Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង ព្រះគោ ព្រះកែវ

 រឿង ទេវមន្តព្រះគោ

ជាយូរលង់ណាស់មកហើយ មានស្តេចមួយអង្គព្រះនាមព្រះបាទ រាមាធិរាជ ។ ព្រះអង្គប្រកបដោយទសពិធរាជធម៌សោយរាជ្យនៅនគរតក្កសិលា។ នៅក្នុងនគរនោះ មានប្តីប្រពន្ធពីរនាក់រស់នៅដោយក្រលំបាកក្រៃពេក គ្មានទាំងសំលៀកបំពាក់ ខ្សត់ទាំង ម្ហូបអាហារ។ ទោះជាស្ថិតក្នុងសភាពបែបនេះក៏ដោយ ក៏ពួកគេមិនដែលប្រព្រឹត្តអំពើ ទុច្ចរិតឡើយ។ នារាត្រីមួយភ្លៀងបានបង្ហូរដូចគេហែកមេឃ។ ចំណែកប្រពន្ធ កំពុង តែលង់លក់ក្នុងដំណេកយ៉ាងស្កប់ស្កល់។ យប់នោះនាងបានសុបិនឃើញតាឥសីយក ចិញ្ចៀនពេជ្រដែលមានរស្មីភ្លឺចិញ្ចាចបីវង់មកបំពាក់នៅម្រាមដៃរបស់នាង។


លុះនាងក្រោកពីដំណេក នាងក៏ដាស់ប្តីប្រាប់អំពីសុបិននេះ។ មាណពជាប្តីបានទៅ ទូលលោកគ្រូឯវត្ត លោកទាញក្តារដេញលេខតាមក្បួនតម្រា ទ្រង់បានយល់នូវហេតុ ការណ៍សព្វគ្រប់ហើយក៏មានពុទ្ធដីកាថា “ចូរញោមកុំព្រួយអី សុបិននេះល្អណាស់ បើតាមជើងលេខទាយថា មានអ្នកមានបុណ្យមកចាប់កំណើតក្នុងផ្ទៃរបស់នាងដល់ ទៅបីអង្គដែលប្រកបដោយឫទ្ធិចេស្ដា។ ប៉ុន្តែបើតាមទំនាយ ញោមស្រីត្រូវកាន់តំណម មួយឱ្យជាប់ គឺកុំបរិភោគផ្លែស្វាយខ្ចីឱ្យសោះ”។ លុះចៅមាណពមកដល់ផ្ទះវិញ ក៏និយាយប្រាប់ប្រពន្ធតាមដំណើរនៃទំនាយ ហើយប្រាប់នាងអំពីតំណមនេះ។


ថ្លែងពីអ្នកមានបុណ្យដែលមកចាប់បដិសន្ធិក្នុងផ្ទៃម្តាយ។ លុះគ្រប់ទសមាសហើយ ក៏ស្រាប់តែកម្មអកុសលបណ្តាលឱ្យនាងនឹកឃ្លានស្វាយខ្ចីរហូតដល់ទ្រាំលែងបាន។ ពេលនោះនាងក៏ដើរសម្លឹងរកផ្លែស្វាយខ្ចី ហើយប្រវេប្រវាតោងឡើងដើមស្វាយ។ លុះឡើងដល់មែកចំពាមបែកជាពីរ ក៏របូតដៃធ្លាក់មកដីធ្លាយពោះស្លាប់មួយរំពេច។ ឯឆ្អឹងរបស់នាងក៏បាក់ញែកចេញ ព្រះគោ ពីក្នុងផ្ទៃម្តាយបោលចុះបោលឡើងល្អស្អាត ឥតខ្ចោះ មានទាំងគម្ពីរក្បួនភេទ មានគ្រឿងមាសប្រដាប់កាយ មានអាហាររូបត្ថម្ភដ៏ មានក្លិនពិដោរដែលជាគ្រឿងសម្រាប់អ្នកមានបុណ្យ។ កូនគោបានបោលចេញពីម្តាយ មកផ្ទះរកឪពុកដោយភ័យខ្លាចប្អូនស្លាប់។ 

លុះដល់ពេលព្រលប់ទើបចៅមាណពត្រឡប់ ពីព្រៃបានឃើញកូនគោរូបរាងសក្តិសមល្អអស្ចារ្យបោលសំដៅទៅក្រោមដើមស្វាយ គាត់ក៏ដើរតាមកូនគោស្រាប់តែឃើញប្រពន្ធដេកស្លាប់នៅលើដី។ ចៅមាណពលើក ប្រពន្ធមកបីយំសោកកណ្តោចកណ្តែង។ កូនគោនិយាយថា “ពុកអើយ! ខ្ញុំកើតចេញពី ផ្ទៃម្តាយរួចហើយ តែនៅប្អូនកែវជាប់ក្នុងផ្ទៃនៅឡើយទេ”។ ចៅមាណពក៏យក ព្រះកែវ មកជូតទឹកលាងសំអាត។ ដោយឃើញកូនថ្ងាសទ្រលុកទ្រលន់ ឪពុកក៏យំ បណ្តើរនិយាយបណ្តើរថា “ឱកូនមាសឪពុក! ម្តាយឯងស្លាប់ហើយធ្វើម្ដេចនឹងបាន ទឹកដោះឱ្យកូនបៅទៅ កូនគោគ្រាន់មានស្មៅខ្ចីស៊ី ចុះកូនវិញតើបានអ្វីនឹងបៅទៅ?”

