Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿងព្រះវេស្សន្តរ​​ កណ្ឌទី ២ ហេមពាន្ត

        រឿងព្រះវេស្សន្តរកណ្ឌទី ២ ហេមពាន្ត

          ព្ធដ៏កាលនោះ រីឯព្រះនាងសុបារសុប្បតី ជាស្រីល្អអស់អង្គ ទ្រង់នូវរូបមានលក្ខណាប្រសើរនោះ ព្រះនាងទទួលយកព្រះពរ ទាំង១០ប្រការ អំពីព្រះឥន្ទ្រាធិរាជហើយ ក៏ច្យុតស្រុតចុះមក ចាប់បដិសន្ធិ ព្ធដ៏ផ្ទៃអគ្គមហេសី នៃព្រះបាទមទ្ទរាជ ព្ធដ៏មាតុលនគរ។ រីព្រះនាងសុបារសុប្បតីសោត កាលណាព្រះនាងប្រសូត្រ ចេញមកអំពីផ្ទៃ នៃអគ្គមហេសីព្រះបាទមទ្ទរាជនោះហើយ មានសម្បុរនោះល្អ បីដូចអ្នកយកនូវលម្អិតខ្លឹមច័ន្ទ មកលាបស្រលាបអស់អង្គ ហេតុតែព្រះនាងមានកំណើតដូច្នោះ ទើបលោកមកសន្មតកត់សម្គាល់នូវព្រះនាមថា ព្រះនាងសុបារសុប្បតីកុមារី។ លុះព្រះនាងចំរើនធំឡើង ព្រមនូវអស់បរិវារ ផងទាំងឡាយ មានព្រះរូបឆោមល្អ បីដូចស្រីទេពអប្សរបវរកញ្ញា នៅនាសួគ៌នាយហោង។

   បពិត្រអើយ រីព្រះនាងសុបារសុប្បតីកុមារី លុះព្រះនាងមានព្រះជន្មបាន ១៦ ព្រះវស្សាបរិបូណ៌ហើយកូវ ព្រះបាទ សិវិមហារាជ អោយទៅយាងព្រះនាង មកអភិសេក មួយអន្លើនឹងចៅសញ្ជ័យកុមារ អោយឡើងសោយរាជសម្បត្តិ ទុកព្រះនាងជាអគ្គមហេសីធំក្រៃលែង អស់ស្រីស្នំផងទាំងឡាយ ១៦ពាន់។ ហេតុនោះហោង ព្រះអង្គមានព្រះបន្ទូល នឹងព្រះសារីបុត្តត្ថេរ សូត្រនូវបាទព្រះគាថា ដូច្នេះថា ហៃធម្មសេនាបតីស្រីសារីបុត្តអើយ រីព្រះនាងសុបារសុប្បតីទេវី ព្រះនាងច្យុតស្រុតចាកទេវលោក ក៏បានមកកើតក្នុងត្រកូលក្សត្រ ខត្តិយវង្ស ហើយបានជាអង្គអគ្គមហេសី នៃព្រះបាទ សញ្ជ័យ ជាក្សត្រថ្លៃប្រសើរ សោយរាជសម្បត្តិ ឋិតនៅនាជេតុត្តរនគរ។

 គ្រានោះ សម្តេចសក្កទេវរាជ ឋិតនៅនាសូគ៌ត្រៃត្រឹង្សទេវលោក ស្តេចបើទិព្វចក្ខុ រមិលមើលចុះមក យល់ព្រះនាង សំរឹទ្ធី នូវព្រះពរទាំង ៩ប្រការ បរិបូណ៌ដូចព្រះនាងប្រាថ្នានោះកូវ ព្រះឥន្ទ្រ ក៏ទ្រង់រំពឹងដូច្នេះថា ឱ! ពរ១០ប្រការ ដែលអញ ប្រសិទ្ធីអោយព្រះនាងទេវីនោះមិញ នាពរទាំង៩ប្រការនោះ ព្រះនាងបានបរិបូណ៌ហើយ នៅសល់ខានតែពរមួយ ព្រះនាង ប្រាថ្នាអោយបានព្រះរាជបុត្រនោះមិញ ពុំទាន់បានបរិបូណ៌នៅឡើយ ថាបើដូច្នោះកូវ អញនឹងបំពេញអោយបានដូចក្តី ប្រាថ្នានោះហោង។ កាលនោះ ព្រះបរមពោធិសត្វមហាបុរសរ័ត្ន ស្តេចឋិតនៅនាពិភពត្រៃត្រឹង្សនាយ។ សម្តេចព្រះឥន្ទ្រាធិរាជ ស្តេចទ្រង់ជ្រាប សភាព ព្រះជន្មព្រះពោធិសត្វ ថានឹងសំរិទ្ធីបរិបូណ៌ហើយ ព្រះឥន្ទ្រាធិរាជ ក៏ចូលទៅកាន់ព្រះពោធិសត្វ ហើយនិមន្តដោយ បទគាថា ថា បពិត្រព្រះអង្គដ៏មានបុណ្យបារមីច្រើនអើយ សូមអរាធនានិមន្តព្រះអង្គ ស្តេចលីលាចុះទៅទូន្មានសត្វផង នៅនាមនុស្សលោកនាយ ថាបើព្រះអង្គលីលាចុះទៅហើយ ព្រះបារមីព្រះអង្គ នឹងសំរឹទ្ធីបរិបូណ៌ប្រាកដហោង។

 កាលនោះ ព្រះបរមពោធិសត្វ ស្តេចទទួលនិមន្តសម្តេចព្រះឥន្ទ្រាធិរាជហើយ ទើបព្រះអង្គ ច្យុតស្រុតចុះមក អំពីសូគ៌ ទេវលោកនាយ មកចាប់បដិសន្ធិ ព្ធដ៏ព្រះមាតុទរបវរ នៃព្រះនាង សុបារសុប្បតី ដ៏ជាព្រះអគ្គមហេសីថ្លៃ នៃព្រះបាទ ស្រីសញ្ជ័យ ដែលទ្រង់សោយរាជសម្បត្តិ ឋិតព្ធដ៏ជេតុត្តរនគរនោះហោង។ សម្តេចព្រះឥន្ទ្រាធិរាជ ប្តេជ្ញានិមន្ត មិនត្រឹមតែព្រះពោធិសត្វមួយអង្គឡើយ ហើយនិមន្តអស់ ទេវបុត្រផងដទៃនោះច្រើន ប្រមាណ៦០,០០០ អង្គ អោយច្យុតព្រមមួយអន្លើនឹងព្រះពោធិសត្វនោះឯង។ លុះព្រះឥន្ទ្រាធិរាជ និមន្តស្រេចហើយ ក៏ស្តេចហោះទៅកាន់ឋានលំនៅព្រះអង្គវិញហោង។ បពិត្រអើយ រីអស់ទេវបុត្រសំនល់ក្រៃលែងនោះ សឹងច្យុតមកចាប់ បដិសន្ធិ ព្ធដ៏ផ្ទៃប្រពន្ធរាជអាមាត្រផង អស់សព្វ

គ្រប់ទាំ៦០,០០០នោះឯង។ ហេតុតែព្រះបារមី នៃព្រះបរមពោធិសត្វ មហាបុរសរ័ត្នវិសេស មកចាប់បដិសន្ធិ ព្ធដ៏ព្រះមាតុទរបវរព្រះកន្លោង គឺព្រះនាងសុបារសុប្បតី ព្រះនាង មានព្រះរាជហរទ័យនោះ ជ្រះថ្លា សទ្ធា ចង់អោយទានស្មូមយាចក អ្នកកំសត់ទុគ៌តផងទាំងឡាយ។ ព្រះនាងអោយ ប្រដាប់សាលាទានទាំង៦ សាលាទាន៤ នោះនៅនាទ្វារព្រះនគរទាំង៤ សាលាមួយនោះ នៅនាមុខព្រះលាន សាលាមួយ ទៀតនោះ នៅនាក្នុងព្រះរាជវាំង ហើយព្រះនាងអោយចាយអស់មាសប្រាក់ កែវកងសព្វពិធរ័ត្នផង អោយទៅជាទាន ដល់អស់ស្មូមយាចក អ្នកកំសត់ទុគ៌តផងទាំងឡាយ ក្នុងមួយថ្ងៃៗនោះ ៦សែនតម្លឹងមាស។

កាលណាបើជ្រាបទៅដល់ព្រះបាទ ស្រីសញ្ជ័យ បរមពិត្រក្សត្រប្រសើរនោះហើយ ស្តេចមានព្រះបន្ទូលអោយ ហៅអស់ព្រាហ្មណ៍ ដែលចេះទាយនិមិត្តនោះមកហើយ មានព្រះបន្ទូលដណ្តឹងថា ព្រាហ្មណ៍អើយ ចាប់ដើមតាំងអំពី ព្រះនាងទេវីទ្រង់គភ៌ ព្រះនាងមានព្រះរាជហឫទ័យ ជ្រះថ្លា សទ្ធាចង់តែអោយទាននោះ តើមានហេតុដូចម្តេច? ទើបព្រាហ្មណ៍ចេះទាយនិមិត្តនោះ ក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ នេះហេតុអំណាច ព្រះរាជបុត្រឋិតនៅក្នុងព្រះមាតុទរ ទើបមានព្រះរាជហឫទ័យ សទ្ធា

ចង់តែអោយទាន បពិត្រមហារាជអើយ រីសម្តេចព្រះរាជបុត្រនោះ មិនគឺស្រីឡើយ គឺប្រុសឯងមិនទេឡើយ មកឋិតនៅក្នុងព្រះរាជឧទរ ថាបើចាកចេញអំពី ព្រះមាតុទរព្រះវររាជមាតាកាលណាហើយ ព្រះអង្គមានព្រះបារមីនោះរុងរឿង ថ្កើងទូទ័រទៅ អស់ស្តេចទាំងសកលជម្ពូទ្វីប សឹងនាំដង្វាយភ្លាសសួយរៃ មកថ្វាយព្រះអង្គនោះច្រើនហោង។ ព្រះមហាក្សត្រាធិរាជ ទ្រង់ព្រះសណ្តាប់ពាក្យព្រាហ្មណ៍ក្រាបបង្គំទូលដូច្នោះហើយ ស្តេចមានព្រះរាជហឫទ័យត្រេកអរ សាទរក្រៃពេក ទ្រង់អោយយកព្រះរាជទ្រព្យផងទាំងពួង ព្រះរាជទានទៅព្រះនាងច្រើនក្រៃពេក ជាអនេកកប្បការ។

