Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង ប្រាសាទនាងខ្មៅ

 


រឿង ប្រាសាទនាងខ្មៅ 

បើយើងធ្វើដំណើរពីទីក្រុងភ្នំពេញទៅកាន់ខេត្តតាកែវទៅដល់ ឃុំរវៀង ស្រុកសំរោង យើងនឹងឃើញវត្តបុរាណមួយនៅខាងឆ្វេង ដៃតាំងនៅខាងកើតជាប់នឹងថ្នល់ជាតិហៅថា វត្តប្រាសាទនាងខ្មៅ បានជាគេហៅថា វត្តប្រាសាទនាងខ្មៅ ព្រោះវត្តនោះមានប្រាសាទ បុរាណចំនួនពីរនៅជិតគ្នាឈ្មោះ ប្រាសាទនាងខ្មៅ នៅទិសខាងលិច វិហារចំក្លោងទ្វារវត្តខាងទិសបស្ចឹម ។ ប្រាសាទទាំងពីរនេះធ្វើអំពី ថ្មផង ឥដ្ឋផង មានទំហំ៤ម៉ែត្រ៤ជ្រុង កំពស់១០ម៉ែត្រ កំពូលស្រួច ដូចចេតិយខ្ពស់ត្រដែត ។ រឿងព្រេងដែលទាក់ទងនឹងដើមកំណើត នៃប្រាសាទនេះមានដំណាលដូចតទៅ ៖

ក្នុងអតីតកាលកន្លងយូរទៅហើយ មានស្តេចមួយអង្គទ្រង់ព្រះនាម ព្រះបាទសុរិយោទេវង្ស គង់នៅលើភ្នំជីសូរ ។ ទ្រង់បានសាង ប្រាសាទចំនួនប្រាំហើយទ្រង់ឱ្យគេជីកស្រះចំនួន៤នៅលើភ្នំនោះ គ្រប់ជ្រុងប្រាសាទ ។ ទ្រង់មានព្រះរាជបុត្រីមួយព្រះអង្គព្រះនាម នាងខ្មៅ ។ ពីកំពូលភ្នំជីសូរចុះមកដល់ដីជម្រាលជើងភ្នំប្រហែល ៧០០ ម៉ែត្រមានទន្លេ៤គ្រប់ជ្រុងទាំង៤គឺ ទន្លេអុំ ទន្លេស្ងួត ទន្លេស្តុក និង ទន្លេប្រទ្រុន ។ ទន្លេទាំង៤នេះជាកន្លែងសម្រាប់ ក្រសាលរបស់ស្តេច សុរិយោទេវង្ស ។ លុះព្រះរាជបុត្រីមានវ័យ វឌ្ឍនាការចម្រើនឡើងបានព្រះជន្ម១៦ព្រះវស្សា ព្រះនាងមានរូប ឆោមលោមពណ៌លើសស្រីក្នុងព្រះនគរ ។

ថ្ងៃមួយព្រះនាងនឹកភ្នកចង់ក្រសាលទន្លេប្រទ្រុន បានចូលទៅ ថ្វាយបង្គំលាព្រះវរបិតា ។ ព្រះរាជាទ្រង់ព្រះអនុញ្ញាតចាត់អ្នកបម្រើ ឱ្យហែហមព្រះដំណើរបុត្រីទៅក្រសាលក្នុងវេលាថ្ងៃរសៀល ។ គ្រា នោះមានបុរសម្នាក់ឈ្មោះ បណ្ឌិតស្រី ទើបនឹងសឹកពីសាមណេរថ្មីៗ មានរូបឆោមល្អល្អះស្អាតបាតជាងប្រុសឯទៀត ថែមទាំងចេះមន្ត អាគមវិជ្ជការផងដែរ ។ បណ្ឌិតនោះមានលំនៅៗក្នុងភូមិមួយខាង លិចភ្នំជីសូរជិតផ្លូវដែលចុះទៅទន្លេប្រទ្រុន ។

 ថ្ងៃនោះ បណ្ឌិតស្រី មានសេចក្តីអផ្សុកក៏ចេញទៅលេងជិតផ្លូវនោះបានឃើញ ព្រះនាង ខ្មៅ ចុះពីលើភ្នំជាមួយនឹងបរិវារក៏មានសេចក្តីប្រតិព័ទ្ធជាប់ចិត្តនឹង ព្រះនាងនោះ ក្រៃពេក 

