Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង កូនក្រមុំបិសាច (ស៊ីធរកណ្តាល ឆ្នាំ ១៩៩០)

 

រឿង កូនក្រមុំបិសាច (នៅស៊ីធរកណ្តាល ឆ្នាំ ១៩៩០)

ថ្ងៃនេះមេឃរាងក្តៅបន្តិច ប៉ុន្តែ ក្រុមកំលោះៗ ដូចជាសប្បាយចិត្តណាស់ ព្រោះមិត្តភ័ក្តិជំនិត របស់ខ្លួនឈ្មោះថា សុភាព ចូលរោងការ ។ ប្ញទ្ធិ ខំជិះឡាន ពីភ្នំពេញ ដើម្បីមកចូលរួម ពិធីមង្គលការ មិត្តភ្ងា សំនព្វចិត្តរបស់គេ ។ គ្រាន់តែមកដល់ភ្លាម ឫទ្ធិចុះពីលើឡាន ស្រាប់តែ សុភាពស្រែកពីចម្ងាយថា អើ! អ្នក អំពេញ មកហើយវុើយ មកយឺតចឹង ពិន័យឱ្យចាស់ដៃម្តង អញប្រាប់ឱ្យមកពីល្ងាចម្សិលមិញដេកមួយយប់អត់ទេ ។ ឫទ្ធិបានតបថា ៖ មកស្អី អញសុំច្បាប់គេបានតែ បីថ្ងៃ វាគ្រាន់ហើយ ម្យ៉ាង អញរវល់ដៃជាប់ បិទឯកសារបញ្ចប់ផង អាហ្អែង ការចំថ្ងៃអញរវល់ វាអញ្ចឹងហើយ ។

ល្ងាចឡើង កំលោះៗ អស់នោះ លេងសើចសប្បាយ រាំច្រៀង ក្នុងពិធីមង្គលការ យ៉ាងអធិកអធម ក្រៃលែង ។

លុះស្អែកឡើង ប្ញទ្ធិ មិនទាន់ត្រលប់ ទៅភ្នំពេញវិញទេ ព្រោះ នៅមានបន្តកម្មវិធី ជួបជុំ ជាមួយមិត្ត កំលោះៗ គ្នាគេ បន្តទៀត នៅពេលល្ងាចថ្ងៃនេះ ។

ក្រុមពួកគេបានជួបជុំគ្នា នៅតៀម មីងសុយដូចដែលបានណាត់ពីម្សិល ដែលទីនោះមានគ្រឿងកំប៉ុង ដាក់ក្នុង ធុងក្លាស់សេ មានទឹកកកអានាម័យ ឡើងពេញប្រៀប ព្រមជាមួយនឹង ភេសជ្ជៈ ច្រើនម៉ូត ច្រើនម៉ាក សឹងមិនឱ្យខុសចិត្តទេ ជាពិសេសទៅទៀតគឺទឹកត្នោតជូរធម្មជាតិថ្មីៗ យកចុះមកពីដើមក្បែរតៀម ដែលមានឱជារសឈ្ងុយឆ្ងាញ់ ក្នុងបំពង់ឫស្សី ព្យួរក្រោមដើមត្នោតនោះ ជាមួយនឹងត្រីឆ្អើរ ជាច្រើនចង្កាក់ ដាក់ក្បែរ ប៉េងបោះដែលចិតរួចស្តែង លាយជាមួយ នឹងទឹកត្រី ។ 

ក្បែរតៀមគាត់ មានកូនស្រីក្រមុំរូបល្អ ឈ្មោះនាង កញ្ញា កំពុងអាំងសាច់ក្រក មឹកក្រៀម សាច់គោងៀត កូនកង្កែប និង ភ្លៅមាន់ ប្រឡាក់គ្រឿង ពណ៌ឡើងលឿងឆ្អិនឆ្អៅ ហូរខ្លាញ់ រងើម តក់ៗ ត្រូវនឹង រងើកភ្លើង ឆីវៗ ។ នៅលើតុតាំងដាក់ សាច់ឆ្អិន ព្រមជាមួយ ជ្រក់ល្ហុង មួយកែវធំ លាយជាមួយម្ចេសក្រហម រងាល ។ ក្បែរតៀមទាំងពីរ មានដើមជ្រៃធំ និងស្រះឈូក ខ្យល់បក់រំភើយៗ លាយលំទៅនឹងសំឡេង សត្វយំ ចេញពី ព្រៃ ឯណាយក្បែរនោះ គួរជាទីមនោរម្យណាស់។


ក្រុមកំលោះៗ ផឹកស៊ីសប្បាយរីករាយ ពេលនោះ វិសុទ្ធ ដែលជាមិត្តជិតស្និទ្ធ នឹង ប្ញទ្ធិ បាន បង្អាប់ ប្ញទ្ធិថា ៖ អាភាព វាមានគូ វា ហើយ វុើយ ចុះ ហ្អែងចាំអង្កាល ហ្អាស អា ក្រឹត ?

