រឿងនាយដង្ខៅនិងកូនឈ្នួល
មាននាយដង្ខៅម្នាក់ ទៅជួញបានចំនេញមក មានសេចក្ដីសប្បាយចិត្ដ គិតនឹងលៀងអស់បន្ដាមហាជន ជាញាតិមិត្ដក្នុង
លំនៅនៃអាត្មា ទើបប្រើបោយអោយទៅផ្សារទិញម្ហូបចំនីហើយផ្ដាំថា «ចូរចៅអែងទិញត្រីទិញសាច់រើសរកតែល្អៗ យក
មកអោយយើងធ្វើម្ហូបលៀងពួកញាតិមិត្ដដែលនៅជិតនេះអោយសប្បាយម្ដង»
អែចៅបោយក៏ទទួលពាក្យនាយ យកប្រាក់អំពីនាយស្ពាយត្រកដើរទៅផ្សារធំ លុះទៅដល់ផ្សារ ចៅបោយគិតថា នាយអញ
គាត់ផ្ដាំថាអោយទិញយកតែសាច់យ៉ាងល្អៗ បើដូច្នេះ គួរអញទិញសាច់អន្ដាតសត្វចុះ សាច់អន្ដាតនោះល្អហើយ គិតហើ
យចៅបោយទិញសុទ្ធតែអន្ដាតសត្វទាំងឡាយ មានអន្ដាតគោជាដើម បានហើយក៏ដោតជាត្រនោតយួរមកដល់ផ្ទះ ជូន
នាយដង្ខៅនោះ។ នាយដង្ខៅយល់អន្ដាតសត្វដូច្នោះហើយ ក៏ស្ដីបន្ទោសទៅថា «យើងអោយទៅទិញយកសាច់ល្អៗ ចុះ
ហេតុអ្វីចៅទិញយកតែអន្ដាតគោ អន្ដាតជ្រូក អន្ដាតពពែដូច្នោះ នេះហើយរឺជាសាច់ល្អ?។ ចៅបោយក៏អធិប្បាយថា
«សាច់អន្ដាតនេះហើយលោកនាយ ដែលជាសាច់ល្អលើសសាច់ទាំងពួង បានជាខ្ញុំបាទថាល្អនោះព្រោះខ្ញុំបាទយល់ថា
លោកអ្នកបានយសបានសក្ដិ បានមាស បានប្រាក់ បានខ្ញុំកំដរ បានជាមេបាគេ ក្នុងលោកនេះ សឹងអាស្រ័យបានដោយអ
ន្ដាតក្រលៀសពោលឡើង ហេតុនេះ ទើបលោកសន្មតថាអន្ដាតនេះជាសាច់ល្អលើសលែងសាច់នានា បានជាខ្ញុំបាទទិញ
យកមកនេះ» នាយដង្ខៅបានលឺចៅបោយឆ្លើយតបដោយវោហារដូច្នោះ ក៏ទាល់សេចក្ដីមិនអាចថាអ្វីតទៅទៀតឡើយ
បានក្ដីខ្មាសនឹងពាក្យចៅបោយនោះ លុះដល់ព្រឹកឡើង ក៏បើកប្រាក់អោយចៅបោយទៅទិញសាច់ម្ដងទៀត បានផ្ដាំថា ចូរ
ទៅទិញសាច់អាក្រក់ៗមកចុះ យើងនឹងធ្វើម្ហូបលៀងភ្ញៀវ។
ចៅបោយទទួលប្រាក់ទទួកពាក្យហើយ ក៏ទៅផ្សារ ដល់ហើយក៏ទិញអន្ដាតសត្វដូចកាលមុន បានហើយ ក៏នាំយកមកជូន
នាយដង្ខៅ ៗយល់អន្ដាតសត្វដូចមុនដូច្នោះ ក៏ស្ដីបន្ទោសថា ពីម្សិលមិញយើងអោយទៅទិញសាច់ល្អៗ ចៅអែងទិញយក
អន្ដាតសត្វមក ហើយពោលថាអន្ដាតនេះហើយ ជាសាច់ល្អលើសលែងសាច់អែទៀតៗ អិលូវថ្ងៃនេះ យើងផ្ដាំថាអោយ
ទិញសាច់អាក្រក់ៗ ហេតុអ្វីក៏ចៅទិញអន្ដាតសត្វដែលចៅអួតថា ជាសាច់ល្អនោះមកទៀត។
ចៅបោយក៏ឆ្លើយកែសំនួនថា «សាច់អន្ដាតនេះហើយលោកនាយ ដែលជាសាច់អាក្រក់លើសលែងសាច់អែទៀតៗ បាន
ជាខ្ញុំបាទថាអាក្រក់នោះ ព្រោះអន្ដាតនេះអែង វាក្រលៀវក្រលៀសពោលបង្កាច់បង្កិនគេ ត្មះតិះដៀល ជេរប្រទេច ផ្ដា