រីនឹងស្រដីកាលព្រះពោធិសត្វមហាបុរសរ័ត្នវិសេស មកចាប់បដិសន្ធិក្នុងព្រះមាតុទរបវរព្រះមាតានោះ ហេតុតែ ព្រះបារមីនៃព្រះពោធិសត្វនោះ អស់ស្តេចសកលជម្ពូទ្វីប សឹងតែនាំមាសប្រាក់កែវកងសព្វពិធរ័ត្ន មកថ្វាយសម្តេចព្រះវរ បិតានោះច្រើន នឹងរាប់គណនាពុំបានឡើយ។ រីព្រះនាងទេវី ទ្រង់គភ៌ព្រះពោធិសត្វ មួយអន្លើនូវអស់បរិវារផងច្រើន បរិបូណ៌បាន១០ខែហើយ ព្រះនាងមានព្រះចំណង់ នឹងទៅទតរមិលមើលព្រះនគរ ទើបព្រះនាងអោយទៅក្រាបបង្គំទូលព្រះមហាក្សត្រាធិរាជទ្រង់ជ្រាប ហើយមានព្រះរាជ ហរទ័យនោះត្រេកអរ ក្រៃពេក ស្តេចអោយប្រដាប់ប្រដាព្រះនគរនោះ ល្អបីដូចវិមាននៃទេវតាឋានសួគ៌នាយ ហើយព្រះអង្គប្រើអាមាត្រ អោយទៅយក សុវណ្ណសិវិកានាំមកអោយព្រះនាង ៗឋិតនៅលើគ្រែសុពណ៌សិវិកានោះហើយ ក៏លីលាទៅទតរមិលមើល ហើយធ្វើប្រទក្សិណព្រះនគរ ៣ជុំ ទើបព្រះនាងត្រឡប់មកដល់កណ្តាលផ្លូវឈ្មួញធំ ខ្យល់កម្មជវាត ក៏បក់កម្រើកផ្ទៃព្រះឧទរ នឹងប្រសូត្រព្រះពោធិសត្វ ព្ធដ៏កាលណោះ។ 

ទើបពួកអាមាត្រ នាំសេចក្តីទៅក្រាបបង្គំទូលសម្តេចព្រះមហាក្សត្រ ស្តេចទ្រង់ជ្រាបដំណឹងនោះហើយ ទើបទ្រង់ ចាត់អោយសង់ព្រះដំណាក់ ជាទីប្រថាប់សម្រាប់ប្រសូត្រ ព្រះនាងក៏ប្រសូត្រព្រះមរបពោធិសត្វ ព្ធដ៏ឋាននោះឯងហោង។ ហេតុនោះ ព្រះអង្គមានព្រះបន្ទូលនឹងព្រះមហាសារីបុត្តតេ្ថរថា ហៃបាសារីបុត្តអើយ រីព្រះនាងសុបារសុប្បតីទេវី ទ្រង់គភ៌ អញតថាគត បរិបូណ៌បាន១០ខែហើយ ព្រះនាងទៅទតមើលព្រះនគរ ប្រទក្សិណ ៣ជុំរួចហើយ ព្រះនាងត្រឡប់វិលមក ដល់កណ្តាលផ្លូវហើយ ក៏ប្រសូត្រអញតថាគតនៅកណ្តាលឈ្មួញធំ។ កាលណាបើព្រះមហាសត្វនោះ ប្រសូត្រចាកអំពីព្រះមាតុទរបវរព្រះកន្លោង ដ៏មានព្រះអង្គនោះល្អបរិសុទ្ធ បីដូចតម្បារ មាស រីព្រះនេត្រទាំងពីរនោះសោត សឹងថ្លាស្រឡះ ហើយទតរមិលមើលទៅកាន់ព្រះកន្លោង ថ្វាយបង្គំប្រណម្យទូលថា បពិត្រព្រះមេ ដ៏មានគុណធ្ងន់ប្រសើរអើយ តើអ្នកមានមាសដឹងអើយ ខ្ញុំនឹងចង់អោយទានបន្តិច។ 

សម្តេចព្រះវររាជមាតា ឮហើយ មានព្រះបន្ទូលថា ម្នាលកូនស្ងួនសំឡាញ់មាសម្តាយអើយ នឹងក្រអ្វីមាសនោះឡើយ ព្រះនាងទេវីមានព្រះ បន្ទូលម្ល៉ោះហើយ ព្រះនាងយកមាស ១ពាន់ តម្លឹងដាក់ទៅលើព្រះហស្ថព្រះពោធិសត្វ ព្ធដ៏កាលនោះហោង។ នាកាល ព្រះពោធិសត្វចាកចេញអំពីព្រះមាតុទរនោះ បានទទួលយកមាស អំពីព្រះកន្លោងហើយ ព្រះអង្គអោយទៅជាទាន មួយរំពេចនោះឯង។ រីព្រះបរមពោធិសត្វ កាលចាកអំពីព្រះឧទរព្រះកន្លោងហើយ មានព្រះបន្ទូលនឹងព្រះវរមាតានោះ មាន៣ដង គឺកាលជា ព្រះមហោសថម្តង កាលជា ព្រះវេស្សន្តរម្តង និងកាលជា ព្រះសិទ្ធត្ថម្តង។ បពិត្រអើយ នាកាលសម័យនឹងសន្មតកត់ព្រះនាមព្រះពោធិសត្វនោះ ហេតុនិមិត្តព្រះអង្គកើតនៅនាកណ្តាលផ្លូវឈ្មួញ អស់ព្រះញាតិ ក៏សន្មតព្រះនាមថា ព្រះវេស្សន្តរកុមារ។ 

ហេតុនោះ លុះព្រះអង្គបានត្រាស់ហើយ មានព្រះបន្ទូលនឹងព្រះមហាសារីបុត្តត្ថេរ សូត្រជាបទព្រះគាថាដូច្នេះថា ហៃសារីបុត្តអើយ នាកាលតថាគតកើតមកបានឈ្មោះថា ព្រះវេស្សន្តរនោះ មិនមែនជាប់ដោយព្រះនាមមាតាបិតាឡើយ ដោយហេតុតែតថាគត កើតនៅនាកណ្តាលផ្លូវឈ្មូញធំ ក៏អស់ព្រះញាតិផង គេសន្មត់ព្រះនាមតថាគតថា ព្រះមហាវេស្សន្តរកុមារ ដូច្នេះហោង។ នាកាលថ្ងៃព្រះអង្គចាកចេញអំពីព្រះមាតុទរបវរថ្លៃ នៃព្រះកន្លោង ព្រះមាតានោះ ព្ធដ៏កាលនោះ មានដំរីញីមួយមានប្រក្រតីតែងតែដើរ ព្ធដ៏កណ្តាលអាកាស នាំកូនដំរីឈ្មោលមួយមកថ្វាយ ព្រះបរមពោធិសត្វ ហើយមេដំរីនោះក៏ហោះបាត់វិញទៅ។ ដំរីនោះកើតមកជាបច្ច័យ នៃព្រះមហាសត្វ ទើបអស់មហាជន ទាំងឡាយ សន្មតនាមដំរីនោះថា


 បច្ច័យនាគេន្ទ្រ ហោង។ ទើបមហាក្សត្រាធិរាជ ស្តេចអោយស្រាវជ្រាវ រើសរកមេនំ អោយបាន៦៤នាក់ វៀរលែងនូវទោស ជាដើម គឺ ខ្ពស់ពេក ទាបពេក ទោះបីដោះសណ្តាយ ក៏ស្តេចពុំអោយយកឡើយ អោយយកតែដោះក្បំសមនូវរូបនោះល្អប្រពៃ ទើបព្រះអង្គ អោយយកមកជាមេនំ បម្រើព្រះបរមពោធិសត្វនោះ ហើយស្តេចអោយមេនំទៅអស់ក្មេងទាំង៦ ម៉ឺននោះ មួយម្នាក់ៗ សព្វគ្រប់ទាំង ៦ ម៉ឺន។ លុះព្រះពោធិសត្វ ចំរើនធំឡើង ទើបព្រះមហាក្សត្រាធិរាជ ស្តេចអោយប្រដាប់នូវ គ្រឿងអលង្ការ មានតម្លៃ ១សែនតម្លឹង អោយព្រះបរមពោធិសត្វ។ ព្រះមរបពោធិសត្វ ទ្រង់បន្តិចហើយ ក៏ដោះអោយទៅជាទានដល់មេនំទាំងឡាយ ។

ព្រះមហាក្សត្រាធិរាជ ទ្រង់អោយប្រដាប់ថ្វាយដល់ព្រះបរមពោធិសត្វទៀត ព្រះអង្គក៏ដោះប្រទានទៅមេនំទៀត។ នាកាលព្រះអង្គនៅក្មេងនៅឡើយនោះ តែងដោះគ្រឿងប្រដាប់ អោយទៅជាទានដល់មេនំផងទាំងឡាយរៀងៗ ទៅជា គម្រប់ ៩ដងហោង។ លុះព្រះអង្គចម្រើនធំឡើង បានព្រះជន្ម ៨ ព្រះវស្សាហើយ ស្តេចឡើងទៅលើប្រាសាទរ័ត្ន គង់លើខ្នងកម្រាលជាប្រដាប់ ដ៏ប្រសើរ កើតព្រះតម្រិះក្នុងព្រះរាជហឫទ័យ នឹងចង់អោយអជ្ឈត្ថិកទាន គឺទានក្នុងខ្លួនព្រះអង្គឯងថា នរោអ្នកឯណាមួយ ជាស្មូមយាចក មកសូមក្បាលអញក្តី ទោះវាមកសូមភ្នែកអញក្តី ថ្លើម សាច់ សួត ឈាម អញក្តី ក៏អញនឹងកាត់ក្បាល ឆ្កៀលយកភ្នែក ពុះទ្រូងរូងយកថ្លើម អារសាច់សំរក់ឈាម អោយទៅជាទានស្មូមផងទាំងឡាយនោះ ទោះស្មូមឯណាមួយ វាមកស្រដីថា នែព្រះវេស្សន្តរអើយ អ្នកទៅនៅបំរើអញ ក៏អញនឹងលួងលោមអាត្មាអញ អោយទៅនៅបំរើអ្នកនោះហោង។