នាយ ដេត ក៏លូកមាត់ ផងដែរថា មុខ ដូចវា មានស្រីណាស្រឡាញ់ ?

នាង កញ្ញា ជាអ្នកលក់ អៀន បែរមុខចេញ ភ្លាម ។ ដេត បន្តទៀតថា ៖ មុខវា ចឹង សមតែ ជាមួយខ្មោចទេ ហ្អា ។ កំលោះ ៗនាំគ្នាសើចគឹល

ប្ញទ្ធិ តបវិញថា ហ្អើ បើមានខ្មោចក្រមុំណាស្អាត វាចង់រៀបការ មកស្រលាញ់អញ អញព្រមភ្លាមវុើយ អញចាប់ថើប ឱ្យវាខ្លាចអញវិញ តែម្តង មិនឲ្យរបូតពីមាត់អញទេ ពួកអាដែងអើយ។

ពួកគេក៏នាំគ្នាសើចបន្តទៀត ស្រាប់តែពេលនោះ មេឃ ចាប់ឡើងងងឹតស្លប់ ខ្យល់បក់ ដើមជ្រៃ លឺសូរ ស្លឹកជ្រៃ ទង្គិតគ្នា គួរឱ្យស្រៀវ ព្រឺក្បាល ជាអនេក ។ នាង កញ្ញា ក៏ចូលរួមពាក្យសម្តី ផងដែរថា ងាប់ ហើយពូ ៗនិយាយស្អីចឹងទេ ខ្មោចព្រាយស្អីទេ ខ្ញុំខ្លាចណាស់។

គ្រប់ៗ គ្នាផឹកឡើង ស្រវឹងដាប រៀងៗខ្លួន លើកលែងតែប្ញទ្ធិទេ ស្រវឹងតិចៗ ព្រោះ ពុំសូវប្រសព្វ ហើយ ក៏មិនសង្វាតរឿងផឹកដែរ តែបើរឿងចេញលុយវិញ មុនគេតែម្តង ។

ប្ញទ្ធិក៏សុំ លាក្រុមខ្លួនមកផ្ទះរបស់សុភាព មុនគេ ហើយនិយាយថា ផឹកល្មមៗបានហើយ ប្រយ័ត្ន ខូចសុខភាព មិនមែនកម្មវីធីមានតែមួយថ្ងៃនេះទេ ។ វិសុទ្ធតប ហ្អើ ហ្អែងនិយាយត្រូវអាក្រឹត អញក៏ដឹងដែរ តែអញសុំមួយនេះ ស្រវឹង ព្រោះ អញធ្វើការរាល់ថ្ងៃ មិនឲ្យ ប៉ះពាល់ដល់ការងារអញទេ ។

ឫទ្ធិ លើកដៃសំពះ លា ហើយនិយាយថា អ៊ើ អញលាហើយវ៉ើយ ព្រោះប្រញាប់ ស៊ីបាយ ល្ងាច ជាមួយក្រុមគ្រួសារ របស់ អាភាព។

ឫទ្ធិដើរត្រឹម ផុតស្រះឈូកបន្តិច ក៏ចូលបត់ជើងតូចក្បែរ គុម្ពដើម ពុទ្រ្ទា ដ៏ធំមួួយ ដោយសំពះសុំខមាលទោសថា ម្ចាស់ទឹក ម្ចាស់ដីអើយ កូនចៅ សុំបន្ទោបង់ នូវ របស់មិនល្អ មេត្តា កុំ ប្រកែប្រកាន់ ។ លុះបត់ជើងតូចរួច ឫទ្ធិបាន ឃើញ ផ្លែ ព្រំ ដែលខ្លួនធ្លាប់បេះឆី កាល នៅក្មេងៗ ក៏ ចូល បេះ ឆី

