រឿង ហង្សមាស
មានបុរសម្នាក់រស់នៅក្នុងនគរពារាណសី បុរសនោះលុះពេលស្លាប់ទៅៗ កើតជា ហង្សមាសមួយនៅក្នុងព្រៃហិមពាន្ត ហង្សមាសនោះចាំជាតិកំណើតរបស់ខ្លួន បាន ដឹងថា ប្រពន្ធនឹងកូនខ្លួនជួបនូវក្តីក្រីក្រតោកយ៉ាក លំបាកទុគិតរកស៊ីដោយការបំរើ ស៊ីឈ្នួល គេដូច្នោះ ។
ក៏កើតចិត្តអាណិតដល់ប្រពន្ធកូនក្រៃពេក ទើបហើរមកកាន់ផ្ទះប្រពន្ធកូននោះ ហើយនិយាយប្រាប់រឿងរបស់ខ្លួនថា ជាស្វាមីនឹងឪពុកដែលបានស្លាប់ទៅ ហើយៗកើតជា ហង្សមាស ។ ខ្ញុំមកនេះដើម្បីនឹងជំរុះស្លាបមាស១-២ អោយ អ្នកនឹងកូនយកទៅលក់ចិញ្ចឹមជីវិត កុំអោយអ្នកនឹងកូនទៅធ្វើការស៊ីឈ្នួលគេ ទៀត ហង្សប្រាប់សេចក្តីសព្វប្រការ ។
ក៏ជំរុះស្លាបមាស១អោយទៅនាងកូនហើយផ្តាំថា បើកូនលក់ស្លាបមាស១នេះ ចាយអស់កាលណា ចាំយើងមកជំរុះអោយក្នុងកាលនោះទៀត ផ្តាំហើយហង្ស មាសក៏លាកូន ប្រពន្ធហើរវិលទៅកាន់លំនៅខ្លួន នៅព្រៃហិមពាន្តវិញហោង ។ ឯនាងប្រពន្ធនឹងកូនទាំងឡាយ ចាប់តាំងពីបានស្លាបហ្សងមាសលក់ចាយ ចិញ្ចឹម ជីវិតមក ក៏លែងទៅធ្វើការ ស៊ីឈ្នួលគេទៀត ហើយខំសន្សំទ្រព្យធនបានឡើងជា អ្នកមានគ្រាន់បើ ។ ឯហ្សងមាសនោះតែងមកជំរុះស្លាបអោយគ្រប់ពេល លុះក្រោយ មក នាងប្រពន្ធកើតក្តីលោភលន់ ប្រាថ្នាចង់មានឆាប់ ។
ទើបនិយាយនឹងកូនថា ” កូនអើយ ! យើងមានប្រាក់ចាយ បាយស៊ី សព្វថ្ងៃនេះ ក៏ព្រោះហង្សជាឪពុកកូនឯង មកជំរុះស្លាបមាសអោយយើងម្តងៗ តើយើងទៅទុក ចិត្តសត្វតិរច្ឆាននេះឯណាបាន ។ ប្រសិនបើហង្សមិនមក យើងនឹងបានអ្វីចាយទិញ ដូរវត្ថុអាស្រ័យតទៅទៀត។ ហេតុនេះម្តាយយល់ថា បើហង្សនោះមកក្នុងថ្ងៃណា យើងនឹងនាំគ្នាចាប់ដកយកស្លាប យករោម អោយអស់រលីង ទុកជាទុនបាន់ច្រើនទៅ មុខ តែម្តងកុំអោយមានក្តី ភិតភ័យនឹងក្តីក្រតទៅទៀត ” ។
ឯនាងធីតាទាំងឡាយ ឮម្តាយបបួលដូច្នោះក៏ហាមម្តាយថា “ការដែលម៉ែឯងគិត នេះមិនត្រូវទេ យើងជាកូនមិនព្រមធ្វើតាមឡើយ ” ។
ថ្ងៃមួយសុវណ្ណហង្សមកកាន់ផ្ទះ ដើម្បីនឹងជំរុះស្លាបអោយ ឯនាងព្រាហ្មណ៍ ក៏ស្រដី លួងលោមសំណេះសំណាល នឹងហង្សនោះដោយមាយា ។ បានជិតហង្សកាលណា ក៏ចាប់ហង្សនោះជាប់ ហើយសង្កត់ដកយករោមស្លាបកន្ទុយហង្សនោះទាល់តែ អស់ឥតសល់ ហង្សនោះបានក្តីទុក្ខវេទនាដោយគេដកស្លាបពន់ពេកណាស់ ខំបម្រះ លូនចូលទៅក្នុងទីមានរបាំងដែលអាច បាំងខ្លួននៅបាន ។
ឯរោមស្លាបទាំងឡាយក៏ក្លាយ ជាពណ៌សដូចស្លាបកុកទាំងអស់ មេព្រាហ្មណ៍យក ទៅលក់អោយគេក៏ពុំមាននរណាត្រូវការទិញយកឡើយ ។ ឯហង្សនោះទ្រាំទុក្ខ វេទនាលុះត្រាតែរោមថ្មីដុះឡើងបានហើយក៏ហើរទៅកាន់ព្រៃហិមពាន្ត ពុំបានមកកាន់ផ្ទះ នាងព្រាហ្មណ៍នោះទៀតឡើយ ។
ចាប់ដើមពីថ្ងៃនោះមក នាងព្រាហ្មណ៍នោះខាតលាភគឺពុំមានអ្វីលក់ដូរ ចែកចាយ ដូចកាលថ្ងៃមុនៗនោះទៀតឡើយក៏ធ្លាក់ខ្លួនជាស្រីទុគិតវិញហោង ។
0 Comments:
Post a Comment