កាលនោះ ព្រះអង្គត្រិះរិះ ក្នុងព្រះរាជហឫទ័យ នឹងអោយអជ្ឈត្ថិកទាននោះ ក៏កើតជាអស្ចារ្យក្រៃពេក រីក្រឡាមហាប្រឹថពី មានកម្រាស់២សែន ដ៏អធិកនីទៅនូវ ៤ ម៉ឺន យោជន៍ ក៏ពុំអាចនឹងទប់ទល់តំកល់អាត្មានោះបានឡើយ សឹងដ៏កក្រើក រំពើកបញ្ចេញនូវស័ព្ទសម្រែកនោះ ស្ទៀរមហិមាក្រៃពេក មិនតែប៉ុណ្ណោះ មហាសមុទ្រ ដ៏មានទឹកពុះពោរ ជោរឡើង រំជំរំជែង បោកបែកផ្កាត្រែង រលករលង មកលើមាត់ច្រាំង រីភ្នំសិនេរុបព្វតរាជនោះសោត សឹងដ៏មានកំពូលនោះ ទន់ល្វន់ល្វាសទៅមក បីដូចចុងដំបងទងផ្តៅ គិតដ៏អ្នកកាត់ចុងដើម បោះទៅក្នុងពពុរភ្លើង ហើយយកមកបោចបក បញ្ឈរឡើងទន់ល្វន់ល្វាសនោះ មានប្រការដូចម្តេចមិញ ភ្នំព្រះសិនេរុរាជនោះ ក៏ឱនលំទោន ឆ្ពោះទៅកាន់ ជេតុត្តរនគរនោះ មានប្រការដូច្នោះហោង។ រីបណ្តាភ្នំទាំងពួងសោត សឹងដ៏មានកំពូលនោះរណ្តំគ្នា បន្លឺនូវស័ព្ទ ឮសូរ គឹកកងក្រៃពេក។ រីផ្គរសោត ដ៏លាន់ឮនូវស័ព្ទនោះកងរំពង ផ្លេកបន្ទោរ ពុំជួកាល សឹងដ៏ដាល

ច្រវាត់ចាលចាញ់សម្ភារ បារមី នៃព្រះបរមពោធិសត្វ ព្ធដ៏កាលនោះ ព្រះឥន្ទ្រាធិរាជ ក៏ទះព្រះហស្ថ ថ្វាយស័ព្ទសាធុការ ទាំងមហាព្រហ្ម ក៏ស្លុតី ថ្វាយជ័យមង្គល រីស័ព្ទកោលាហល ក៏កើតប្រាកដ ដរាបដល់ព្រហ្មលោកនាយហោង។ (សេចក្តីនេះ សមដូចព្រះពុទ្ធដីកាដែលព្រះអង្គមានព្រះបន្ទូលជាបាទព្រះគាថា ថា កាលអញតថាគតនៅជាទារក កើតមកបានអាយុ ៨ខួប អង្គុយគិតនៅក្នុងប្រាសាទ ដើម្បីនឹងអោយ

ទាន ក្នុងវេលាគ្រានោះ ប្រសិនណាបើមានស្មូម មកសូមបេះដូង ភ្នែក សាច់សួត លោហិត ឬ រាងកាយក្តី អញតថាគត ក៏នឹងពុះវះ កាត់អោយជាទានទាំងអស់។ កាលអញតថាគត កំពុងគិតត្រិះរិះដូច្នេះ ចិត្តតថាគតឥតមានរំភើប ញាប់ញ័រ រន្ធត់ តក់ស្លុតឡើយ។ ក្នុងសម័យនោះ ផ្ទៃផែនដី ដែលមានភ្នំសិនេរុរាជ និងព្រៃហេមពាន្ត ជាគ្រឿងប្រដាប់ ក៏កក្រើកញាប់ញ័រ ជាចលាចលអស្ចារ្យ)។ លុះព្រះបរមពោធិសត្វ

ចម្រើនឡើងបានព្រះជន្ម ១៦វស្សា ព្រះអង្គរៀនចប់ត្រៃវេទទាំងឡាយ ឥតទើសទាល់សល់ នឹងប្រាជ្ញាទិព្វវិសេសនោះឡើយ។ អណ្តាប់នោះ សម្តេចព្រះវររាជបិតា ទ្រង់មានព្រះបំណងនឹងព្រះរាជទានរាជ្យ ទៅព្រះពោធិសត្វ ទ្រង់ប្រឹក្សានឹងព្រះនាងសុបារសុប្បតីទេវីស្រេចហើយ ស្តេចអោយទៅនាំនាងខត្តិយកញ្ញាមួយ ឈ្មោះ នាងមទ្រីទេវីសោភា អំពីមាតុលនគរ ដ៏ជាព្រះរាជត្រកូលនៃសម្តេចមទ្ទរាជមកហើយ ទើប

ព្រះមហាក្សត្រ តម្កល់ព្រះនាង មទ្រីទេវីនោះ អោយជាអឃិអគ្គមហេសី ជាអធិបតីនៃអស់ស្រ្តីទាំង ១ ម៉ឺន ៦ពាន់នោះ ហើយអភិសេកព្រះបរមពោធិសត្វ អោយសោយរាជសម្បត្តិ ឋិតស្នងគ្រងព្រះរាជប្រពៃណី តអំពីសម្តេចព្រះវរបិតាធិរាជនោះឯងហោង។ ចាប់ដើមអំពីកាលព្រះពោធិសត្វ មហាបុរសរ័ត្នវិសេស បានសោយរាជសម្បត្តិហើយ ស្តេចក៏ចាយព្រះរាជទ្រព្យ អោយជាទានអស់ស្មូមយាចក អ្នកកំសត់ទុគ៌ត

ទាំងឡាយ ក្នុងមួយថ្ងៃៗ ៦សែនតម្លឹង គ្រប់សព្វសាលាទានទាំង៦នោះ។ លុះយូរលង់បន្តិចទៅ សម្តេចព្រះភគវតីមទ្រីទេវី ទ្រង់គភ៌ ខែ១០គ្រប់បរិបូណ៌ ពុំយូរឡើយ ព្រះនាងប្រសូត្រព្រះរាជបុត្រ មួយបរិសុទ្ធកន្លង រីពពួកព្រះញាតិទាំងឡាយ ទទួលព្រះរាជកុមារនឹងបណ្តាញមាស ហេតុនោះហោង ក៏សន្មតនាមហៅថា ចៅជាលីកុមារ។ លុះចៅជាលីកុមារ ចេះចាប់សៀរ ដើរទេងទោង ឈោងវារបន្តិចៗ ព្រះនាងប្រសូត្រ ព្រះរាជបុត្រីមួយទៀត អស់ព្រះញាតិផងទាំងឡាយ នាំគ្នាទទួលព្រះរាជបុត្រីនោះ នឹងស្បែកខ្លាឃ្មុំ រាយផ្កាយសឹងមាស ហេតុនោះឯង ទើបសន្មតកត់ហៅថា នាងក្រស្នាកុមារី ដូច្នេះ។ ព្រះមហាសត្វ ព្រះអង្គឡើងគង់លើដំរីរ័ត្នមង្គលដ៏ប្រសើរ ស្តេចទៅទតសាលាទានទាំង៦ ក្នុង១ខែៗ ៦ដង។

ព្រះវេស្សន្តរនិងដំរីស

ព្ធដ៏កាលនោះ មានស្រុកស្តេចព្រាហ្ម៍មួយ ឈ្មោះ កលិង្គរាស្ត្រ នៅព្ធដ៏ទុព្វុដ្ឋិគ្រាម កើតទុរ្ភិក្ស រាំងភ្លៀងអត់បាយ រីទន្សាយសោត សឹងដ៏កាត់ស្រូវ ដង្កូវរោមផ្លែពេញទាំងស្រែ ឯស្រូវនោះ ក៏ស្កកស្លាប់អស់ មិនមានសល់ដល់តិចឡើយ។ អស់មហាជនផងទាំងឡាយ សឹងកើតជាចោរក្មួយអស់ហោង ហើយកើតជាកោលាហលរវល់ ក្នុងព្រះនគរ ក្រៅព្រះនគរឥតសុខសប្បាយដល់តិចឡើយ ទើបអស់នាម៉ឺន មន្ត្រី សេនាបតី រាជបណ្ឌិត អាមាត្រ កវី អ្នកប្រាជ្ញ រាជបុរោហិត ព្រាហ្មណ៍ព្រឹទ្ធផងទាំងពួង បបួលគ្នាជំនុំ នៅនាកណ្តាលមុខព្រះលាន ហើយទើបក្រាបបង្គំទូល ព្រះមហាក្សត្រាធិរាជថា បពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ឥឡូវនេះ វាកើតកោលាហលរវល់ដូច្នេះ តើយើងខ្ញុំ នឹងធ្វើដូចម្តេច ក៏នឹងបានភ្លៀងបង្អុរចុះមកបាន? សូមទានព្រះមេត្តាប្រោស ព្រះអង្គគិត រកឧបាយ ក៏បានអេះ ថាបើព្រះអង្គមិនទ្រង់គិតហើយ អស់មហាជនផងទាំងឡាយ មុខជាអត់បាយស្លាប់អស់មិនទេឡើយ។

 ព្រះមហាក្សត្រាធិរាជ ទ្រង់ព្រះសណ្តាប់ហើយ មានព្រះបន្ទូលថា ម្នាលអ្នកទាំងឡាយអើយ ថាបើដូច្នោះ រង់ចាំអញសិន អោយបាន៧ថ្ងៃ សូមភ្លៀងនោះលមើល។ ព្រះមហាក្សត្រាធិរាជមានព្រះបន្ទូលម្ល៉ោះហើយ អោយដំណើរអស់មុខមន្ត្រីផង ទាំងឡាយ ទៅកាន់ឋានលំនៅអាត្មាទីទៃៗ នោះរៀងខ្លួនហោង។ ឯក្រោយនោះឯ ព្រះមហាក្សត្រាធិរាជ ព្រះអង្គ ឡើងទៅគង់លើប្រាសាទរ័ត្នដ៏ប្រសើរ ទ្រង់នូវព្រះពស្ត្រស បរិសុទ្ធ មកស្ពាយឆៀងប្រពៃ ហើយតាំងចាំសីល ឧបោសថ ៧ថ្ងៃនោះក្តី សូម្បីនឹងមានភ្លៀងស្រក់ចុះមក១តំណក់

នោះ ក៏គ្មានឡើយ។ អស់មុខមន្ត្រីផង ទៅជំនុំគ្នាវិញទៀត ទើបព្រះមហាក្សត្រាធិរាជ មានព្រះបន្ទូលថា ម្នាលអ្នកទាំងឡាយអើយ ឥឡូវនេះ អញចាំសីល ឧបោសថនោះ ជាគម្រប់ ៧ថ្ងៃ ថ្ងៃនេះហើយ សូម្បីនឹងមានភ្លៀងធ្លាក់ចុះមកដល់១តំណក់នោះ ក៏គ្មានឡើយ ដូច្នេះ តើយើងនឹងគិតធ្វើដូចម្តេច តអំពីនេះទៅទៀត។ ទើបអស់មន្ត្រីផងទាំងឡាយ ក្រាបបង្គំទូលថា សូមទានព្រះមេត្តាប្រោស យើងខ្ញុំអម្ចាស់បានដឹងឮថា ព្រះបាទស្រីវេស្សន្តរ ជាព្រះរាជបុត្រព្រះបាទស្រីសញ្ជ័យ នៅនាជេតុត្ថនគរសព្វថ្ងៃនេះ តែង

