_អនិច្ចា! ជីវិតគន់គិតលែងយល់
រឿងស្នេហ៍អំពល់វិលវល់ខ្វល់ក្រៃ
ស្នេហ៍ធ្លាប់ស្មោះស្ម័គ្របែរប្រែប្រល័យ
ជាតិនេះស្រមៃក្សិណក្ស័យស្នេហ៍ពិត។
_រស់រានសព្វថ្ងៃឥតន័យខ្លឹមសារ
រឿងរ៉ាវស្នេហាចុកផ្សាដួងចិត្ត
រងកម្មរាប់ឆ្នាំប្រចាំជីវិត
ស្នេហ៍ឥតអាណិតប្តូរចិត្តមានថ្មី។
_ស្នេហ៍ធ្លាប់កៀកកិតជិតកាយបង្កើយ
សាសងឆ្លងឆ្លើយសូរសៀងសម្តី
ឥឡូវព្រាត់ឆ្ងាយដូចមេឃនិងដី
បងមានគូថ្មីធ្វើឫកកន្តើយ។
_បងបោះបង់ចោលកណ្តោចកណ្តែង
ដូចលេបគ្រាប់ស្លែងលែងស្តីឆ្លងឆ្លើយ
ល្វីងជូរចត់ណាស់ណ៎ានឹមនួនអើយ!
ជាតិនេះស្គាល់ហើយគេងកើយក្តីទុក្ខ។
_ស្រែកប្រាប់មេឃាទាមទារត្រូវខុស
ម្តេចលោកដាក់ទោសឲ្យរស់ឥតសុខ
ខ្ញុំអ្នកស្មោះត្រង់ម្តេចចងចាប់ទុក្ខ
ឃុំឃាំងដាក់គុកកម្មស្នេហ៍លោកិយ។
_ហេតុអ្វីចិត្តគេរេរាប្តូរផ្លាស់?
សម្តីក្រឡាស់បោកប្រាស់ផ្លាស់ថ្មី
ចាកចោលរូបខ្ញុំទុក្ខធំស្ទើរក្ស័យ
ចិត្តឥតប្រណីគ្មានស្រណោះស្តាយ។
_ស្រណោះអតីតធ្លាប់ជិតជួបជុំ
ស្រណោះធ្លាប់យំធ្លាប់សើចសប្បាយ
ស្រណោះធ្លាប់គេចពាក្យពេជន៍ពុកម្តាយ
ស្រណោះចិត្តកាយបាយទឹករួមគ្នា។
_ស្រណោះពន់ពេកស្រែកយំអង្វរ
អនុស្សាល្អបវរជានា
ស្រណោះរួមសុខទុក្ខជាមួយគ្នា
លំបាកវេទនាជិតគ្នាត្រសង។
_ស្រណោះសម្តីខន្តីវាចា
ពិតស្មោះស្នេហាជីវ៉ានួនល្អង
ស្រណោះទង្វើធ្វើខុសម្តងៗ
ស្រណោះកន្លងសូមផ្សងគ្រប់ជាតិ។
_ស្រណោះកន្លែងប្រលែងគ្នាលេង
ស្រណោះបទភ្លេងភ្លើងភ្លឺព្រោងព្រាត
ស្រណោះបងរាំអែបអូនឥតឃ្លាត
ស្រណោះរសជាតិជក់ចិត្តសប្បាយ។
_ស្រណោះស្នាមស្នេហ៍អង្អែលថែថើប
អារម្មណ៍ធ្លាប់ស្រើបស្រុលស្រាលសប្បាយ
កាយធ្លាប់កៀកកិតជិតឥតជិនណាយ
ពេលនេះប្រុសឆ្ងាយកាត់កាយឌឺដង។
_ដៃធ្លាប់អង្អែលថ្នមអង្គកាមា
ស្មារតីហានក្លាទៅណាត្រសង
ហត្ថធ្លាប់ក្រសោបឱបអង្គឃុំគ្រង
ឥឡូវនួនល្អងចម្លងអ្នកក្រៅ។
_បាត់បង់ស្នាមស្នេហ៍ធ្លាប់ថែថ្នមថ្នាក់
ទឹកធ្លាប់ត្រជាក់បែរប្រែជាក្តៅ
មេឃធ្លាប់ស្រទុំប្រែក្រហមឆ្អៅ
បាយក្លាយជាឆៅទៅជាអង្ករ។
_សមុទ្រទឹកសាបក្សោះអស់អំបិល
ព្រៃប្រែរេចរីលលែងស្រស់បវរ
