រឿងមហាព្រះវេស្សន្តរជាតក (ទានកណ្ឌទី៣)
ហៃសាធុសប្បុរសផងទាំងឡាយអើយ រីព្រះនាងសុបារសុប្បតីទេវី ដ៏ជាស្រីមានលក្ខណាប្រសើរ បានឮព៌តមាន ពុំក្សេមក្សាន្ត អំពីព្រះវេស្សន្តរ ដ៏ជាសម្តេចព្រះរាជបុត្រនោះហើយកូវ ព្រះនាងទ្រង់ព្រះចិន្តាដូច្នេះថា ឱ! ដូចអញគិត នេះហើយ ធ្វើម្តេចអញនឹងបានដឹងទុក្ខកូនអញនេះអោយច្បាស់ ព្រះនាងទ្រង់ព្រះចិន្តាដូច្នេះហើយ មានព្រះបន្ទូលហៅ នាយរាជរថ អោយទឹមនូវសេះអាជានេយ្យ ដ៏ប្រសើរមកហើយ អោយយកកម្រាលដ៏វិចិត្រទៅក្រាល ហើយអោយបាំងនី ទៅនូវស្វេតឆ័ត្រដ៏ប្រសើរ ទើបព្រះនាងឡើយគង់លើរាជរថនោះ ហើយបរទៅដាក់នៅមុខព្រះលាន ទៀបទ្វារព្រះរាជមន្ទីរ នៃព្រះបាទស្រីវេស្សន្តរ ដ៏ជាព្រះរាជបុត្រដ៏មានសិរីសូស្តីប្រសើរនោះ ព្រះនាងឮសព្ទយោបំព្រះវេស្សន្តរ នូវព្រះនាងមទ្រី ទ្រង់ព្រះកន្សែង ឮសូររងំផ្សំនូវស្រីស្នំ ក្រមការបម្រើផងនោះ មុខគួរអាសូរករុណាក្រៃពេកហោង។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ មានព្រះបន្ទូល សូត្រជាបាទគាថា ថា ហៃភិក្ខុផងទាំងឡាយអើយ រីព្រះនាងសុបារសុប្បតីទេវី ដ៏រាជបុត្រីស្តេចមទ្ទរាស្ត្រ ដ៏មានយស បរិវារច្រើននោះ ព្រះនាងឮសព្ទទំនួញយោបំព្រះវេស្សន្តរ ដ៏សមេ្តចរាជបុត្រក្តី សម្តេចព្រះ
(៨៧) រាជមទ្រី ដ៏ជាបុត្រប្រសាក្តី សឹងទួញយំជាទុក្ខ មុខគួរអោយអាសូរករុណាក្រៃពេក។ ហៃសាធុសប្បុរសផងទាំងឡាយអើយ រីព្រះនាងសុបារសុប្បតី ក្សត្រីឧត្តម ទ្រង់ព្រះកន្សែងស្រដីឯងដូច្នេះថា ឱ! នរណាអើយ ដឹងថ្នាំពិសនោះ ក៏យកមកអោយអញ ៗនឹងឆីអោយស្លាប់ ទៅជាការគាប់ប្រសើរក្រៃលែង បើអញនឹងរស់នៅវិញនោះ ពុំប្រសើរឡើយ ពុំនោះសោត អញនឹងឡើយទៅលើដំបូល ប្រាសាទនោះហើយ អញនឹងយកស្បៃមួយចងអោយខ្ជាប់ ហើយអញបម្រះអោយធ្លាក់ចុះអោយស្លាប់ទៅប្រសើរក្រៃលែង ជាងរស់នៅជាមនុស្សនេះវិញ។ ឱ! ហេតុអ្វីអើយ ក៏អ្នកស្រីពិរាស្ត្រទាំងឡាយ គេបំបរបង់បាវេស្សន្តរកូនអញ ជាអ្នក ឥតទោសនេះ អោយប្រាស លែងនៅស្រុក។
ឱ! ដូចអញគិតនេះហើយ ព្រះវេស្សន្តរកូនអញនេះ ជាអ្នកឥតទោស ជាអ្នកមានអាធ្យាស្រ័យ អាល័យចង់តែអោយទាន ពុំចេះមានកំណាញ់ទ្រព្យអ្វីឡើយ។ ឱ! បាវេស្សន្តកូនអញនេះ ជាអ្នកមានយសបរិវារ ឮល្បីប្រាកដ សព្វប្រទេស ៗសឹងនាំដង្វាយមកថ្វាយជាច្រើន។ ឱ! បារវេស្សន្តរអើយ បាជាអ្នកឥតទោស ហេតុអ្វី ក៏អ្នកស្រីពិរាស្ត្រទាំងឡាយ មកបំបរបង់ចេញអំពីស្រុកនេះ មួយទៀតសោត បាវេស្សន្តរ ជាអ្នកឥតទោស នៅសព្វថ្ងៃនេះ តែងនឹងបម្រើម្តាយឪពុក ទំនុកបំរុងចាស់ព្រឹទ្ធាចារ្យ មួយសោត បាវេស្សន្តរ ជាអ្នកឥតទោស នៅសព្វថ្ងៃ ជាអ្នកអាល័យ ចង់ធ្វើប្រយោជន៍នៃទេវតា និងមហាក្សត្រ ទំនុកបម្រុងញាតិមិត្រផង (៨៨) ទាំងឡាយ ជាអ្នកធ្វើប្រយោជន៍ដល់ផែនដីទាំងមូល ចុះហេតុអ្វីក៏អស់អ្នកស្រីពិរាស្ត្រ មកបំបរបង់បាចេញពីស្រុកនេះ។
ហៃសប្បុរសទាំងឡាយអើយ រីព្រះនាងសុបារសុប្បតី ទ្រង់ព្រះកន្សែងរួចហើយ ក៏លួងលោមព្រះវេស្សន្តរ និងព្រះនាង មទ្រីថា ហៃអ្នកទាំងពីរអម្ចាស់ម្តាយអើយ ម្តាយនឹងទៅកាន់ព្រះបាទស្រីសញ្ជ័យ ដ៏ជាបិតាអ្នកទាំងពីរ ហើយម្តាយនឹង ស្រដីលោមព្រះបាទស្រីសញ្ជ័យ កុំអោយយកពាក្យអ្នកស្រីពិរាស្ត្រនោះឡើយ។ ហៃសប្បុរសផងទាំងឡាយអើយ រីព្រះនាងសុបារសុប្បតីលួងលោមព្រះរាជបុត្រាបុត្រីទាំងពីរនោះហើយ ទើបព្រះនាងទៅទូលព្រះបាទស្រីសញ្ជ័យ ដោយបាទព្រះគាថា ថា បពិត្រព្រះបាទ ស្រីសញ្ជ័យ ដ៏មហាក្សត្រប្រសើរអើយ ចូរ
អម្ចាស់ស្តាប់ពាក្យអញខ្ញុំដូច្នេះ អម្ចាស់អើយ បើឥតនឹងបាវេស្សន្តរ ដ៏ជាព្រះរាជបុត្រនោះហើយ រីរាជសម្បត្តិអម្ចាស់នេះ នឹងអន្តរធានហោង ហើយអស់ មនុស្សផងទាំងឡាយ វានឹងមើលងាយ ដូចឃ្មុំឥតមេ ទំនើងសត្វផងទាំងឡាយនឹងយកឆីងាយក្តាត់ហោង។ មួយសោត បីដូចផ្លែស្វាយទុំ ហើយជ្រុះចុះលើក្រឡាមហាប្រឹថពីនោះ នឹងជាចំណីនៃសត្វទាំងឡាយ វាឆីរាត់រាយខ្ចាត់ខ្ចាយទៅ។ បពិត្រអម្ចាស់អើយ រីបារវេស្សន្តរនេះ ជាអ្នកឥតទោស មានសំដីនោះពិរោះផ្អែមល្ហែមណាស់ មិនគួរបំបរបង់គាត់ តាមពាក្យអ្នកស្រីពិរាស្ត្រនោះឡើយ មួយសោត អម្ចាស់អើយ នៅសព្វថ្ងៃនេះ បីដូចហង្សមីដេរដាសដោយបរិវារ។ កាលណារាជហង្សនោះ បាក់ចំអេងរលីងស្លាប ដួលស្រប៉ាបនៅលើភក់នោះ លំបាកម្តេចមិញ អម្ចាស់អើយ ថាបើព្រះអង្គ ឥតនឹងបាវេស្សន្តរហើយ អម្ចាស់នឹងស្តេចគង់នៅតែមួយព្រះអង្គឯង នោះ
សមនឹងស្ងាត់ ឥតអាមាត្រមកគាល់ បម្រើដល់មួយឡើយ បពិត្រមហារាជអើយ រីបាវេស្សន្តរ ជាអ្នកឥតទោស ពុំគួរនឹងឃ្លាតអោយឆ្ងាយពីអម្ចាស់ កុំអម្ចាស់ តាមដោយនូវពាក្យស្រីពិរាស្ត្រនោះឡើយ។ ព្រះបាទស្រីសញ្ជ័យ ទ្រង់ព្រះសណ្តាប់ពាក្យព្រះនាងសុបារសុប្បតីនោះហើយ ទើបមានព្រះបន្ទូលដូច្នេះវិញថា (៩០) ហៃនាងសុបារសុប្បតីអើយ រីបាវេស្សន្តរនោះ ជាកូនកើតអំពីឧទរឋិតនៅដោយធម៌ប្រាកដ ជាសំឡាញ់នៃអ្នកផង។ សឹងទុកជាត្រើយ នាងអើយ បើអញទុកនៅហើយ វានឹងអាស្រូវភាស បើអញមិនដោយតាមពាក្យអ្នកស្រីពិរាស្ត្រនោះ ឃើញជាគេមិនទុកជីវិតឡើយ។
