជាមនុស្សស្រី ដែលគេជឿថា បានរៀនសិល្ប៍មន្តស្នេហ៍ ឬស្នេហ៍មុខ។ ដោយឥទ្ធិពលនៃមន្តស្នេហ៍នេះហើយ ទើបស្ត្រីនោះមានឫទ្ធិអំណាចគួរឲ្យព្រឺព្រួចណាស់ ដោយព្រលឹងរបស់គាត់ អាចមកសណ្ឋិតក្នុងខ្លួនរបស់មនុស្សដទៃ ពេលដែលមានការថ្នឹងថ្នាក់ម្តងៗ ធ្វើឲ្យគេចុកពោះរហូតដល់បាត់បង់ជីវិតក៏សឹងមាន។
រូបអាបចេញពីសុធា អ្នកភូមិអន្លង់ក្ងានជ្រួលច្របល់ថា មានអាប រាតត្បាតពេលយប់ៗ ឥន្ទ្រទេវី លេខ១៥៤, មិថុនា ២០០៤ជាទូទៅ គេកត់សម្គាល់ថា នៅពេលវេលាយប់ ព្រលឹងអាបដែលប្រថាប់ក្នុងខ្លួនមនុស្សបានចេញទៅរកស៊ី ហើយក្នុងខណៈនោះ ក្បាលត្រូវដកចេញពីដងខ្លួន ហោះហើររកស៊ី(គ្រឿងចំណីចំអាប ដូចជា គំនរឈាម ឬកូនក្អាត់ កង្កែប ហ៊ីងជាដើម) ក្រោមរូបភាពជាក្បាលមួយ មានពោះវៀនភ្ជាប់មកផង ដែលដកចេញពីខ្លួន ហើយមានពណ៌ខៀវ ភ្លឺជាងអំពិលអំពែក។
មុនថ្ងៃរះបន្តិច ឬព្រឹកឡើង ទើបក្បាលវិលចូលក្នុងដងខ្លួនវិញ។អាបដែលជាសភាវៈអាក្រក់ ដែលគ្រូអាបសេបមន្តអាគម ហើយស្រាសបន្លាជុំវិញគំនរឈាម ដើម្បីការពារអាបមកបៀតបៀន។ បើខ្លួនអាបស្លាប់ មនុស្សជាប់អំពើក៏អាចស្លាប់ដែរ ដូច្នេះគេសម្លាប់អាបក្នុងន័យឧបកិច្ចទៅវិញ។
គេដេញអាបចេញពីខ្លួនតាមរយៈសំដីអ្នកជម្ងឺ គ្រូអាបទុកឲ្យគេមានជីវិតរស់នៅ។ការជឿលើធ្មប់អាប មាននៅក្នុងប្រទេសមួយចំនួនដូចជា នៅប្រទេសម៉ាឡេស៊ី ដោយជនជាតិដែលស្ថិតក្នុងអម្បូរមន។ខ្មែរនៅក្នុងប្រទេសកម្ពុជា នៅឡាវ និងនៅប្រទេសថៃបច្ចុប្បន្ន ជា ពិសេសនៅកន្លែងដែលមានសហគមន៍ខ្មែររស់នៅ ដែលជាចរន្តវប្បធម៌ប្រកបដោយលក្ខណៈជីវចលនិយម បង្ហាញនូវចំណាស់របស់ជំនឿនេះ។
ដោយសារភាពឯកភាពនៃជំនឿប្រពៃណីដែលឆ្លុះបញ្ចាំងតាមរយៈអក្សរសាស្ត្ររបស់អ្នកស្រុក យើងអាចបញ្ជាក់ម្យ៉ាងទៀតថា ជំនឿលើអាប ធ្មប់ ដែលបានប្រសូត្រចេញពីខឿនវប្បធម៌មន-ខ្មែរ នាសម័យប្រវត្តិសាស្ត្រ នៅតែរក្សានូវឫទ្ធានុភាពរបស់ខ្លួនដដែល ជាពិសេសតាមជនបទដែលរហូតដល់ពេលបច្ចុប្បន្ននៅតែដាក់តម្លៃ ឬរាប់អាន។
បញ្ហាអាបដែលរៀបរាប់ខាងលើនេះ គ្រាន់តែការកត់សម្គាល់ដោយត្រួសៗតែប៉ុណ្ណោះ។តែគប្បីត្រូវធ្វើការស្រាវជ្រាវឲ្យបានស៊ីជម្រៅ ចំពោះបញ្ហាជំនឿលើអាប ដោយពង្រីកការសិក្សាស្រាវជ្រាវ នៅតំបន់នានាទាំងឡាយនៃកោះស៊ូម៉ាត្រា (ជ្រោយមលយូ) និងនៅឥណ្ឌូណេស៊ី។
ព្រោះថា ពួកគេក៏មានជំនឿដូចមនុស្សខ្មែរដែរ ហើយជំនឿខាងលើនេះ ត្រូវបានកត់ត្រាជាលាយលក្ខណ៍អក្សរ ឬសំណេរដៃចាប់តាំងពីមុនវប្បធម៌មូស្លឹម និងតាមរយៈរឿងនិទានមួយចំនួន គួរឲ្យចាប់អារម្មណ៍ជាពន់ពេកណាស់។សូមរំលឹកផងដែរថា សព្វថ្ងៃនេះ ជំនឿលើអាបបានបន្តស្ថិតនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ទោះបីជាយើងស្ថិតក្នុងសម័យទំនើប ដែលជាសម័យមានវិទ្យាសាស្ត្រ
ដ៏ជឿនលឿន និងសម្បូរបែបក៏ដោយ។នេះជាអ្វីមួយដែលត្រូវបានគូសបញ្ជាក់តាមរយៈខ្សែភាពយន្តមួយចំនួន ដែលគេបញ្ចាំងនៅក្នុងរាជធានីភ្នំពេញយើង។ ឆ្លៀតឱកាសនេះ យើងសូមសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះលោកសិង្គគា ដែលបានផ្តល់ជូនយើងនូវព័ត៌មានដែលពាក់ព័ន្ធអំពីជំនឿងងឹតទាំងប៉ុន្មានខាងលើនេះ៕
0 Comments:
Post a Comment