រឿង តាគោគ និង កូនប្រសារ
ប្តីប្រពន្ធតាភោគរស់នៅជាមួយកូនស្រី និងកូនប្រសារប្រុសពីរនាក់ ក្បែរមាត់បឹង។ ថ្ងៃមួយ ឪពុកបានប្រើកូនស្រីដាំបាយវិចបង្វិច និង ទឹក បំពុង ដើម្បីទៅកាប់អុសទុកដុតនៅរដូវវស្សា។ឪពុកក្មេកនិងកូនប្រសារ ចុះទូកទាំងបីនាក់ហើយ ក៏ធ្វើដំណើរចេញ ទៅ។ លុះទៅដល់ដីគោកមួយក៏ឮសម្លេងសត្វក្រៀលត្រយ៉ងយំកងរំពង ពេញព្រៃ។
កូនប្រសារបងសួរទៅឪពុកក្មេកថា “លោកពុក ! សត្វក្រៀលត្រយ៉ង នោះ ម្តេចក៏វាយំឮសម្លេងខ្លាំងៗម៉្លេះ”។ ឪពុកក្មេកឆ្លើយថា “កូនឯង ដឹងទេ ! បានជាវាយំមានសម្លេងខ្លាំងយ៉ាងនេះ ព្រោះវាមានកវែងៗ”។
កូនប្រសារប្អូនបានឮពាក្យអ្នកទាំងពីរនិយាយត្រូវគ្នាដូច្នេះ ទាស់ចិត្ត ណាស់ ទើបឆ្លើយឡើងថា “ចុះសត្វហ៊ីង និងកូនក្អាត់នោះ តើកវាវែង កាលណា ម្តេចវាយំឮសម្លេងខ្លាំងៗម៉្លេះ។
ចំណែកតាភោគនិងកូនប្រសារបងវិញ ទាល់គំនិតពុំអាចឆ្លើយតប ទើបនាំគ្នានៅស្ងៀម។ លុះអុំទូកទៅដល់ទីទួលមួយទៀត ទួលនោះរលីង ពុំមានស្មៅដុះបន្តិចឡើយ។ កូនប្រសារបងឆ្ងល់ណាស់ក៏សួរទៅឪពុកក្មេក ទៀតថា “លោកពុក ! ទួលមួយនេះម្តេចពុំមានស្មៅដុះសោះអ៊ីចឹង?”។
ឪពុកក្មេកឆ្លើយប្រាប់កូនប្រសារបងថា “កាលពីដើម តាព្រហ្មមក កំសាន្តនៅទីនេះ គាត់បានដាំបាយហើយជាត់ទឹកបាយទៅលើទួលមួយនេះ ហេតុដូច្នេះហើយទើបស្មៅពុំអាចដុះបាន ព្រោះទឹកក្តៅត្រូវស្មៅងាប់អស់”។
ពេលនោះ កូនប្រសារបងក៏និយាយទៅឪពុកក្មេកវិញថា "មែនហើយ ពួក ទឹកបាយតាព្រហ្មក្ដៅក្តៅណាស់ បើបានចាក់ទៅលើទីណានោះហើយ តើស្មៅឯណាដុះបានទៅ”។
កូនប្រសារប្អូនឆ្លើយកាត់ឡើងថា “ចុះក្បាលទំពែកអត់សក់របស់ពុក ដែលមិនដុះសោះនោះ តើតាព្រហ្មគាត់ជាត់ទឹកបាយដាក់ដែរ ឬក៏យ៉ាង ម៉េច បានជាទំពែកយ៉ាងនេះ?”។ អ្នកទាំងពីរទាល់សំដីក៏នៅស្ងៀម មិន ហ៊ានតតប រួចធ្វើដំណើរបន្តទៅមុខទៀត។
ឪពុកក្មេក និងកូនប្រសារអុំទូកទៅដល់ជ្រុងភ្នំមួយ បានឃើញថ្មមួយ ជុំបែកប្រេះ កូនប្រសារបងក៏សួរទៅឪពុកក្មេកទៀតថា “លោកពុក ! ហេតុអ្វីបានជាថ្មមួយដុំនេះប្រេះដូច្នេះ”។
ឪពុកក៏ឆ្លើយប្រាប់កូនទៀតថា “កាលពីមុនព្រះរាមព្រះលក្សណ៍ លោកបានអូសព្រះខ័នមកត្រង់នេះចំដុំថ្ម ទើបវាបែកយ៉ាងនេះ។
កូនប្រសារបងនិយាយទៅវិញថា “អូ...មែនហើយពុក ព្រះខ័នព្រះរាម នោះមុតណាស់ តែលោកអូសត្រូវចំកន្លែងណានោះហើយ វានឹងបែកប្រេះ ជាពុំខានឡើយ។
កូនប្រសារប្អូនឆ្លើយភ្លាមថា “ចុះចង្វែកគូទមនុស្សយើងនោះ តើ ព្រះរាមអូសព្រះខ័នដែរឬទេ? បានជាបែកយ៉ាងនេះ?”។ ឯអ្នកទាំងពីរ អស់សំណើច ទាល់បញ្ហាមិនអាចហើបហាថាអ្វីតទៅទៀតបានឡើយ។
បីនាក់ឪពុកក្មេកនិងកូនប្រសារ នាំគ្នាអុំទូកទៅដល់ព្រៃកាប់អុស រៀងៗខ្លួន។ តាភោគ ចេះតែលួចមើលមុខកូនប្រសារប្អូនហើយគិតថា “អាមួយនេះ វានៅក្មេងសោះ វាឆ្លាតជាងអញទៅទៀត” កាប់អុសបាន ពេញទូកហើយក៏នាំគ្នាត្រលប់មកផ្ទះវិញ។
កំពុងតែអុំទូកតាភោគឃើញទាព្រៃមួយហ្វូងកំពុងហែលទឹក ក៏និយាយ ទៅកាន់កូនប្រសារប្អូនថា “មើល៍អាកូនប្រសារប្អូន បើឯងពូកែដឹង ឯង គិតទៅមើល៍ តើហេតុអ្វីបានជាទាអណ្តែតទឹកយ៉ាងនេះ?”។ កូនប្រសារ ប្អូនឆ្លើយឡើងថា “បាទពុក ! ព្រោះទាវាមានរោមវែងៗ”។
ឪពុកក្មេកតបវិញថា “ចុះទូករបស់យើងអត់មានរោមសោះនោះ ហេតុអ្វីបានជាវាអណ្តែតទឹកដែរ”។ បីនាក់ឪពុកក្មេក និងកូនប្រសារឈប់ ហាស្តី នាំគ្នាអុំទូកត្រលប់មកផ្ទះជួបជុំក្រុមគ្រួសារវិញ។ ចប់
0 Comments:
Post a Comment