នឹងយកមាសប្រាក់ អោយស្មូមយាចកផងទាំងឡាយ មិនដែលដាច់ឡើយ។ យើងខ្ញុំឮថា ព្រះអង្គមានដំរីរ័ត្នមង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ។ រីឯដំរីនោះសោត ថាបើដួចដល់ទៅឋានណាៗហើយ ភ្លៀងក៏តែងបង្អុរធ្លាក់ចុះក្នុងទីនោះៗ។ រីស្រូវអង្ករ សណ្តែក ល្ងនោះ ក៏កើតមានឡើយប្រាកដ ទាំងមាសប្រាក់ កែវកង សម្បត្តិសម្បូណ៌សោត ក៏កើតមានឯងច្រើន។ សូមទ្រង់ព្រះមេត្តា ប្រោស មានតែព្រះអង្គប្រើព្រាហ្មណ៍ ទៅសូមដំរីនោះ នាំយកមកឥឡូវនេះហោង។ ព្រះមហាក្សត្រ ទ្រង់ព្រះសណ្តាប់ហើយ មានព្រះរាជហឫទ័យនោះ ត្រេកអរក្រៃពេក ទើបស្រាវ ជ្រើសរើសអស់ព្រាហ្មណ៍ផង ទាំងឡាយនោះ បាន៨នាក់។


 រីឈ្មោះព្រាហ្មណ៍៨នាក់នោះ មួយឈ្មោះរាមព្រាហ្មណ៍ មួយឈ្មោះ ធជព្រាហ្មណ៍ មួយឈ្មោះលក្ខណព្រាហ្មណ៍ មួយឈ្មោះ សុជាតិមន្តព្រាហ្មណ៍ មួយឈ្មោះ យញ្ញព្រាហ្មណ៍ មួយឈ្មោះសុជាតព្រាហ្មណ៍ មួយឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍ មួយឈ្មោះសុយាមព្រាហ្មណ៍។ ព្រះមហាក្សត្រាធិរាជ មានព្រះបន្ទូលផ្តាំដោយនូវដំណើរ នោះស្រេចហើយ អោយដំណើរព្រាហ្មណ៍ទាំង៨នាក់នោះទៅហោង។

 ព្រាហ្មណ៍ទាំង៨នោះ ដើរទៅតាមអណ្តាប់អណ្តោយ ទៅដល់នគរជេតុត្តរនោះ ព្រាហ្មណ៍ ហូបបាយល្ងាចនៅសាលាទាន ហើយដេកសម្រាន្ត នៅនាឋាននោះ។ នាកាលព្រាហ្មណ៍នឹងដេកនោះ មកគិតពិចារណានឹងគ្នាថា ម្នាលគ្នាយើងអើយ មានតែយើងយកល្អងធូលី ដីខ្សាច់ លាបស្រលាបអស់ទាំងខ្លួនយើងនោះ ទើបព្រះអង្គទត រមិលមើលមកយើង ស្គាល់ជាក់ថា ព្រាហ្មណ៍ ៗគិតនឹងគ្នាម្ល៉ោះហើយ ក៏ដេកលក់ស្រមុកខីៗ ខុរៗ ដរាបដល់ថ្ងៃហោង។ បពិត្រអើយ លុះព្រឹក ព្រហាមឡើងនោះឯង ព្រះបាទស្រីវេស្សន្តរ ព្រះអង្គស្រង់ជម្រះស្រេចហើយ ទើបសោយនូវភោជនាហារត្រកាល មានឱជារសពីសាផ្សេងៗ ទើបព្រះអង្គទ្រង់គ្រឿង

ប្រដាប់សម្រាប់ប្រពៃស្រេចហើយនៃ ស្តេចឡើងគង់លើបាដំរីរ័ត្ន មង្គលប្រសើរ ស្តេចលីលាទៅទតសាលាទានទាំង៦នោះ ស្តេចចែកចាយព្រះរាជទ្រព្យ ព្រះរាជទានស្មូមយាចក ទាំងឡាយ។ រីព្រាហ្មណ៍ទាំង៨នាក់នោះ យល់ស្មូមផងទទួលយកទាននោះ ឆោឡោចង្អៀតទាំងសាលា នឹងចូលទៅសូម ដំរីបច្ច័យនាគេន្ទ្រព្ធដ៏ឋាននោះពុំបានឡើយ ហើយបបួលគ្នាដើរទៅកាន់សាលាទានខាងត្បូង ឈរលើដំបូកបានបន្តិច

 ព្រះមហាក្សត្រាធិរាជ ស្តេចបរដំរីទៅទតសាលាទាន ព្ធដ៏ទ្វារខាងត្បូងនោះ ហើយព្រាហ្មណ៍ទាំង៨នាក់នោះ រមិលមើលទៅ យល់ព្រះមហាក្សត្រាធិរាជ ក៏នាំគ្នាលើកដៃដាក់លើសិរសា ក្រាបបង្គំទូលសេចក្តីដូច្នេះថា សូមព្រះបាទស្រី វេស្សន្តរ ដ៏ជាមហាក្សត្រប្រសើរ ព្រះអង្គមានជ័យជម្នះ ឈ្នះអស់សត្រូវផងទាំងឡាយ។ ព្រះមហាក្សត្រ ស្តេចទតយល់ ព្រាហ្មណ៍ទាំង៨នាក់នោះហើយ មានព្រះបន្ទូលដណ្តឹងសួរជាបាទព្រះគាថា ដូច្នេះថា ម្នាលព្រះស្តែងព្រាហ្មណ៍អើយ អញពិតពិល រមិលមើលទៅព្រះស្តែងនេះហើយ យល់អាក្រក់អ្វីមាល្បាយអេះ សឹងប្រឡាក់នូវផង់ធូលីដុំខ្សាច់ ដ៏មានធ្មេញ ស ប្រស្តែងលើកនូវដៃស្តាំ ដាក់លើក្បាលហើយពោលដូច្នោះ តើប្រស្តែងមានបើចង់សូមទ្រព្យអ្វីអំពីអញហៈ? ព្រាហ្មណ៍ទាំង៨នាក់នោះឮហើយ ក្រាបថ្វាយបង្គំប្រណម្យទូល ជាបាទគាថា ដូច្នេះថា បពិត្រព្រះនារាយណ៍នរបតី ស្រី សម្មតិ

ទេពមហារាជប្រសើរអើយ យើងខ្ញុំមកសូមដំរីរ័ត្នប្រសើរ តែងនឹងចំរើនសិរីសួស្តី អ្នកស្រីពិរាស្ត្រផងទាំងពួង ដ៏មានភ្លុកស្តាំនោះងទន្ទាំ កំពុងពេញកម្លាំង ដ៏មានចាមរនោះល្គាយល្គង រាំងគន្លង បោសព្រះធរណី សូមព្រះអង្គ ព្រះរាជទានមកយើងខ្ញុំព្រះអង្គហោង។

 ព្រះមហាក្សត្រ ស្តេចស្តាប់ពាក្យព្រាហ្មណ៍ហើយ ព្រះអង្គទ្រង់ព្រះចិន្តាពិចារណាថា អញនៅសព្វថ្ងៃនេះ គិតតែនឹងចង់អោយអជ្ឈត្តិកទាន គឺទានក្នុងខ្លួនអញ ក៏ឥឡូវនេះ ព្រាហ្មណ៏សូមដំរីបច្ច័យនាគេន្ទ្រនេះ ហៅថា ពាហិរកទាន ក្រៅខ្លួនអញ ក៏អញនឹងអោយឥឡូវនេះឯង។ ព្រះបរមពោធិសត្វ ទ្រង់ព្រះចិន្តាពិចារណា នូវប្រការ អម្បាលនោះហើយ ទើបមានព្រះបន្ទូលទៅនឹងព្រាហ្មណ៍ទាំង៨នោះ សូត្រជាបាទព្រះគាថា ដូច្នេះថា ហៃប្រស្តែង ព្រាហ្មណ៍អើយ អញនៅសព្វថ្ងៃនេះ ពុំមានចិត្តរន្ធត់ទៅដោយចិត្តកំណាញ់ឡើយ មួយសោត អញនៅសព្វថ្ងៃនេះ ពុំមាន សំណល់សំចៃលាក់នូវទ្រព្យល្អអ្វីមួយ នឹងស្មូមនោះ ឥតមានឡើយ។ ឥឡូវនេះ ប្រស្តែងមកសូមដំរីរ័ត្នមង្គល ដ៏ជាដំរីឧត្តម សមជារាជពាហនៈ ដ៏ប្រសើរអំពីអញ ៗនឹងប្រទានអោយប្រស្តែងឥឡូវនេះហោង។

ហេតុនោះហោង ព្រះអង្គបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលនឹងព្រះមហាសារីបុត្តត្ថេរថា ហៃសារីបុត្តអើយ កាលណោះ ព្រះបាទស្រីវេស្សន្តរបរមក្សត្រ តែងមានព្រះរាជហឫទ័យសទ្ធាជ្រះថ្លា ទ្រង់ព្រះរាជទានដំរីបច្ច័យនាគេន្ទ្រ ស្រេចហើយ ស្តេចចុះអំពីកដំរីរ័ត្នមង្គល ទ្រង់ប្រទក្សិណ៣ជុំ ហើយស្តេចទតមើលឋានឯណា ពុំទាន់ប្រដាប់សព្វគ្រប់មិញ ព្រះអង្គក៏អោយប្រដាប់បំពេញអស់ឋានទាំងនោះ អោយពេញបរិបូណ៌ រួចទ្រង់មានព្រះបន្ទូលហៅពួកព្រាហ្មណ៍ទាំងអស់ អោយចូលមក ហើយស្តេចចាប់ប្រមោយដំរីរ័ត្ន មានឧបមាបីដូចកម្រងផ្កាប្រាក់ ស្តេចដាក់លើដៃព្រាហ្មណ៍ហើយស្រេច ស្តេចយកនូវទឹកគណ្ឌីមាស ដ៏ពេញនីទៅនូវទឹកអប់ត្រឡប់នូវគន្ធពិដោរ ព្រះអង្គ ទ្រង់ច្រូចទឹកលើដៃព្រាហ្មណ៍ ហើយព្រះរាជទានដំរីរ័ត្នមង្គលនោះទៅព្រាហ្មណ៍ទាំងនោះហោង។