ហៃសាធុសប្បុរសទាំងឡាយអើយ រីព្រះនាងសុបារសុប្បតីទេវី ស្តាប់ព្រះបន្ទូលព្រះបាទស្រីសញ្ជ័យនោះហើយ ព្រះនាង រឹងតឹតតែទ្រង់ព្រះកន្សែងយោបំច្រើនឡើយទៀត ថាដូច្នេះ (៩១,៩២,៩៣) បពិត្រព្រះបាទស្រីសញ្ជ័យជាអម្ចាស់ខ្ញុំអើយ រីបាវេស្សន្តរដ៏ជារាជបុត្រ ទ្រង់មានដំណើរទៅកាន់ឋានឯណានីមួយ សឹងប្រកបដោយពពួកពល សកលយោធា សេនា ទាហាន គឺនាយដំរី នាយសេះ នាយរទេះ នាយពាជីរាជរថ នាយពលថ្មើរជើងផងទាំងឡាយនោះ សឹងដ៏ប្រកបនូវ សំលៀកបំពាក់មានពណ៌នោះផ្សេងៗ ខ្លះស្លៀកស ខ្លះខ្មៅ ខ្លះលឿង ដ៏មានពណ៌នោះល្អដូចខ្នងអណ្តើកមាស ដែលហើយទៅមកក្រោមដើមកណ្ណិការ ដ៏មានផ្ការីកស្គុសស្គាយ។ មួយសោត បាវេស្សន្តរ ជាអ្នកតែងស្លៀកនូវសំពត់ រត្ថកម្ពល ដ៏មានពណ៌នោះល្អ បីដូចផ្កាច្បា ហើយហែហមអមទាំងសងខាងទៅលេងនាព្រៃឧទ្យាន នាកាលមុនមិញ ក៏ឥឡូវនេះ
បាវេស្សន្តរ នឹងទៅត្រមោចតែម្នាក់ឯង ដើរទៅតែជើងទទេ ដោយនូវផ្លូវនោះដូចម្តេចបាន។ ឱ! បាវេស្សន្តរអើយ បើនឹងទៅលេងឯណានោះ រមែងតែងជិះដំរី សេះ រាជរថ បរទៅលេងនាព្រៃឧទ្យាន កម្សាន្តព្រះទ័យ នាកាលមុនមិញ ឥឡូវនេះ នឹងដើរទៅតែជើងទទេម្នាក់ឯង ដោយនូវផ្លូវនោះហោង។ ឱ! បាវេស្សន្តរអើយ អ្នកធ្លាប់តែលាបនូវសុគន្ធពិដោរ ជាដើម គឺ លម្អិតខ្លឹមច័ន្ទ ក្រឹស្នា ក្លាំពា ឈ្មុសទេស ម្សៅ ធ្លាប់នៅ ស្រណុក ពុំដែលស្គាល់ទុក្ខ តែងស្តាប់នូវសូរស័ព្ទភ្លេង តូរ្យតន្ត្រី របាំ ចម្រៀងផងទាំងឡាយ ឥឡូវនេះ ម្តេចឡើយក៏ទៅ ស្លៀកឯសំពត់សំបកឈើ គឺអ្នកក្រងនីទៅនូវស្បូវក្លាំង ហើយស្ពាយឆៀងស្បែកខ្លាឃ្មុំទាំងក្រចក ទ្រង់នូវញើសក្អែល ចូលទៅក្នុងកំឡុងព្រៃធំនោះតែម្នាក់ឯង។
ឱ! អញអើយ បើដូចអញគិតនេះហើយ នាបីហៅថា ជាកូនស្តេចដែលគេបំបរបង់ចេញ អំពីស្រុកទៅនៅនាព្រៃនោះ ទោះធ្លាប់តែស្លៀកសំពត់កាសិកពស្ត្រ កោទុមពរពស្ត្រ ខោមពស្ត្រ ធ្លាប់នៅស្រណុកយ៉ាងណា ក៏ឥឡូវនេះ នឹងទៅនៅជាទុក្ខ នាក្នុងព្រៃនោះហោង។ ឱ! ដូចអញគិតនេះហើយ រីនាងមទ្រី ធ្លាប់តែនៅស្រណុក ឥឡូវនេះ ក៏រែងទ្រង់នូវសំពត់ កោទុមពរពស្ត្រ ខោមពស្ត្រ ម្តេចឡើយ ក៏នឹងទៅស្លៀកសំពត់សំបកឈើ គឺដ៏អ្នកក្រងនីទៅនូវស្បូវក្លាំង ហើយទៅនៅនាព្រៃនោះបាន។ ឱ! ដូចអញគិតនេះហើយ រីនាងមទ្រី ថាបើនឹងទៅប្រពាតក្រសាលឯណាៗក្តី ធ្លាប់រែងជិះគ្រែស្នែង រាជរថ ឥឡូវនេះ ម្តេចឡើយ ក៏នឹងទៅតែជើងទទេដោយផ្លូវនោះបាន។ ឱ! ដូចអញគិតនេះហើយ រីនាងមទ្រី មានចង្កេះរៀវក្លៀវក្លំ សមនូវជើងដៃនោះទន់ល្វន់ល្វាស ធ្លាប់តែនៅស្រណុក ពុំដែល ប្រសព្វនូវទុក្ខសោកសោះឡើយ ឥឡូវនេះ នាងនឹងទៅតែជើងទទេ ឥតសុពណ៌បាទុក នឹងប្រដាប់ព្ធដ៏ព្រះបាទនោះ ក៏នឹង ដើរទៅឆ្ងាយពុំបានឡើយ។ បពិត្រព្រះបាទស្រីសញ្ជ័យអើយ រីនាងមទ្រី ថាបើនាងនឹងយាងទៅទីឯណាៗនោះ មានស្រីស្នំ១ពាន់ ដើរមុខ ១ពាន់ដើរក្រោយ អម្ចាស់អើយ រីនាងមទ្រី ធ្លាប់នៅស្រណុក ជាមួយនឹងរាជបរិពារដូច្នេះ ឥឡូវនេះ ម្តេចឡើយ នាងនឹងដើរទៅជើងទទេតែម្នាក់ឯង នៅនាក្នុងព្រៃនោះបាន។ បពិត្រព្រះបាទស្រីសញ្ជ័យអើយ រីនាងមទ្រីសព្វថ្ងៃនេះ នាងធ្លាប់តែនៅក្នុងព្រះរាជមន្ទីរ គ្រាន់តែឮសម្រែកចចក តុកកែ ឆ្កែព្រៃក្តី មៀម ទីទុយ ខ្លែងខ្មោចក្តី សឹងដ៏មានខ្លួនញ័រចំប្រប់ បីដូចមេមត់ជាន់រូប ឥឡូវនេះ ម្តេចឡើយ ក៏នឹងទៅតែម្នាក់ឯង នៅនាព្រៃទគ៌មស្ងាត់នោះបានឡើយ។
១
បពិត្រព្រះបាទស្រីសញ្ជ័យអើយ មេបក្សីទាំងឡាយក្រវើនតែរកចំណីទៅព្រៃឆ្ងាយ លះបង់កូនតូចនៅអាយ នាកន្សោមសំបុកនោះ អ្នកថ្មើរព្រៃផងទាំងឡាយ គេសម្លាប់កូននោះបង់ហើយ រីឯមេបក្សីយល់កន្សោមសំបុក ស្ងាត់បាត់ កូននោះហើយ ជាទុក្ខច្រើនក្រៃម្តេចមិញ រីឯអញខ្ញុំសោត ក៏នឹងជាទុក្ខក្រៀមក្រំ យល់តែព្រះរាជមន្ទីរនោះសូន្យស្ងាត់ បាត់កូនសំឡាញ់ហើយ ក៏នឹងជាទុក្ខដូច្នោះហោង។ មួយសោត បីដូចមេសត្វករវិក តែងនឹងហើររកចំណី ចេញទៅព្រៃឆ្ងាយ គេយកកូនឯអាយ ហើយមកយល់តែកន្សោមសំបុកដ៏ស្ងាត់ នោះជាទុក្ខច្រើនក្រៃ ម្តេចមិញ ឯអញខ្ញុំសោត មកយល់តែព្រះរាជមន្ទីរនោះសូន្យស្ងាត់ បាត់កូនសំឡាញ់ទាំងពីរ ក៏នឹងជាទុក្ខដូច្នោះហោង។ មួយទៀត សោត បីដូចមេសត្វប្រវឹកតែងហើរទៅរកចំណីនៅព្រៃឆ្ងាយ គេយកកូនឯអាយ ត្រឡប់មកយល់តែកន្សោមសំបុក រកកូន មិញសូន្យបាត់ ពុំឃើញសោះឡើយ រីមេសត្វនោះ ជាទុក្ខបម្រះននៀល នៅលើកន្សោមសំបុកនោះ
ម្តេចមិញ ឯអញខ្ញុំសោត ក៏នឹងជាទុក្ខក្រៀមក្រំ យល់តែព្រះរាជមន្ទីរនោះសូន្យស្ងាត់ បាត់កូនសំឡាញ់ហើយ ក៏នឹងជាទុក្ខដូច្នោះហោង។ មួយទៀត រីមេសត្វចាក្រពាក មេអក មេទុង មេហង្ស មេក្រៀលក្តី កាលណាបើបាក់ចំអេង រលីងស្លាប ដួលស្រប៉ាបនៅលើភក់ តែងលំបាកតែម្នាក់ឯង ម្តេចមិញ អញខ្ញុំសោត ក៏ជាទុក្ខតែម្នាក់ឯង នៅក្នុងព្រះរាជមន្ទីរ
មានឧបមាបីដូច្នេះហោង។ ហៃសាធុសប្បុរសផងទាំងឡាយអើយ រីព្រះនាងសុបារសុប្បតីទេវី ទ្រង់ព្រះកន្សែងដូច្នេះទៀតថា ឱ!ហេតុអ្វីអើយ ក៏គេ មកបំបរបង់បាវេស្សន្តរ ដ៏ជាអ្នកឥតទោស ដោយនូវពាក្យអ្នកស្រីពិរាស្ត្រនេះ ឱ! ដូចអញគិតនេះហើយ ថាបើឥតនឹងបា វេស្សន្តរហើយ សមជីវិតអញនឹងក្ស័យមែនហោង។ ហៃសប្បុរសផងទាំងឡាយអើយ កាលណាព្រះនាងសុបារសុប្បតី ទ្រង់ព្រះកន្សែងយោបំដូច្នោះហើយ ក្សិណនោះ រីអស់ទាំងស្រីស្នំ ក្រមការ បរិពារ បម្រើទាំងអម្បាលម៉ាន នៅក្នុងព្រះរាជ មន្ទីរនោះក្តី នៅក្រៅព្រះរាជមន្ទីរព្រះបាទស្រីសញ្ជ័យក្តី កាលណាបើឮសព្ទយោបំព្រះនាងសុបារសុប្បតីទេវី ទ្រង់ព្រះកន្សែងហើយ អស់ស្រីស្នំទាំងអម្បាលនោះ សឹងមកជំនុំព្រមនឹងគ្នាហើយ សឹងដ៏លើកដៃដាក់លើត្បូង ដៃមួយគក់ ទ្រូងទួញយំសោកស្រណោះ អាឡោះអាឡ័យក្សត្រថ្លៃទាំងពីរព្រះអង្គនោះ ពុំអាចនឹងទប់ទល់ តម្កល់អាត្មាភាពបានឡើយ សឹងដ៏មានខ្លួនញ័រចំប្រប់ សន្លប់ដួលទៅ នៅនាព្រះរាជមន្ទីរ បីដូច