ស្រាប់តែពេលនោះ ឃើញ ស្រីម្នាក់ ដឹកក្របី ២ យ៉ាងធំ ហើយស្រែកទៅកាន់ប្ញទ្ធិថា ៖ ពូៗ ជួយ ដឹកក្របីទៅផ្ទះខ្ញុំមុខនេះបន្តិចបានទេ ណាពូ ព្រោះត្បិតអ្វី ក្របីនេះវាមិនខ្លាច កម្លាំងមនុស្សស្រី សោះ វារើចុះរើឡើង។ ប្ញទ្ធិឃើញនារីរូបរាងស្តើងស្អាតដឹកក្របីធំៗ២ ម្នាក់ឯង ហើយយប់ស្ងាត់ទៀតក៏ជួយយកអាសារ ហើយនិយាយថា៖ ខ្ញុំ ខានមើល និង ដឹក គោក្របីយូរហើយ ចាំខ្ញុំសាក មើល។ គ្រាន់តែឫទ្ធិកាន់ខ្សែភ្លាមក្របីធំៗទាំងពីរនោះ នៅស្ងៀម ។ លុះមកដល់ផ្ទះនាងតូចនោះ ឃើញថា ធំស្កឹមស្កៃ អស្ចារ្យ ដូចផ្ទះគហបតី ឬនាយម៉ឺន ឃុន ហ្លួង សម័យកាលបុរាណចឹង !

ប្ញទ្ធិនិយាយថា ផ្ទះនាង ធំណាស់ ហើយម៉ូតផ្ទះបុរាណ ស្អាតណាស់ អ្នកស្រុកទីនេះ ខ្ញុំមិនដែលឃើញពីមុនមកសោះ មានផ្ទះ ម៉ូតបុរាណៗ ស្អាតជាងផ្ទះ អ្នកកញ្ជៀចទៅទៀត ។ នាងរូបល្អ តបថា អត់ទេ ពូ ផ្ទះនេះ ជារបស់អ្នកនាងខ្ញុំ ខ្ញុំជាបាវគាត់តើ អ្នកនាងខ្ញុំឈ្មោះ នុង ។ ឫទ្ធិតប អ្នកនាងនុង ! តើអ្នកនាងនុងជាអ្នកណា ? ឫទ្ធិ លឺសូរសំឡេង ប្រគុំឃឹម ល្វើយៗ ចេញពីលើផ្ទះ

ថារួចនាង នុង ក៏ស្រែកពីលើផ្ទះមកថា ក្លាវ !ក្លាវ!ចូរ ឯងអញ្ជើញអ្នកប្រុសឡើងមកលើមក ណា។

ប្ញទ្ធិភ្ញាក់ខ្លួនព្រឺស ព្រោះលឺសំឡេង អ្នកនាងនុងពិរោះរងំ សណ្តំដល់បេះដូង ហើយ ក៏គិតក្នុងចិត្តតិចៗថា ហេតុអ្វីបានជាអ្នកនាងនុងដឹងថា គេមក ដល់ផ្ទះនេះ ។

លុះ ឡើងមកលើផ្ទះ អ្នកនាងម្ចាស់នុង បានរៀបចំ នំចំណី បង្អែម ផ្លែឈើ ទឹកតែ ទទួលអ្នកប្រុស ប្ញទ្ធិ រូបសង្ហារ ។ អ្នកនាង នុង ស្លៀក ក្បិន ពាក់ស្បៃ ទ្រនាប់ជ្រួញ អង្កាញ់ ពណ៌ ស្លាទុំ សក់វែង ខ្មៅក្រិប សំបុរ ខៀវខ្ចី លើផ្នួងសក់បួង ទម្លាក់ រ៉ៃ កួចជា រង្វង់គូទខ្យង លើថ្ពល់រលោង អង្គុយបត់ជើង លើគ្រៃបុរាណ កំពុងដេញឃឹមពិរោះរណ្តំ ។ 

នាងនុងស្រី និយាយថា ៖ ចូរអ្នកប្រុសអង្គុយលេង លើគ្រៃ ជើង ត្រុតនេះសិន ស្តាប់ខ្ញុំដេញឃឹមមួយបទសិន ចាស ។ ឫទ្ធិឆ្លើយទាំងញ័រ ថា បាទអ្នកនាង ! កញ្ញា រូបល្អ បាន ហុច ទឹក អប់ដោយផ្កាម្លិះ ក្រអូបឈ្ងុយ ដាក់ក្នុងផ្តិលខាត់ ពណ៌ ក្រហម ហើយនិយាយថា អ្នកប្រុស សូមអញ្ចើញ ពិសា ទឹក ។ ឫទ្ធិ លូកដៃទទួល ដោយកែវភ្នែក បាញ់ទៅកាន់កំភួនដៃ ធីតាស្រី ស ខៀវខ្ចី ឃើញសសៃ ពណ៌បៃតង ស្រស់

