Logo

គេហទំព័ររបស់ខ្ញុំ

សូមស្វាគមន៍មកកាន់គេហទំព័ររបស់ខ្ញុំ!

រឿង ភ្នំដោះក្រមុំ

 រឿង ភ្នំដោះក្រមុំ 

ភ្នំដោះក្រមុំ ស្ថិតនៅទីរួមខេត្ត មណ្ឌលគិរី ។ ដោយជម្រាលភ្នំខាង ត្បូងទល់នឹងព្រលានយន្តហោះ។ ភ្នំនេះគ្របដណ្តប់ទៅដោយ វាលស្មៅពីចង្កេះភ្នំរហូតដល់កំពូលភ្នំ។

 ទិដ្ឋភាព ភ្នំដោះក្រមុំ មាន លក្ខណៈស្រដៀងគ្នាទៅនឹងភ្នំជាច្រើនទៀតដែលមាននៅក្នុងស្រុក សែនមនោរម្យ និងស្រុកអូររាំងនៃខេត្ត មណ្ឌលគិរី។

 ប្រជាជន ទាំងខាងបងប្អូនខ្មែរលើ ក៏ដូចជាបងប្អូនខ្មែរកណ្តាលដែលរស់ នៅក្នុងខេត្ត មណ្ឌលគិរី បានចាត់ទុក ភ្នំដោះក្រមុំ ជាកន្លែងសក្ការៈ មួយយ៉ាងសំខាន់។ ទន្ទឹមនឹងនេះគេបានចាត់ទុក ភ្នំដោះក្រមុំ ជា មជ្ឈមណ្ឌលវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាទៀតផង។ 

ការហៅឈ្មោះថា ភ្នំដោះក្រមុំ គឺហៅតាមការប្រសិទ្ធិនាមរបស់មន្ត្រី រាជរដ្ឋាភិបាលម្នាក់ដែលបានចុះទៅបំពេញបេសកកម្មរៀបចំដែនដី តំបន់ក្បែរភ្នំនោះ កាលពីចុងទសវត្សឆ្នាំ១៩៥០ និងដើមទសវត្ស ឆ្នាំ១៩៦០ ដើម្បីបង្កើតខេត្តថ្មីមួយទៀតគឺ ខេត្តមណ្ឌលគិរី។ 

ទឹកដីនៃខេត្តនេះ តាំងពីសម័យអាណានិគមបារាំងរហូតដល់ឆ្នាំ ១៩៦១ ត្រូវបានគេស្គាល់ថា ជាតំបន់ឆ្លងលើនៃស្រុកមួយក្នុងខេត្ត ក្រចេះ។

 ការប្រសិទ្ធនាម ភ្នំដោះក្រមុំនោះ គឺយោងទៅតាមលក្ខណៈ រូបរាងនៃភ្នំមានសភាពដូចសុដន់នារីក្រមុំព្រហ្មចារីកំពុងដេកផ្ងារ។ ឈ្មោះនេះបានជ្រួតជ្រាបដល់បងប្អូនខ្មែរ និងព្នងដែលរស់នៅខេត្ត នេះ។ 

ដោយមានជំនឿយ៉ាងខ្លាំងពីភាពស័ក្តិសិទ្ធិរបស់ភ្នំនេះ បងប្អូន ខ្មែរលើ ខ្មែរកណ្តាលដែលរស់នៅខេត្តមណ្ឌលគិរីនេះ ពីដំបូងគេ បានសង់ខ្ទមមានដាក់ដុំថ្មជានិម្មិតរូប។

 ក្រោយមកខ្ទមនោះត្រូវបាន គេរុះរើជាបន្តបន្ទាប់ រហូតឈានដល់ការសាងសង់ជារោងយ៉ាងមាំ ហើយឆ្លាក់រូបបដិមាធ្វើអំពីថ្មកែវយ៉ាងធំមកពីខេត្តពោធិ៍សាត់ មក តម្កល់លើភ្នំនាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៤ ដែលគេហៅថា "លោកតាស្រុះ (ភ្នំដោះក្រមុំ)”។