សា ស្ដីមុសា កុហក បញ្ឆុកបញ្ឆោត ញុះញង់ស៊កសៀត បំបែកបំបាក់គេទៅផ្សេងៗ ហេតុនេះអែងទើបលោកសន្មតថា
អន្ដាតនេះជាសាច់អាក្រក់លើសលែងសាច់នានា ក្នុងលោកិយនេះ បានជាខ្ញុំបាទទិញមកតាមប្រសាសន៍ដែលលោកនាយ
ផ្ដាំ ថាអោយទិញសាច់អាក្រក់នោះអែង។នាយដង្ខៅ បានស្ដាប់ពាក្យចៅបោយពោលដូច្នោះក៏ទាល់សេចក្ដី ពុំអាចថាអ្វី
ទៅទៀតបាន ដោយអាត្មាចាប់ប្រាជ្ញាចៅបោយ ដោយប្រការដូច្នេះហោង។
រឿងនេះបានគតិដល់បុគ្គលដែលធ្វើជានាយចៅហ្វាយ រឺ ជាគ្រូអាចារ្យមេបាគេ កាលនឹងប្រើបាវប្រើសិស្សអោយទៅយ
កអ្វីៗ គប្បីបញ្ជាក់ពាក្យបន្ដាំអោយអ្នកបំរើនោះស្ដាប់ចូលចិត្ដសេចក្ដីអោយបានច្បាស់ ទើបការនោះមិនប្រែខ្វែងទៅ
បាន។ មួយទៀត ជាតិអ្នកតូចនឹងទទួលពាក្យបន្ដាំអ្នកធំនោះ ច្រើនតែរហ័យរហួន ស្ដាប់មិនទាន់ជាក់ប្រញាប់តែមឹតរត់
ទៅ មិនដឹងជារកអ្វីហៅនរណាអោយទៅ ម៉្លោះហើយប្រមាណយកផ្ដេសផ្ដាសទៅ មិនត្រូវនឹងពាក្យបន្ដាំលោក ដូចយ៉ា
ងកូនសិស្ស លោកគ្រូវមហាវិមលធម្ម ឈ្មោះចៅឡុង លោកគ្រូប្រើអោយសួររកចិត្រមូលភ្លើង នឹងលោកអាចារ្យអួង
ចៅឡុងស្ដាប់មិនច្បាស់ ក៏រត់ទៅដល់ផ្ទះម៉ាស៊ីនទឹកកក រកមើលក្រែងភ្លើងឆេះផ្ទះ លុះពុំឃើញមានអ្វី ក៏វិលមកទូលលោ
កវិញថា ភ្លើងម៉ាស៊ីនទឹកកកមិនមានឆេះផ្ទះគេទេ។
លោកគ្រូបានលឺដូច្នោះ ក៏ថា អញអោយសួរលោកអាចារ្យអួង ជាលោកមានចិត្រមូលភ្លើងរឺទេ បើលោកមាន អោយសុំ
លោកមន្ដិចមក នឹងធ្វើថ្នាំ ចុះហេតុអ្វីក៏ចៅទៅដល់ផ្ទះម៉ាស៊ីនទឹកក ហើយថាភ្លើងឆេះផ្ទះ អាណាគេប្រើអែងអោយទៅ
មើលភ្លើងឆេះផ្ទះនោះ ចៅអែងជាមនុស្សស្ដាប់ការមិនជាក់ មិនសួរសព្ទអោយចូលចិត្ដសិន លោកព្រះមហាវិមលធម្មក៏
បន្ទោសចៅនោះដោយប្រការផ្សេងៗហោង។
មានរឿងចៅម្នាក់ទៀត ឈ្មោះសោម ចៅនោះជាកូនសិស្សលោកសំដេចព្រះសុគន្ធាធិបតី ថ្ងៃមួយមានពួកទាយកអ្នក
មុខអ្នការ គេមកថ្វាយទានដល់លោក ៗប្រើចៅនោះថា «ចូរទៅយកពានមួយមកដើម្បីនឹងដាក់ស្លាបារី ចែកពួកទាយក
អាស្រ័យ»។ អែចៅនោះស្ដាប់សព្ទមិនច្បាស់ ក៏ផ្ដាសចេញទៅលីពាងទឹកមួយចូលមកនាកន្ដាលជំនុំប្រជុំជនធ្ងន់ណាស់ ក៏
ទូលថា«សូមមេត្ដាប្រោសអោយដាក់ត្រង់ណាពាងនេះ»។ អែមហាជនទាំងឡាយមានលោកសំដេចព្រះសុគន្ធាធិបតីជា
ប្រធានក៏សើចរំពងឡើងថា ចៅនេះជាមនុស្សរហ័សរហួសជ្រួសសេចក្ដី គេប្រើអោយយកពាន ពុំមានសបសួរអោយ