ព្រៃសាលវ័ន ដូលទៅ ដោយអំណាចខ្យល់បក់ បំភ្លូកដូច្នោះហោង។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គឈ្នះមារ ស្តេចមានព្រះបន្ទូល សូត្រសានូវបាទគាថាទាំងឡាយដូច្នេះថា
ហៃភិក្ខុទាំងឡាយអើយ រីអស់អ្នកទាំងអម្បាលនោះ ដែលមាននៅក្នុងកំឡុងព្រះនគរនោះក្តី ទោះស្រីស្នំក្រមការ អ្នកបម្រើនោះក្តី កូនអាមាត្រក្តី ព្រះរាជបុត្រក្តី អ្នកឈ្មួញជួញប្រែក្តី ព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតកវីអ្នកប្រាជ្ញក្តី មិនតែប៉ុណ្ណោះ ទោះនាយដំរី នាយរទេះ នាយពាជី នាយរាជរថ ពលថ្មើរជើងក្តី ទោះអ្នកស្រុកក្រៅលំនៅជនបទផងទាំងឡាយក្តី រីអ្នកទាំងអម្បាលនោះ កាលណា បើឮសព្ទយោបំសំឡេងទ្រង់ព្រះកន្សែងនៃព្រះនាងសុបារសុប្បតីហើយ ក៏ពុំអាចដើម្បីទប់ទល់ តម្កល់អាត្មាភាពនោះបាន ឡើយ សឹងដ៏លើកដៃដាក់លើត្បូង ដៃមួយគក់ទ្រូងទួញយំ ដ៏មានសំឡេងនោះមហិមាក្រៃពេក មុខគួរអោយខ្លាច មានព្ធដ៏ស្រុកជេតុត្តរនគរនោះហោង។
ហៃសាធុសប្បុរសទាំងឡាយអើយ អណ្តាប់នោះ ព្រះអាទិត្យរះភ្លឺឡើងហើយកូវ ព្រះមហាសត្វស្តេចដោះឡើងកក់ ជម្រះព្រះអង្គស្រង់ស្រេចហើយ ទ្រង់នូវគ្រឿងប្រដាប់សព្វប្រការ ហើយស្តេចសោយភោជនាហារ ដ៏មានរសពីសាផ្សេងៗ ទើបស្តេចលីលាទៅកាន់សាលាទាន មួយអន្លើនឹងអាមាត្រផងទាំងឡាយជាបរិវារ ស្តេចមានព្រះចំណង់ចង់អោយ សត្តសតកមហាទាន។ ភិក្ខុអើយ នាកាលបើអំណើះដំណើរព្រះអាទិត្យ រះឡើងហើយនោះ ក្សិណនោះ ព្រះបាទស្រីវេស្សន្ត្រដ៏ជាក្សត្រប្សសើរ ស្តេចទៅកាន់សាលាទាន មួយអន្លើនឹងអស់អាមាត្រទាំង៦មឹនកូវ ទ្រង់អោយរណ្តាប់ទាននឹងអោយស្មូមយាចកទាំងឡាយ ដូច្នេះថា ហៃអាមាត្រអើយ ថាបើស្មូមឯណាមួយ វាមកសាលាទាននេះហើយ បើវាចង់បានសំពត់ ក៏ចូរប្រស្តែងរណ្តាប់សំពត់ អោយទានស្មូមនោះហោង។
បើស្មូមឯណាមួយ ចង់ហូបបាយក្តី ចូរប្រស្តែងរណ្តាប់បាយ អោយស្មូមនោះហូបអោយឆ្អែត ហើយអោយទានដោយចំណង់ចិត្តស្មូមនោះហោង។ ហៃសប្បសផងទាំងឡាយអើយ រីព្រះបាទស្រីវេស្សន្តរ តែងទ្រង់ចម្រើនអ្នកស្រីពិរាស្ត្រ ស្តេចអោយទានស្រេច ព្រះអង្គ នឹងចេញអំពីស្រុកជេតុត្តរនគរកាលឯណាកូវ ឯស្មូមផងទាំងឡាយ មកទទួលយកព្រះរាជទានហើយ បបួលគ្នាមកឈរ ជាពួកៗ ហើយស្រដីដូច្នេះថា
ម្នាលគ្នាយើងទាំងឡាយអើយ រីព្រះបាទស្រីវេស្សន្តរនេះ ជាពំនាក់អស់ស្មូមទាំងឡាយ ឧបមាបីដូចអ្វី ថាឧបមាបីដូចដើមឈើណាមួយមានផ្លែផ្កា ដ៏ជាពំនាក់នៃសត្វផងទាំងឡាយ វាហើរមកអំពីចម្ងាយ ឃ្លានបាយចំណី ក៏ចង់បរិភោគអោយទាល់តែឆ្អែត។ ឱ! ព្រះបាទវេស្សន្តរអើយ ព្រះអង្គហោង ជាអ្នកឥតទោស ហេតុអ្វីឡើយ ក៏អ្នកស្រីពិរាស្ត្រមកបំបរបង់ព្រះអង្គ អោយខ្ចាយ ចេញអំពីស្រុកដូច្នេះ។ ម្នាលគ្នាយើងទាំងឡាយអើយ រីអ្នកស្រីពិរាស្ត្រនេះ ឧបមាបីដូចអ្នកកន្ទ្រឹសឫស្សា មកកាប់ដើមឈើ សឹងដ៏មានផ្លែផ្កា សឹងជាពំនាក់នៃសត្វផងទាំងឡាយនោះអោយអន្តរាយ ពុំអោយសត្វផងទាំងឡាយពឹងបានឡើយ ឱ! ព្រះវេស្សន្តរជាអ្នក ឥតទោស ជាពំនាក់នៃស្មូមផងទាំងឡាយ ទោះស្មូមឯណានឹងប្រាថ្នាអ្វីៗ ឥតទើសទាល់សល់ក្រអ្វីឡើយ។
ឱ! អ្នកទាំងឡាយអើយ ទោះអ្នកឯណាមួយ ទោះក្មេង ពាលកណ្តាល ចាស់នោះ តែបានមកដល់ហើយ ប្រាថ្នាត្រង់ឯណាមិញ សឹងបានដូចបំណងត្រង់ណោះហោង។ អ្នកទាំងឡាយអើយ អំពីថ្ងៃនេះទៅហើយ រីស្មូមផងទាំងឡាយ ឥតបើពំនាក់
ឡើយ រីសព្ទយោបំនោះ មិនប៉ុន្តែស្មូមនោះឡើយ ទោះអ្នកផ្នួល មេមត់ក្តី ទោះអ្នកក្រៅលំនៅជនបទក្តី អ្នកចេះរក្សាភូមិផ្ទៃក្រោមក្តី អ្នកថែទាំចាំឃ្លាំង ចាំវាំងព្រះរាជមន្ទីរក្តី ទោះស្រីស្នំក្រមការ អ្នកបម្រើក្តី ទោះព្រាហ្មណ៍ព្រឹទ្ធបណ្ឌិតកវីក្តី រីអស់អ្នកអម្បាលណោះ សឹងមកជំនុំព្រមគ្នា សឹងលើកដៃដាក់លើត្បូង ដៃមួយគក់ទ្រូងទួញយំ សឹងឮសព្ទយោបំយំនោះច្រើនមហិមា ថា ឱ! អ្នកទាំងឡាយអើយ រីអ្នកស្រីពិរាស្ត្រផងទាំងឡាយ នេះហៅថាជាអ្នកឥតធម៌ពិតហោង ម្តេចឡើយ ក៏មកបំបរបង់ព្រះបាទស្រីវេស្សន្តរជាអ្នកឥតទោស អោយប្រាសនិរាស ចេញអំពីស្រុកដូច្នេះ។ ឱ! ព្រះបាទស្រីវេស្សន្តរក្សត្រថ្លៃប្រសើរនៃខ្ញុំទាំងឡាយអើយ ឥឡូវនេះ ព្រះអង្គនៅតែអោយទាន ហើយស្តេចនឹងចេញទៅ អំពីស្រុកនេះដោយនូវពាក្យអ្នកស្រីពិរាស្ត្រគេបំបរបង់នោះហោង។
រីព្រះបាទវេស្សន្តរដ៏ជាក្សត្រប្រសើរនោះ ស្តេចអោយទានដំរីនោះ៧០០ រីដំរីនោះសោត សឹងប្រដាប់នូវខ្សែក្រពាត់លំញ៉ាង សំអាងមុខ ស្រោមភ្លុកសឹងដ៏មាស ដ៏មានកម្រាលលើខ្នងនោះសោតដ៏ល្អនូវកែវសព្វពិធរ័ត្ន រីទម័កនោះសោត សឹងដ៏ពាក់ នូវមួកមាស ខោស្នាប់ភ្លៅ ក្រោះក្រោយរាយផ្កាមាសទាំងពួងដ៏មានដៃកាន់នូវកង្វេរមាស ហើយ
2
អោយឡើងជិះ ព្រមគ្នា ទើបស្តេចលើកអោយទៅជាទាន ហើយស្តេចចេញទៅ ដោយនូវពាក្យអ្នកស្រីពិរាស្ត្រគេបំបរបង់នោះហោង។ រីព្រះមហាក្សត្រ ព្រះអង្គអោយទានសេះ៧០០ រីសេះនោះសោត ដ៏ប្រដាប់នូវគ្រឿងទាំងពួង សឹងជាសេះអាជានេយ្យប្រសើរ សឹងកើតអំពីសន្ធវប្រទេស មានកម្លាំងស្មើខ្យល់ រីទម័កសេះនោះសោត មានក្បាលពាក់មួក មានដៃកាន់រំពាត់ផ្តៅ កៅទ័ណ្ឌ ហើយឡើងជិះព្រមគ្នា ហើយស្តេចលើកអោយទៅជាទានស្រេច បរិបូណ៌ពុំយូរឡើយ ទើបស្តេចចេញទៅ ដោយនូវពាក្យអ្នកស្រីពិរាស្ត្រគេបំបរបង់នោះហោង។ ព្រះមហាក្សត្រ ព្រះអង្គអោយរាជរថ៧០០ ដ៏ប្រដាប់នូវកម្រាលចៀមចំព្រែព្រំ