ទឹកហូរបញ្ច្រាស់កាត់ផែនដែនថ្ម
ខ្មៅប្រែជាសស្ករផ្អែមថែមប្រៃ។
_អប្សរារូបស្រស់តែអស់ញញឹម
សត្វចិញ្ចឹមតែបែរតដៃ
មនុស្សរស់សោយសុខត្រូវទុក្ខប្រល័យ
ជីវិតមានន័យតែនិស្ស័យកម្ម។
_ច្រមុះធ្លាប់ហិតគំនិតធ្លាប់យល់
កាយធ្លាប់ប៉ះពាល់ចិត្តធ្លាប់ចងចាំ
បេះដូងរំជួលក្តុកក្តួលប្រេះស្រាំ
ភ្នែកឈឺរកាំចំណាំលែងបាន។
_ត្រចៀកលែងស្តាប់សូរស័ព្ទអ្វីៗ
មាត់លែងហាស្តីស្គមស្គាំងអង្គប្រាណ
វិញ្ញាណទាំងអស់បាត់បង់ហួសស្មាន
លែងចងតាមដានរឿងអូននិងបង។
_គេមានអ្វីទៅពាលពៅជ្រើសយក
ហេតុអ្វីពន្លកពន្លិចនួនល្អង
ឲ្យលង់លិចបាត់កាត់ផ្តាច់ចំណង
រសាត់សៅហ្មងម្តងហើយម្តងទៀត។
_មានអ្វីបណ្តាយចិត្តអប្រិយ
ទើបភ្លេចអ្វីៗអស់ន័យជួជាតិ
លបលួចប្រហារសាវ៉ាល្បិចស្នៀត
អូនប្រែចោលម្សៀតមារយាទអ្នកស្រែ។
_ស្នេហ៍អូនដូចភ្នំធំធេងពេកណាស់
ចិត្តរឹតមាន:ជម្នះពុកម៉ែ
លះបង់គ្រប់យ៉ាងសាងសង់ស្នាមស្នេហ៍
ស្មោះឥតកែប្រែថ្នមថែស្នេហ៍ពិត។
_ឥឡូវបង់បាត់ដូចយប់ស្ងាត់ឈឹង
ផែនដីឈប់ទ្រឹងទឹករីងរឹងឬទ្ធឹ
ដូចដឹងដៃដើរក្នុងទីងងឹត
លង់ផុងគំនិតចិត្តជាប់ចំណង។
_ឋានសួគ៌សោយសុខឥតទុក្ខលាយឡំ
បែរប្រែភក់ជ្រាំត្រាំគ្រាកន្លង
ស្រីផ្សេងប្រឡាក់ដាក់ថ្នាក់ទាក់ទង
ប្រុសភ្លេចនួនល្អងសាសងគេវិញ។
_ចិត្តប្រុសដូចក្តៀងមិនទៀងទាត់សោះ
ស្នេហ៍អូនខំស្មោះគេដោះដូរទិញ
ដកចេញមិនខាតឃាំងឥតចំណេញ
បងស្នេហ៍គេវិញអូនវិលវង្វេង។
_ភរផែនដែនដីឥតន័យខ្លឹមសារ
ប្រែប្រួលសាវ៉ាស្នេហាកឹបកេង
មិនស្ម័គ្រមិនស្មោះដូរដោះលលេង
ទុក្ខស្នេហ៍ដូចល្បែងលូកលេងប្រហារ។
_ឧ: ឱ!ទេវតាមេត្តាមើលផង
ទុក្ខធំកន្លងចុកចាប់ឱរ៉ា
នរណាដោះទុក្ខរស់សុខធម្មតា
បើក្នុងចិន្តាកត់ត្រាចងចាំ។
_ចិត្តចង់បំភ្លេចគេចកែការពិត
រំដោះជីវិតឈប់គិតរងកម្ម
កាត់កន្ទុយលាបកំបោរចំណាំ
ថារាប់រយឆ្នាំឈប់ចាំប្រុសហើយ។
_ប្រាយប្រាប់ខ្លួនឯងពីថ្ងៃនេះទៅ
ឈប់អាល័យនៅត្រូវជាសះស្បើយ
ត្រូវងើបមុខឡើងនិយាយឆ្លងឆ្លើយ
ជាតិនេះហួសហើយគ្មានឡើយស្នេហ៍ពិត៕
ដោយ អែនជែល
0 Comments:
Post a Comment