បណ្ឌិតស្រី ពិចារណាថា “ថ្ងៃនេះអង្គអញមានវាសនាល្អណាស់ ដែលបានជួបនឹងស្រីគ្រប់លក្ខណ៍ តែអាត្មាអញជាកូនរាស្ត្រអ្នក ក្រខ្សត់ ធ្វើម៉េចនឹងបាននាងនេះទៅ ! តែនាងនេះពុំស័ក្តិសមនឹង អញសោះ ព្រោះនាងមិនមែនជាស្រីសាមញ្ញទេ នាងគឺព្រះរាជបុត្រី របស់ស្តេច សុរិយោទេវង្ស បើដូច្នេះអញត្រូវធ្វើយ៉ាងណាទៅ ? បណ្ឌិតនោះចេះតែស្រឡាញ់នាងខ្លាំងឡើងៗក៏គិតថា “អញនឹង ចូលទៅស្តីដណ្តឹងនាងតាមច្បាប់ក៏ពុំសម នឹងប្រព្រឹត្តិខុសក៏មុខជា ស្ដេចយកទោសដល់ជីវិត” ។

លុះសេក្តីស្រឡាញ់កាន់តែទ្វេឡើងៗ បណ្ឌិតស្រី ក៏ប្តូរផ្តាច់ថា "ទុកជាស្ដេចយកទោសយ៉ាងណាក៏សុខចិត្តស្លាប់ដែរ” គិតដូច្នេះ ហើយ ទើបនឹកដល់មន្ដវិជ្ជាការដែលខ្លួនចេះទាំងប៉ុន្មាននោះ ក៏បេះ ស្លឹកឈើយកមកសូត្រផ្លុំ ហើយឡើងដើមឈើផ្លុំស្លឹកបន្លឺឡើងយ៉ាង គ្រលួច ។ ឯសូរសម្លេងដែលបណ្ឌិតនោះផ្លុំ បានទៅចុចចំបេះដូង ព្រះនាងខ្មៅ ។ ព្រះនាងក៏ភ័ន្តស្មារតីមួយរំពេច។ លុះភ្ញាក់ឡើង មានព្រះតម្រិះថា “អង្គអញជាកូនស្តេច ធ្លាប់ស្តាប់ភ្លេងដូរ្យតន្ត្រី រាល់ថ្ងៃ តែពុំមានភ្លេងណាធ្វើឱ្យចិត្តអញស្លូតដូចសម្លេងនេះសោះ” ព្រះនាងអត់ទ្រាំពុំបានក៏លាន់ព្រះឱស្ឋថា “យីអើ ! សម្លេងនេះ ប្លែកណាស់ គួរតែអញទៅតាមស្ដាប់ឱ្យឃើញច្បាស់ តើអ្នកនោះជា នរណា បានជាចេះផ្លុំពិរោះដល់ម្លឹង!” ព្រះនាងក៏យាងទៅរក មើលឃើញដោយព្រះអង្គឯង ។

លុះព្រះនាងឃើញរូបឆោមបណ្ឌិតនោះៗក៏រឹតតែមានសេចក្តី ប្រតិព័ទ្ធខ្លាំងឡើង ហើយបានសាកសួរសន្ទនាគ្នាទៅវិញទៅមក តាមប្រពៃណីរបៀបកម្លោះនិងក្រមុំដែលស្រឡាញ់គ្នា ។ អ្នកទាំង ពីរបានសន្យាគ្នាថា ថ្ងៃក្រោយនឹងមកជួបគ្នានៅទីនេះទៀត ហើយពួកគេក៏បែកគ្នាទៅ ។ ចំណែកព្រះនាងចាប់តាំងពីបែក ពីបណ្ឌិតនោះទៅ មានព្រះភ័ក្ត្រប្លែកពីក្រប្រតី ចេះតែក្រៀមក្រំ លែងនិយាយស្តី ។ បន្ទាប់មក ព្រះនាងចូលទៅលាព្រះបិតា ម្តងទៀត ។ ព្រះរាជាក៏ទ្រង់បានអនុញ្ញាត ហើយចាត់អ្នកបម្រើ ហែហមជូនដំណើរព្រះនាងដូចថ្ងៃមុន។ លុះដល់កន្លែងនោះហើយ ព្រះនាងប្រាប់បរិវារថា “អ្នករាល់គ្នាចាំខ្ញុំនៅទីនេះសិនចុះ ខ្ញុំមាន ធុរៈទៅខាងនោះបន្តិច ។ ព្រះនាងមានព្រះបន្ទូលរួចហើយ ក៏ យាងសំដៅទៅជួប បណ្ឌិតស្រី ។ អ្នកទាំងពីរក៏មានសេចក្តីរំភើប រីករាយណាស់ ដែលបានជួបគ្នាតាមបំណង ប្រាថ្នារបស់ខ្លួន ។ ពួកបរិវារសង្ស័យ ក៏ទៅលបមើលឃើញកិរិយាមិនល្អ មានសេចក្តីភិតភ័យខ្លាចក្រែងស្តេច យកទោសដល់ជីវិតក៏ជំនុំគ្នាថា "យើងត្រូវតែក្រាបទូលស្ដេច ។