 ភ្នំដោះក្រមុំ គឺជាទីមនោរម្យដែល គេតែងតែនាំគ្នាឡើងទៅបន់ស្រន់ ឬលាបំណន់ និងមើលទេសភាព ដ៏ស្រស់ត្រកាលនៃទីរួមខេត្ត ហើយស្រូបយកខ្យល់អាកាសដ៏ត្រជាក់ គួរជាទីគយគន់។ 


គេមានជំនឿបែបនេះ ដោយសារមានរឿងព្រេងមួយដំណាលពី 

ភ្នំដោះក្រមុំ ថា ៖ 

មានបុរសម្នាក់ឈ្មោះ ស្រុះ រស់នៅក្នុងភូមិអូរទ្រូ។

 ស្រុះ តែងតែធ្វើ ដំណើរជាញឹកញាប់ទៅលេងបងប្អូននៅត្រពាំងអំបិល ហើយបាន ឃើញនារីម្នាក់ឈ្មោះ ឆ្នាំ មានរូបសម្បត្តិស្រស់ស្អាតនៅក្នុងភូមិនោះ បន្ទាប់មកបុរស ស្រុះ ក៏ជាប់ចិត្តស្រឡាញ់នារី ឆ្នាំ ហើយមានទំនាក់ ទំនងជាមួយនាងរហូតដល់បានស្គាល់ចិត្តគ្នា។

ស្រុះ បានសុំឪពុកម្តាយឱ្យទៅចូលស្តីដណ្តឹងនាង ឆ្នាំ ដើម្បីរៀបការ ជាប្តីប្រពន្ធ។ ឪពុកម្តាយនាង ឆ្នាំ ក៏យល់ព្រមឱ្យកូនរៀបការជាមួយ ស្រុះ តែពុំទាន់កំណត់ពេលវេលាទេ ព្រោះមង្គលការអាចកំណត់ទៅ បាន លុះត្រាតែខាងកូនកំលោះអាចរកបណ្តាការសម្រាប់ជូនទៅខាង កូនក្រមុំសព្វគ្រប់ដូចជា ក្របី គោ

 ជ្រូក ពាងសម្រាប់ដាក់ស្រាបីត ព្រមទាំងគ្រឿងអលង្ការជាដើម។ ក្នុងពេលដែលគ្រួសារ ស្រុះ រកជំនួន បានហើយ ខាងគ្រួសារនាង ឆ្នាំ ដែលកំពុងត្រៀមលក្ខណៈទទួលកូន កំលោះនោះ ក៏ចំពេលខែប្រមូលផលស្រូវដែរ។ 

បញ្ហារៀបការត្រូវបានពន្យាពេលសិន ព្រោះជន ជាតិព្នងមានជំនឿថា អ្វីៗសុទ្ធតែមានព្រលឹង។ បើប្រមូលផលស្រូវដាក់ក្នុងជង្រុកហើយ មិនទាន់ បានសែន មិនអាចឱ្យយកស្រូវទៅបុកបរិភោគ ឬប្រើប្រាស់ក្នុងពិធីមង្គលការបានឡើយ ព្រោះនឹង ធ្វើឱ្យមានគ្រោះចង្រៃដល់គូស្រករថ្មី។

 ដូច្នេះគេ ត្រូវរៀបពិធីសែនព្រលឹងស្រូវជាមុនសិន។ 

ថ្ងៃនេះគ្រួសារនាង ឆ្នាំ បាន រៀបចំសែនព្រលឹងស្រូវដើម្បី អំពាវនាវហៅព្រលឹងស្រូវ ដែលវង្វេងបាត់នៅក្នុងព្រៃ ដោយត្រូវសត្វស៊ីបំផ្លាញ

ឬដោយអ្នកថែរក្សាព្រៃភ្នំ ជ្រោះជ្រលងដងអូរ ចាប់ឃាត់ទុក។ នៅថ្ងៃនោះដែរនាង ឆ្នាំ ក៏បានទៅ ដងទឹកយកមកប្រើប្រាស់។ 

