រឿង វិញ្ញាណស្រីផ្កាមាស
នាងឈូកជាស្រីស្រស់ស៊ីដាច់គេប្រចាំភូមិ ។ ប៉ុន្តែគួរឲ្យស្ដាយដែលនាងជាស្រីមិនបរិសុទ្ធ ។
ចាប់ពីពេញក្រមុំកាលណា នាងលួចមានសង្សាមួយហើយមួយទៀតរាប់មិនអស់ ។ ទោះបីនាងស្រីសំបូរប្រុសបន្តិចក៏ដោយ ប៉ុន្តែដោយសារសម្រស់ស្អាតនាងក៏បានរៀបការជាមួយនឹងបុរសម្នាក់ ដែលជាកូនអ្នកមានជាងគេនៅក្នុងភូមិ ។
កូនកំលោះនោះ មានអាយុជាង ៣០ ឆ្នាំទៅហើយ ។ ក្នុងខណ:ដែលនាងទើបតែអាយុ ១៦ឆ្នាំប៉ុណ្ណោះ ។ ប្ដីប្រពន្ធមួយគូរនេះ មានវ័យខុសប្លែកឆ្ងាយណាស់ ហេតុនេះទើបសេចក្ដីស្នេហារបស់គេទាំងពីរ មិនសូវចុះសំរុងនឹងគ្នាទេ ។
ប៉ុន្តែប្ដីនាងឈូកវិញ ស្រលាញ់ប្រពន្ធដូចកែវភ្នែក ព្រមទាំងប្រចែប្រច័ណ្ឌមិនឲ្យប្រុសណាមកទាក់ទងឬនិយាយស្ដីអីជាមួយនាងជាដាច់ខាត ។
ក្រោយពីរៀបការមិនបានប៉ុន្មាន គេក៏បានសង់ផ្ទះមួយយ៉ាងធំដែលប្រើសុទ្ធសឹងតែឈើម៉ៃសាក់ ។
ដោយសារតែនាងរៀបការនៅអាយុក្មេងខ្ចីពេក ទើប ៤-៥ឆ្នាំ ក្រោយមកជីវិតគ្រួសារដែលមិនចុះសំរុង នឹងគ្នាតាំងពីដំបូងមកនោះ ក៏កាន់តែប្រះឆាខ្លាំងទៅៗព្រោះ នាងឈូកក្លាយទៅជាស្រីចេះដើរលេងចោលផ្ទះ ដោយមិនគិតដល់នាទីខ្លួនជាមេផ្ទះឡើយ ។
ប្ដីរបស់នាងឈូក ឈ្មោះអំណោយ ។ ក្រោយមកអំណោយ បានក្លាយទៅជាប្រធានភូមិទៀត ។ លោកប្រធានភូមិអំណោយដឹងច្បាស់ថា នាងឈូកជាប្រពន្ធចេះលួចមានសហាយដែរ ប៉ុន្តែទ្រាំលេបក្រួសលេបថ្ម គ្រាំគ្រាចិត្តតែម្នាក់ឯងទៅ ។
នៅថ្ងៃណាមួយ ពេលនាងដើរលេងធុញណាយ ហើយនាងនឹកប្ដូរកាយ ប្ដូរចិត្តព្រមងាកមកនៅក្នុងរង្វង់ដៃរបស់ប្ដីដូចដើមវិញជាមិនខាន !