លុះព្រឹកឡើង ចៅមាណពបី ព្រះកែវ បណ្តើរ ព្រះគោ ដើរគ្រប់ច្រកល្ហកដើម្បីសុំ ដោះគេឱ្យកូនបៅ។ អ្នកស្រុកសួរថា "ចុះ ម្តាយកូននេះនៅឯណា?” មាណពលើកដៃ សំពះតបថា “ឱព្រះគុណអើយ! ពេលខ្ញុំមិន នៅ ប្រពន្ធខ្ញុំចង់ស្វាយខ្ចីក៏ឡើងបេះ តែកម្ម អកុសលនាងបានធ្លាក់បែកពោះស្លាប់បាត់ទៅ ហើយ សល់តែកូនភ្លោះទាំងពីរមួយជាមនុស្ស និងមួយជាគោដែលនាំមកនេះ”។ អ្នកស្រុក នាំគ្នាស្រែកថា “អូហ៍! នេះជាកូនកាឡកិណី ចង្រៃក្នុងស្រុក ម្លឹងៗខំត្រដរបីកូនមករកដោះ ឱ្យបៅទៀត ទៅៗឱ្យឆ្ងាយទៅ បើនៅយើង នឹងវាយបែកក្បាលឥឡូវហើយ”។ 

មាណព ឮដូច្នេះក៏នាំកូនទាំងពីរដើរចេញដោយក្តីអស់ សង្ឃឹម។ មាណពដើរសុំពីផ្ទះមួយទៅផ្ទះមួយ តាំងពីព្រលឹមដល់ព្រលប់ តែគ្មានបានផល អ្វីឡើយ។ មាណពមកដល់ផ្ទះវិញ ផ្តេកកូន បន្តក់ទឹក រួចលួងលោមកូនឱ្យដេកហើយ ប្រញាប់ទៅកប់សពប្រពន្ធ។ រឿងរ៉ាវចៅ មាណពដែលមានកូនមួយជាមនុស្ស និងមួយ ជាកូនគោនោះ ធ្វើឱ្យភ្ញាក់ផ្អើលពេញស្រុក ភូមិ។ គេនិយាយគ្នាថា គ្រួសារមាណពជាមនុស្សចង្រៃទុកក្នុងស្រុកពុំបានឡើយ។ ដូច្នេះ ពួកគេក៏នាំគ្នាបណ្តេញទាំងឪពុក និងកូនចេញពីស្រុកភូមិនេះ។

អ្នកស្រុកគិតថា កូនគោនេះឆ្អឹងនៅទន់ សាច់ក៏ខ្ចីគួរឱ្យឆ្ងាញ់ អ្នកខ្លះយកផ្តៅទុកចងរឹត អ្នកខ្លះយកអង្រែទុកសែង អ្នកខ្លះកាន់ដំបង ទុកវាយសំពង។ លុះពេលបានជួបគ្នាហើយ ក៏នាំគ្នាហើបីដងព័ទ្ធជារបងជិត។ ព្រះគោ ប្រាប់ឪពុកថា “ពុកគេមកចាប់ខ្ញុំហើយ សូមពុកតោងកូនឱ្យជាប់ កូននឹងផ្លោះ របងនេះចេញទៅ”។ ព្រះគោ ប្រឹងស្ទុះជ្រែកយកផ្លូវចេញឱ្យផុតពីពួកគេ។ បន្ទាប់មកឪពុកនាំកូនរត់ចូលក្នុងព្រៃមិនហ៊ានវិលមកផ្ទះវិញឡើយ។

 ឯ ព្រះគោ គ្រាន់បានស្មៅខ្ចីៗជាអាហារ ចំណែក ព្រះកែវ មានតែទឹកជំនួសទឹកដោះតែ ប៉ុណ្ណោះ។ មាណពហៅកូនគោឱ្យមើលថែប្អូន គាត់ចេញទៅបេះផ្លែឈើទុំៗ ច្របាច់យកទឹកឱ្យកូនបៅ តែមិនហ៊ានចេញទៅក្រៅទេ។ ការរស់នៅក្នុងព្រៃ បែបនេះមានការលំបាកវេទនាខ្លាំងណាស់ សូម្បីតែខ្ទមមួយក៏មិនហ៊ានធ្វើផង។

 ចៅមាណពបានដើរក្នុងព្រៃអស់រយៈកាលបីឆ្នាំ ខោអាវរហែកដាច់អស់ ហើយ គាត់យកស្លឹកខ្នង ត្បែងមកដេរខ្ទាស់សម្រាប់បិទបាំងរាងកាយធ្វើដំណើរមកដល់ កន្លែងមួយដែលមានដើមពោធិ៍ធំប្របនឹងព្រៃភ្នំ នៅទីនោះមានក្មេងគង្វាល ជាច្រើននាំគ្នាប្រឡែងលេងស្រែកហ៊ោកញ្ជ្រៀវតាមរបៀបក្មេងៗ។ រីឯ ព្រះកែវ ឃើញគេលេងសប្បាយយ៉ាងនេះ ក៏សុំបងគោទៅលេងនឹងគេដែរ តែ ព្រះគោ មិនឱ្យប្អូនទៅទេ ព្រោះខ្លាចគេធ្វើបាបប្អូន។

