រឿង ប្រាជ្ញានាងនុត
កាលពីព្រេងនាយ មានក្មេងប្រុសម្នាក់ឈ្មោះ បណ្ឌិត និងក្មេងស្រីម្នាក់ ទៀតឈ្មោះ នាងនុត ពួកគេជាមិត្តភក្តិនឹងគ្នា។
ថ្ងៃមួយ បណ្ឌិត និយាយ លេងថា នែនុត នាពេលអនាគតបើស្រីណាចង់ធ្វើជាប្រពន្ធខ្ញុំ ទាល់តែ ស្រីនោះចេះគោរពតាមករណីយកិច្ចជាភរិយា ហើយបើកាលណាស្រីនោះ កាន់ក្រមាងូតទឹកឱ្យខ្ញុំដល់មាត់កំពង់ ទើបខ្ញុំយកនាងនោះធ្វើជាប្រពន្ធ។
នាងនុត ក៏ឆ្លើយតបវិញថា បងអើយ! ខ្ញុំក៏មានចិត្តគិតដូចបងដែរ បើ បុរសណាកាន់សំពត់ងូតឱ្យខ្ញុំដល់កំពង់ទើបខ្ញុំយកគេធ្វើជាប្តី។
ច្រើនឆ្នាំក្រោយមក បណ្ឌិត ក៏ដល់អាយុចូលបួសក្នុងព្រះពុទ្ធសាសនា។ លុះចាកសិក្ខាបទមកវិញ ឪពុកម្តាយក៏ទៅស្តីដណ្តឹង នាងនុត ជាប្រពន្ធ បណ្ឌិត។
ប្តីស្រឡាញ់ថ្នាក់ថ្នមប្រពន្ធមិនដែលឱ្យសៅហ្មងអ្វីឡើយ។ ចំណែក នាងនុត វិញក៏បំរើប្តីតាមករណីយកិច្ចរបស់ខ្លួនដែរ។
ថ្ងៃមួយ ពួកគេក៏ នាំគ្នាទៅងូតទឹកឯមាត់កំពង់ ពេលនោះនាងស្រែកប្រាប់ប្តីថា បងសម្លាញ់! អូនភ្លេចសំពត់ហើយ បងជួយយកឱ្យអូនផង បណ្ឌិត ក៏កាន់សំពត់ងូត មកឱ្យប្រពន្ធដល់មាត់កំពង់។
ប្តីស្តាប់ប្រពន្ធនិយាយដូច្នេះ នឹកឃើញរឿងដើមក៏កើតសេចក្តីអៀនខ្មាស មិនគួរចាញ់ប្រៀបនាងដែលជាមនុស្សស្រីសោះឡើយ ហើយក៏ឈប់និយាយ លេងតទៅទៀត។ រីឯប្រពន្ធមិនដឹងថា ប្តីអន់ចិត្តពីសំដីរបស់ខ្លួនក៏និន្ទ្រា លក់ទៅ។
បណ្ឌិត ក៏លបយកសំពៅមួយធ្វើដំណើរចេញទៅទាំង យប់។ ព្រឹកឡើង ក៏ទៅដល់កំពង់ផែមួយដែលមានសេដ្ឋី កាន់កាប់ ទីនោះឈ្មោះថា សេដ្ឋីបំផ្លាញឈ្មួញ។
ពេល សេដ្ឋីដឹងថាមានសំពៅមកចតនៅកំពង់ផែរបស់ខ្លួនហើយ ក៏ត្រេកអរជាខ្លាំងទើបបញ្ជាអ្នកបំរើរៀបចំ ភោជនាហារជប់លៀងនាយសំពៅ។
សេដ្ឋីបាន និយាយសំណេះសំណាលទទួលរាក់ទាក់ជាមួយ បណ្ឌិត ហើយឃាត់ឱ្យ ស្នាក់នៅបានពីរ-បីថ្ងៃសិន។ នៅពេលកំពុងបរិភោគ សេដ្ឋីបំផ្លាញឈ្មួញ ក៏ចាត់អ្នកបំរើម្នាក់យកអណ្ដើកមាសមួយទៅលាក់ក្នុងសំពៅ បណ្ឌិត ។
ក្រោយមក បណ្ឌិត ក៏ឡើងទៅលាសេដ្ឋីចេញដំណើរទៅមុខទៀត។ សេដ្ឋីក៏ចោទប្រកាន់ បណ្ឌិត ថា នែមាណព ឯងចេញទៅឥឡូវនេះមិន បានទេ ព្រោះខ្ញុំបានបាត់អណ្តើកមាសដែលជាកេរ្តិ៍មរតករបស់ខ្ញុំ ខ្ញុំត្រូវ ឆែកឆេរសំពៅឯងសិន។
បណ្ឌិត មិនដឹងកលល្បិចសេដ្ឋីក៏តបវិញថា “សូមលោកអញ្ជើញទៅរក មើលចុះ រូបខ្ញុំនេះគឺជាមនុស្សស្អាតស្អំ មិនដែលលួចរបស់អ្នកណាម្តង ឡើយ សេដ្ឋីបន្ថែមទៀតថា ចុះបើមានមែន ឯងសុខចិត្តប្រគល់សំពៅ និងទ្រព្យសម្បត្តិហើយនៅជាអ្នកបំរើខ្ញុំទេ? ក៏បាន (បណ្ឌិតឆ្លើយទាំង កំហឹង)។