ដេរដាសពាសពេញនូវស្បែកខ្លាឃ្មុំ ស្បែករាជសីហ៍ សំយាកទាំងសងខាង រីទ្រពងនោះសោត សឹងបណ្តាញមាស ហើយមានចងចង្ក្រង់នាគ ប្រដាប់នូវត្បូង នោះសោត សឹងមាស រីនាយរាជរថនោះសោត ដ៏ប្រដាប់នូវគ្រឿងធ្នឹមអម្ពរ ដ៏មានដៃកាន់នូវគ្រឿងធ្នូសេលោហ៍ ក្បាលពាក់មួក ហើយឡើងជិះព្រមគ្នា ស្តេចលើកអោយជាទានស្រេចហើយ ស្តេចចេញទៅដោយនូវពាក្យអ្នកស្រីពិរាស្ត្រគេបំបរបង់នោះហោង។ ស្តេចអោយទានស្រីស្នំនោះ៧០០ រីស្រីស្នំនោះសោតអោយជិះលើរាជរថមួយៗ គ្រប់រាជរថ រីស្រីស្នំអស់នោះ សឹងដ៏មានរូបល្អ ដ៏ប្រដាប់នូវមកុដអារាមសឹងដ៏ទ្រង់
នូវគ្រឿងអម្ពររំលេចរចនាសឹងមាស សឹងដ៏មានចង្កេះរៀវ ក្លៀវក្លំសមនូវបង្គុយនោះរាបសុភាព មានមាត់នោះញញឹមប្រិមប្រិយ ហើយបើនឹងស្រដី ហាក់បីដូចស្រីទេពអប្សរនៅ នាត្រៃត្រឹង្សសួគ៌ មុខគួរតែបម្រើព្រះមហាក្សត្រនោះហោង។ ហៃសប្បុរសផងទាំងឡាយអើយ មិនតែប៉ុណ្ណោះ ព្រះអង្គអោយទាន ខ្ញុំស្រី៧០០ ខ្ញុំប្រុស៧០០ គោបាព្រោះនោះ៧០០ មេគោឆ្មាត់នោះ៧០០ នូវអាងតែងរងក្សីរ សឹងមាសនោះ៧០០ ស្រេចហើយ ទើបស្តេចចេញទៅ ដោយនូវពាក្យអ្នកស្រីពិរាស្ត្រគេបំបរបង់នោះហោង។ ហៃសាធុសប្បុរសផងទាំងឡាយអើយ រីព្រះពោធិសត្វ ព្រះអង្គអោយទានស្រេចហើយ ព្រះអង្គប្រាថ្នាយក ប្រាជ្ញាសព៌េជ្ញតាញាណទុកជាចំណង កាលណាមិញ រីពន្លឹកស័ព្ទអស្ចារ្យមហិមាក្រៃពេក ក៏ក្រើករំពើកទៅដល់ទេពនិករ អមរផង ដ៏មានខ្លួនញ័រចំប្រប់ ព្រឺព្រួចអស់លោមា កើតមាននូវនាជេតុត្តរនគរ ព្ធដ៏
កាលណោះហោង។ ហៃសាធុសប្បុរសផងទាំងឡាយអើយ នាកាលព្រះមហាក្សត្រអ្នកអោយសត្តសតកមហាទាននោះ ទោះបីទេវតា នៅនា ឆកាមាវចរសួគ៌នាយក្តី ទេវតាស្ថិតនៅនាជម្ពូទ្វីបផ្ទៃ (១០៧)ក្រោមនេះក្តី សឹងមកជ្រោមជ្រែងជួយបំពេញទានអោយ ព្រះពោធិសត្វ រីអស់ទេវតាទាំងនោះ ទៅស្រដីឃោសនាប្រាប់អស់មហាក្សត្រមាននៅនាជម្ពូទ្វីបនេះថា ម្នាលអស់ស្តេចផងទាំងឡាយអើយ ឥឡូវនេះ ព្រះបាទស្រីវេស្សន្តរ ព្រះអង្គអោយសត្តសតកមហាទាន ប្រដាប់នូវស្រីស្នំ ក្រមការនោះល្អៗ សូមអញ្ចើញអ្នកទៅទទួលយកទានព្រះបាទស្រីវេស្សន្តរនោះហោង។ ហៃសាធុសប្បុរសផងទាំងឡាយអើយ ហេតុតែអានុភាពទេវតាឃោសនានោះ អស់ស្តេចផងទាំងឡាយ ក៏មកទទួលយក ស្រីកញ្ញាអំពីព្រះមហាក្សត្រអោយទាន
នោះ នាំទៅកាន់ឋានលំនៅអាត្មាទីទៃៗទៅហោង។ បពិត្រអើយ រីអស់អ្នកផងទាំងពួង អម្បាលម៉ាន នៅនាជេតុត្តរនគរនោះ ទោះស្តេចក្តី ព្រាហ្មណ៍ក្តី ឈ្មួញក្តី អស់អ្នកទាំងអម្បាលនោះ សឹងមកទទួលយកទាននោះ ថាដូច្នេះ បពិត្រព្រះវេស្សន្តរអើយ រីអស់អ្នកស្រីពិរាស្ត្រផងទាំងឡាយ គេបំបរបង់អម្ចាស់ ត្បិតតែអោយទាននេះឯង ក៏អម្ចាស់រឹងជាអោយទានមួយសាសោតហោង។ (១០៨) កាលណាព្រះអង្គអោយទានស្រេចហើយ លុះថ្ងៃល្ងាច ស្តេចចូលទៅនាព្រះរាជមន្ទីរព្រះអង្គហើយ ទ្រង់ព្រះចិន្តា ថា នៅថ្ងៃស្អែកនេះឯង អញនឹងទៅថ្វាយបង្គំលាព្រះវរមាតាបិតាអញ។ រីព្រះមហាសត្វ លុះព្រឹកឡើង ស្តេចឡើងគង់លើរាជរថ គិតដ៏អ្នកប្រដាប់ដ៏ប្រសើរ ក្សិណនោះ សម្តេចព្រះរាជមទ្រី ព ព្រះរាជកុមារទាំងពីរ
ទៅគង់លើរាជរថ រួចស្តេចទៅកាន់មេក្មេក បាក្មេក សូមអោយលោកអនុញ្ញាតិអោយដំណើរទៅ នឹងព្រះបាទស្រីវេស្សន្តរនោះហោង។
3
រីព្រះមហាសត្វ ស្តេចថ្វាយបង្គំលាព្រះវរមាតាបិតា ក្រាបទូលដោយដំណើរ ស្តេចនឹងទៅនោះឯង។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គឈ្នះនូវមារាធិរាជ អាចមានព្រះបន្ទូលនូវបាទព្រះគាថា ថា ភិក្ខុអើយ រីព្រះបាទស្រីវេស្សន្តរ កាលណាស្តេចចេញ អំពីជេតុត្តរនគរនោះ ព្រះអង្គក្រាបទូលព្រះបាទស្រីសញ្ជ័យ ដែលព្រះអង្គតែងសោយរាជ្យឋិតនៅដោយគន្លងធម៌ដ៏ប្រសើរ ថា បពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ព្រះអង្គបំបរបង់អញខ្ញុំចេញ (១១០) ក៏អញខ្ញុំនឹងចេញទៅសាងព្រះផ្នួស បួសនៅនាភ្នំវង្កតបព៌តនោះឯងហោង។ បពិត្រព្រះមហារាជ បើអ្នកណាមួយកើតឡើងក្នុងលោកនេះ ជំពាក់នឹងកាមគុណ ហើយ អ្នកនោះឯងនឹងលុះក្នុងចំណងយមរាជមិនខាន។ អញខ្ញុំនឹងទៅទូន្មានអាត្មាខ្ញុំឯង ហើយនឹងសាងព្រះផ្នួស ចម្រើន មេត្តាភាវនា
នៅនាភ្នំវង្កតបព៌ត ដោយនូវអ្នកស្រីពិរាស្ត្រ គេបំបរបង់អញខ្ញុំហោង។ បពិត្រមហាក្សត្រថ្លៃប្រសើរអើយ អញខ្ញុំនឹងទៅនៅនាព្រៃនោះ មួយអន្លើនឹងម្រឹគពាលសាហាវជាដើម មានរាជសីហ៍ ដំរីព្រៃ ខ្លាធំ ខ្លាដំបង អញខ្ញុំនឹង សូត្រមន្តចម្រើនភាវនានៅនាព្រៃនោះ។ បពិត្រព្រះជនកអើយ សូមអោយអម្ចាស់គង់នៅនារាជសម្បត្តិ ជាសុខសប្បាយទៅហោង។ ព្រះមហាសត្វទូលព្រះវរបិតានូវ ៤ព្រះគាថានោះហើយ ស្តេចក៏ក្រាបថ្វាយបង្គំលា ទៅកាន់សម្នាក់ព្រះនាងសុបារសុប្បតី ដែលជាព្រះវរមាតា ដើម្បីនឹងសូមទ្រង់អនុញ្ញាតផ្នួសនៃអាត្មា ក្រាបទូលសូត្រនូវបាទព្រះគាថា ថា (១១១) បពិត្រព្រះវររាជមាតា អម្ចាស់ខ្ញុំអើយ សូមទ្រង់អនុញ្ញាតផ្នួសអោយអញខ្ញុំ ៗគាប់ចិត្តនឹងផ្នួសនោះណាស់ អម្បាលអញខ្ញុំធ្វើទានតែក្នុងប្រាសាទ របស់
ខ្លួន នៅឈ្មោះថា ជាអ្នកបៀតបៀនអ្នកស្រុក អ្នកនគរ ដូច្នេះអញខ្ញុំក្រាបទូល សូមលាទៅនៅភ្នំវង្កតបព៌ត នាព្រៃហេមពាន្ត រីឋាននោះដ៏ពេញនូវម្រឹគឃោរឃៅសាហាវពន្លឹកជាដើម អម្ចាស់អើយ ខ្ញុំនឹងទៅសាងផ្នួស បួសជា មហាឥសី យកសត្វអស់នោះជាគ្នា ខ្ញុំនឹងចម្រើនមេត្តាភាវនា រក្សាផ្នួសនៅហោង។ រីព្រះនាងសុបារសុប្បតី ទ្រង់ស្តាប់ព្រះរាជបុត្រទូលដូច្នោះហើយ មានសេចក្តីព្រឺព្រួច គ្រលួចក្នុងព្រះហរទ័យ ត្រេកអរ សាទរនឹងផ្នួសពេកក្រៃ ក៏មានបន្ទូលនូវព្រះគាថា ថា (១១២) ហៃកូនស្ងួនសំឡាញ់ម្តាយអើយ រីត្រង់ផ្នួសនោះ ម្តាយនឹង អនុញ្ញាតអោយអ្នកហើយ បាអើយ ប៉ុន្តែនាងមទ្រីធ្លាប់តែនៅស្រណុក សុខ