នៅយប់មួយ ចៅមាណពដេកគិតពិចារណាដល់រឿងដើម គឺរឿងដែលលោក ទស្សន៍ទាយ។ មាណពឆ្ងល់ត្រង់ដែលថាមានកូនដល់ទៅបីនាក់ ចុះកូនមួយទៀតនៅឯ ណា? តែតាមការពិតគាត់នៅមានកូនគម្ពីរត្រៃវេទមួយទៀតដែលនៅក្នុងពោះ ព្រះគោ មាណពពុំបានដឹងអំពីរឿងនេះឡើយ។ លុះភ្លឺឡើងមាណពក៏យកផ្លែឈើទុំៗមកឱ្យ កូនឆីហើយហៅកូនគោមកផ្តាំថា “បើកូនចង់ទៅលេងនឹងគេក៏ទៅចុះ តែដល់រសៀល ទន់ទាប ចូរកូនត្រឡប់មកវិញ”។ 

បន្ទាប់មក ព្រះគោ បាននិយាយនឹងប្អូនថា “ដើម្បីកុំ ឱ្យគេឆ្ងល់ ចូរប្អូនបោចវល្លិមកចងបងធ្វើដូចជាគោធម្មតាចុះ។ ប៉ុន្តែយ៉ាងម៉េចយ៉ាងម៉ា កុំវាត់ខ្សែលើខ្នងបងឱ្យសោះ ព្រោះអាចសាបសិល្ប៍របស់បង”។ បងប្អូនទាំងពីរដើរ តម្រង់ទៅដើមឈើដែលក្មេងៗកំពុងលេង។ ប្អូនយកបងទៅចង ហើយដើរតម្រង់ទៅ រកពួកក្មេងគង្វាល។ ពួកគេឃើញ ព្រះកែវ ក៏សួរថា “នែវើយឯងមកពីស្រុកណា?” ព្រះកែវ ឆ្លើយថា “ខ្ញុំគ្មានម្តាយទេមានតែឪពុក ផ្ទុះក៏គ្មានដែរនៅតែក្នុងព្រៃ”។ ពួក ក្មេងៗឮថាគ្មានម្តាយដូច្នោះ ក៏នាំគ្នាលោតឆាក់ទាត់គ្រប់ៗគ្នា។ ព្រះកែវ ស្រែកយំឡ ព្រះគោ ឃើញប្អូនយំនឹកអាណិតប្អូនខ្លោចចិត្ត។

ពេលក្មេងៗស្រាយកញ្ចប់បាយសំណុំ ព្រះកែវ ឃើញបាយឃ្លានណាស់ក៏អង្វរគេ សុំបាយឆី។ ប៉ុន្តែគ្មានក្មេងមួយណាចិត្តល្អសោះ សូម្បីតែបាយជាប់នឹងស្លឹកចេក ក៏ពួកគេជាន់កម្ទេចចោលដែរ។ ព្រះកែវ យំសស្រាក់ដើរទៅរកបង។ ព្រះគោ សួរ ប្អូនថា "មានរឿងអី?” ព្រះកែវ តបថា “បងអើយ! ខ្ញុំឃើញគេហូបបាយ ខ្ញុំឃ្លានពេក ក៏លើកដៃសំពះសំគេ តែគ្មាននរណាឱ្យទេថែមទាំងជេរខ្ញុំទៀត”។ ព្រះគោ បង្ហូរទឹក ភ្នែកអាណិតប្អូនរួចប្រាប់ថា “បើប្អូនកែវឃ្លានបាយចាំបងក្អែបាយឱ្យប្អូនហូប”។ ថាហើយ ព្រះគោ រោទិ៍បីដងភោជន៍មាសក៏ធ្លាក់ចុះមកផ្ទុកដោយចានស្លាបព្រាព្រមទាំងបាយ សម្លក្តៅៗ និងនំចំណីមានក្លិនឈ្ងុយឆ្ងាញ់។ 

ប្អូនឃើញដូច្នេះត្រេកអរពេកក្រៃ រួចក៏ចាប់អាហារទិព្វមកហូប។ ពេលនោះពួកក្មេងគង្វាលផ្អើលមកមើលស្រែកថា “អាដែងហ្គាំ គោនេះរោទិ៍ធ្លាក់បាយសម្ល គោឯងអំបល់យក៏អី រោទិ៍ធ្លាក់តែអាចម៍”។ ក្មេងខ្លះដោយធំក្លិនឈ្ងុយពេកក៏ដាច់ ចិត្តលើកដៃសំពះសុវិញម្តង។ បន្ទាប់ពី ព្រះកែវ ហូបរួចហើយ ព្រះគោ ក៏លេបភាជន៍មាសចូល ក្នុងពោះវិញ។ ពេលនោះប្អូនសួរបងថា “បើបង មានបាយសម្លពេញពាសយ៉ាងនេះ ម្តេចក៏មិនទុកឱ្យ ពុកពិសាផង?” បងប្រាប់ប្អូនថា “ម្ហូបអាហារទាំង អស់នេះសម្រាប់តែអ្នកមានបុណ្យប៉ុណ្ណោះ”។ លុះ រសៀលទន់ទាបបងក៏នាំប្អូនត្រលប់ទៅទីកន្លែង ជួបជុំឪពុកតាមសភាពប្រក្រតី។