ប្ញទ្ធិ សួរ ទៅកាន់ នាងនុងថា ហេតុអីបានអ្នកនាង ដឹងថាខ្ញុំមក ។ នាងនុង និយាយថា ៖ ខ្ញុំឃើញលោកប្រុស ជួបជុំមិត្ត នៅតៀមនោះ ហើយ និយាយខ្លាំងទៀតផង ក៏នឹកក្នុងចិត្ត ចង់អញ្ជើញ លោកប្រុសមកផ្ទះខ្ញុំ ហើយក៏ឱ្យនាងក្លាវ ប្រើល្បិច នាំលោកប្រុសមក ។ ប្ញទ្ធិ ក៏ឆ្ងល់ក្នុងចិត្តច្រើនណាស់ តែបើបានស្រីស្អាត នុងនាង ចាក់ទឹកតែឱ្យ ក៏រំភើប ស្រើបស្រាវ នូវសម្រស់ ធីតា មានមន្តនេត្រា ចាក់ដោត បេះដូងកំលោះ ពុំអាចរើរួចពី សំនាញ់ស្នេហ៍នាង ក្រមុំ ដោយនិយាយថា សូមអភ័យទោស ដែលសំឡេងពួកយើងរំខាន ព្រោះពុំបានដឹងថា មានផ្ទះ អ្នកស្រុកក្នុងព្រៃនេះ ។

ឫទ្ធិសួរនុងថា អ្នកនាង តើ ម្តាយឪពុករបស់នាង នៅទេ ខ្ញុំចង់ជម្រាបសួរ គាត់ ព្រោះត្បិតបានមកលេងផ្ទះគាត់ដោយអចេតនាចឹង ! នាងនុងតប លោកពុក អ្នកម៉ែ របស់ខ្ញុំ លោកបានចែកឋានយូរហើយ ។ ឫទ្ធិ ធ្លាក់ទឹកមុខ ដើម្បីបង្ហាញពីសន្តានចិត្ត អាណិតអាសូរ កញ្ញាតូច ។

អ្នកនាង ខ្ញុំចង់សួរ មួយទៀត តើភូមិនេះ គេហៅភូមិអ្វី ខ្ញុំមិនដែលស្គាល់ទេ ត្បិតអ្វី ខ្ញុំធ្លាប់ឃ្វាលគោ តាំងក្មេង ៗ ទីនេះជាព្រៃ សោះហ្នឹង !

នាងនុងតប ចាសអ្នកប្រុស ភូមិយើងបាំងព្រៃ ពុំសូវមានអ្នកចាប់ អារម្មណ៍ទេ ។

នាងនុងនិយាយទៀតថា អ្នកប្រុសចង់ដើរលេង មើលអ្នកភូមិស្រុកខ្ញុំទេ ។ កំលោះតប ចង់ទៅមើលណាស់ តែនេះរាងយប់ជ្រៅ ហើយ ។ នាងនុងតប មិនជាអ្វីទេ អ្នកប្រុស ចាំខ្ញុំឱ្យបាវ ខ្ញុំ នាង ក្លំ នាងក្លាវ ទៅជំរាបប្រាប់ លោកសុភាពថា លោកប្រុស គេងនៅផ្ទះខ្ញុំ ។ ព្រោះសុភាពស្គាល់ អ្នកភូមិស្រុកខ្ញុំច្បាស់ណាស់ ។ នាង នុងបាននាំ ប្ញទ្ធិដើរលេង យ៉ាងសប្បាយក្អាកក្អាយ ក្រោមជំនោររាត្រី រំភើយៗ មានអំពិលពំពែករាប់ពាន់់ សំឡេងកង្កែបចេញពីបឹងបួរ ស្រះ ។ ឫទ្ធិបាញ់នេត្រា មើលកែវភ្នែក ស្រីនុង ដើម្បីបង្ហាញភាសា ស្នេហា ដ៏ជ្រាលជ្រៅ ពេញបេះដូង ទោះបី ស្គាល់នាងរយៈពេលខ្លីក៏ដោយ ។

នុងបានចាត់ ឲ្យ នាង ក្លាវ នាង ក្លំ រៀបចំបន្ទប់ ដ៏ស្រស់ស្អាតជូន លោក ឫទ្ធិ ដែលជាកំលោះ មកពីភ្នំពេញ ព្រមជាមួយខោចាវ សំពាត់ក្រវ៉ាត់ និង អាវ មនុស្សប្រុសជាច្រើន កំភ្លេ ទុកជូនលោកប្រុស។ លុះព្រឹកឡើង ឫទ្ធក្រោកពីព្រលឹមស្រាងៗ ដើម្បី ដើរហាត់ ប្រាណ និងមើលទេសភាពភូមិករ ឫទ្ធិ ចំលែកក្នុងចិត្ត ដែល អ្នកភូមិស្រុកនេះ បិទ ទ្វារ មិនទាន់ក្រោកទោះ ម៉ោង ប្រាំបីព្រឹកក៏ដោយ ។ 