សប្បាយ ចូរបាអោយនាងនៅឯអាយ នឹងម្តាយ ថែរក្សាកូន បាអើយ នាងមទ្រីនេះជាស្រីមិនធ្លាប់ប្រសព្វនូវទុក្ខអ្វីមួយ ម្តេចឡើយ នឹងទៅនៅនាព្រៃនោះបាន។ រីព្រះបាទស្រីវេស្សន្តរស្តាប់ព្រះបន្ទូលព្រះវរមាតាហើយ ទូលតបវិញថា បពិត្រព្រះមាតាអម្ចាស់ខ្ញុំអើយ កុំថាតែនាងមទ្រីឡើយ ទោះដល់ខ្ញុំស្រីឯណាមួយ វាចង់ទៅនឹងអញខ្ញុំ ក៏អញខ្ញុំនឹងយកវាទៅនាព្រៃនោះ ថាបើវាមិនចង់ទៅសោត ក៏អោយវានៅហោង រីនាងមទ្រីសោត ថាបើនាងពុំចង់ទៅទេ ក៏នឹងអោយនាងនៅនឹងអម្ចាស់ឯអាយ រក្សាកូនទាំងពីរហោង។ ព្ធដ៏កាលនោះ ព្រះបាទស្រីសញ្ជ័យ ទ្រង់បានសណ្តាប់ ស័ព្ទព្រះវាចាររបស់ព្រះរាជបុត្រដូច្នោះហើយ ទើបស្តេចបែរទៅមានព្រះបន្ទូល លួងលោមសម្តេចព្រះនាងមទ្រី ដែលជាបុត្រីប្រសាវិញ។
រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ ព្រះអង្គមានព្រះបន្ទូលសូត្រសានូវព្រះគាថា ដូច្នេះថា ភិក្ខុអើយ រីព្រះបាទស្រីសញ្ជ័យ ដែលជាស្តេចធំប្រសើរនោះ មានព្រះបន្ទូលនឹងសម្តេចព្រះរាជមទ្រីថា ហៃមទ្រីអើយ នាងសព្វថ្ងៃ ធ្លាប់លាបនូវសុគន្ធពិដោរលម្អិតខ្លឹមច័ន្ទក្រចេះម្សៅ ធ្លាប់ស្លៀលសំពត់ខោមពស្ត្រ កាសិកពស្រ្ត ម្តេចឡើយ នាងនឹងទៅទ្រង់ញើសក្អែល ហើយស្លៀកនូវសំពត់សំបកឈើ គិតដ៏អ្នកក្រងមួយអន្លើនូវស្បូវក្លាំង នឹងជាទុក្ខស្រអ័ញស្រអុក ព្រោះសំពត់នៅនាព្រៃនោះដូចម្តេចបានឡើយ។ ក្សិណនោះកូវ សម្តេចព្រះរាជមទ្រី ដ៏ជាក្សត្រីប្រសើរ នាងក្រាបទូលតបព្រះរាជឱង្ការវិញថា បពិត្រក្សត្រថ្លៃប្រសើរអើយ រីស្រុកជេតុត្តរនគរនេះ គួរគប្បីអញខ្ញុំ
ត្រកអរចង់នៅនាឋានសុខនេះ តែអញខ្ញុំពុំប្រាថ្នាចង់នៅដល់តិចឡើយ បើព្រាត់ប្រាសព្រះ (១១៤) បាទស្រីវេស្សន្តរ អោយទ្រង់ទៅនៅលំបាក តែមួយព្រះអង្គឯង ឯព្រៃនោះ ពុំសមគួរឡើយ។ (១១៥) ព្ធដ៏ក្សិណនោះកូវ រីព្រះបាទស្រីសញ្ជ័យមានព្រះបន្ទូលថា ហៃនាងមទ្រីអើយ ឪពុកនឹងស្រដីប្រាប់មេ មេអើយ រីកំណើតនៃព្រៃហេមពាន្តនោះ កម្រក្តាត់ ពាសពេញដោយម្រឹគសាហាវច្រើន ទោះតាឱ ឱម៉ាល់ក្តី ស្រាំង ឃ្មុំក្តី មេអើយ រីសត្វអស់នោះមកចោមរោម នៅជាច្រើនមានក្នុងព្រៃនោះហោង។ មួយសោត រីសត្វឯទៀត ក៏មានជាច្រើនមុខ គួរខ្លាចពន់ពេក រីពស់មួយនោះ លោកហៅថាពស់ថ្លាន់ ដ៏មានកំលាំងច្រើនក្តាត់ វាបានយល់មនុស្សក្តី សត្វអ្វីៗក្តី ដែលចូលមកអាស្រ័យ នាទឹកស្ទឹងមុចលិន្ទនទី កាលណាបើពស់ នោះវាយល់ហើយ វាដេញដោយកម្លាំងរបស់វា ទោះនឹងឡើងចុងឈើខ្ពស់អម្បាលមាណ ក៏មិនរួចនឹងវាឡើយ កាលបើវាទាន់ហើយ វាព័ន្ធព័ទ្ធរឹតនឹងភ្នេនកន្ទុយវានោះ ល្អិតឆ្អឹងអស់ ហើយវាលេបដោយអំណាចវាហោង។ មួយសោត មេអើយ រីសត្វនោះ លោកហៅថា ខ្លាឃ្មុំ មានរោមនោះខ្មៅគគ្រាត
កាលណាបើវាយល់មនុស្សឯណាមួយដើរ ទៅហើយ ទោះបីរត់ឡើងដើមឈើខ្ពស់អម្បាលមាណក្តី ក៏មិនរួចនឹងវាឡើយ បើវាចាប់បានហើយ វាជញ្ជក់យកឈាម ស្ងួតក្រៀមទៅ ថាបើមេនឹងទៅនោះ លំបាកពេកហោង។
៤
រីក្របីព្រៃ មានស្នែងនោះវែងស្រូចក្តាត់ កាលណា បើវាយល់មនុស្សហើយ វារត់ដេញវ័ធមុតមែនក្តាត់។ ទោះបីពេលព្រឹក ល្ងាចក្តី វាតែងបណ្តើរកូនទៅត្រាំទឹកស្ទឹង បឹងសាគរទីនោះ នៅត្រង់ផ្លូវនឹងដើរទៅកាន់ព្រៃហេមពាន្ត ដ៏ជាឋានលំនៅលំបាកនោះហោង។ មួយសោត មទ្រីអើយ រីទន្សោងគោព្រៃ កាលថ្ងៃរសៀលទន់ៗ វាជល់គ្នាលេងតាមផ្លូវ វាស្រែករោទិ៍ប្រដេញគ្នាទៅមក មុខគួរអោយខ្លាចពេក។ រីផ្លូវហ្វូងស្វាទាំងឡាយ វាយល់មនុស្សនៅនាព្រៃស្ងាត់ដូច្នេះ វានឹងមកចោមរោមសម្បើម មុខគួរខ្លាច គួរស្បើមពេក។ ហៃនាងមទ្រីអើយ នាព្រលប់នោះសោត សត្វបក្សី គឺ មៀម ទីទុយ ខ្លែងស្រាក ចចក លលកខ្មោច ទោច ឱឡ ភូវំាង ស្ទាំង គូក វានឹងហើរមកទំស្រែកយំនៅនាដើមឈើ ក្បែរលំនៅនោះ គួរស្បើមពេកហោង។ ហៃនាងមទ្រីអើយ នាភ័យទាំងអម្បាលណោះ ហេតុតែនាងមិនដែលឮ មិនដែលឃើញ ថាបើនាងបានឮ បានឃើញហើយ នាងនឹងស្បើមព្រឺប្រុងសម្រុងសរិលអស់ទាំងខ្លួន នាងនឹងយំបម្រះអន្ទះអន្ទែង គ្រញែងខ្លួន លំបាកពន់ពេក ម្តេចឡើយនាងនឹងទៅនៅភ្នំគិរីវង្កតបព៌តនោះបាន ចូរនាងនៅអាយ ជាមួយមេក្មេកបាក្មេកនេះហោង។
ក្សិណនោះកូវ សម្តេចព្រះរាជមទ្រីរាជបុត្រីស្រីរ័ត្ន ព្រះនាងលើកព្រះហស្ថប្រណម្យ ក្រាបទូលថា បពិត្រព្រះមហាក្សត្រាធិរាជប្រសើរអើយ ព្រះអង្គតែងទ្រង់ចម្រើនអ្នកស្រីពិរាស្ត្រ ទ្រង់មានព្រះបន្ទូលនោះពិរោះក្តាត់។ បពិត្រអម្ចាស់អើយ រីត្រង់ទុក្ខភ័យនោះ អញខ្ញុំនឹងអធ្យោគទៅនឹងប្តីអញខ្ញុំ ៗនឹងចងក្បិនអោយខ្ជាប់ ហើយអញខ្ញុំនឹងដើរ ទៅមុន