និយាយពីក្មេងគង្វាលគោដែលត្រឡប់ទៅផ្ទះវិញ ក៏តាំងរៀបរាប់ប្រាប់ឪពុកម្តាយ អំពីហេតុការណ៍នេះ។ អ្នកភូមិទាំងអស់ក៏ភ្ញាក់ផ្អើលនាំគ្នាទៅចាប់គោនោះដើម្បីវះពោះ យកមាសចែកគ្នា។ លុះព្រឹកឡើង ព្រះកែវ ក៏សុំឪពុកទៅលេងនឹងគេទៀតដោយមាន ព្រះគោ ជាអ្នកការពារ។ ចំណែកពួកអ្នកភូមិក៏ត្រៀមខ្លួនចាំព័ទ្ធចាប់ ព្រះគោ តែមេភូមិ បានឃាត់ពួកគេឱ្យចាំមើលហេតុការណ៏ឱ្យច្បាស់សិន។ លុះដល់ពេលបាយ ក្មេងៗនាំ គ្នាបរិភោគបាយជុំគ្នាមិនហៅ ព្រះកែវ មកចូលរួមទេ។ ព្រះកែវ ក៏ឱ្យបងក្លែអាហារ ចេញ។ អ្នកភូមិកំពុងលបមើលឃើញភាជន៍ដូច្នេះ ក៏ស្ទុះរៀងៗខ្លួនដើម្បីដណ្តើមគ្រឿង មាស។ 

ព្រះគោ ឈរនៅស្ងៀមក្នុងបំណងចង់សាកល្បងឫទ្ធិបារមី។ អ្នកស្រុកស្រែក ហ៊ោក្រេវៗរត់ប្រសាចចូលទៅព័ទ្ធ ព្រះគោ។ ប្រាប់ប្អូនឱ្យតោងកន្ទុយបងឱ្យជាប់។ អ្នក ស្រុកទាក់ក ព្រះគោ ជាប់រួចក៏ដឹកយកទៅចងនៅគល់កណ្តាលដើម្បីសំឡេយកគ្រឿង មាសនិងសាច់។ ពេលដែលអ្នកស្រុកលើកកាំបិតបម្រុងនឹងប្រហារ ព្រះគោ ក៏ប្រឹង ហោះឡើងទៅលើរលើងដើមកណ្តាលទាំងឫសបាក់មែកសង្កត់អ្នកស្រុក ខ្លះរបួសផ្លោះ ខ្លះគ្រេចបាក់ដៃបាក់ជើង ខ្លះទៀតក៏ស្លាប់នៅទីនោះ។ ឯអ្នកដែលគ្រាំគ្រាតិចតួច នឹកភ្នកយកឫសកណ្តាលមកដាំទឹកផឹក។

និយាយពី ព្រះគោ ហោះកណ្តាលវេហាស៍បានមកដល់ដើមពោធិមួយក្បែរមាត់ស្រះ។ ព្រះគោ បន្ទាបខ្លួនចុះនាំប្អូនស្នាក់អាស្រ័យនៅ។ ព្រះកែវ សួរបងថា “បងអើយ! យើង មកចោលពុកហើយ” ព្រះគោ ឆ្លើយថា “ប្អូនកុំអាលគិតអី ធ្វើយ៉ាងណាឱ្យរួចមួយគ្រា សិនទៅ”។ ចំណែកពុកវិញ ទន្ទឹងរង់ចាំមើលផ្លូវកូនមិនឃើញវិលវិញក៏ស្វែងរកកូន គ្រប់ទិសទី។ គាត់រកកូនពុំឃើញក៏កើតទុក្ខគ្រាំគ្រាសូម្បីតែផ្លែឈើក៏ពុំបានឆី លុះគំរប់ ប្រាំពីរថ្ងៃគាត់ក៏ស្លាប់ទៅ។ ថ្លែងពីព្រះឥន្ទ្រាធិរាជយាងចុះមកឋានមនុស្សលោកដើម្បី ភាវនាធម៌បានជួបនឹងសាកសពចៅមាណព ក៏យកទឹកកន្ទីរប្រោះឱ្យរស់ឡើងវិញ។

១០

ហើយព្រះឥន្ទ្រាឧប្បត្តិកឱ្យទៅជាព្រះ កេតុមាលាស្ថិតនៅឯឋានសួគ៌ាសឹងប្រកប ដោយសម្បត្តិទិព្វ។ ចំណែក ព្រះគោ ព្រះកែវ ស្នាក់នៅក្រោមដើមពោធិអស់ កាលដ៏យូរ។ ពេលមួយមានភ្លៀងបង្អុរ ចុះមកធ្វើឱ្យ ព្រះកែវ រងាយ៉ាងខ្លាំង ព្រះគោ ប្រាប់ឱ្យប្អូនឱ្យលូកយកខោ អាវក្រមាពីក្នុងពោះមកស្លៀកដណ្តប់ រាងកាយរស់នៅក្នុងព្រៃរហូតចំរើនវ័យ ធំឡើង។

ថ្លែងពីព្រះបាទ រាមាធិរាជ និងព្រះអគ្គមហេសី បទុមា មានព្រះរាជបុត្រី៥អង្គ។ ហេតុតែផលកម្មនិស្ស័យពីបុព្វេ ព្រះកែវ និងព្រះនាង ពៅ ដែលបានសាងប្រាថ្នារួមគ្នា ជាគូវាសនាគ្រប់ជាតិមកហើយនោះ បានបណ្តាលឱ្យចិត្តព្រះនាង ពៅ អផ្សុកក្នុងព្រះ ទ័យគង់ក្នុងវាំងពុំបានចាប់តាំងពីព្រះពោធិសត្វមហាបុរសរត្នចូលដល់នគរ។ ព្រះនាង ក៏បបួលម្ចាស់បងទាំងបួនអង្គទៅក្រាបទូលព្រះបិតាសុំអនុញ្ញាតពីទ្រង់ដើម្បីទៅកំសាន្ត ស្រះស្រង់។ ព្រះបិតាក៏បានរាជានុញ្ញាតតាមបំណងបុត្រី។ 

