រឿង ខ្មោចធរណីស្រូប
មានប្ដី-ប្រពន្ធមួយគូ ប្ដីឈ្មោះឆើត ប្រពន្ធឈ្មោះមៀត និងមានកូនប្រុសម្នាក់អាយុ ១៩ ឆ្នាំហើយ ។ ទីលំនៅរបស់គ្រួសារនេះ នៅជាយខេត្ត ។ ឆើតធ្វើការនៅមន្ទីរមួយយូរឆ្នាំមកហើយ ។ ចំណែកមៀត ជាគ្រូបង្រៀននៅបឋមសិក្សាទីរួមខេត្តដែរ ។
កូនប្រុសឈ្មោះនុយ រៀននៅវិទ្យាល័យ ។ នុយ មិនសូវចូលរៀនទេ ។ វាហាក់ដូចជារកក្លោងទ្វារសាលាមិនឃើញ ។ វារមែងតែងតែគេចវេស និងទៅណាត់មិត្តភ័ក្តិ ៣ ឬ ៤ នាក់ ដើរលេងអាវ៉ាសែ ។ មិត្តភ័ក្តិ បានបញ្ចុះបញ្ចូលឲ្យនុយ ជក់កញ្ឆារ រហូតដល់ប្រើគ្រឿងញៀនទៀត !
ក្រោយមកនុយក៏ចាប់ផ្ដើមញៀន វាផឹកស្រា ចាក់គ្រឿងញៀនចូលសរសៃឈាម… ឥឡូវវាក្លាយទៅជាយុវ័នម្នាក់កុហក់បោកប្រាស់ ហ៊ានធ្វើអ្វីគ្រប់យ៉ាងដោយសារតែអំណាចគ្រឿងញៀន ។
វាមិននឹកអាណិតអាសូរចិត្តឪពុកម្ដាយវាឡើយ ដែលខំរកប្រាក់យ៉ាងត្រដាបត្រដួសនោះ ! ដោយសារសេពគប់មិត្តភ័ក្ដិពាលាអាវ៉ាសែ នុយចាប់ផើ្តមកើននិស្ស័យលួចប្លន់ បោកប្រាស់ដើម្បីដោះទាល់ខ្លួនវាមួយពេលៗ ។
នាថ្ងៃមួយ ព្រះអាទិត្យរៀងជ្រេបន្តិចទៅហើយ មានបុរសម្នាក់ជាអ្នករស់នៅក្បែរខាង បានរត់មកប្រាប់ឆើត និងមៀតដែលទើបមកពីធ្វើការថា ៖
បក្សពួកអានុយ ទៅវាយតប់ជាមួយពួកអ្នកលេងមួយក្រុម នៅកន្លែងស៊ីផឹក ! មិត្តអានុយម្នាក់ ត្រូវពួកអ្នកលេងបាញ់របួសជាទំងន់ !
មៀត សួរដោយស្លន់ស្លោ ៖
ចុះអានុយ វាយ៉ាងម៉េចដែរ ?
បុរសអ្នកជិតខាងរៀបរាប់បន្ត ៖
អានុយ វាមិនអីទេ ! វាបានរត់គេចទៅពួននៅផ្ទះក្បែរៗនោះ ។ អ្នកនៅកន្លែងកើតហេតុបាននិយាយថា អានុយជាដើមហេតុ ធ្វើឲ្យក្រុមវា និងក្រុមអ្នកលេងឈ្លោះគ្នា !។
ពេលព្រលប់បន្តិច នុយបានត្រឡប់មកដល់ផ្ទះវិញ ។ ឪពុក-ម្ដាយវា ជជីកសួររឿងរ៉ាវដែលកើតមុននេះ វាបានប្រកែកកែខ្លួនបានយ៉ាងស្រួល ខ្ញុំមិនមែន ជាមនុស្សដើមហេតុទេ ! ពួកខ្ញុំបបួលគ្នាថា ទៅលេងបាល់តែពួកអាអ្នកលេងនោះ មករករឿងខ្ញុំ ! ហើយក៏កើតមានរឿងបាញ់គ្នាទៅ !
ឆើតសួរកូន ឯងមានទៅសាលារៀនទេ ?
នុយឆ្លើយ ៖ ទៅបាទ !… ទៅរាល់ថ្ងៃហ្នឹង !
ឆើតគំហក ៖ កុំកុហក់អញណាអានុយ !
ពុទ្ធោអើយពុក ! បើមិនជឿទេទៅសួរសាលារៀនទៅក៏បាន !