ព្រះបាទស្រីវេស្សន្តរ នឹងពារបញ្ជាន់បែនកិនទៅ ទោះទាំងព្រៃបបុស ត្រែង អំពៅព្រៃក្តី ស្មៅសសិត ស្បូវក្លាំង ស្បូវរណ្តាស ស្មៅដំណេកទន្សាយក្តី ស្មៅយាប្លងក្តី ក៏អញខ្ញុំនឹងទន្ទ្រានច្រានពានទៅមុន មិនអោយដិត ត្រូវព្រះបាទាព្រះបាទស្រីវេស្សន្តរព្រះស្វាមីអញខ្ញុំឡើយ។ បពិត្រអម្ចាស់អើយ អ្វីកម្រនៅនាព្រៃនោះ ក៏អញខ្ញុំមិនអោយ ព្រះអង្គព្រួយលំបាកឡើយ រីក្តីលំបាកមាននៅត្រង់ណា ក៏អញខ្ញុំធានាត្រង់នោះ មិនអោយព្រះរាជបុត្រលំបាក តែមួយអង្គឯងឡើយ។ បពិត្រព្រះមហាក្សត្រថ្លៃប្រសើរអើយ អញខ្ញុំម្ចាស់នេះ មានឧបមាបីដូចក្រមុំផងទាំងឡាយ នៅសព្វថ្ងៃនេះ សង្វាតចង់បានប្តី អោយជាទីគាប់ចិត្តនោះ អញខ្ញុំអម្ចាស់ដោះឡើងអំពីព្រឹក ហើយបបួលគ្នាទៅកាច់ស្ទន់មកទន់ ហើយអង្គុយនៅមាត់ទឹក ហើយស្រដីអំភ្លាងគាងទៅគាងមក ដូចដល់ស្នែងគោ ហើយចុះងូតទឹកជម្រះខ្លួន រូចទៅផ្ទះ យកប្រេងម្សៅលាប ហើយហូបបាយពុំអោយឆ្អែតពេក ខ្លាចក្រែងវាធាត់រលកន្ទ្រល មិនគួរស្រឡាញ់។ អម្ចាស់អើយ ធ្វើទាំងអម្បាលណោះនៃ ទើបបានប្តីជាទីគាប់ចិត្ត ក៏ឥឡូវនេះ អញខ្ញុំបានប្តីជាទីគាប់ចិត្តដូចប្រាថ្នាហើយ ម្តេចឡើយ ក៏អញខ្ញុំនឹងនៅជាមេម៉ាយ។ (១២០) អម្ចាស់អើយ ត្រង់ស្រីមេម៉ាយនោះ ប្រុស
ទាំងឡាយគេមើលងាយ នាលោកិយនេះ ពេកក្តាត់។ បទអ្វីអញខ្ញុំពោលថាដូច្នេះ អម្ចាស់អើយ រីស្រីមេម៉ាយផងទាំងឡាយ សព្វថ្ងៃនេះ ទោះបីដើរទៅទីណាក្តី អង្គុយនៅទីណាក្តី ហូបបាយក្តី ធ្វើការក្តី ក៏ប្រុសឯណាមួយបានយល់ជាទីគាប់ចិត្តវាហើយ វានឹងមើលងាយតាមចំណង់ ចិត្តវា ហើយវានឹងមកចាប់ដៃទង់ទៅ បើពុំទៅដោយចិត្តវាហើយ ក៏វានឹងចាប់សក់ គក់ត្បកភើចទង់ទៅអោយតែបាន មានឧបមាបីដូចអ្វី ថាឧបមាបីដូចកូនក្អែក ចឹកកូនមៀម ទង់ចេញអំពីសំបុកនោះឯង។ បពិត្រអម្ចាស់អើយ ហេតុនេះ អញខ្ញុំមិននៅជាស្រីមេម៉ាយនេះឡើយ អញខ្ញុំនឹងទៅតាមព្រះបាទស្រីវេស្សន្តរជាប្តីអញខ្ញុំហោង។ បពិត្រក្សត្រថ្លៃប្រសើរអើយ រីស្រីមេម៉ាយនេះ ទោះបីមានរូបឆោមអម្បាលមាណក្តី ទោះលាបប្រេងម្សៅ ក្រចេះចួងច័ន្ទ មានគន្ធពិដោរក្តី ទោះមានគ្រឿងមាសគ្រឿងប្រាក់ក្តី ទោះនៅ
ក្នុងត្រកូលស្តេចក្តី គេយល់ថា ឥតប្តីហើយ គេនឹងថាជាស្រីមេម៉ាយដដែលហោង។ បពិត្រអម្ចាស់អើយ ហេតុតែដំណើរដូច្នេះឯង ក៏អញខ្ញុំនឹងសង្វាតទៅតាម ព្រះវេស្សន្តរ ជាម្ចាស់លើត្បូងនៃអញខ្ញុំ។ បពិត្រអម្ចាស់អើយ រីស្ទឹងឯណា គឺឥតទឹកឡើយ ហៅថាស្ទឹងទទេ។ រីនគរមណ្ឌលរាស្ត្ររដ្ឋទាំងឡាយ ថាបើឥតស្តេចគង់ ហើយ ហៅថា ស្រុកទទេ ពុំហៅនគរប្រសើរឡើយ។ មួយទៀតសោត ស្រីឯណាបើឥតនឹងប្តី ហៅថា ស្រីមេម៉ាយហោង។
បពិត្រអម្ចាស់អើយ រីភាពជាស្រីមេម៉ាយនេះ មុខគួរអោយជាទុក្ខពេកក្នុងលោកនេះ។ ហេតុនោះហោង រីអញខ្ញុំ នឹងទៅតាមព្រះបាទស្រីវេស្សន្តរ ដែលជាស្វាមីនៃអញខ្ញុំ ជាប្រាកដហោង។ បពិត្រមហារាជដ៏ជាក្សត្រធំ ឧត្តមប្រសើរអើយ រីរាជរថដ៏ប្រដាប់នូវទង់ចង្ក្រង់នាគកណ្តឹងនោះ ទើបប្រាកដហៅថារាជរថ។ រីភ្លើងសោត បើមានផ្សែងឡើយនោះ ទើបប្រាកដហៅថាជាភ្លើង ដូចស្រុកនគរសោត ថាបើមានស្តេច
សោយរាជ ស្កល់នៅនោះនៃ ទើបហៅថា ជាស្រុកប្រសើរនគរប្រសើរ។ រីឯស្រីសព្វថ្ងៃនេះ ថាបើមានប្តីនោះ ទើបហៅថា ស្រីប្រសើរ ថាបើឥតប្តីហើយ គេក៏ហៅថា ជាស្រីមេម៉ាយហោង។ ហេតុនោះ បពិត្រអម្ចាស់អើយ ធម្មតាស្រីមេម៉ាយនេះ ជាចំណាយ មាត់អ្នកផងក្តាត់ហោង រីស្រីក្នុងលោកសព្វថ្ងៃនេះ បើប្តីខ្សត់ហើយ ប្រពន្ធនោះក៏ខ្សត់ផង។ បើប្តីមានយសស័ក្តិហើយ ស្រីនោះក៏នៅនឹងយសស័ក្តិសម្បត្តិប្តីនោះ។ បើស្រីណាឧស្សាហ៍អធ្យោគបម្រើប្តី នាលោកនេះ ក៏ប្រសើរឥតហ្មង លុះដល់អនាគតកាល តែងនឹងបានសម្បត្តិសូគ៌ រូចដល់និព្វាននោះទៀងប្រាកដហោង។ បពិត្រក្សត្រថ្លៃប្រសើរអើយ ហេតុនេះហោង អញខ្ញុំនឹងទៅស្លៀកសំពត់សំបកឈើ ហើយនឹងស្ពាយឆៀងនូវស្បែកខ្លា ឥតក្រយាស្ងោយក្តី ក៏អញខ្ញុំ សង្វាតទៅតាមព្រះបាទស្រីវេស្សន្តរ ជាព្រះរាជស្វាមីអញខ្ញុំ។
អម្ចាស់អើយ អញខ្ញុំបានព្រះបាទស្រីវេស្សន្តរ ជាព្រះស្វាមី ក្នុងលោកនេះ មិនអោយអ្នកណាមួយមកដៀលថា ជាស្រីមេម៉ាយបានឡើយ ហេតុនេះ អញខ្ញុំនឹងទៅតាមព្រះបាទ ស្រីវេស្សន្តរជាព្រះរាជស្វាមីសំឡាញ់នៃអញខ្ញុំហោង។ បពិត្រអម្ចាស់អើយ រីសម្បត្តិឯណា មានក្នុងជេតុត្តរនគរពេញនូវរ័ត្នទាំង៧ប្រការក្តី ទោះទ្រព្យឯណាផ្សេងៗក្តី នោះ (១២៣) អញខ្ញុំមិនអាល័យសម្បត្តិនោះឡើយ បើព្រាត់ប្រាស់ព្រះបាទស្រីវេស្សន្តរចេញទៅនោះ វាក្តៅផ្សាជាទុក្ខ នៅតែម្នាក់ឯង។ រីព្រះបាទស្រីវេស្សន្តរ អ្នកចេញអំពីស្រុកនេះ នាកាលថ្ងៃណាមិញ ក៏អញខ្ញុំនឹងចងក្បិនអោយខ្ជាប់ ហើយអញខ្ញុំនឹងពកូនទាំងពីរទៅតាម នាថ្ងៃនោះហោង។ ហៃសប្បុរផងទាំងឡាយអើយ រីព្រះបាទស្រីសញ្ជ័យ ទ្រង់ស្រដីលួងលោមសម្តេចព្រះរាជមទ្រី ក៏ព្រះនាងមិនព្រមឡើយ ទើបស្តេចមានព្រះបន្ទូលវិញថា ហៃនាងមទ្រីអើយ បើនាងពុំយកពាក្យឪពុកហើយ នាងនឹងទៅតាមបាវេស្សន្តរ ក៏តាមតែចិត្តនាងចុះ រីកូនទាំងពីរ គឺចៅជាលី និងមេក្រស្នា ចូរនាងទុកនៅអាយ យើងជាម្តាយឪពុក នឹងចិញ្ចឹម រក្សាហោង។ រីសម្តេចព្រះរាជមទ្រី ដ៏ជាព្រះរាជបុត្រីស្រីរ័ត្ន ដ៏មាន (១២៤) លក្ខណាប្រសើរនោះ ព្រះនាងស្តាប់ព្រះបន្ទូលហើយក្រាបទូលថា បពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ រីកូនទាំងពីរចៅជាលី និងមេក្រស្នានេះមិញ មិនមែនជាកូនសម្អប់ អញខ្ញុំមិនព្រមអោយប្រាសចេញអំពីទ្រូងអញខ្ញុំម្ចាស់ឡើយ។ ហេតុនេះ អញខ្ញុំចិញ្ចឹមជីវិតរស់នៅដោយប្រការដូចម្តេចមិញ នាអញខ្ញុំនឹងរកចិញ្ចឹមកូនអញខ្ញុំទាំងពីរ អោយមានជីវិតរស់នៅ ដោយប្រការ