ប៉ុន្តែព្រះអង្គក៏បានផ្តាំ ពួកភីលៀងការពារបុត្រីកុំឱ្យមានបុរសណាមកចូលឡូកឡំជាមួយឱ្យសោះ។ ក្បួនដង្ហែ ព្រះរាជធីតាក៏បានទៅដល់ស្រះមុជ្ជលិន្នគឺស្រះដែល ព្រះកែវ គង់នៅ។ លុះទៅដល់ហើយ ព្រះរាជធីតាទាំង៥អង្គព្រមទាំង ភីលៀងក៏ចុះកំសាន្តក្នុងស្រះស្រង់ដោយនាំគ្នាលេងល្បែង ទះកាសក្នុងទឹក។ 

បើអ្នកណាចាប់កាសនេះបានត្រូវមានសិទ្ធ ដេញញេចគេ ឯអ្នកត្រូវគេញេចត្រូវរត់គេច។ ឯព្រះនាង ពៅ ខ្លាចគេញច ក៏រត់ឡើងលើគោកក៏ស្រាប់តែជួបនឹង ព្រះកែវ ធ្វើឱ្យព្រះនាង ភ្ញាក់កន្ត្រាក់អារម្មណ៍នឹងសម្ផស្សរបស់ទ្រង់។ ក្នុងសភាពជាស្រីក្រមុំ ព្រះនាងមានការអៀនខ្មាសជាខ្លាំងក៏ ត្រឡប់ទៅស្រះវិញ។ ព្រះនាងចេះតែរិះគិតក្នុងព្រះទ័យថា “បុរសរូបនេះមកពីណា អីក៏ស្អាតម៉្លេះ”។

១១

ចំណែក ព្រះកែវ វិញនៅពេលដែលបានឃើញព្រះនាង ពៅ ភ្លាមក៏មានអារម្មណ៍ ពុះកញ្ជ្រោល ទើបសុំម្ចាស់បងគោទៅលេងនឹងគេ។ ម្ចាស់បងគោប្រាប់ថា “មិនអីទេ សូមប្អូនលូកយកគ្រឿងកោសេយ្យពស្ត្រទិព្វពីក្នុងពោះបងតុបតែងខ្លួនសិន។ ពេល យកបានហើយ ព្រះកែវ ទ្រង់គ្រឿងអលង្ការពាក់ម្កុដកែវមណីសង្ខារទិព្វ ទ្រង់ព្រះពស្ត្រ យ៉ាងស្រស់ឆើតឆាយយាងសំដៅទៅមាត់ស្រះ។ 

ពួកនារីៗជាបរិពារ និងព្រះនាងទាំង ប្រាំអង្គបានបញ្ឈប់ការលេងដោយមិនដឹងខ្លួន ព្រោះភ្លឹកមើលទេវបុត្រ។ ពេលនោះ ព្រះនាងបងៗក៏ស្រែកសួរថា “ចុះអ្នកកំលោះនេះមកពីណា មកឈរមើលស្រីៗមុជ ទឹកមិនចេះខ្មាសយ៉ាងនេះ?” ព្រះកែវ ទូលថា “ខ្ញុំមកនេះមិនមែនប្រាថ្នាមកមើលអ្នក ទេ ស្រះនេះជាកន្លែងដែលខ្ញុំធ្លាប់មុជទឹក” ព្រះនាងបងថា “មិនបាច់ភូតភរថាអីចេះអី ចុះទេ បើចង់លេងម៉េចក៏មិនចុះមក”។ 

ចុះមក”។ គ្រាន់តែហៅភ្លាម ព្រះកែវ ចុះទឹកលេងកាស និងគេភ្លាម។ កាលណា ព្រះកែវ ចាប់កាសបានក៏ដេញញេចព្រះនាង ពៅ ដោយ បិចថ្ពាល់។ ឯព្រះនាង ពៅ កាលបើចាប់កាសបានហើយ ក៏ដេញញេចដោយបិចថ្ពាល់ ព្រះកែវ សងវិញ។ ដល់ក្តារក្រោយ ព្រះកែវ ចាប់បានកាសម្តងទៀត ព្រះកែវ ដេញ ញេចព្រះនាង ចៅ និងច្រមុះ។ 

ពេលព្រះនាង ពៅ ចាប់បានវិញក៏ទៅញេច ព្រះកែវ មួយច្រមុះវិញដែរ។ ចំណែកព្រះនាងបងៗទាំងបួនចម្លែកក្នុងចិត្តថា “ហេតុអ្វីក៏យើង គ្រប់គ្នាគេមិនញេចផង ញេចអីតែនាងពៅ ម្នាក់អីចឹង?” ធ្វើដូច្នេះជាការពុំគួរសោះ វាខុសច្បាប់ប្រពៃណី ហើយក៏នាំគ្នាត្រលប់ទៅវាំងវិញ។ ពេលនោះទាំង ព្រះកែវ និង ព្រះនាង ពៅ កើតទុក្ខក្រៀមក្រំរៀងៗខ្លួន។

 ឯព្រះនាង ពៅ ពេលដែលបែកពី ព្រះកែវ ទៅក៏សោកស្តាយអាឡោះអាល័យស្ទើរស្លុតស្មារតី ព្រោះថា នេះជាពន្លក ស្នេហ៍ដំបូងរបស់ពួកគេ ម្យ៉ាងទៀត ពួកបងៗព្រួតគ្នាស្តីបន្ទោសឱ្យនាងបែបនេះពិត ជាមានរឿងធំហើយ។