ប៉ុន្តែលោកប្រធានភូមិអំណោយគិតខុសស្រឡះហើយ ព្រោះកាន់តែបណ្ដោយ នាង ឈូកកាន់តែភ្លើតភ្លើនឆ្ងាយទៅៗ រហូតហៅលែងត្រឡប់ក្រោយ ។ ទីបំផុត ក៏រត់ទៅតាមប្រុសកំលោះម្នាក់បាត់ទៅ ។ លោកប្រធានភូមិ អំណោយ សោកសៅខូចចិត្តខ្លាំងណាស់ ។ មួយនឹកស្ដាយប្រពន្ធ មួយខ្មាសអ្នកស្រុក ព្រោះខ្លួនមានងារជាប្រធានភូមិផង ។
រហូតដល់ថ្ងៃមួយ នាងឈូកក៏ត្រឡប់មកលន់តួសារភាពកំហុសវិញ ។ លោកប្រធានភូមិអំណោយក៏ព្រមលើកទោសឲ្យនាង ព្រោះយល់ថាយ៉ាងណាក៏ដោយនាងក៏ជាប្រពន្ធ ធ្លាប់រៀបការជាមួយគ្នា ។
ទោះបីជាអ្នកស្រុកចង់ពេបជ្រាយឬសើចចំអកយ៉ាងណាក៏ដោយ ក៏ស្រេចតែគេទៅចុះ ! ប៉ុន្តែ នាងឈូក ត្រឡប់មកលើកនេះ ស្រពាប់ស្រពោនខុសប្លែកពីមុនដែលនាងធ្លាប់តែរីករាយស្រស់បស់ជាប់ជានិច្ច ។
លោក ប្រធានភូមិ អំណោយមិនហ៊ានសួរដេញដោលទេ ព្រោះក្រែងប៉ះពាល់ដល់ផ្លូវចិត្តរបស់នាង ។
ចម្លែកជាងនេះទៅទៀតនោះ នាងឈូក ដេកនៅតែក្នុងបន្ទប់ មិនព្រមចេញទៅណាមកណា ដូចពីមុនឡើយ ។
រាងកាយដ៏រលើបរលោងស្រស់ថ្លារបស់នាង ដែលលោកប្រធានភូមិ អំណោយធ្លាប់បបោសអង្អែលពីមុនមក ក៏ប្ដូរទៅទ្រុឌទ្រោមស្ទាបលែងមានរសជាតិ ។
លោកប្រធានភូមិសង្កេតឃើញថា តាំងពីប្រពន្ធរបស់ខ្លួនត្រឡប់មកវិញ ថ្ងៃណាក៏ឃើញមានសត្វមៀមដ៏ធំមួយក្បាលមកទំនៅលើ ដំបូលផ្ទះជាប្រចាំ ។
ភ្នែករបស់វាសំឡឹងឡង់ៗគួរឲ្យខ្លាច ។ អ្នកស្រុកទីនោះគេមានជំនឿថា បើមានសត្វមៀមមកទំនៅលើដំបូលផ្ទះដូច្នេះជាប្រផ្នូលថា មានគ្រោះអាក្រក់ ព្រោះសត្វនេះ មានលក្ខណ:របស់យមទូតនៃសេចក្ដីស្លាប់ ដែលមិនមែនជាមង្គលល្អឡើយ ។
អ្នកស្រុកនាំគ្នានិយាយគ្រប់ៗមាត់ថា លោកប្រធានភូមិ អំណោយ កំពុងតែមានគ្រោះអាក្រក់ហើយ ។ ដូច្នោះទើបលោកប្រធានភូមិចាត់ឲ្យមនុស្សទៅរកគ្រូសៃយសាស្រ្ត មកជំរះមន្ទិលនៅក្នុងផ្ទះចោល ។
ពេលគ្រូសៃយសាស្រ្តមកដល់ ឃើញផ្ទះដែលសង់ដោយឈើម៉ៃសាក់មួយខ្នងធំរបស់លោកប្រធានភូមិ គាត់ក៏រអ៊ូឡើងថា ៖
ផ្ទះឈើម៉ៃសាក់វាសមរម្យដល់ការអាស្រ័យរបស់វិញ្ញាណស្រីណាស់ ដូច្នេះ ក៏កើតសង្ស័យ
លោកគ្រូ ! មានន័យថាយ៉ាងម៉េច ?
មានន័យថា ផ្ទះនេះមានវិញ្ញាណខ្មោចស្រីនៅណា !
ភ្លាមនោះលោកគ្រូដែលមានមន្តអាគមពូកែ ក៏បានអញ្ជើញឡើងទៅលើផ្ទះ និងចូលទៅបន្ទប់គេងរបស់នាងឈូក ដែលកំពុងតែសំងំដេកប្រៀបដូចមនុស្សឈឺ ។
គ្រាន់តែគ្រូសៃយសាស្រ្ត និងលោកប្រធានភូមិ អំណោយចូលមកដល់ភ្លាម នាងឈូកក៏ងាកមកមើលអ្នកទាំងពីរសន្សឹមៗ ។ កែវភ្នែករបស់នាងសំឡឹងថ្លែ នៅពេលជួបមុខគ្រូសៃយសាស្រ្តបញ្ជាក់ពីអាការតក់ស្លុតយ៉ាងខ្លាំង
ឯងជាគ្រូខ្មោចមែនទេ ? អាកញ្ចាស់ ?