ឫទ្ធិ វិលមកផ្ទះអ្នកនាងនុងវិញ ឃើញ បាវស្រី ៗ ធ្វើការទាំងបង្ខំចិត្ត ស្ងាបបណ្តើរ ធ្វើបណ្តើរ លោកក៏សួរ នាងនុង ថា ហេតុអ្វីគ្រប់ៗគ្នា ដូចជា អត់ងងុយ ហាក់ដូចជា មិនបានដេកពួន ចឹង ! នុង តប កុំប្រកាន់អី អ្នកប្រុស ត្បិតអី ពួកគេ ទំនេរច្រើនពេក ទើបតែងតែគេងច្រើន បែបនេះ ។ នាងនុង បង្គាប់ទៅ បាវស្រី ឈ្មោះ ក្លុំ ថា ៖ នែ៎ ក្លុំ ចូរ ឯង រៀបចំ អាហារ នំ ចំណី និងបបរ ពេលព្រឹកមក ។ ក្លុំតប ៖ ទទួល បញ្ជា អ្នកនាងម្ចាស់ ។

ព្រឹកនេះ នាងនុង ស្លៀកសំលុយវែង ក្របខ្លួនដោយ ស្បៃទ្រនាប់ ទម្លាក់សក់វែង សៀតចំប៉ី ស លើសៀតផ្កា ដួស បបរ ជូនលោកប្រុស ឫទ្ធិ ។ ឫទ្ធិលាន់មាត់ថា ៖ ខ្ញុំដូចជារអៀសខ្លួនណាស់ ដែលមកស្នាក់នៅផ្ទះ អ្នកនាង ឲ្យអ្នកនាងផ្គាប់ចិត្ត ហើយ អ្នកនាង ក្លាវ ក្លុំ ក្លែម និង ក្លិន យកចិត្តទុកដាក់រៀបចំ ថែមទាំង ហៅខ្ញុំថា អ្នកប្រុសៗ ជាពិសេសបាននៅក្បែរអ្នក នាង នុង ស្អាត ដូចទេពអប្សរ ខ្ញុំ ដូចជាស្ថិតក្នុងសុបិន ហើយមិនចង់ក្រោកវិញសោះ ។ 

នុង សើច យកដៃខ្ចប់មាត់ យ៉ាងអៀនប្រៀន ហើយ ទាញផ្លែ ស្វាទុំចិត យកសាច់ដាក់ចានទុកឲ្យ អ្នកប្រុស លាងមាត់ ។ អ្នកប្រុស លូកដៃ ចាប់ ដៃដ៏ទន់ល្មើយ សែនត្រជាក់ ហើយបាញ់នេត្រាទៅរកនាងតូច រួចប្រាប់ថា ៖ នុង បងមិនដឹង និយាយ បែបណាឲ្យ សម ទេ បងដឹងថាបងបាន ជួបអូនក្នុងរយៈពេល មួយដ៏ខ្លី តែបង មានចិត្តស្រលាញ់បេត្តី លើ អូនណាស់ ។ លោកឫទ្ធិ បាន ក្រសោបអោបកាយស្រី ថើបបមបី លើថ្ពាល់ នាង ។ នាងនៅស្ងៀម ហើយ ញញឹម ដោយ កាយវិការ អៀនប្រៀន ។

នាង នុង បាននិយាយប្រាប់ លោកប្ញទ្ធិថា បងប្ញទ្ធិ អូនក៏ស្រលាញ់បង ណាស់ ដែរ អូននៅម្នាក់ឯងក្នុងផ្ទះធំនេះ ជាមួយបាវ ពុំមានឪពុកម្តាយ មានតែអ្នកភូមិផងរបង តែនៅ ខ្វះភាពកក់ក្តៅ បងរៀបការជាមួយអូនបានទេ ?ស្អែកនេះយើងរៀបការទៅណាបង! ប្ញទ្ធិគិតក្នុងចិត្តថា ដូចជាលឿនពេកហើយ នុង ដូចមិនសូវសម បងក៏មិនទាន់ ប្រាប់ឪពុកម្តាយបង ហើយញាតិមិត្តទៀត ។ នាងនុងតបថា មិនអីទេបង យើងរៀបការ ហៅញាតិអូនសិនទៅ សឹម រួច អូននឹងទៅការខាងបងវិញម្តង ។