ជាក់ច្បាស់ផ្ដាសទៅយកអែពាងទឹកមកវិញ បានក្ដីអៀនខ្មាសនាកន្ដាលជំនុំហោង។ មួយទៀត លោកអ្នកធំប្រើថ្លែងសព្ទ
មិនអស់ចុងអស់ដើម ពាក្យសព្ទនោះជួនស្របគ្នា អ្នកបំរើស្ដាប់បានហើយ តែចង់បង្កាច់អោយខុសវិញក៏បាន នឹងបន្ទាស
អ្នកបំរើវិញពុំបាន ដូចនិទានចៅវាយគងមានទំនងសព្ទស្របគ្នានោះអែង នឹងសំដែងអោយចូលចិត្ដរឿងច្រលំសព្ទនោះ
ថា៖
រឿងបុរសចេះវាយគង
មានអុបាសកម្នាក់នៅក្នុងជនបទមួយ គិតបំបួសកូនក្នុងខែបឋមសាធ បានទៅនិយាយជួលភ្លេងពិណពាទ្យគេជាដាច់ខាត
លុះដល់ថ្ងៃចូលរោងប្រជុំញាតិ នឹងចំរើនពុទ្ធមន្ដហៅព្រលឹងនាគនោះ ពួកអ្នកភ្លេងនាំគ្រឿងភ្លេងចូលមកព្រមគ្នាទាំងអ
ស់ តែអ្នកចេះវាយគងមកពុំបាន ព្រោះប្រពន្ធឆ្លងទន្លេ ផ្ដាំតែពាក្យនឹងអ្នកភ្លេងផងគ្នាថា អោយជំរាបអ្នកដើមបុណ្យផង
ថា មកពុំបានទេ ព្រោះប្រពន្ធឆ្លងទន្លេ អោយអ្នកដើមបុណ្យគិតរកជួលគេអែទៀតចុះ។
អែអ្នកដើមបុណ្យ និងបន្ដាមហាជនទាំងឡាយបានលឺថា អ្នកវាយគងនោះ ខានពុំបានមកដូច្នោះក៏ប្រជុំពិគ្រោះគ្នាថា នឹង
ទៅរកជួលមនុស្សចេះវាយគងជួសចៅនោះ ពិគ្រោះទៅរកពុំបាន ព្រោះស្រុកក្រៅមនុស្សចេះភ្លេងមានតិចនាក់ ហើយ
ពេលនោះក៏ជួនល្ងាចណាស់ហើយ នឹងទៅរកអ្នកចេះអែណាៗក៏ពុំទាន់ ម៉្លោះហើយ ពួកអ្នកធ្វើបុណ្យទាំងនោះ ពុំសូវរីក
រាយសប្បាយ ព្រោះមិនពេញក្ដីប្រាថ្នានៃអាត្មាទីទៃៗ។
គ្រាកាលនោះ មានអាម្នាក់មាននាមពុំប្រាកដសន្មតហៅ ចៅប្លមបាយបុណ្យ ចៅនោះដើរទៅដល់យល់រោងគេធ្វើបុ
ណ្យក៏គិតថា អ្នកស្រុកនេះគេធ្វើបុណ្យ គួរអញចូលទៅប្រចុបប្រចែងយកបាយចំនីបារីស្លាអាស្រ័យ គិតហើយក៏ចូលទៅ
ក្នុងរោងបុណ្យ អង្គុយនៅទីដ៏សមគួរសួរថា «អ្នកបង អ្នកប្អូនអើយ! ចុះគេធ្វើបុណ្យអីនេះអ្នក? ពួកអ្នករោងប្រាប់ថា «គេ
ធ្វើបុណ្យបំបួសនាគណាអ្នក» ចុះអ្នកអែងមកពីស្រុកណាទៅណា? ចៅនោះក៏ប្រាប់ថា ខ្ញុំមកពីក្រុងភ្នំពេញ នឹងទៅសួរ
បងប្អូនអែស្រុកលើ ចុះខ្ញុំលឺគេនិយាយពិគ្រោះគ្នាអ៊ូៗនោះ តើគេពិគ្រោះពីរឿងអ្វី? ពួកអ្នករោងប្រាប់ថា «អោអ្នកអើយ
ការបុណ្យនេះបានទៅនិយាយជួលភ្លេងពិណពាទ្យគេជាការស្រេចហើយ អិលូវចូលរោងថ្ងៃនេះ ស្រាប់តែអ្នកដែលវាយ
គង គ្នាមានធុរៈដោយប្រពន្ធឆ្លងទន្លេមកពុំរួច ហេតុនោះទើបគេនាំគ្នាពិគ្រោះឆោឡោ ដើម្បីនឹងរកអ្នកចេះវាយគង អើ