ហៃសារីបុត្តអើយ រីឯគ្រឿងប្រដាប់ជើងដំរីទាំង៤នោះសោត មានតម្លៃ៤សែនតម្លឹង រីគ្រឿងប្រដាប់សម្រាប់សងខាងជើង ដំរីនោះសោត មានតម្លៃ២សែនតម្លឹង រីសំពត់រាយផ្កាយមាសពាស ព្ធដ៏ផ្ទៃដំរីនោះសោត មានតម្លៃ១សែនតម្លឹង រីបណ្តាញ រ័ត្នទាំង៣ ជាគ្រឿងប្រដាប់រំយោលលើខ្នងដំរីនោះ មាន

តម្លៃ៣សែនតម្លឹង រីគ្រឿងប្រដាប់ថ្ពាល់ដំរី ទាំងសងខាងនោះ មានតម្លៃ២សែនតម្លឹង រីសំពត់រ័ត្នកម្ពល ពាសក្រាលលើខ្នងដំរីនោះ មានតម្លៃ១សែនតម្លឹង រីគ្រឿងប្រដាប់ពោងដំរីនោះ មានតម្លៃ១សែនតម្លឹង រីមណីរ័ត្នទាំង៣ ប្រដាប់ចង្កាដំរីនោះ មានតម្លៃ៣សែនតម្លឹង ឯគ្រឿងប្រដាប់ទាំងសងខាងត្រចៀក មានតម្លៃ២សែនតម្លឹង គ្រឿងប្រដាប់ភ្លុកដំរីទាំងសងខាង មានតម្លៃ២សែនតម្លឹង រីមណីរ័ត្នជាគ្រឿង

ប្រដាប់ប្រមោយដំរី មានតម្លៃ១សែនតម្លឹង មណីរ័ត្នប្រដាប់កន្ទុយ មានតម្លៃ១សែនតម្លឹង មណីរ័ត្នប្រដាប់ជើងជណ្តើរ តែងនឹងឡើងដំរីនោះ មានតម្លៃ១សែនតម្លឹង រីខ្ទះដណ្តាំបាយអោយដំរីសព្វថ្ងៃនោះ មានតម្លៃ៩តម្លឹង រីនឹងស្រដីអស់ទ្រព្យគ្រឿងប្រដាប់សម្រាប់ ដំរីនោះ មកផ្សំអស់ទាំងអម្បាលណោះ ត្រូវ អស់ជាមាស ២លាន ៤សែនតម្លឹងហោង។ ឯទ្រព្យក្រៅអំពីនេះទៅ រីមណីរ័ត្នប្រដាប់កង្វេរនោះក្តី មុក្តារ័ត្នប្រដាប់ខ្សែរំយោលស្វេតច្ឆ័ត្រសម្រាប់ដំរីនោះក្តី សឹងមានតម្លៃនឹងកាត់ថ្លៃនោះពុំបាន ព្រះអង្គអោយទាន មិនត្រឹមតែដំរី និងគ្រឿងប្រដាប់នោះឡើយ ស្តេចប្រទានអស់ទាំងពេទ្យហ្មទ្រមាក់រក្សាទាំង៥០០ ស្តេចអោយទៅជាទាន មួយអន្លើនឹងដំរីនោះឯង។ កាលនោះ សេចក្តីអស្ចារ្យកើតមានប្រាកដ ទាំងក្រឡាមហាប្រឹថពី ក៏កក្រើកជាដើម ដូចន័យដែលបានពោលរូចមកហើយ។

រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលនឹង ភិក្ខុផងទាំងឡាយ សូត្រជាបាទព្រះគាថា ថា ហៃភិក្ខុផងទាំងឡាយអើយ នាកាលព្រះវេស្សន្តរ ព្រះរាជទានដំរីបច្ច័យនាគេន្ទ្រ ទៅព្រាហ្មណ៍ទាំង៨នាក់នោះ (៥៩) ក៏កើតអស្ចារ្យ ជាពន្លឹកមុខគួរខ្លាច នាំអោយព្រឺព្រួច អស់ទាំងលោមា អស់ទាំងអ្នកនគរ ក៏ភ្ញាក់ផ្អើលវរវឹក សូរស័ព្ទអ៊ឹកធឹកលាន់ឮរំពង ជាអស្ចារ្យក្រៃលែង ក្នុងកាលដែលព្រះ វេស្សន្តរប្រទានដំរី ដ៏ប្រសើរ តែងធ្វើនូវសេចក្តីចម្រើនដល់អ្នកស្រុកស្រីពិរាស្ត្រ ព្ធដ៏កាលនោះហោង។



កាលនោះ ព្រាហ្មណ៍ទាំង៨នាក់មកសូមដំរីបច្ច័យនាគេន្ទ្រ នៅទ្វារឯត្បូងនោះបានហើយ ក៏នាំគ្នាឡើងជិះអំពីក្បាល រៀងទៅដល់កន្សៃ បរចេញទៅមួយអន្លើនូវអស់បរិវារផងទាំងឡាយប្រមាណ៥០០ នាកណ្តាលព្រះនគរនោះឯង។ រីអស់មហាជន រមិលមើលទៅយល់ដំរីរ័ត្នមង្គលហើយ ក៏ស្រដីទៅវិញទៅមកកាន់គ្នាថា អ្នកទាំងឡាយអើយ ព្រាហ្មណ៍នេះ វាបានដំរីអំពីណា បរទៅនោះអេះ? អ្នកខ្លះរត់ទៅស្រែកដណ្តឹងសួរថា វឺយព្រាហ្មណ៍ ប្រស្តែងបានដំរីនោះ អំពីណា ក៏បរទៅព្រងើយដូច្នេះហ៊ឺះ។ រីព្រាហ្មណ៍ស្តាប់ហើយ ឆ្លើយថា

 ប្រស្តែងដណ្តឹងធ្វើអ្វី ដំរីប្រស្តែងឬអ្វីហៈ? ដំរីនេះ ព្រះបាទស្រីវេស្សន្តរ ព្រះអង្គអោយទានយើង ៗយកជិះបរទៅឯងអេះ ការងារអ្វីនឹងប្រស្តែង ក៏ប្រស្តែងមកដណ្តឹងហ៊ឹះ។ អ្នកខ្លះបូញមាត់ បត់ដុំដៃបង្ហាញទៅថា នែប្រស្តែងដណ្តឹងរកដុំដៃដៅខ្នង ឬមួយនឹងចង់ស៊ីផ្លែស្រម៉ដៅក្បាលវិញហៈ? (៦០) ព្រាហ្មណ៍ស្រដីតែម្ល៉ោះហើយ ក៏បរដំរីនោះចេញទៅដោយទ្វារឯជើងព្រះនគរនោះហោង។

រីអស់អ្នកនគរផងទាំងឡាយ ហេតុតែទេវតាមកអាភៀសចិត្តនោះមិញណា ក៏សឹងតែខឹងនឹងព្រះពោធិសត្វនោះ មហិមាក្រៃពេក ហើយបបួលគ្នាទៅជំនុំនៅមុខព្រះលាន ស្រដីនូវពាក្យនោះកងរំពង ឮទៅនាកណ្តាលអាកាស។ ហេតុនោះហោង ព្រះអង្គបានត្រាស់ប្រាជ្ញាសព៌េជ្ញតាញាណ ព្រះអង្គមានព្រះបន្ទូលនឹងព្រះមហាសារីបុត្តត្ថេរ សូត្រជាបាទព្រះគាថា ថា ហៃសារីបុត្តអើយ ព្ធដ៏កាលនោះ រីអស់អ្នកនគរផងទាំងឡាយ គេខឹងនឹងអញតថាគត ត្បិតតែអោយទានដំរីមង្គលប្រសើរទៅព្រាហ្មណ៍ ហាក់ដូចនឹងរបើករលើងទាំងព្រះនគរនោះឯងហោង។

 ម្នាល សារីបុត្តអើយ នាកាលអញតថាគតប្រទានដំរីមង្គល តែងធ្វើនូវសេចក្តីចំរើនដល់អ្នកស្រុកស្រីពិរាស្ត្រ កាលនោះ មានសូរស័ព្ទកងរំពងទាំងនគរស្រីពិរាស្ត្រនោះ មុខគួរស្ញប់ស្ញែងជាពន្លឹក។ គ្រានោះ ពួកអ្នកនគរ មានចិត្ត ខេខឹងនឹងព្រះពោធិសត្វ ព្រោះតែព្រះអង្គព្រះរាជទានដំរីនោះ ទើបនាំគ្នាឡើងក្រាបទូល ដល់ព្រះបាទស្រីសញ្ជ័យ មហារាជ ដ៏ជាសម្តេចព្រះវរបិតា។ ហេតុនោះហោង ព្រះអង្គមាន

ព្រះបន្ទូលសូត្រជាបាទព្រះគាថា ដូច្នេះថា កាលនោះ ពួករាជបុត្រដែលមានករ្តិ៍ឈ្មោះល្បីល្បាញ ពួកឈ្មួញ ពួកព្រាហ្មណ៍ ពួកពលដំរី ពួកពលសេះ ពួកពលរថ ពលថ្មើជើង រូមទាំងពូកអ្នកនិគមកុដុម្ពី ពួកអ្នកស្រុកស្រីពិរាស្ត្រ កាលបានឃើញព្រាហ្មណ៍បរដំរីចេញទៅដូច្នេះ ដ៏មក ប្រជុំព្រមល្មមជាមួយគ្នា ហើយក្រាបទូលព្រះមហាក្សត្រថា បពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ រីព្រះបាទ ស្រីវេស្សន្តរ ជាព្រះរាជបុត្រ

របស់ព្រះអង្គ មិនឋិតដោយនូវគន្លងធម៌ ម្តេចឡើយ ក៏មកយក ឯដំរីរ័ត្នប្រសើររបស់យើងខ្ញុំ ព្រះរាជទានទៅជាទានព្រាហ្មណ៍ នាដំរីនោះមានរស្មីភ្លឺផ្លេក ៗ មានចារល្គាយល្គង រាំងគន្លងបោសព្រះធរណី ហើយមាន ភ្លុកឯស្តាំនោះងទន្ទាំ អាចញំាញីអស់សត្រូវផង សមនូវស្វេតច្ឆ័ត្រ ជារាជយានដ៏ប្រសើរ តែងនឹងនាំព្រះមហាក្សត្រ ដ៏មានខ្លូននោះសប្រហែលនឹងភ្នំកៃលាសបព៌ត សមអ្វីនឹងព្រាហ្មណ៍នោះហ៊ឹះ អោយទានតែដំរីនោះទៅវា ម្តេចឡើយ ក៏អោយទាំងស្វេតច្ឆ័ត្រ គ្រឿងប្រដាប់ពេទ្យហ្ម ទម័ក ទាំង៥០០នោះទៅផង វាអស់សោះរលីងជាម្តងហោង។