១២

ពេលព្រះរាជធីតាទៅដល់វាំងព្រះនាង ពៅ មិនហ៊ានទៅជួបព្រះបិតាទេ។ ព្រះនាង សម្ងំក្នុងកាឡាបន្ទំទាំងភិតភ័យ។ ចំណែកបងៗទៅថ្វាយបង្គំព្រះបិតា និងទូលហេតុ ការណ៍គ្រប់យ៉ាង។ ព្រះបិតាសណ្តាប់ហើយក៏ទ្រង់ក្រេវក្រោធរួចបន្ទូលខ្លាំងៗថា “ពួក បុត្រជាបងៗ ហេតុអ្វីក៏មិនមើលការខុសត្រូវដូច្នេះ?” ឯពួកភីលៀងយើងឱ្យទៅចាំ ការពារម៉េចក៏បណ្តោយមនុស្សប្រុសឱ្យចូលលេងអ៊ីចឹង”។

 ចំណែកបងៗទួលថា “សូម ព្រះបិតាទ្រង់ជ្រាប ពួកខ្ញុំម្ចាស់ទាំងអស់គ្នាប្រាប់នាងដែរ តែនាងមិនព្រមស្តាប់ទេ បុត្រ ឃើញខុសក្រិត្យក្រមជាស្រីក៏នាំគ្នាឡើងគោកទាំងអស់សល់តែអូន ពៅ ហៅមិនឡើង សោះ រឹតតែប្រឡែងគ្នាបែកទឹកសំពោង”។ ព្រះបិតាទ្រង់ពិរោធកាន់តែខ្លាំងរួចត្រាស់ ឱ្យភីលៀងទៅហៅនាង ពៅ ។ ព្រះនាង ពៅ ប្រាប់ភីលៀងថា “ខ្ញុំមិនទៅទេ”។

ភីលៀងនាំសេចក្តីពីនាងទៅក្រាបបង្គំព្រះរាជាៗរឹតតែខ្ញាល់ខ្លាំងឡើងហើយមាន បន្ទូលថា “ហេតុអ្វីបានជានាងធ្វើឱ្យខុសច្បាប់ស្រីដើររកប្រុសដូច្នេះ កូនមួយនេះអញ កាត់ចិត្តចោលទៅចុះ”។ ទ្រង់ត្រាស់បង្គាប់ឱ្យពេជ្ឈឃាដទៅចាប់នាង ពៅ ចង។ ព្រះ នាង ពៅ ភិតភ័យពន់ពេកទ្រង់តក់ស្លុតរន្ធត់ភាន់ភាំងវង្វេងស្មារតីដួលសន្លប់បាត់ទៅ។ 

ចំណែកឯព្រះមាតាវិញ កាលបើទ្រង់ជ្រាបពីរឿងនេះហើយក៏អង្វរឱបបាទាព្រះស្វាមី ទូលថា “សូមព្រះអង្គមេត្តាប្រណីអត់ទោសឱ្យបុត្រីម្តងចុះ ព្រោះនាងនៅក្មេងពុំទាន់ យល់ការរាក់ជ្រៅទេ”។ ព្រះរាជារឹតតែខ្ញាល់ខ្លាំងឡើងរួចបន្ទូលថា "ថយចេញទៅ ប្រយ័ត្នដាច់កទាំងអស់គ្នា”។ ទ្រង់ក៏ថយចេញចូលទៅក្នុងកាឡាបន្ទំ ទ្រង់ព្រះកន្សែង សោកាតែអង្គឯង។


ព្រះរាជាទតឃើញបុត្រីសន្លប់ដូច្នេះ ព្រះអង្គក៏ក្ដុកក្ដួលក្នុងព្រះទ័យ ខ្លាំងណាស់ដែរ។ ព្រះអង្គមានព្រះតំរិះថា “នាងធ្វើឱ្យខុសក្រិត្យក្រមជា ស្រី បើទុកនៅអាណាប្រជារាស្ត្រនឹងថ្កោលទោសស្តេចផែនដីជាពុំខាន ឡើយ ព្រោះទ្រង់ប្រកាន់ខ្ជាប់នូវសច្ចធម៌ ដូច្នេះព្រះអង្គមិនអាចលុប ព្រះរាជបញ្ជានេះបានឡើយ។ ពួកពេជ្ឈឃាដក៏នាំព្រះនាងទៅកាន់ព្រៃ ស្មសាន។

១៣

 ចំណែកព្រះមាតាក៏ខំប្រឹងរត់តាមពេជ្ឈឃាដ តែទោះជាទ្រង់ខំអង្វរគេយ៉ាង ណាក៏ដោយ ក៏ពេជ្ឈឃាដមិនព្រមដោះលែងព្រះនាងដែរ ព្រោះនេះជាព្រះរាជបញ្ជា។ ពេជ្ឈឃាដក៏លើកកាំបិតកាត់កប្រហារជីវិតព្រះនាងនាពេលនោះទៅ។ ព្រះរាជា ទ្រង់ ព្រះវិតក្កវិប្បដិសារីពន់ពេក តែធ្វើម៉េច ហេតុការណ៍បានកន្លងហួសអស់ទៅហើយ។