នុង បន្តទៀតថា ៖ អូនក៏ធ្លាប់រៀបការ ពីមុនដែរ តែ កូនកម្លោះ បានចាកចេញពីរោងការ ដោយសារគេ ជាប់កាតព្វកិច្ច យោធា អូន បានអង្វរគេ រត់តាមគេ តែគេសុខចិត្តចាកចោលអូន ទុកឲ្យអូនមេម៉ាយខាន់ស្លា រហូតដល់ឥលូវ ។ ឫទ្ធិក៏ អោបកញ្ញា ហើយមានអារម្មណ៍អាណិតនាងកាន់តែខ្លាំង ថែមទៀត ដោយ យកដៃជូតទឹកភ្នែក ហើយថើបលើបបូរមាត់ នាងនុង ដែលកំពុងយំ ខ្សឹកខ្សួរ រៀបរាប់ពីទុក្ខសោក ។

នាងនុងសួរថា បើ បងបានដឹងថា អូនជា មេម៉ាយខាន់ស្លា តើបង នៅស្រលាញ់អូនដែរ ឬទេ ។? ឫទ្ធិតប ទោះ អូនជាអ្វីក៏ដោយ ក៏បងនៅតែស្រលាញ់អូន ហើយមិនអាចខ្វះរូបអូនបានទេ ក្នុងជីវិតរបស់បង បងសុខចិត្ត ធ្វើអ្វីគ្រប់យ៉ាងដើម្បីអូន លះបង់គ្រប់យ៉ាង ដើម្បីអូនម្នាក់គត់ ទោះបី ជីវិតរបស់បង ក៏បងមិនស្តាយដែរ ។ នាងនុងក៏អោបឫទ្ធិ អង្អែលខ្នង ប្រុសស្នេហ៍ស្នង ថ្នមៗ ឫទ្ធិ ថើប យកច្រមុះត្រដុស កញ្ចឹងក ស្រី ដោយក្តី ស្រលាញ់ ភ្លើងស្នេហ៍រោលរាល ឫទ្ធិក៏បីនាងនុង ដាក់សម្រាក លើ គ្រៃមាន កម្រាលផ្កាស្រស់ ហើយ ឲ្យ ក្លាវ ក្លុំ មើលថែរកញ្ញានុងស្រី ឫទ្ធិអង្គុយចុងជើង ក្បែរធីតាស្រី ហើយ

 ចាប់ដៃនួនល្អង ដោយនិយាយថា អូនរៀបចំមង្គលការចុះ បងត្រៀមខ្លួន ធ្វើតាមសំនូមពរអូន លុះរួចរាល់កិច្ច សឹមនាំអូន ទៅការខាងបងវិញម្តង ។ នុងញញឹម ហើយ បង្គាប់ដល់ នាងក្លិន និង ក្លុំថា ចូរឯង ចាត់ ឲ្យអ្នកភូមិ រៀបចំពិធីព្រឹកស្អែក ។ នាង ក្លិន និង ក្លុំតប ទទួលបញ្ជា អ្នកនាងម្ចាស់ ។ លោកឫទ្ធិ ញញឹម ហើយ ដើរ ទៅកាន់បន្ទាប់វិញបាត់ ។ អ្នកនាងនុង ក៏ត្រាស់ដល់ ក្លាវថា ចូរឯងទៅប្រាប់អ្នកស្រុកម្តងទៀត យប់នេះ យើងប្រជុំគ្នា នៅក្រោមដើម សំរោងធំ យើងចង់បានមតិពីពួកគេ ។ ក្លាវតប ចាស អ្នកនាងម្ចាស់

យប់ឡើងប្ញទ្ធិក៏គេង ក្នុងផ្ទះនាងនុង សប្បាយលាយភ័យ ហើយឆ្ងល់ជាខ្លាំង តែដោយនឹកឃើញ នូវសម្រស់នាងនុង ដ៏ស្រស់ស្អាត ក៏ភ្លេចបាត់អស់ នូវទុក្ខភ័យ មន្ទិល ទាំងឡាយ គេក៏ បើកបង្អួច យកខ្យល់អាកាស ដើម្បី រសាយនូវ ចិត្តតានតឹង ស្រាប់តែឃើញ ភ្លើង ពណ៌ ហោះព្រោងព្រាត លើអាកាស សំដៅទៅកាន់ ព្រៃ ឫទ្ធិឆ្ងល់ មិនដែរបានឃើញ ក៏បើកទ្វារ ទៅមើល ស្រាប់តែ មានអ្នកយាម ពីរនាក់ មាឌធំៗ ស្លៀកក្បិនក្រហមសំបុរខ្មៅ ប្រាប់ថា លោកប្រុស យប់ហើយ អញ្ចើញទៅបន្ទាប់វិញ យប់នេះ អ្នកនាង ឲ្យខ្ញុំ ការពារ លោកប្រុសជាពិសេស ព្រោះ ខ្លាចមានចោរ វាចូលស្រុក ។ ឫទ្ធិចម្លែកក្នុងចិត្ត ហើយ ដើរ ចូលបន្ទប់វិញ ។