នៅថ្ងៃនោះដែរ ឪពុកម្តាយនាង ឆ្នាំ ឆ្ងល់យ៉ាងខ្លាំង ព្រោះនាងបាន ទៅដងទឹកយូរណាស់មកហើយ តែមិនទាន់ឃើញនាងត្រឡប់មកវិញ ក៏នាំគ្នាស្រែកប្រកួកហៅនាងគ្រប់ទិសទី ហើយដើរទៅរកដល់កន្លែង ដងទឹកស្រាប់តែឃើញសាល់ (កាផា) និងឃ្លោកសម្រាប់ដងទឹក។

ដំណឹងនេះបានធ្វើឱ្យ ស្រុះ ព្រួយចិត្តយ៉ាងខ្លាំង។ តែទោះជាយ៉ាងណាក៏ ដោយក៏ពួកគេនៅតែ ព្យាយាមដើររកនាង ឆ្នាំ ជានិច្ច ។

ថ្ងៃមួយ ស្រុះ ត្រូវទៅកាប់ឫស្សីនៅក្បែរភ្នំពីរ គឺភ្នំមួយមានព្រលឹង លោកយាយ ថូហូវ ថែរក្សា និងភ្នំមួយទៀតមានព្រលឹងលោកយាយ ជីហ្គរ ថែរក្សា។ ពេលឃើញ ស្រុះ ជញ្ជូនឬស្សីមកដាក់ក្បែរកន្លែង ដងទឹក លោកយាយទាំងពីរក៏បានប្រាប់នាង ឆ្នាំ ឱ្យមកជួបគូដណ្តឹង។ 

ខណៈនោះ ស្រុះ ភ្ញាក់ផ្អើល យ៉ាងខ្លាំង។ នាងថ្មី បានរៀប រាប់សេចក្តីនឹករលឹករបស់ខ្លួន ចំពោះ ស្រុះ និងដំណើរជីវិត របស់នាងក្នុងពេលបាត់ខ្លួន។ 

នាងបានបញ្ជាក់ថា លោកយាយទាំងពីរបានឃាត់នាងឱ្យនៅថែរក្សា ទឹកដីម្តុំអស់នេះ។ ពេលនោះនាងក៏សុំឱ្យ ស្រុះ មករស់នៅជាមួយនាង ដើម្បីសាងសុភមង្គលជាមួយគ្នា។ ស្រុះ សប្បាយចិត្តណាស់ក៏យល់ ព្រមនៅតាមការស្នើសុំរបស់នាង ឆ្នាំ។ 

បន្ទាប់ពីការបាត់ខ្លួនរបស់នាង ឆ្នាំ ហេតុការណ៍បាត់ខ្លួនរបស់ ស្រុះ បានធ្វើឱ្យមានការជ្រួលច្របល់ពេញទាំងភូមិ ដូច្នេះគេក៏នាំគ្នាប្រារព្ធ ពិធីបន់ស្រន់។ ក្រោយពីការបន់ស្រន់រួចមក គេមិនឃើញមានការ បាត់ខ្លួនអ្នកដទៃទៀតឡើយ។ 

ចូលដល់រដូវធ្វើចំការ ឪពុកម្តាយ ស្រុះ បានទៅធ្វើចំការនៅឯភ្នំ ជីហូវ និងភ្នំ ជីហ្គរ ហើយក៏បានជួប ស្រុះ និង ឆ្នាំ។ 

អ្នកទាំងពីរបានរៀប រាប់ថា ខ្លួនត្រូវនៅជួយថែរក្សាភូមិស្រុកម្តុំនេះ សូមពុកម៉ែបងប្អូន ទាំងអស់កុំពិបាកចិត្តអី បើមានទុក្ខសូមអ្នកទាំងអស់ធ្វើពិធីសែនព្រេន រំលឹកដល់ម្ចាស់ទឹកម្ចាស់ដី និងបារមីភ្នំទៅនឹងបានសេចក្តីសុខហើយ។ 

ម្យ៉ាងទៀត លោកយាយទាំងពីរបានផ្តាំថា ចាប់ពីថ្ងៃនេះទៅសូមឱ្យ អ្នកស្រុកនាំគ្នាហៅភ្នំនេះថា “ភ្នំស្រុះឆ្នាំ” វិញ។ ចប់ 


























0 Comments:

Post a Comment