លុះត្រឡប់ទៅវិញ ពួកបរិវារក៏ចូលគាល់ស្តេចទូលតាមដំណើរ រឿង ។ ស្ដេចទ្រង់ខ្ញាល់ជាខ្លាំង ក៏ហៅពួកពេជ្ឈឃាដមកប្រាប់ថា ត្រូវតែយកបុត្រីអញនេះទៅសម្លាប់។ ព្រះអគ្គមហេសីជាព្រះមាតា ក្រាបទូលសូមទោសព្រះស្វាមីថា ​ សូមព្រះករុណា មេត្តាព្រះរាជ ទានទោសដល់បុត្រីផងចុះ បើទុកជាមានទោសយ៉ាងណាៗ សូម ព្រះអង្គកុំសម្លាប់បុត្រីអី គ្រាន់តែបំបរបង់ចេញពីទីនេះទៅបាន ហើយ  ។ ពេលនោះ ស្តេចក៏អនុញ្ញាតតាមសេចក្តីសុំរបស់ អគ្គមហេសី ទើបទ្រង់បង្គាប់ទៅសេនាបតីឱ្យធ្វើប្រាសាទពីរ ចម្ងាយពីព្រះរាជដំណាក់ទៅ៣យោជន៍ ។

ពួកសេនាបតីក៏ទទួលធ្វើតាមព្រះរាជបញ្ជា រួចស្ដេចទ្រង់បង្គាប់ ឱ្យនាំ ព្រះនាងខ្មៅ ទៅនៅទីនោះ ។ ឯប្រាសាទនោះនៅខាងលិចភ្នំ ជីសូរ ។ តាំងពីថ្ងៃនោះមក ព្រះនាងកើតទុកជាទម្ងន់ ណាមួយ ព្រះបិតាបំបរបង់ចោលឱ្យនៅតែឯង ណាមួយបែកពីសង្សារមិនបាន ជួបមុខ មិនដឹងជាគេនៅទីណា ។ គ្រា នោះមានភិក្ខុមួយព្រះអង្គឈ្មោះ កែវ និមន្តចេញពីស្រុកទៅរៀននៅឯ ស្រុកក្រៅ ។

លោករៀនបានចេះពូកែណាស់ ក៏លោកត្រឡប់មកស្រុកវិញ គង់ នៅភូមិមួយ (ខេត្តតាកែវ) នៅទីនោះក្រទឹកណាស់ អ្នកស្រុកបាន នាំគ្នាជីកស្រះមួយប្រគេនលោក ។ ដោយស្រះនោះជារបស់លោក គ្រូ កែវ ទើបមានឈ្មោះថា ស្រះកែវ រហូតដល់សព្វថ្ងៃ ។ លោកគ្រូ អង្គនោះគង់នៅយូរបន្តិចទៅក៏មានកិត្តិស័ព្ទទៅគ្រប់ស្រុកភូមិ ។

កាលណោះ ព្រះនាងបានឮដំណឹងថា លោកគ្រូនោះទើបតែ និមន្តមកពីស្រុកក្រៅចេះមន្តវិជ្ជាល្បីល្បាញដូច្នោះ មានព្រះបំណង ចង់ជួបនឹងលោកដើម្បីចង់ដឹងពីជោគវាសនារបស់ព្រះនាង ថាតើ ថ្ងៃណាទ្រង់រួចផុតពីទុក្ខលំបាកនេះ ។ ព្រះនាងក៏បានប្រាប់ពួកអ្នក បម្រើឱ្យរៀបចំទីនាំងដំរីដើម្បីទៅថ្វាយបង្គំលោកគ្រូ កែវ ។ លុះ ធ្វើព្រះដំណើរដល់ទីកន្លែងលោកគ្រូនោះហើយ ព្រះនាងចូលទៅ ថ្វាយបង្គំលោកតាមទំនៀម ។

 ទ្រង់បានឃើញលក្ខណៈលោកគ្រូ នោះសព្វគ្រប់ ក៏បែកចិត្តពីសង្សារចាស់មកជាប់ចិត្តនឹងលោកគ្រូ កែវ វិញ ពីព្រោះលោកអង្គនោះមានរូបស្អាតជាង បណ្ឌិតស្រី ពេញ លក្ខណៈជាបុរស ។ ព្រះនាងបានដំណាលពីសេចក្តីសុខទុក្ខរបស់ ទ្រង់ទូលលោកគ្រូសព្វគ្រប់ហើយ ក៏សម្តែងការស្និទ្ធស្នាលហាក់ដូច ជាទុកចិត្តគ្នាពីមុនមក ។ ការដែលព្រះនាងពណ៌នារឿងរ៉ាវរបស់ ទ្រង់នោះនាំឱ្យលោកគ្រូ កែវ អត់ទ្រាំពុំបានក៏មានចិត្តទោរទន់ ទៅរកព្រះនាង ហើយមានសង្ឃដីការទន់ភ្លន់ទៅរកទ្រង់។ កាល បើព្រះនាងបានឮសង្ឃដីការលោកផ្អែមល្ហែមមករកទ្រង់ដូច្នោះ ក៏សង្ឃឹមថា "តទៅមុខនឹងលែងកើតទុក្ខទៀតហើយ” ។