លុះស្អែកឡើង ភ្ញៀវ មកផ្ទះនាងនុងយ៉ាងត្រៀបត្រា ដូចជាមានការព្រៀងទុករាប់ខែ មានទាំងជំនូន នំនែក ផ្លែឈើ ភេសជ្ជៈ គ្រឿងរណ្តាប់ ភ្លេងមង្គល ចាស់ទុំ អាចារ្យ គ្រប់បែបយ៉ាង ។ ខ្ញែ បានរៀបចំសម្លៀកបំពាក់ ដល់ ប្ញទ្ធិ ចំណែកប្ញទ្ធិ ញញឹម ព្រោះឃើញកូនក្រមុំខ្លួន ស្អាតផុតលេខ ដូចព្រះនាង ម្ចាស់ ក្នុងរឿងបុរាណ មិនខុសឡើយ ។

ពិធីមង្គលការបានចាប់ផ្តើមឡើង យ៉ាងសប្បាយរីករាយ ប្ញទ្ធិ និង នុងបានសំពះផ្ចឹម ចងដៃ ពេលនោះ ប្ញទ្ធិសង្កេតឃើញ ទឹកមុខ ភ្ញៀវ ក៏ដូចជាសាច់ញាតិនុង ប្រែជា ស្រអាប់ឡើងៗ បើកភ្នែកធំៗ មករក គេ ។ លោកអាចារ្យ ចាប់ផ្តើម ឱ្យពរស្រាប់ តែ ផ្លុំ ផូស លោកអាចារ្យរបូតបបូរមាត់ ទៅកម្រាល គាត់ខំរើដាក់វិញ យ៉ាងលឿង ។ ចំណែក ញាតិមិត្តផ្សេង ទៀត ស្រាប់តែ ជ្រុះ ត្រចៀក ភ្នែក ពេញកម្រាលផងដែរ ។ ប្ញទ្ធិភ័យស្ទុះចាប់ដៃ កូនក្រមុំរត់ចេញ ស្រាប់តែ ដៃ នាងនុង របូតចេញពីខ្លួន ប្ញទ្ធិក៏បោះចេញ ឆ្ងាយ ។ យាយចាស់ម្នាក់ បាននិយាយថា៖ ឃើញ ទេនុង យាយប្រាប់ថា ឱ្យរៀបការពេលយប់មិនជឿទេ នេះ ហែលជំនូនផង ស្អីផង យើងជាខ្មោច ធ្វើមេចឱ្យដូចមនុស្សទៅ ។ 

ប្ញទ្ធិលឺក៏ភ័យ រួចរត់ចេញ ពីផ្ទះនាងនុង នាងនុង រត់តាម ជាមួយបាវបួននាក់ ដេញប្រកិត ប្ញទ្ធិ ពីក្រោយ ។ នាងបាវ ទាំងបួនប្រាណប្រែកាឡាជា រូប អសុរកាយ មានខ្លួនធំ ឃាត់ផ្លូវ ប្ញទ្ធិ ។ ប្ញទ្ធិ ក៏ស្ទុះរត់បន្តទៀត រហូតដល់ ដើមពុទ្ទ្រា មួយ នោះ នាង នុងស្រែក ពីចម្ងាយថា បង ប្ញទ្ធិ ម្ចាស់ចិត្ត អូន ក្រែងបងនិយាយថា បងស្រលាញ់អូន ។ បងក៏ធ្លាប់និយាយថា មិនចាកចេញពីអូន ពេលនេះ បង ក្រឡាស់សម្តីបងទៅវិញ ? បងប្ញទ្ធិ យប់នេះអូននឹងទៅរកបងទៀត ។ ប្ញទ្ធិភ័យ ជាខ្លាំង ហើយតបវិញថា យើង មិនស្រលាញ់នាងទេ ព្រោះនាងជាខ្មោច អ្នកភូមិនាងជាខ្មោច នាងត្រលប់ទៅរកទី សមគួររបស់នាងវិញទៅ ។ 