នាងឈូក ស្រដីឡើងខុសពីសម្លេងធម្មតា ដែលលោកប្រធានភូមិ អំណោយធ្លាប់បានឮពីមុនមក ។ លោកប្រធានភូមិដល់ថ្នាក់ពឺ្ររោមនឹងសំដីប្រពន្ធ ។
ពិតដូចជាសំដីអ្នកស្រុកនិយាយមែន ! បើសត្វមៀមទំលើផ្ទះ នឹងសញ្ញានៃភាពចង្រៃ ហើយសត្វមៀមនេះគឺជាយមទូតនៃសេចក្ដីស្លាប់ ។
ផ្ទះឈើម៉ៃសាក់របស់លោកប្រធានភូមិ អំណោយច្បាស់ជាមានវិញ្ញាណមកអាស្រ័យនៅយ៉ាងពិតប្រាកដ ។ វិញ្ញាណសាហាវនេះវា បានធ្វើឲ្យនាងឈូកផ្លាស់ប្ដូរទៅ ! មកដល់ពេលនេះ លោកប្រធានភូមិអំណោយ ជឿហើយថា នាងឈូកត្រូវវិញ្ញាណខ្មោចព្រាយចូលឬ អាចជាយ៉ាងណាមួយ ជៀសមិនផុត ទើបនាងត្រឡប់មកផ្ទះវិញទាំងសភាពខុសពីធម្មតា ។
ពីមុន នាងឈូក ជាមនុស្សរីករាយណាស់ ប៉ុន្តែក្រោយពេលត្រឡប់មកសុំការប្រោសប្រណីពីប្ដី អ្វីៗបានខុសប្រក្រតីទាំងអស់ រហូតដល់លោកប្រធានភូមិជឿតាមសំដីអ្នកស្រុកហៅគ្រូសៃយសាស្រ្ត មកដេញខ្មោចព្រាយពីផ្ទះឈើម៉ៃសាក់ រំដោះគ្រោះភ័យ ។
ពេលគ្រូសៃយសាស្រ្ត បានឃើញនាងឈូកភ្លាម គាត់ដឹងច្បាស់ថា នាងឈូក ត្រូវវិញ្ញាណខ្មោចព្រាយចូល ហើយវិញ្ញាណនោះទៀតសោត មិនមែនជាវិញ្ញាណធម្មតាឡើយ វាជាវិញ្ញាណរបស់ស្រីតណ្ហាក្រាស់ ដែលត្រូវការអាស្រ័យនៅក្នុងរាងកាយរបស់នាងឈូក ដើម្បីមកនៅក្នុងផ្ទះឈើម៉ៃសាក់នេះ ។
លោកប្រធានភូមិចេញទៅមុនសិនទៅ ! ហើយបិទទ្វារបន្ទប់ផង ។ កុំភ្លេចថា ទោះបីជាឮអ្វីក៏ដោយ កុំភ័យ ! ហើយកុំចូលមកក្នុងបន្ទប់នេះ ។ ប្រពន្ធរបស់លោកត្រូវវិញ្ញាណបស់ខ្មោចព្រាយចូលហើយ !
ពេលលោកប្រធានភូមិ អំណោយចេញពីបន្ទប់ទៅ គ្រូសៃយសាស្រ្តក៏លូកដៃចូលទៅក្នុងថង់យាមរាវរកវត្ថុខ្លាំងពូកែ ដែលបានរៀបចំទុកជាស្រេចនោះ ដើម្បីកំចាត់ខ្មោចព្រាយ ។ គាត់សូត្រគាថាមួយសន្ទុះ ហើយក៏សួរទៅថា
ប្រាប់មកថា ឯងជាអ្នកណា នាងខ្មោច ?
និយាយចប់គ្រូសៃយសាស្រ្ត ក៏ចូលទៅរករាងកាយដែលកំពុងដេកស្ដូកលើគ្រែ ។ ពេលនោះ រាងកាយរបស់ នាងឈូក ក៏ងើបអង្គុយឡើង និងសើចចំអកដាក់គ្រូសៃយសាស្រ្តវិញ ។
ក្រោយពីគ្រូខ្មោច សូត្រគាថានាងឈូក ក៏ចាប់ផ្ដើមខ្វល់ខ្វាយ ធ្វើឫកដូចជាបំរុងក្រោកចេញពីបន្ទប់ទៅ ។ ប៉ុន្តែគ្រូសៃយសាស្រ្ត លើករំពាត់ផ្ដៅវាត់ស្ទាក់ពីមុខ ព្រមទាំងគំរាមថា
នាងខ្មោចចង្រៃ ហេតុអ្វីក៏មកសាងភាពក្ដៅក្រហាយ ដល់ម្ចាស់ផ្ទះនេះ ? ឆាប់ចេញពីរាងកាយរបស់គេទៅ បើមិនចេញទេ អញនឹងវាយឯងដោយរំពាត់ផ្ដៅនេះហើយ !
និយាយចប់គ្រូសៃយសាស្រ្ត ក៏លើករំពាត់ផ្ដៅវាយវាត់ទៅលើរាងកាយរបស់នាងឈូក ។ សម្លេងនាងឈូក ស្រែកថ្ងួចថ្ងូរដោយក្ដីឈឺចាប់
អូយ ជួយប្រពន្ធផងលោកប្រធានភូមិ ! ទៅណាហើយ មកជួយប្រពន្ធផង ! អូយ !