ថ្លែងពីព្រះឥន្ទ្រាធិរាជជាស្ដេចនៃទេវតា ព្រះអង្គទ្រង់គង់នៅក្នុងប្រាសាទពេជ្រយន្ត ពុំសុខព្រះទ័យសោះ ព្រះអង្គមានពិភាល់យ៉ាងចម្លែក។ លុះទ្រង់ពិចារណារួចហើយ ក៏ទ្រង់បើកព្រះនេត្រទិព្វមកឋានមនុស្សលោក ក៏ស្រាប់តែទ្រង់ទតឃើញព្រះនាង ចៅ ត្រូវពេជ្ឈឃាដកាត់កប្រហារជីវិត។ ព្រះឥន្ទ្រាធិរាជយល់ថា “បើអង្គអញមិនចុះទៅ ជួយនាងទេជាការពុំគួរសោះ ព្រោះព្រះនាងត្រូវជាពុទ្ធបង្អុលបញ្ចូលសារពេជ្ញជីតា ញាណទៀតផង”។

 បន្ទាប់មក ព្រះឥន្ទ្រាធិរាជក៏ហោះមកកាន់ឋានមនុស្សលោក។ ព្រះឥន្ទ្រក៏ចាប់ផ្តុំសិរសាព្រះនាង រួចផ្សំថ្នាំទិព្វតកឱ្យជាប់ដូចដើមហើយព្រះអង្គប្រោះ ឱ្យនាងមានព្រះជន្មឡើងវិញ។ ចំណែកព្រះនាង ចៅ ក៏បានដឹងខ្លួនឡើងវិញដូចមនុស្ស ក្រោកពីដំណេក។ ព្រះនាងកណ្តោចកណ្តែងក្នុងព្រៃព្រឹក្សា ណាខ្លាចសត្វសាហាវ ម្យ៉ាងទៀតមិនដឹងជារកអាហារនៅឯណា។

 កាលណោះមានសត្វសេកមួយចំនួនជួយកាត់ ផ្លែឈើទុំៗទម្លាក់ជាផលប្រយោជន៏ដល់ព្រះនាងសោយ។ នៅរសៀលថ្ងៃមួយ ព្រះនាង បានមកដល់មាត់ស្រះក៏ស្គាល់ថា “ឱស្រះនេះហើយដែលខ្ញុំខុសនឹងក្រិត្យក្រមជាស្រី។ ប៉ុន្តែក៏ជាស្រះបឋមវ័យនៃសេចក្តីស្នេហ៍ដែលមិនអាចបំភ្លេចបាននូវអនុស្សាវរីយ៍ថ្ងៃជួប គ្នាដំបូង។ ព្រះនាងក៏យាងសំដៅទៅដើមពោធិធំក៏ស្រាប់តែបានឃើញ ព្រះគោ ឈរ ជ្រងោ។ បន្ទាប់មកក៏បានឃើញ ព្រះកែវ ទ្រង់គ្រឿងល្អចិញ្ចាចប្រកបដោយព្រះពស្ត្រ យ៉ាងស្រស់ឆើតឆាយ។

ពេលនោះព្រះនាងក៏បានផ្សងសច្ចាថា “បើគេជាគូព្រេងនឹងខ្ញុំមែន សូមឱ្យសំលៀក បំពាក់ខ្ញុំល្អស្អាតដូចដើមវិញ”។ រំពេចនោះ ព្រះនាងក៏មានសំពត់អាវស្បៃ មានគ្រឿង អលង្ការល្អស្អាតឥតមានទាស់។ ព្រះនាងរវល់តែសប្បាយនឹងសម្រស់ ភ្លេចគិតពុំបាន ដឹងថា ព្រះកែវ កំពុងគយគន់នូវព្រះភ័ក្ររបស់ទ្រង់ឡើយ។ ព្រះនាងបានថ្លែងអំពីទុក្ខ សោកទាំងប៉ុន្មានដល់ ព្រះកែវៗសណ្តាប់ហើយ ក៏ក្ដុកក្ដួលអួលអាក់អាណិតក្សត្រី។

១៤

 ព្រះគោ ពោលថា "ល្អហើយប្អូនទាំងពីរចាំបងរៀបចំឱ្យប្អូនចុះ។ ប៉ុន្តែចូរប្អូនទៅបេះ ផ្កា និងផ្លែឈើពីក្នុងព្រៃមកសិន”។ ព្រះកែវ និងព្រះនាងក៏បានទៅបេះតាមដែល ព្រះគោ បង្គាប់។ លុះបេះផ្កា និង ផ្លែឈើបានហើយ ព្រះគោ ប្រាប់ប្អូនថា “ឥឡូវ រៀបចំប្រាសាទដើម្បីអភិសេក”។ ព្រះគោ ប្រាប់ប្អូនឱ្យលូកយកប្រាសាទប៉ុនមេដៃពី ក្នុងពោះមានតម្លៃក្រៃកន្លង។ ប្រាសាទនេះពេលយកចេញមកដាក់លើដីភ្លាម ក៏ស្រាប់ តែរីកធំស្កឹមស្កៃប្រាំបួនល្វែងភ្លឺចិញ្ចាចចិញ្ចែង។ ព្រះគោ បានរៀបចំអភិសេកប្អូនទាំង ពីរប្រកបដោយព្រះកិត្តិយសសក្តិសមតាមទំនៀមទំលាប់ប្រពៃណី។