ប្ញទ្ធិ ប្រទះឃើញបដិមារ បុរាណ មួយ ដែលគេរៀបចំទីសក្ការៈ ក្រោមដើមពុទ្ទ្រានោះ ប្ញទ្ធិក៏គិតថា ខ្មោចប្រហែលមិនហ៊ាន មកឆ្លងសីមា ដែន នេះទេ ក៏ធូរខ្លួន ស្រាក ហើយធ្វើដំណើរទៅកាន់ ផ្ទះសុភាព គេបានរៀបរាប់ រឿងទាំងអស់ប្រាប់ សុភាព និងម្តាយសុភាព។ ពួកគេ ជឿ ប្ញទ្ធិ ព្រោះ គេជាមនុស្សពុំចេះកុហកបោកប្រាស ភូតភរទេ ។ ម្តាយសុភាព ក៏ សួរយាយ របស់សុភាព យាយសុភាពបាននាំ ប្ញទ្ធិ ទៅ ស្រោចទឹក នៅឯវត្តឈើកាច់ ព្រមទាំងបង្សុកូល ឧទ្ទិសកុសល ឱ្យនាងនុង និងអ្នកភូមិ របស់នាងទៀត ។ យាយសុភាពប្រាប់ ប្ញទ្ធិថា ទីនោះប្រហែលជាទីទួលបុរាណ ដែលធ្លាប់មានលោកម្ចាស់ ឃុន ធ្លាប់សំណាក់នៅ ហើយនាងនុងប្រហែលជា អ្នកនាងម្ចាស់ នៃត្រកូលឃុននោះ ។

ប្ញទ្ធិបានគេង លក់ ក្នុងទីអារាមក្បែរព្រះបដិមារ ព្រះសម្មាសម្ពុទ្ធ នាពេលថ្ងៃត្រង់ ស្រាប់តែយល់សប្តិ ឃើញ ថា៖ កាលសម័យនោះ លោកឃុន មហាសង្គ្រាម បានរៀបការកូនស្រី ឈ្មោះនាងនុង ជាមួយនឹង លោក ចៈ ម៉ឺន ភក្តីវិជ័យរ័ត្ន ។ នាពេលហែលជំនូន ព្រះរាជសារបានមកដល់ ចាត់ឱ្យ លោក ចៈ ម៉ឺន ដឹកនាំកងទ័ព បង្ក្រាបសត្រូវជាប្រញាប់ ។ លោកចៈ ម៉ឺន ក៏ចេញនាំទ័ពជាប្រញាប់ ចោលនាង នុង ក្នុងឈុត កូនក្រមុំ អោប ផ្កាស្លា យំ ខ្សឺកខ្សួរ ទាំងទុក្ខព្រួយ ។ លោក ចៈ ម៉ឺន ពុំបានត្រលប់មកវិញទេ រាជសារក៏ចាត់ លោក ឃុន មហាសង្គ្រាម ទៅសមរភូមិដែរ ។ លោក ឃុន ដាក់ មន្តការពារអ្នកស្រុកខ្លួន កំបាំងភូមិ ពីសត្រូវ ។ ជួនជាពេលដែលលោកឃុនម្ចាស់ បង់កាយក្នុងសង្គ្រាម អ្នកភូមិនោះ ពុំអាចបន្តជីវិតជាមនុស្សបានទេ នោះជាមនុស្សបុរាណ ។

ភ្ញាក់ពីគេងភ្លាម ប្ញទ្ធិ ក៏ធ្វើដំណើរ ទៅកាន់តៀម យាយសុយ ហើយ មើលទៅកាន់ ភូមិនោះម្តងទៀត ពុំឃើញអ្វីទាំងអស់ ក្រៅពីស្មៅ ព្រៃ និងសត្វក្អែក យំ ទ្រហឹង អឺងកង ។ ស្រាប់តែពេលនោះ មានក្របីធំៗ បួនដើរកាត់ ក្បែរស្រះឈូក ប្ញទ្ធិភ្ញាក់ ព្រឺស តែជាអ្នកភូមិ ដេញក្របីចុះផឹកទឹកធម្មតាប៉ុណ្ណោះ ។

ប្ញទ្ធិ នៅតែចងចាំ សម្រស់នាង នុង នឹង រឿងរ៉ាវប្រវត្តិ ដ៏កំសត់របស់នាង ។ ប្ញទ្ធិ ក៏បើកឡាន ចេញពី ស៊ីធរកណ្តាល ទៅភ្នំពេញវិញ ទាំងអាល័យ បំផុត ។

ចប់ហោង

0 Comments:

Post a Comment