សេដ្ឋីបំផ្លាញឈ្មួញក៏ចាត់អ្នកបំរើឱ្យទៅឆែកមើល។ លុះឃើញអណ្ដើក មាសនៅក្នុងសំពៅ បណ្ឌិត ពិតប្រាកដហើយ ក៏រឹបអូសសំពៅព្រមទាំង ទ្រព្យសម្បត្តិ និងទុក បណ្ឌិត ជាអ្នកបំរើតាមពាក្យសន្យា។
ថ្លែងពី នាងនុត បាត់ប្តីមិនឃើញក៏ឆោឡោពេញ ផ្ទះហើយចាត់មនុស្សដើររកគ្រប់ទីកន្លែង។ លុះដឹង ថា បាត់សំពៅមួយទើបនាងយល់ច្បាស់ថា ប្តីរត់ ចោលពិតប្រាកដណាស់ ទើបនាងរៀបចំឥវ៉ាន់ ដាក់ក្នុងសំពៅធ្វើដំណើរចេញតាមរកប្តីព្រមទាំង យកសារិកាទៅជាមួយផងដែរ។
លុះទៅដល់កោះសេដ្ឋីបំផ្លាញឈ្មួញ នាងនុត ក៏ក្រឡេកឃើញសំពៅ របស់ប្តី នាងខំគន់រកមើលប្តីសព្វទិសទី ក៏ប៉ុន្តែមិនឃើញប្ដីទាល់តែសោះ នាងសុំចតនៅទីនោះដើម្បីស៊ើបរក បណ្ឌិត។
ឯសេដ្ឋីទុច្ចរិតពេលឃើញ សំពៅពោរពេញដោយទំនិញផ្សេងៗមកដល់ គិតត្រេកអរក៏ប្រើល្បិច ដូចមុនៗទៀត។
កំឡុងពេលកំពុងជប់លៀង សេដ្ឋីបានប្រើអ្នកបំរើយក អណ្តើកមាសទៅលាក់នៅក្នុងសំពៅ នាងនុត។ តែសារិកាដែលទំនៅលើ ក្ដោងសំពៅ បានឃើញហេតុការណ៍មិនល្អកើតឡើង ក៏លបប្រាប់ម្ចាស់ តាមដំណើរ នាងនុត ក៏យកអណ្ដើកមាសចងពន្លិចក្នុងទឹកបាត់ទៅ។
យូរថ្ងៃរកប្តីមិនឃើញ នាងនុត ក៏លាសេដ្ឋីដើម្បីចេញដំណើរទៅមុខ ទៀត។ សេដ្ឋីបំផ្លាញឈ្មួញក៏ចោទប្រកាន់នាងលួចអណ្តើកមាសរបស់ខ្លួន តែនាងបានប្រកែកហើយអះអាងចំពោះសេដ្ឋីថា “បើកាលណាមានអណ្តើក មាសនៅក្នុងសំពៅខ្ញុំមែននោះ ខ្ញុំសុខចិត្តប្រគល់សំពៅ និងឥវ៉ាន់ទាំងអស់ ឱ្យទៅលោក” សេដ្ឋីនោះក៏ធ្លោយមាត់អួតអាងវិញថា "បើកាលណារក អណ្តើកមាសមិនឃើញនៅក្នុងសំពៅនាងទេ ខ្ញុំសុខចិត្តផ្ទេរទ្រព្យសម្បត្តិ និងអ្នកបំរើទាំងអស់ឱ្យទៅនាង”។
បន្ទាប់ពីដាក់កិច្ចសន្យារួចហើយ សេដ្ឋី ក៏ឱ្យអ្នកបំរើចូលរកអណ្តើកមាសក្នុងសំពៅនាងភ្លាម តែទោះជាខំរុករក យ៉ាងណាក៏មិនអាចរកអណ្ដើកនោះឃើញដែរ។ បន្ទាប់មក សេដ្ឋីក៏ប្រគល់ ទ្រព្យសម្បត្តិទាំងអស់ឱ្យទៅនាង តែនាងនុត មិនព្រមទទួលទ្រព្យសម្បត្តិ ទាំងអស់នោះទេ នាងសុំតែសំពៅ៥ ដែលផ្ទុកដោយទំនិញពេញ និងអ្នក បំរើម្នាក់តែប៉ុណ្ណោះ។
សេដ្ឋីក៏ហៅអ្នកបំរើទាំងអស់មកជួបជុំគ្នាដើម្បីឱ្យនាងជ្រើសរើស។ ពេលនោះ នាងក៏ឃើញប្តីស្លៀកពាក់ខោអាវកណ្តែកកណ្ដោច ស្ទើរតែ មើលមិនស្គាល់ ទើបនាងប្រាប់សេដ្ឋីថា “សុំយកមនុស្សម្នាក់គឺ បណ្ឌិត នេះឯង”។ នាយបណ្ឌិត ពេលឃើញប្រពន្ធតាមមកជួយខ្លួនឱ្យរួចផុតពី អំពើទុក្ខទោសក៏ត្រេកអរពន់ពេក ហើយក៏នាំគ្នាពិភាក្សាអំពីមុខជំនួញ របស់ពួកគេ។