បីថ្ងៃក្រោយមក សាលារៀនបានផ្ញើរសំបុត្រមួយច្បាស់មកឲ្យឆើត និងប្រពន្ធ ។ សំបុត្របញ្ជាក់ថា នុយមិនបានចូលរៀន ២សប្ដាហ៍ហើយ ។ ព័ត៌មាននេះ ធ្វើឲ្យឆើត និងមៀតខឹងច្រឡោតយ៉ាងខ្លាំង ។នៅពេលព្រលប់ ពេលឃើញ នុយត្រឡប់មកដល់ផ្ទះ ឆើតក៏គំហកសួរភ្លាម ៖ អាចង្រៃ ! ឯងទើបមកពីណា ?
នុយឆ្លើយវាហី ៖ ទើបមកពីសាលានោះអី !
ឆើតទ្រាំលែងបាន ក៏ទះកំផ្លៀងនុយ ផាំង ! ផាំង ! ពីរដៃយ៉ាងធ្ងន់ រហូតដល់មៀតឃាត់ប្ដីមិនទាន់ ។
កុហក់ ! សាលារៀន គេប្រាប់ថា ឯងនេះមិនបានទៅសាលា ២អាទិត្យហើយ…ឯងទៅណាខ្លះ ?
មៀតអង្វរកូនប្រុស ៖ ប្រាប់ពុកតាមត្រង់ទៅកូន !
នុយនិយាយតិចៗខ្ញុំ…ខ្ញុំទៅដើរលេងជាមួយមិត្តភ័ក្តិ !
មៀតនិយាយ ៖ ពុក និងម៉ែ បានដាស់តឿនកូនជាច្រើនលើក ច្រើនសារហើយថា កូនត្រូវកែខ្លួនឡើង កែឲ្យបានល្អនឹងគេ !
ពុកម្ដាយប្រៀនប្រដៅ ពុំទាន់បានរំលងមួយយប់ផង ស្រាប់តែនៅយប់នោះតែម្ដងវេលាម៉ោងប្រហែល ២យប់ មានមិត្តភ័ក្តិរបស់នុយម្នាក់ស្ថិតក្នុងអាយុស្របាលគ្នាដែរ បានរត់សំដៅមកផ្ទះនុយ ទាំងត្រហេបត្រហប ។ វាបានគោះទ្វារហៅ ឪពុក-ម្ដាយនុយ ទាំងសស្លាក់សស្លើត ៖
អ៊ំប្រុស អ៊ំស្រីបើកទ្វារ ! ខ្ញុំឈ្មោះ ឆាំជាពួកម៉ាកអានុយ !
ប្តីប្រពន្ធទាំងពីរបានស្ទុះយ៉ាងលឿនទៅបើកទ្វារ ដោយនឹកពិភល់ក្នុងចិត្តថា ពិតជាមានរឿងអាក្រក់កើតមានចំពោះកូនប្រុសខ្លួនហើយ ។ មែន ! គឺកូនរបស់ពួកគេ ពុំឃើញនៅក្នុងផ្ទះសោះ ពុំដឹងជាវាលួចចេញតាំងពីថ្មើរម៉ាន ។ ឆើតសួរ :
មានរឿងអីអាឆាំ ?
ឆាំតបទាំងញ័រចំប្រប ៖ អានុយនៅឯមន្ទីពេទ្យឯណោះ… វាឥតដឹងខ្លួនទេ ! មៀតជជីកសួរ :
វាយ៉ាងម៉េច ? មានរឿងអី ?
ឆាំនិយាយឥតលាក់លៀម ៖ វាចាក់គ្រឿងញៀនហួសកំណត់ហើយក៏ត្រូវសន្លប់ទៅ !
ឆើតនិងមៀត ក៏ប្រញាប់ប្រញាល់ទៅកាន់មន្ទីពេទ្យភ្លាម ។
ក្រោយពីបានដឹងរឿងពិតរបស់កូនប្រុសដែលគេចវេសពុំចូលរៀន ក៏ព្រោះតែញៀនគ្រឿងញៀន និងងប់ងល់ អបាយមុខសព្វបែបយ៉ាង ។ ទំរាំតែនាំនុយទៅដល់មន្ទីរពេទ្យនោះវាយឺតពេលទៅហើយព្រោះ គ្រឿងញៀនដែលវាចាក់ចូលសរសៃឈាម ហួសកំរិតនោះ បានជាវាស្លាប់ ។
នុយបាបកម្មច្រើនណាស់ លួច ! កុហក់ឪពុកម្ដាយ ដែលបានផ្ដល់កំណើតឲ្យវា ដូច្នេះមានតែសេចក្ដីស្លាប់ប៉ុណ្ណោះដែលសមបំណងនឹងជីវិតវា ។ វាស្លាប់ មិនបានប៉ុន្មានផង ឆើត និងមៀត ក៏បានឮសំលេងថ្ងូរ ស្ទើររាល់យប់របស់វានៅខាងក្រៅផ្ទះ ។ ប៉ុន្តែ នៅពេលបើកបង្អួច ខំសម្លឹងពុំមានអ្វីទាល់តែសោះ ។ រហូតដល់ថ្ងៃ ពេញបូរមី១៥កើត សម្លេងថ្ងូរ យ៉ាងគ្រលួចរបស់វា បានឮឡើងម្ដងទៀត លាយឡំនឹងសម្លេងឆ្កែលូរគួឲ្យព្រឺព្រួច ។ មៀតនិយាយទៅកាន់ប្ដី ៖
បងឆើត ! សម្លេងថ្ងូរឮទៀតហើយ យើងនាំគ្នាទៅមើលមើល៍ ? តោះ !