សម្លេងរបស់នាងស្រែកសុំជំនួយពីលោកប្រធានភូមិ អំណោយដែលកំពុងតែរងចាំស្ដាប់ ការបង្រ្កាបខ្មោចនៅខាងក្រៅបន្ទប់ ។
សម្លេងថ្ងូរយ៉ាងអាណោចអាធម្ម ធ្វើឲ្យលោកប្រធានភូមិទ្រាំមិនបាន ក៏ប្រញាប់បើកទ្វារចូលទៅ ។ ពេលមើលទៅឃើញគ្រូសៃយសាស្រ្តកំពុងតែវាយវាត់ប្រពន្ធដូច្នេះ នឹកអាណិតក៏ចូលទៅហាមឃាត់ភ្លាមទាំងភ្លេចបំរាមរបស់់គ្រូសៃយាសាស្រ្តមុននេះ ។
បានហើយ ! ខ្ញុំសុំអង្វរលោកគ្រូឈប់វាយឈូកប្រពន្ធខ្ញុំទៅ !
វាជាវិញ្ញាណចង្រៃ មិនមែនជាប្រពន្ធរបស់លោកទេ កុំហាមអីខ្ញុំនឹងដេញវិញ្ញាណស្រីពេស្យាឲ្យចេញពីរាងកាយឥឡូវនេះ ! ប្រាប់មក មីខ្មោចចង្រៃឯងជាអ្នកណា ?
នាងឈូកមិនហើបមាត់ ប៉ុន្តែក្រសែភ្នែកនាងវិញ បានអង្វរឲ្យលោកប្រធានភូមិ ជួយហាមគ្រូខ្មោច កុំឲ្យវាយវាត់ទៅលើរាងកាយនាង ។ ប៉ុន្តែរំពាត់ផ្ដៅនៅតែបន្ត សំពងទៅលើរាងកាយរបស់នាង ឈូក ក៏សន្លប់បាត់ស្មារតីទៅ ព្រោះតែឈឺចាប់ពេក ។
វិញ្ញាណស្រីពេស្យានោះ ក៏ហោះចេញពីរាងកាយរបស់ នាងឈូកទៅដែរ ។ ជាមួយគ្នានោះ សត្វមៀមដែលមកទំនៅលើដំបូលផ្ទះ ស្រែកលាន់ទ្រហឹងគួរឲ្យព្រឺខ្លាច មុននឹងត្រដាងស្លាបហោះហើរចេញទៅ ។
នៅពេលដែលសត្វមៀមហើរចេញ ពីដំបូលផ្ទះទៅជាមួយនឹងវិញ្ញាណរបស់ខ្មោចព្រាយនោះ គ្រូសៃយសាស្រ្ត ក៏ងាកមកមើលរាងកាយរបស់ឈូក ដែលកំពុងតែដេកស្ងៀមនៅក្នុងបន្ទប់ ។
លោកប្រធានភូមិ ត្រូវកាត់ចិត្តណា ! ព្រោះប្រពន្ធរបស់លោក នាងលែងជាមនុស្សហើយ ។ ប៉ុន្តែនាងអាចធ្វើចលនាបានក៏ព្រោះតែមានវិញ្ញាណស្រីពេស្យាមកអាស្រ័យតែប៉ុណ្ណោះ !
លោកប្រធានភូមិ អំណោយបានទទួលពាក្យពន្យល់ប្រាប់ពីគ្រូសៃយសាស្រ្តថា នាងឈូក បានស្លាប់ជាយូរមកហើយ ព្រោះពេលដែលដេញវិញ្ញាណខ្មោចស្រីពេស្យានោះ ចេញទៅ នាងឈូកក៏លេងមានសភាពជាមនុស្សទៀត ។
ដើម្បីឲ្យកាន់តែប្រាកដក្នុងចិត្ត គ្រូសៃយសាស្រ្ត ក៏ទាញខ្សែមន្តម្យ៉ាងចេញពីថង់យាម រួចបិទភ្នែកសូត្រគាថាសមាធិខ្សឹបៗមួយសន្ទុះ ស្រាប់តែរាងកាយរបស់នាង ឈូក ដែលកំពុងតែដេកស្ងៀមៗនោះ ក៏ភ្ញាក់ហៀក ! ស្រែកថ្ងូរ ! រួចក៏ក្លាយទៅជាផ្សែងហោះមកចូលក្នុងដប ដែលលោកគ្រូសៃយសាស្រ្ត កំពុងតែកាន់នៅក្នុងដៃ ។
ចំណែករាងកាយរបស់នាង ឈូក ក៏រលាយបាត់ទៅផងដែរ ៕
0 Comments:
Post a Comment