និយាយពីសេដ្ឋីទុច្ចរិត លុះធ្វើការមិនបានសំរេចដូចបំណង កើតក្តីមួម៉ៅ ក្តៅក្រហាយពន់ពេក ដោយមិនអស់ចិត្តក៏ហៅបរិវារដែលយកអណ្ដើកទៅ លាក់មកសួរបញ្ជាក់ បរិវារឆ្លើយថា “កាលដែលខ្ញុំយកអណ្ដើកមាសទៅ លាក់នោះ គ្មានឃើញនរណាម្នាក់ទេ មានតែសារិកាមួយទុំនៅលើក្តោង សំពៅតែប៉ុណ្ណោះ”។
គ្រាន់តែឮភ្លាម សេដ្ឋីក៏ប្រើអ្នកបំរើឱ្យទៅចាប់សារិកាសម្លាប់ចោល។ តែមុននឹងសម្លាប់ ពួកគេបានបោចរោមម្តងមួយៗទាល់តែសារិកាសន្លប់ ហើយទុកប្រលាក់អាំង។
ជាភ័ព្វល្អ គ្រាន់តែបរិវារដើរទៅយកអំបិល សារិកាដឹងខ្លួនទាន់ ក៏លោតចូលពួននៅក្នុងរូងឈើនៅក្បែរនោះ។ លុះគេត្រឡប់មកវិញរក សារិកាមិនឃើញក៏ហីទៅ។ រីឯបណ្ឌិត និងនាងនុត រកសារិកាមិនឃើញ ក៏ធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។
ចំណែកសារិកាសម្ងំលាក់ខ្លួនដល់ពេលរាត្រីស្ងាត់ ក៏បានជួបនឹងស្តេច កណ្តុរសមួយកំពុងស្វែងរកអាហារ។ សារិកាក៏សុំឱ្យកណ្តុរសជួយកាយ រូងមួយសំរាប់រស់នៅបណ្តោះអាសន្នទម្រាំដុះរោមឡើងវិញ។ ស្ដេចកណ្តុរស ក៏ព្រមជួយសារិកាដោយក្តីអាណិត។
ច្រើនថ្ងៃក្រោយមក សារិកាដុះរោមពេញដូចដើមហើយក៏បានរក មធ្យោបាយសងគុណស្តេចកណ្តុរសវិញហើយនិយាយថា "សូមលោកជួយ កាយរូងមួយឱ្យធ្លាយទៅដល់វត្ត ហើយធ្វើរន្ធបង្ហុយចេញតាមមាត់ព្រះ ក្នុងវិហារឱ្យមានប្រហោងអាចបញ្ចេញសម្លេងបាន”។ ស្តេចកណ្តុរសក៏ ព្រមជួយសារិកាម្តងទៀត។
លុះធ្វើបានសម្រេចហើយសារិកាក៏ចូលទៅសម្ងំក្នុងរូងនោះ ក្រោយមក មានសាមណេរមួយអង្គចូលមកទន្ទេញធម៌ សារិកាក៏បញ្ចេញសម្លេង ក្លែងធ្វើជាព្រះនិយាយថា "នែសាមណេរ! នៅទន្ទេញធម៌ដល់ណាទៀត! ម្តេចមិនប្រាប់អាចារ្យឱ្យប្រមូលគ្នាធ្វើបុណ្យពូនភ្នំស្រូវទាន់អង្គអញមិន ទាន់សុគត”។
សាមណេរព្ធដូច្នេះ រត់ទៅទូពិតព្រះចៅអធិការវត្តហើយក៏នាំគ្នាមក ស្តាប់មើល ឮពាក្យដដែលក៏ចេញទៅទូងស្គរហៅអ្នកស្រុកមកជួបជុំគ្នាធ្វើ បុណ្យពូនភ្នំស្រូវចំនួន៧ថ្ងៃ។ អ្នកស្រុកនាំគ្នារែកស្រូវ ទូលនំ និងផ្លែឈើ ផ្សេងៗតាមលំនាំសាសនាយ៉ាងអធិកអធម។
សត្វសារិកាបានឱកាសល្អហើយ ក៏ទៅប្រាប់ស្ដេចកណ្តុរសថា “នែស្ដេច កណ្តុរស ចូរអ្នកនាំគ្នាទៅជញ្ជូនគ្រឿងសម្រាប់បរិភោគនោះមក ដើម្បីទុក ជាស្បៀងចុះ ខ្ញុំសុំលាទៅរកម្ចាស់ខ្ញុំវិញហើយ។ ចប់
0 Comments:
Post a Comment