លុះអ្នកនគរទាំងនោះ ក្រាបបង្គំទូលយ៉ាងនេះហើយ ទើបក្រាបទូល សូត្រជាបាទព្រះគាថា ថា បពិត្រ ព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ព្រះបាទស្រីវេស្សន្តរនោះ ព្រះអង្គគួរតែព្រះរាជទាន បាយ ទឹក សំពត់ អាវ សាវ ស្បៃ ទីដេក ទីអង្គុយផងទាំងពួង ត្បិតរបស់អស់នេះ សឹងសមគួរដល់ទាន ទាំងជារបស់សមគួរដល់ពួកព្រាហ្មណ៍ផង។ បពិត្រ ព្រះបាទស្រីសញ្ជ័យមហារាជអើយ ព្រះបាទស្រីវេស្សន្តរ ជាព្រះរាជបុត្ររបស់

ព្រះអង្គ បានឡើងគ្រងរាជតព្រះវង្ស តែងទ្រង់ធ្វើសេចក្តីចំរើនដល់អ្នកស្រីពិរាស្ត្រទាំងឡាយ ម្តេចឡើយ ក៏មកយកដំរីរ័ត្នមង្គល ទៅព្រះរាជទានដល់ព្រាហ្មណ៍? ល្គឹកណាតែព្រះអង្គ មិនព្រមធ្វើតាមពាក្យ អ្នកស្រីពិរាស្ត្រនេះទេ អ្នកស្រីពិរាស្ត្រ នឹងធ្វើព្រះអង្គ ព្រមទាំងព្រះរាជបុត្រ អោយលុះក្នុងកណ្តាប់ដៃគេ មិនទេឡើយ។ ព្រះបាទស្រីសញ្ជ័យមហារាជ ព្រះអង្គទ្រង់ព្រះសណ្តាប់សម្តីអ្នកស្រីពិរាស្ត្រអស់នោះហើយ ក៏ទ្រង់ព្រះចិន្តាថា មនុស្សអស់នេះ 

ប្រាថ្នានឹងសំលាប់បាវេស្សន្តរកូនអញ ទើបទ្រង់មានព្រះរាជឱង្ការ សូត្រជាបាទព្រះគាថា ថា ទោះយោបីជនបទដែនដី វិនាសបាត់អស់ទៅយ៉ាងណាក៏ដោយ អញមិនព្រមបណ្តោយរាជបុត្រ ជាអ្នកឥតទោស អោយថយចេញចាកដែនដីស្រីពិរាស្ត្រ តាមពាក្យអ្នកស្រីពិរាស្ត្រផងទាំងឡាយឡើយ ព្រោះបាវេស្សន្តរ ជាបុត្រ កើតពីទ្រូងអញ កើតអំពីខ្លួនអញ។

 មួយវិញទៀត អញមិនគួរប្រទូសរ៉ាយ នឹងបាវេស្សន្តរឡើយ ព្រោះបាវេស្សន្តរនោះ ជាអ្នកមានសីលដ៏ប្រសើរ ចុះអោយអញសំលាប់បាវេស្សន្តរដោយគ្រឿងសស្ត្រាវុធដូចម្តេចបាន? ពួកអ្នកស្រីពិរាស្ត្រ បានស្តាប់រាជតម្រាស់នោះហើយ ទើបនាំគ្នាក្រាបបង្គំទូលព្រះបាទស្រីសញ្ជ័យថា បពិត្រព្រះសម្មតិទេពថ្លៃប្រសើរអើយ រីព្រះបាទវេស្សន្តរ ដ៏ជាព្រះរាជឱរសរបស់ព្រះអង្គនោះ មិនគួរកាប់នឹងដាវ វាយនឹងដំបង

 ចងនឹងខ្សែទេ គ្រាន់តែនឹង បណ្តេញ អោយទៅនៅឯភ្នំ គិរីវង្គតបព៌តប៉ុណ្ណោះបានហើយ។ ព្រះបាទស្រីសញ្ជ័យ ទ្រង់ព្រះសណ្តាប់ហើយ ទើបទ្រង់ មានព្រះបន្ទូល សូត្រជាបាទព្រះគាថា ថា ម្នាលអ្នកទាំងឡាយអើយ នាបាវេស្សន្តរមានទោសនឹងអ្នកទាំងឡាយ នឹងបណ្តេញចេញ អញមិនថាអ្វីឡើយ តែសូមអោយអ្នកទាំងឡាយ អត់ទោសគាត់ នារាត្រីនេះសិន ចំាដល់ ព្រឹកស្អែកឡើង សឹមអ្នកទាំងឡាយ

 មកប្រជុំព្រមល្មមជាមួយគ្នា ហើយបណ្តេញគាត់ចេញទៅហោង។ រីព្រះបាទ ស្រីសញ្ជ័យ ព្រះអង្គមានព្រះបន្ទូលម្ល៉ោះហើយ ក៏អោយដំណើរពួកអ្នកស្រីពិរាស្ត្រ ទៅកាន់ឋានលំនៅអាត្មាទីទៃៗ។ ឯក្រោយនោះឯង ព្រះអង្គមានព្រះបន្ទូលប្រើរាជអាមាត្រម្នាក់ អោយនាំពណ៌មានទៅថ្កានព្រះរាជបុត្រ អាមាត្រនោះទទួល ព្រះរាជឱង្ការហើយ ក៏ទៅកាន់ព្រះរាជនិវេសន៍ ព្រះបាទស្រីវេស្សន្តរ ក្រាបទូលពណ៌មាននោះសព្វគ្រប់។ រីអាថ៌ធម៌ឯណា ពុំទាន់ប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គមានព្រះបន្ទូលនឹងភិក្ខុផងទាំងឡាយ សូត្រជាបាទព្រះគាថា ថា


 ម្នាលភិក្ខុទាំងឡាយអើយ កាលណោះ ព្រះបាទស្រីសញ្ជ័យមានព្រះបន្ទូលនឹងរាជអាមាត្រ ថា ម្នាលរាជអាមាត្រអើយ ចូរបាទៅប្រាប់បាវេស្សន្តរឥឡូវនេះឯង ថា អ្នកស្រីពិរាស្ត្រ គេខឹងនឹងបាវេស្សន្តរ ត្បិតតែអ្នកអោយទានដំរីទៅព្រាហ្មណ៍។ រីរាជអាមាត្រ ទទួលយកព្រះបន្ទូល ថ្លៃវិសេសហើយ ក្រាបថ្វាយបង្គំលា ទៅកាន់សម្នាក់  ព្រះបរមពោធិសត្វ ក្រាបទូលព្រះបាទស្រីវេស្សន្តរថា បពិត្រ ក្សត្រថ្លៃប្រសើរអើយ ក៏ឥឡូវ

នេះ អស់អ្នកស្រីពិរាស្ត្រផងទាំងឡាយ គេខឹងនឹងព្រះអង្គណាស់ ទោះព្រះរាជទេពីក្តី ព្រះរាជបុត្រក្តី អស់ស្រីស្នំ ក្រមការ ភ្នាក់ងារ ស្រុកស្រែក្រៅលំនៅជនបទ កំណត់ស្រុកតូច ស្រុកធំ សមណព្រាហ្មណាចារ្យ នាយដំរី នាយសេះ នាយរទេះ គេសឹងតែខឹងនឹងព្រះអង្គ ព្រមល្មមអស់ទៅហើយ។ បពិត្រ មហារាជអើយ នាព្រឹកស្អែកនេះឯង លុះព្រះអាទិត្យរះឡើងហើយ គេនឹងបំបរបង់ព្រះអង្គចេញទៅហោង។

ព្រះមហាសត្វ ព្រះអង្គមានព្រះបន្ទូលទៅនឹងរាជអាមាត្រថា ម្នាលរាជអាមាត្រអើយ ព្រោះរឿងអ្វីបាជាពួកអ្នកស្រីពិរាស្ត្រ គេខឹងនឹងយើង ៗមើលមិនឃើញ អំពើអាក្រក់អ្វីឡើយ ចូរអ្នកប្រាប់អំពើអាក្រក់នោះ អោយយើងបានដឹងផង ចុះហេតុអ្វី បានជាគេនាំគ្នាបំបរបង់យើងចេញ? 

រាជអាមាត្រនោះក្រាបបង្គំទូលស្នង ថា​​​  ពួកឧគ្គជន ពួករាជបុរស ពួកឈ្មួញ ព្រាហ្មណ៍ ពលដំរី សេះ រថ ថ្មើជើង នាំគ្នាត្មះតិដៀល ខឹងនឹងព្រះអង្គ ព្រោះតែទ្រង់ព្រះរាជទានដំរីបច្ច័យនាគេន្ទ្រ ហេតុហ្នឹងហើយ បានជាគេនាំគ្នាបំបរបង់ព្រះអង្គចេញ។ ព្រះមហាសត្វ ទ្រង់ស្តាប់ហេតុភេទនោះហើយ មានព្រះទ័យសោមនស្ស ត្រាស់ថា ម្នាលរាជអាមាត្រអើយ កុំថាតែដំរី បច្ច័យនាគេន្ទ្រ ដែលអញអោយទៅជាទានព្រាហ្មណ៍នោះឡើយ អញគិតសព្វថ្ងៃនេះ ចង់តែនឹងអោយ អជ្ឈត្តិកទាន គឺ ទានក្នុងខ្លួនអញឯងហៈ ឥឡូវនេះ ព្រាហ្មណ៍វាមកសូមដំរី ហៅ ពាហិរកទាន គឺទានក្រៅអំពីខ្លួនអញ ៗនឹងស្តាយថ្វី ចៅអា