ចាប់តាំងពីថ្ងៃនោះមក ព្រះនាងមានពណ៌សម្បុរស្រស់បំព្រងដូច ទេពអប្សរ ។ ចំណែកឯលោកគ្រូ កែវ វិញខំប្រឹងពិចារណាធម៌ ដើម្បីកាត់ចិត្តពីព្រះនាងនោះ តែលោកដកចិត្តពុំរួចសោះ ។ ក្រោយ មកព្រះនាងត្រឡប់ទៅថ្វាយបង្គំសុំឱ្យលោកមកស្រោចទឹកដើម្បី ឱ្យមានសិរីសួស្តី ។ ពេលទៅស្រោចទឹកនោះ ព្រះនាងក៏រឹតតែ សម្តែងការរាក់ទាក់ទៅរកលោកគ្រូ កែវ ខ្លាំងឡើងថែមទៀត ហើយព្រះនាងទូលលោកថា “សូមឱ្យព្រះអង្គគង់នៅឱ្យបានសុខ ព្រះទ័យចុះ”។ កាលបើឮពាក្យនេះ លោកគ្រូក៏មានព្រះភ័ក្ត្រក្រៀម ក្រំកើតទុក្ខដោយសារសំដីរបស់ព្រះនាង ។ កាយវិការរបស់លោក បានប្រាប់ព្រះនាងឱ្យដឹងថា ទ្រង់ក៏កើតទុក្ខព្រោះតែព្រះនាងដែរ ។ ព្រះនាងក៏រិតតែមានសេចក្តីស្រឡាញ់ខ្លាំងឡើង ។

លុះព្រះនាងត្រឡប់ទៅដំណាក់វិញក៏ផ្ទុំពុំលក់ សោយក្រយា ស្ងោយក៏ពុំបាន ក៏ចាត់អ្នកបម្រើឱ្យរៀបចំព្រះទីនាំងដំរី ទៅ និមន្តលោកមកឯព្រះដំណាក់ព្រះនាង ។ ឯលោកគ្រូ កែវ កាលបើបានឃើញអ្នកបម្រើមកនិមន្តក៏មានព្រះទ័យរីករាយ ណាស់ បានរៀបចំចេញជាប្រញាប់ ។ ព្រះនាងក៏ទំនុកបំរុង ប្រណីតភោជនសុទ្ធតែរបស់ប្លែកៗ ។ លុះលោកនិមន្តទៅ ដល់ ព្រះនាងក៏លើកភោជនមកប្រគេនលោកដោយផ្ទាល់ ព្រះអង្គ ។ លោកគ្រូ កែវ ឃើញម្ហូបពាសពេញក៏ឆាន់ពុំបាន ធ្វើឱ្យព្រះនាងរឹតតែកើតទុក្ខខ្លាំងថែមទៀត ក៏កាត់កេរ្តិ៍ខ្មាស ចូលទៅទួលលោកថា “សូមលោកគ្រូម្ចាស់សឹកចាកសិក្ខាបទ មកចុះ” ។

ព្រះនាងក៏ប្រគេនសំពត់ស្លៀកពាក់ ព្រមទាំងប្រដាប់ប្រដាសព្វ គ្រប់ ។ លោកទទួលតាមបន្ទូលរបស់ព្រះនាងហើយ ក៏និមន្តសឹក ចាកសិក្ខាបទជាឃរាវាស នៅរួមសុខទុក្ខជាមួយ ព្រះនាងខ្មៅ នៅក្នុងប្រាសាទនោះ ។

ដោយរឿងដំណាលដូច្នោះ បានជាប្រាសាទនោះគេហៅថា ប្រាសាទនាងខ្មៅ តាំងពីនោះរហូតមក ។ ចំណេរកាលក្រោយ មកមានពុទ្ធបរិស័ទជ្រះថ្លាស្ថាបនាវត្តនៅទីនោះឡើង វត្តនោះក៏ មានឈ្មោះថា វត្តប្រាសាទនាងខ្មៅ រហូតដល់សព្វថ្ងៃ ។ ចប់

សេចក្តីស្នេហាធ្វើឱ្យមនុស្សងុបងុល


























0 Comments:

Post a Comment