ដូច្នោះហោង។ (១២៥) កាលណោះព្រះបាទស្រីសញ្ជ័យមានព្រះបន្ទូលតបថា ហៃនាងមទ្រីអើយ រីក្មេងទាំងពីរនេះ ធ្លាប់បរិភោគនូវភោជ្ជសាលី សល្អបរិសុទ្ធ ប្រដាប់នូវត្រីសាច់ ញំាភ្លា សាកប់ផង តម្កល់ទុកលើភាជន៍មាស គិតដ៏អ្នកគួរកាច់រចនានូវក្បាច់មួយរយជាន់ ទើបក្មេងទាំងពីរនេះបរិភោគបាន ឥឡូវនេះ នឹងនាំទៅអោយបរិភោគនូវ ផ្លែឈើមើមឈើដាក់លើដី នាព្រៃនោះ ធ្វើម្តេចក្មេងទាំងពីរនឹងបរិភោគបាន។ មួយសោត ក្មេងទាំងពីរធ្លាប់ទ្រទ្រង់នូវ សំពត់ខោមពស្ត្រ កោទុម្ពរពស្រ្ត ធ្លាប់ជិះគ្រែស្នែង រមែងជិះរាជរថ ពាជីដំរីប្រសើរ ឥឡូវនេះ មេនឹងនាំក្មេងទាំងពីរទៅ ដោយជើងទទេ ហើយអោយស្លៀកសំពត់សំបកឈើ គិតដ៏អ្នកច្រៀកក្រងនូវស្បូវក្លាំង ហើយស្ពាយឆៀងស្បែកខ្លា ទាំងក្រចក បរិភោគនូវផ្លែឈើស្លឹកឈើ នៅនាព្រៃនោះ ដូចម្តេចបាន។ មួយសោត មទ្រីអើយ ក្មេងទាំងពីរនេះ ធ្លាប់ដេក ក្នុងព្រះរាជមន្ទីរ ប្រដាប់នូវគ្រែទែនកែវ ដ៏ត្រកាល ពាសពេញនូវចៀមចំ ព្រែព្រំ រនាំង វាំងនន ពុំលេចខ្យល់ ទើបក្មេងទាំងពីរនេះដេកលក់ស្រណុកសុខសប្បាយ។ មួយសោត រីក្មេងទាំងពីរនេះ
៥
ធ្លាប់តែងរមែងលាបស្រឡាប នូវប្រេងម្សៅ ធ្លាប់អោយបក់នូវផ្លិតចាមរ ព្រុយក្ងោក ទើបដេកលក់ស្រណុកសុខសប្បាយ។ មទ្រីអើយ ឥឡូវនេះ នាងនឹងនាំក្មេងទាំងពីរនេះ ទៅប្រឡាក់នូវផង់ធូលីខ្សាច់ ញើសក្អែល ហើយអោយដេកលើកម្រាលស្លឹកឈើលើដី នៅនាព្រៃនោះ ត្រូវខ្យល់ភ្លៀងផង ធ្វើម្តេចឡើយ នឹងដេកនៅស្រណុក សមនឹងយំជាទុក្ខក្រៃពេក ក្នុងព្រៃនោះហោង។ រីក្សត្រទាំងបីព្រះអង្គ ស្រដីផងគ្នា នូវប្រការអម្បាលនោះហើយកូវ ព្រះអាទិត្យក៏រះឡើង ក្សិណនោះ អាមាត្យ នាយរាជរថ ប្រដាប់ទឹមនូវសេះអាជានេយ្យ ទាំង៤ បរទៅដាក់នៅទ្វារព្រះរាជវាំងព្រះមហាសត្វ។ ក្សិណនោះកូវ សម្តេចព្រះរាជមទ្រី ថ្វាយបង្គំលាមេក្មេក បាក្មេកហើយ ស្រដីផ្តាំអស់ស្រីស្នំទាំងអម្បាលនោះហើយ ទើបព្រះនាងយកព្រះរាជបុត្រទាំងពីរ ឡើងទៅគង់លើព្រះរាជរថនោះ មុនព្រះមហាក្សត្រ ជាព្រះរាជស្វាមីហោង។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះបរមសាស្តា ទ្រង់មានព្រះបន្ទូលសូត្រសានូវគាថា ដូច្នេះថា (១២៧) ភិក្ខុអើយ ក្នុងកាលនោះ សម្តេចព្រះរាជមទ្រី ព្រះនាងក្រាបទូល ព្រះបាទស្រីសញ្ជ័យជាបាក្មេកដូច្នេះថា បពិត្រក្សត្រថ្លៃប្រសើរអើយ កុំអម្ចាស់គិតអាណិតខ្សឹកខ្សួលរំជួល ក្នុងព្រះរាជហរទ័យ នឹងចៅទាំងពីរនេះឡើយ យើងខ្ញុំទាំងពីរនឹងចិញ្ចឹមជីវិតរស់នៅដូចម្តេចមិញ ក៏ចៅអម្ចាស់ទាំងពីរ រស់នៅដូច្នោះហោង។ ព្ធដ៏ក្សិណនោះ ព្រះបាទស្រីវេស្សន្តរ ក្រាបថ្វាយបង្គំលាព្រះវរមាតាបិតាហើយ ស្តេចក្រោកឡើងប្រទក្សិណ៣ជុំ ហើយឡើងទៅគង់លើរាជរថទឹមនូវសេះអាជានេយ្យទាំង៤ បរនាំព្រះរាជបុត្រព្រះរាជទេពី ទៅតាមផ្លូវទៅកាន់ភ្នំគិរីវង្កត បព៌ត តាមពាក្យអ្នកស្រីពិរាស្ត្រ គេបណ្តេញនោះហោង។
ខណៈនោះ ព្រះបាទវេស្សន្តរ ទ្រង់ទតយល់ទីណាមានមហាជនជំនុំគ្នាច្រើន ស្តេចក៏បររាជរថទៅកាន់ទីនោះ ទ្រង់មានព្រះបន្ទូលថា ម្នាលញាតិទាំងឡាយអើយ សូមអោយអ្នកទាំងឡាយ កុំបីមានរោគាព្យាធិបៀតបៀនយាយី សូមអោយបានក្តីសុខសប្បាយរាល់ៗគ្នាទៅហោង។ កាលបើព្រះពោធិសត្វ ទ្រង់បររាជរថឆ្ពោះទៅរកព្រះនាងសុបារសុប្បតី ដ៏ជាព្រះមាតាព្រះពោធិសត្វនោះ ព្រះនាងមាន ព្រះបន្ទូលនឹងអាមាត្យថា ម្នាលអាមាត្យអើយ រីកូនអញនេះជាអ្នកស្រឡាញ់ទាននោះច្រើន ចូរអ្នកយកធ្នឹមអម្ពរស្បៃ គ្រឿងប្រដាប់នូវរ័ត្នទាំង៧ប្រការ ទៅបំពេញក្នុងរាជរថ អោយពាសពេញកំពុងទាំងសងខាងរាជរថ កុំបីអោយខ្វះឡើយ។ រីព្រះបាទស្រីវេស្សន្តរ ដ៏ជាក្សត្រប្រសើរនោះ បររាជរថទៅ យល់អស់មហាជនទាំងឡាយជំនុំគ្នា ត្រង់ឋានឯណាច្រើនមិញ ក៏ព្រះអង្គបររាជរថ តម្រង់ទៅឋាននោះហោង។ ព្រះអង្គ (១២៩) ព្រះរាជទានគ្រឿងប្រដាប់ទៅជាទាន ដល់មហាជន ហើយព្រះអង្គអោយដំបូន្មានថា ហៃញាតិផងទាំងឡាយអើយ អ្នកនៅឯក្រោយ ចូរអោយស្រណុកសុខសប្បាយ កុំបីមាន ជំងឺតម្កាត់ឡើយ ហៃអស់ញាតិផង
ទាំងឡាយអើយ ចូរអ្នកទាំងឡាយកាន់សីលអោយទាន កុំបីធ្វេសប្រហែសឡើយ ព្រះពោធិសត្វ មានព្រះបន្ទូលដូច្នេះហើយ ទើបស្តេចបររាជរថចេញអំពីនគរទៅ ទ្រង់អោយទានរៀងទៅ ដោយនូវផ្លូវនោះឯង ជាគម្រប់១៨ដង ដរាបលុះអស់ឥតអ្វីជាសំណល់ឡើយ។ ខណៈនោះ ព្រះពោធិសត្វ ស្តេចបង្វិល រាជរថចេញអំពីព្រះនគរ ហើយបែរព្រះនេត្រទតមកកាន់ព្រះនគរវិញ។ មហាប្រឹថពី ក៏សញ្ជែកប្រេះបែកជា៧ភាគ ទំហំប៉ុនកង់រាជរថ មានត្រង់នាឋានព្រះមហាក្សត្រស្តេចបង្វិលរាជរថនោះឯង។ ហេតុនោះហោង ព្រះអង្គបានត្រាស់ប្រាជ្ញាសព៌េជ្ញតាញាណ មានព្រះបន្ទូលសូត្រសានូវព្រះគាថា នឹងព្រះសារីបុត្តត្ថេរថា ហៃសារីបុត្តត្ថេរអើយ នាកាលអញតថាគត នៅជាព្រះវេស្សន្តរនោះ ស្តេចបង្វិលរាជរថ ចេញអំពីជេតុត្តរនគរនោះហើយ (១៣០) ទ្រង់រមិលមើលទៅកាន់ពិភពព្រះវរមាតាបិតា កាលឯណាមិញ ក៏អស្ចារ្យកើតមាន នាគ្រានោះមហិមាប្រាកដ រីមហាប្រឹថពីមានកម្រាស់នោះពីរសែន អធិកនូវ៤ម៉ឺន
យោជន៍ សឹងកក្រើកញាប់ញ័រ រីភ្នំព្រះសិនេរុរាជនោះមានកំពស់ ៨ម៉ឺន៤ពាន់យោជន៍ក្តី ភ្នំហេមពាន្តក្តី ភ្នំសត្តបរិភណ្ឌក្តី សឹងដ៏មានកំពូលឱនលំទោន ទន់ល្វន់ល្វាសទៅកាន់ជេតុត្តរនគរ នោះហោង។ ខណៈនោះ ព្រះមហាក្សត្រ ទ្រង់រមិលមើលអាត្មាព្រះអង្គឯងហើយ ទើបស្តេចទតមើលទៅព្រះនាងមទ្រី យល់ត្រមោច ម្នាក់ឯង ឥតមានអ្នកណាមួយជាគ្នាឡើយ ទើបស្តេចមានព្រះបន្ទូលនឹងព្រះនាងមទ្រីជាបាទគាថាដូច្នេះថា ហៃនាងមទ្រីអើយ ចូរនាងពិតពិលរមិលមើលទៅឯពិភពលំនៅព្រះវរមាតាបិតានៃយើង នូវអ្នកស្រីពិរាស្ត្រផងទាំងឡាយ យល់ល្អប្រសើរក្រៃពេកហោង។ កាលនោះ ព្រះមហាក្សត្រ កាលស្តេចបររាជរថអំពីនោះទៅហើយ ស្តេចមានបន្ទូលទៅ នឹងអាមាត្យទាំង៦ម៉ឺន អម្បាលដែលកើតថ្ងៃជាមួយព្រះអង្គនោះ ទើបស្តេចមានព្រះបន្ទូលនឹងមហាជនផង នាថ្ងៃដែលហែ
