រឿងព្រានសន្ទូចម្នាក់
មានព្រានសន្ទូចម្នាក់ថៃ្ងមួយនាំកូនទៅស្ទូចត្រីនៅទីស្ទឹងមួយ លុះស្ទូចទៅ សន្ទូចនោះធ្លាក់ទៅជាប់នឹងអង្គត់ឈើក្នុងទឹក ចៅព្រានវាត់ឡើងសំគាល់ថា ត្រូវត្រីហើយ លុះវាត់ទាញមិនរួចក៍នឹកថាត្រូវត្រីធំ ទើបប្រាប់ទៅកូនថា យើងមានលាភបានត្រីធំហើយ នឹងលើកយកពុំរួច មានតែអញចុះទៅមុជចាប់យកទើបបាន បើដូច្នោះកូនឯងទៅប្រាប់ម៉ែឯងឯផ្ទះឱ្យដឹងថា យើងបានត្រីធំណាស់ ឱ្យម៉ែឯងដើរ
បង្កហេតុជម្លោះនឹងពួកញាតិ និង ពួកព្រាងលានដែលនៅជិតខាង ឱ្យកើតទាស់ទែងគ្នាឡើងជាការគាល់ហាមពួកអស់នោះ កុំឱ្យមកសុំត្រីយើងបាន ឯចៅកូនទទួលពាក្យហើយ រត់ត្រង់ទៅផ្ទះដល់ហើយក៍ថ្លែងសេចក្តីនោះប្រាប់ម្តាយ តាមពាក្យឪពុកបង្គាប់មកនោះសព្វប្រការ ឯភរិយាចៅព្រាន បានស្តាប់ហេតុដូច្នេះហើយ ក៍ដោះអាវចេញពីខ្លួន យកក្រមាមកចោមពុង ស្លៀកសំពត់សំយេះក្រោមភានី លាត់សំពត់លើជង្គង់ យកធ្យូងឆ្នាំងសម្លលាបមុខ ធ្វើអាការៈដូចស្រីឆ្កួត ហើយដើរទៅកាន់ផ្ទះពួកញាតិសន្តានព្រៀងលានដែលនៅជិតខាង ។
ឯបណ្តាប្រុសស្រីជាញាតិបានឃើញអាការៈប្លែកដូចេ្នះ ក៍នាំគ្នាសួរថា ហងអើយហង មេ្តចហងធ្វើអំពីអាក្រក់ យកឆ្នាំងមកលាបមុខដូច្នេះ ។ ឯមេនោះ និមិត្តតែញាតិណាសួរដូចេ្នះ ក៍ស្រែកជេរបញ្ចោរទៅថា ខ្មោចអាចោរមេចោអស់នេះ ចុះវាធ្ងន់ក្បាលអ្វីវា ថ្វីបើអញលាបធ្យូង ទោះអញទៅធ្វើអ្វីវា ល្អអាក្រក់ តើវាទើសក្បាលម្តាយអាពុកវា ឬ ខ្មោចមេចោរអាចោរអស់នេះពេញជាខូច ។
ឯ ពួកញាតិទាំងឡាយ បានឮមេនោះជេរប្រទេចផ្តាសាឥតហេតុដូច្នោះ អ្នកខ្លះអត់មិនបានក៍ជេតបត កើតជាអថិករណ៍ឈ្លោះប្រកែកគ្នាឡើង អ្នកខ្លះខឹងក៍ធ្វើរឿងរ៉ាវប្តឹងដល់សាលាចៅក្រមៗ ឱ្យកោះពួកនាងនោះមកជំនុំជំរះតាមរឿងចោទ រកទៅឃើញទោសនាងនោះជាអ្នកដើរបង្កហេតុ ទើបចៅក្រមសាលាកាត់ពិន័យលក់តាមសក្តិតូចសក្តិធំ តាមទោសដែលខ្លួនជេរគេឥតទោសនោះឯង ។
ថ្លែងឯចៅជាព្រានជាប្តី កាលបើកូនទៅប្រាប់ម្តាយវានោះ ក្រោយនោះចៅព្រានស្រាតសំពត់ដាក់នៅលើច្រាំង ហើយមុចចុះទៅតាមខ្សែសន្ទូច ដើម្បីនឹងចាប់ត្រី លុះមុជទៅដល់អង្គត់ឈើក្រោម ឈើនោះមកប៉ះត្រូវភ្នែក ដូជាគេចាក់ចំចុងកន្ទុយភ្នែក ខំស្ទាបរកត្រីមិនឃើញ មានតែឬសឈើជាប់សន្ទួច ទើបខំងើបឡើងវិញ យកដៃខ្ទប់មុខដោយឈឹភ្នែកមហិមា ខំវារឡើងដើម្បីនឹងយកសំពត់ស្លៀក ។
សំពត់នោះសោតកាលចៅព្រានមុជទៅ ត្រូវខ្យល់កំបុតត្បូងគួចទម្លាក់ទៅក្នងទឹក ទឹកក៍កួចយកសំពត់នោះជាអន្តធានទៅហោង។
ចៅព្រានបានក្តីវេទនាដោយរងារ ដោយឈើភ្នែកនឹងទៅផ្ទះក៍ពុំបាន ព្រោះប្រាណអាក្រាតខ្មាសអ្នកស្រុក នឹងទ្រាំត្រាំទឹករងារណាស់ ទើបព្រានឡើងទៅលាក់ខ្លួនក្នុងព្រៃ ទម្រាំអស់លែងថ្ងៃ នៅរង់ចាំដល់ពេលយប់ទើបបានទៅផ្ទះ ទៅដល់ផ្ទះហើយពុំហានឡើងផ្ទះ ដោយនាងប្រពន្ធអុជភ្លើងភ្លឺស្រែកហៅប្រពន្ធឱ្យបោះសំពត់មួយ មកស្លៀកទើបឡើងទៅបាន ហើយក៍និយាយទុក្ខក្តីវិនាសទ្រព្យដោយគេលក់
ព្នៃប្រាប់គ្នាទៅតាមរឿងដែលខ្លួនធ្វើខុសនោះឯង ជនទាំងពីរក៍បានក្តីវិនាសផ្លូវទាំងពីរប្រការ គឺផ្លូវព្រៃក៍ពុំបានត្រី សំពត់ស្លៀកក៍អន្តរធាន ដោយខ្យល់កួចយកទៅ ភែ្នកបែកដោយអង្កត់ឈើនោះ ឯផ្លូវផ្ទះក៍វិនាសដោយពួកញាតិគេខឹង គេប្តឹងបង់ទ្រព្យធនដោយចាញ់ក្តីគេផង ម្លោះហើយនាំក្នាសោកសៅក្តៅចិត្ត ដោយគំនិតគិតខុសនោះហោង។
រឿងនេះបានគិតដល់បុគ្កលកំណាញ់សលាភភ័យក្រៃងគេមកសុំត្រីខ្លួន ប្រាជ្ញគប្បីប្រកបគតិទៅទៀតចុះ។ ព្រានអើយព្រានព្រាហ្មណ៍ សន្ទួចជាប់រាមព្រាហ្មណ៍ថាត្រីធំ កើតចិត្តហួងហែង ភ័យក្រែងគេសុំ បង្កហេតុជម្លោះឡើងគ្រប់ស្ថាន។ កើតកាឡកណ្ណី ផ្លូវផ្ទះកើតក្តី ចាញ់បង់ធនធាន ផ្លូវព្រៃខ្យល់ផាត់សំពត់ពីប្រាណ ត្រីសោតពុំបាន សាំភ្នែកបែកអើយ ។
![]() |
0 Comments:
Post a Comment