មាត្រអើយ អស់អ្នកស្រីពិរាស្ត្រផង គេខឹងនឹងអញ ត្បិតអញអោយទាននោះ ទោះគេនឹងកាត់ខ្លួនអញជា៧ កំណាត់ក្តី ក៏អញមិនភ្លេចត្រង់អោយទាននោះឡើយ។ រាជអាមាត្រស្តាប់ព្រះបន្ទូល ព្រះបរមពោធិសត្វហើយ ក្រាបថ្វាយបង្គំប្រណម្យទូលពណ៌មានដទៃវិញទៀត ហេតុអាមាត្រនោះ ស្រឡាញ់ព្រះបរមពោធិសត្វនោះឯង ទើបក្រាបទូលជាបាទគាថា ថា បពិត្រអើយ រីអស់អ្នកស្រីពិរាស្ត្រ ផងទាំងឡាយ ជំនុំល្មមព្រមហើយនឹងបណ្តេញព្រះអង្គអោយទៅនៅភ្នំអរញ្ញបព៌តអាស្រ័យនឹងស្ទឹងកោន្តិមារានទីហោង។

 ព្រះបរមពោធិសត្វ ទ្រង់ស្តាប់ពាក្យរាជអាមាត្រនោះហើយ មានព្រះបន្ទូលថា ប្រពៃហើយ រាជអាមាត្រយើងនឹងដើរទៅ តាមផ្លូវជាដំណើរ នៃព្រះមហាក្សត្រដែលធ្វើខុសទាំងឡាយ ប៉ុន្តែឥឡូវនេះ ពួកអ្នកនគរ គេបំបរបង់យើង មិនមែនដោយទោសដទៃឡើយ ព្រោះតែយើងអោយដំរីរ័ត្ន ទៅជាទានព្រាហ្មណ៍ បើដូច្នេះ ទុកបង្អង់ អោយយើងអោយសត្តសតកមហាទានបាន១ថ្ងៃសិន សូមអោយអ្នកនគរ បង្អង់ទុក

ឱកាសអោយយើង ១ថ្ងៃសិន ដល់ព្រឹកស្អែក យើងបានអោយទានរួចហើយ សឹមយើងទៅក្នុងថ្ងៃខានស្អែក ហើយទ្រង់សូត្រជាបាទព្រះគាថា ថា យើងនឹងទៅតាមផ្លូវរបស់ក្សត្យដែលធ្វើខុស សូមអ្នកទាំងឡាយអត់ទោស បង្អង់អោយយើង ១យប់ ១ថ្ងៃសិន ទម្រាំយើង អោយទានស្រេច។ រាជអាមាត្រស្តាប់ព្រះបន្ទូលថ្លៃ នៃព្រះពោធិសត្វហើយ ក៏ទទួលយកព្រះបន្ទូលពិសេស ទៅក្រាបបង្គំទូល ព្រះបាទ ស្រីសញ្ជ័យ មួយអន្លើនឹងអស់អ្នកស្រីពិរាស្ត្រផងទាំងឡាយ។ 

កាលនោះ ព្រះបរមពោធិសត្វមហាបុរសរ័ត្នវិសេស ព្រះអង្គអោយដំណើររាជអាមាត្រនោះទៅហើយ ឯក្រោយនោះឯង ព្រះអង្គមានព្រះបន្ទូល បង្គាប់ប្រើសេនាបតីមួយដ៏ជាធំថា ហៃសេនាបតីដ៏ជាធំអើយ ចូរប្រស្តែង ទៅប្រដាប់នូវដំរីនោះ បាន៧០០ សេះ៧០០ រទេះ៧០០ ស្រីកញ្ញា៧០០ មេគោឆ្មាត់៧០០ គោឧសភរាជ ៧០០ ខ្ញុំស្រី ៧០០ ខ្ញុំប្រុស ៧០០ មួយអន្លើនូវបាយ ទឹក សំពត់អាវសាវស្បៃ មាសប្រាក់ កែវកងសព្វពិធរ័ត្នផងទាំងពួង 

(៧៣) ដោយហោចទៅ សូម្បីសុរា ជារបស់មិនគួរអោយជាទាន ចូរប្រស្តែងប្រដាប់មហាទានអោយមានសព្វគ្រប់។ នាព្រឹកស្អែកនេះ អញនឹងចេញចាយ សត្តសតកមហាទានស្រេចហើយ លុះព្រឹកខានស្អែកឡើង អញនឹងចេញអំពីស្រុកនេះទៅហើយ។ ម្ល៉ោះហើយ ព្រះអង្គ អោយដំណើរសេនាបតីនោះ ទៅកាន់លំនៅអាត្មាវិញហោង។ ឯក្រោយនោះឯង ព្រះបរមពោធិសត្វ ព្រះអង្គលីលាទៅកាន់ឋានលំនៅនាងមទ្រី តែមួយព្រះអង្គ ទ្រង់គង់លើខ្នងកម្រាល មានសិរីសួស្តី ហើយសំណេះសំណាលជាមួយនឹងព្រះនាងមទ្រី នាកាលណោះហោង។

 រីអាថ៌ធម៌ឯណា ពុំប្រាកដ បទព្រះបាលីឯណា ពុំទាន់ចែងច្បាស់ លុះព្រះបានត្រាស់ហើយ ព្រះអង្គ មានបន្ទូលនឹងភិក្ខុទាំងឡាយ សូត្រជាបាទគាថា ដូច្នេះថា ម្នាលភិក្ខុទាំងឡាយអើយ ព្ធដ៏កាលនោះ ព្រះបាទស្រីវេស្សន្ត ស្តេចមានព្រះបន្ទូលនឹងព្រះនាងមទ្រីទេវីថា (៧៤) ម្នាលមទ្រីនាងអើយ រីទ្រព្យឯណានីមួយ ទោះមាសក្តី ប្រាក់ក្តី កែវមុក្តាក្តី កែវពិទូរ្យជាច្រើនក្តី ទោះបីទ្រព្យឯណាដែលសម្តេចព្រះវរបិតាប្រទានអោយនាងក្តី ចូរនាងកប់ទុក អោយល្អប្រពៃសព្វគ្រប់ហោង។ សម្តេចព្រះភគវតី ព្រះនាងមទ្រីដ៏ទ្រង់នូវលក្ខណាដ៏ប្រសើរ ទ្រង់ស្តាប់ហើយ ព្រះនាងក្រាបទូលព្រះរាជស្វាមីថា បពិត្រ ក្សត្រថ្លៃប្រសើរអើយ អញខ្ញុំ

សូមទូលសួរ សូមទ្រង់ថ្លែងប្រាប់ រីទ្រព្យទាំងអម្បាលណោះ តើអញខ្ញុំនឹងគ្រប់គ្រងកប់ទុក ក្នុងទីណា ? ព្រះបាទស្រីវេស្សន្តរ ទ្រង់ស្តាប់ហើយ ទ្រង់មានព្រះបន្ទូលថា មទ្រីទេវីនាងអើយ ចូរនាងអោយទាន ទៅសមណព្រាហ្មណាចារ្យ ស្មូមយាចក អ្នកកម្សត់ទុគ៌តផងទាំងឡាយចុះ ព្រោះទានជាទីពឹង ទីពំនាក់ របស់សព្វសត្វ ទំាងឡាយ មិនមានទីពឹងដទៃ ក្រៅពីទានឡើយ។ ព្រះនាងមទ្រី ទ្រង់ស្តាប់ហើយ ថ្វាយបង្គំប្រណម្យទូលថា បពិត្រព្រះបាទស្រីវេស្សន្តរ ដ៏ជាស្វាមីខ្ញុំអើយ ព្រះអង្គ មានព្រះបន្ទូលនោះគាប់ប្រពៃពេកណាស់ហោង។ ទើបព្រះមហាសត្វ


 (៧៥) ប្រទានឱវាទដំបូន្មានតទៅទៀតថា ម្នាលនាងមទ្រីអើយ អំណឹះអត់នឹងអញទៅហើយ ក៏ចូរនាងរក្សាកូនទាំងពីរឯក្រោយ ហើយអោយនាងបម្រើអ្នកទាំងពីរ ដ៏ជាមេក្មេក បាក្មេក និងអ្នកដែលមកជាភស្តារបស់នាង ដោយនូវវត្តប្រតិបត្តិទាំងពួងហោង។ ម្នាលនាងមទ្រីអើយ កាលណា បើអំណឹះអំពីអញទៅហើយ ទោះបីមានអ្នកឯណាមួយ គេប្រាថ្នាចង់បាននាងជាប្រពន្ធ ក៏ចូរនាងទៅនៅបម្រើគេជាភស្តាថ្មីចុះ កុំបីមានសេចក្តីព្រួយលំបាក ព្រោះការព្រាត់ប្រាស់ចាកអញនេះឡើយ។ ព្រះនាងមទ្រីទ្រង់ស្តាប់ ទ្រង់

ព្រះតម្រិះថា ហេតុអ្វីហ្ន៎ ក៏ព្រះរាជស្វាមីត្រាស់ព្រះវាចាដូច្នេះ? ទើបព្រះនាងក្រាបបង្គំទូលថា បពិត្រព្រះសម្មតិទេពក្សត្រថ្លៃប្រសើរអើយ ហេតុអ្វី ក៏ព្រះអង្គមានព្រះបន្ទូលនូវពាក្យមិនគួរគប្បីដូច្នេះ? ទើបព្រះមហាសត្វ មានព្រះបន្ទូលថា មទ្រីនាងអើយ ឥឡូវនេះ អ្នកស្រីពិរាស្ត្រផងទាំងឡាយ គេខឹងនឹងអញ ត្បិតតែអញអោយទានដំរីរ័ត្ន ប្រសើរនោះ ឥឡូវ គេបណ្តេញអញចេញចាកស្រុកនេះ អញនៅតែ 

(៧៦) ថ្ងៃនេះឯង នាថ្ងៃព្រឹកស្អែកនោះ អញនឹងអោយ សត្តសតកមហាទាន លុះថ្ងៃគម្រប់បី អញនឹងចេញចាកស្រុកនេះទៅហោង ហើយព្រះអង្គមានព្រះបន្ទូល ជាបាទគាថា ថា ម្នាលនាងមទ្រីអើយ អញនឹងចេញទៅនៅនាព្រៃហេមពាន្តនាយ ច្រឡំនីទៅនូវសត្វម្រឹគ បក្សីផងទាំងឡាយច្រើន ជាដើម គឺ រាជសីហ៍ ដំរីព្រៃ រមាំង រមាស ដេរដាសនីទៅនូវខ្លាធំ ខ្លាដំបង ទន្សោងខ្លោង គោព្រៃច្រើន មទ្រីនាងអើយ ជីវិតអញមួយនេះ អញនឹងសង្ស័យថា រស់នៅនោះ ពុំមានឡើយ។ ហេតុនោះហោង ព្រះអង្គបានត្រាស់ហើយ មានព្រះបន្ទូលនឹងភិក្ខុផងទាំងឡាយ សូត្រជាបាទព្រះគាថា ថា