អ្នកអត់ទោសចុះ ខ្លួនអ្នកនេះតើចេះវាយគងដែររឺទេ?។
អែចៅនោះក៏ទទួលថា «ក្រអ្វីបើវាយគង ខ្ញុំអែងក៏ចេះវាយបាន»។ អែពួកអ្នករោងបានលឺពាក្យចៅនោះថាចេះដូច្នោះ
ក៏ត្រេកអរគឹកកងឡើង ប្រាប់គ្នាថា «អ្នកវាយគងនោះបានហើយ» ។ ខ្លះសួរថា «អ្នកយកថ្លៃប៉ុន្មានក្នុងរវាងបុណ្យនេះ»។
ចៅនោះថា «ខ្ញុំបាទយកកំលាំងចូលចាប់កុសលផង ត្រង់ថ្លៃថ្នូរនោះខ្ញុំមិនយកទេ សូមទានតែបាយចំនីអាស្រ័យជាកំលាំង
ចុះ»។
អ្នកដើមបុណ្យលឺដូច្នោះ ក៏ត្រេកអរពេញចិត្ដ ដោយគិតថាសមក្ដីប្រាថ្នា ទើបរៀបបាយចំនីស្លាបារី អញ្ជើញចៅនោះបរិ
ភោគតាមក្ដីរាប់អាន ចៅនោះបានបរិភោគបាយចំនីបរិបូណ៌ លុះសូរេចកិច្ចបាយហើយ អ្នកដើមបុណ្យក៏ថាអញ្ជើញអ្នក
ទៅអែទីភ្លេង ត្បិតពេលនេះល្មមហ៊ុំរោងហើយ។ ចៅនោះក៏ស្រវាយកស្លាបារីអំពីជើងពាន ដាក់ថ្នក់ដាក់ហោប៉ៅអាវ
ហើយក្រោកដើរទៅជាមួយ នឹងអ្នកដើមបុណ្យ។ អ្នកដើមបុណ្យនាំទៅដល់ក៏ប្រាប់អ្នកភ្លេងថា ខ្ញុំបានអ្នកវាយគងហើ
យចូរកុំមានក្ដីរង្កៀសអ្វីឡើយ ដោយពុំមានវង់ជាមួយគ្នា សូមមេត្ដាលេងយកតែបុណ្យទៅ ត្រង់ពិរោះ មិនពិរោះនោះគ្មា
ននរណាថាអ្វីទេ។ អែអ្នកភ្លេងទាំង៤ នាក់ក៏ព្រមតាមអធ្យាស្រ័យ ទើបថាអញ្ជើញអ្នកចូលមកចុះ អែអ្នកដើមបុណ្យថា
អញ្ជើញអ្នកចូលក្នុងវង់គងនេះចុះ។
អែចៅនោះបែរមើលនាយមើលអាយ ហើយលើដៃឡើងថា «ខ្ញុំបាទចេះតែវាយគងធំៗ លឺមូងៗនោះទេ ត្រង់គងវង់ផ្លែ
តូចៗនេះខ្ញុំមិនចេះទេ»។ អែបន្ដាមហាជនទាំងឡាយ បានលឺពាក្យចៅនោះថាដូច្នោះ ក៏សើចកងរំពងឡើង អ្នកខ្លះខឹង
លួចជេរថា ខ្មោចអាចង្រៃកោងឆយកបាយមួយថាសស៊ីតែម្ដង ថាវាចេះវាយគង អែងនឹកស្មានថាវាចេះវាយគងភ្លេង
នេះ អិលូវវាថាចេះវាយតែគងមូងៗមួយៗនោះវិញ អាណាត្រូវការអីនឹងវាយគងមូងនោះ តែកូនក្មេងក៏ចេះវាយបានទួ
ទៅទាំងស្រុក អោពុទ្ធោអើយពួកយើងនេះចាញ់កលអានេះជាម្ដង អែអ្នកដើមបុណ្យក៏ថា ណ្ហើយចុះការនេះ អែងសួរ
ដេញគេមិនអស់ចុងអស់ដើម គេក៏គេចកែប្រែទៅបានយ៉ាងនេះ នឹងបន្ទោស រឺនឹងអូសយកបាយចំនីវិញអែណាក៏បាន
គឺក្ដីខុសមាននៅលើខ្លួនអែងតែម្ដង ថាហើយអ្នកដើមបុណ្យក៏អោយអ្នកភ្លេង៤នាក់លេងភ្លេងតាមទំនៀមទៅហោង។
អ្នកធំខូច អ្នកតូចក៏ខិល រំកិលផុតបន្ទោស ហេតុនោះនឹងប្រើត្រូវប្រយ័ត្នសព្ទស្រប កុំអោយអ្នកតូចវាប្រកបគេចកែប្រែ
ទៅបាន។
0 Comments:
Post a Comment