នេះនឹងថ្លែងពីព្រះបាទ រាមាធិបតី ទ្រង់មានមាន់ប្រជល់មួយដែលពុំមានគូប្រៀប។ មាន់នោះមានមាឌធំខ្ពស់ស្រឡះ រោមភ្លឺរលោងឈ្មោះ អារំពងភ្នំ ។ កិត្តិសព្ទវាល្បី ដល់ប្រទេសជិតខាង។ និយាយពីស្តេចសៀមវិញ មានមាន់ប្រជល់មួយដែរឈ្មោះ អារំដួល។ លុះដឹងថានៅនគរតក្កសិលាមានមាន់ជល់ខ្លាំងពូកែ ស្ដេចសៀមក៏នាំ អារំដួល មកបបួលព្រះ រាមា ប្រជល់ដោយដាក់ខសន្យាថា “បើ អារំដួល ចាញ់សុខចិត្តថ្វាយ សំពៅទាំង៥០០ ព្រមទាំងពួករេហ៍ពល និងគ្រឿងដ៏មានតម្លៃក្នុងសំពៅទាំងអស់រំដោះ យកតែព្រះកាយទៅស្រុកវិញតែប៉ុណ្ណោះ”។

 ស្ដេចសៀមបញ្ជាក់ថា “ចុះបើ អារំពងភ្នំ ចាញ់វិញ តើព្រះអង្គមានលក្ខខ័ណ្ឌដូចម្តេចដែរ?”។ ព្រះ រាមា តបវិញថា "បើ អារំពងភ្នំ ចាញ់យើងសុំដើរចេញតែមួយព្រះអង្គឯង សូម្បីតែមហេសីក៏ពុំយកទៅដែរ អាណាប្រជានុរាស្ត្រព្រមទាំងតក្កសិលាទាំងមូល យើងប្រគល់ឱ្យទាំងអស់”។ លុះធ្វើ កិច្ចសន្យារួចហើយ ការប្រកួតបញ្ជល់មាន់ក៏ចាប់ផ្តើមឡើង។

១៥

 ក្នុងកំឡុងពេលប្រកួត អារំពងភ្នំ និង អារំដួល កំពុងតែអួតដាក់គ្នាយ៉ាងអង់អាច វាហក់លោតធាក់គ្នាដូច រន្ទះ។ ប៉ុន្តែភ្លាត់ចំណាប់ អារំពងភ្នំ ភ្លាត់ស្នៀតត្រូវ អារំដួល ធាក់មួយជើងដួល លង់ទ្រនេសងើបមិនរួច ភាគីសៀមហ៊ោក្រេវឡើង។ ស្តេចសៀមសួរព្រះ រាមា ថា "តើព្រះអង្គគិតដូចម្តេច” ព្រះ រាមា តបថា “ទូលបង្គំចាញ់ហើយ ប៉ុន្តែសុំតទឹកបីថ្ងៃ ទៀតក្រែងរកមាន់បាន បើរកមិនបានទូលបង្គំសុខចិត្តដាក់ខ្លួនម្នាក់ទៀត”។ ស្ដេច សៀមក៏ព្រមដោយក្តីសោមនស្ស។

ព្រះ រាមា ទ្រង់ចាត់សេនាអាមាត្យសព្វមុខមន្ត្រីដើរប៉ាវគងទាំងយប់ទាំងថ្ងៃ តែរក មាន់ពូកែមិនបានឡើយ។ ស្ដេចទ្រង់ព្រះវិតក្កវិប្បដិសារីយ៉ាងក្រៃលែង។ អ្នកប៉ាវគង ទូងភេរីដើរគ្រប់ទិសទីពុំមានចន្លោះ។

លុះដើរចូលព្រៃជ្រៅបន្តិច ក៏ស្រាប់តែភ្ញាក់ព្រើតដោយឃើញប្រាសាទមាសមានរស្មី ភ្លឺចិញ្ចាចក៏ដើរចូលទៅស្រាប់តែជួបព្រះនាង ពៅ និង ព្រះកែវ ។ ពួកសេនាអាមាត្យ ក៏នាំសេចក្តីនេះទៅក្រាបទូលព្រះរាជាៗបញ្ជាអាមាត្យថា “ចូរឯងទៅប្រាប់បុត្រីយើងឱ្យ រកមាន់ដែលខ្លាំងពូកែមកជល់ឱ្យបានក្នុងថ្ងៃស្អែកនេះ។ បើមិនបានទេគេនឹងយកនគរ យើងហើយ។ ប៉ុន្តែបើឈ្នះវិញ បិតាឱ្យបុត្រឡើងសោយរាជ្យនៅនគរនេះ”។ ព្រះកែវ និងព្រះនាង ពៅ កើតទុក្ខក្រៀមក្រំយ៉ាងខ្លាំង។ ព្រះគោ ប្រាប់ ព្រះកែវ ថា “ចូរប្អូន ទាំងពីរកុំព្រួយអីចាំបងជួយ”។ លុះដល់ថ្ងៃកំណត់ ហើយ ព្រះគោ ក៏លេបប្រាសាទ មាសវិញហើយកាឡាខ្លួនជាមាន់ខ្មៅតូចមួយទំលើជើងពានមាស ប៉ុន្តែហាមមិនឱ្យ នរណាគ្រវាសដៃពីលើក្បាលឡើយ ព្រោះខ្លាចសាបសិល្បមន្តវិជ្ជាការ។ និយាយពី អ្នកស្រុកវិញពេលដែលដឹងថា ព្រះកែវ និងព្រះនាង ពៅ យកមាន់ប្រជល់ទៅថ្វាយ ព្រះបិតាក៏នាំគ្នាមកមើលមីរដេរដាស។ ពួកអ្នកភូមិទាំងនោះនាំគ្នាបង្អាប់ថា ជាពូជមាន់ សម្លតូចល្អិតខ្មៅកំព្រឹក រួចនាំគ្នាត្រលប់ទៅរៀបចំឥវ៉ាន់ដើម្បីរត់គេចពីពួកសៀម។

(នៅមានភាគបន្ត)


























0 Comments:

Post a Comment