 (៧៧) ហៃសារីបុត្តអើយ រីសម្តេចព្រះភគវតីនាងមទ្រី ដ៏ប្រកបនូវបញ្ចពិធកល្យាណី ជាព្រះរាជបុត្រីស្ត្រីត្រកូលអំបូរជាតិ ព្រះបាទ មទ្ទរាស្ត្រនោះ ព្រះនាងឮព្រះបន្ទូលព្រះបរមពោធិសត្វហើយ ព្រះនាងទ្រង់ព្រះកន្សែងសោយសោកថា បពិត្រ ព្រះសម្មតិទេពមហារាជក្សត្រថ្លៃប្រសើរអើយ រីព្រះបន្ទូលព្រះអង្គនោះ យល់អាក្រក់ក្រៃពេក មិនសុភាព ដោយនូវគន្លងធម៌ឡើយ អម្ចាស់វិសេសខ្ញុំអើយ ព្រះអង្គនឹងស្តេចដើរទៅត្រង់ឋានឯណាមិញ ក៏អញខ្ញុំនឹងពមេក្រស្នា បណ្តើរបាជាលី ទៅដោយនូវផ្លូវនោះហោង។ បពិត្រក្សត្រថ្លៃប្រសើរអើយ ថាបើអញខ្ញុំ ប្រាសនិរាស ពីព្រះអង្គហើយ អញខ្ញុំ នឹងយកឧសមកគរប្រមាណកំពស់ភ្នំ ហើយអញខ្ញុំ នឹងយកភ្លើងមកដុតអោយឆេះឡើង ដ៏មានអណ្តាតនោះស្មើគ្នា ល្អហើយ ខ្ញុំនឹងលោតចុះក្នុងភ្លើងនោះ អោយស្លាប់ទៅវិញ ក៏ប្រសើរក្រៃពេកហោង។

 បពិត្រ ព្រះបាទស្រីវេស្សន្តរអម្ចាស់ វិសេសខ្ញុំអើយ ព្រះអង្គដូចជាបាដំរី ដើរត្រាច់ក្នុងព្រៃសព្វជ្រោះជ្រលងភ្នំផងទាំងពួង ឯខ្ញុំម្ចាស់សោត ដូចមេដំរីបណ្តើរ កូនទាំងពីរតាមដោយគន្លងព្រៃភ្នំទាំងពួងនោះដែរ។

 (៧៨) រីសមេ្តចព្រះភគវតីនាងមទ្រី ព្រះនាងទ្រង់ព្រះកន្សែងម្ល៉ោះហើយកូវ ព្រះនាងសរសើរព្រៃហេមពាន្តឋានប្រទេស មានប្រការនោះផ្សេងៗ ទូលព្រះពោធិសត្វ ហាក់ដូចជាព្រះនាង បានយល់ពីមុនមកហើយ ទ្រង់សូត្រជាបាទគាថា ថា បពិត្រមហារាជក្សត្រថ្លៃប្រសើរអើយ រីព្រៃហេមពាន្តនោះ សប្បាយក្តាត់ហោង។

 កាលបើយើងទៅដល់ហើយ រីក្មេងទាំងពីរនេះ នាកាលថ្ងៃរសៀល វានឹងច្រៀងរាំលេង ដោយនៅនាដង្គុំព្រៃនោះ មានសំឡេងមូលសសូល ក្រាំងក្រអៅ ជ្រៅជ្រះ សមនូវស័ព្ទដ៏ពិរោះ សមព្រះអង្គនឹងសប្បាយក្នុងព្រះរាជហរទ័យ ម្រាងឡើយ ព្រះអង្គនឹងនឹករលឹកមកកាន់ រាជសម្បត្តិឯអាយ។ បពិត្រមហារាជក្សត្រថ្លៃប្រសើរអើយ រីបាដំរីព្រៃដ៏ល្អ ដ៏មានចាមរនោះល្គាយល្គងរាំងគន្លងបោសព្រះធរណី ដ៏មានសម្បុរ នោះខៀវ បីដូចផ្ទៃមហាមេឃ ដ៏មានភ្លុកធំល្អ ទោះល្ងាចក្តីព្រឹកក្តី វាដើរទៅមុនញីខ្លោងទាំងឡាយ ហើយវា ស្រែកស្ទៀរ សំឡេង

 (៨១) ដូចក្រៀល សមនឹងសប្បាយព្រះរាជហរទ័យ ម្រាងឡើយ ក៏នឹងនឹករលឹកមកកាន់រាជសម្បត្តិ ឯអាយ។ រីពពួកកិន្នរទាំងឡាយសោត បីដូចនូវមនុស្ស សឹងដ៏មានរូបឆោមនោះល្អ ស្រឡះស្រឡូន ល្ពួតល្ពៅ ស្រងៅស្រងើ ខ្លះរាំ ខ្លះច្រៀង ខ្លះបណ្តើរគ្នាលេង ដោយសងខាងមុចលិន្ទទី ដ៏មីរដេរដាស បីដូចជារបាំរាំពេន មានព្ធដ៏ជេតុត្តរនគរនោះឯង បើព្រះអង្គយល់ហើយ ម្រាងឡើយ នឹងនឹករលឹកមកកាន់រាជសម្បត្តិឯអាយ។ បពិត្រមហាក្សត្រថ្លៃប្រសើរអើយ រីភ្នំគិរីវង្កតបព៌តនោះ មានប្រាសាទគុហា សឹងមាសដាស សឹងប្រាក់ផងច្រើន ច្រឡំ នីទៅនូវក្ងោក ប៉ោលតោក តាវ៉ៅ រីទឹកនោះសោត សឹងហូរមកដ៏

មានសូរស័ព្ទនោះពិរោះស្មោះស្មើ បីដូចអ្នកសេពសម ផ្លុំ ប្រគុំនូវតូរ្យតន្ត្រី ព្ធដ៏ជេតុត្តរនគរនោះហោង ថាបើព្រះអង្គយល់ហើយ ម្រាងឡើយ នឹងនឹករលឹកមកកាន់រាជសម្បត្តិឯអាយ បពិត្រមហាក្សត្រថ្លៃប្រសើរអើយ រីម្រឺគទាំងឡាយច្រើនជាដើម គឺ រាជសីហ៍ ដំរីព្រៃ រមាំង រមាស ខ្លាធំ ខ្លាដំបង គោព្រៃផង ផ្សេងៗ សឹងដ៏អួត ជល់គ្នាទៅវិញទៅមក បោលដេញគ្នាលេង ថាបើព្រះអង្គបានយល់ហើយ ម្រាងឡើយ នឹងនឹករលឹក មកកាន់រាជសម្បត្តិឯអាយ។ មួយទៀតសោត ទោះល្ងាចក្តី ព្រឹកក្តី អម្ចាស់នឹងលីលាទៅ

 (៨២) ក្រសាលនៅក្រោមម្លប់ជ្រៃក្តី ម្លប់ព្រីងក្តី អម្ចាស់ទត រមិលមើលទៅពពួកក្ងោកញីឈ្មោលទាំងឡាយ សឹងដ៏ច្រើនក្តាត់ហោង សឹងដ៏មានរបៀបស្លាបនូវកន្ទុយនោះល្អ មានផ្នត់ ក នោះខៀវ មានសិរនោះវែង មានកំណើតនោះពីរដង គឺថា ពង ហើយញាស់ចេញជាកូន រីឯក្ងោកឈ្មោលសោត តែង នឹងពង់កម្ទារក្ងោកញី ៗបរិពារ តែងនឹងរាំពេនពន់លេង ថាបើអម្ចាស់បានយល់ហើយ សមអម្ចាស់សប្បាយ ក្នុងព្រះ ហរទ័យ ម្រាងឡើយ នឹងទ្រង់នឹករលឹកមកកាន់រាជសម្បត្តិឯអាយ។ បពិត្រមហា

រាជអើយ រីឈើផងទាំងឡាយ ដុះព្ធដ៏សងខាងផ្លូវថ្នល់នោះសោត ដ៏មានខ្លែងគង់ បំពង់កាំ ផ្តាំស ពុំសែនទេស កាកេស កណ្ណិការ ក្តាំងងា ខ្ទីង ក្ទម្ព សមនូវសូរភី ចម្ប៉ា ចំបី សឹងដ៏មានក្លិននោះពិដោរ កាលណាបើខ្យល់បក់ហើយ ធុំហួង ត្រឡប់ក្រៃពេក។ មួយទៀតសោត បើអម្ចាស់នឹងចង្ក្រម ព្ធដ៏ថ្នល់មុចលិន្ទស្រះ ក៏ព្រះអង្គនឹងទតរមិលមើលទៅ ព្ធដ៏ផ្ទៃស្រះនោះ ដ៏មាន ផ្កាឈូក ច្រាលឈូកស ដ៏រីករន្ទាលនីទៅនូវស្បង្ក័ជ ឧត្បុល ចង្កុលណី ព្រលិតរំចង់ សឹងដ៏រីកស្គុសស្គាយពណ្ណរាយ សោភា សឹងដ៏មានទឹកនោះថ្លា ត្រជាក់ ជាពំនាក់នៃត្រីផង ដ៏មានច្រាំងនោះទាប កំពង់នោះរាប បីដូចនូវស្រះ មានព្ធដ៏ ជេតុត្តរនគរ នេះឯងហោង។

 (៨៣) រីសម្តេចព្រះភគវតីព្រះនាងមទ្រី ដ៏ប្រកបនូវបញ្ចពិធកល្យាណី ដ៏ជាស្រីរ័ត្នឧត្តម សមនូវទម្រង់កម្ពស់ប្រពៃ បានអភិសេក ជាអគ្គមហេសី ព្រះនាងសសើរព្រៃហេមពាន្ត ហាក់ដូចព្រះនាងធ្លាប់គង់នៅក្នុងព្រៃហេមពាន្ត មកជាយូរ អង្វែងហើយ ទើបព្រះនាងសម្តែងថ្លែងដំណើរ និយាយស្រាយប្រាយប្រាប់ព្រះមហាក្សត្រ សូត្រជាបាទគាថានូវប្រការ អម្បាលណោះឯងហោង។ បពិត្រអើយ អាត្មាភាពសម្តែងថ្លែងព្រះធម៌វិសេសទេសនា ព្រះមហាជាតក កណ្ឌហេមពាន្ត នេះមិន ដ៏ប្រដាប់ប្រដានីទៅ នូវគាថា ១៣៤ គាថា ក៏ចប់បរិបូណ៌ សមគួរដោយនូវវេលានេះឯងហោង។

0 Comments:

Post a Comment