យប់នេះខែភ្លឺស្រឡះចាំងច្បាស់ដូចថ្ងៃ នៅឯធ្លាមុខផ្ទះ ឆើត និងមៀតបានឃើញព្រឹត្តិការណ៍គួរឲ្យតក់ស្លត់ ។ គឺប្រែត ! ខ្លួនវាធំខ្ពស់រហូតដល់ថ្នាក់ងើយក្បាលមើលឡើងលើទើបឃើញមុខវា ។ វាខ្ពស់ជាងមនុស្សធម្មតា ១០ដង ស្គមកំព្រឹង ក្បាលពោះកំប៉ោងខ្លួនប្រាណវាអាក្រាតទាំងស្រុង ។
វាជាសត្វប្រែត គួរឲ្យស្អប់ខ្ពើម និងខ្លាចខ្លាំងណាស់ ។ ប្ដី-ប្រពន្ធ ឆើត និងមៀតដឹងភ្លាមថា ប្រែតនោះ គ្មាននរណាក្រៅពីអា នុយ កូនរបស់ខ្លួននោះទេ ! ពីរនាក់ប្ដី-ប្រពន្ធ ចាប់ដៃគ្នាយ៉ាងណែន ឈរនៅមាត់បង្អួច ទាំងខ្លួនប្រាណញ័រចំប្រប ។ មួយសន្ទុះក្រោយមក ស្រាប់តែឮសម្លេងក្រឺតៗៗ រំពេចនោះ អ្នកទាំងពីរ ឃើញដីកន្លែងប្រែតនោះឈរ បានញែកចេញពីគា្ន ស្រូបយកប្រែតនោះសន្សឹមៗ ចូលទៅក្នុងដី រហូតដល់បាត់រូបប្រែតនោះតែម្ដង ។
ព្រះធរណីបានស្រូបយកប្រែតនោះចុះទៅក្នុងនរកអវចីយ ដើម្បីឲ្យស័ក្តិសមនឹងអំពើប្រព្រឹត្តរបស់វានៅឋានកណ្ដាលនេះ ! អស់លោកអ្នកអានទាំងឡាយ ពិសេសមិត្តយុវវ័យ និងប្អូនៗជំទង់ កាលបើបានអានរឿងនេះដល់ត្រឹមណេះទោះបីជាជឿឬមិនជឿនោះក៏អាស្រ័យទៅលើវិចារណញ្ញាណរបស់ខ្ញួនទៅចុះ ប៉ុន្តែលោកអ្នក និងមិត្តយុវវ័យព្រមទាំងប្អូនៗ ក៏មានអាចប្រកែកបានឡើយ ចំពោះទោសលួចប្លន់ តើវាសាហាវឃោរឃៅដល់ថ្នាក់ណា ?
ឪពុក-ម្ដាយ ត្រូវគ្រាំគ្រាចិត្តយ៉ាងខ្លាំង ក្នុងការចិញ្ចឹមបីបាច់់ ថ្នាក់ថ្នមម្នាក់ៗតាំងពីតូចមកមិនគួរយើងបណ្ដោយឲ្យអនាគតរបស់ខ្លួន ត្រូវបញ្ចប់ដោយសារគ្រឿងញៀន និងការដើរឆក់ប្លន់ សម្លាប់អ្នកដទៃនោះឡើយ…បាបកម្មមានពិត មិនមែនជាការលេងទេ !!
រឿងអប់រំ
ថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅប្រិយមិត្តដែលយកចិត្តទុកដាក់ស្តាប់តាំងពីដើមរហូតដល់ចប់សូមអរគុណ។
0 Comments:
Post a Comment