ជូនព្រះអង្គ ស្តេចបររាជរថអំពីនោះទៅបន្តិច ក៏ស្តេចមានព្រះបន្ទូលនឹងនាងមទ្រីថា ហៃនាងមទ្រីអើយ នាងជិះរាជរថបែរមុខទៅឯក្រោយ មើលអោយដឹង ក្រែងមានស្មូមតាមមកសូមយើងហោង។ កាលនោះ មានព្រាហ្មណ៍ ៤នាក់ ពុំទាន់បានទទួលសត្តសតកមហាទាន អំពីព្រះមហាក្សត្រនៅឡើយ ព្រាហ្មណ៍ទាំង៤នាក់នោះ ក៏ដើរចូលទៅក្នុង ព្រះនគរនោះ ហើយដណ្តឹងសួរអស់មហាជនផងទាំងឡាយថា ហៃអ្នកទាំងឡាយអើយ រីព្រះបាទស្រីវេស្សន្តរ ស្តេចទៅកាន់ឋានឯណាបាត់ហើយ។ ពេលនោះ មហាជនផងស្តាប់ហើយ ឆ្លើយថា ហៃព្រាហ្មណ៍អើយ ព្រះបាទស្រី វេស្សន្តរ ជាម្ចាស់នៃយើងនេះ អ្នកអោយទានស្រេចហើយកូវ ស្តេចចេញទៅអំពីព្រះនគរនេះហើយ ឥឡូវនេះ ប្រស្តែង មកដណ្តឹងរកនរណាវិញទៀតហ៎ៈ។ ព្រាហ្មណ៍ដណ្តឹងសួរទៀតថា បើដូច្នោះ អ្នកមានបើយកអ្វីទៅខ្លះ។
អស់មហាជនផង ស្តាប់ហើយ ឆ្លើយថា ហៃព្រាហ្មណ៍អើយ ស្តេចមានតែរាជរថនោះឯង គ្រាន់តែដាក់ព្រះរាជទេពីប៉ុណ្ណោះ។ ខណៈនោះ ព្រាហ្មណ៍ទាំង៤នាក់ (១៣២) គិតព្រមគ្នាថា ហៃគ្នាយើងអើយ មក! យើងនឹងទៅតាមសុំយកសេះអាជានេយ្យ ទាំង៤ ដែលអ្នកទឹមយកទៅនោះហោង។ ព្ធដ៏កាលនោះ សម្តេចព្រះនាងមទ្រី រមិលមើលទៅយល់ព្រាហ្មណ៍ទាំង ៤នាក់ ដើរមកដូច្នោះកូវ ព្រះនាងទូលព្រះពោធិសត្វ មហាបុរសរ័ត្ន ថា បពិត្រអម្ចាស់អើយ ឥឡូវនេះ មានស្មូមដើរមកតាមក្រោយយើង។ ខណៈនោះ ព្រះមហាសត្វ ព្រះអង្គបញ្ឈប់រាជរថដាក់រង់ចាំព្រាហ្មណ៍ លុះព្រាហ្មណ៍អស់នោះដើរទៅដល់ព្រះពោធិសត្វហើយ ក៏ទូលសូមសេះ អាជានេយ្យទាំង ៤ ស្តេចក៏ដោះចេញអំពី ព្រះរាជរថ ហើយអោយទៅជាទានព្រាហ្មណ៍ ពុំមានស្តាយឡើយ។ ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គបន្ទូលសូត្រសានូវព្រះគាថា ថា ភិក្ខុអើយ កាលព្រាហ្មណ៍ទាំង៤ នាក់ ទៅតាមសុំសេះ អាជានេយ្យទាំង៤នោះកូវ ព្រះអង្គដោះសេះអាជានេយ្យទាំង៤ អំពីរាជរថ អោយទៅជាទាន ព្ធដ៏ក្សិណនោះពុំក្រដល់តិចឡើយ។ (១៣៣) ហៃភិក្ខុអើយ កាលព្រះមហាក្សត្រអោយទានសេះ អាជានេយ្យទាំង៤ ក្នុងកាលឯណាមិញ រីត្បូងរាជរថនោះ ក៏ងើយចំពោះស្មោះទៅ នាកណ្តាលអាកាសហោង។ ភិក្ខុអើយ ព្ធដ៏កាលនោះ ព្រះមហាក្សត្រ ស្តេចអោយទានសេះទាំង៤ ទៅជាទានព្រាហ្មណ៍ទាំង៤ នោះហើយ ក្សិណនោះ មានទេវបុត្រទាំង៤ និម្មិតអាត្មា
យកភៀសជារមំាងមាសទាំង៤ មកទទួលរាជរថព្រះមហាសត្វ ហើយនាំព្រះអង្គទៅហោង។ ព្រះមហាសត្វ ទ្រង់ជ្រាបនូវភាពនៃម្រឹគអស់នោះ ជាទេវបុត្រហើយ ទើបព្រះអង្គមានព្រះបន្ទូល នឹងសម្តេចព្រះរាជមទ្រី ដោយនូវបាទព្រះគាថា ថា ហៃនាងមទ្រីអើយ ចូរនាងរមិលមើល ទៅយល់រមំាងមាសទាំង៤ នោះ ល្អដូចសេះអាជានេយ្យ គឺដ៏អ្នកអោយសិក្សាប្រពៃហើយ មកនាំរាជរថយើងនេះទៅ។ (១៣៤) ព្ធដ៏កាលនោះ មានព្រាហ្មណ៍មួយវិញទៀត មកសុំរាជរថ អំពីព្រះមហាក្សត្រនោះសោត ព្រះអង្គក៏ដាក់ព្រះរាជបុត្រ និងព្រះរាជទេពី អំពីរាជរថនោះហើយកូវ ស្តេចក៏អោយរាជរថនោះទៅជាទានព្រាហ្មណ៍នោះឯង។ កាលបើព្រះអង្គអោយទានរាជរថនោះហើយកូវ រីអស់ទេវបុត្រ នោះមិញ ក៏និម្មិតបំបាំងអាត្មាភៀសចៀសបាត់ទៅហោង។ រីព្រះស្រីសព៌េជ្ញ ស្តេចបានត្រាស់ប្រាជ្ញាសព៌េជ្ញតាញាណ នាំនិទានអាស្រ័យព្រះរាជរថ អោយប្រាកដ បទព្រះបាលីឯក្រោយ អំពីកាលព្រះមហាក្សត្រអោយទានព្រាហ្មណ៍នោះកូវ ព្រះបន្ទូលសូត្រសានូវព្រះគាថា ថា ហៃ
ភិក្ខុអើយ កាលព្រះបាទស្រីវេស្សន្តរបវរពោធិសត្វមហាបុរសរ័ត្ន ស្តេចចេញទៅអំពីស្រុកពិជ័យជេតុត្តរនគរនោះ ព្រាហ្មណ៍៤នាក់ រត់ទៅតាមសុំសេះអាជានេយ្យ មានព្រាហ្មណ៍ម្នាក់ទៀតជាគម្រប់៥ ទៅតាមសុំរាជរថ ព្រះអង្គក៏ប្រទាន (១៣៥) អោយព្រាហ្មណ៍នោះ ទុកជាការកម្រអម្បាលមាណក្តី ក៏ព្រះពោធិសត្វ នឹងមានព្រះរាជហឫទ័យ កក្រើកដោយនូវចិត្តកំណាញ់នោះ ឥតអង្គឺមានឡើយ ហេតុតែព្រះអង្គនឹងបានត្រាស់ជាព្រះពុទ្ធនោះទៀងប្រាកដហោង។ កាលព្រះបាទស្រីវេស្សន្តរដ៏ជាធំ តែងចម្រើនដល់អ្នកស្រុកស្រីពិរាស្ត្រ ស្តេចអោយទានរាជរថទឹមនូវសេះអាជានេយ្យ ទាំង៤ ទៅព្រាហ្មណ៍ស្មូមនោះកូវ ព្រះអង្គដាក់ព្រះរាជបុត្រ ព្រះរាជទេពីចុះអំពីរាជរថនោះ ហើយព្រះអង្គលួងលោម បណ្តើរទៅ តែដោយនូវព្រះបាទាទ
ទេហោង។ អណ្តាប់នោះ ព្រះមហាសត្វ ស្តេចបន្ទូលនឹងសម្តេចរាជមទ្រីថា ហៃនាងមទ្រីអើយ ចូរនាងពមេក្រស្នា ដ៏ជាក្មេងស្រីតូច ស្រាល ឯអញនឹងពចៅជាលី ដ៏ជាច្បង។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ នឹងបទព្រះបាលីឯក្រោយ ព្រះដ៏ជាគ្រូបានត្រាស់ ហើយ មានព្រះបន្ទូលសូត្រសានូវព្រះគាថា ថា (១៣៦) ហៃភិក្ខុអើយ រីព្រះបាទស្រីវេស្សន្តរ ដ៏ជាក្សត្រប្រសើរនោះ ស្តេចពចៅជាលីដ៏ជាច្បង រីសម្តេចរាជមទ្រីពនាងក្រស្នាដ៏ជាកូនស្រីក្មេងតូចនោះ។ រីក្សត្រទាំងពីរព្រះអង្គមានព្រះទ័យ ស្រណុក មិនជាទុក្ខឡើយ ហើយមានពាក្យពិរោះស្រដីទៅមក ដោយនូវដំណើរទៅតាមផ្លូវនោះហោង។ រីនឹងស្រដីសរសើរនូវដំណើរនេះមិញ ដ៏ប្រដាប់នូវព្រះគាថាទាំងឡាយ ២០៩ ព្រះគាថា ក៏ចប់ជាសូរេច ដោយនូវប្រការ អម្បាលណេះឯងហោង។
0 Comments:
Post a Comment